ឆ្នាំ ២០២៣
បន្ទាប់ពី​ការប៉ះទង្គិច​ផ្លូវចិត្ត ៖ ស្ថាបនា​ភាពធន់ និង​ទទួល​យក​ការព្យាបាល
ខែ កញ្ញា ឆ្នាំ ២០២៣


« បន្ទាប់ពី​ការប៉ះទង្គិច​ផ្លូវចិត្ត ៖ ស្ថាបនា​ភាពធន់ និង​ទទួល​យក​ការព្យាបាល » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

បន្ទាប់ពី​ការប៉ះទង្គិច​ផ្លូវចិត្ត ៖ ស្ថាបនា ភាពធន់ និង ទទួល​យក ការព្យាបាល

ការព្យាបាល​កើតឡើង​នៅពេល​យើង​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ហើយ​បង្កើត​ភាពជឿជាក់​លើ​ខ្លួន​ឯង​ខាងផ្លូវចិត្ត ។

រូបភាព
រូបភាព​ដើមឈើ​ស-ខ្មៅ​ដែល​មាន​រង្វង់​ពណ៌បៃតង​ដាក់​ពី​លើ

មនុស្ស​ភាគច្រើន​នឹង​ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​យ៉ាងហោច​ណាស់​ម្តង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ យើង​បាន​ឃើញ​ការណ៍នេះ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ និង​នៅក្នុង​វិជ្ជាជីវៈរបស់​យើង ។ តើ​អ្វី​ដែល​បណ្តាល​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត ? បទពិសោធន៍​ដ៏​លំបាកៗ​ដូចជា​គ្រោះ​ថ្នាក់​ឡាន​បុកគ្នា បាត់បង់​ការងារ សង្គ្រាម ការរំលោភ​បំពាន​លើ​រាងកាយ ការរំលោភ​ផ្លូវភេទ ការសម្លុត​ធ្ងន់ធ្ងរ ការបាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ និង​ជា​ច្រើនទៀត ។

ការប៉ះទង្គិច​ផ្លូវចិត្ត​គឺជា​ការឈឺចាប់ ហើយ​ពេលខ្លះ​វា​អាច​នឹង​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​មាន​ការធូរស្បើយ​បាន​ទេ ។ ប៉ុន្តែ វា​ជា​ការសំខាន់​ដើម្បី​ដឹង​ថា​ការឈឺចាប់​អាច​ធូរស្រាល ហើយ​អ្នក​នឹង​ទទួល​បាន​សេចក្តី​សុខសាន្ត​ម្តងទៀត ពេល​អ្នក​ពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​អ្នក គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​ឆ្លងកាត់​ការលំបាក ។ ទោះបីជា​ទ្រង់​មិន​បានតែងតាំង​ពីមុន បង្កើត ឬ​គាំទ្រ​បទពិសោធន៍​ទាំងនេះ​ក៏ដោយ ទ្រង់​អាច​ជួយបាន « គ្រប់​ការណ៍​ទាំង​អស់​…​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​[ យើង ] » បើ​យើង​ទុកចិត្ត​លើ​ទ្រង់ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:២៤ សូមមើល​ផងដែរ នីហ្វៃទី​២ ៣២:៩ ) ។

យើង​បាន​ឃើញ​ថា ការងាក​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ជា​ជំនួយ គឺ​មាន​សារៈសំខាន់​នៅក្នុង​ដំណើរការ​នៃ​ការព្យាបាល ។ សេចក្តី​សុខសាន្ត​របស់​ពួកគេ​ព្យាបាល​ខាងផ្លូវចិត្ត និង​ខាង​វិញ្ញាណ ។ យើង​ដឹង​ថា នៅក្នុង​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិតអាសូរ​របស់​ពួកគេ អ្នក​អាច​រកបាន​កម្លាំង​ដើម្បី​ព្យាបាល ។ យើង​ក៏​បាន​រកឃើញ​នូវ​បច្ចេកទេស​មួយ​ចំនួន​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ស្ថាបនា​កម្លាំង​ផ្ទាល់ខ្លួន​របស់អ្នក​ហើយ​ឈាន​ទៅរក​ការព្យាបាល​ផងដែរ ។

