ឆ្នាំ ២០២៣
បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ក្នុង​ព្រះ​អម្ចាស់
ខែ កញ្ញា ឆ្នាំ ២០២៣


« បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ក្នុង​ព្រះ​អម្ចាស់ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

បងប្អូន​ប្រុស និង​បងប្អូន​ស្រី ក្នុង​ព្រះ​អម្ចាស់

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ »—ហើយ​ទ្រង់​បាន​ប្រទាន​យើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

រូបភាព
ព្រះគ្រីស្ទ​បាន​ប្រោស​កូនប្រុស​របស់​ស្រី្ដ​មេម៉ាយ​នៅ​ណាអ៊ីន ។

ព្រះគ្រីស្ទ​បាន​ប្រោស​កូនប្រុស​របស់​ស្រី្ដ​មេម៉ាយ​នៅ​ក្រុង​ណាអ៊ីន ។

ព្រះអង្គសង្រ្គោះ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​កាពើណិម​ទៅ​ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា ណាអ៊ីន ។ នៅជិត​របង​ទីក្រុង ទ្រង់​បាន​ឃើញ​ពី​បុណ្យសព​មួយ ។ ជាការស្លាប់​របស់​កូន​តែម្នាក់​ដែល​មិន​អាច​ទទួល​យក​បាន​បន្សល់​ទុក​ឲ្យ​ស្ត្រី​មេម៉ាយ​ទុរគត​រូប​នេះ​រស់នៅ​តែ​ម្នាក់​ឯង ។

« កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួល អាណិតអាសូរ ដល់គាត់ណាស់ ក៏មានបន្ទូលថា កុំយំអី ។

« រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ។ ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង » ។

នៅពេល​កំឡោះ​រូបនោះ​បាន​ក្រោកឡើង ហើយ​ចាប់តាំង​និយាយ ព្រះ​យេស៊ូវ « ​ប្រគល់​ដល់​ម្តាយ​វិញ » ( សូមមើល លូកា ៧:១១–១៥ បាន​បន្ថែម​ការបញ្ជាក់ ) ។

ពេញ​មួយ​ការបម្រើ​របស់ ទ្រង់ មិន​ថា​ទៅ​បម្រើ​មនុស្ស​ម្នាក់ ឬ​មនុស្ស ៩៩ នាក់​ទេ ព្រះអង្គសង្រ្គោះ​បាន​ធ្វើ​ជា​គំរូ​យ៉ាង​ឥតខ្ចោះ​ពី​ការ​ចេះ​មាន​ចិត្ត​អាណិតអាសូរ សេចក្តីជំនឿ សេចក្តី​សង្ឃឹម ចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ ការអភ័យទោស សេចក្តី​មេត្តាករុណា និង​ការបម្រើ ។ ទ្រង់​អញ្ជើញ​យើង​ម្នាក់​ៗឲ្យ « ចូរ​មក​តាម​ខ្ញុំ​ចុះ » ( លូកា ១៨:២២ ) និង​ដើម្បី​ធ្វើជា « ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ( នីហ្វៃទី​៣ ២៧:២៧ ) ។

« ដូចជា​យើង »

ដើម្បី​ធ្វើតាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គសង្រ្គោះ និង​ប្រែក្លាយ​ដូចជា​ទ្រង់ យើង​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​ដើរ​ជាមួយ​ទ្រង់​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ( សូមមើល ម៉ូសេ ៦:៣៤ ) ។ ជួនកាល យើង​ឲ្យ​និយមន័យ​ផ្លូវ​នៃ​សេចក្តីសញ្ញា តាមរយៈ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង ដែល​វា​គូសបញ្ជាក់—ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការតែងតាំង​បព្វជិតភាព​ម៉ិលគីស្សាដែក ( សម្រាប់​បងប្អូន​ប្រុស ) អំណោយទាន​នៅក្នុង​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ( សម្រាប់​យើង​ម្នាក់ៗ​ជា​បុគ្គល ) និង​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ។

