ឆ្នាំ ២០២៣
ភាពស្លូតបូត​របស់​ស្ត្រី​សាសន៍​កាណាន
ខែ កញ្ញា ឆ្នាំ ២០២៣


« ភាពស្លូតបូត​របស់​ស្ត្រី​សាសន៍​កាណាន » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

អព្ភូតហេតុ​របស់​ព្រះយេស៊ូវ

ភាពស្លូតបូត របស់​ស្ត្រី​សាសន៍​កាណាន

តើ​តួនាទី​នៃ​សេចក្ដី​ជំនឿ និង​ភាពស្លូតបូត​ក្នុង​ការស្វែងរក​អព្ភូតហេតុ​ដែល​យើង​ត្រូវការ​ជា​អ្វី ?

រូបភាព
ព្រះយេស៊ូវ និង​ស្ត្រី​សាសន៍​កាណាន

The Woman of Canaan [ ព្រះយេស៊ូវ និង​ស្ត្រី​សាសន៍​កាណាន ] ដោយ ហារ៉ូឌ ខូបភីង រូបភាព ព្រីចមែន

ក្នុង​ចំណោម​អន្តរកម្ម​រាប់មិនអស់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវតែ​មាន​ក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ មានដំណើររឿង​មួយ​ដែល​ងាយ​នឹង​រំលង ព្រោះ​វា​ខ្លី ហើយ​ជួនកាល​មានការ​យល់​ច្រឡំ ៖ ស្ត្រី​សាសន៍​កាណាន​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ១៥:២១–២៨ ។

ទោះ​យ៉ាងណា​ក៏ដោយ ដោយ​មាន​បរិបទ​បន្ថែម​មួយ​ចំនួន យើង​អាច​រៀន​ពី​សេចក្តីពិត​ដ៏​ស្រស់ស្អាត​អំពី​សេចក្តីអត់ធ្មត់ និង​សេចក្តី​អាណិតអាសូរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​យើង​ចាប់ផ្តើម​ដឹង​ពី​ស្ត្រី​គំរូ​នៃ​សេចក្តីជំនឿ និង​ភាពស្លូតបូត ដែល​ត្រូវបាន​លើក​ឡើង​ជាញឹកញាប់​នេះ ។

បរិបទ

នៅក្នុង ម៉ាថាយ ១៤ យើង​រៀន​ថា ព្រះអង្គសង្រ្គោះ​បាន​ជ្រាបដឹង​ពី​សេចក្តី​ស្លាប់​របស់​យ៉ូហាន បាទីស្ទ ដែល​ហេរ៉ូឌាស បាន​បង្ខំ​ឲ្យ​កាត់ក្បាល ។ បន្ទាប់ពី​បាន​ដឹង​ពី​សេចក្តីស្លាប់​របស់​បង​ជីដូន​មួយ​របស់​ទ្រង់ ព្រះយេស៊ូវបាន​ព្យាយាម​យាងថយ​ដោយ​ប្រើ​ទូក​ទៅ​កាន់ « ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក » ប្រហែលជា​ទៅ​ភ្នំ ប៉ុន្តែ​ហ្វូង​មនុស្ស​បាន​តាម​ស្នាម​ព្រះ​បាទា​ទ្រង់ ( សូមមើល ម៉ាថាយ ១៤:១៣ ) ។ ក្នុង​ការបង្ហាញ​ពី​ក្ដី​អាណិត​អាសូរ​ជា​ខ្លាំង ព្រះ​គ្រីស្ទ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ជា​មួយ​ប្រជាជន ហើយ​ថែម​ទាំង​បាន​សម្តែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​របស់​ទ្រង់ ដោយ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល ( សូមមើល ម៉ាថាយ ១៤:១៥–២១ ) ។

នៅយប់​នោះ ព្រះអង្គសង្រ្គោះ​បាន​សម្តែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ទីពីរ ។ ទ្រង់​បាន​យាង​ទៅ​ភ្នំ « ដោយឡែក » ពី​ពួក​សិស្ស​របស់​ទ្រង់​ដើម្បី​អធិស្ឋាន ។ ពួកសិស្ស​របស់​ទ្រង់​បាន​ឡើង​ទូក ដែល​ពេល​នោះ​កណ្តាល​សមុទ្រ​កាលីឡេ ហើយ​រលក និង​ខ្យល់​បាន​បោកបក់ ។ « ហើយ …​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ » ធ្វើ​ឲ្យ​ពួក​សិស្ស​និយាយ​ថា « ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន » ។ ( សូមមើល ម៉ាថាយ ១៤:២៣–២៥, ៣៣ ) ។

