២០១៣
ការ​ក្លាយ​ខ្លួន​ជា​ពួក​បរិសុទ្ធ​ដ៏​ប្រពៃ​តាមរយៈ​កម្មវិធី​រួបរួម​គ្នា​ខាង​សាសនា
ធ្នូ 2013


ការ​ក្លាយ​ខ្លួន​ជា​ពួក​បរិសុទ្ធ​ដ៏​ប្រពៃ​តាមរយៈ​កម្មវិធី​រួបរួម​គ្នា​ខាង​សាសនា

អ្នកនិពន្ធ​​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

នៅ​ពេល​យើង​បម្រើ​ជាមួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​ផ្សេងៗ យើង​មិន​គ្រាន់​តែ​ស្ថាបនា​ដល់​សហគមន៍​របស់​យើង​ ហើយ​ធ្វើ​ឲ្យ​ទំនាក់​ទំនាក់​របស់​យើង​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ក្លាយ​ជា​សិស្ស​ដ៏​ប្រពៃ​ផង​ដែរ ។

ជា​ញឹកញាប់ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំងឡាយ ​ចូល​រួម​ចំណែក​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត—ដោយ​មិន​គិត​​ពី​សាសនា—នៅ​ក្នុង​ការ​បម្រើ និង​នៅ​ក្នុង​បុព្វហេតុ​នៃ​បញ្ហា​សីលធម៌ ។ ហើយ​ជារឿយៗ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើ​ជា​គំរូ ។ ថ្មីៗ​នេះ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ អម​ដំណើរ​ដោយ​ភរិយា​របស់​លោកគឺ ហារីត បាន​ទទួល​រង្វាន់​ប្រចាំ​ឆ្នាំ​ផ្នែក​មនុស្ស​ធម៌​ពី​សមាគម កាតូលីក លោក​បាន​មាន​ប្រសាសន៍​ថា វា​គឺជា​​ស្ថានភាព​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​ដែល​ « ជន​ជាតិ អាល្លឺម៉ង់ ពីរ​នាក់ ជា​អតីត​​សាសនា លូធើររិន ឥឡូវ​ជា​ពួក មរមន ដ៏​ស្មោះ​ត្រង់ ត្រូវបាន​ផ្ដល់​កិត្តិយស​ដោយ​ពួក កាតូលិក នៅ​ក្នុង​សហរដ្ឋ​អាមេរិក » ។1

សមាជិក​នៅ​ជុំវិញ​ពិភពលោក​បាន​ឆ្លើយ​តប ដោយ​ការ​​លើក​តម្កើង​ចំពោះ​ការ​អំពាវនាវ ​ដើម្បី​បម្រើ​ប្រកៀក​ស្មា​គ្នា​ជាមួយ​នឹង​សមាជិក​នៃ​អង្គការ​ផ្សេងទៀត ។ ខ្ញុំ​បាន​រំជួល​ចិត្ត​ពី​ដំណើរ​រឿង​នៃ​សមាគម​ដែល​រីកចម្រើន​របស់ អិល.​ឌី.​អែស.​ ដោយ​ធ្វើ​សន្និសីទ​អន្តរ​និកាយ​ស្ដីពី​តម្លៃ​សីលធម៌ និង​ការ​សម្អាត​ក្នុង​សហគមន៍​ជាមួយ​នឹង​សាសនាផ្សេងៗ ទៀត ។​

នៅ​ក្នុង​ការ​បម្រើ​ជាមួយអ្នក​ដែល​មាន​ជំនឿ​សាសនាផ្សេងៗ​នោះខ្ញុំ​បាន​រក​ឃើញ​ថា​ការ​លើក​ទឹក​ចិត្ត​ពី​អែលឌើរ ឃ្វីនថិន អិល ឃុក ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​គឺជា​ការ​ពិត ៖ ការ​បម្រើ​នៃ​អន្តរ​និកាយ​ដោយ​ការ​គោរព និង​ស្មោះត្រង់ ​មិន​គ្រាន់តែ​ស្ថាបនា​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចឲ្យ​រីក​ចម្រើ​ន​រួម​គ្នា និង​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​កូនចៅ​របស់​ទ្រង់ ។2