ពិធីបរិសុទ្ធ​មួយ​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង​គឺជា​ទង្វើ​ដ៏​ពិសិដ្ឋ​មួយ​ដែល​ធ្វើឡើង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ដែល​បាន​ផ្តល់​ការអនុញ្ញាត ដែល​បង្រៀន​យើង​អំពី​សេចក្ដីសញ្ញា​ដែល​ពិធី​បរិសុទ្ធ​​ត្រូវ​បាន​ភ្ជាប់ ។ តាម​របៀប​ខ្លះ យើង​អាច​គិត​ពី​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ និង ភាពតម្កើងឡើង​ជា​ទង្វើ​ខាងក្រៅ ដែលនាំ​មក​នូវ​ទំនាក់ទំនង​ដ៏​ស្អិតរមួត​ជាមួយ​ព្រះ និង​ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង តាមរយៈ​សេចក្តីសញ្ញា ។

យើង​ម្នាក់ៗ​ក្នុងនាម​ជា​បុត្រា ឬ​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់​យើង​ជាមួយព្រះ ។ យើង​ធ្វើ​ដូច្នេះ​រៀងៗ​ខ្លួន នៅក្នុង​នាម​យើងផ្ទាល់ ម្នាក់ម្តងៗ ។ ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​នេះ​ជាមួយ​នឹង​ព្រះ​ផ្ដល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​អំណាច សេចក្ដីសង្ឃឹម និង​ការសន្យា ។ សេចក្តីសញ្ញា​ទាំងនេះ​អាច​ផ្លាស់ប្តូរ​ធម្មជាតិ​របស់យើង បន្សុទ្ធ​បំណង​ប្រាថ្នា និង​សកម្មភាព​របស់យើង ហើយ​ជួយ​យើង​សម្រាត​ភាព​ខាង​សាច់ឈាម​ជា​បុរស និង​ស្រ្តី ចេញ នៅពេល​យើង​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ តាមរយៈ​សេចក្ដីសញ្ញា តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ យើង​ម្នាក់ៗ​អាច​ក្លាយ​ជា​បុត្រ​របស់​ព្រះ—« ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ( ម៉ូសាយ ៣:១៩ ) ។

ការបម្រើ​ជាមួយ​គ្នា​ដោយ​សេចក្តីសញ្ញា

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ » ( យ៉ូហាន ៣:១៦ )—ហើយ​ទ្រង់​ប្រទាន​យើង​ឲ្យ​គ្នា ។ សេចក្ដី​សញ្ញា​នៃ​ការ​មានចំណែក—ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ព្រះ និង​គ្នាទៅ​វិញ​ទៅមក​ដោយ​សេចក្ដីសញ្ញា—អញ្ជើញ​យើង​ឲ្យ​បំពេញ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់យើង ដោយ​ការទំនាក់​ទំនង​ជាមួយ​ស្ថានសួគ៌ និង​ដោយ​ការផ្សារភ្ជាប់ និង​បង្កើត​សហគមន៍​នៃ​ពួកបរិសុទ្ធ នៅពេល​យើង​ស្រឡាញ់ និង​បម្រើគ្នា​ទៅវិញ​ទៅមក និង​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ ក្នុងការ​ផ្តល់​ឱកាស​សម្រាប់​ការប្តេជ្ញាចិត្ត​ធ្វើតាម​សេចក្តីសញ្ញា និង​សេចក្តីសញ្ញា​នៃ​ការ​មាន​ចំណែក ព្រះជាម្ចាស់មិន​រើស​មុខ​មនុស្ស​ណា​ទេ ។ ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗ ទាំង​ស្ត្រី និង​បុរស ដែល​បាន​រៀបការ ឬ​មិន​ទាន់​រៀបការ ទោះជា​មាន​ប្រវត្តិ និង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ឲ្យ​មករក​ទ្រង់ និង​រក​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​សញ្ញា ។

