ឆ្នាំ ២០២៣
បាន​ឈ្មោះ​អ្នក​រៀន​ថ្មី​នៅក្នុង​ពន្ធនាគារ
ខែ កញ្ញា ឆ្នាំ ២០២៣


« បាន​ឈ្មោះ​អ្នក​រៀន​ថ្មី​នៅក្នុង​ពន្ធនាគារ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

បាន​ឈ្មោះ​អ្នក​រៀន​ថ្មី​នៅក្នុង​ពន្ធនាគារ

ស៊ីស្ទើរ ឡាណូស មិន​ដែល​ភ្លេច​ពី​គោលបំណង​របស់​នាង​ក្នុងនាម​ជា​អ្នក​តំណាង​នៃ​ព្រះយេស៊ូវ​គ្រីស្ទឡើយ ដោយ​បង្រៀន​មិត្ត​រួម​បន្ទប់​របស់​គាត់​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ និង​របៀប​អធិស្ឋាន​នៅក្នុង​ពន្ធនាគារ ។

រូបភាព
ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា​ជាមួយ​ប្រធាន​បេសកកម្ម និង​ភរិយា​របស់​គាត់

ថតរូប​ដោយ អាមីលៀ លីយ៉ុង

ស៊ីស្ទើរ អាគីតហ្សាលី ឡាណូស គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​គំរូ​ម្នាក់​ដែល​មាន​ទីបន្ទាល់​ដ៏​រឹងមាំ ។ ដើមឡើយ​នាង​ត្រូវ​បានចាត់តាំង​ឲ្យ​បម្រើ​នៅ​បេសកកម្ម​កូស្ដា រីកា​សាន ហូសេ ខាង​កើត ប៉ុន្តែ​នាង​បានបម្រើ​ជាមួយ ជេនីន ជា​ភរិយា​ខ្ញុំ និង​ខ្ញុំ​នៅក្នុង​បេសកកម្ម អាហ្គូកាកាលីញេស ម៉ិកស៊ិក អស់​រយៈពេល​មួយឆ្នាំ មុនពេល​នាង​ទទួល​បាន​ទិដ្ឋាការ​ទៅ​កូស្តា រីកា ។

នៅ​ខែ​មេសា ឆ្នាំ ២០២២ យើង​បាន​លើកដៃ​លា នៅពេល​ស៊ីស្ទើរ ឡាណូស បាន​ឡើង​យន្តហោះ​ទៅ​ទីក្រុង​ម៉ិកស៊ីកូ ជា​កន្លែង​ដែល​នាង​នឹង​បន្ត​ជើង​ហោះហើរ​ទៅកាន់​កូស្តា រីកា ។ មិនដល់ ២៤ ម៉ោង​ផង បន្ទាប់ពី​យើង​បាន​និយាយ​លា​នាង ប៉ូលីស​នៅ​ទីក្រុង​ម៉ិកស៊ីកូ​បាន​ទូរសព្ទ​មក​យើង ។

ពួកគេ​បាន​និយាយ​ថា « យើង​បានចាប់​ខ្លួន អាគីតហ្សាលី ឡាណូស នៅ​អាកាស​យានដ្ឋាន​ដោយសារ​មាន​កាន់​កាប់​គ្រាប់​កាំភ្លើង​សម្រាប់​ប្រើ​នៅ​យោធា » ។ « នេះ​ជា​បទ​ឧក្រិដ្ឋ​របស់​សហព័ន្ធ ហើយ​នាង​នឹង​ត្រូវ​កាត់​ទោស » ។