បន្ទាប់មក ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិសខាងជើង​ពី​កាលីឡេ​ទៅ​ឆ្នេរ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ដែល​ស្ថិត​នៅក្នុង​ប្រទេស​លីបង់​សម័យ​ទំនើប ។ ទ្រង់​បានស្វែងរក « សម្រាក ការស្ងប់ស្ងាត់ ឬ​ឱកាស​ណែនាំ​ដល់​ពួក​ដប់ពីរ​នាក់​ឲ្យ​បាន​គ្រប់គ្រាន់ » យ៉ាងពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ទ្រង់​ចៀស​ព្រះ​កាយ ។ កាល​នោះ​ក៏​មាន « ​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់ » ( ម៉ាថាយ ១៥:២២ ) ។

រូបភាព
ផែនទី និង​រូបភាព​របស់​ក្រុង​ស៊ីដូន និង​ទីរ៉ុស

ការព្យាបាល​កូនស្រី​របស់​សាសន៍​កាណាន​បាន​កើត​ឡើង​នៅ​កន្លែង​មួយ​នៅ​ចន្លោះ​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ភាគ​ខាងជើង​នៃ​ស្រុក​កាលីឡេ ។

ស៊ីដូន ៖ ( សូមមើល​រូបភាព​ខាងលើ ) ៖ ហៅ​ត្រូវ​បាន​ហៅ​ថា ហ្សីដូន ដែរ ។ នៅ​សម័យ​បុរាណ អាជីវកម្ម​បាន​ធ្វើ​ឲ្យ​ក្រុងនេះ ក្លាយជាទីក្រុង​ដ៏​សំខាន់​បំផុត​មួយ​នៃ​ទីក្រុង ភីនីស៊ី ។

ក្រុង​ទីរ៉ុស ៖ ( សូមមើល​រូបភាព​ខាងលើ ) ៖ ជា​ទីក្រុង​ធ្វើ​អាជីវកម្ម​ដ៏​សំខាន់​មួយ​ទៀត ដែល​មាន​ទីតាំង​ប្រហែលជា ២២ ម៉ៃស៍ នៅ​ភាគខាង​ត្បូង​ស៊ីដូន ។ អំឡុងពេល​ការធ្វើ​ការងារបម្រើ​របស់​លោក សាវក​ប៉ុល បាន​ទៅ​ជួប​សមាជិក​សាសនាចក្រ​នៅ​ទីនេះ ( សូមមើល កិច្ចការ ២១:៣–៧ ) ។

រូបភាព​រចនា​នៃក្រុង​ស៊ីដូន ដោយ បាឡាហ្គ បាឡហ្វ

ស្រ្តី​សាសន៍​កាណាន

វា​ជា​រឿង​អស្ចារ្យ​ដែល​ស្រ្តី​រូបនោះ​មិន​បាន​ចូល​ទៅ​ជិត​ព្រះ​យេស៊ូវ​ឡើយ ។ នាង​គឺជា​សាសន៍​កាណាន នៃ « កំណើត​របស់​ពាហិរជន ឬ​អ្នក​មិន​គោរព​សាសនា » សាសន៍​កាណាន​ត្រូវ​បាន​« សាសន៍​យូដា​មិន​គោរព​ទាល់​តែ​សោះ » ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ជំនឿ​របស់​នាង​លើ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តីស្រឡាញ់​របស់​នាង​ចំពោះ​កូនស្រី​របស់​នាង​បាន​ជំរុញ​នាង​ឲ្យ​ទូលអង្វរ​ព្រះអង្គ​សង្គ្រោះ​សូម​ជំនួយ ។ អែលឌើរ ជេមស៍ អ៊ី ថាល់មេហ្គ ( ឆ្នាំ ១៨៦២–ឆ្នាំ ១៩៣៣ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ពន្យល់​ថា « ការ​ដែល​នាង​ថ្លែង​ទៅកាន់​ព្រះយេស៊ូវ​ជា​ពូជ ហ្លួង ដាវីឌ បង្ហាញ​ពី​ជំនឿ​របស់​នាង​ថា​ទ្រង់​ជា​ព្រះ​មែស៊ី​នៃ​អ៊ីស្រាអែល » ។