កា​រ​ធ្វើ​ឲ្យ​ពិភពលោក​នេះ​បាន​ប្រសើរ​ឡើង

ប៉ុន្មាន​ឆ្នាំ​មុន មាន​គ្រូ​គង្វាល​ខាង​ជំនឿ ប្រែសប៊ីធារាន បាន​ផ្លាស់​ចូល​មក​ក្នុង​សហគមន៍​របស់​យើង​ដោយ​ចង់​បម្រើ​ដល់​ពួក​អ្នក​ជិត​ខាង​របស់​គាត់​ទាំងអស់ ពុំ​មែន​គ្រាន់តែ​ក្រុម​ជំនុំ​ក្នុង​ព្រះវិហារ​របស់​គាត់​ប៉ុណ្ណោះ​ទេ ។ នៅ​ពេល​គាត់​បានផ្តើមទំនាក់ទំនងទៅក្នុងសហគមន៍​របស់​យើង​ដែល​ភាគច្រើន​ជា​គ្រួសារ អិល.ឌី.អែស. ដើម្បី​ជួយ និង​ការ​អញ្ជើញ​សម្រាប់​ពិធីជប់លៀង​ក្នុង​សហគមន៍ នោះ​សមាជិក​វួដ​បាន​ចាប់ផ្ដើម​ចូល​រួម​នៅ​ក្នុង​គម្រោង​នៃ​ការ​បម្រើ​របស់​ក្រុម​ជំនុំ​គាត់ ដោយ​ធ្វើ​ការ​រួម​គ្នា នោះ​គាត់ និង​អ្នក​ជិត​ខាង​ដែល​មាន​ជំនឿ​ផ្សេងៗ​គ្នា​បាន​ធ្វើ​ការ​រៃអង្គាស​មូលនិធិ​ដើម្បី​ជួយ​ដល់​គ្រួសារ​អិល.ឌី.​អែស មួយ​ជាមួយ​នឹង​ការ​ចំណាយ​ថ្លៃ​​ពេទ្យ​បន្ទាន់ ។​

សាវក អួសុន អែហ្វ វិតនី (1855–1931) បាន​ថ្លែង​ថា « ព្រះ​កំពុង​ប្រើ​មនុស្ស​ជាច្រើន​ដើម្បី​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ​របស់​ទ្រង់ ។ … វា​មាន​ភាព​ធំ ហើយ​អស្ចារ្យពន់​ពេក​សម្រាប់​មនុស្ស​មួយក្រុម » ។3 រឿង​ដ៏​អស្ចារ្យ​ទាំងឡាយ​អាច​សម្រេច​ឡើង​បាន ​នៅ​ពេល​ក្រុម​នៃ​មនុស្ស​ល្អ​ធ្វើ​ការ​រួម​គ្នា ។ ការខំប្រឹងប្រែង​របស់​គ្រូ​គង្វាល​ដែល​ជា​អ្នក​ជិត​ខាង​របស់​យើង​ បាន​ដឹកនាំ​ទៅ​ការ​បង្កើត​ជា​គណៈកម្មការ​សហគមន៍​អន្តរ​និកាយ ដោយ​រួម​ជាមួយ​នឹង​សមាគម​សង្គ្រោះ​ស្តេក​របស់​យើង​ផង​ដែរ បាន​បង្កើត​សន្និសីទ​ស្ត្រី​មួយ​ដោយ​ផ្គត់ផ្គង់​កញ្ចប់​សម្ភារ​អនាម័យ និង​សៀវភៅ​ដល់​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន ។ បន្ទាប់​មក ទំនាក់ទំនង​ខាង​អន្តរ​និកាយ​ទាំង​នេះ​បាន​ផ្ដល់​លទ្ធភាព​ដល់​សមាជិក​ស្តេក​ ឲ្យ​ជួយ​ដល់​ក្រុម​ជំនុំ​មួយ​ផ្ដល់​ម្ហូប​អាហារ​ដល់​ជន​ភៀសខ្លួន​មួយ​ក្រុម​ធំ ហើយ​បាន​ចូល​ជួយ​នៅ​ពេល​ព្រះវិហារ​ផ្សេង​ត្រូវការ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​បន្ថែម​ទៀត​នៅ​ទីជម្រក​ជន​ដែល​គ្មាន​ផ្ទះ​សម្បែង ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រាប់​ដល់​​សមាជិក​ថា « យើង​មាន​ទំនួល​ខុសត្រូវ​មួយ …​​ដើម្បី​ សហការ​ជាមួយ​នឹង​​ព្រះវិហារ​ និង​អង្គការ​ផ្សេងៗទៀត »4 ហើយ​ការ​ឈោង​ទៅ​ជួយនេះ​បាន​ប្រទាន​ពរ​ដល់​ពិភពលោក​នេះ​លើស​ពី​ការ​បម្រើ​ខាង​ផ្នែក​មនុស្ស​ធម៌​ទៅ​ទៀត ។ នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ពូក​អ្នក​ដឹកនាំ​គ្រីស្ទានក្នុង​សហរដ្ឋ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​រៀបរាប់​ ពី​ការ​ពិភាក្សា​ជា​ផ្លូវការ​មួយ​ជាបន្តបន្ទាប់​រវាង​សមាជិក អិល.ឌី.អែស. និង​ពួក​​គ្រីស្ទាន​ផ្សេងទៀត​ដែល​បាន​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ ​ព្រិកហាំ​​យ៉ង់ ។​5 លទ្ធផល​មួយ​នៃ​សន្និសីទ​ទាំងនេះ​បាន​កើត​ឡើង​នៅ​ពេល​មាន​អ្នកដឹកនាំ​សាសនា​ដ៏​ល្បី​ឈ្មោះ​ម្នាក់​បាន​ធ្វើ​ការ​សុំទោស​​ចំពោះ កាយវិការ​មិន​សមរម្យដោយ​ពួក​មនុស្ស​មួយ​ចំនួន​​ទៅ​លើ​ជំនឿ​របស់​ពួក​មរមន​​នៅ​ក្នុង​សហគមន៍​របស់​គាត់ ។6 អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ពី​ការ​ចងភ្ជាប់​មិត្តភាព​នោះ​ថា « ខ្ញុំ​ជឿ​ថា​កិច្ចការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​មក​ពី​ព្រះ​នៅ​ក្នុង​គ្រា​ដ៏​មាន​បញ្ញា​ទាំងនេះ » ។7

ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​បាន​ប្រសើរ​ឡើង

នៅ​ពេល​យើ​ង​បម្រើ​ជាមួយ​អ្នក​ដទៃ សេចក្ដី​ណែនាំ​ដ៏​ជាក់លាក់​​នានា​អាច​ជួយ​យើង​ឲ្យ​បង្កើត​ទំនាក់ទំនង​របស់​យើង​កាន់​តែ​មាន​អត្ថន័យ ហើយ​ជៀសវាង​ការ​ធ្វើ​ឲ្យ​អាក់អន់ចិត្ត ។ មាន​ពេល​មួយ​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ទីក្រុង​ធំ​មួយ ហើយ​បាន​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​កម្មវិធី​បង្រៀន​របស់​ព្រះវិហារ​មួយ ​ក្នុង​មូលដ្ឋាន​ដែល​បើក​សម្រាប់​មនុស្ស​ទូទៅ—ប៉ុន្តែ​បាន​រក​ឃើញ​ថា អ្នក​ដែល​ដឹង​​ពី​សមាជិកភាព​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថ្ងៃ​ចុងក្រោយ​មិន​អាច​ទទួល​យក​បាន ។ បទពិសោធន៍​នោះ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ផ្ដល់​តម្លៃ​ដល់​ការ​បរិច្ចាគ​របស់​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​គិត​ពី​ទំនាក់ ទំនង​ ( ឬ​ការ​ខ្វះ​ខាត ) ខាង​សាសនា​របស់​ពួកគេ​នោះ​ទេ ។ ខ្ញុំ​បាន​តាម​ដាន​ដោយ​អំណរ​គុណ​ពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់គ្នា​ពី​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ផង​ដែរ​ថា យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ បាន​ធ្វើ​តាម​ការ​បង្រៀន​របស់​​ព្រះយេស៊ូវ​ទាំង​ស្រុង​​ នៅ​ក្នុង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ស្លៀកពាក់​ដល់​ជន​អាក្រាត ផ្ដល់​អាហារ​ដល់​ជន​អត់ឃ្លាន ហើយ​សួរ​សុខទុក្ខ​ដល់​ជន​ជាប់​ឃុំ ( សូម​មើល ម៉ាថាយ 25:34–36 ) ។ ការ​តាំងចិត្ត​ខាង​អន្តរ​និកាយ​ដ៏​ស្មោះត្រង់ ហើយ​មាន​ការ​គោរព​ពុំ​តម្រូវឲ្យ​ក្រុម​ណា​មួយ បដិសេធ​នូវ​ជំនឿ​របស់​ខ្លួនឡើយ រួម​ទាំង​ក្រុម​របស់​យើង​​ផង​ដែរ ។ តែ​ផ្ទុយ​ទៅ​វិញ វា​បាន​លើក​ទឹកចិត្ត​ដល់​ពួក​អ្នក​ចូល​រួមមិន​ឲ្យ « ប្រឆាំង​នឹង​សាសនា​ណា​ឡើយ » ( គ. និង ស. 18:20 ) ហើយ « បំពាក់​[ ខ្លួន​ពួកគេ ] ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស » ( គ. និង ស. 88:125 ) ។