មនុស្ស​គ្រប់រូប​ឆ្លងកាត់​នូវ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវចិត្ត​ខុសៗ​គ្នា ។ ជាការពិត​ណាស់ អ្នក​ខ្លះ​អាច​ឆ្លងកាត់​នូវ​ព្រឹត្តិការណ៍​មួយ​ដែល​ជា​ការប៉ះទង្គិច​ផ្លូវចិត្ត ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ប្រហែលជា​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត ។ ដោយ​ហេតុផល​នេះ សូម​ចងចាំ​ថា​កុំ​ប្រៀបធៀប​បទពិសោធន៍​របស់អ្នក​ទៅនឹង​អ្នកដទៃ ឬ​ប្រើ​បទពិសោធន៍​របស់​អ្នក​ជា​បទដ្ឋាន​នៃ​បទពិសោធន៍​ឡើយ ។

ការឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​ផ្សេងៗ

សាម និង លូស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ដើរលេង​ជាមួយគ្នា ហើយ​អ្នក​បើកបរ​រថយន្ត​ដែល​ពួកគេ​ជិះ​នោះ​បាន​ដេកលក់ ហើយ​បានបត់​ចេញពី​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​រថយន្ត​របស់​ពួកគេ​ក្រឡាប់​ជា​ច្រើន​ជុំ ។ សាម មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ ហើយ​ដំបូង​ហាក់​ដូចជា​គិតថា ហេតុការណ៍​នេះ​មិនមែន​ជា​រឿង​ធំដុំ​ទេ ។ គាត់​បាន​នៅទីនោះ​ដើម្បី​លួងលោម លូស៊ី នៅពេល​នាង​ត្រូវ​រុំ​ដៃ​ដែល​បាក់​របស់​នាង ។

ជាច្រើន​សប្តាហ៍​ក្រោយមក នៅពេល​ដែល​មាន​ឱកាស​សម្រាប់ សាម ធ្វើដំណើរម្ត​ងទៀត គាត់​មាន​អារម្មណ៍​ភ័យ​ស្លន់ស្លោ ដោយ​គ្រាន់តែ​គិត​អំពី​រយៈពេល​ជាច្រើន​ម៉ោង​នៅលើ​ផ្លូវ ។

សាម បាន​ឆ្លងកាត់​បទពិសោធន៍​បាត់បង់​សតិអារម្មណ៍​ដោយសារតែ​បទពិសោធន៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត​នេះ ។ សាម មាន​ការស្ទាក់ស្ទើរ​ក្នុង​ការនិយាយ​អំពី​រឿង​នេះ​ជាមួយ​នរណា​ម្នាក់ ។ ប៉ុន្តែ​នៅ​ពេល​គាត់​និយាយ​ជាមួយ លូស៊ី គាត់​បាន​ដឹង​ថា នាង​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពី​មុនមក ហើយ​យល់​ថា​គាត់​មាន​អារម្មណ៍​យ៉ាងណា ។ ពួកគេ​បាន​ពិភាក្សា​អំពី​អ្វី​ដែល​លូស៊ី បានរៀន​ពី​បទពិសោធន៍​ពីមុន​របស់​នាង នៅពេល​នាង​អនុវត្ត​សេចក្តី​ជំនឿ​របស់នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ អធិស្ឋាន​ទូល​សុំ​ការណែនាំ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការប្រឹក្សា​នៅពេល​នាង​មាន​ការលំបាក ។

រូបភាព
រូបភាព​ដើមឈើ​ពណ៌​ស-ខ្មៅ​ដែល​មាន​រង្វង់​ពណ៌បៃតង​ដាក់​ពី​លើ

ក្តីសង្ឃឹម និង​ការព្យាបាល​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

មិន​ថា​ការប៉ះទង្គិច​ផ្លូវចិត្ត​របស់​យើង​យ៉ាង​ណា​ទេ ការព្យាបាល​អាច​កើតឡើង​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ដង្វាយ​ធួន​ជានិរន្តរ៍​របស់​ព្រះអង្គ​សង្គ្រោះ និងព្រះទ័យ​អាណិតអាសូរ និង​សេចក្តី​មេត្តាករុណា​របស់ទ្រង់ ទ្រង់​អាច​ព្យាបាល​របួស​ទាំងអស់​ដែល​បាន​ជួបប្រទះ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ មិន​ថា​ការប្រោស​នោះ​មក​ក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​នោះ​ទេ ។ ជួនកាល វា​ត្រូវការ​ពេល​យូរ​ជាង​អ្វី​ដែល​យើង​រំពឹងទុក ឬ​ចង់​បាន​សម្រាប់​យើង—ទោះជា​មាន​ការគាំទ្រ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក៏ដោយ ។ ប៉ុន្តែ​ទ្រង់​ក៏​អាច​ព្យាបាល​យើង​ផងដែរ ( សូមមើល នីហ្វៃទី​៣ ១៧:៧ ) ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖​ពន្លឺ​របស់​ព្រះ​គឺ​មាន​ពិតមែន ។ ពន្លឺ​នេះ​មាន​សម្រាប់​យើង​ទាំងអស់​គ្នា ! វា​ផ្ដល់​ជីវិត​ដល់​វត្ថុសព្វសារពើ ។ វា​មាន​អំណាច​ដើម្បី​បង្អន់ទ្រនិច​ឈឺ​ចុកចាប់​នៃ​ដំបៅ​ដ៏​ជ្រៅ ។

