២០១៣
សេចក្ដី​សន្យា​នៃ​បុណ្យ​គ្រីស្ទម៉ាស់
ធ្នូ 2013


សេចក្ដី​សន្យា​នៃ​បុណ្យ​គ្រីស្ទម៉ាស

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែលស៍

សូម​ឲ្យ​យើង​យក​ពេល​វេលា​ក្នុងរដូវ​​បុណ្យ​គ្រីស្ទម៉ាស​ ដើម្បី​​រំឭក​ឡើងវិញ​នូវ​សេចក្ដី​សញ្ញា​របស់​យើង​ក្នុង​ការ​ដើរ​តាម​ព្រះអង្គសង្គ្រោះ និង​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ ដូចដែល​ទ្រង់​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង​ដែរ ។

យើង​មិន​អាច​យល់​បាន​ទាំង​ស្រុង​នូវ​អត្ថន័យ​នៃ​បុណ្យ​គ្រីស្ទម៉ាសឡើយ ដរាបណា​យើង​យល់​ពី​អត្ថន័យ​នៃ​ឆាក​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ដង្វាយធួន និង​ការ​រស់​ឡើង​វិញ​សិន ។

ខ្ញុំ​មិន​អាច​គិត​ពី​ការ​ប្រសូត​នៃ​ព្រះអង្គ​សង្គ្រោះ​ ដោយ​ពុំ​គិត​ពី​ព្រះបន្ទូល​រ​បស់​ទ្រង់​ទៅ​កាន់លោក​ពីឡាត់​ថា ៖ « ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកិយ​នេះ​សម្រាប់​តែ​ការណ៍​នេះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​​ពី​សេចក្ដី​ពិត ។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្ដីពិត នោះ​ក៏​ឮសំឡេង​ខ្ញុំ » ( យ៉ូហាន 18:37 ) ។

នៅ​ពេល​យើង​ចាប់​ផ្ដើម​រដូវ​បុណ្យគ្រីស្ទម៉ាស សូម​ឲ្យ​យើង​ពិចារណាសេចក្ដីព្យាករណ៍​នៅ​ក្នុង​ព្រះគម្ពីរ​ពី​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដី​ព្យាករណ៍​ទាំងនោះ​ពុំ​មែន​គ្រាន់​តែ​ជា​សេចក្ដី​ថ្លែង​ចម្លែក​នៃ​ភាព​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​សេចក្ដី​ថ្លែង​ដ៏​អស្ចារ្យ​នៃ​គោលបំណង និង​សេចក្ដីសន្យា​ពី​ឆាកជីវិត​ និង​​បេសកកម្ម​របស់​ទ្រង់ ហើយ​និង​អ្វី​ដែល​ទ្រង់​មាន​ព្រះបំណង​ប្រទាន​ឲ្យ​យើង​ម្នាក់ៗ ។

សេចក្ដីព្យាករណ៍​នៃ​ការ​យាង​មក​របស់​ទ្រង់

ការ​យាង​មក​របស់​ព្រះគ្រីស្ទ​ត្រូវបាន​ព្យាករ​រាប់​ពាន់​ឆ្នាំមុន ។ ប្រមាណ​ជា 2,000 ឆ្នាំ​ពី​មុន​ការ​ប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ អ័ប្រាហាំ​បាន​បង្រៀន​ពី​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ប្រមាណ​ជា 1,400 ឆ្នាំ​មុន​ការ​ប្រសូត​របស់ទ្រង់ ម៉ូសេ​បាន​បង្រៀន​​ពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ដូចគ្នា​នេះ ។ ប្រមាណ​ជា 700 ឆ្នាំ​មុន​ការ​ប្រសូត​របស់​ទ្រង់ អេសាយ​បាន​បើក​សម្ដែង​នូវ​ស្ថាន​ភាព​នៃ​ការ​ប្រសូត ឆាកជីវិត និង​ការ​សុគត​របស់​ទ្រង់ថា ៖

« ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទីសម្គាល់​មួយ​មក​អ្នករាល់​គ្នា​ដោយ​ព្រះអង្គ​ទ្រង់​ មើ​លនាង​ព្រហ្មចារីនឹង​មាន​គត៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​និងឲ្យ​ព្រះនាម​ថា អេម៉ាញូអែល » ( អេសាយ 7:14 ) ។

