ឆ្នាំ ២០២៣
បានព្យាបាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ
ខែ កញ្ញា ឆ្នាំ ២០២៣


« បានព្យាបាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បានព្យាបាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា មាន​ការធានា​យ៉ាងជ្រាលជ្រៅ​ថា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ហើយ​ជ្រាបដឹង​ពី​ការ​ពុះពារ​របស់​ខ្ញុំ ។

រូបភាព
គូស្វាមី​ភរិយា​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត រូបថត​ផ្ទៃ​ខាងក្រោយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឌូបាន អាហ្វ្រិក​ខាង​ត្បូង ដោយ​ម៉ាធីវ រីរៀ

កូនប្រុស​ច្បង​របស់​យើង​បាន​កើត​នៅ​ឆ្នាំ ២០១៧ ។ ប្រាំបួន​ខែ​មុន​ពេល​ព្រះវិហារ​បរិសុទ្ធ​ឌូបាន អាហ្វ្រិក​ខាង​ត្បូង​បាន​ឧទិ្ទសឆ្លង​នៅ​ឆ្នាំ ២០២០ កូនប្រុស​ទីពីរ​របស់​យើង​បាន​កើត ។

នៅពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា ហាណា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដូច្នោះ ។ ខ្ញុំ « មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក » ( សាំយ៉ូអែល ទី១ ១:១០ ) ។

ខ្ញុំ​មាន​អារម្មណ៍​អស់​សង្ឃឹម និង​ខឹង ហើយ​ខ្ញុំ​ឈឺចាប់​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ពុះពារ​ទាំង​ខាងផ្លូវកាយ ផ្លូវចិត្ត និង​ខាង​វិញ្ញាណ ។ ការកាន់​ដំបង​ដែក​មាន​អារម្មណ៍​ដូចជា​កាន់​អំបោះ​ដែល​របូត​ពី​ដៃ​ខ្ញុំ​បន្តិច​ម្តងៗ ។ ខ្ញុំ​ពិត​ជា​កំពុង​ឆាបឆេះ​នៅក្នុង « ឡ​នៃ​សេចក្ដី​វេទនា » ( អេសាយ ៤៨:១០ ) ។

ខ្ញុំ​ក៏​មាន​អំណរគុណ​យ៉ាងខ្លាំង​ដែល​ខ្ញុំ​បាន​ទទួល​ជំនួយ និង​ការព្យាបាល​ពី​គ្រួសារ​របស់​ខ្ញុំ ពី​ព្រះគម្ពីរ និង​ការអធិស្ឋាន ។ ខ្ញុំ​ក៏​បាន​ទទួល​ជំនួយ​ពី​អ្នក​ប្រឹក្សា​ផងដែរ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​បាន​ទទួល ការ​ព្យាបាល​ដ៏វិសេស​បំផុត​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ខ្ញុំ​ចាប់ផ្ដើម​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ចាប់ផ្ដើម​ពេញ​ដោយ​ពន្លឺ​ខ្លាំង​ឡើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ទីនោះ​ដូចជា​នៅ​ផ្ទះ ។ ខ្ញុំ​ក៏​ទទួល​បាន​អារម្មណ៍​ថា មាន​ការធានា​យ៉ាងជ្រាលជ្រៅ​ថា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ហើយ​ជ្រាប​ដឹង​ពី​ការពុះពារ​របស់​ខ្ញុំ​ដែរ ។

នៅពេល​ខ្ញុំ​បាន​បន្ត​បម្រើ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ខ្ញុំ​បាន​ចាប់ផ្តើម​មើល​ឈ្មោះ​បុព្វការីជន​របស់​ខ្ញុំ​តាម​វិធី​ផ្សេងៗ ។ ពួកលោក​មិនមែន​គ្រាន់តែ​ជា​ឈ្មោះ​នោះ​ទេ ។ ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ថា បុព្វការីជន​ម្នាក់​គឺជា កូនស្រី ជាម្តាយ ជាជីដូន ជាមីង ជាបងស្រី ជាក្មួយស្រី​ជា​ទីស្រឡាញ់ ។ ការស្លាប់​របស់គាត់​ច្បាស់​ជា​ពិបាក​សម្រាប់​សាច់ញាតិ​ដែល​នៅរស់​ណាស់ ។ ប៉ុន្តែ​ពរជ័យ​ដែល​ផ្តល់​ដល់​បុព្វការីជន​រូប​នេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ពិធីបរិសុទ្ធ​ជំនួស​ដ៏​ពិសិដ្ឋ ផ្ដល់​នូវ​អំណរ​ដ៏​ធំធេង និង​ផ្អែមល្ហែម ដែល​លើសពី​ការឈឺចាប់​ដែល​សាច់ញាតិ​ដែល​នៅរស់​របស់គាត់​អាច​មាន​អារម្មណ៍​នៅពេល​គាត់​បាន​ទទួល​មរណភាព ។

ការយល់ដឹង​នេះ​បាន​ផ្ដល់​ពរ​ដល់ខ្ញុំ នៅពេល​ខ្ញុំ​បានគិត​អំពី​កូនៗ​ដ៏​មានតម្លៃ​របស់​យើង ជា​ធម្មជាតិដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​វិញ្ញាណ​របស់យើង និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ ។ ការ​បាត់បង់​កូន​ប្រុស​របស់​យើង​ជំរុញ​ឲ្យ​ខ្ញុំ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ ។

នៅ​ថ្ងៃខ្លះ​នៅតែ​ជួប​ការពិបាក​ជាង​ថ្ងៃ​ផ្សេង​ទៀត ។ ប៉ុន្តែ​ការកាន់​តាម​ការសន្យា​នៃ​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​កាន់តែ​ងាយស្រួល ។

ដូច​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម ណិលសុន ថា « យើង​នឹក [ កូនប្រុស ] របស់យើង​ខ្លាំងណាស់ ។ ទោះជាយ៉ាងណា ដោយសារ​តែ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ យើង​មិន​បារម្ភ​អំពី [ ពួកគេ ] ទេ ។ នៅពេល​យើង​បន្ដ​គោរព​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​យើង​រស់នៅ​ជួបជុំគ្នា​នឹង [ ពួកគេ ] ម្ដងទៀត » ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៨ ។