គ្មាន​នរណា​ម្នាក់​យល់​ពី​ការរងទុក្ខ​របស់​យើង​ខ្លាំង​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ ព្រះអម្ចាស់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ ដោយ​ហេតុ​នោះ ទើប​ទ្រង់​យល់​គ្រប់​ទាំង​អស់ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​បាន​ទៅ​ជា​ពន្លឺ​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦ ) ។ ស៊ីស្ទើរ អេមី អេ រ៉ាយ ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​បង្រៀន​ថា ៖

« យើង​ទាំងអស់​គ្នា​មាន​អ្វី​មួយ​នៅក្នុង​ជីវិត​យើង​ដែលប្រេះឆា ដែល​ចាំបាច់​ត្រូវប៉ះប៉ូវ ជួសជុល ឬ​ប្រោស​ឲ្យ​ជា ។ នៅពេល​យើង​បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ពេល​យើង​សម្រប​ដួងចិត្ត និង​គំនិត​យើង​ជា​មួយ​ទ្រង់ ពេល​យើង​ប្រែចិត្ត នោះ​ទ្រង់​នឹង​យាង​មក​កាន់​យើង ‹ ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ » [ នីហ្វៃទី​២ ២៥:១៣ ] ឱបក្រសោប​យើង​ដោយ​ក្ដីស្រឡាញ់ ហើយ​មាន​បន្ទូល​ថា ‹ មិន​អី​ទេ ។ … យើងអាច​ជួសជុល​វា​ជាមួយគ្នា ! ›

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពុំ​មាន​អ្វីដែល​ប្រេះឆា​នៅក្នុង​ជីវិត​របស់​បងប្អូន​ខ្លាំង​ហួស​ពី​ព្រះចេស្ដា​នៃ​ការព្យាបាល ការប្រោសលោះ និង​ការជួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ » ។

គំរូ​ពី​ការព្យាបាល និង​របៀប​ដើម្បី​ព្យាបាល​មាន​នៅ​ក្នុង​ព្រះគម្ពីរ—និង​ក្នុង​ជីវិត​របស់​គ្រួសារ មិត្តភក្តិ និង​បុព្វការីជន​របស់​យើង ។ តើ​អ្នក​តែងតាំង​ពីមុន​របស់​អ្នក​មាន​ភាពធន់​ដោយ​របៀប​ណា ?

អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​យើង

នៅ​ពេល ជូលីអូ មាន​អាយុ ១៣ ឆ្នាំ ពូ​របស់គាត់​បាន​រំលោភបំពាន​លើ​ផ្លូវភេទ​គាត់ ។ យូរៗ ទៅ​គាត់​ចាប់ផ្តើម​ដកខ្លួន​ចេញពី​គ្រួសារ​របស់គាត់ ហើយ​នៅ​ដាច់​ដោយឡែក​ពី​គេ ។ ពេលខ្លះ​គាត់​បាន​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ប៉ុន្តែ​ម្តងម្កាល​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​ជា​ខ្លាំង ។ គាត់​តែងតែ​អាច​គ្រប់គ្រង​ជីវិត​បាន​ជានិច្ច —​សូម្បីតែ​មាន​អារម្មណ៍​ថា មាន​សុភមង្គល​ជាខ្លាំង ដូចជា​នៅពេល​កូន​ប្រុស​គាត់​កើត​មក​ក្តី ។ គាត់​ក៏​មាន​អារម្មណ៍​ខូច​ចិត្ត ។ ឥឡូវនេះ​កូនប្រុស​របស់គាត់​កំពុង​ឈាន​ចូល​វ័យ​ដូចគ្នា នៅពេល​ដែល ជូលីអូ ទទួល​រង​ការរំលោភ​បំពាន ហើយ​នៅពេល ជូលីអូ សញ្ជឹងគិត​អំពី​បទពិសោធន៍​ដ៏​មាន​សក្តានុពល​របស់​កូន​គាត់ គាត់​កំពុង​ប្រយុទ្ធ​ជាមួយនឹង​គំនិត និង​អារម្មណ៍​អំពី​តម្លៃ​ខ្លួនឯង និង​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​គាត់ ។

