ឆ្នាំ ២០២៣
ការទទួលបាន និង​ការផ្ដល់​ការយល់ចិត្ត
ខែ កញ្ញា ឆ្នាំ ២០២៣


« ការទទួលបាន និង​ការផ្ដល់​ការយល់ចិត្ត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

ការទទួលបាន និង​ការផ្ដល់ ការយល់ចិត្ត

គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ​បង្រៀន​យើង​ពី​អានុភាព​នៃ​ការផ្ដល់​ការយល់ចិត្ត ដើម្បី​ផ្ដល់​ពរ​ដល់​អ្នកដទៃ ។

រូបភាព
ក្មេង​យំ​នៅលើ​យន្តហោះ

តើ​អ្នក​ទទួល​បាន​អ្វីខ្លះ​ពេល​អ្នក​ដាក់បញ្ចូល​យន្តហោះ​តូច​មួយ​ដែល​មាន​ម្តាយ​ភ័យខ្លាច និង​ក្មេង​តូច​ដែល​រករឿង​នោះ ? ស្ថានភាព​តានតឹង​យ៉ាង​ខ្លាំង ។ នៅ​ពីក្រោយ​ពីរបី​ជួរ ខ្ញុំ​បាន​មើល​ឃើញ​ស្ថានភាព​នោះ ។ ស្ថានភាព​នោះ​គឺ​បែប​នេះ ៖

ក្មេង​តូច ៖ ខ្ញុំ​ឃ្លាន !

ម្តាយ ៖ ចាំសិន ចាំ​ម៉ាក់​មើល​កាបូប​ម៉ាក់​សិន ថា​មាន​អ្វី​ឬអត់ ។

ក្មេង​តូច ៖ អត់ទេ !

ម្តាយ ៖ តែ​តើ​កូន​ឃ្លាន​មែន​ទេ ?

ក្មេង​តូច ៖ ឲ្យ​វា​មក​កូន​មក !

ម្តាយ ៖ ឲ្យ​អី​ទៅ​កូន ?

ក្មេង​តូច ៖ អាហ្នឹង !

ម្តាយ ៖ កូនសម្លាញ់ កូន​មិនអាច​ហូប​ខ្សែក​ទេ ។

ក្មេង​តូច ៖ កូន​ចង់​បាន​ខ្សែក​ហ្នឹង !

អ្នក​យល់​ហើយ ។ នៅ ២០ នាទី​ក្រោយ ម្ដាយ​បាន​ប្រើ​វិធី​សាស្រ្ត​ជាច្រើន​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​គាត់​រំងាប់​អារម្មណ៍ ៖ ការលួង ការបង្វែរ ការលេងសើច សូម្បីតែ​ការគំរាម​កម្រិត​ស្រាល​មួយ ឬ​ពីរ ។ គ្មាន​អ្វី​បាន​សម្រេច​ឡើយ ។ ខ្ញុំ​រំឭក​ខ្លួន​ឯង​ថា « ការធ្វើ​ដំណើរ​នេះ​វា​ខ្លី​ទេ ។ គាត់​នឹង​មិន​អី​ទេ » ។

ប៉ុន្តែ​គាត់​មិន​ស្រួល​នោះ​ទេ ។ គាត់​កាន់តែ​មានភាព​តានតឹង ហើយ​គាត់​ចាប់ផ្តើម​ជូត​ទឹកភ្នែក​ចេញ​ពី​ភ្នែក​គាត់ ។ ទោះបីជា​ខ្ញុំ​មិន​ស្គាល់​គាត់​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ចង់​ជួយ​គាត់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​អធិស្ឋាន​ឲ្យ​ពួកគាត់ទាំងពីរ​ស្ងប់​ចិត្ត ។