សេចក្ដី​ណែនាំ​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ទៀត​បាន​មក​ពី​អ្នកដឹកនាំ​ស្ដេក​ដ៏​ឈ្លាសវៃ​មួយ​រូប​ ​នៅ​ក្នុង​សហគមន៍​អ្នក​ជិតខាង​របស់​យើង​ដែល​ជា អិល.ឌី.អែស​. ភាគច្រើន ។ គាត់​បាន​ណែនាំ​សមាជិក​ឲ្យ​បម្រើ​ជាមួយ​នឹង​សាសនា​ដទៃផ្សេង​ទៀត​ ពុំ​មែន​ដើម្បី « គ្រប់គ្រង » ដោយ​ការ​ដឹកនាំ​លើ​ការ​សម្រេច​ចិត្ត ឬ​ភាព​ជា​អ្នក​ដឹកនាំ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ធ្វើ​ការ​ជា​ក្រុម ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្នា « បាន​សិទ្ធិ​ស្មើ​គ្នា » ( គ. និង ស. 88:122 ) ។ អ្នក​ដឹកនាំ​រូប​នេះ ដែល​មាន​បទពិសោធន៍​យ៉ាង​ច្រើន​ក្នុង​ការ​ចូល​រួម​នឹង​សាសនា​ដទៃ ក៏​បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អភិវឌ្ឍ​ទំនាក់ទំនង​ល្អ ។ គាត់​បាន​រក​ឃើញ​ថា សាសនា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ជា​ដៃ​គូ​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​រក​ឃើញ​ថា​ពួកគេ​ខិតខំ​ធ្វើ​ការ ហើយ​រីករាយ ប៉ុន្តែ​មាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​ក្នុង​ការ​បញ្ចប់​ការ​ងារ​ជា​ជាង​ការ​អភិវឌ្ឍន៍​មិត្តភាព ។

បទពិសោធន៍​របស់​ខ្ញុំ​នៅ​ក្នុង​សហគមន៍ និង​ខាង​វិស័យ​​អប់រំ​​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា ​ព្រះវិញ្ញាណ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពេល​​មនុស្ស​ផ្សេង​គ្នា​បាន​រួប​រួម​គ្នា​នៅ​ក្នុង​បេសកកម្ម​មួយ​ដ៏​មាន​តម្លៃ ។​សេចក្ដី​ស្រឡាញ់ និង​ភាព​បរិសុទ្ធ​ជា​បងប្អូន​បាន​ជំរុញ​ឲ្យ​ការ​បម្រើ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​លើស​ពី​ការ​ខិតខំ​ធ្វើ​ការ​ទៅ​ទៀត ។8

អ្នក​ឡើង​និយាយ​ម្នាក់​ជា អិល.​ឌី.​អែស ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរ​និកាយ​មួយ​បាន​សង្កេត​ឃើញ​ថា ការ​មាន​ទំនាក់ទំនង​នឹង​មនុស្ស​ដទៃ​ជួយ​ដល់​ជន​ ដែលមាន ជំនឿខុស​ពី​យើង​យល់​ពី​យើង​កាន់​តែ​ប្រសើរ​ជាង​មុន ។9 មាន​សាស្ត្រាចារ្យ​ម្នាក់​ទៀត នៅ​សាសនា​​ផ្សេង បាន​បង្រៀន​សន្និបាត​ពី​សាសនា​មរមន​នៅ​សកលវិទ្យាល័យ​អាមេរិក​ដោយ​បើក​ចំហ ។ ​គាត់​បាន​រក​ឃើញ​ថា និស្សិត​របស់​គាត់​ចង់​រៀន​ពី​សាសនាចក្រ​របស់​យើង « ជា​ខ្លាំង …​ ដោយ​សារ​ពួកគេ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​មក​ឲ្យ​ជឿ​ថា សាសនា​នេះ​ជា​លទ្ធិ​សាសនា​មួយ ប៉ុន្តែ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​មិត្ត និង​មិត្ត​រួម​ការ​ងារ​ជា មរមន គឺ​មិន​ដូចជា​អ្វី​ដែល​បាន​លើក​ឡើង​ឡើយ » ។10

ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​បាន​ប្រសើរ​ឡើង

ការ​បម្រើ​ជាមួយ​នឹង​អ្នក​ដទៃ​មិន​គ្រាន់​តែ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​លើក​ទឹក​ចិត្តយើង​​ឲ្យ​រៀន​ពី​ពួកគេ ហើយ​ដឹង​កាន់តែ​ច្រើន​ថា ​ព្រះ « មិន​រើស​មុខ​ជន​ណា​ទេ » ( គ. និង ស. 1:35 ) ។ ទ្រង់​បាន​ជួយ​មនុស្ស​ល្អ​គ្រប់​សាសនា និង​វប្បធម៌​ទាំង​អស់​នៅ​ក្នុង​​កិច្ច​ខិតខំ​របស់​ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កូនចៅ​របស់​ទ្រង់​បាន​ប្រសើរ​ឡើង ។