ភ្លាមៗ​នោះ ខ្ញុំ​បាន​ទាក់ទង​ទៅ​ការិយាល័យ​ច្បាប់​ប្រចាំ​តំបន់​របស់​សាសនាចក្រ ហើយ​ពួកគេ​បាន​ជួល​មេធាវី​ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​ស៊ីស្ទើរ ឡាណូស ។ មេធាវី​រូប​នេះ​ពុំមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នោះទេ ។ គាត់​បានប្ដេជ្ញា​ចិត្ត​ជួយ​យើង ប៉ុន្តែ​បាន​បង្ហាញ​ពី​ទុទ្ទិដ្ឋិនិយម ។ គាត់​បាន​ពន្យល់​ថា ជន​ស៊ីវិល​មាន​ផ្ទុក​គ្រាប់​កាំភ្លើង​គឺជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដោយ​មិន​គិត​ពី​ចេតនា​របស់​បុគ្គល​នោះ​ទេ ។

ក្រោយ​មក ស៊ីស្ទើរ ឡាណូស បាន​ប្រាប់​យើង​ថា នាង​បាន​រើស​គ្រាប់​កាំភ្លើង​នៅ​តាមផ្លូវ​នៅ​តំបន់​ចុងក្រោយ​របស់​នាង ។ នាង​គិតថា គ្រាប់កាំភ្លើង​នោះ​គឺជា​អនុស្សាវរីយ៍​របស់​នាង ។ យ៉ាងណាមិញ គ្រាប់​កាំភ្លើង​នោះ មាន​រូបរាង​ស្រដៀង​នឹង​បណ្ដោង​សោ​អនុស្សាវរីយ៍ ដែល​ដាក់​លក់​នៅ​ខាងក្រៅ​អណ្តូងរ៉ែ​ប្រាក់​ចាស់​មួយ ក្នុង​តំបន់​ចាស់​របស់​នាង ។ ទោះយ៉ាង​ណា​ក៏ដោយ អ្នក​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​បាន​ចាត់​ទុក​នាង​ដូច​ជា​ភេរវករ ។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ស៊ីស្ទើរ ឡាណូស បានប្តូរ​ពី​ពន្ធនាគារ​នៅ​អាកាសយានដ្ឋាន​ទៅកាន់​ពន្ធនាគារ​កម្រិតធ្ងន់ ដែល​ជា​កន្លែង​ដាក់​ឧក្រិដ្ឋជន​ស្ត្រី​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ។

ការអធិស្ឋាន​ដោយសេចក្តីជំនឿ

ការអធិស្ឋាន​ដើម្បី​ឲ្យ​ស៊ីស្ទើរ ឡាណូស បាន​រួចខ្លួន​ក្នុងពេល​ឆាប់ៗ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ភ្លាមៗ ។ ជេនីន និង​ខ្ញុំ​បាន​អញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចំនួន ១១៥ នាក់​ដែល​កំពុង​បម្រើ​ក្នុង​បេសកកម្ម​របស់​យើង​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​ថា​យើង​អាច​ឃើញ​អព្ភូតហេតុ​មួយ ប្រសិនបើ​វា​ជា​បំណង​ប្រាថ្នា​របស់​ព្រះអម្ចាស់។ ខ្ញុំ​បាន​ទាក់ទង​ប្រធាន​បេសកកម្ម​នៅ​ទីក្រុង​ម៉ិកស៊ីកូ បេសកកម្ម​កូស្តា រីកាសាន ហូសេ ខាង​កើត និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ្នកផ្សព្វផ្សាយ​សាសនា​ម៉ិកស៊ីកូ ហើយ​ពួកគេ​បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយសាសនា​របស់ពួកគេ​ឲ្យ​ចូលរួម​អធិស្ឋាន​ជាមួយ​យើង​ ។

រូបភាព
ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា

នៅក្នុង​កំផែង​ពន្ធនាគារ ស៊ីស្ទើរ អាគីតហ្សាលី ឡាណូស មិន​ដែល​ភ្លេច​ពី​គោលបំណង​របស់​នាង​ក្នុងនាម​ជា​អ្នក​តំណាង​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

