ឆ្នាំ ២០២៣
​មើល​ទៅ​ព្រះ​ដើម្បី​ទទួលបាន​គោលបំណង និង​ការណែនាំ
ខែ កញ្ញា ឆ្នាំ ២០២៣


« ​មើល​ទៅ​ព្រះ​ដើម្បី​ទទួលបាន​គោលបំណង និង​ការណែនាំ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សម្រាប់​មាតាបិតា

​មើល​ទៅ​ព្រះ​ដើម្បី​ទទួលបាន​គោលបំណង និង​ការណែនាំ

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

គោរពជូន​មាតាបិតា

ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់យើង​មិន​បាន​បញ្ជូន​យើង​មក​ផែនដី​ដោយ​គ្មាន​ការណែនាំ​នោះ​ទេ ។ តាមរយៈ​អំណោយទាន​ដ៏​ទេវភាព​នៃ​ព្រះ​គម្ពីរ ការអធិស្ឋាន ព្យាការី​ដែល​នៅរស់ សមាជិក និង​មាន​អ្វីៗ​ជាច្រើន​ទៀត យើង​អាច​មើល​ទៅ​ព្រះ​ដើម្បី​ទទួលបាន​គោលបំណង និង​ការណែនាំ ។ នៅពេល​អ្នក​អាន​ច្បាប់ លីអាហូណា នេះ សូម​ពិចារណា​អំពី​ធនធាន​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ជីវិត​ប្រកប​ដោយ​អត្ថន័យ ហើយ​ត្រឡប់​ទៅរក​ទ្រង់​វិញ​នៅពេល​ក្រោយ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

តួនាទី​បង្រួបបង្រួម​របស់​យើង​នៅក្នុង​ផែនការ​របស់ព្រះ

អ្នក​អាច​អាន​ជា​ក្រុម​គ្រួសារ​នូវ កូរិនថូស ទី១ ១១:១១ ហើយ​ពិភាក្សា​អំពី​អត្ថន័យ​របស់​ខគម្ពីរ​នេះ ។ សូម​ចែកចាយ​សេចក្តី​ថ្លែងការណ៍​មកពី​អត្ថបទ​របស់ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ( ទំព័រ ៤ ) ដែល​ពន្យល់​អំពី​តួនាទី​រួម ដែល​បុរស និង​ស្ត្រី​មាន​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ តើ​ភាពខុសគ្នា​របស់​យើង​អាច​បង្រួប​បង្រួម​យើង ជំនួស​ឲ្យ​ការបែងចែក​យើង​ដោយ​របៀប​ណា ?

អំណាច​ព្យាបាល​នៃ​សេចក្តីជំនឿ

សូម​អាន ម៉ាថាយ ១៥:២១–២៨ រួមគ្នា ដែល​និយាយ​អំពី​ស្ត្រី​សាសន៍​កាណាន ។ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​សេចក្តី​ជំនឿ​របស់​នាង​បាន​នាំ​ទៅ​រក​ការព្យាបាល​កូនស្រី​របស់​នាង ? សូម​អាន​សារលិខិត​មកពី​អត្ថបទ​របស់​ប្រធាន ខាំមៀល អិន ចនសុន ទំព័រ ៨ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​ភាពស្លូតបូត និង​សេចក្តីជំនឿ​ក្នុងការ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះអម្ចាស់ ។

ការរំឭក​ប្រចាំថ្ងៃ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូមសួរ​គ្រួសារ​អ្នក​ថា តើ​ពួកគេ​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀបណា ? សូម​អាន​ចំណុច​សំខាន់ៗ​មកពី​អត្ថបទ​នៅលើ ទំព័រ ៣៨ អំពី​សារៈសំខាន់​នៃ​ការចងចាំ ។ សូម​ពិចារណា​បង្ហាញ​រូបភាព ឬ​សម្រង់​សម្តី​ដែល​រំឭក​អ្នក​អំពី​ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះ​របស់​អ្នក ។

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

ចងចាំ​ពរជ័យ​របស់​ព្រះគ្រីស្ទ​ជារៀង​រាល់ថ្ងៃ

កូរិនថូស​ទី១ ១៥

ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​កូរិនថូស ៖ « ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា… ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( កូរិនថូស ទី១ ១៥:៣–៤ ) ។ លោក​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ « កាន់​ខ្ជាប់ » ( កូរិនថូស ទី១ ១៥:២ ) នូវ​ដំណឹងល្អ​ដែល​លោក​បាន​ផ្សព្វផ្សាយ​ដល់​ពួកគេ ។ សូម​អញ្ជើញ​គ្រួសារ​របស់​អ្នក​ឲ្យ​លេង​ល្បែង​ចងចាំ​នេះ ៖

  1. សូម​ផ្តល់​ពេល​ដល់​មនុស្ស​គ្រប់គ្នា​ដើម្បី​សរសេរ​ចម្លើយ​ខ្លី​មួយ​ចំពោះ​សំណួរ​ខាងក្រោម ៖ តើ​អ្វី​ជា​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​អ្នក​រីករាយ​ដោយសារ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ? ( ដើម្បី​ទទួល​បាន​គំនិត​មួយ​ចំនួន សូមមើល កូរិនថូស ទី១ ១៥:១៩–២៩ ) ។

  2. សូម​ប្តូរវេន​ចែកចាយ​អ្វី​ដែល​អ្នក​បានសរសេរ និង​រំឭក​ដោយ​ការចងចាំ​នូវ​អ្វី​ដែល​អ្នក​សរសេរ​ពី​មុន​អ្នក​បាន​សរសេរ ។

ការពិភាក្សា ៖ តើ​យើង​អាច​ចងចាំ​បាន​កាន់តែ​ច្បាស់​អំពី​ពរជ័យ​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​យើង​ដោយ​របៀបណា ? សូម​ពិចារណា​រៀបចំ​ផែនការ​គ្រួសារ​មួយ ដើម្បី​គិត​អំពី​របៀប​មួយ​ជា​រៀងរាល់ថ្ងៃ ដែល​ព្រះគ្រីស្ទ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។