ការ​ទទួល​ស្គាល់​អំពើ​ល្អ​របស់​អ្នក​ដទៃ​នេះ​ជួយ​យើង​ឲ្យនៅតែមានចិត្ត​រាបទាប មិន​ដូចជា​ពួក​ផារ៉ាស៊ី​ ដែល​ព្រះយេស៊ូវ​បាន​ស្ដី​បន្ទោស​ ដោយសារ​តែ​សេចក្ដី​អំនួត​ខាង​វិញ្ញាណ​របស់​ពួកគេ ( សូម​មើល ម៉ាថាយ 23 ) ឬ​ពួក​សាសន៍ សូរាំ ដែល​​ព្រះ​គម្ពីរ​មរមន​បាន​ពិពណ៌នា​ថា​ ជា​មនុស្ស​មិន​ចុះ​សម្រុង ហើយ​អួតអាង ( សូម​មើល អាលម៉ា 31 ) ។ ការ​បើក​ទូលាយ​ចំពោះ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ ។

សេចក្ដី​ស្រឡាញ់​របស់​យើងមិន​គ្រាន់​តែ​អាច​ពង្រីក​ពី​ក្រុម​តូច​ ដែល​ជាគ្រួសារ​របស់​យើង​ផ្ទាល់​​ ទៅ​ដល់មិត្ត​ភក្តិ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ គឺអាច​ថែម​ទាំង​ដល់អ្នក​ជិត​ខាង​យើង—និង​សត្រូវ​របស់​យើង​ទៀតផង ។ ​មាន​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​បម្រើ​ក្នុង​ទ័ព​អាមេរិក​នា–​សង្គ្រាម​លោក​លើក​ទី II នៅ​ប្រទេស​ជប៉ុន​បាន​ប្រាប់​ពី​អារម្មណ៍​ដ៏​ ជូរចត់​របស់​គាត់​ចំពោះ​ប្រជាជន ជប៉ុន ។ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ទៅ​ក្នុង​អគារ​ពិសិដ្ឋ​សម្រាប់​ថ្វាយ​បង្គំ​ដោយ​ប្រជាជន ជប៉ុន ប៉ុន្តែ​គាត់​បាន​រក​ឃើញ​ថា « វិញ្ញាណ​របស់​ពួកគេ​បាន​រំជួល​ដល់​​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ចំពោះ​ពួកគេ ។ អារម្មណ៍​ដ៏​ ជូរចត់​របស់​ខ្ញុំ​បាន​រសាយ​បាត់ ។ … ខ្ញុំ​បាន​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អគារ​ពិសិដ្ឋ​នោះ និង ​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ​នោះ ​ដែល​ខ្ញុំ​មាន​ចំពោះ​ប្រជាជន​នៅ​ទី​នោះ » ។11

ដូចគ្នា​​នេះ​ដែរ នៅ​ពេល​យើង​ស្វាគមន៍​​ដោយ​ចិត្ត​ស្មោះ ដល់​​​មនុស្ស​ដទៃ​ទៀត នោះ​ពួកគេ​អាច​ទទួល​អារម្មណ៍​នូវ​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ ។ មាន​អ្នក​គ្រីស្ទាន​ម្នាក់​ដែល​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ ព្រិកហាំ​​យ៉ង់ បាន​សរសេរ​អត្ថបទ​មួយ​ពី​បទពិសោធន៍​របស់​នាង​ ហើយ​បាន​រៀបរាប់​ពី​ការ​ការ​ពារ​ដំបូង​របស់​នាង​ចំពោះ​និស្សិត​អិល.ឌី.អែស. ។ ប៉ុន្តែ​​នៅ​ទីបំផុត​បន្ទាប់​ការ​ចង​មិត្តភាព​ដ៏​​ល្អ​មក នាង​មាន​អំណរគុណ « សារៈសំខាន់​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ផ្ដោត​លើភាពជិតស្និទ្ធ​របស់​ព្រះចំពោះមនុស្សលោក ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្គាល់​ថា នៅ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បី​រក្សា​នូវ​ភាព​ដ៏​អស្ចារ្យ​របស់​ព្រះ ខ្ញុំ​បាន​លះបង់​នូវ​ភាព​នៅ​ជិត​ ​ព្រះ—ហើយ​ការ​យល់​ដឹង​នេះ​បាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​យ៉ាង​ខ្លាំង » ។​12

