ឆ្នាំ ២០២៣
ការ​មើល​ថែដល់អ្នក​ខ្វះខាត
ខែ កញ្ញា ឆ្នាំ ២០២៣


« ការ​មើល​ថែដល់អ្នក​ខ្វះខាត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ការ​មើល​ថែដល់អ្នក​ខ្វះខាត

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​ប្រជាជន

He Healed Many of Diverse Diseases [ ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ] ដោយ ជេ. ខឺត រីឆាត មិន​អាច​ថត​ចម្លង​បាន​ទេ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ក្នុង​ការមើល​ថែ​ដល់​អ្នក​ដែល​ខ្វះខាត ។ យើង​មើលថែ​ដល់​អ្នកដទៃ​ដោយ​ការបម្រើ​ពួកគេ ជួយ​ពួកគេ​ឲ្យ​មាន​ភាពខ្លួន​ទីពឹងខ្លួន និង​ចែកចាយ​អ្វី​ដែល​យើង​មាន ។

គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្រឡាញ់ បានលួងលោម និង​បានអធិស្ឋាន​សម្រាប់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ ។ ទ្រង់ « បាន​យាង​ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​ការស្រឡាញ់ លួងលោម ការបម្រើ និង​ការអធិស្ឋាន​សម្រាប់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ យើង​តែងតែ​អាច​ស្វែងរក​របៀប​ដើម្បី​ជួយ​អ្នក​ដទៃ​ជានិច្ច ។

រូបភាព
មនុស្ស​ពីរ​នាក់​កំពុង​ដើរ

ការផ្ដល់​ការងារ​បម្រើ

ពាក្យថា ការងារបម្រើ ត្រូវបាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ និង​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​យើង​មើល​ថែ​គ្នា​ទៅវិញ​ទៅមក ។ អ្នកកាន់​បព្វជិតភាព​ត្រូវបាន​ចាត់តាំង​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារបម្រើ​ដល់​បុគ្គល​ម្នាក់ៗ ឬ​គ្រួសារ​ក្នុង​វួដ ឬ​សាខា ។ បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​បម្រើ​ស្រ្តី​មជ្ឈិមវ័យ​ម្នាក់ៗ ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ធានា​ឲ្យ​បាន​ថា​សមាជិក​សាសនាចក្រ​ទាំងអស់​ត្រូវ​បាន​ចងចាំ និង​យក​ចិត្ត​ទុកដាក់ ។

រូបភាព
មនុស្ស​កំពុង​ដាំ​ដំណាំ

ការជួយ​អ្នកដទៃ​ឲ្យ​មាន​ភាព​ខ្លួនទីពឹងខ្លួន

យើង​អាច​ជួយ​សមាជិក​គ្រួសារ និង​មិត្ដភក្ដិ​ឲ្យ​មាន ភាព​ខ្លួន​ទីពឹង​ខ្លួន ដោយ​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ដំណោះ​ស្រាយ​រយៈពេល​វែង​ចំពោះ​បញ្ហា​របស់​ពួកគេ ។ បន្ទាប់មក​យើង​អាច​គាំទ្រ​ពួកគេ​នៅពេល​ពួកគេ​ខិតខំ​សម្រេច​គោលដៅ​របស់​ពួកគេ ។ សូម​ស្វែងរក​ព័ត៌មាន​បន្ថែម អំពី​ភាពខ្លួន​ទីពឹងខ្លួន​នៅក្នុង​លីអាហូណា ខែ សីហា ឆ្នាំ ២០២៣ ក្នុង មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ ។

បម្រើ​អ្នក​ដទៃ

មាន​របៀប​ជាច្រើន​ដែល​យើង​អាច​បម្រើ​អ្នក​ដែល​នៅ​ជុំវិញ​យើង និង​ជួយ​បំពេញ​តម្រូវការ​ខាង​សាច់ឈាម ខាងវិញ្ញាណ និង​ខាង​សតិអារម្មណ៍​របស់​ពួកគេ ។ ការរៀន​សូត្រ​អំពី​អ្នកដទៃ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដែល​យើង​អាច​បម្រើ​ពួកគេ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ យើង​ក៏​អាច​អធិស្ឋាន​ទូលសុំ​ការណែនាំ​ដើម្បី​ដឹង​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ ។

រូបភាព
មនុស្ស​កំពុង​រើស​ផ្លែឈើ

ការចែកចាយ​អ្វី​ដែល​យើង​មាន

យើង​អាច​បម្រើ​អ្នក​ដទៃ​ដោយ​ការចែកចាយ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ពរ​ដល់​យើង ។ ឧទាហរណ៍ យើង​អាច​ផ្ដល់ ដង្វាយ​តមអាហារ ដោយ​ចិត្ត​សប្បុរស ឬ​បរិច្ចាគ​ដល់​ជំនួយ​មូលនិធិ​សប្បុរសធម៌​របស់​សាសនាចក្រ ។ យើង​ក៏​អាច​បម្រើ​នៅក្នុង​សហគមន៍​របស់​យើង និង​ក្នុង ការហៅ នៅក្នុង​សាសនាចក្រ ។

ករណីកិច្ច​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ប៊ីស្សព​មើល​ការខុសត្រូវ​ចំពោះ​អ្នក​ដែល​ខ្វះខាត​ក្នុង​វួដ​របស់​គាត់ ។ គាត់​អាច​ប្រើ​លុយ​ពី​ដង្វាយ​តមអាហារ​ដើម្បី​ជួយ​សមាជិក​ដែល​ខ្វះខាត ។ ថ្នាក់​ដឹកនាំ​ផ្សេងទៀត រួមទាំង​ទីប្រឹក្សា​របស់​គាត់ និង​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ជួយ​សមាជិក​ស្វែងរក​ធនធាន​ដែល​ពួកគេ​អាច​ប្រើប្រាស់​ដើម្បី​បំពេញ​ការខ្វះខាត​របស់​ពួកគេ ។

កិច្ចការ​មនុស្សធម៌​របស់​សាសនាចក្រ

សាសនាចក្រ​ជួយ​មនុស្ស​ជុំវិញ​ពិភពលោក​ដោយ​ការឆ្លើយតប​នឹង​គ្រោះ​អាសន្ន គម្រោង​សហគមន៍ និង​កម្មវិធី​ផ្សេងៗ​ទៀត ដូចជា ទឹកស្អាត និង​ការចាក់ថ្នាំ​បង្ការ ។ ដើម្បី​រៀន​បន្ថែម សូមមើល ដាល្លិន អេក អូក « ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៦–៨ ។