ត្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះដ៏​ប្រសើរ​អស្ចារ្យ ព្រះ​ដ៏​ជួយ​គំនិត ព្រះ​ដ៏​មាន​ព្រះចេស្ដា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ( អេសាយ 9:6 ) ។

« ទ្រង់ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះ​បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​ពី​សេចក្ដី​ឈឺចាប់ ។ …

« ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែ​យើង​រាល់គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា ។

« តែ​ទ្រង់​ត្រូវ​របួស​ដោយ​ព្រោះ​អំពើ​​រំលង​របស់​យើង​ ក៏​ត្រូវ​វា​យ​ជាំ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង ​… ហើយ​យើង​រាល់គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ ។ …

« ទ្រង់ …​ គឺ​ដូចជា​កូនចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូចជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួ​ក​អ្នក​កាត់​រោមយ៉ាងណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះឱស្ឋ​សោះ​យ៉ាងនោះ​ដែរ ។

« ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ ហើយ​ពី​សេចក្ដី​យុត្តិធម៌ ។ …

« ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត​ នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជាមួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះឱស្ឋ​ទ្រង់​ឡើយ​ផង » ( អេសាយ 53:3–5, 7–9 ) ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពីសេចក្ដីព្យាករណ៍​របស់​អេសាយ ព្យាការី​លីហៃ​មាន​សុបិន​មួយ​ដ៏​អស្ចារ្យ ហើយ​បាន​បង្រៀន​ដល់​គ្រួសារ​របស់​គាត់​ពី​អ្វី​ដែល​គាត់​បាន​រៀន ។ នីហ្វៃ​បាន​កត់ត្រា​ថា ៖ « ប្រាំ​មួយ​រយ​ឆ្នាំ​​ចាប់​តាំង​ពី​ពេល​ដែល​ឪពុក​ខ្ញុំ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក នោះ​នឹង​មាន​ព្យាការី​ម្នាក់​ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់នឹង​លើក​ឡើង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា—គឺ​ព្រះមែស៊ី ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក » ( នីហ្វៃទី 1 10:4 ) ។

លីហៃ​ក៏​បាន​និយាយ​ពី​ពួក​ព្យាការី​ដ៏​ច្រើន​ ដែល​បាន​ថ្លែង​ទីបន្ទាល់​ស្ដីពី​ការ​យាង​មក​នៃ​ព្រះអង្គ​ប្រោស​លោះ​​នៃ​ពិភពលោកផង​ដែរ ( សូមមើល នីហ្វៃទី 1 10:5 ) ។

សេចក្ដី​សន្យា​នៃ​បុណ្យ​គ្រីស្ទម៉ាស

ដំណឹងល្អ​នៃ​លូកា​កត់ត្រា​ថា ពីមុន​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ មាតា​របស់​ទ្រង់​បាន​ធ្វើ​ដំណើរ​យ៉ាង​​ប្រញាប់ប្រញាល់​ទៅ​លេង​បងប្អូន​ជីដូន​មួយ​របស់​ខ្លួន​ឈ្មោះ​អេលីសាបិត ។

« កាល​អេលីសាបិតបាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​​បរិសុទ្ធ ៖

« ក៏​បន្លឺ​សំឡេងយ៉ាង​ខ្លាំង​ថា ក្នុង​បណ្ដា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរពិត ព្រមទាំងនៅ​ក្នុង​ផ្ទៃ​នាង​ផង » ( លូកា 1:41–42 ) ។

នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​អេលីសាបិត នោះ​ទ្រង់​ថ្លែង​ទីបន្ទាល់​មក​កាន់​យើង​ថា ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ត្រូ​វបាន​បំពេញ​ហើយ ។ ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក ហើយ​បាន​ធ្វើ​កិច្ចការ​ដែល​ព្រះវរបិតា​ទ្រង់​បាន​បញ្ជូន​ទ្រង់​ឲ្យ​មក​ធ្វើ ។

នីហ្វៃ​បាន​កត់ត្រា​ពី​ព្រះអង្គ​សង្គ្រោះ​ថា ៖

« ហើយ​ខ្ញុំ​ក៏​មើល​ហើយ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្តង​ទៀត​នាង​កំពុង​តែ​បី​ព្រះ​ឱរស​ក្នុង​ដៃ​របស់​នាង ។

« ហើយ​ទេវតា​មាន​បន្ទូល មក​ខ្ញុំ​ថា ៖ មើលន៍ កូនចៀម​នៃ​ព្រះ មែន​ហើយ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ វរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ! » ( នីហ្វៃទី 1 11:20–21 ) ។

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម 12 ព្រះវស្សា​ ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​ពន្យល់​ទៅកាន់ឪពុកម្ដាយ​របស់​ទ្រង់​ដែល​កំពុង​មាន​ការ​ព្រួយបារម្ភ​ថា ទ្រង់បាន​ទៅ​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់ ( សូមមើល លូកា 2:42–49 ) ។

កិច្ចការ​នោះ​ត្រូវ​បាន​សម្រេច​ នៅ​ពេល​ទ្រង់ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​លើ​ផែនដី​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នាពី​លទ្ធផល​នៃ​បេសកកម្ម​នោះ​នៅ​ក្នុង​បន្ទូល​ដ៏​ក្ដុកក្ដួល​ទាំងនេះ​ថា ៖

« យើង​បាន​មក​រក​រាស្ត្រ​យើង តែ​រាស្ត្រយើង​មិន​បាន​ទទួល​យើង​សោះ ។ ហើយ​បទគម្ពីរ​ទាំងឡាយ​ដែល​ស្ដី​អំពី​ការ​យាង​មក​របស់​យើង នោះ​ត្រូវបាន​បំពេញ​ហើយ ។

« ហើយ​អស់​អ្នក​ណា​ដែល​បាន​ទទួល​យើង អ្នក​នោះ​ហើយ​ដែល​យើង​បាន​ឲ្យ​ក្លាយ​ទៅ​ជា​កូន​ព្រះ ហើយ​ដូចគ្នា​នេះ យើង​ក៏​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​នាម​របស់​យើង ត្បិត​មើល​ចុះ​ដោយសារ​យើង​ ទើប​មាន​សេចក្ដី​ប្រោស​លោះ​កើត​ឡើង ហើយ​នៅ​ក្នុង​យើង នោះ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ត្រូវបាន​បំពេញ » ( នីហ្វៃ​ទី 3 9:16–17 ) ។

សេចក្ដីសន្យា​របស់​ទ្រង់​ថា​យើង​អាច​ក្លាយ​ជា​បុត្រា​បុត្រី​របស់​ទ្រង់​នឹង​ត្រូវ​បានយល់ដឹង នៅ​ពេល​យើង​ជឿ​លើ​ទ្រង់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ដោយ​ការ​គោរព​ប្រតិបត្តិ ។ បន្ទាប់​មក​ យើង​នឹង​បាន​រៀបចំ​ខ្លួន ​ដើម្បី​ទទួល​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ទ្រង់​បាន​មាន​បន្ទូល​ថា ៖ « មើលចុះ យើង​គឺជា​តួអង្គ​ដែល​ត្រូវបាន​រៀបចំ​ទុក​ចាប់​តាំង​ពី​កំណើត​លោកិយ​មក ដើម្បី​ប្រោសលោះ​រាស្ត្រ​យើង ។ មើល​ចុះ យើង​ជា​ព្រះយេស៊ូវគ្រីស្ទ ។ … ដោយសារ​ខ្ញុំ នោះ​មនុស្ស​លោក​ទាំងអស់​នឹង​មាន​ជីវិត​ ឯ​ជីវិត​នោះ​គឺ​នៅ​អស់​កល្ប​ជានិច្ច គឺ​ពួក​អ្នក​ដែល​នឹងជឿ​ដល់​នាម​យើង ហើយ​ពួកគេ​នឹង​ក្លាយ​ទៅ​ជា​កូន​ប្រុស និង​កូន​ស្រី​របស់​យើង » ( អេធើរ 3:14 ) ។

អត្ថន័យ​នៃ​បុណ្យ​គ្រីស្ទម៉ាស

បុណ្យ​គ្រីស្ទម៉ាស់ គឺជា​ពេល​មួយ​ដើម្បី​ចែក​ចាយ​អំណោយ​របស់​យើង ពង្រឹង​ដល់​មនុស្ស​ដទៃ ហើយ​ធ្វើ​ផ្នែក​របស់​យើង​នៅ​ក្នុង​នគរ​របស់​ព្រះ ។ បុណ្យ​គ្រីស្ទម៉ាសក៏​ជា​ពេល​វេលា​មួយ​ដើម្បី​សម្ដែង​នូវ​សេចក្ដីស្រឡាញ់​របស់​យើង​ដល់​មនុស្ស​ដទៃ និង​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​យើង​ពី​ព្រះអង្គ​សង្គ្រោះ ។

វិធី​មួយ​ដែល​យើង​អាច​ចែកចាយ​ទីបន្ទាល់​របស់​យើង​ គឺ​ត្រូវមាន​ប្រសូតិកម្ម​នៅ​ក្នុង​ផ្ទះ​របស់​យើង ដើម្បី​យើង​អាចធ្វើ​ឲ្យ​មាន​ការ​សន្ទនា​ពី​ការ​ប្រសូត​របស់​ព្រះអម្ចាស់ ។ វិធីមួយ​ទៀត​ គឺ​ត្រូវ​លើក​ឡើង​ពី​ដំណើរ​រឿង​របស់ យ៉ូហាន វ៉េតមែន នៅ​ក្នុង The Mansion ( វិមាន ) ។

យ៉ូហាន វ៉េតមែន ជា​បុរស​ដ៏​ជោគជ័យ​ម្នាក់ដែល​បាន​ទទួល​ការ​ចាប់អារម្មណ៍ និង​កេរ្តិ៍​ឈ្នោះ​ដោយសារ​តែ​សេចក្ដី​សប្បុរ​ស​របស់​គាត់ ។ នា​យប់​មួយ បន្ទាប់​ពីមើល​អត្ថបទ​ដ៏ច្រើននៅ​ក្នុង​សារព័ត៌មាន​មួយ ដែល​បាន​កោត​សរសើរ​ដល់​ចំពោះ​ចិត្ត​សប្បុរស​របស់​គាត់មក គាត់​​ក៏​ចាប់​យក​ព្រះគម្ពីរ​ប៊ីប​របស់​គាត់ ។ មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​សម្រាន្ត​លក់​ទៅ ក្រោយ​ពី​អាន​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ថា ៖ « កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី​ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទម្លុះ​ប្លន់​នោះ​ឡើយ » ( ម៉ាថាយ 6:19 ) ។

នៅ​ពេល​គាត់​សម្រាន្ត​លក់ យ៉ូហាន បាន​រក​ឃើញ​ថា​ខ្លួន​គាត់​នៅ​ក្នុង « ទីក្រុង​សួគ៌ា » ដោយ​ធ្វើ​ដំណើរ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត នៅ​ពេល​ពួកគេ​បាន​ទទួល​វិមាន​របស់​ខ្លួន ។ នៅ​ពេលអ្នក​យាម​ទ្វារ​បាន​ឈប់​នៅ​មុខ​ខ្ទម​តូច​មួយ​ដែលសង់​ឡើងពី​សម្ភារ​ដែល​គេ​បោះ​ចោល នោះ​គាត់​បាន​និយាយ​ទៅ​កាន់​ ចន ថា « នេះ​ជា​វិមាន​របស់​អ្នក » ។

យ៉ូហាន បាន​តវ៉ា ដោយ​រៀបរាប់​ពី​ការ​បរិច្ចាគ​ជា​សាធារណៈ​ជាច្រើន​ដែល​គាត់​បាន​ធ្វើ ។

« តើ​រឿង​ទាំងអស់​នេះ​មិន​ត្រូវ​បាន​កត់ត្រា​ដោយ​ប្រុងប្រយ័ត្ន​នៅ​លើ​ផែន​ដី ជា​ទីកន្លែង​ដែល​អ្នក​បាន​ទទួល​កេរ្តិ៍​របស់​អ្នក​ទេឬ​អី ? » អ្នក​យា​ម​ទ្វា​របាន​សួរ ។ « អ្នក​បាន​ទទួល​រង្វាន់​ពី​កិច្ចការ​នោះ​ហើយ ។ តើ​អ្នក​គិត​ថា​អ្នក​គួរ​ទទួល​បាន​រង្វាន់​ទ្វេរជាពីរ​​ឬ ? »1

អំឡុង​ពេល​បុណ្យ​គ្រីស្ទ​ម៉ាស់នេះ ខ្ញុំ​សង្ឃឹម​ថា យើង​ម្នាក់ៗ​មាន​ឱកាសដើម្បី​ផ្ដល់​ឲ្យ​ដោយ​មិន​ចេញ​មុខ ។

ការ​ទទួល​សេចក្ដីសន្យា

ជារៀងរាល់​សប្ដាហ៍ នៅ​ពេល​យើង​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ យើង​រំឭក​ចាំពី​សេចក្ដី​សន្យា​នៃ​ការ​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ យើង​លើក​ដាក់​ព្រះនាម​របស់​ទ្រង់​មក​លើ​ខ្លួន​យើង ហើយ​យើង​រំឭក​ចាំ​ ពី​សេចក្ដី​សន្យា​​​របស់​យើង​ពី​ការ​គោរពប្រតិបត្តិ និង​សេចក្ដី​សន្យារ​បស់​យើង​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។

ដូចដែល​បាន​កត់ត្រា​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញាណ ដំណឹងល្អ​គឺ​ដូច្នេះ ៖

« ថាទ្រង់​បាន​យាងម​ក​ក្នុង​ពិភពលោក គឺ​ព្រះយេស៊ូវ ដើម្បី​ត្រូវ​គេឆ្កាង​ជំនួស​ពិភពលោក ហើយ​ដើម្បី​ផ្ទុក​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែក​ពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បី​ជំរះ​ពិភពលោក​ឲ្យ​ស្អាត​ចេញ​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំងអស់ ។

« ថា​តាម​រយៈ​ព្រះអង្គ នោះ​មនុស្ស​ទាំងអស់​នឹង​អាចបាន​សង្គ្រោះ » ( គ. និង ស. 76:41–42 ) ។

សូម​ឲ្យ​យើង​យក​ពេល​វេលា​ក្នុងរដូវ​​បុណ្យ​គ្រីស្ទម៉ាស ​ដើម្បី​​រំឭក​ឡើងវិញ​នូវ​សេចក្ដី​សញ្ញា​របស់​យើង​ក្នុង​ការ​ដើរ​តាម​ព្រះអង្គសង្គ្រោះ និង​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ ដូចដែល​ទ្រង់​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង​ដែរ ។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ ពាក្យស​ម្ដី​នៃ​រាស្ត្រ​របស់​ស្តេច​បេន​យ៉ាមីន ដែល​បាន​កត់​ត្រា 125 ឆ្នាំ មុន​ការ​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ នឹងត្រូវបាន​បំពេញ​ចំពោះ​យើង​នៅ​ថ្ងៃ​នេះ​ថា ៖ « ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យ​ទោស​ចំពោះ អំពើ​បាប​ទាំងឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ ព្រោះ​យើង​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​វត្ថុ​សព្វសារពើ ព្រះអង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស » ( ម៉ូសាយ 4:2 ) ។

​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​បានយាង​ចុះ​មក​ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​ថា​នឹង​យាង​មក​ម្ដង​ទៀត ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា សាសនាចក្រ​របស់​ទ្រង់ ដែលបាន​ស្ដារឡើង​វិញ​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​ចុង ក្រោយ​នេះ​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ គឺជា​ « ការ​ណ៍មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ( នីហ្វៃទី 2 25:17 ) ដែល​យើង​ក្នុងនាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​ចូល​រួម​ចំណែក ។

កំណត់​ចំណាំ

  1. ហេនរី វ៉ាន់ ដៃក៍ « The Mansion » នៅ​ក្នុង Inspirational Classics for Latter-day Saints​ និពន្ធ​ដោយ ចាក អិម លីអូន ( ឆ្នាំ 2000 ) ទំព័រ 54–57, 62–63 ។

ថត​រូប​ដោយ ​ម៉ាថាយ រៀ