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​ពួក​អ្នកដឹកនាំ​គ្រីស្ទាន អែលឌើរ ហូឡិន បាន​ទទួល​ស្គាល់ « ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​រៀន​នូវ​អ្វី​មួយ​ថ្មី​ពី​មនុស្ស​ម្នាក់​ផ្សេងទៀត ។ គំនិតស៊ីជម្រៅ​ថ្មី​តែងតែ​ជះ​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​ចាស់ ហេតុដូច្នេះ​ហើយ ការ​គិត​ឡើងវិញ ការ​រៀបចំ​ឡើង​វិញ និង​ការ​បង្កើត​ឡើងវិញ​មួយ​ចំនួន​ នៃ​ការ​យល់​ដឹង​របស់​យើង​ពី​ពិភពលោក​នេះ​គឺ​មិន​ជៀស​វាង​បាន​ឡើយ » ។​13 នៅ​ក្នុង​ការ​ជួយ​ដល់​មនុស្ស​នៃ​ជំនឿ​ផ្សេង ជារឿយៗ ខ្ញុំ​បាន​រក​ឃើញ​ខ្លួន​ឯង​វិភាគ​ពី​ភាព​ខុស​គ្នា​របស់​យើង ដោយ​ព្យាយាម​ញែក​ភាព​ខុសគ្នា​​​ខាង​វប្បធម៌​ចេញ​ពី​ភាព​ខុស​គ្នា​ខាង​គោលលទ្ធិ ខណៈ​ ដែល​នៅ​ពេល​ដូចគ្នា​នោះ​បាន​ព្យាយាម​ដឹង​គុណ​ដល់​អ្វីៗ​គ្រប់​យ៉ាង​ដ៏​មាន​គុណធម៌ និង​គួរ​ឲ្យ​ស្រឡាញ់​ដែល​ពួកគេ​បាន​ផ្ដល់​ឲ្យ ។ ពិត​ណាស់ ពេល​ខ្លះ​ការ​ព្យាយាម​នោះ​មាន​អារម្មណ៍​ថា​ជា​រឿង​ប្រថុយប្រថាន ប៉ុន្តែ​វា​តែង​មាន​តម្លៃ​ជានិច្ច ។ នៅ​ក្នុង​ដំណើរការ​នៃការកែសម្រួលបទដ្ឋាន​របស់ខ្ញុំ ខ្ញុំ​រក​ឃើញ​ថា​ខ្លួន​ឯង​បាន​លះបង់​​យ៉ាង​ច្រើន​នូវ​ទំនៀមទម្លាប់​របស់​ខ្ញុំ ចំពោះ​ការ​មើល​តែ​អាការៈខាង ​ក្រៅ ហើយ​ខិត​ទៅ​ជិត​នឹង​សារៈសំខាន់​នៃ​ដំណឹងល្អ ។​​

មាន​ក្រុម អិល.ឌី.​អែស មួយ​ចំនួន​បាន​អញ្ជើញ​គ្រូ​គង្វាល​ដែល​ជា​មិត្ត​របស់ខ្ញុំ​ឲ្យ​និយាយ​ពី​ប្រធាន​បទ​នៃ « ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ដោយ​មិន​គិត​ពី​ភាព​ខុស​គ្នា​ខា​ង​សាសនា » ហើយ​គាត់​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ដែល​បាន​ចូល​រួម ។ ដូចគ្នា​នេះ​ដែរ គាត់​​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​ចំនួន​ រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ដើម្បី​និយាយ​ទៅ​កាន់​ក្រុម​ជំនុំ​ផ្សេងៗ​គ្នា​ពី​ប្រធាន​បទ​ដដែល ។ បន្ទាប់​ពី​ការ​ប្រជុំ​ទាំងនោះ ខ្ញុំ​បាន​រក​ឃើញ​ថា​ខ្លួន​ឯង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ពួក​ក្រុម​ជំនុំ​ដែល​ចង់​មក​និយាយ​នឹង​ខ្ញុំ ឱប​ខ្ញុំ ហើយ​ថែម​ទាំង​​សម្រក់​ទឹកភ្នែក​ដោយ​សារ​សេចក្ដី​ស្រឡាញ់ និង​ការ​យល់​ដឹង​ពី​គ្នា​ទៅវិញ​ទៅ​មក ។ នៅ​ក្នុង​បទពិសោធន៍​បែប​នេះ ខ្ញុំ​បាន​រក​ឃើញ​ថា​ការ​សន្និដ្ឋាន​របស់​អែលឌើរ ហូឡិន គឺជា​ការ​ពិត ៖

« នៅ​ពេល​យើង​សម្លឹង​មើល​មនុស្ស​លើស​ពី​ពណ៌​សម្បុរ ជាតិសាសន៍ ក្រុម​សង្គម ព្រះវិហារ សាលា​ប្រជុំ វិហារ សាសនា ជំនឿ ហើយ​នៅ​ពេល​យើង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​មើល​ឃើញ​ពី​អត្តសញ្ញាណ​ពិត​របស់​ពួកគេ​ ជាកូនចៅ​នៃ​ព្រះ​តែ​មួយ នោះ​​នឹង​មាន​អ្វី​មួយ​ដែល​ល្អ​ប្រសើរ​កើត​ឡើង​នៅ​ក្នុង​ខ្លួន​យើង ដោយ​ហេតុ​នេះ​ហើយ​នឹង​បាន​ខិត​ទៅ​ជិត​ព្រះ ​ដែល​​ជា​ព្រះវរបិតា​នៃ​យើង​ទាំងអស់​គ្នា » ។14