នៅពេល​យើង​មាន​ចំណែក​នៅក្នុង​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់ នោះ​យើង​ក៏​មាន​ចំណែក​នៅក្នុង​សេចក្តីសញ្ញា​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ដែរ ។ រឿង​អស្ចារ្យ​ទាំងឡាយ​កើតឡើង​នៅពេល​យើង​ស្រឡាញ់​ព្រះអម្ចាស់ និងសហការ ប្រឹក្សា​ជាមួយគ្នា និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។ ការបម្រើ​សេចក្តីសញ្ញា​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអម្ចាស់ និង​គ្នាទៅវិញ​ទៅមក ។ ការណ៍នេះ​រួមបញ្ចូល​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់យើង​ជាមួយ​ព្រះវរបិតាសួគ៌ ក្រុមគ្រួសារ ក្រុម​ជំនុំ​សាសនាចក្រ សហគមន៍ និង​ជំនាន់​គ្រួសារ ។ នៅពេល​យើង​រស់នៅ​តាម​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​លែងគិត​តែ​ពី​ខ្លួន​ឯង ហើយ​ស្វែងរក​ការផ្តោត​ដ៏​ប្រសើរបំផុត​របស់​យើង​ទៅ​លើ​ព្រះ​គ្រីស្ទ ។

ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​របស់​ព្រះ

នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​របស់​ព្រះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ស្ថានសួគ៌​គឺ​បើក​ចំពោះ ស្ត្រី ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះចេស្ដា​របស់​ព្រះ​តាមរយៈ​សេចក្ដី​សញ្ញា​បព្វជិតភាព​របស់​ពួកគេ ដូចជា​បុរស​ដែល​កាន់​បព្វជិតភាព​ផងដែរ » ។

ប្រធាន ខាំមៀល អិន ចនសុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​កត់សម្គាល់​ថា « យើង​មាន​សិទ្ធិ​ទទួល​យក​អំណាច​បព្វជិតភាព​ដោយ​ការ​មាន​គុណធម៌​ស័ក្តិសម​ផ្ទាល់ខ្លួន » ។ ដោយ​ដកស្រង់ពី​ប្រធាន ណិលសុន គាត់​បាន​ថ្លែង​ថា ៖ « យើង​ត្រូវការ​ស្រ្តី​ដែល​ដឹង​ពី​របៀប​ដើម្បី​ទទួលបាន​អំណាច​បព្វជិតភាព​ដែល​ព្រះ​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​រក្សា​សេចក្តី​សញ្ញា » ។ អស់អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​ដែល​ស្វែងរក និង​រស់នៅ​ដោយ​សេចក្តី​ជំនឿ បន្ទាបខ្លួន និង​ឧស្សាហ៍​ព្យាយាម ប្រធាន ចនសុន បាន​បង្រៀន​ថា អាច​ទទួល​បាន​ការណែនាំ ការបំផុសគំនិត អំណោយទាន​នៃ​ព្រះវិញ្ញាណ វិវរណៈ និង « ជួយ និង​ពង្រឹង​ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​សួគ៌ » ។ នៅពេល​យើង​ម្នាក់ៗ​ផ្តល់​អំណោយ​ទាន​ពិសេស​របស់​យើង​ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​ព្រះ​អម្ចាស់ និង​ជា​មួយ​គ្នាទៅវិញ​ទៅមក នោះ​យើង​បង្កើត « រូបកាយតែ ១ » ( កូរិនថូស ទី១ ១២:១៣ ) ។

នៅក្នុង​ផែនការ​របស់​ព្រះ ម្តាយ និង​ឪពុក​ទាំងឡាយ​គឺជា​ដៃគូ និង​ជា​ជំនួយ ។ យើង​ជួយ​គ្នា​ទៅវិញ​ទៅមក​ជា​ដៃគូ​ស្មើភាព​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា​គ្នា​ទៅវិញ​ទៅមក និង​ក្រុម​គ្រួសារ​របស់យើង ។ ភាពបរិសុទ្ធ​នៃ​គំនិត និង​អាកប្បកិរិយា គឺ​ចាំបាច់​ដើម្បី​ទទួល​វិវរណៈ និង​ការបំផុស​គំនិត​ដែល​ស្ត្រី និង​បុរស​ត្រូវការ ។ នៅក្នុង​ផ្ទះ​របស់​ពួកគេ ជា​ឪពុក និង​ជា​ស្វាមី​គឺ​ត្រូវ​ធ្វើជា​អធិបតី​ដោយ​សុភាពរាបសារ ស្លូតបូត និង​ក្ដី​ស្រឡាញ់​ដោយ​មិន​លាក់លៀម—គុណសម្បត្តិ​សុចរិត​ដែល​បុរស និង​ស្ត្រី​ត្រូវការ​ក្នុង​គ្រប់​ទំនាក់ទំនង​របស់​យើង ។