ទោះបីជា​យើង​ដឹង​តិចតួច​ពី​ម្តាយ​ជា​សាសន៍​ដទៃ​ក៏ដោយ យើង​អាច​សន្និដ្ឋាន​ថា ជំនឿ​របស់​នាង​គឺ​ដូចជា​ស្ត្រី​ដទៃ​ទៀត​ដែល​បាន​លើក​ឡើង​នៅក្នុង​ព្រះ​គម្ពីរសញ្ញាថ្មី​ដែរ ។ ដូចជា​ស្រ្តី​រូប​នេះ « ឈឺ​ធ្លាក់​ឈាម » ( ម៉ាកុស ៥:២៥ ) ម៉ារា និង​ម៉ាថា​អ្នក​ភូមិ​បេថានី និង​ម៉ារា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ជា​ស្រ្តី​សាសន៍​កាណាន បាន​ថ្វាយ​ទំនុកចិត្ត​របស់​ពួក​នាង​ទៅលើ​ព្រះអង្គសង្រ្គោះ​ទាំងស្រុង ។ នាង​ប្រាកដ និង​យល់​ដឹង ដោយ​មានទំនុកចិត្ត​អំពី​ទ្រង់​ជា​នរណា ។

ដំបូងឡើយ ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយតប​នាង​ឡើយ ។ ពួក​សិស្ស​បាន​ទូល​​ទ្រង់​ឲ្យ​បណ្តេញ​នាង​ទៅ​ឲ្យ​ឆ្ងាយ​ពីព្រោះ​នាង​រំខាន​ពួកគេ ហើយ​ពួកគេ​បានដឹង​ថា​នាង​កំពុង​រំខាន​ការសម្រាក​របស់​ទ្រង់ ។

ទីបំផុត ព្រះ​យេស៊ូវ​បាន​ឆ្លើយ ។ ពន្យល់​ពី​ភាពស្ងៀមស្ងាត់​របស់​ទ្រង់​ពីមុន ទ្រង់​បាន​មាន​ព្រះបន្ទូល​ឆ្លើយ​ថា « ខ្ញុំ​បាន​ទទួល​បង្គាប់ នឹង​មក​ឯ​ពួក​កូន​ចៀម​ដែល​បាត់បង់ របស់​ពូជពង្ស​សាសន៍​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ » ( ម់ាថាយ ១៥:២៤ ) ។

សេចក្តីថ្លែងការណ៍​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​វា​កាន់តែ​ភ្ញាក់ផ្អើល​ដល់​ស្ត្រី​សាសន៍​ដទៃ​នេះ​ដែល​បាន​មក​រក​ពរជ័យ​សម្រាប់​កូនស្រី​របស់​នាង ។ នាង​មិន​មែន​ជា​ស្ត្រី​សាសន៍​អ៊ីស្រាអែល​ទេ ប៉ុន្តែ​នាង​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះមែស៊ី ជា​ស្តេច ។ ហើយ​ទោះ​បី​ជា​ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បេសកកម្ម​របស់​ទ្រង់​គឺ​ទៅ​កាន់​សាសន៍​យូដា​នៅ​ប្រទេស​អ៊ីស្រាអែល​ក៏​ដោយ ក៏ស្ត្រី​រូប​នោះ​មាន​ជំនឿ​ថា​ទ្រង់​នឹង​ប្រោស​កូន​ស្រី​របស់​នាង​ឲ្យ​ជា ។ ដោយ​ភាពស្លូតបូត នាង​បាន​ដួល​នៅ​ព្រះបាទា​ទ្រង់ ដោយ​ដឹង​ពី​ភាព​ជា​ស្តេច និង​ព្រះចេស្តា​របស់​ទ្រង់ ( សូមមើល ម៉ាកុស ៧:២៥ ) « ក្រាប​ថ្វាយ‌បង្គំ » ហើយ​ជា​ថ្មី​ម្តងទៀ​បាន​ទទូចសុំ​ថា « ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង » ( ម៉ាថាយ ១៥:២៥ ) ។

