ឆ្នាំ ២០២៣
មាន​អំណរគុណ​ចំពោះ « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ »
ខែ កញ្ញា ឆ្នាំ ២០២៣


« មាន​អំណរគុណ​ចំពោះ « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣

មាន​អំណរគុណ​ចំពោះ « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ »

ខ្ញុំ​មាន​ការលំបាក​ក្នុងការ​ស្តាប់​នៅ​ឯ​ព្រះវិហារ ប៉ុន្តែ​ដំណើរ​រឿង​នេះ​ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ស្ថានភាព​របស់​ខ្ញុំ​តាម​របៀប​ផ្សេង ។

រូបភាព
បុរស​ម្នាក់​ឈរ​នៅលើ​វេទិកា

ខ្ញុំ​បាន​ថ្លង់​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​អាច​យល់​បាន​ត្រឹមតែ ២០ ភាគរយ​នៃ​អ្វី​ដែល​បាននិយាយ​នៅ​ឯ​វេទិកា​ក្នុង​អំឡុងពេល​ការប្រជុំ​ទាំងឡាយ​នៅ​សាសនាចក្រ​ភាគច្រើន ។ ម្តងម្កាល ភាពថ្លង់​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ និង​ដាច់​ពី​គេ ដូចជា​ពេល​ក្រុម​ជំនុំ​សើច​នឹង​ការនិយាយ​បែប​កំប្លែង​របស់​អ្នក​ឡើង​និយាយ ប៉ុន្តែ​ខ្ញុំ​ស្តាប់​មិន​បាន​ទេ ដោយសារ​ខ្ញុំ​មិន​បាន​ឮ ។ ហើយ​មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ។ សមាជិក​វួដ​ដែល​មាន​វ័យ​ចំណាស់​បាន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​ក៏​មាន​ការលំបាក​ក្នុង​ការស្តាប់​ផង​ដែរ ។

ពេលខ្លះ បន្ទាប់ពី​មាន​ការពិបាក​ស្ដាប់​អ្នក​ឡើង​និយាយ​ដែល​និយាយ​តិចៗ​នៅ​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ឬ​នៅពេល​គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ​ប្រកាស​ថា មិន​ចាំបាច់​ប្រើ​មីក្រូហ្វូន​ទេ ពីព្រោះ​មនុស្ស​គ្រប់​គ្នា​អាច​ស្តាប់​ឮ​ហើយ ខ្ញុំ​បាន​ឆ្ងល់ថា ហេតុអ្វី​ខ្ញុំ​ទៅ​ព្រះវិហារ នៅពេល​ដែល​ខ្ញុំ​ស្តាប់​មិន​សូវ​ឮ​ផង​នោះ ។ តើ​ពេលវេលា​ខ្ញុំ​គួរតែ​ចំណាយ​លើ​ការអាន​មេរៀន ចូរ​មក​តាម​ខ្ញុំ ឬ​សិក្សា​ព្រះ​គម្ពីរ​នៅ​ផ្ទះ មិន​ប្រសើរ​ជាង​ទេ​ឬ​អី ?

ទោះយ៉ាង​ណា​ក៏ដោយ ខ្ញុំ​ចង់​គោរពប្រតិបត្តិ ហើយ​បន្ត​ចូលរួម​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ ដើម្បី​រំឭក​សេចក្តីសញ្ញា​នៅឯ​បុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ ហើយ​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ដោយការ​ទទួលទាន​សាក្រាម៉ង់ ។ វា​តែងតែ​ជា​ពរជ័យ​មួយ​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​បាន​ស្អាងឡើង​ដោយ​ដំណើររឿង​ទាំង​នោះ​ដែល​ខ្ញុំ អាច ស្តាប់​បាន​ជានិច្ច ។

រូបភាព
ព្រះយេស៊ូវ និង​ស្ត្រី​ម្នាក់ដែល​មាន​ជំងឺ​ធ្លាក់​ឈាម

នៅ​ថ្ងៃអាទិត្យ​មួយ ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​សំឡេង​ឮ​ច្បាស់ ដែល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ស្តាប់ ។ គាត់​បាន​ពិភាក្សា​ពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈពេល ១២ ឆ្នាំ ហើយ​មាន​ជំនឿ​ថា​គាត់​អាច​ជា​សះស្បើយ ប្រសិនបើ​គាត់​គ្រាន់តែ​ឈោងដៃ​ទៅ​ពាល់​ព្រះពស្ត្រ​របស់​ព្រះ​យេស៊ូវ នៅពេល​ទ្រង់​បាន​យាងដើរ​កាត់ ( សូមមើល លូកា ៨:៤៣–៤៨ ) ។