នៅក្នុង​កំផែង​ពន្ធនាគារ ស៊ីស្ទើរ ឡាណូស មិន​ដែល​ភ្លេច​ពី​គោលបំណង​របស់​នាង​ក្នុងនាម​ជា​អ្នក​តំណាង​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ នាង​បាន​បង្រៀន​មិត្ត​រួមបន្ទប់​ទាំង​ប្រាំបួន​នាក់​របស់​នាង​ឲ្យ​អធិស្ឋាន​ដោយ​ការអធិស្ឋាន​ពេល​ព្រឹក និង​ពេល​ល្ងាច​ជា​ក្រុម​ជា​រៀងរាល់ថ្ងៃ ។ នាង​ក៏​បាន​បង្រៀន​ពួកគេ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ​ផងដែរ ។

មិត្ត​រួមបន្ទប់​របស់​នាង​ម្នាក់​បាន​ប្រកាស​ថា « ខ្ញុំ​ជា​មនុស្ស​អាក្រក់​ណាស់ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដែល​មក​ដល់​ទីនេះ ហើយ​ព្រះ​ស្អប់​ខ្ញុំ​ហើយ » ។ ស៊ីស្ទើរ ឡាណូស សម្លឹង​មើល​កែវភ្នែក​របស់​នាង ហើយ​និយាយ​ថា « អត់​ទេ ។ បង​មិនមែន​ជា​មនុស្ស​អាក្រក់ទេ ។ បង​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​មួយ​ខុស ។ ប៉ុន្តែ​បង​ជា​បុត្រី​របស់​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​បង ! »

មិត្ត​រួមបន្ទប់​ម្នាក់​ទៀត​បាន​រៀបរាប់​ពី​សុបិន​ដែល​នាង​មាន​ពីរ​បី​សប្តាហ៍​ពីមុន​ពេល​ស៊ីស្ទើរ ឡាណូស ត្រូវ​បានចាប់​ខ្លួន ។ មិត្តរួម​បន្ទប់​នោះ​សុបិន​ថា​សត្វ​ស្លាប​ដែល​មាន​ពណ៌​ចម្រុះ​បានហោះ​ចូល​ក្នុង​ពន្ធនាគារ​ដើម្បី​ជួយ​នាង ។ មុនពេល​ស៊ីស្ទើរ ឡាណូស ចូលរួម​ក្នុង​សាសនាចក្រ នាង​មាន​រូបភាព​សត្វ​ស្លាប​ដែល​មាន​ពណ៌​ចម្រុះ ដែល​បាន​សាក់​នៅលើ​ខ្នង​របស់​នាង ។ នៅពេល​មិត្ត​រួមបន្ទប់​ឃើញ​ស្នាម​សាក់ នាង​បានដឹង​ថា នាង​គួរ​តែ​ស្តាប់​សារលិខិត​ផ្សព្វផ្សាយ​សាសនា​របស់​ស៊ីស្ទើរ ឡាណូស ។

ស៊ីស្ទើរ ឡាណូស បាន​បង្រៀន​នាង​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ច្បាប់​ទៅ​នាង ដែល​នាង​បាន​យក​តាម​ខ្លួន​ទៅក្នុង​ពន្ធនាគារ—ជា​ច្បាប់​ចម្លង​ដូចគ្នា​ដែល​ស៊ីស្ទើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ស៊ីស្ទើរ ឡាណូស ប្រាំ​ឆ្នាំ​មុន​នៅពេល​ដែល​នាង​រៀន​ពី​សាសនាចក្រ ។

ការកាត់ក្តី​សាលាដំបូង​បាន​កំណត់ពេល​យ៉ាង​លឿន​នៅ​ទីក្រុង​ម៉ិកស៊ីកូ ។ ជេនីន និង​ខ្ញុំ​បាន​ទៅ​ធ្វើ​សក្ខីកម្ម​ដោយ​ផ្ទាល់ ។ ពេល​យើង​ជួប​ជាមួយ​ក្រុម​មេធាវី​នៅ​ក្រៅ​តុលាការ មេធាវី​មាន​ការភ័យខ្លាច ដោយ​ដើរ​ចុះឡើងៗ​នៅលើ​ចិញ្ចើម​ផ្លូវ ។