ខណៈ​ដែល​ការប៉ះទង្គិច​ផ្លូវ​ចិត្ត គឺជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​រមែង​ស្លាប់​របស់​យើង វា​មិនមែន​ជា​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​ទេ ។ អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​គឺជា​បុត្រ​របស់​ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

តើ​ក្មួយៗ​ជា​នរណា ?

ដំបូង ហើយ​សំខាន់​បំផុត ក្មួយៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។

« ទីពីរ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ក្មួយៗ​គឺ​ជា​បុត្រ​នៃ​សេចក្ដីសញ្ញា ។ និង​ទីបី ក្មួយៗ​គឺ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

លើសពីនេះ ការប៉ះទង្គិច​ផ្លូវ​ចិត្ត​មិនមែន​ជា​ការឆ្លុះ​បញ្ចាំង​ពី​តម្លៃ ឬ​ភាពស័ក្តិសម​របស់​យើង​ឡើយ ។ ស៊ីស្ទើរ ចយ ឌី ចូនស៍ អតីត​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​​បាន​បញ្ជាក់​ពី​គំនិត​ទាំងពីរ​នេះ នៅពេល​គាត់​បានបង្រៀន​ថា ៖

« តម្លៃ ខាង​វិញ្ញាណ​មាន​ន័យ​ថា តម្លៃ​ខ្លួន​យើង តាម​របៀប​ដែល​ព្រះវរបិតាសួគ៌​ឲ្យ​តម្លៃ​យើង ពុំ​មែន​លោកិយ​ឲ្យ​តម្លៃ​យើង​ទេ ។ …

« … ភាពស័ក្ដិសម គឺ​ទទួល​បាន​តាមរយៈ​ការគោរព​ប្រតិបត្តិ ។ ប្រសិន​បើ​យើង​មាន​អំពើបាប យើង​ពុំ​សូវ​ស័ក្ដិសម ប៉ុន្តែ​យើង​ពុំ​មែន​គ្មាន​តម្លៃ​នោះ​ទេ » ។

ការរំលោភ​បំពាន​ដែល ជូលីអូ ស៊ូទ្រាំ​នៅក្នុង​កណ្តាប់​ដៃ​ពូ​របស់​គាត់​មិន​បាន​ផ្លាស់ប្តូរ​តម្លៃ និង​ភាពស័ក្តិសម​របស់ ជូលីអូ ទេ ។ គាត់​គ្មាន​បាប​ទេ ប៉ុន្តែ​គាត់​បាន​ប្រឆាំង​នឹង​អំពើ​បាប ។ ពេលខ្លះ វា​អាច​ពិបាក​ក្នុងការ​ចងចាំ​ពី​តម្លៃ និង​ភាពស័ក្តិសម​របស់​អ្នក នៅពេល​គេ​រំលោភបំពាន​លើ​អ្នក ។ សូម​ចាំ​ថា អ្នក​គ្មាន​បាប​ទេ តម្លៃ​របស់​អ្នក​មិន​ដែល​ធ្លាក់​ចុះ​ទេ ហើយ​អ្នក​មាន​ភាពស័ក្ដិសម​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ ។

នៅពេល ជូលីអូ ចាប់ផ្តើម​ទុកចិត្ត​លើ​ព្រះអម្ចាស់ ទ្រង់​បាន​ជួយ ជូលីអូ ឲ្យ​ដឹង​ថា បទពិសោធន៍​ជីវិត​រមែង​ស្លាប់​មិន​ផ្លាស់ប្តូរ​សេចក្តី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​យើង​នោះទេ ។ ឥឡូវនេះ​គាត់​កំពុង​រៀន​ដើម្បី​មើល​ពី​របៀប​ដែល​ថា ទោះបីជា​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​បានកើតឡើង​ក៏ដោយ ពួកគេ​មិន​បាន​ផ្លាស់ប្តូរ​មូលដ្ឋាន​តម្លៃ អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ភាព​ស័ក្តិសម​របស់​គាត់​ឡើយ ។

