២០១៣
សារៈសំខាន់នៃការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ​ ​
ធ្នូ 2013


សារៈសំខាន់នៃការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់

ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​បាន​ធ្វើ​ឲ្យ​​កំណត់ត្រា​ជា​ច្រើន ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​លើ​អ៊ីនធឺណិត ដើម្បី​ឲ្យ​សមាជិក​អាច​ស្វែងរក ហើយ​យក​ឈ្មោះ​គ្រួសារ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។

ក្រដាស​កំណត់ចំណាំ​ខ្លី​មួយ​នៅ​លើ​ក្ដារចុច​បាន​សរសេរ​ថា « កុំព្យូទ័រ​នេះ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​សាំយ៉ូអែល នៅ​ម៉ោង 5:00 ព្រឹក » ។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រធាន​ស្តេក​គាត់ សុំ​ឲ្យ​ស្តេក​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ឲ្យ​បានឈ្មោះ​មួយ​លាន នោះ សាំយ៉ូអែល ប៊ី អាយុ 14 ឆ្នាំ នៅ​រដ្ឋ យូថាហ៍ បាន​ចាប់​ផ្ដើម​ក្រោក​ពី​ដំណេក​នៅ​​ម៉ោង 5:00 ព្រឹក ដើម្បី​គាត់​អាច​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ពី​មុន​គាត់​ទៅ​សាលារៀន ។ ដោយ​មាន​កុំព្យូទ័រ​តែ​មួយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​បង​ប្អូន​ដល់​​ទៅ​ប្រាំ​មួយ​នាក់​ត្រូវការ​ធ្វើ​កិច្ចការ​សាលា នោះ សាំយ៉ូអែល ត្រូវ​លះបង់​ពេល​ដេក​មួយ​ចំនួន​ដើម្បី​មាន​ពេល​ប្រើ​កុំព្យូទ័រ​នោះ ។

ប៉ុន្តែ​ភាព​រីករាយ​របស់ សាំយ៉ូអែល បាន​រាលដាល​ទៅ​ដល់​គ្រួសារ​ទាំងមូល ។ មិន​យូរ​ប៉ុន្មាន បងប្រុស​របស់​គាត់ ណាថាន់ បាន​លះបង់​ពេល​វេលា​លេង​បាល់​បោះ ហើយ​ប្អូន​ស្រី​​របស់​​គាត់ អ៊ីវិល្លីន បាន​លះបង់​ពេល​អាន​សៀវភៅ​ដើម្បី​មក​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ។ ឪពុក​របស់ សាំយ៉ូអែល បាន​និយាយ​ថា « កូន​ៗ​របស់​ខ្ញុំពុំ​ធ្លាប់ដែលលើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​​ចំពោះខ្ញុំ​ បែប​នេះ ពី​មុន​ ឡើយ » ។ « ខ្ញុំ​បាន​គិត​ថា​ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ជា​រឿង​ដ៏​លំបាក រហូតដល់​ពួកគេ​បាន​ធ្វើ​កិច្ចការ​នេះ ។ ពួក​គេ​បា​ន​បង្រៀន​ខ្ញុំ​ថា វា​ជា​រឿង​ងាយ​ស្រួល ហើយ​សប្បាយ » ។ លុះ​ដល់​យប់​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ក្មេង​ទាំងនោះ​បាន​រួសរាន់​បញ្ចប់​គោលដៅ ធ្វើ​លិបិក្រម​អ្នកស្លាប់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឲ្យ​បាន​ពី​មុន​ពាក់​កណ្ដាល​អាធ្រាត្រ ។

នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ គ្រួសារ ឡានូហ្សា នៅ​ប្រទេស ហ្គាតេម៉ាឡា បាន​មាន​ភាព​រីករាយ​ដូចគ្នា​នេះ​ផង​ដែរ ។ គ្រួសារ​ដែល​មាន​គ្នា​ប្រាំបួន​នាក់​នេះ—កូន​ប្រាំ​នាក់ ម្ដាយ ឪពុក ជីដូន និង​ជីតា—បាន​​ប្រើ​​កុំព្យូទ័រ​​មួយ​រួម​​គ្នា ។ ដោយ​កូនៗ​ប្រើ​កុំព្យូទ័រ​ធ្វើ​កិច្ចការ​សាលា ម្ដាយ​បញ្ចប់​ថ្នាក់​របស់​ខ្លួន​នៅ​ឯ​សកលវិទ្យាល័យ ហើយ​ឪពុក​ទៅ​ធ្វើ​ការ នោះ​កុំព្យូទ័រ​តែង​តែ​ជា​តម្រូវការ​ដ៏​ខ្ពស់​បំផុត ហើយ​សមាជិក​គ្រួសារ​ម្នាក់ៗ​បាន​ប្ដូរ​វេន​គ្នា​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ។ គ្រួសារ​នេះ​បាន​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​រួមគ្នា ដែលមានចំនួន​លើស​ពី 37,000 កំណត់ត្រា ក្នុង​ឆ្នាំ 2011 ។

