ឆ្នាំ ២០២៣
ការ​ធ្វើ​ការងារ​បម្រើ​ដោយ​អត់ធ្មត់
ខែ កញ្ញា ឆ្នាំ ២០២៣


« ការ​ធ្វើ​ការងារ​បម្រើ​ដោយ​អត់ធ្មត់ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

គោលការណ៍​នៃ​ការងារ​បម្រើ

ការ​ធ្វើ​ការងារ​បម្រើ​ដោយ​អត់ធ្មត់

យើង​អាច​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​មាន​ភាពអត់ធ្មត់​កាន់តែ​ច្រើនក្នុង​ជីវិត និង​ក្នុង​ការ​បម្រើ​អ្នក​ដទៃ ។

រូបភាព
ស្រ្តី​បី​នាក់ដើរ​ជាមួយ​គ្នា

នៅក្នុង កូរិនថូស ទី២ ១២:៧–៨ ប៉ុល​ប្រាប់​ពី​ការអធិស្ឋាន​បី​ដង​ដើម្បី​ឲ្យ « បន្លា​មួយ​ចាត់មក​ក្នុង​សាច់ឈាម » ត្រូវ​បាន​ដក​យក​ចេញ ។ ប៉ុន្តែ​ការអធិស្ឋាន​របស់​លោក​មិន​បាន​ឆ្លើយតប​ដោយ​ការដក​យក​ឧបសគ្គ​ចេញ​នោះទេ ។ ផ្ទុយ​ទៅវិញ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា « គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ » ។ ប៉ុល​បាន​បង្ហាញ​ចិត្ត​អត់ធ្មត់ និង​សេចក្តីជំនឿ​ពី​របៀប​ដែល​លោក​បាន​ឆ្លើយតប​ថា « ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ » ( ខទី ៩ ) ។

ព្រះអម្ចាស់​ក៏​បាន​បង្រៀន​មរ៉ូណៃ​ថា តាមរយៈ​ព្រះគុណ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​អាច​រៀន និង​ចម្រើន​កម្លាំង​ខ្លាំងឡើង ៖ « បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេនូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់​ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួននៅ​ចំពោះ​យើង ដ្បិត​បើសិនជា ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។

ការ​ធ្វើ​ការងារ​បម្រើ​ដោយ​អត់ធ្មត់

ដូចជា​ប៉ុល​ដែរ ពួកយើង​ភាគច្រើន​បានអធិស្ឋាន​ទូលសុំ​ការសង្គ្រោះ​ជាច្រើន​ដង​ក្នុង​ជីវិត​របស់​យើង—ជួនកាល​ច្រើន​ដង ច្រើន​ជាង​បី​ដង​ឯណោះ ។ ពេលខ្លះ វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ដើម្បី​ទទួល​ពរជ័យ ហើយ​ពេលខ្លះ​ទៀត យើង​ដូចជា​ប៉ុល កំពុង​ត្រូវ​បានបង្រៀន និង​ពង្រឹង ។ នៅពេល​នេះ យើង​អាច​រៀន​អត់ធ្មត់ ហើយ​រៀន​រង់ចាំ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។

យើង​ត្រូវការ​គុណលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទនៃ​ការអត់ធ្មត់ ពេល​យើង​ធ្វើ​ការងារបម្រើ​ផងដែរ ។ យើង​អាច​ធ្វើ​ការងារបម្រើ​ដល់​មនុស្ស​ដែល​មាន​ឧបសគ្គ និង​កម្រិត​នៃ​ការយល់ដឹង​អំពី​ដំណឹងល្អ​ផ្សេងៗគ្នា ហើយ​វា​ត្រូវការ​ការអត់ធ្មត់ និង​សេចក្ដីស្រឡាញ់​ដើម្បី​ធ្វើការងារ​បម្រើ​ដល់​មនុស្ស​ដែល​មិន​អាច​ទទួល​យក ។

រូបភាព
ស្ត្រី​ម្នាក់​ងើយ​ក្បាល​ឡើង

រូបថត​តាម Getty Images

ការអភិវឌ្ឍន៍​ការអត់ធ្មត់

នៅពេល​យើង​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ជំនួស​យើង ។ តើ​យើង​អាច​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​នៃ​ការអត់ធ្មត់​ដោយ​របៀប​ណា ?