ស្ថានសួគ៌​ទួញយំ​នៅពេល​ដែល​មាន​ការបំពាន ការគ្រប់គ្រង ឬ​ការបង្ខិតបង្ខំ​គ្រប់​ប្រភេទ​ដោយ​បុរស ឬ​ស្ត្រី​ក្នុង​ទំនាក់ទំនង​ណាមួយ ។ ដោយ​ការលួងលោម និង​ដោយការ​អត់ធ្មត់ ដោយ​ចិត្ត​ល្អ និង​ដោយ​ការចេះដឹង​ពេញទី គឺជា​គុណសម្បត្ដិ​ដូចជា​ព្រះគ្រីស្ទ ដែល​យើង​ម្នាក់ៗ​ស្វែងរក—មិន​ថា​យើង​រៀបការហើយ នៅ​លីវ ស្ត្រី​មេម៉ាយ ឬ​លែងលះ​គ្នា​នោះទេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៤១–៤២ ) ។ នេះ​គឺ​ដោយសារ​តែ​គោលជំហរ​របស់​យើង​នៅ​ចំពោះ​ព្រះអម្ចាស់ និង​នៅក្នុង​សាសនាចក្រ​របស់ទ្រង់​ត្រូវ​បាន​កំណត់​ដោយ​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន និង​សេចក្តី​សុចរិត​របស់យើង​ក្នុងការ​រក្សា​សេចក្តីសញ្ញា ។

រូបភាព
បុរស និង​ស្រ្តី​ជួបជុំ​គ្នា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា

ការប្រឹក្សា​ក្នុង​ក្រុមប្រឹក្សា

ក្នុង​ស្មារតី​ដូចគ្នា​នេះ នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​ប្រឹក្សា​ក្នុង​ក្រុមប្រឹក្សា នៅពេល​យើង​បម្រើ​ជាមួយ​គ្នា ។ នៅក្នុង​ក្រុមប្រឹក្សា​របស់​យើង ថ្នាក់​ដឹកនាំ​ស្វែងរក​ការយល់ដឹង និង​គំនិត​មកពី​មនុស្ស​ទាំងអស់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះបុរស​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ៗ ដែល​ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​បម្រើ​កៀកស្មា​គ្នា​នៅក្នុង​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សាសនាចក្រ ។ បងប្អូនប្រុសស្រី ​ដ៏​អស្ចារ្យ​ទាំងនេះ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​តាមរយៈ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា រៀបចំ​យើង​ឲ្យ​ជួប​ព្រះ​តាមរយៈ​បព្វជិតភាព និង​សេវាកម្ម​គ្រួសារ បង្រួបបង្រួម​ក្រុមគ្រួសារ​រហូត​ដល់​អស់កល្ប​តាមរយៈ​ការប្រើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ហើយ​ការ​ផ្តល់ការងារ​បម្រើ​ដល់​ជន​ខ្វះខាត​តាមរយៈ​ការបម្រើ​ផ្នែក​សុខុមាលភាព និង​ខ្លួន​ទីពឹង​ខ្លួន ។

នៅក្នុង​ករណី​នីមួយៗ យើង​ទទួល​បាន​ការសម្រេចចិត្ត​ប្រសើរ​ជាង និង​ទទួលបាន​ជោគជ័យ​ដ៏​ធំ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ឲ្យ​តម្លៃ​លើ​ការរួម​ចំណែក​របស់​គ្នា​ទៅវិញ​ទៅមក និង​ធ្វើការ​ជាមួយ​គ្នា ជា​បងប្អូន​ប្រុសស្រី​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។

