ឆ្នាំ ២០២៣
នៅទីបំផុត​ក៏​យល់​ពី​អត្ថន័យ​នៃ​ការទទួល​បាន​ក្តី​ស្រឡាញ់​ពី​ព្រះ
ខែ កញ្ញា ឆ្នាំ ២០២៣


« នៅទីបំផុត​ក៏​យល់​ពី​អត្ថន័យ​នៃ​ការទទួល​បាន​ក្តី​ស្រឡាញ់​ពី​ព្រះ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

នៅទីបំផុត​ក៏​យល់​ពី​អត្ថន័យ​នៃ​ការទទួល​បាន​ក្តី​ស្រឡាញ់​ពី​ព្រះ

ខ្ញុំ​បាន​បាត់បង់​ការមើលឃើញ​អំណាច​នៃ​ការស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់ខ្ញុំ ។

រូបភាព
យុវវនារី​ម្នាក់​សម្រក់​ទឹក​ភ្នែក

រូបភាពរចនា​ដោយ អាលីស្សា ស្កូប៊ឺត

កាល​នៅពី​ក្មេង គ្រួសារ​របស់​ខ្ញុំ​បាន​ប្តូរ​ផ្ទះ​ពី​ប្រទេស ហុងគ្រី ​ទៅ​ប្រទេស​អាល្លឺម៉ង់ ។ ខ្ញុំ​រំភើប​ចិត្ត​ណាស់​ពី​ការប្តូរ​ទៅ​ទីនោះ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ការលំបាក​បំផុត​ក្នុង​រយៈពេល​ប្រាំបួន​ឆ្នាំ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ខ្ញុំ​ស្មុគស្មាញ​នឹង​ការរៀន​ភាសា​អាល្លឺម៉ង់ ហើយ​ខ្ញុំ​តែងតែ​ជា​មនុស្ស​ឆាប់​តូចចិត្ត កត្តា​ទាំងពីរ​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​គោលដៅ​ដែល​គេ​ចង់​សម្លុត​ធ្វើបាប ។ តម្លៃ​ក្នុង​ខ្លួន​ខ្ញុំ​ពិតជា​ធ្លាក់​ចុះ ។ យូរៗទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​គ្មាន​នរណា​ស្រឡាញ់​ខ្ញុំ ហើយ​មាន​ក្តីសង្ឃឹម​តិចតួច​សម្រាប់​អនាគត ។ ខ្ញុំ​ឆ្ងល់​ថា​តើ​ពិភពលោក​នឹង​ប្រសើរ​យ៉ាងណា បើ​គ្មាន​រូប​ខ្ញុំ ហើយ​ពេលខ្លះ​ថែមទាំង​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ទៀត​ផង ។

ប៉ុន្តែ​ទោះជា​មាន​ការលំបាក​យ៉ាង​ណា ខ្ញុំ​បាន​ដឹង​ថា ​ជីវិត​ខ្ញុំ​កើត​មក​ដោយ​មាន​ហេតុផល ទោះបីជា​ខ្ញុំ​មិន​យល់​ទាំងស្រុង​ក្តី ។ ខ្ញុំ​បានដឹង​ថា ខ្ញុំ​អាច​រកឃើញ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ សូម្បីតែ​ក្នុង​គ្រា​ដ៏​ងងឹត​បំផុត​ក្តី ( សូមមើល អេធើរ ១២:៤ ) ។ នៅពេល​ដែល​អ្វីៗ​ហាក់​ដូចជា​មិន​ដំណើរការ​ល្អ ខ្ញុំ​បានដឹង​ពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​ទ្រង់ និង​អ្វី​ដែល​ទ្រង់​អាច​ធ្វើ​សម្រាប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ស្វែងរក​ទ្រង់​តាមរយៈ​ព្រះគម្ពីរ ការអធិស្ឋាន និង​ព្យាយាម​ធ្វើ​ជា​សិស្ស​របស់ទ្រង់​អស់​ពី​សមត្ថភាព ។ ជាការ​ពិត​ណាស់​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​គ្រប់​សេចក្តី​សុខសាន្ត ហើយ​បាន​ជួយ​ខ្ញុំ​ឆ្លងកាត់​គ្រា​ដ៏​អាក្រក់​នេះ ។

សេចក្តីពិត​ដែល​ខ្ញុំ​បាន​មើល​រំលង

នៅ​ទីបំផុត គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បានផ្លាស់​ទៅ​ប្រទេស​ហុងគ្រី​វិញ ។ ខ្ញុំ​បាន​រៀនចប់​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​ទោះបីជា​ពេលវេលា​ដែល​គេ​សម្លុត​ធ្វើ​បាប​ខ្ញុំ​បាន​កន្លងផុត​ទៅ​ក្តី ក៏​ខ្ញុំ​នៅតែ​ខ្វះ​ការគោរពខ្លួន​ឯង​ដដែល ។ ផល​ប៉ះពាល់​ពី​ការត្រូវ​គេ​សម្លុត​ធ្វើ​បាប​យ៉ាង​ខ្លាំង​នោះ​ពិតជា​ជះ​ឥទ្ធិពល​លើ​រូប​ខ្ញុំ​ណាស់ ហើយ​ពេលខ្លះ​ខ្ញុំ​នៅតែ​សង្ស័យ​លើ​តម្លៃ​ខ្លួន​ឯង ។