ការ​ពឹងផ្អែល​លើ​ខ្លួន​ឯង​ខាង​អារម្មណ៍

ការអភិវឌ្ឍ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​ផ្លូវអារម្មណ៍​នឹង​ជួយ​អ្នក​ឲ្យ​ប្រើ​ធនធាន​ផ្ទាល់ខ្លួន​រឹងមាំ​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ និង​ផ្លូវ​អារម្មណ៍​ពិបាកៗ ។ អ្នក​អាច​អភិវឌ្ឍ​ភាពធន់ សមត្ថភាព​ក្នុងការ​សម្រប និង​គ្រប់គ្រង​ការសាកល្បង រួមទាំង​—​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​ផងដែរ ។

ភាពធន់​ទាក់ទង​នឹង​ការស្វែងរក​ការគាំទ្រ និង​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ការបម្រើ​អ្នកដទៃ ទទួល​ការបម្រើ​ពី​អ្នក​ដទៃ​តាម​តម្រូវការ និង​សមរម្យ ។

សកម្មភាព​ខាងក្រោម​ដែល​បានណែនាំ​ដោយ​អ្នកប្រឹក្សា​ជំនាញ​នេះ​នឹង​ជួយ​អ្នក​អភិវឌ្ឍ​ភាពធន់ ៖

  1. ការស្ថាបនា​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ

  2. ការអភិវឌ្ឈន៍​សុខភាព​រាងកាយ

  3. ស្វែងរក​គោលបំណង​ក្នុង​ជីវិត

  4. បណ្ដុះ​គំនិត​ល្អៗ

  5. ស្វែងរក​ជំនួយ​នៅពេល​ដែល​អ្នកត្រូវការ​វា

រូបភាព
រូបភាព​ស-ខ្មៅ​របស់​ស្រ្តី​ពីរ​នាក់​ដែល​មាន​រាង​ចតុកោណកែង​ពណ៌បៃតង​នៅពីលើ

១. ភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ

ទំនាក់ទំនង​ដែល​រឹងមាំ ជា​រឿយៗ​ជំរុញ​ឲ្យ​មាន​ការព្យាបាល ។ ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំងឡាយ​ណា​ដែល​ពង្រឹង​អ្នក និង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​យើង អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដែល​អ្នក​ត្រូវការ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាំងស្រុង ។

សាម បាន​ជួយ​ដល់ លូស៊ី ដោយ​ការចែកចាយ​ការភ័យខ្លាច និង​ភាព​មិន​ស្រណុកចិត្ត​របស់​គាត់ ។ ទំនាក់​ទំនង​នេះ​បាន​ជួយ​គាត់​ឲ្យ​កាន់តែ​យល់ដឹង​និង​មាន​ភាពធន់ ។ នាង​បាន​ជួយ​គាត់​ឲ្យ​រកឃើញ​ពី​របៀប​ដែល​គាត់​អាច​ព្យាបាល​ខាងផ្លូវ​អារម្មណ៍ និង​ខាងវិញ្ញាណ ។

សូម​ពិចារណា​ដាក់​គោលដៅ​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​អ្នកដទៃ​ដែល​អ្នក​ទុកចិត្ត ។ ការងារបម្រើ​គឺជា​របៀប​មួយ​ដែល​យើង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​នៅក្នុង​សាសនាចក្រ ។

២. ថែរក្សា​សុខភាព​រាងកាយ

ការប៉ះទង្គិច​ផ្លូវចិត្ត​មិន​ត្រឹមតែ​ខាង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លូវ​កាយ​ផងដែរ ។ យើង​អាច​ដកពិសោធន៍​នឹង​ការហត់នឿយ​កាន់តែ​ខ្លាំង បេះដូង​លោត​ញាប់ ឈឺក្បាល ឬ​បញ្ហា​ឈឺ​ក្រពះ ឬ​មាន​អារម្មណ៍​រមួល ។ រោគ​សញ្ញា​ផ្នែក​រាងកាយ​ទាំងនេះ​មាន​នៅ​ទីនោះ ដើម្បី​ប្រាប់​យើង​ថា​មាន​អ្វី​ខុស​ប្រក្រតី ហើយ​យើង​ត្រូវការ​​ពិនិត្យសុខភាព​របស់​យើង ។ ដូច​ដែល​យើង​អាច​ធ្វើ​អ្វីៗ​ដើម្បី​ថែទាំ​សុខភាព​ផ្លូវ​អារម្មណ៍​របស់យើង​បាន​ប្រសើរ​ជាងមុន យើង​ក៏​អាច​ពិចារណា​ពី​របៀប​ថែរក្សា​ខ្លួន​យើង​ផងដែរ​បន្ទាប់ពី​មាន​ការប៉ះទង្គិច​ផ្លូវ​ចិត្ត ។