ស្រដៀង​គ្នា​នេះ​ដែរ ខ្ញុំ​មាន​អំណរគុណ​ដែល​នៅក្នុង​ស្តេក និង​វួដ​របស់​យើង ថ្នាក់​ដឹកនាំ​បងប្អូន​ប្រុសស្រី និង​សមាជិក​រួបរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។ នៅ​ទូទាំង​សាសនាចក្រ ក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បេសកកម្ម​ដែល​ខិតខំ ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម រួមទាំង​ការបំពាក់បំប៉ន​អែលឌើរ និង​ស៊ីស្ទើរ​ដែល​ដឹកនាំ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ដែល​ការងារ និង​ការទទួលខុសត្រូវ​ទាំងនោះ​គឺ​មាន​តម្លៃ និង​ចាំបាច់ ។ បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​ផ្នែក​យោធា​សហរដ្ឋ​អាមេរិក ទាំងមន្ត្រី​បុរស និង​ស្ត្រី​ដែល​ទទួលស្គាល់​ដោយ​សាសនាចក្រ ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​បម្រើ​នៅ​គ្រប់​ការបម្រើ​នៅ​តាម​អង្គភាព​ផ្សេងៗ ។ នៅក្នុង​ការងារ​បម្រើ យុវជន និង​យុវនារី​របស់​យើង​មាន​ឱកាស និង​ត្រូវការ​ការបម្រើ ។ នៅក្នុង​ការបម្រើ​របស់យើង យើង​ទាំងអស់​គ្នា​ឈរ​ជាមួយ​គ្នា ។

របៀប​មួយ​ដែល​យើង​ឈរ​ជា​សាក្សី​នៃ​ព្រះ គឺ​ដើម្បី​បម្រើ​ជា​សាក្សី​នៃ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ បងប្អូន​ស្រី និង​បងប្អូន​ដែល​ឈរ​ជា​សាក្សី​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក ទាំង​អ្នក​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់​ទៅ ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ឈរ​ជា​សាក្សី​សម្រាប់​ពិធីបរិសុទ្ធ​បន្ថែម​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ នៅទីនោះ នៅ​ក្រោម​កូនសោ​របស់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ បងប្អូន​ស្រី​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​សម្រាប់​បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​សម្រាប់​បងប្អូន​ប្រុស ។

នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​របស់​ព្រះ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ​បានមាន​ប្រសាសន៍​ថា « អំណាច​បព្វជិតភាព​ផ្តល់​ពរជ័យ​ដល់​យើង​ទាំងអស់​គ្នា ។ កូនសោ​នៃ​បព្វជិតភាព​ដឹកនាំ​ទាំងបុរស និងស្ដ្រី ហើយ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង អ្នកដឹកនាំ​បព្វជិតភាព​ជះឥទ្ធិពល​លើ​ទាំងបុរស និង ស្ដ្រីដែរ ។ … អ្នកណា​ក៏ដោយ​ដែល​មាន​តំណែង ឬ​ការហៅ​មួយ បានទទួល​ពី​អ្នកកាន់​កូនសោ​បព្វជិតភាព​ដើម្បី​អនុវត្ត​សិទ្ធិអំណាច​បព្វជិតភាព​ក្នុង​ការធ្វើ​កាតព្វកិច្ច​របស់ខ្លួន » ។១០

នៅ​ឲ្យ​ខ្ពស់​ជាង​ពិភពលោក

នៅពេល​យើង​ខិតខំ « រួមមកតែមួយ » សូម្បីតែ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​តែមួយ​នឹង​ព្រះវរបិតា​ដែរ ( យ៉ូហាន ១៧:២១ ) យើង​ត្រូវតែ « ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ » ( រ៉ូម ១៣:១៤ ) ។

យើង​អាច​ត្រូវបាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ យើង​រៀន និង​បង្កើត​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ឲ្យ​កាន់តែ​មាន​សេចក្តី​ស្រឡាញ់ ឲ្យ​កាន់តែ​ងាយ​ចេះ​អត់ទោស វិនិច្ឆ័យ​តិចតួច កាន់តែ​បម្រើ និង​ពលិកម្ម​ដោយ​ស្ម័គ្រចិត្ត​ធ្វើជា​គំរូ​នៃ​សេចក្តី​មេត្តាករុណា​កាន់តែ​ជ្រាលជ្រៅ និង​ញឹកញាប់ ។