កំណត់​ចំណាំ

  1. Dieter F. Uchtdorf, in Marjorie Cortez « Catholic Community Services honors Uchtdorfs, Eccles as humanitarians of the year » ថ្ងៃ​ទី 7 ខែ វិច្ឆិកា ឆ្នាំ 2012, deseretnews.com ។

  2. ​សូម​មើល ឃ្វីនថិន អិល ឃុក « “Partnering with Our Friends from Other Faiths » ថ្ងៃទី 9 ខែ សីហា ឆ្នាំ 2010, patheos.com ។.

  3. អួសុន អែហ្វ វិតនី នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ 1928 ទំព័រ 59 ។

  4. ថូម៉ាស អេស ម៉នសុន នៅ​ក្នុង « The Mormon Ethic of Civility » ​ថ្ងៃទី 16 ខែ តុលា ឆ្នាំ 2009 mormonnewsroom.org

  5. សូម​មើល ជែហ្វ្រី អ័រ ហូឡិន « Standing Together for the Cause of Christ » Liahona ខែ សីហា ឆ្នាំ 2012 ទំព័រ 24–26 ។

  6. យ៉ូសែប វ័រឃើរ « Evangelical leader says LDS Church is not a cult » ថ្ងៃ​ទី 10 ខែ តុលា ឆ្នាំ 2011, deseretnews.com ។

  7. ជែហ្វ្រី អ័រ ហូឡិន « Standing Together » Liahona ទំព័រ 24 ។

  8. សូម​មើល ម៉ៃខល អេ ណៃឌើរ « The Voice of the People » Ensign ខែ ​តុលា ឆ្នាំ 2012 ទំព័រ 38–40 ។

  9. សូម​មើល ប្ល៊ែរ ឌី ហចស៍ « Mormons, Methodists meet to consider similarities, compare cultures, theology, music » ថ្ងៃ​ទី 25 ខែ កុម្ភៈ ឆ្នាំ 2012, deseretnews.com ។

  10. យ៉ូសែប វ័រឃើរ « University of Virginia Chair in Mormon studies named for Richard L. Bushman » ថ្ងៃ​ទី 12 ខែ តុលា ឆ្នាំ 2012, deseretnews.com ។

  11. ហ្វើរ៉ុន អេ អុលសុន « Forgiveness at Wakayama » Ensign ខែ ធ្នូ ឆ្នាំ 2011 ទំព័រ 57 ។

  12. សារ៉ា ថៃឡើរ នៅ​ក្នុង « An Evangelical Student’s Experience at BYU » Meridian Magazine ldsmag.com ។

  13. ជែហ្វ្រី អ័រ ហូឡិន « Standing Together » Liahona ទំព័រ 29 ។

  14. ជែហ្វ្រី អ័រ ហូឡិន « Standing Together »Liahona ទំព័រ 29 ។

នៅ​ឯ​រោង​ឧបោសថ​នៃ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង សលត៍ លេក ​រដ្ឋ យូថាហ៍ លោក​បណ្ឌិត ដេវីឌ អ័រ ផាកកឺ ជា​នាយក​រង​នៃ​មជ្ឈមណ្ឌល​ជាតិ យូនីស ខេនណេឌ ស្រ៊ីវើរ​ សម្រាប់​សមាគមន៍​​នៃ​ការ​ថែទាំ បាន​ធ្វើ​សញ្ញាណ​ជា​ភាសា​-គ ថា « ចូរ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​លើ​ផែនដី » ខណៈ​ដែល​​អ្នក​ចូល​រួម​​កំពុង​ច្រៀង ។ ដោយ​បាន​ប្រារព្ធ​ឡើង​នៅ​ខែ ​កុម្ភៈ ឆ្នាំ 2012 ​ព្រឹត្តិការណ៍​នេះ​ស្ថិត​នៅ​ក្រោម​គណៈកម្មាធិការ​​នៃ​ការ​ប្រជុំ​អន្តរ​និកាយ​នៅ​ទីក្រុង សលត៍ លេក ។​