បន្ទាប់មក អ្នក​ឡើង​និយាយ​បាន​ផ្តល់​នូវ​ការយល់​ដឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ដក់​ជាប់​នៅក្នុង​ចិត្ត​ខ្ញុំ​យ៉ាង​ជ្រៅ ដោយ​ពន្យល់​ថា ដោយសារ​ស្ថានភាព​របស់​គាត់ ស្ត្រី​រូប​នេះ​នឹង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​មិន​ស្អាតស្អំ ហើយ​ទំនង​ជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះវិហារ​ឡើយ ។ អស់​រយៈពេល ១២ ឆ្នាំ !

ផលវិបាក​នៃ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ទោះជា​ឈឺ​ក៏​ដោយ ក៏​ស្ត្រី​រូប​នេះ​ប្រហែលជា​មិន​ស្រួល​ខ្លួន ដែល​មិន​អាច​ទៅ​ព្រះវិហារ​បាន យ៉ាង​ហោច​ណាស់​ម្តងម្កាល​នោះ​ដែរ ។ ប៉ុន្តែ​ដោយសារ​សង្គម​សម័យ​នោះ មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូលរួម​ឡើយ ។ ឱ វា​ជា​ឧបសគ្គ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ណាស់​សម្រាប់​អ្នក​មាន​ជំនឿ !

នៅពេល​ខ្ញុំ​សញ្ជឹងគិត​ពី​ដួងចិត្ត​ឈឺចាប់​របស់​គាត់ ដែល​គាត់​អាច​មាន ដោយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ថ្វាយបង្គំ​ព្រះ​ជាមួយ​នឹង​ពួក​អ្នក​ជឿ​ផ្សេង​ទៀត ដោយសារ​ស្ថានភាព​រាងកាយ​របស់​គាត់—ជា​អ្វី​ដែល​គាត់​មិន​អាច​គ្រប់គ្រង​បាន—ព្រះវិញ្ញាណ​បាន​បើក​ភ្នែក​ខ្ញុំ​មើលឃើញ​ពី​ស្ថានភាព​របស់​គាត់​ធៀប​នឹង​រូប​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​យល់ឃើញថា ទោះបីជា​ខ្ញុំ​មិន​អាច​ធ្វើ​ជា​អ្នក​ចូលរួម​ពេញលេញ​ក៏ដោយ យ៉ាងហោច​ណាស់ ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ចូលរួម​ក្នុង​ព្រះវិហារ ហើយ​ស្តាប់​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ ស្ត្រី​រូប​នេះ​មិន​មាន​ជម្រើស​បែប​នេះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស​ចំពោះ​ពេលវេលា​ដែល​ខ្ញុំ​គិត​ខ្លី​ថា​នៅ​ផ្ទះ​នោះ ។

ភ្លាមៗ​នោះ ព្រះ​បាន​មាន​ព្រះបន្ទូល​មក​កាន់​ដួងចិត្ត​ខ្ញុំ ដោយ​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខុសឆ្គង ទេ ។ ទ្រង់​ចង់​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មាន អំណរគុណ—មាន​អំណរគុណ​ចំពោះ​អភ័យ​ឯកសិទ្ធិ​ចូលរួម​ក្នុង​ព្រះវិហារ ហើយ​ត្រូវ​បានពង្រឹង​ដោយការ​មាន​ទំនាក់ទំនង​ជាមួយ​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ ។ ទោះបីជា​ខ្ញុំ​មិន​អាច​ស្តាប់​ឮ គ្រប់​យ៉ាង ក្តី ក៏​ខ្ញុំ​អាច​យល់​បាន អ្វី ខ្លះ​ៗមួយ​ចំនួន—ហើយ​ម្នាក់ៗ​បាន​ផ្ដល់​ពរ​ដល់​ជីវិត​ខ្ញុំ​ដែរ ។ វា​ក៏​មាន​គ្រា​ពិសេស​ផងដែរ នៅពេល​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​រឿង​ទាំងនោះ​ដែល​ខ្ញុំ​មិន​ស្តាប់​ឮ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេរីភាព​ក្នុងការ​ថ្វាយបង្គំ​ព្រះ ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ការ​ទៅ​ព្រះដំណាក់​របស់​ទ្រង់ ។ ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ​ថា វា​ល្អ​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ការប្រជុំ​នានា ទទួលទាន​សាក្រាម៉ង់ និង​រៀន​ពី​អ្វី​ដែល​ខ្ញុំ​មិន​បាន​ដឹង​ឡើយ បើ​មិនបាន​ចូលរួម​នោះ​ទេ ។