ខ្ញុំ​មិនមែន​ជា​អ្នកដំណើរ​តែ​ម្នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​រឿង​នេះ​ទេ ។ ខណៈពេល​ដែល​គាត់​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង ក៏​មាន​អ្នកដំណើរ​ម្នាក់​ទៀត​បាន​មក​ជួយ​គាត់​ដែរ ។ អ្នក​ដំណើរ​រូបនោះ​មាន​វ័យ​ចំណាស់​ជាង​គាត់ អង្គុយ​ចុះ​ភ្លាម​នៅ​តាម​ច្រក​ដើរ ។ ដោយ​សណ្ដោស គាត់​បានងាក​ទៅរក​ម្តាយវ័យ​ក្មេង​រូបនោះ ដោយ​បាន​និយាយ​ពាក្យ​លួងលោម​គាត់​តិចៗ ហើយ​បាន​ចាប់ដៃ​របស់​គាត់ ។ នោះ​ហើយ​ជា​អ្វី​ដែល​គាត់ត្រូវការ ។ ហើយ​នោះ​គឺ​គ្រប់គ្រាន់​ហើយ ។

ស្ត្រី​ទាំង​ពីរ​រូប​នេះ​បាន​កាន់​ដៃ​គ្នា​​រហូតដល់​យន្តហោះ​ចុះ ។ ទោះបី​ក្មេង​តូច​នេះ នៅតែ​បន្តរ​អ៊ូរទាំ​យ៉ាងខ្លាំង​ក៏ដោយ ក៏​ម្តាយ​របស់គាត់​ហាក់​ដូចជា​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ដែរ ។ វា​គឺជា​អព្ភូតហេតុ​មួយ ។

ការយល់ចិត្ត និង​ការអាណិត​អាសូរ ៖ គុណលក្ខណៈ​ទាំងពីរ​នៃ​ភាព​ជាសិស្ស

នៅក្នុង​វាក្យសព្ទ​សម័យ​ទំនើប​របស់យើង អព្ភូតហេតុ​នេះ​មាន​ឈ្មោះ​មួយ​ថា ៖ ការយល់ចិត្ត ។ ការយល់ចិត្ត តាមនិយមន័យ គឺជា​ទង្វើ​នៃ​បទពិសោធន៍​នៃ​ការងាយ​យល់​ពី​គំនិត អារម្មណ៍ ឬ​បទពិសោធន៍​របស់​អ្នកដទៃ ។ ការយល់ចិត្ត​គឺជា​ពាក្យ​សម័យ​ទំនើប អ្នក​នឹង​មិន​អាច​រក​ឃើញ​ពាក្យ​នេះ​នៅកន្លែង​ណា​មួយ​ក្នុង​បទគម្ពីរ​នោះ​ទេ ។ ប៉ុន្តែ​អ្នក​ភាសាវិទ្យា​បានកត់សម្គាល់​ថា ការយល់ចិត្ត​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​នឹង​ពាក្យ ការអាណិត​អាសូរ ។ ហើយ​ជា​ពាក្យ​ក្នុង​បទគម្ពីរ ការអាណិត​អាសូរ​មាន​ច្រើន​ ។

ការយល់ចិត្ត​គឺជា​សមត្ថភាព​ក្នុងការ​យល់​ពី​ការឈឺចាប់​របស់​អ្នកដទៃ ហើយ​ការអាណិតអាសូរ​គឺជា​ទង្វើ​នៃ​សេចក្តីសប្បុរស ដែល​កើត​ចេញ​ពី​សមត្ថភាព​នោះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ទាំង​ការយល់ចិត្ត និង​ការអាណិត​អាសូរ នៅពេល​ទ្រង់​បានបម្រើ ប្រទានពរ ព្យាបាល និង​ធួន ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ យើង​ត្រូវ​រៀន​ដកពិសោធន៍​ការយល់ចិត្ត និង​ផ្ដល់​ការអាណិត​អាសូរ ។ ទាំងនេះ​ជា​លក្ខណៈ​នៃ​និយមន័យ​មួយ​នៃ​ភាពជាសិស្ស ។

