ឆ្នាំ ២០២៣
ការចែកចាយ​ព្រះគម្ពីរ​មរមនចំនួន ៧២ ក្បាល
ខែ កញ្ញា ឆ្នាំ ២០២៣


« ការចែកចាយ​ព្រះគម្ពីរ​មរមនចំនួន ៧២ ក្បាល » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការចែកចាយ​ព្រះគម្ពីរ​មរមនចំនួន ៧២ ក្បាល

រាល់​ពេល​ដែល​ខ្ញុំ​បើក​មាត់​និយាយ​អំពី​ព្រះគម្ពីរ​មរមន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយខ្ញុំ ។

រូបភាព
ព្រះគម្ពីរ​មរមន​ជា​ច្រើន​កេះ

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

នៅ​អំឡុងពេល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យើង​មាន​ពរ​ដែល​មាន​ពេទ្យ​ថែទាំ​អ្នក​ជំងឺ ដំណាក់​កាល​ចុងក្រោយ ​សម្រាប់​ស្វាមី​ខ្ញុំ ក្លូដ នៅក្នុង​ផ្ទះ​របស់​យើង ។ នៅ​ទីនោះ កូនៗ​របស់​យើង និង​ខ្ញុំ​បាន​ជួយ​ថែទាំ​គាត់​ដោយ​ក្ដីស្រឡាញ់ រហូត​ដល់​គាត់​បាន​លាចាក​លោក​ទៅ​កាន់​គេហដ្ឋាន​សួគ៌ា​របស់​យើង​វិញ ។

មុននេះ ក្លូដ និង​ខ្ញុំ​បាន​អធិស្ឋាន​អំពី​ថា​តើ​ត្រូវ​ធ្វើ​ទីធ្លា​ស្រយ៉ាបផ្ទះ​របស់យើង​ទៅ​ជា​បន្ទប់​មន្ទីរពេទ្យ ដែល​យើង​អាច​បំពាក់​ឧបករណ៍​គ្រប់យ៉ាង​ដែល​គាត់​ត្រូវការ​ដើម្បី​មាន​អារម្មណ៍​ងាយស្រួល​ឬ​អត់ ។ យើង​បាន​ទទួល​ការបញ្ជាក់​ថា​យើង​គួរ​តែ​ធ្វើ ។

ដើម្បី​កែ​លម្អ​ទីធ្លា កម្មករ​ជា​ច្រើន​នាក់​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យើង ។ សំណាងល្អ ទីធ្លា​នោះ​មាន​ទ្វារ​ខាងក្រោយ ដូច្នេះ​កម្មករ​អាច​ចេញ​ចូល ដោយ​មិន​ចាំបាច់​ចូល​ទៅក្នុង​បន្ទប់​ទទួល​ភ្ញៀវធំ​នៅក្នុង​ផ្ទះ​របស់​យើង​ឡើយ ។ នោះ​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​នៅ​កំឡុងពេល​រឹតត្បិត​នៃ​កូវីដ-១៩ ។

បន្ទាប់ពី​បាន​ធ្វើ​បន្ទប់​របស់ ក្លូដ រួចហើយ គិលានុបដ្ឋាយិកា​បាន​មក​ជា​រៀង​រាល់​ថ្ងៃ ។ ពួកគេ​មាន​ចិត្តល្អ ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​មាន​ចំណេះដឹង​អំពី​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​រក្សា ក្លូដ ឲ្យ​មាន​ផាសុកភាព ។

ពេល​ខ្ញុំ​ចូលរួម​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​រៀន​ថា សមាជិក​សាសនាចក្រ​គ្រប់រូប​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ដោយសារ​ខ្ញុំ​ចូលចិត្ត​ចែកចាយ​ដំណឹងល្អ ខ្ញុំ​បាន​បញ្ជា​ទិញ​ព្រះគម្ពីរ​មរមន​បី​កេះ ដែល​មួយ​កេះៗ​មាន​គម្ពីរ ២៤ ក្បាល ។ ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ឲ្យ​គម្ពីរ​មួយ​ក្បាល​ទៅ​មនុស្ស​គ្រប់គ្នា​ដែល​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង ។

ខ្ញុំ​បាន​គូសចំណាំ​ផ្នែក​សំខាន់ៗ​នៃ​គម្ពីរ​នីមួយៗ​ជាមួយ​នឹង​នាមប័ណ្ណ​ដែល​ខ្ញុំ​បាន​រចនា​ដែល​មាន​រូបថត​​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​ដែល​ខ្ញុំ​បាន​ថត ។ ខ្ញុំ​ក៏​បាន​បិទភ្ជាប់​ទីបន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ទំព័រ​ទទេ​នៅ​ខាងមុខ​គម្ពីរ​នីមួយៗ​ផងដែរ ។ បន្ទាប់មក មុន​នឹង​ជូន​ព្រះគម្ពីរ​នេះ​ទៅ​ឲ្យ​កម្មករ ឬ​គិលានុបដ្ឋាយិកា ខ្ញុំ​បាន​ពន្យល់​ពួកគេ​ពី​អ្វី​ទៅ​ជា​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​ភ្ញាក់ផ្អើល​ដោយ​ក្តី​រីករាយ​ចំពោះ​ប្រតិកម្ម​របស់​ពួកគេ ។ មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​បដិសេធ​មិន​ទទួល​យក​ព្រះគម្ពីរ​នោះ ។ អ្នក​ផ្សេង​ទៀត​ចាប់អារម្មណ៍​ស្តាប់​រឿង​នេះ ។ អ្នកខ្លះ​បាន​អរគុណ​ខ្ញុំ​យ៉ាងខ្លាំង ដោយ​និយាយ​ថា​ពួកគេ​ដឹង​អំពី​ព្រះគម្ពីរ​មរមន ហើយ​ចង់​បាន​មួយ​ក្បាល ។ មនុស្ស​ជាច្រើន​សប្បាយចិត្ត​រហូត​ដល់​ពួកគេ​ឱប​ខ្ញុំ ។

ខ្ញុំ​ជឿ​ថា រឿងនេះ​បាន​កើតឡើង ដោយសារ​រាល់ពេល​ដែល​ខ្ញុំ​បើក​មាត់​និយាយ​អំពី​ព្រះគម្ពីរ​មរមន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា កម្មករ និង​គិលានុបដ្ឋាយិកា​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ខ្ញុំ​បាន​ចែក​ព្រះគម្ពីរ​ទាំង ៧២ ក្បាល​អស់ ហើយថ្មីៗ​នេះ​ខ្ញុំ​បាន​បញ្ជាទិញ ២៤ ក្បាល​បន្ថែមទៀត ។

កំណត់​ចំណាំ

  1. សូមមើល ម៉ារីនី ហូលមេន « ‘Every Member a Missionary’ for 50 Years » Ensign ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ៧៧ ។