ឆ្នាំ ២០២៣
តើ​អ្នក​ចង់​ដឹង​បន្ថែមទៀត​​ដែរ​ឬ​ទេ ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​អ្នក​ចង់​ដឹង​បន្ថែម​ដែរ​ឬ​ទេ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

តើ​អ្នក​ចង់​ដឹង​បន្ថែមទៀត​​ដែរ​ឬ​ទេ ?

មិត្ត​រួមតង់​របស់ខ្ញុំ​ម្នាក់​ខុស​ពី​ទាហាន​ដទៃ​ទៀត ដូច្នេះ​ខ្ញុំ​បាន​សួរ​គាត់​ពី​មូលហេតុ ។

រូបភាព
បុរស​ម្នាក់​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅក្នុង​បឹង

អ្នកនិពន្ធ​បាន​ទទួលបុណ្យ​ជ្រមុជទឹក​ដោយ ថូម៉ាស់ សាលីសប៊ឺរី ប៊ី លេក ប្រទេស​វៀតណាម ។

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

ខ្ញុំ​បានចុះ​ឈ្មោះ​ក្នុង​ជួរ​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​រយៈពេល​បី​ឆ្នាំ ហើយ​បាន​មក​ដល់​ប្រទេស​វៀតណាម​ខាងត្បូង​នៅ​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ ២០ ឆ្នាំ​របស់ខ្ញុំ ។ ប្រាំបី​ខែ​ក្រោយមក ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ទៅ​អង្គភាព​មួយ​នៅ​ភាគពាយ័ព្យ​នៃ​ទីក្រុង​សៃហ្គន ។ ពេល​នៅ​ទីនោះ ខ្ញុំ​បាន​សង្កេតឃើញ​ភ្លាមៗ​ថា មិត្ត​រួមតង់​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ ថូម៉ាស់ សាលីសប៊ឺរី មាន​ចរិក​លក្ខណៈ​ខុស​ពី​អ្នក​ផ្សេង​ទៀត ។

ភាពខុស​ប្លែក​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​ទីបំផុត​ខ្ញុំ​បាន​សួរគាត់​ថា « ថម ហេតុអ្វី​បាន​ជា​លោក​ខុស​ពី​អ្នក​ដទៃ​ដូច្នេះ ? »

គាត់​បាន​ឆ្លើយ​ថា « ដោយសារ​ខ្ញុំ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

« តើ​អ្វី​ទៅ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ? » ខ្ញុំ​បាន​សួរ ។

គាត់​បាន​រៀបចំ​ឲ្យ​ខ្ញុំ​ជួប​ជាមួយ​គាត់ និង​លោក ហារ៉ូល លីវីស ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពីបេសកកម្ម​វិញ ដែល​កំពុង​បម្រើ​ជា​ជំនួយការ​របស់​បព្វជិត​ប្រចាំ​អង្គភាព ។ ក្នុង​អំឡុងពេល​ការប្រជុំ​ជាលើក​ដំបូង​របស់យើង​នៅក្នុង​តង់​ដែល​បម្រើ​ជា​រោងជំនុំ​តូច​មួយ ខ្ញុំ​បាន​យល់ព្រម​ថា ប្រសិនបើ​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ្វី​ដែល​ពួកគេ​កំពុង​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទទួល​បុណ្យជ្រមុជទឹក ។ ខ្ញុំ​ក៏​បាន​ទទួល​គម្ពីរ​មរមន ដែល​ខ្ញុំ​បាន​ទុក​ក្នុង​ហោប៉ៅ​ខាងក្រោម​នៃ​ខោ​សម្រាប់​ដឹកទំនិញ​របស់ខ្ញុំ ហើយ​អាន​រាល់​ពេលដែល​ខ្ញុំ​មាន​ពេល​ទំនេរ ។

ការពិភាក្សា​ជា​ច្រើន​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​បានរកឃើញ​ថា មេរៀន​នីមួយៗ​បាន​ឆ្លើយ​សំណួរ​ដែល​ខ្ញុំ​មាន​នៅក្នុង​ការស្វែងរក​សេចក្តីពិត​របស់ខ្ញុំ ។ ប៉ុន្តែ ពេល​ថម និង ហារ៉ូល បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក​ដែរ​ឬ​ទេ ខ្ញុំ​ឆ្លើយ​ថា ទេ ។ ខ្ញុំ​មិន​ច្បាស់​ថា​ខ្ញុំ​អាច​រក្សា​បទបញ្ញត្តិ​ទាំងអស់​ដែល​ពួកគេ​បាន​បង្រៀន​ខ្ញុំ​ដោយ​របៀបណា​នោះ​ទេ ។

បន្ទាប់ពី​បាន​ចូលរួម​សន្និសីទ​មណ្ឌល​នៅ​ទីក្រុង​សៃហ្គន ខ្ញុំ​បាន​ទៅ​ប្រទេស​អូស្ត្រាលី​មួយ​សប្តាហ៍​ដើម្បី​សម្រាក និង​លំហែកាយ ។ ខណៈពេល​នៅទីនោះ ខ្ញុំ​ចាប់ផ្ដើម​ដឹង​ថា​ការបង្រៀន​នៃ​ដំណឹងល្អ​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ​យ៉ាណា ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ខ្ញុំ​បាន​ប្រកាស​ប្រាប់ ថម ភ្លាម​ថា​ខ្ញុំ​ចង់​ទទួល​បុណ្យជ្រមុជទឹក ។

មិនយូរ​ប៉ុន្មាន ថម បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​ខ្ញុំ​នៅ​បឹង សុង ប៊ី ហារ៉ូល​បាន​ធ្វើ​ពិធីបញ្ជាក់​ខ្ញុំ​ ជា​សមាជិក​នៃ​សាសនាចក្រ ហើយ ធីម៉ូថី ហៀល ជា​អ្នកដឹកនាំ​ក្រុម​សាសនាចក្រ​របស់​យើង​បាន​តែងតាំង​ខ្ញុំ​ជា​ឌីកុន ។

ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ប្រាំមួយ​សប្តាហ៍​ក្រោយមក ខ្ញុំ​បានណែនាំ​ដំណឹងល្អ​ដល់​មិត្តស្រី​របស់ខ្ញុំ ដែល​បាន​ក្លាយជា​ភរិយា​របស់​ខ្ញុំ ។ នាង​ក៏​បាន​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ​ដ៏​មាន​ក្តីសង្ឃឹម​នេះ​ផង​ដែរ ។

ខ្ញុំ​នឹង​មាន​អំណរគុណ​ជា​រៀង​រហូត​ដែល ថម បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​ដែរ​ឬ​ទេ ។ គំរូ និង​ការអញ្ជើញ​របស់​គាត់​បាន​ឆ្លើយតប​នឹង​ការចង់បាន​របស់​ខ្ញុំ​ក្នុងការ​ស្វែងរក​សេចក្តីពិត ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។