នៅពេល​ដែល​ការយល់ចិត្ត​ធ្វើ​ការអស្ចារ្យ​បំផុត​របស់វា វា​ជួយ​យើង​ឲ្យ​យល់ ហើយ​បន្ទាប់មក​ឆ្លើយតប ចំពោះ​ការឈឺចាប់ តម្រូវការ សេចក្តីភ័យខ្លាច និង​ទុក្ខព្រួយ​របស់​បុគ្គល​ម្នាក់ទៀត ។ នៅក្នុង​ករណី​ម្តាយ​វ័យ​ក្មេង​រូបនេះ ស្ត្រី​ដែល​មាន​អាយុច្រើន​ជាង ដែល​សន្មត​ថា​មាន​បទពិសោធន៍​រាប់​ទសវត្សរ៍​ក្នុង​ការមើលថែ​កូន​និង​ចៅៗ អាច​ផ្តល់​ការលួងលោម ព្រោះ​គាត់​បាន​ស៊ូទ្រាំ​នឹង​ការលំបាក​ស្រដៀង​គ្នា​នេះ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។ តាមរយៈ​បទពិសោធ​របស់​គាត់​ផ្ទាល់ គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​លួងលោម​បាន ។

តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ក្នុង​ការលួងលោម​យើង ? អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–ឆ្នាំ ២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន​ថា ៖ « ព្រះយេស៊ូវ​ទ្រង់​ជ្រាបដឹង​ពី​របៀប​ជួយ​យើង​នៅ​គ្រា​ជួប​ទុក្ខសោក និង​ជំងឺ​របស់យើង​យ៉ាងច្បាស់ ដោយសារ​ព្រះយេស៊ូវ​បាន​រងទុក្ខ និង​ជំងឺ​របស់យើង​រួច​ទៅហើយ [ សូមមើល អាលម៉ា ៧:១១–១២ ] ។ ទ្រង់​ស្គាល់​ពួកគេ​ដោយផ្ទាល់ ដូច្នេះ ការយល់ចិត្ត​របស់​ទ្រង់​គឺ​មាន​ហើយ » ។

រូបភាព
ព្រះយេស៊ូវ​បាន​យាងទៅ​ជួប​ពួកសាសន៍​នីហ្វៃ

Christ in the Land Bountiful​[ ព្រះ​គ្រីស្ទ​នៅ​ដែនដី​បរិបូរ ] ដោយ ស៊ីម៉ូន ឌូវី

ការទទួល​បាន​ការយល់​ចិត្ត និង​ការជួយ​អ្នកដទៃ

តើ​អ្នក​បាន​ស៊ូទ្រាំ​នឹង​ការលំបាក​អ្វីខ្លះ ដែល​ដោយហេតុ​នោះ​អ្នក « ទទួលបាន » នូវ​សមត្ថភាព​ក្នុងការ​យល់ចិត្ត​អ្នកដទៃ និង​បង្ហាញ​ការអាណិត​អាសូរ​ចំពោះ​ពួកគេ ? តើ​អ្នក​បាន​រងឥទ្ធិពល​នៃ​ភាពក្រីក្រ ការរំលោភបំពាន ភាពអវិជ្ជមាន ជំងឺ ការធ្វេសប្រហែស អំពើបាប ឬ​ការពុះពារ​គ្រប់​ប្រភេទ​ដែរ​ឬ​ទេ ? ប្រសិនបើ​អ្នក​មាន អ្នក​ប្រហែលជា​បាន​រួចផុត​ពី​ទុក្ខលំបាក​របស់អ្នក ជា​បុគ្គល​ឈ្លាសវៃ រឹងមាំ និង​ងាយយល់ដឹង ។

សរុបមក អ្នក​ទទួល​បាន​ការយល់ចិត្ត ។ អ្នក​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​ជួប​ទុក្ខលំបាក ។ តើ​ចាប់ផ្តើម​នៅ​កន្លែង​ណា ? ខ្ញុំ​មាន​យោបល់​ចំនួន​ពីរ ។