©2012 IRI ។

កម្មវិធី Holladay Matters ( នៅ​ទី​ក្រុង ហូឡាដេ រដ្ឋ យូថាហ៍ ស.រ.អា. ) ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បីស្វាគមន៍​មនុស្ស​មក​ពីគ្រប់​សាសនា ឬ​គ្មាន​ការ​ចូល​រួម​ខាង​សាសនា ចូល​ម​ក​ក្នុងគម្រោង និង​សកម្មភាពអ្នក​ជិតខាង ។ ស្ត្រី​មក​ពី​និកាយ​ផ្សេងៗ​គ្នា​នៅ​ក្នុង​រូបថត​នេះ​គឺជា​សមាជិក​ស្ថាបនិក ។

នៅ​ខែ ធ្នូ ឆ្នាំ 2011 កុមារ​មក​ពី​ព្រះវិហារ​ទស្សនៈ​បរិសុទ្ធ កាតូលីក នៅ​រដ្ឋ ញូវ ជឺស៊ី ស.រ.អា. បាន​សម្ដែង​កម្មវិធី​គ្រីស្ទម៉ាស​មួយ​ជាមួយ​នឹង​កុមារ​មក​ពី ក្រុម​ជំនុំ​នៃ​សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការ​ប្រគុំ​​តន្ត្រី​វិភាគទាន​នេះ​បាន​ជួយ​ប្រមូល យក​អាហារ​សម្រាប់​ឃ្លាំង​ស្ដុក​អាហារ​ក្នុង​មូល​ដ្ឋាន ។

ពួក​អ្នក​ចូល​រួម​បាន​ពិភាក្សា​ពី​ការ​​ការ​ពារ​ដល់​សិទ្ធិ​សេរីភាព​ខាង​សាសនា​នៅ​ក្នុង​សន្និសីទ​អន្តរ​និកាយ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង សៅ ផាឡូ ប្រទេស ប្រេស៊ីល នៅ​ខែ មិនា ឆ្នាំ 2013 ។​

​ខាង​ក្រោម​ ពី​ខាង​ឆ្វេង ៖ ​ពួក​អ្នក​របាំ បារ៉ាតាណាទីយ៉ាំ បាន​សម្ដែង ​នៅ​ក្នុង​រោង​ឧបោសថ សលត៍ លេក អំឡុង​ការ​ប្រគំ​តន្ត្រី​អន្តរ​និកាយ​នៅ​ខែ ​កុម្ភៈ ឆ្នាំ 2010 ។ សមាជិក​អ្នក​ទស្សនា​ម្នាក់​បាន​រីករាយ​នឹង​ការ​ប្រគំ​តន្ត្រី​នោះ ។ នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​របស់​សារលិខិត​មរមន មាន​ពួក​មជ្ឈិម​វ័យ​វ័យ​ក្មេង​មក​សាសនា​ផ្សេងគ្នា​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ភាព​បរិសុទ្ធផ្លូវភេទ ។ ពួក​អ្នក​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​ភួយ ​សម្រាប់​សប្បុរសធម៌​ជា​អន្តរ​និកាយ​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង ហ៊ូស្តុន ​រដ្ឋ តិចសាស ស.រ.អា. បាន​ធ្វើ​ភួយ​សម្រាប់​ក្រុម​គ្រួសារ​ដែលខ្វះខាត ។

អាឡិន បាច់មិន ប្រធាន​នៃ​ការ​ប្រជុំ​អន្តរ​និកាយ​នៅ​ទីក្រុង សលត៍ លេក បាន​និយាយ​នៅ​ក្នុង​រោង​ឧបោសថ សលត៍ ​លេក​ នៅ​ខែ ​កុម្ភៈ ឆ្នាំ 2012 ។

ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បី​នាក់​បាន​ចូល​រួម​​ពិធី​ជប់លៀង​ខាង​សាសនា ជា​អាហារ​ពេល​ល្ងាច​មួយ​ដែល​រៀបចំ​ឡើង ​ដោយក្រុម​មួយ​មក​ពី​វប្បធម៌​ផ្សេង​គ្នា​នៅ​ទីក្រុង ស្ប៉ូក​ខេន រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។ ​ពួកគាត់ និង​អ្នក​ចូលរួម​ផ្សេងទៀត​បាន​​ដើរ​ទស្សនា​វិហារ អ៊ីស្លាម ក្នុង​មូលដ្ឋាន​មួយ ជា​កន្លែង​ថ្វាយ​បង្គំ​មួយ​សម្រាប់​សមាជិក​សាសនា ស៊ីខ និង​ព្រះវិហារ ប្រែសប៊ីធារាន ។

ពី​ខាង​ឆ្វេង ៖ រូបថត​ដោយ ឡេស្លី និលសិន© 2011 IRI, © 2013 IRI

ពី​ខាង​ឆ្វេង ៖ © 2010 IRI, © 2012 IRI, © 2011 IRI, © 2007 IRI, © 2012 IRI, ថតរូប​ដោយ អេមីលី ហ្គេដឌេស