ជាដំបូង ស្គាល់​ពី​រោគសញ្ញា​ផ្នែក​រាងកាយ​ដែល​អ្នក​កំពុង​ជួបប្រទះ ។ បន្ទាប់មក​ព្យាយាម​រំងាប់​រាងកាយ​របស់​អ្នក ដោយ​ផ្តោតលើ​ដង្ហើម​របស់​អ្នក និង​ដក​ដង្ហើម​មួយៗ ។ ព្យាយាម​ស្គាល់​ពី​អារម្មណ៍​របស់​អ្នក​នៅពេល​ដង្ហើម​អ្នក​ដកលឿន​និង​ញ័រ​ប្រៀបធៀប​នឹង​ពេល​ដែល​ដង្ហើម​អ្នក​ដក​មួយៗ​និង​យឺត ។

ជួនកាល​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​អាច​បណ្តាល​ឲ្យ​មាន​របួស​ដែល​ដាក់​ដែន​កំណត់​យើង អ៊ីចឹង​ហើយ សូម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​សម្រាប់​រាងកាយ​របស់​អ្នក ។ ប៉ុន្តែ​ការធ្វើ​ចលនា ជាពិសេស​លំហាត់​ប្រាណ​គឺ​មាន​ប្រយោជន៍ ។ អ្នក​ខ្លះ​ចូលចិត្ត​ចេញ​ដើរ​ទៅ​ខាងក្រៅ ឬ​រត់ ខណៈ​អ្នក​ខ្លះ​ទៀត​អាច​ឃើញ​ថា ការខិតខំ​ធ្វើ​គម្រោង​អ្វី​មួយ​ឲ្យ​កាន់តែ​ខ្លាំង​អាច​ជួយ​បាន ។

សូម​ចងចាំ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ ) ។ ការព្យាយាម​បិទបាំង​ការឈឺចាប់​ដោយ​ប្រើ​អាកប្បកិរិយា ឬ​សារធាតុ​ដែល​មិន​មាន​ប្រយោជន៍​គឺ​ហាក់​ដូចជា​« ការយក​បង់រំរបួស​មក​បិទ​របួស​ដែល​មុតជ្រៅ » ។ ជួយ​រាងកាយ​របស់អ្នក​គ្រប់គ្រង​ភាពតានតឹង និង​ការឈឺចាប់ ជាជាង​បិទបាំង​វា ។

៣. ការស្វែងរក​គោលបំណង និង​អត្ថន័យ

គោលបំណង​ចម្បង​របស់យើង​ក្នុង​ជីវិត​គឺ​ដើម្បី​រៀបចំខ្លួន​ត្រឡប់​ទៅ​រស់នៅ​ជាមួយនឹង​ព្រះបិតាសួគ៌​របស់​យើង ( សូមមើល អាលម៉ា ១២:២៤ ) ។ ការប៉ះទង្គិច​ផ្លូវ​ចិត្ត​អាច​បិទបាំង​គោលបំណង​នេះ និង​រារាំង​យើង​ពី​ការមើលឃើញ​សក្តានុពល​របស់​យើង ។ ការស្វែងរក​គោលបំណង​ជាក់លាក់​មួយ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​អាច​ជួយ​យើង​ឆ្ពោះ​ទៅមុខ ហើយ​ថែម​ទាំង​ចងចាំ​គោលបំណង​សំខាន់​របស់​យើង​ក្នុង​ជីវិត​ទៀត​ផង ។ ជូលីអូ ចាប់ផ្តើម​ឆ្ពោះ​ទៅមុខ ហើយ​ស្វែងរក​គោលបំណង​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់គាត់ នៅពេល​ដែល​គាត់​ដឹង​ថា គាត់​ចង់​ជួយ​កូន​របស់​គាត់ ។