ក្មេង​ទាំង​នេះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ទទួល​យក​សំណូមពរ​ដែល​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ស្នើសុំ​ដល់​យុវវ័យ​ ក្នុង​សាសនាចក្រ​កាល​ពី​​ខែ តុលា ឆ្នាំ 2011 ៖

« មាន​អ្នករាល់គ្នា​ជាច្រើន​ប្រហែល​ជា​គិត​ថា កិច្ចការ​ពង្សប្រវត្តិ​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ពួក​មនុស្ស​វ័យ​ចំណាស់ ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​គ្មាន​ការ​កំណត់​អាយុ​ណា​មួយ​​បាន​រៀបរាប់​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​សេចក្ដី​ណែនាំ​ណា​មួយ​ដែល​បាន​ប្រកាស​ដោយ​ពួក​​អ្នកដឹកនាំ​សាសនាចក្រ​​បាន​ដាក់​កំហិត​​នូវ​ការ​បម្រើ​ដល់​សំខាន់​នេះ​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ឡើយ ។ …

« ខ្ញុំ​សូម​អញ្ជើញ​យុវវ័យ​នៃ​សាសនា​ចក្រ ដើម្បី​រៀន ហើយ​ទទួល​បទពិសោធន៍​នៃ​វិញ្ញាណ​របស់​អេលីយ៉ា » ។1

​ពង្ស​ប្រវត្តិ​ដែល​ស្រួល ហើយ​រហ័ស

ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​គឺ​ជា​វិធី​ងាយ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ដើម្បី​ចាប់ផ្ដើម​ជាមួយ​នឹង​ពង្ស​ប្រវត្តិ ហើយ​ទទួល​ប​ទពិសោធន៍​ពី​វិញ្ញាណ​នៃ​អេលីយ៉ា ។ រដ្ឋាភិបាល និង​ព្រះវិហារ​បាន​រក្សា​ទុក​កំណត់ត្រា​​របស់​ប្រជាជន និង​ក្រុម​គ្រួសារ​ជា​ច្រើន​ទសវត្សរ៍ ប៉ុន្តែ​កំណត់​ត្រា​​ទាំងនេះ​មាន​ការ​លំបាក ដើម្បី​យក​មក​ប្រើ​ប្រាស់ ហើយ​ចំណាយ​ពេល​វេលា​ដើម្បី​ស្វែង​រក ។ កាល​ពី​មុន មនុស្ស​ដែល​បាន​បែក​ចេញ​ពី​ដែនដី​ដូន​តា​របស់​ខ្លួន ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែងទាំងនោះ ហើយ​ស្វែង​រក​កំណត់ត្រា ដោយ​គ្មាន​ការ​ធានាអះអាង​ថា ពួកគេ​នឹង​រក​ឃើញ​ឈ្មោះ​គ្រួសារ​ឡើយ ។

ការ​ណែនាំ​ឲ្យ​ស្គាល់​ពី​ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ក្នុង FamilySearch នៅ​ឆ្នាំ 2006 បាន​ពន្លឿន​ដល់​​ការ​ស្រាវជ្រាវ​ពង្ស​ប្រវត្តិ ។ នៅ​ពេល​ ឈ្មោះ​ជាច្រើន​ត្រូវ​បាន​លាក់​ទុក នៅ​ក្នុង​ក្រដាស​កំណត់ត្រា​ដែល​សរសេរ​ដោយ​ដៃ ហើយ​បាន​ទុក​នៅ​ក្នុង​ឃ្លាំង​ដ៏​ត្រជាក់​​បាន​កត់ត្រា ( ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ) ហើយ​ឥឡូវ​នេះ​​អាច​ស្វែងរក​បាន​ដោយ​ផ្ទាល់​នៅ​លើ​កុំព្យូទ័រ ។ ការ​សម្រេច​កិច្ចការ​នេះ​បាន ពួក​អ្នក​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ស្ម័គ្រ​ចិត្ត​ទាញ​យក « បាច់ » នៃ​កំណត់ត្រា​ដែល​មាន​ប្រមាណ​ជា 10 ទៅ 50 ឈ្មោះ​ពី​កុំព្យូទ័រ​នៅ​ផ្ទះ​របស់​ពួកគេ ។ ពួកគេ​បាន​វាយ​ឈ្មោះ កាល​បរិច្ឆេទ និង​ព័ត៌មាន​ផ្សេងទៀត​ចូល​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់ FamilySearch ការ​ធ្វើ​​ដូច្នេះ អាច​ផ្តល់​លទ្ធភាព​នៃ​ការ​​បង្កើត​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ជា​អេឡិចត្រូនិក​ដែល​អាច​ស្វែង​រក​បាន ។

ពី​មុន​ដាក់​ឲ្យ​ប្រើ​កម្មវិធី​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ក្នុង FamilySearch វា​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​បង្កើត​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​មួយ​ដែល​អាច​ស្វែង​រក​បាន សូម្បីតែ​សំណុំ​កំណត់ត្រា​មួយ​ ដោយ​ប្រើ​បច្ចេកទេស​ពី​មុន​នៃ​ការ​ដក​ស្រង់​ឈ្មោះ ។ ម៉ៃខល ជូដសិន ជា​នាយក​ផ្នែក​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​សម្រាប់​កម្មវិធី FamilySearch បាន​មាន​ប្រសាសន៍​ថា វា​ត្រូវ​ចំណាយ​ពេល​អស់ 11 ឆ្នាំ ដើម្បី​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​សម្រាប់ Freedman Bank Records ( កំណត់ត្រា​របស់ សហរដ្ឋ ពី​ទាសករ​ដែល​មាន​សេរីភាព ដែល​បាន​បង្កើត​គណនី​ធនាគារ ) ។ ឥឡូវនេះ គាត់​ប៉ាន់​ប្រមាណ វា​ត្រូវ​ចំណាយ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ ។

ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ទូទាំង​ពិភពលោក​បាន​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ច្រើន​ជាង​មួយ​ពាន់លាន​កំណត់ត្រា​ចាប់តាំង​ពី​ឆ្នាំ 2006 ប៉ុន្តែ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ។ មាន​កំណត់ត្រា​រាប់​ពាន់លានបន្ថែម​ទៀត​ ដែល​កំពុង​រង់ចាំ​នៅ​ក្នុង​ទូរ​ដែក​រក្សា​កំណត់ត្រា ក្នុង​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ ហើយ​លើស​ពី​នោះ​ទៀត គឺ​មាន​កំណត់ត្រា​ដែល​បាន​រក​ឃើញ នៅ​ក្នុង​បណ្ណាសារ​​ផ្សេងទៀត​ទូទាំង​សកល​លោក ដែល​នាយកដ្ឋាន​ពង្សប្រវត្តិ​កំពុង​ធ្វើ​ការ​ថត​រូប​ភាព​ប្រមាណ​ជា 35 លាន រូបភាព​ក្នុង​មួយ​ខែ ។

ស្ថានភាព​ជាក់លាក់ ពរជ័យ​ជាក់លាក់

គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ថា « សមាជិក​ទាំងឡាយ​ត្រូវ​បាន​លើក​​ទឹក​ចិត្ត​ឲ្យ​ចូល​រួម នៅ​ក្នុង​ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ក្នុង FamilySearch ដែល​​វា​មាន​សារៈសំខាន់​ចំពោះ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ » ។2 សមាជិក​មក​ពី​ជុំវិញ​ពិភពលោក​កំពុង​ឆ្លើយតប​ចំពោះ​ការ​ទូន្មាន​នេះ ហើយ​កំពុង​ទទួល​បាន​ពរជ័យ​យ៉ាង​អស្ចារ្យ ។

ពួក​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស អ៊ុយក្រែន កំពុង​ខិតខំ ដើម្បី​បង្កើត​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ជា​អេឡិចត្រូនិក ដែល​នឹង​ជួយ​ជម្រុញ​ដល់​ការ​ស្រាវជ្រាវ​ពង្ស​ប្រវត្តិ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ភាគ​ខាង​កើត ។​ គ្រួសារ រូដិនកូ នៅ ខីអីវ កំពុង​ធ្វើ​ជា​​គំរូ​មួយ​យ៉ាង​អស្ចារ្យ ។ ពួកគេ​បាន​​ចំណាយ​លើ​ថ្លៃ​អ៊ីនធឺណិត ដើម្បី​ពួកគេ និង​កូន​របស់​ពួកគេ​អាច​ធ្វើ​លិបិក្រម​សម្រាប់​ឈ្មោះអ្នកស្លាប់ ទាំងឡាយ ។ បងស្រី រូដិនកូ បាន​ទុក​កុំព្យូទ័រ​យួរ​ដៃ​របស់​គ្រួសារ​នៅ​លើ​តុ​ផ្ទះ​បាយ ដើម្បី​គាត់​អាច​ធ្វើ​ លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ នៅ​ពេល​គាត់​មាន​ពេល​អំឡុង​ថ្ងៃ​នោះ ។ គាត់​បាន​ប្រើ​ដៃ​ម្ខាង​វាយ​ឈ្មោះ ខណៈ​ដែល​ប្រើ​ដៃ​ម្ខាង​ទៀត​បី​កូន ។ កូន​ប្រុស​អាយុ 16 ឆ្នាំ និង​កូនស្រី​អាយុ 12 ឆ្នាំ​​របស់​ពួកគេ​ក៏​បាន​ក្លាយ​ជា​អ្នក​ធ្វើ​លិបិក្រមសម្រាប់អ្នក​ស្លាប់​ផង​ដែរ ហើយ​ពេល​ខ្លះ​គ្រួសារ​នេះ​បាន​ចូល​ទៅ​បណ្ណាសារ​របស់​រដ្ឋាភិបាល​ដើម្បី​ស្រាវជ្រាវ​ឈ្មោះ​គ្រួសារ​ទៀត​ផង ។ ជា​ធម្មតា គ្រួសារ រូដិនកូ បាន​ផ្ញើ​ឈ្មោះ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​ឲ្យ​ឈ្មោះ​ទាំង​នោះ ពេល​ខ្លះ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ។

បងស្រី រូដិនកូ បាន​និយាយ​ពី​ពរជ័យ​ដែល​គាត់​បាន​ទទួល​តាមរយៈ​កិច្ចការ​ពង្សប្រវត្តិ​ថា ៖ « ខ្ញុំ​ជឿ​ថា ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ និង​កិច្ចការ​ពង្ស​ប្រវត្តិ​ការ​ពារ​ដល់​យើង ។ ខ្ញុំ​ត្រូវ​បាន​សន្យា​នៅ​ក្នុង​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​ថា ការ​ធ្វើ​នូវ​កិច្ចការ​នេះ​នឹង​ការ​ពារ​ដល់​ខ្ញុំ និង​កូនចៅ​ខ្ញុំ ។ គំនិត​របស់​ពួកគេ​នឹង​បាន​ស្អាត​ស្អំ ហើយ​ពួកគេ​នឹង​មាន​លទ្ធភាព​ដើម្បី​ទប់​ទល់នឹង​ឥទ្ធិពល​អាក្រក់​នៃ​ពិភពលោក​នេះ ។ … [ កូន​របស់​ខ្ញុំ ] បាន​ទទួល​នូវ​ព្រះចេស្ដា​នៃ​ព្រះ​តាមរយៈ​កិច្ចការ​នេះ » ។

មាន​សមាជិក​ជាច្រើន​កំពុង​រក​ឃើញ​ថា ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់បាន​ផ្ដល់​ឱកាស​បម្រើ​មួយ​ដ៏​មាន​ន័យ ដោយ​មិន​គិត​ពី​ជំនាញ ឬ​ស្ថានភាព​នោះ​ឡើយ ។ ម៉ាលីនដា ភែរី មក​ពី​រដ្ឋ យូថាហ៍ ស.រ.អា. បាន​ជួប​នឹង​គ្រោះថ្នាក់​រថយន្ត​នៅ​ពេល​គាត់​មាន​អាយុ 24 ឆ្នាំ ដែល​ធ្វើ​ឲ្យកំរើក​ខ្លួន​មិន​រួច​ចាប់​ពី​-ក​ចុះ​ក្រោម ។ នៅ​ពេល​គាត់​បានសម្របសម្រួល​ទៅ​នឹង​ជីវិត​ថ្មី​នេះ បងស្រី ភែរី បាន​អធិស្ឋាន​ស្វែងរក​វិធី​ដែល​គាត់​អាច​បម្រើ ។ គាត់​បាន​ទទួល​ចម្លើយ​របស់​គាត់ នៅ​ពេល រេលីន អែនឌឺសិន មក​ពី​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្តេក​បាន​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បាន​បង្រៀន​គាត់​ពី​របៀប​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ។ ឥឡូវ​នេះ បងស្រី ភែរ បាន​ចំណាយ​ពេល​នៅ​មុខ​កុំព្យូទ័រ​រាល់​ថ្ងៃ​ដោយ​មាន​ឈើ​មួយ​បិទ​ជាប់​នឹង​ដៃ​របស់​គាត់ ហើយ​រំកិល​វា​ល្មម​នឹង​អាច​វាយ​អក្សរ​បាន ។ គាត់​បាន​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ឈ្មោះ​អ្នកស្លាប់មួយ​​ចំនួន​រៀងរាល់​ថ្ងៃ ។

បង​ស្រី ភែរី​ និយាយ​ថា « ជាជាង​ផ្ដោត​អារម្មណ៍​ពី​ខ្លួន​ខ្ញុំ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ នោះ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​រក​ការ​បម្រើ​​អ្នក​ដទៃ » ។ « ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ចូល​ចិត្ត​នឹង​ផ្ដល់​ពរជ័យ​របស់​ទ្រង់​ទៅ​ដល់​អ្នក​ដទៃ​ទៀត​តាមរយៈ​ការ​ធ្វើ​ លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ » ។

ខណៈ​ដែល​កំពុង​ស្ដាប់​បទ​បង្ហាញ​មួយ​ពី​ពង្ស​ប្រវត្តិ ប្រធាន​ស្តេក ដេវីឌ ភីកាប់ នៅ ឆ័រ​លី ប្រទេស​អង់គ្លេស បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​មួយ​ថា ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ អាច​ជួយ​សមាជិក​​នៅ​ក្នុង​ស្តេក​របស់​លោក ឲ្យ​បង្កើត​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​​បរិសុទ្ធ ។ ប៉ុន្តែ​លោក​បាន​ឆ្ងល់​​ថា តើ​អ្វី​មួយ​ដែល​​មើល​ទៅ​ដូចជា​ការ​វា​យ​បញ្ចូល​ទិន្នន័យ​ទូទៅ​នឹង​អាច​ដឹកនាំ​មនុស្ស​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ​បាន​ដោយ​របៀប​ណា ?

លោក​បាន​សម្រេច​ចិត្ត​សាកល្បង​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ហើយ​បាន​រក​ឃើញ​ថា វា​បាន​នាំ​នូវ​វិញ្ញាណ​របស់ អេលីយ៉ា បន្ថែម​ទៀត​មក​ក្នុង​ជីវិត​របស់​លោក ។​ចំពោះ​លោក ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ បាន​ក្លាយ​ទៅ​ជា​កិច្ចការ « បន្សុទ្ធ » មួយ ។ លោក​បាន​មាន​ប្រសាសន៍​ថា « អ្នក​មិន​អាច​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ដោយ​គ្មាន​ការ​គិត​ពី​ឈ្មោះ​ដែល​អ្នក​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​គិត​ពី​ឈ្មោះ​របស់​គ្រួសារ​អ្នក​​ផង​ដែរ » ។

ប្រធាន ភីកាប់ បាន​សំណូមពរ​ដល់​សមាជិក​នៅ​ក្នុង​ស្តេក​របស់​លោក​ឲ្យ​ប្រើ​ការ​ធ្វើ​លិបិក្រម​អ្នកស្លាប់ ជា​វិធី​មួយ​ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ។ ក្នុងរយៈពេល​មួយ​ដ៏​ខ្លី​ប៉ុណ្ណោះ លោក និង​ពួក​អ្នក​ដឹកនាំ​ស្ដេក​​ផ្សេងទៀត​​បាន​សង្កេត​​ឃើញ​ការ​កើន​ឡើង​​មួយ យ៉ាងធំ​នៅ​ក្នុង​ភាព​សក្ដិសម​សម្រាប់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ការ​ចូល​រួម​សាក្រាម៉ង់ ។ ពួកគេ​បាន​សង្កេត​ឃើញ​ថា សមាជិក​ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ការ​ធ្វើ​លិបិក្រមសម្រាប់អ្នក​ស្លាប់ កំពុង​អភិវឌ្ឍ​នូវ​បំណង​ប្រាថ្នា​មួយ ដើម្បី​នាំ​យក​ឈ្មោះ​របស់​ក្រុម​គ្រួសារ​របស់​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

ម៉ាខិនស្ស៊ី អេជ អាយុ​ដប់​ប្រាំពីរ​ឆ្នាំ បាន​ធ្វើ​តាម​សំណូមពរ​របស់​ប្រធាន ភីកាប់ ដោយ​អស់​ពី​ចិត្ត ហើយ​បាន​ចាប់ផ្ដើម​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ ហើយ​នាង​បាន​ជួយ​ដល់​បងប្អូន ឪពុកម្ដាយ​ និង​លោកតា​លោក​យាយ​របស់​នាង​ចូល​រួម​ចំណែក​ផង​ដែរ ។ តិច​ជាង​ពីរ​ឆ្នាំ ម៉ាខិនស្ស៊ី ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ បាន​លើស​ពី 44,000 ឈ្មោះ ។ សំខាន់​ជាង​នេះ​ទៀត ម៉ាខិនស្ស៊ី និង​គ្រួសារ​នាង​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ស្វែង​រក​ឈ្មោះ​របស់​គ្រួសារ​ពួកគេ យក​ឈ្មោះ​ទាំង​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូលរួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ ។

ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ បាន​ជួយ​សមាជិក​ក្នុង​ស្តេក​ ឆ័រលី​ដោយ​បាន​នូវ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ និង​ដោយ​ការ​ផ្ដល់​ដល់​ពួកគេ​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវ​ការ ដើម្បី​យក​ឈ្មោះ​គ្រួសារ​របស់​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ភីកាប់ បាន​មាន​ប្រសាសន៍​ថា « អ្នក​ពុំ​ចាំ​បាច់​ត្រូវ​មាន​ភាព​សក្ដិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ទើប​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ បាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​ធ្វើ​លិបិក្រមសម្រាប់អ្នក​ស្លាប់ វា​នឹង​បន្សុទ្ធ​អ្នក ហើយ​អ្នក​នឹង​ចង់​មាន​ភាព​សក្ដិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​អ្នក​នឹង​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​អ្នក​នឹង​ចង់​ធ្វើ​កិច្ចការ​សម្រាប់​បុព្វការី​ជន​របស់​អ្នក ។ … ខ្ញុំ​ដឹង​ពី​កិច្ចការ​នេះ ដោយសារ​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ » ។

ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់ បាន​ជួយ​ដល់​មនុស្ស​គ្រប់​គ្នា

​ព្រះអម្ចាស់​បាន​សន្យា​ថា « មើល​ចុះ យើង​នឹង​ពន្លឿន​​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ( គ. និង ស. 88:73 ) ។ ការ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​គឺ​ជា​របៀប​មួយ​ដែល​ព្រះអម្ចាស់​កំពុង​បំពេញ​ការ​សន្យា​នោះ ។ មនុស្ស​ទាំងអស់​អាច​ស្វែង​រក​បុព្វការី​ជន​របស់​ពួកគេ ហើយ​ទុក​ឲ្យ​​អ្នក​ដទៃ​អាច​ស្វែង​រក​បុព្វការី​ជន​របស់​ពួកគេ ប៉ុន្តែ​ធ្វើ​លិបិក្រម​ឈ្មោះ​អ្នក​ស្លាប់​ជួយ​សម្រួល ហើយ​ជួយ​ដល់​ការ​ស្រាវជ្រាវ​រក​ពង្សប្រវត្តិ​របស់​មនុស្ស​គ្រប់​រូប ។ បងប្រុស ជូដសិន បាន​និយាយ​ថា « ព្រះអម្ចាស់​បាន​ប្រទាន​បច្ចេកវិទ្យា​ដល់​យើង​សម្រាប់​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដ៏​ធំ​នៅ​ក្នុង​ការ​ស្វែង​រក​ឈ្មោះ » ។ « ឥឡូវ​នេះ អ្នក​ពុំ​មែន​គ្រាន់​តែ​អាច​ធ្វើ​ពង្ស​ប្រវត្តិ​សម្រាប់​គ្រួសារ​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​លិបិក្រម​អ្នកស្លាប់​គឺ​ការ​ប្រមូល​នូវ​កិច្ច​ខិតខំ​មួយ​ដើម្បី​ជួយ​រាល់​កូន​ចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ » ។

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 26 ។

  2. សារ​លិខិត​គណៈប្រធាន​ទី​មួយ​ចុះ​ថ្ងៃ​ទី 29 ខែ កុម្ភៈ ឆ្នាំ 2012 ។

រចនា​រូបថត​ដោយ ឡេស្លី និលសិន© IRI

រចនា​រូបថត​ដោយ អាឡេកស៊ី វិកតូរ៉ូវិច ដូប្រូវ៉ូលស្គី