ខ្ញុំ​បាន​នាំ​គាត់​ទៅ​មួយ​ចំហៀង ហើយ​បាន​និយាយ​ថា ៖ « ថ្ងៃ​នេះ​លោក​នឹង​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​សុខសាន្ត ដែល​លោក​មិន​ដែល​ធ្លាប់​មាន​នៅក្នុង​បន្ទប់​សវនាការ​ទេ ។ សូម​ឲ្យ​ខ្ញុំ​ប្រាប់​ថា​ហេតុ​អ្វី ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ជាង ៥០០ នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​អធិស្ឋាន​ឲ្យ​លោក និង​ភាពជោគជ័យ​របស់​លោក​នៅថ្ងៃ​នេះ ។ ពួកគេ​ក៏​កំពុង​អធិស្ឋាន​បន្ទន់ចិត្ត​របស់​ចៅ​ក្រម ហើយ​ថា​គាត់​នឹង​ដោះលែង​ស៊ីស្ទើរ ឡាណូស ពី​ពន្ធនាគារ » ។

មេធាវី​មាន​អារម្មណ៍​ក្តុកក្តួល ហើយ​គាត់​បាន​សម្តែង​ការដឹងគុណ​ចំពោះ​សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​មនុស្ស​ជាច្រើន​ជំនួស​ឲ្យ​គាត់ ។

នៅម៉ោង ១០:០០ ព្រឹក ការជំនុំ​ជម្រះ​បាន​ចាប់ផ្តើម ប៉ុន្តែ​ខ្ញុំ​តម្រូវ​ឲ្យ​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​រហូត​ដល់​វេន​របស់ខ្ញុំ​ត្រូវ​ថ្លែង​ជា​សាក្សី ។ ពីរ​ម៉ោង​យ៉ាង​យូរ​បាន​កន្លង​ផុតទៅ ។ បន្ទាប់មក អ្នកយាម​បន្ទប់សវនាការ​បាន​ចេញមក ហើយ​និយាយ​ថា ចៅក្រម​មិន​ត្រូវការ​ស្តាប់​សក្ខីកម្ម​របស់​ខ្ញុំ​ទេ លោក​បានធ្វើ​ការសម្រេចចិត្ត​របស់​លោក​រួចហើយ ។

ដោយបារម្ភ ខ្ញុំ​ចូល​ទៅក្នុង​បន្ទប់​សវនាការ ហើយ​ចៅក្រមចាប់​ផ្ដើម​និយាយ ។ លោក​បាន​មាន​ប្រសាសន៍​អំពី​ច្បាប់​ដែល​ស៊ីស្ទើរ ឡាណូស បាន​បំពាន និង​អំពី​ការចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ដែល​នាង​បាន​ប្រឈម ។

« ដោយមិន​យក​ចិត្ត​ទុក​ដាក់​លើអ្វី​ទាំងអស់ » លោក​បានបន្ត​ថា ខ្ញុំ​ជឿ​លើ​ភស្តុតាង​ដែល​ត្រូវ​បាន​បង្ហាញ​អំពី​អត្តចរិត​ល្អ​របស់​ស៊ីស្ទើរ ឡាណូស » ។ បន្ទាប់មក​លោក​បាន​ដក​ស្រង់​ផ្នែក​ច្បាប់​ដែល​មិន​ច្បាស់លាស់ ដែល​អនុញ្ញាត​ឲ្យ​លោក​ផ្តល់​ក្តីមេត្តា ហើយ​លោក​បាន​ដោះលែង​នាង​ភ្លាមៗ ។

រូបភាព
ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា និង​ភរិយា​របស់​ប្រធាន​បេសកកម្ម

ស៊ីស្ទើរ ឡាណូស ជាមួយ​ស៊ីស្ទើរ ជេនីន រីឌ នៅក្នុង​ដៃ​នរណា​ម្នាក់ ស៊ីស្ទើរ ឡាណូស​បាន​ដួល​នៅពេល​នាង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ។