ហើយ​ក្នុងនាម​ជា​យុវមជ្ឈិមវ័យ​ខ្ញុំ​ពិតជា​ចង់​មាន​ទំនុកចិត្ត​ក្នុងការ​សម្រេចចិត្ត​ធំៗ​ក្នុង​ជីវិត និង​សម្រេចចិត្ត​ពី​អ្វី​ដែល​ខ្ញុំ​ចង់​សម្រេច​បាន​ក្នុង​ជីវិត ។

ខណៈ​ដែល​ខ្ញុំ​កំពុង​ជួបបញ្ហា​នេះ ខ្ញុំ​មាន​អារម្មណ៍​បាន​ទទួល​ការជំរុញចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​សន្និសីទ​សម្រាប់យុវ​មជ្ឈិមវ័យ​នៅលីវ​នៅ​ទ្វីប​អឺរ៉ុប​ខាងកើត ។ ខ្ញុំ​ត្រូវការ​ការណែនាំ​ខាង​វិញ្ញាណ​មួយចំនួន​ក្នុង​ជីវិត​របស់ខ្ញុំ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ដុះខាត់​​តម្លៃ​ខ្លួនឯង ហើយ​បានអធិស្ឋាន​ស្វែងរក​ចម្លើយ​នៅ​ទីនោះ ។

នៅ​យប់​មួយ​នៅ​ឯ​សន្និសីទ​នោះ ដៃរបស់​ខ្ញុំ​ឡើង​ព្រឺសម្បុរ នៅពេល​ដែល​អ្នក​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​ពិសេស​នោះ​បានចាប់ផ្តើម​និយាយ​អំពី​របៀប​ដែល​គេ​សម្លុត​ធ្វើ​បាបគាត់​កាល​គាត់​នៅ​ក្មេង ។ គាត់​បាន​មានប្រសាសន៍​អំពី​របៀប​ដែល​គាត់​ធ្លាប់​មាន​អារម្មណ៍​ថា គ្មាន​តម្លៃ និង​គេ​មើល​មិន​ឃើញ ។ ខ្ញុំ​ចាប់ផ្តើម​យំ​ភ្លាម ។

គាត់​បាន​រៀបរាប់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លងកាត់ ។

អ្នកឡើង​និយាយ​បានបន្ត ហើយ​បាន​ចែកចាយ​សេចក្តីពិត​ដែល​គាត់​បាន​លាក់ទុក​ក្នុង​អំឡុងពេល​ការប្រឈម​របស់គាត់​នេះ—ជា​សេចក្តីពិត​ដែល​ខ្ញុំ​បាន​មើល​រំលង ៖

« ខ្ញុំ​ជា​បុត្រ​រប​ស់​ព្រះ » ។

ការទទួល​យក​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់ខ្ញុំ

នៅពេល​ការប្រជុំ​ពិសេស​នេះ​បាន​បញ្ចប់ ទឹកភ្នែក​របស់​ខ្ញុំ​នៅ​តែហូរ ។ អ្នក​ឡើង​និយាយ​បាន​សង្កេតឃើញ ហើយ​បាន​ឱប​ខ្ញុំ ។ គាត់​បាន​ប្រាប់ថា ជាធម្មតា​គាត់​មិន​មក​និយាយ​ដោយ​ផ្ទាល់​នៅ​ការប្រជុំ​ពិសេស​នោះ​ទេ ប៉ុន្តែ​មាន​អារម្មណ៍​ថា មាន​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ស្តាប់​សារលិខិត​របស់គាត់​ដោយ​ផ្ទាល់ ។

ខ្ញុំ​គឺជា​បុគ្គល​រូប​នោះ ។

បទពិសោធន៍​នេះ​បាន​បង្ហាញ​ខ្ញុំ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ជ្រាបដឹង​ទាំងស្រុង​អំពី​បុត្រាបុត្រី​របស់ទ្រង់ ហើយ​ថា​ទ្រង់ ជ្រាប​ពី​របៀប​ជួយ​ដល់​យើង​យ៉ាងច្បាស់ ដើម្បី​យើង​អាច​ទទួល​អារម្មណ៍​សូម្បី​គ្រាន់​តែ​ជា​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​ក្នុងនាម​ជា​មាតាបិតា​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ក្តី ។ ទ្រង់​ជ្រាបដឹង​ថា​ខ្ញុំ​ត្រូវការ​ស្ដាប់​សារលិខិត​របស់​អ្នក​ឡើងនិយាយ​រូប​នេះ ហើយ​បានណែនាំ​ខ្ញុំ​ឲ្យ​នៅ​កន្លែង​ត្រឹមត្រូវ​នៅ​ក្នុង​ពេល​វេលា​ដ៏​ត្រឹមត្រូវ ។