  • សូម​ដឹង​ថា​ជីវិត​រមែង​ស្លាប់​គឺ​ពោរពេញ​ទៅ​ដោយ​ស្ថានភាព​ដែល​សាកល្បង​ការអត់ធ្មត់​របស់​យើង ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​នៅ​ពេល​ខ្លះ​មាន​អារម្មណ៍​ស្មុគស្មាញ​នោះ ។ សូម​ចងចាំ​ថា ដោយ​មាន​ការអនុវត្ត និង​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ យើង​អាច​កែលម្អ​ការឆ្លើយតប​របស់​យើង​ចំពោះ​ស្ថានភាព​តានតឹង ។ សូម​មាន​ចិត្ត​អត់ធ្មត់​នឹង​ការខិតខំ​របស់​អ្នក​ដើម្បី​កាន់​តែ​មាន​ចិត្ត​អត់ធ្មត់ !

  • សូមទូល​សុំ​ជំនួយ​ពី​ព្រះ នៅពេល​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​អ្នក​កំពុង​ស្មុគស្មាញ​នឹង​ការមានចិត្ត​អត់ធ្មត់ ។ ការ​ដក​ដង្ហើម​វែងៗ និង​ការអធិស្ឋាន​អាច​ជួយ​នាំ​មក​នូវ​ភាពស្ងប់ស្ងាត់ និង​សេចក្តី​សុខសាន្ត ។

  • ការស្តាប់​តន្ត្រី​លើកស្ទួយ​ខាង​វិញ្ញាណ​ដែល​នាំមក​នូវ​អារម្មណ៍​ពោរពេញ​ដោយ​សេចក្តី សុខសាន្ត​អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​អារម្មណ៍​ដែល​មិន​ចេះ​អត់ធ្មត់ ។

  • ទទួលស្គាល់​ពី​ពេលវេលា​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក ។ ឆន្ទៈ និង​បំណងប្រាថ្នា​របស់​យើង​គួរតែ​កែតម្រូវ​ទៅតាម​កាលវិភាគ​របស់ទ្រង់ ។

  • ការអត់ធ្មត់​គឺជា​ផ្នត់គំនិត ។ សូម​ចងចាំ​ថា អារម្មណ៍​ភ័យខ្លាច ឬ​ស្ថិតក្នុង​ស្ថានភាព​ប្រញាប់ប្រញាល់ កម្រ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់យើង​ប្រសើរ​ឡើង​ណាស់ ។

គំនិត​សម្រាប់​ការធ្វើ​ការងារ​បម្រើ​ដោយ​អត់ធ្មត់

ពេល​ខ្លះ​កិច្ចការ​ការងារបម្រើ​របស់​យើង​គឺ​ជួយ​អ្នកដទៃ​ឲ្យ​មាន​ការអត់ធ្មត់​តាមរយៈ​ការសាកល្បង ។ នេះ​គឺជា​របៀប​មួយចំនួន​ដែល​យើង​អាច​ជួយ​បាន ៖

  • បង្ហាញ​មនុស្ស ឬ​គ្រួសារ​ថា​យើង​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ទោះបីជា​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​យ៉ាង​ណា​ក៏ដោយ ទោះបីជា​ពួកគេ​គិត​ថា​ពួកគេ​មិន​គួរ​ឲ្យ​ស្រឡាញ់ ដោយ​ហេតុផល​អ្វី​ក៏ដោយ ។

  • សូម​ចែកចាយ​បទពិសោធន៍​ជាមួយ​ពួកគេ នៅពេល​ដែល​អ្នក​ត្រូវ​រៀន​អត់ធ្មត់ ហើយ​អ្នក​ក៏​ធ្លាប់​ជួប​នឹង​ការលំបាក​ដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​នៅ​ឯកា​ទេ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​គ្មាន​ការអត់ធ្មត់ ឬ​ស្មុគស្មាញ​នោះ ។

  • សូម​អធិស្ឋាន​ឲ្យ​ពួកគេ​អាច​មាន​ភាពអត់ធ្មត់​ឆ្លងកាត់​ការសាកល្បង​ដ៏លំបាកៗ ហើយ​ឲ្យ​ពួកគេ​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​ស្តាប់​ការអធិស្ឋាន​របស់ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ ។

  • សូម​ធ្វើ​ជា​អ្នក​ស្តាប់​នៅពេល​ពួកគេ​ត្រូវការ​នរណា​ម្នាក់​និយាយ​ជាមួយ ។ ការមាន​មិត្តភក្តិ​ដែល​យល់ចិត្ត គឺជា​របៀប​ដ៏ល្អ​បំផុត​មួយ​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង ឬ​ស្ថានភាព​លំបាកៗ ។