« ព្រះគង់​នៅ​ខាង​ខ្ញុំ »

នេះ​គឺជា​អព្ភូតហេតុ​ដែល​យើង​បានស្វែងរក ! ជំនួស​ឲ្យ​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ឬ​ច្រើន​ជាង​នេះ ស៊ីស្ទើរ ឡាណូស បាន​មាន​សេរីភាព ។ បន្ទាប់ពី​សវនាការ មេធាវី​របស់​នាង​បាននិយាយ​ថា ថ្ងៃ​នោះ​គឺជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​មួយ​នៃ​អាជីព​របស់​គាត់ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះគង់​នៅ​ខាង​ខ្ញុំ » ។ « ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត​ពី​ជំនឿ​របស់​ពួក​លោក » ។

ខ្ញុំ​បាន​អញ្ជើញ​គាត់​ទៅ​មជ្ឈមណ្ឌល​អ្នកទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ម៉ិកស៊ីកូ ស៊ីធី ម៉ិកស៊ិក ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « លោក​នឹង​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​នៅ​ទីនោះ​ល្អ​ដូច​ស៊ីស្ទើរ ឡាណូស​អ៊ីចឹង » ។ « លោក​នឹង​ឃើញ​ពន្លឺ​នៅក្នុង​កែវភ្នែក​របស់ពួក​គេ ហើយ​លោក​នឹង​សួរ​ខ្លួនឯង​ថា ហេតុអ្វី » ។

ដប់ពីរ​ម៉ោង​ក្រោយមក ស៊ីស្ទើរ ឡាណូស ត្រូវបាន​ដោះលែង​ឲ្យ​រួចខ្លួន តែ​នៅ​តែ​ស្លៀក​សម្លៀកបំពាក់​អ្នក​ជាប់​ពន្ធនាគារ​ដដែល ។ នាង​បាន​ដួល​នៅក្នុង​ដៃ​របស់​ជេនីន ។ នៅពេល​យើង​ទាំងអស់​គ្នា​ឈប់​យំ ហើយ​អាច​និយាយ​បាន ស៊ីស្ទើរ ឡាណូស បាន​ពោលថា « ប្រធាន ខ្ញុំ​ទទួល​បាន​ឈ្មោះ​អ្នក​រៀន​ថ្មី​នៅក្នុង​ពន្ធនាគារ ! »

បទពិសោធន៍​ទាំងមូល​នេះ​បាន​បញ្ជាក់​ថា « ហើយ​ព្រះ​ទ្រង់​ក៏​ពុំ​ទាន់​ឈប់​ទៅ​ជា​ព្រះ​នៃ​អព្ភូតហេតុ​ដែរ » ( មរមន ៩:១៥ ) ។ ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​ថា សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​មនុស្ស​ល្អ​ជាច្រើន​បាន​ជួយ​មេធាវី​តវ៉ា​ក្តី​របស់​គាត់ និង​បន្ទន់​ចិត្ត​របស់​ចៅ​ក្រម ។

ដោយសារ​ស៊ីស្ទើរ ឡាណូស បាន​ឃុំខ្លួន ស្រ្តី​ដែល​បាន​ជាប់​ពន្ធនាគារ​ជាច្រើន​បាន​ទទួល​ក្តី​សង្ឃឹម​តាមរយៈ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ មេធាវី​បាន​បណ្តុះ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ ហើយ​យើង​ត្រូវ​បានពង្រឹង​ក្នុង​ការជឿជាក់​របស់យើង​ថា ព្រះ​អាច​ប្រើ​យើង​ដើម្បី​បន្ត​កិច្ចការ​របស់​ទ្រង់ មិន​ថា​យើង​នៅ​ទីណា​ឡើយ ។

រូបភាព
ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ឈរ​នៅមុខ​ព្រះវិហារ​បរិសុទ្ធ

ស៊ីស្ទើរ ឡាណូស នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​​ ធីជូអាណា ម៉ិកស៊ិក