ខ្ញុំ​បាន​ដឹង​ហើយ​ពី​ឃ្លា​ថា « ខ្ញុំ​ជាបុត្រ​របស់​ព្រះ » ពេញ​មួយ​ជីវិត​ខ្ញុំ ប៉ុន្តែ​សេចក្តីពិត​នេះ​បានឆ្លុះបញ្ចាំង​យ៉ាង​ត្រឹមត្រូវ​ក្នុង​ព្រលឹង​ខ្ញុំ​តែ​នៅពេល​នោះ​ប៉ុណ្ណោះ ។ ខ្ញុំ​ពិតជា​បាន​ដឹង​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​បុត្រ​របស់​ព្រះ​ដ៏​ល្អ​ឥតខ្ចោះ ដែល​ស្រឡាញ់​យើង​យ៉ាងខ្លាំង រហូត​ដល់​ទ្រង់​មាន​ព្រះទ័យ​លះបង់​ព្រះរាជបុត្រា​របស់​ទ្រង់ ដើម្បី​យើង​អាច​រស់ឡើងវិញ និង​ត្រូវ​បានប្រោសលោះ​ពី​អំពើបាប​របស់យើង ។ តើ​នរណា​ទៅ​ដែល​ស្រឡាញ់​ខ្ញុំ​យ៉ាងខ្លាំង ខណៈពេល​ដែល​ទ្រង់​មិន​អាច​ការពារ​ខ្ញុំ​ពី​ការឈឺចាប់​បាន ទ្រង់​គង់​នៅជាមួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ការឈឺចាប់​នោះ ហើយ​អាច​ជួយ​ខ្ញុំ​ឲ្យ​ក្រោកឡើង​ពី​ការឈឺចាប់​នោះ រីកចម្រើន​ពី​ការឈឺចាប់​នោះ ហើយ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

ទ្រង់​ស្រឡាញ់​ខ្ញុំ​ឥឡូវ​នេះ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ​គ្មាន​ដែនកំណត់​អំឡុង​ពេលជា​ច្រើន​ឆ្នាំ​ដែល​ខ្ញុំ​ទទួលរង​ការសម្លុត​ធ្វើ​បាប នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​អាច​ជួយ​បាន ។ ឥឡូវនេះ ខ្ញុំ​ដឹង​ថា វា​គឺ​ដោយ​សារតែ​ខ្ញុំ​បានដឹង​ពី​សេចក្តីពិត​នេះ​យ៉ាង​ជ្រាលជ្រៅ ដែល​ខ្ញុំ​បាន​ជ្រើសរើស​បន្ត​ទៅ​មុខ ។

ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​អំណាច​នៃ​ការស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ក្មួយៗ​ជា​ទីស្រឡាញ់ ក្មួយៗ​គឺ​ជា​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​ពិត​ប្រាកដមែន ។ … ប៉ុន្តែ​តើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​នោះ​បាន​ដក់ជាប់​ក្នុង​ដួងចិត្ត​​ក្មួយៗ​ហើយ​ឬនៅ ? …

« ពិតណាស់ ៖ សក្ដានុពល​របស់​ក្មួយៗ​គឺ​ទេវភាព ។ តាមការ​ខិតខំ​ស្វែងរក​ដ៏ឧស្សាហ៍​របស់​ក្មួយ នោះ​ព្រះ​នឹង​បំភ្លឺ​អំពី​បុគ្គល​ដែល​ក្មួយ​នឹង​ប្រែក្លាយ » ។

ឥឡូវនេះ​កាលណា​ខ្ញុំ​ឃើញ​ខ្លួនឯង​ចង់​សួរ​ពី​តម្លៃ​របស់​ខ្លួន ខ្ញុំ​តែងតែ​រំឭក​ខ្លួន​ឯង​អំពី​សេចក្តីពិត​នេះ​ថា ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ហើយ​ថា​ជីវិត​របស់​ខ្ញុំ​គឺ​ជា​អំណោយទាន​មកពី​ទ្រង់ ។

សូម​ចងចាំ​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ ។ ហើយ​កុំ​ភ្លេច​នូវ​ការគាំទ្រ ការផ្លាស់ប្តូរ​ជីវិត និង​អំណាច​ខាង​វិញ្ញាណ​លើស​ពី​ធម្មតា ដែល​បាន​មកពី​ការទទួលយក​សេចក្តីពិត​នោះ ។

អ្នកនិពន្ធ​រស់នៅ រដ្ឋ សេហ្គីន ប្រទេស​ហុងគ្រី ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។