សូម​ឲ្យ​យើង​ទុកចិត្ត​លើ​គោលលទ្ធិ និង​គំរូ​របស់​ព្រះគ្រីស្ទ ដោយ​រីករាយ​នឹង​សេចក្ដីពិត ហើយ​ធ្វើជា​អ្នក​ដើរតាម​ទ្រង់​ដ៏​រាបទាប ( សូមមើល នីហ្វៃទី​២ ២៨:១៤ )—យើង​ម្នាក់ៗ​ជា​បុគ្គល និង​ជា​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​នៅក្នុង​ព្រះអម្ចាស់ ។១១

កំណត់​ចំណាំ

  1. សម្រាប់​បុរស​ពិការ​ភ្នែក​ពីរ​នាក់​ដែល​កំពុង​អង្គុយ​ក្បែរ​ផ្លូវ ( សូមមើល ម៉ាថាយ ២០:៣០–៣៤ ) អ្នក​កើតឃ្លង់​ដ៏​មាន​សេចក្តី​ជំនឿ ( សូមមើល ម៉ាកុស ១:៤០–៤១ ) បុរស​ដែល​ព្រះ​យេស៊ូវ​ប្រោស​ពី​អារក្សអសោច ( សូមមើល ម៉ាកុស ៥:២–១៩ ) ព្រះអង្គសង្គ្រោះ​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​បាន​ព្យាបាល​ម្នាក់ៗ។ ហើយ​នៅពេល​ព្រះ​យេស៊ូវ « ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ » ទ្រង់​ឲ្យ​ពួកគេ​ទៅ តែ​ក្រោយពេល​ទ្រង់​បាន​ប្រទាន​អាហារ​ជា​នំបុ័ង និង​ត្រី​ខ្លះៗ​ឲ្យ​ពួកគេ ( សូមមើល ម៉ាថាយ ១៤:១៤, ២៣ ) ។ សេចក្តី​មេត្តា​ករុណា​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​នៅក្នុង​រឿង​ប្រៀបប្រដូច​របស់​ទ្រង់​អំពី​ស្តេច​ដែល​មាន​ព្រះទ័យ​អត់ទោស សាសន៍​សាម៉ារី​ចិត្ត​ល្អ និង​កូនប្រុស​ខ្ជះខ្ជាយ ( សូមមើល ម៉ាថាយ ១៨:២៧, ៣៣; លូកា ១០:៣៣; ១៥:២០ ) ។

  2. Preach My Gospel: A Guide to Missionary Service ( ឆ្នាំ ២០១៩ ) ហៅ​គំរូ​គុណលក្ខណៈ​ដ៏​ទេវភាព​ទាំងនេះ និង​ផ្សេងទៀត​ដោយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ថា « លក្ខណៈ​ឲ្យ​ដូចជា​ព្រះ​គ្រីស្ទ » ( សូមមើល ជំពូកទី ៦ ) ។

  3. « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស [ និង​ស្ត្រី ] បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ( នីហ្វៃ​ទី ៣ ២៧:២៧ ) ។

  4. រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ ។

  5. « President Camille N. Johnson: What Must Women and Men Do to Have Access to Priesthood Power? » Church News ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២២ នៅលើ​គេហទំព័រ thechurchnews.com ។

  6. រ័សុល អិម ណិលសុន « A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៧ ។

  7. « President Camille N. Johnson: What Must Women and Men Do to Have Access to Priesthood Power? » នៅលើ​គេហទំព័រ thechurchnews.com ។

  8. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  9. ការណ៍នេះ​ជា​ការពិត​នា​ពេលបច្ចុប្បន្ន​នៅ​ទូទាំង​អង្គភាព​ផ្សេងៗ​របស់​យោធា​សហរដ្ឋ​អាមេរិក ។

  10. ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩, ៥១ ។

  11. សូមមើល រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ ។