២០១៣
យើង​មក​យក​អំណាយ​របស់​យើង
ធ្នូ 2013


យើង​មក​យក​អំណាយ​របស់​យើង

វ៉លធើរ អេមីលីយ៉ូ ប៉ូសាដា រ៉ូឌ្រីហ្គេស្ស កូឡុំប៊ី

នៅ​ពេល​ខ្ញុំ​ជា​សមាជិក​នៃ​គណៈប្រធាន​មណ្ឌល​របស់​យើង ខ្ញុំ​បាន​ជួយ​សម្រប​សម្រួល​សកម្មភាព មួយ​ដែល​សមាជិក​ក្នុង​មណ្ឌល​របស់​យើង​បាន​បរិច្ចាគ​ប្រដាប់​ប្រដាក្មេង​លេង​ ដល់​កុមារ​ដែល​នៅ​រស់​ក្នុង​ទីក្រុង សៅចា ប្រទេស កូឡុំប៊ី ។ យើង​មាន​ការ​ឆ្លើយតប​មួយ​​យ៉ាង​អស្ចារ្យ​ ពី​សំណាក់​សមាជិក​គ្រប់​រូប ។ រាល់អំណោយ​ទាំងនោះ​ពុំ​មែន​សុទ្ធ​តែ​ថ្មី​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​នៅ​ល្អ ។

នៅ​ពេល​បាន​​ទុកដាក់​អំណោយ​រួច​ហើយ​នៅ​ក្នុង​រថយន្ត​ក្រុង​ដែល​នឹង​ដឹក​យើង​ទៅ​កាន់​ទី​ក្រុង​នោះ នោះ​មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំដោយ​មាន​កាន់​​បាល់​ជ័រ​ដែល​មាន​ស្នាម​ឆូត​ជាច្រើន ។ ខ្ញុំ​បាន​កាន់​បាល់​នោះ​ក្នុង​ដៃ ដោយ​ងឿង​ឆ្ងល់​ថាតើ​នរណា​គេ​ទៅ​ដែល​បរិច្ចាគ​បាល់​ដែល​ចាស់​បែប​នេះ ។ ដោយ​មាន​នូវ​សេចក្ដី​មើល​ងាយ ខ្ញុំ​បាន​បោះ​​វា​ចូល​ទៅ​ក្រោម​កៅអី ។

នៅពេល​​យើង​ទៅ​ដល់ យុវវ័យ​របស់​យើង​បាន​ចាប់ផ្ដើម​ច្រៀង​ទំនុក​តម្កើង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ តន្ត្រី ជាមួយ​នឹង​​មួក​គ្រីស្ទម៉ាស់​របស់​ពួកគេ​បាន​ទាក់ទាញ​ដល់​កុមារ​មួយ​ក្រុម​ធំ ។ នៅ​ពេល​យើង​ចាប់ផ្ដើមដាក់​ព្យួរ​អំណោយ កុមារ​ទាំងនោះ​បាន​ហៅ​កុមារ​ដទៃទៀត​ឲ្យ​មក ។ រំពេច​នោះ​យើង​បាន​ចែក​អំណោយ​របស់​យើង​ទាំងអស់ ។

នៅ​ពេល​យើង​រៀប​នឹង​ចេញ​ដំណើរ ខ្ញុំ​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​ជា​ប្រាំបី​ឆ្នាំ​បាន​រត់​មក​រក​យើង ដោយ​កាន់​ដៃប្អូន​ប្រុស​របស់​ខ្លួន ។ នៅ​ពេល​ពួកគេ​បាន​មក​ដល់ ក្មេ​ង​ប្រុស​ច្បង​បាននិយាយ​ថា « យើង​មក​យក​អំណោយ​របស់​យើង » ។ ចិត្ត​បរិសុទ្ធ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំគ្មាន​ពាក្យ​នឹង​និយាយ ហើយ​បាន​ដក់​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ពន្យល់​គាត់​ថា អំណោយ​អស់​ហើយ ។ គាត់​បាន​ឆ្លើយ​ថា « វា​មិន​ថ្វី​ទេ​​បើ​គ្មាន​អំណោយ​របស់​ខ្ញុំ ប៉ុន្តែ​របស់​ប្អូន​ប្រុស​ខ្ញុំ​ត្រូវ​តែ​មាន » ។

បន្ទាប់​មក​ខ្ញុំ​បាន​នឹក​ឃើញ​ពី​បាល់ដែល​ខ្ញុំ​បាន​បោះ​ចូល​ទៅ​ក្រោម​កៅ​អី ។ ខ្ញុំ​បាន​ប្រាប់​ក្មេង​ប្រុស​នោះ​ថា​ខ្ញុំ​នៅ​សល់​អំណោយ​មួយ​ទៀត​ប៉ុន្តែ​វា​ចាស់​បន្តិច​ហើយ ។

គាត់បាន​និយាយថា « មិនថ្វី​ទេ ទោះ​ជា​អ្វី​ក៏ដោយ » ។ « មួយ​នោះ​ហើយ » ។

ខ្ញុំ​បាន​ឡើង​ទៅ​លើ​រថយន្ត​ក្រុង​ទៅ​រក​ឃើញបាល់​នោះ ។ នៅ​ពេល​ខ្ញុំ​បាន​ឲ្យ​វា​ទៅ​ក្មេង​ប្រុស​តូច​នោះ គាត់​មាន​សេចក្ដី​អំណរ​យ៉ាង​ខ្លាំង ។ ដោយ​លោត​ទាំង​អំណរគុណ គាត់​បាន​និយាយ​ថា « បាល់ ! នោះ​ជា​អំណោយ​ដែល​ខ្ញុំ​បាន​សុំ​ព្រះឱរស​ព្រះគ្រីស្ទឲ្យ​មក​ខ្ញុំ » ។ គាត់​បាន​បន្ត​រាំ​ដោយរីករាយ នៅ​ពេល​គាត់ និង​បងប្រុស​របស់​គាត់​ដើរ​ចេញ​ទៅ​ជាមួយ​នឹង​អំណោយ​ដ៏​មាន​តម្លៃ​រ​បស់​ពួកគេ ។

ខ្ញុំ​បាន​ឈរ​ស្ងៀម​នៅ​ទី​នោះ ហើយ​សម្រក់​ទឹក​ភ្នែក នៅ​ពេល​អារម្មណ៍​ដ៏​កក់​ក្ដៅ​មួយ​នៃ​សេចក្ដី​សុខ​សាន្ត និង​ការ​ដឹង​គុណ​បាន​កើត​មាន​ចំពោះ​ខ្ញុំ ។ ការ​ខ្វល់ខ្វាយ និង​ការ​មើល​ថែ​ដ៏​សប្បុរស​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​​បាន​ផ្ដល់​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​បានដក់​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំបាន​សង្ឃឹម​ក្នុង​ចិត្ត​​ថា ខ្ញុំ​នឹង​​​មាន​បំណង​ចង់​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ​​ទៀត​ដូច​ជា​ក្មេង​ប្រុស​ច្បង​ម្នាក់​នោះ​មាន​បំណង​ចង់ផ្តល់ជា​ពរ​ដល់​ប្អូនប្រុស​របស់​គាត់​ផង​ដែរ ។

នៅ​ពេល​ក្មេងប្រុស​ទាំង​ពីរ​នាក់​នោះ​បាន​ដើរ​ចេញ​ទៅ​ទាំង​រីករាយ ខ្ញុំបាន​នឹក​ឃើញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ។ ទ្រង់​មិន​ភ្លេច​សូម្បី​តែ​ក្មេង​ប្រុស​តូច​ម្នាក់រស់​នៅ​តាម​ជួរ​ភ្នំ​ដែល​បាន​សុំ​បាល់​សាមញ្ញ​មួយ​សម្រាប់​បុណ្យ​គ្រីស្ទ​ម៉ាស់​នោះ​ឡើយ ។