ភាពស្លូតបូត និង​អព្ភូតហេតុ

ព្រះ​យេស៊ូវ​បាន​ឆ្លើយតប​ដែល​ហាក់​ដូចជា​ធ្ងន់ៗ​ចំពោះ​ពួក​សិស្ស​សម័យ​ទំនើប​នេះ ព្រះ​យេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ » ( ម៉ាថាយ ១៥:២៦ ) ។ ពួក​អ្នកប្រាជ្ញ​ព្រះគម្ពីរ​ប៊ីប​បាន​ពន្យល់ថា ក្នុងការ​ប្រៀបធៀប​នេះ « កូនក្មេង » គឺជា​ពួក​សាសន៍​យូដា « ឆ្កែ » គឺជា​ពួក​សាសន៍​ដទៃ ។

ម្យ៉ាង​ទៀត កាតព្វកិច្ច​ចម្បង​របស់​ព្រះគ្រីស្ទ​គឺ​ចំពោះ​សាសន៍​យូដា ។ ទ្រង់​ត្រូវ​ផ្ដល់​អាហារ​ដល់​ពួកគេ—ឬ​ផ្តល់​ដំណឹង​ល្អ​ដល់​ពួកគេ​ជា​មុន​សិន—ហើយ​បន្ទាប់មក​ពួកគេ​នឹង​ផ្ដល់​អាហារ ឬ​បង្រៀន​ដល់​ពិភពលោក​ទាំងមូល ។ អែលឌើរ ថាល់មេហ្គ បាន​ពន្យល់​ថា ៖ « ដូចជា​យើង​អាច​គិត នាង​បាន​គិតថា ចេតនា​ព្រះអម្ចាស់​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ដោយ​ចេតនា ។ … ច្បាស់​ណាស់ ស្រ្តី​រូបនោះ​ពុំ​បាន​អាក់អន់​ចិត្ត​នៃ​ការប្រៀបធៀប​នោះ​ទេ » ។

ជា​ថ្មី​ម្តងទៀត ការឆ្លើយតប​របស់​ស្ត្រី​ដ៏​ល្អ​រូប​នេះ គឺ​គួរ​ឲ្យ​ស្ញប់ស្ញែង និង​អស្ចារ្យ និង​ស្លូតបូត​ថា ៖ « ព្រះ‌អម្ចាស់ ប៉ុន្តែ​កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ » ( ម៉ាថាយ ១៥:២៧ ) ។

ស្ត្រី​ដែល​ពោរពេញ​ដោយ​ជំនឿ​រូប​នេះ​គ្មាន​នរណា​រារាំង​ឡើយ ។ ជំនួស​ឲ្យ​ការរើស​យក​ការអាក់អន់​ចិត្ត នាង​បាន​ជ្រើសរើស​មាន​ជំនឿ ។ ការឆ្លើយតប​របស់នាង​គឺជា​ការបង្ហាញ​ពី​ក្តីសង្ឃឹម ទោះបីជា​កំទេច​ក៏​ដោយ ។ អ្វី​ដែល​ជា​សេចក្តី​ជំនឿ​ដ៏​មិន​គួរ​ឲ្យ​ជឿ​ដែល​ត្រូវ​បាន​ជឿ​ថា កំទេច​ពី​តុ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​គ្រប់គ្រាន់​ដើម្បី​យក​ឈ្នះ​លើ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​កូនស្រី​របស់​នាង​មាន​បញ្ហា ។ ការឆ្លើយតប​របស់​ម្ដាយ​ដ៏​ស្មោះត្រង់​រូបនេះ​បង្ហាញ​ពី​ភាពរាបទាប និង​ស្លូតបូត ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ពន្យល់​ភាពស្លូតបូត​ថា​ជា « រឹងប៉ឹង ពុំ​មែន​ទន់ខ្សោយ​ទេ សកម្ម ពុំ​មែន​អកម្ម​ទេ ជា​ភាពក្លាហាន ពុំមែន​មុខខ្មូរ​នោះ​ទេ ជា​ការដាក់​បង្ខាំង ពុំមែន​ជ្រុល​និយម​ទេ » ។ តាមពិត​ស្ត្រី​សាសន៍​កាណាន​រឹងប៉ឹង ពុំ​មែន​ទន់ខ្សោយ​ទេ សកម្ម ពុំ​មែន​អកម្ម​ទេ ជា​ភាពក្លាហាន ពុំមែន​មុខខ្មូរ​នោះ​ទេ​ក្នុង​ការប្រកាស​ពី​សេចក្តី​ជំនឿ​របស់​នាង​ថា សូម្បីតែ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មួយ​ភាគ​ក៏​គ្រប់គ្រាន់​ដែរ ។

រូបភាព
កំទេច​លើ​ចាន

ស្ត្រី​សាសន៍​កាណាន​រឹងប៉ឹង ពុំ​មែន​ទន់ខ្សោយ​ទេ សកម្ម ពុំ​មែន​អកម្ម​ទេ ជា​ភាពក្លាហាន ពុំមែន​មុខខ្មូរ​នោះ​ទេ​ក្នុង​ការប្រកាស​ពី​សេចក្តី​ជំនឿ​របស់​នាង​ថា សូម្បីតែ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មួយ​ភាគ​ក៏​គ្រប់គ្រាន់​ដែរ ។

ជា​ចុងក្រោយ ព្រះ​យេស៊ូវគ្រីស្ទ​បាន​ឆ្លើយតប​ដោយ​ចម្លើយ​ដែល​មាន​អានុភាព និង​ធ្លាប់​បាន​ឮ​ថា ៖ « នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ » ។ ការបង្ហាញ​នេះ​ថា​ទ្រង់​ឲ្យ​តម្លៃ និង​ស្រឡាញ់​យើង​ម្នាក់ៗ​ក្នុង​ដំណើរ​របស់​យើង​ទៅរក​ទ្រង់ ដូច​ដែល​មាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ដោយ​ការធានា​ថា « កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ » ( ម៉ាថាយ ១៥:២៨ ) ។

តើ​យើង​អាច​រៀន​អ្វី​ខ្លះ ?

អែលឌើរ ថាល់មេហ្គ បាន​បញ្ចេញ​មតិ​ថា « ការតស៊ូ​ដ៏​គួរ​ឲ្យ​សរសើរ​របស់​ស្ត្រី​រូប​នេះ​គឺ​ផ្អែកលើ​ជំនឿ​ដែល​ពុះពារ​ឧបសគ្គ​ជាក់ស្តែង ហើយ​ស៊ូទ្រាំ​ទោះបី​ស្ថិតក្រោម​ការបាក់​ទឹកចិត្ត​ក៏​ដោយ » ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ស៊ូទ្រាំ​បែប​នោះ គឺជា​អ្វី​ដែល​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ទូន្មាន​យើង​ឲ្យ​អភិវឌ្ឍ ៖ « សេចក្តី​ជំនឿ​លើ ព្រះយេស៊ូវ​គ្រីស្ទ គឺជា អំណាច​ដ៏​ធំ​បំផុត​ ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ » ។

ខ្ញុំ​សូម​អបអរ​ដល់​ស្ត្រី​សាសន៍​កាណាន​ដែលរឹងប៉ឹង សកម្ម ក្លាហាន ហើយ​ខ្ជាប់ខ្ជួន​ក្នុង​ការអះអាង​ពី​ជំនឿ​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ ជា​ព្រះ​មែស៊ី និង​ជា​ស្តេច ។ នាង​គឺជា​គំរូ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មីអំ​ពី​សេចក្តី​ជំនឿ និង​ភាពស្លូតបូត​ដែល​តម្រូវ​ឲ្យ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងអស់​មាន ។ ដោយ​គ្មាន​ការរំខាន សូម​ឲ្យ​យើង​ប្រកាន់ខ្ជាប់​នូវ​សេចក្តីជំនឿ​ប្រភេទ​នោះ​នៅក្នុង « សម្តេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក » ( ហេព្រើរ ៩:១១ ) ។

កំណត់​ចំណាំ

  1. សូមមើល ជេម អ៊ី ថាល់មិច Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ៣៥៤ ។

  2. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ទំព័រ ៣៥៤ ។

  3. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ទំព័រ ៣៥៤ ។

  4. សូមមើល ជេម អ៊ី ថាល់មេហ្គ Jesus the Christ ទំព័រ ៣៥៥ ។

  5. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ទំព័រ ៣៥៥ ។

  6. ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ ។

  7. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ទំព័រ ៣៥៦ ។

  8. រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៤ ។