ការស្វែង​រក​អត្ថន័យ​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​អាច​ជួយ​យើង​ឲ្យ​មើលឃើញ​ផ្លូវ​ឆ្ពោះ​ទៅមុខ ដោយ​ការដឹង​ថា បទពិសោធន៍​របស់យើង​ផ្តល់​ឱកាស​ឲ្យ​យើង​រីកចម្រើន និង​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ។ ឧទាហរណ៍ វា​ងាយ​ស្រួល​ជាង​ក្នុងការ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ភាពសោកសៅ​របស់អ្នក​ដទៃ នៅពេល​ដែល​យើង​ឆ្លងកាត់​បទពិសោធន៍​ដ៏​លំបាក​ដោយ​ខ្លួនយើង ។

ការស្រាវជ្រាវ​បាន​រកឃើញ​ថា បន្ទាប់ពី​ការប៉ះទង្គិច​ផ្លូវចិត្ត មនុស្ស​តែងតែ​ជួបប្រទះ​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា « ការរីកចម្រើន​ក្រោយពី​ការប៉ះទង្គិច​ផ្លូវចិត្ត » ។ ការរីកចម្រើន​ក្រោយពី​ការប៉ះទង្គិច​ផ្លូវចិត្ត​ត្រូវបាន​បង្ហាញ​ដោយ​បុគ្គល​ម្នាក់​ដែលស្វែងរក​កម្លាំង​បន្ទាប់ពី​ឆ្លងកាត់​ការប៉ះទង្គិច​ផ្លូវ​ចិត្ត ដូចជា​កែលម្អ​ទំនាក់ទំនង កាន់តែ​មាន​អំណរគុណ​ចំពោះ​ជីវិត ឬ​មាន​គុណភាព​ជីវិត​ជាក់លាក់ ឬ​បង្កើន​ការយល់ដឹង​ពី​លទ្ធភាព​នៃ​ជីវិត ។ បន្ទាប់ពី​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​នៃ​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​រួចហើយ សូម​ស្គាល់​ពី​របៀប​ដែល​អ្នក​បាន​រីកចម្រើន ឬ​អាច​រីកចម្រើន​ដោយសារ​តែ​បទពិសោធន៍​នេះ ជាជាង​ផ្តោតលើ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ដោយ​ផ្ទាល់ ។

៤. បណ្តុះ​គំនិត​ល្អៗ

ការឆ្លងកាត់​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​អាច​ប៉ះពាល់​ដល់​របៀប​ដែល​យើង​គិត​អំពី​ខ្លួន​យើង និង​ពិភពលោក​ជុំវិញ​យើង ។ បន្ទាប់ពី​ឆ្លងកាត់​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​រួច​ហើយ យើង​ប្រហែល​ជា​មាន​គំនិត​អវិជ្ជមាន ។ គំនិត​ដូចជា « ខ្ញុំ​ទន់ខ្សោយ » « ព្រះវរបិតាសួគ៌​មិន​ស្រឡាញ់​ខ្ញុំ » និង « ខ្ញុំ​មិន​ស័ក្តិសម​ទេ » កាត់បន្ថយ​សមត្ថភាព​របស់​យើង​ក្នុង​ការអត់ធ្មត់ ។ គំនិត​ទាំងនេះ​ជាញឹកញាប់​នឹង​ជះ​ឥទ្ធិពល​លើ​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ ( សូមមើល សុភាសិត ២៣:៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ) ។

បន្ទាប់ពី​អ្នក​រកឃើញ​គំនិត​អវិជ្ជមាន​របស់​អ្នក​ហើយ សូម​ពិចារណា​ពី​គំនិត​ដែល​យកមក​ផ្លាស់ប្តូរ រឹងមាំ និង​ប្រាកដនិយម​មួយ​ចំនួន ហើយ​សរសេរ​វា​ទុក ។ សូម​រំឭក​ខ្លួន​អ្នក​អំពី​គំនិត​ល្អៗ​ទាំងនេះ នៅពេល​ដឹង​ពី​គំនិត​អវិជ្ជមាន​នៅក្នុង​ចិត្ត​របស់អ្នក ។

ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ សូមមើល​ជំពូក ទី ២ នៃ ការរកឃើញ​កម្លាំង​នៅក្នុង​ព្រះអម្ចាស់ ៖ ភាពធន់​ខាង​សតិអារម្មណ៍ ៖ ភាពធន់​ខាង​សតិអារម្មណ៍ ( ឆ្នាំ ២០២១ ) ។