ទីមួយ ខិតខំ​យល់ដឹង​ពី​ទុក្ខលំបាក​របស់​អ្នក​ដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន ។ គួរ​ឲ្យ​ស្តាយ ដែល​យើង​អាច​នៅ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​ការឈឺចាប់ ហើយ​នៅតែ​មិនដឹង​ពី​ទុក្ខលំបាក​របស់​ពួកគេ ។ តើ​យើង​អាច​កាន់តែ​មាន​ការយល់ដឹង​ដោយ​របៀប​ណា ? គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បង្រៀន​យើង ។

បន្ទាប់ពី​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ នៅពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួប​ពួក​សាសន៍នីហ្វៃ ទ្រង់​បាន​ពន្យល់​ពី​គោលលទ្ធិ​របស់​ទ្រង់ ហើយ​បានបង្រៀន​ពួកគេ​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ នៅពេល​ទ្រង់​ឈប់ ទ្រង់​ទតមើល​បណ្ដាលជន ហើយ​មាន​ព្រះ​បន្ទូល​ថា « យើង​ឃើញ​ថា អ្នក​រាល់​គ្នា​ទន់ខ្សោយ គឺ​អ្នក​រាល់​គ្នា​ពុំ​យល់​ពាក្យ​ទាំង​អស់​របស់​យើង » ( នីហ្វៃទី​៣ ១៧:២ ) ។ បន្ទាប់មក ព្រះយេស៊ូវ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​សម្រាក សញ្ជឹងគិត​ពី​ការបង្រៀន​របស់​ទ្រង់ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​ដោយ​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ត្រៀម​រៀន​ថែមទៀត ( សូមមើល នីហ្វៃទី​៣ ១៧:៣ ) ។

ដំណើររឿង​ចប់​ហើយ មែនទេ ? មិន​ពិត​នោះ​ទេ ។ ពេលនោះ ទស្សនៈ​របស់​ព្រះ​យេស៊ូវ​កាន់តែ​ជ្រាលជ្រៅ នៅពេល​ទ្រង់​ពិនិត្យមើល​មុខ​អ្នក​ដើរ​តាមទ្រង់ ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស ហើយ​ឃើញ​ថា ពួក​គេ​ស្រក់​ទឹកភ្នែក ហើយ​បាន​សម្លឹង​មក​រក​ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត ។

« ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា » ( នីហ្វៃ​ទី​៣ ១៧:៥–៦ ) ។ នៅពេល​ទ្រង់​ទតមើល​ពួកគេ​កាន់តែ​យក​ព្រះទ័យ​ទុកដាក់ ទ្រង់​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់ ។ ហើយ​ការណ៍នោះ​បាន​បណ្តាល​ឲ្យ​ទ្រង់​ឆ្លើយតប ។

នៅក្នុង​ពិភពលោក​ដែល​ដួល​រលំ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដួល​រលំ យើង​មិន​ចាំបាច់​មើល​យូរ​ពេក​ទេ មុន​នឹង​យើង​ឃើញ​ទឹកភ្នែក​ក្នុង​ក្រសែភ្នែក​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង​នោះ ។ ប៉ុន្តែ​យើង​មិនដឹង​នោះទេ ទាល់តែ​យើង​មើល ។ ដូចជា​ព្រះអង្គសង្គ្រោះ​ដែរ យើង​អាច​ជ្រើសរើស​មើល​មនុស្ស​តាមរយៈ​ទស្សនៈ​នៃ​តម្រូវការ​របស់​ពួកគេ ។ ហើយ​នៅពេល​យើង​អាច​មើលឃើញ នោះ​យើង​អាច​បម្រើ​បាន ។

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​កត់សម្គាល់​ឃើញ​ថា « នៅ​ពេល​យើង​ខិតខំ​ដោយ​ចេតនា ដើម្បី​ដាក់​ឥរិយា​អាណិតអាសូរ​ក្នុងការ​រស់នៅ​របស់​យើង ដូច​បាន​ផ្តល់​គំរូ​ដោយ​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​កាន់តែ​ដឹងច្រើន​ពី​សេចក្តី​ត្រូវការ​របស់​មនុស្ស​ជាតិ ។ អារម្មណ៍​នៃ​ការចាប់​អារម្មណ៍ និង​សេចក្តី​ស្រឡាញ់​ដ៏ពិត​ប្រាកដ​នឹង​ជ្រាប​ចូល​គ្រប់​សកម្មភាព​របស់​យើង តាមកំណើននៃការ​ញាណ​ដឹង​នោះ » ។

ទីពីរ ផ្ដល់​ជំនួយ​ដែល​អ្នក​មាន​សមត្ថភាព​ពិសេស​ក្នុង​ការផ្ដល់​ឲ្យ ។ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ទតឃើញ​ពី​តម្រូវការ​របស់​ពួកសាសន៍​នីហ្វៃ​នៅ​ដែនដី​បរិបូរណ៍ ទ្រង់​បាន​ហៅ​ពួកគេ​ឲ្យ​មក​កាន់តែ​ជិត ។ បន្ទាប់មក ទ្រង់​បានព្យាបាល​ជំងឺ​របស់​ពួកគេ ហើយ​បាន​ប្រទានពរ​ដល់​កូនៗ​របស់​ពួកគេ ។ ទ្រង់​បាន​ធ្វើ​អ្វីៗដែល​មាន​តែ​ព្រះអង្គសង្រ្គោះ​នៃ​ពិភពលោក​នេះ​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។

អ្នក និង​ខ្ញុំ​ក៏​អាច​ចែកចាយ​បទពិសោធន៍ និង​សមត្ថភាព​របស់​យើង ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នកដទៃ​ផងដែរ ។ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​គ្រប់គ្នា​បាន​ទេ ប៉ុន្តែ​យើង​អាច​លើក​បន្ទុក​របស់​អ្នក​ដែល​ជួបទុក្ខលំបាក​ដែល​យើង​អាច​ធ្លាប់​ឆ្លងកាត់ ។ យើង​ប្រហែល​ជា​មិន​អាច​ព្យាបាល​មនុស្ស​ឃ្លង់​បាន ប៉ុន្តែ​យើង​អាច​លួងលោម​ដល់​អ្នក​កើតជំងឺ​បាន ។ យើង​ប្រហែលជា​មិន​អាច​ជួយ​អ្នក​ដទៃ​ចេញពី​ភាព​ក្រីក្រ​បាន ប៉ុន្តែ​យើង​អាច​ចែកចាយ​គោលការណ៍​នៃ​ការចិញ្ចឹម​ជីវិត ចែករំលែក​អាហារ និង​បរិច្ចាគ​ដង្វាយ​តមអាហារ​ដ៏​កាន់តែ​សប្បុរស ។ យើង​ប្រហែលជា​មិន​អាច​អត់ទោស​ឲ្យ​អំពើ​បាប​បាន ប៉ុន្តែ​យើង​អាច​អត់ទោស​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់ចិត្ត ។

ការដាក់​ការយល់ចិត្ត​ទៅ​ជា​ទង្វើ

តើ​អ្នក​ទទួល​បាន​អ្វីខ្លះ​ពេល​អ្នក​ដាក់បញ្ចូល​យន្តហោះ​តូច​មួយ​ដែល​មាន​ម្តាយ​ភ័យខ្លាច និង​ក្មេង​តូច​ដែល​រករឿង​នោះ ? ឱកាស​ដើម្បី​បង្ហាញពី​ការយល់ចិត្ត និង​ការអាណិត​អាសូរ ។

យន្តហោះ​របស់​យើង​ក៏​បាន​ចុះចត ហើយ​អ្នកម្តាយ​វ័យក្មេង​រូបនោះ បានស្ពាយ​កាបូប​យួរ​ដៃ​ម្ខាង ហើយ​ដៃម្ខាងទៀត​ពរ​កូន​តូច ។ វា​បង្ហាញ​ថា​គាត់​ត្រូវហោះហើរ​មួយ​តង់​ទៀត ហើយ​ហៀប​នឹង​ហួស​ជើងហោះហើរ​ទៅ​ហើយ ។ ខ្ញុំ​ឃើញ​គាត់​ភ័យ​ស្លន់ស្លោ​នៅ​លើ​ឥដ្ឋ ខណៈ​អីវ៉ាន់​គាត់​ចេញ​មក ។ ខ្ញុំ​បាន​យក​របស់​របរ​គាត់​ចេញ​មក ៖ រទេះរុញ កៅអី​អង្គុយ​ក្នុង​ឡាន វ៉ាលី កាបូប​កន្ទប ។ គាត់​ត្រូវការ​ជំនួយ ។ ការយល់ចិត្ត​របស់​ខ្ញុំ​ត្រូវ​មាន​ភាពចាស់ទុំ​ពេញ​ដោយ​សេចក្តី​អាណិត​អាសូរ ។

ដោយ​មិនបាន​ណែនាំ​ខ្លួន​ខ្ញុំ ខ្ញុំ​ក៏​ឈោង​ទៅ​យក​របស់​របរ​ជា​ច្រើន​របស់​គាត់ ហើយ​និយាយ​ថា « ខ្ញុំ​នឹង​យក​របស់​ទាំង​នេះ ។ បង​អាច​មើល​គាត់​ទៅ ។ រត់ទៅ​ច្រកចូល​របស់​បង ។ ខ្ញុំ​នឹង​ទៅ​តាម​បង ។ គាត់​បានទទួល​យក​ដោយ​អំណរគុណ ហើយ​យើង​បាន​រត់​ពេញ​អាកាសយានដ្ឋាន ។ ពេល​យើង​ទៅ​ដល់​ច្រកចូល ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​ទៀត​កំពុងអង្វរ​ដល់​អ្នក​បម្រើការ​លើ​យន្តហោះ​កុំ​ឲ្យ​​ចេញ​យន្តហោះ ។ យើង​បាន​ទៅ​ដល់​ទាំង​ដកដង្ហើម​មិន​ដល់​គ្នា ប៉ុន្តែ​ប្រកប​ដោយ​ជោគជ័យ ។ អ្នក​ម្តាយ​វ័យក្មេង និង​ស្ត្រី​រូបនោះ​បានឱប​ក្រសោប​ដោយ​ទឹកភ្នែក​នៃ​អំណរ និង​បានធូរស្រាល​មុនពេល​យន្តហោះ​ឡើង ។

ទង្វើ​ដ៏​តូច​តាចនៃ​ការបម្រើ​នេះ​មិន​បាន​ផ្លាស់ប្តូរ​ពិភពលោក​នោះ​ទេ ប៉ុន្តែ​វា​បាន​ផ្តល់​ពរជ័យ​យ៉ាង​មាន​អត្ថន័យ​ដល់​ជីវិត​របស់​បុត្រ​របស់​ព្រះ​ដែល​ខ្វះខាត ។ ដូច​ដែល​វា​បាន​ជួយ​មិត្ត​ថ្មី​របស់ខ្ញុំ​ឈាន​ទៅរក​គោលដៅ​ខាង​រូបកាយ​របស់​គាត់ វា​បានជួយ​ខ្ញុំ​ឈានទៅ​រក​គោលដៅ​ខាង​វិញ្ញាណ​របស់ខ្ញុំ​ដែរ ។ ការជ្រើសរើស​មាន​ការយល់ចិត្ត និង​ការអាណិត​អាសូរ​បានជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បន្តិចបន្តួច ។ ហើយ​ការណ៍នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត ។

មិន​ថា​យើង​នៅ​កន្លែង​ណា​ទេ—នៅ​កន្លែង​ធ្វើការ ឬ​នៅ​សាលា នៅ​ព្រះវិហារ ឬ​នៅ​លើ​យន្តហោះ—យើង​អាច​ធ្វើជា​តំណាង​ពី​ការយល់ចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នក​ផ្ដល់​ការអាណិតអាសូរ​ដល់​នរណា​នៅ​សព្វ​ថ្ងៃ​នេះ ?

កំណត់​ចំណាំ

  1. នែល អេ ម៉ាកស្វែល « From Whom All Blessings Flow » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ១២ ។

  2. អូលីសេស សូរ៉េស « The Savior’s Abiding Compassion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៤ ។