ឆ្នាំ ២០២៣
ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ល្ងាច​ថ្ងៃសុក្រ
ខែ កញ្ញា ឆ្នាំ ២០២៣


« ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ល្ងាច​ថ្ងៃសុក្រ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ល្ងាច​ថ្ងៃសុក្រ

បំណងប្រាថ្នា​ដើម្បី​ធ្វើការ​ប្រែចិត្ត​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ស្វែងរក​ព្រះអង្គសង្រ្គោះ និង​សាសនាចក្រ​របស់​ទ្រង់ ។

រូបភាព
ស្រ្តី​ម្នាក់​ឈរ​នៅ​ខាងមុខ​ព្រះវិហារ

រូបភាព​រចនា​ដោយ ខាធី ដុកគ្រីល

បន្ទាប់ពី​បទពិសោធន៍​ដ៏​រំភើបរីករាយ​នៃ​ការមក​ដល់​សហរដ្ឋ​ពី​ប្រទេស​ចិន​ដើម្បី​សិក្សា​ផ្នែក​បណ្ឌិត​របស់​ខ្ញុំ ខ្ញុំ​បាន​រន្ធត់​នឹង​ឯកសារ​សិក្សាធិការ​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​អាន និង​សរសេរ ។ ខ្ញុំ​ក៏​មិន​ប្រាកដចិត្ត​អំពី​របៀប​ទំនាក់ទំនង​នឹង​ទីប្រឹក្សា​សិក្សាធិការ​របស់​ខ្ញុំ ដែល​បាន​បន្ថែម​ភាព​តានតឹង​ដល់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វង្វេង និងឯកោ ហើយ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះទេ ។

ខ្ញុំ​បាន​សន្និដ្ឋាន​ថា អំពើ​ខុសឆ្គង​ពី​អតីតកាល​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រងទុក្ខ ហើយ​ខ្ញុំ​ត្រូវ​តែ​ប្រែចិត្ត ។ វា​នៅពេល​ពេលល្ងាច ដូច្នេះ​ខ្ញុំ​បាន​ស្វែងរក « ព្រះវិហារ » នៅលើ​អនឡាញ ។ ខ្ញុំ​បាន​រកឃើញ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​ព្រះវិហារ​តែមួយ​ប៉ុណ្ណោះ​ដែល​បើក​ដល់​ម៉ោង ៩:០០ យប់ ។ ដោយ​គិត​ចង់​ប្រែចិត្ត​នៅ​ឯ​ព្រះវិហារ ខ្ញុំ​ក៏​សម្រេចចិត្ត​ដើរ​រយៈចម្ងាយ​មួយ​ម៉ោង ។

ពេល​ខ្ញុំ​មក​ដល់​ព្រះវិហារ​នៅ​ម៉ោង​ប្រហែល ៦:០០ ល្ងាច ខ្ញុំ​បាន​ឃើញ​ពន្លឺ​ភ្លើង ហើយ​ឮ​សំឡេង​សើច និង​ភ្លេង​ចេញ​ពី​ខាងក្នុង ។ ខ្ញុំ​បាន​ដើរ​រក​ជុំវិញ​អគារ ប៉ុន្តែ​រក​មិន​ឃើញ​ទ្វារ​ទេ ។ ខ្ញុំ​ឃើញ​ឪពុក​លេង​ជាមួយ​កូន​ប្រុស​ក្នុង​បន្ទប់​មួយ​ពី​តាម​បង្អួច ។ ខ្ញុំ​បានគោះ​បង្អួច​ដើម្បី​ឲ្យ​គាត់​ចាប់អារម្មណ៍ ។ គាត់​បាន​នាំ​ខ្ញុំ​ទៅ​មាត់​ទ្វារ ស្វាគមន៍​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា មាន​គេ​ម្នាក់​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ខ្ញុំ​បាន​ទៅ​តាម​គាត់ ហើយ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​មាន​បុរស​ម្នាក់​កំពុង​ប្រសិទ្ធ​ពរ​ដល់​ក្មេង​ប្រុស​ម្នាក់​ដែល​ទើបតែ​បាន​ជ្រមុជទឹក ។ កាលឈរ​ក្បែរ​មាត់ទ្វារ​ស្តាប់​ពី​ពរជ័យ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ក៏​កំពុង​ខ្សឹបប្រាប់​ព្រះពរ​ដល់​ខ្ញុំ​ដែរ ។ ដួង​ចិត្ត​របស់ខ្ញុំ​មាន​ភាពកក់ក្តៅ ដែល​ក្រោយ​មក​ខ្ញុំ​ដឹង​ថា ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​និយាយ​ថា ខ្ញុំ​ត្រូវ​បាន​លើកលែង​ទោស​ដែរ ។

បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក ខ្ញុំ​បាន​នៅ​ជួបជុំ​ជា​មួយ​អ្នកដទៃ ទៀត​ហើយ​បាន​ជួប​មនុស្ស​ល្អៗជា​ច្រើន ។ ខ្ញុំ​លែង​ឯកា​ទៀត​ហើយ ។ បុរស​ម្នាក់​ដែល​បាន​ណែនាំ​ខ្លួន​ថា​ជា « ប្រធាន​សាខា » ចាស់​នៅទីនោះ​បាន​ស្ម័គ្រចិត្ត​ជូន​ខ្ញុំ​ទៅ​ផ្ទះ ។ ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់ពី​រៀន​មេររៀន​ជាមួយ​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​ជ្រមុជទឹក ។

នៅ​ថ្ងៃ​បុណ្យជ្រមុជទឹក​របស់​ខ្ញុំ​ក្នុង​ឆ្នាំ ២០១៨ នៅ​ទីក្រុង ខេមប្រីហ្គ រដ្ឋ ម៉ាសាឈូសេត បងប្រុស​ម្នាក់​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង​បានរៀបចំ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​សុក្រ​នោះ ។ គាត់​បាន​ពន្យល់​ថា ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​ការជាន់​កាលវិភាគ នោះ​ពិធីបុណ្យ​ជ្រមុជទឹក​នេះ ត្រូវ​បាន​រៀបចំ​នៅ​យប់​ថ្ងៃ​សុក្រ​វិញ ។ បើ​គ្មាន​ការផ្លាស់ប្តូរ​នោះ​ទេ ខ្ញុំ​ប្រហែលជា​មិន​ដែល​ស្គាល់​សាសនាចក្រ ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់យើង និង​បងប្អូន​ប្រុសស្រី​របស់ខ្ញុំ​នៅក្នុង​ដំណឹងល្អ​ឡើយ ។