អ្នក​ក៏​អាច​ងាក​ទៅ​រក​ការ​អធិស្ឋាន សរសេរ​កំណត់ហេតុ សញ្ជឹងគិត​ពី​ព្រះគម្ពីរ ឬ​សុន្ទរកថា​នៅក្នុង​សន្និសីទ​ទូទៅ ( សូមមើល យ៉ូស្វេ ១:៨ ) ​ឬ​ការសញ្ជឹងគិត​ផ្សេងៗ​ទៀត ។

៥. ស្វែងរក​ជំនួយ

ពេលខ្លះ វា​ជា​ការសមរម្យ​ក្នុងការ​ពិចារណា​រក​ជំនួយ​លើស​ពី​ធនធាន​ផ្ទាល់ខ្លួន​របស់​អ្នក ។ លូស៊ី បាន​ស្វែងរក​ជំនួយ ដែល​អនុញ្ញាត​ឲ្យ​នាង​ជួយ​ដល់​សាម ។ សូម​ពិចារណា​អំពីមនុស្ស—ដូចជា​សមាជិក​គ្រួសារ មិត្តភកក្តិ និង​ថ្នាក់​ដឹកនាំ​វួដ—ដែល​អាច​នឹង​មាន​ប្រយោជន៍ ។ ការជាសះស្បើយ​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​គឺជា​ពេលវេលា​មួយ​ដែល​អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ធនធាន​ដែល​មាន​សក្តានុពល​ទាំងអស់​ក្នុង​ជីវិត​របស់អ្នក ។

ក្បួនខ្នាត​ទូទៅ ផ្តល់​ការណែនាំ​អំពី​ពេល​ដែល​វា​សមស្រប​ក្នុងការ​ស្វែងរក​ការគាំទ្រ​ពី​អ្នកប្រឹក្សា​ជំនាញ ។

វា​ពិបាក​ណាស់​ដែល​មិន​ផ្តោតលើ​ព្រឹត្តិការណ៍​ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​នោះ​ប៉ុន្តែ​នៅពេល​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ដើម្បី​ផ្ដោត​អារម្មណ៍​របស់​យើង​ទៅលើ​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ « ភាព​សង្ស័យ និង​ការភ័យ​ខ្លាច​របស់​យើង​នឹង​រលត់​បាត់អស់ » ។ សូម​ចាំ​ថា អ្នក​គឺជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ នៅពេល​អ្នក​ផ្ដោតលើ​ការខិត​ចូល​ទៅជិត​ទ្រង់ ហើយ​ប្រើ​ធនធាន​ដ៏​មាន​ប្រយោជន៍​ដែល​មាន​សម្រាប់​អ្នក នោះ​ព្រះអម្ចាស់​អាច​ជួយ​រាល់​ការឆ្លងកាត់​ការប៉ះទង្គិច​ណាមួយ​ឲ្យ​ទៅ​ជា​ប្រយោជន៍​ដល់​អ្នក​វិញ ។

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « The Hope of God’s Light » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៥ ។

  2. អេមមី អេ រ៉ាយ « ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨២, ៨៤ ។

  3. ស្វែងរក​ឆាគែល វួដលេក ហ៊ីប៊ឺត « Recognizing and Healing from Generational Trauma » ( អត្ថបទ​ដែល​មាន​តែជា​ឌីជីថល​ប៉ុណ្ណោះ ) Liahona ខែ មករា ឆ្នាំ ២០២៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  4. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  5. ចយ ឌី ចូនស៍ « Value beyond Measure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤ ។

  6. សូមមើល « Building Your Resilience » American Psychological Association ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅលើ​គេហទំព័រ apa.org ។

  7. « Building Your Resilience » នៅលើ​គេហទំព័រ apa.org ។

  8. សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៣១.៣.៦ នៅលើ​គេហទំព័រ ChurchofJesusChrist.org សូមមើល​ផងដែរ ជឺសធីន ខេ ម៉ាក់ហ្វីធឺស៍ និង​រីប៊ិកា អិម ថៃលឺ « Is Therapy Right for Me? » ( អត្ថបទ​ដែល​មាន​តែជា​ឌីជីថល​ប៉ុណ្ណោះ ) Ensign ខែ កុម្ភៈ ឆ្នាំ ២០២០ នៅលើ​គេហទំព័រ ChurchofJesusChrist.org ខេវីន ធីរីអូត « Finding a Mental Health Professional Who’s Right for You » ( អត្ថបទ​ដែល​មាន​តែជា​ឌីជីថល​ប៉ុណ្ណោះ ) Liahona ខែ មករា ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  9. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ ។