២០១៣
បេសកកម្ម​ដ៏ទេវភាព​របស់​​ព្រះយេស៊ូវគ្រីស្ទ ៖ បុត្រា​បង្កើត​តែ​មួយ​គត់
ធ្នូ 2013


សារ​លិខិត​ការ​បង្រៀន​សួរ​សុខ​ទុក្ខ

បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ បុត្រា​បង្កើត​តែ​មួយ​គត់

សូម​សិក្សា​ឯកសារ​នេះ ហើយស្វែងរក​ដើម្បី​បាន​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ តើ​ការ​យល់ដឹង​ពីឆាក​ជីវិត និង បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​ជន ដែល​មើល​ថែ​តាមរយៈ​ការ​បង្រៀន​តាម​ផ្ទះ​ដោយ​របៀបណា ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org ។

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ហៅ​ថា​​ជា​បុត្រា​បង្កើត​តែ​មួយ​គត់ ដោយសារ​ទ្រង់​គឺជា​អង្គ​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី ដែល​ប្រសូត​ពី​ម្ដាយ​ដែល​មាន​ជីវិត​រមែង​ស្លាប់ និង ព្រះវរបិតា​ដែល​មាន​ជីវិត​អមតៈ ។ ទ្រង់​បាន​គ្រង​អំណាច​ដ៏ទេវភាព​ពី​ព្រះ ជា​ព្រះវរបិតា​ទ្រង់ ។ ពីមាតាទ្រង់ ម៉ារា ទ្រង់​បាន​ទទួល​មរតក​ជា​ជីវិត​រមែង​ស្លាប់ ហើយ​ទទួល​រង​នូវ​ការ​ស្រេកឃ្លាន ការនឿយហត់ ការឈឺចាប់ និង សេចក្តីស្លាប់ ។1

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​បុត្រ​តែ​មួយ​គត់​របស់​ព្រះវរបិតា ទ្រង់​អាច​ដាក់​ជីវិត​របស់​ទ្រង់ចុះ ហើយ​អាច​យក​វា​ត្រឡប់​មកវិញ​ម្ដងទៀត ។ ព្រះគម្ពីរ​បង្រៀន​ថា « តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » យើង « ទទួល​ដំណើរ​រស់​ឡើងវិញ » ( យ៉ាកុប 4:11 ) ។ យើង​ក៏រៀន​ផង​ដែរ​ថា មនុស្ស​ទាំងអស់ « អាច​បាន​ប្រោស​ពី​អមតភាព​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ប្រសិន​បើ​យើង « នឹង​ជឿ » ( គ. និង ស. 29:43 ) ។

នៅ​ពេល​យើង​បាន​យល់ទាំង​ស្រុងពី​ហេតុផល ដែល​ព្រះយេស៊ូវ​បាន​ក្លាយ​ជា​បុត្រា​បង្កើត​តែ​មួយ​គត់ នៃ​ព្រះវរបិតា នោះ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​នឹង​កើន​ឡើង ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ថា « សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការ​ជឿ​ស៊ប់ និង ការបញ្ជាក់​ពី (1) ឋានៈ​របស់​ទ្រង់​ក្នុងនាម​ជា​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះ (2) ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់របស់​ទ្រង់ និង (3) ការ​រស់​ឡើង​វិញ​ដ៏​ពិតប្រាកដ​របស់​ទ្រង់ » ។2 ពួក​ព្យាការី​សម័យ​ទំនើប​បាន​ថ្លែង​ទីបន្ទាល់​ថា៖ « [ ព្រះយេស៊ូវគ្រីស្ទ ] គឺជា … បុត្រា​បង្កើត​តែ​មួយ​គត់​ខាង​សាច់ឈាម ជាព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក » ។3

ដកស្រង់​ចេញពី​ព្រះ​គម្ពីរ

យ៉ូហាន 3:16, គោលលទ្ធិ និង សេចក្ដី​សញ្ញា 20:21–24, ម៉ូសេ 5:6–9

ដកស្រង់​ចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​បាន​អាន​ពី​ដំណើររឿង​របស់​ស្ត្រី ទាំង​មាន​ឈ្មោះ និង ពុំស្គាល់​ឈ្មោះ ដែល​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​រៀន​ ហើយ​បាន​រស់​នៅ​តាម​ការ​បង្រៀន​របស់​ទ្រង់ ហើយ​បាន​ថ្លែងទីបន្ទាល់​ពី​ការ​បម្រើ អព្ភូតហេតុ និង ភាពអស្ចារ្យ​របស់​ទ្រង់ ។ ស្ត្រី​ទាំងនេះ​បាន​ក្លាយ​ជា​ពួក​សិស្ស​ដ៏​គំរូ និង​ ជា​សាក្សីដ៏ពិសេស​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។

ឧទាហរណ៍ ម៉ាថា បាន​ថ្លែងទីបន្ទាល់​ដ៏​រឹងមាំ​ពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​គាត់បាន​និយាយ​ទៅ​កាន់​ទ្រង់​ថា « ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែលត្រូវ​យាង​មក​ក្នុងលោកិយ​មែន » ( យ៉ូហាន 11:27 ) ។

ពួក​អ្នក​សាក្សី​នៃ​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ មុន​គេ​បង្អស់​មួយ​ចំនួនមាន​មាតា​របស់​ទ្រង់ ម៉ារា និង បងប្អូន​ជីដូន​មួយ​របស់​គាត់ អេលីសាបិត ។ មិន​យូរប៉ុន្មាន​បន្ទាប់​ពី​ទេវត កាព្រីយ៉ែល បាន​ទៅ​ជួប​នឹង​ ម៉ារា នាង​បាន​ទៅ​ជួប​នឹង​ អេលីសាបិត ។ រំពេច​ដែល​អេលីសាបិត​បាន​ឮ​ពាក្យ​ជំរាបសួរ​របស់​ ម៉ារា ភ្លាម គាត់ « បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » ( លូកា 1:41 ) ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា ម៉ារា នឹង​ក្លាយ​ទៅជា​មាតា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ។

កំណត់​ចំណាំ

  1. សូម​មើល គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ( ឆ្នាំ 2009 ) ទំព័រ 52–53 ។

  2. D. Todd Christofferson « Building Faith in Christ » Liahona ខែ កញ្ញា ឆ្នាំ 2012 ទំព័រ 13 ។

  3. « The Living Christ: The Testimony of the Apostles » Liahona ខែ មេសា ឆ្នាំ 2000 ទំព័រ 2–3 ។

កុំ​ពាល់​ខ្ញុំ ដោយ មិនើវ៉ា ធិកឈើត ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ​​នៅសាកលវិទ្យាល័យ ព្រិកហាំ​យ៉ង់ ។