អាកប្បកិរិយា​របស់​ខ្ញុំ​បានផ្លាស់ប្តូរ​នៅ​ថ្ងៃ​នោះ ។ ជំនួស​ឲ្យ​ការ​មាន​អារម្មណ៍​ស្រងាកចិត្ត​ចំពោះ​ដែនកំណត់​របស់ខ្ញុំ សេចក្តី​សុខសាន្ត​បាន​បំពេញ​ដួងចិត្ត​របស់ខ្ញុំ ហើយ​ខ្ញុំ​បានតាំងចិត្ត​ផ្តោតលើ​ពរជ័យ​នៃ​ការចូលរួម​ព្រះវិហារ​វិញ ។ ខ្ញុំ​បាន​តាំងចិត្ត​ខិតខំប្រឹងប្រែង​ដោយស្មោះ ដើម្បី​ដឹងគុណ​ចំពោះ​អ្វី​ដែល​ខ្ញុំ អាច ស្តាប់​បាន ជំនួស​ឲ្យ​ការបាក់​ទឹកចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ដឹងគុណក្នុង​គ្រាឈឺចាប់ ពុំ មានន័យថា យើង​រីករាយ​នឹង​ស្ថានភាព​របស់​យើង​នោះទេ ។ វា មាន ន័យ​ច្បាស់​ថា ដោយ​ភ្នែក​នៃសេចក្ដីជំនឿ​ យើង​មើល​ឲ្យ​ហួស​ពី​ឧបសគ្គ​បច្ចុប្បន្ន​របស់​យើង ។ ស្ត្រី​ដែល​ឈោងដៃ​ទៅ​ពាល់​ព្រះពស្ត្រ​របស់​ព្រះយេស៊ូវ​គឺជា​ការរំឭក​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ឲ្យ​មាន​សេចក្តី​ជំនឿ​គ្រប់គ្រាន់​លើ​ព្រះអម្ចាស់​ដើម្បី​មើលឃើញ​លើស​ពី​ដែនកំណត់​របស់​ខ្ញុំ និង​ការទុកចិត្ត​គ្រប់គ្រាន់​លើ​ព្រះ​ដើម្បី​ដឹង​ថា​ទ្រង់​នឹង​ប្រទានពរ​ដល់​ខ្ញុំ​លើស​ពី​សមត្ថភាព​រាងកាយ​របស់​ខ្ញុំ ។

ជីវិត​មាន​នូវ​បញ្ហា​ប្រឈម​គ្រប់​ប្រភេទ​ទាំងអស់ ដែល​ទាមទារ​កម្លាំង​ច្រើន​ពី​យើង​ទាំង​ខាងវិញ្ញាណ អារម្មណ៍ ឬ​ផ្លូវកាយ ប៉ុន្តែ​សូម្បីតែ​ក្នុង​អំឡុងពេល​មាន​ទុក្ខព្រួយ យើង​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​យើង​រីករាយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« មិត្ត​ទាំងឡាយ​របស់​យើង​អើយ កុំ​ខ្លាច​ឡើយ ចូរ​មាន​ចិត្ត​ក្សាន្ត​ចុះ មែនហើយ ចូរ​អរ​សប្បាយ​ជានិច្ច ហើយ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ ចូរ​ថ្លែង​អំណរគុណ ។…

« … គ្រប់​ការណ៍​ទាំងអស់​ដែល​អ្នក​ត្រូវ​បាន​រង​ទុក្ខ នោះ​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដីល្អ​ដល់​អ្នក និង​ដល់​សិរីល្អ​របស់​ព្រះ​នាម​យើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨:១, ៣ ) ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Grateful in Any Circumstances » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧៦ ។