ដើម្បីកម្លាំងនៃយុវជន
ទិដ្ឋភាពពី ចុងផ្លូវ
សារលិខិតពីចុងផ្លូវនោះបានបង្ហាញយ៉ាងច្បាស់ថា ៖ « អ្នកអាចធ្វើកិច្ចការនេះបាន ។ ហើយនៅពេលអ្នកធ្វើ អ្វីៗគ្រប់យ៉ាងនឹងបានប្រសើរឡើង » ។
« ខ្ញុំនឹងមិនភ្លេចលោកឡើយ ប៊ីស្សព ។ លោកបានសង្គ្រោះជីវិតខ្ញុំ » ។
បុរសដែលបានថ្លែងនូវពាក្យទាំងនោះនៅពេលនេះ មិនបានមានអារម្មណ៍បែបហ្នឹងកាលពីដំបូងឡើយ ។ កាលពីវ័យជំទង់ គាត់មានការភ័យខ្លាច ។ គាត់បានដឹងថា គាត់ត្រូវការប្រែចិត្ត ។ ខ្ញុំជាប៊ីស្សពរបស់គាត់នៅពេលនោះ ហើយគាត់បានដឹងថា យើងត្រូវការនិយាយគ្នា ។ ប៉ុន្តែគាត់ពោរពេញដោយភាពសង្ស័យ ។
« តើអ្វីខ្លះទៅដែលប៊ីស្សពនឹងគិតពីខ្ញុំ ? »
« តើគាត់នឹងរក្សាការសម្ងាត់នេះដែរទេ ? »
« តើខ្ញុំនឹងហ៊ានមើលមុខគាត់ម្ដងទៀតបានដោយរបៀបណា ? »
ការព្រួយបារម្ភបែបនេះអាចទទួលអារម្មណ៍នូវភាពលើសលុប ដោយធ្វើឲ្យវាហាក់ដូចជាស្ទើរតែមិនអាចធ្វើទៅបាន ដើម្បីប្រមូលនូវភាពក្លាហានដែលចាំបាច់ ដើម្បីធ្វើដំណើរទៅកាន់ផ្លូវនៃការប្រែចិត្ត ។
ការសម្លឹងមើលផ្លូវ
ប៉ុន្តែចូរយើងសម្លឹងមើលផ្លូវនោះ ។ ផ្នែកមួយចំនួននៃការប្រែចិត្តគឺងាយជាងផ្នែកផ្សេងទៀត ។ ជំហានមួយគឺការទទួលស្គាល់ ។ ជាធម្មតា យើងដឹងនៅពេលយើងកំពុងធ្វើអ្វីខុស ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យទទួលអារម្មណ៍ពីការណ៍នោះ ។ យើងត្រូវតែកែប្រែ ហើយបំណងប្រាថ្នាដើម្បីកែប្រែ ជាធម្មតា មានភាពរឹងមាំ ។
បន្ទាប់មកជំហានទាំងឡាយនឹងកាន់តែពិបាកទៅៗ ។ ព្រះអម្ចាស់មានបន្ទូលថា យើងត្រូវតែសារភាព ហើយលះបង់ចោល ។ វាហាក់ដូចជាងាយដើម្បីសារភាពចំពោះព្រះវរបិតាសួគ៌ នៅក្នុងការអធិស្ឋានរបស់យើង ។ យើងអាចកែតម្រូវអំពើបាបជាច្រើនតាមរបៀបនេះ ដោយស្វែងរកការអភ័យទោស ការជួសជុលឲ្យដូចដើមវិញ និងការធ្វើឲ្យអាកប្បកិរិយាបានប្រសើរឡើងរហូតដល់ព្រះវិញ្ញាណបញ្ជាក់ថា យើងបានធ្វើនូវរាល់កិច្ចការដែលយើងអាចធ្វើបានហើយ ។
ប៉ុន្តែការសារភាពមួយចំនួនតម្រូវឲ្យអ្នកពិភាក្សានឹងប៊ីស្សព ឬប្រធានសាខារបស់អ្នក ។ ហើយនោះជាចំណុចដែលយុវជននេះបានរកឃើញខ្លួនឯង ។ គាត់ត្រូវការជំនួយលើសពីសមត្ថភាពផ្ទាល់របស់គាត់ ហើយគាត់ត្រូវដឹងថាដំណើរនោះអាចធ្វើទៅបាន ។
សេចក្ដីសង្ឃឹមនៅលើផ្លូវដ៏ធំ
អស់អ្នកដែលបានធ្វើដំណើរនៅលើផ្លូវនៃការប្រែចិត្តនឹងប្រាប់អ្នកថា ពុំមែនតែដំណើរនោះអាចធ្វើឡើងទៅបានប៉ុណ្ណោះទេ ប៉ុន្តែថានៅពេលអ្នកបានទៅដល់ទីនោះ ហើយក្រឡេកមើលមកក្រោយវិញ នេះគឺជាអ្វីដែលអ្នកនឹងមើលឃើញ ៖
អ្នកអាចធ្វើកិច្ចការនេះបាន ។ ហើយនៅពេលអ្នកធ្វើ អ្វីៗគ្រប់យ៉ាងនឹងបានប្រសើរឡើង ។
ព្រះអម្ចាស់បញ្ជាឲ្យយើងប្រែចិត្ត ដោយសារទ្រង់ស្រឡាញ់យើង ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ហេតុដូច្នេះហើយទើបទ្រង់ដឹងថា ការប្រែចិត្តអាចដោះលែងយើងឲ្យមានសេរីភាពបាន ។ ទ្រង់នឹងពង្រឹងមនុស្សគ្រប់គ្នាដែលបែរមករកទ្រង់ ។ អាលម៉ាបានបង្រៀនថា ដើម្បីទទួលបានប្រយោជន៍ពីដង្វាយធួន យើងត្រូវតែប្រែចិត្ត—យើងគ្រប់គ្នា ( សូមមើល អាលម៉ា 5:33–34 ) ។ ផ្លូវនោះប្រហែលជាមានការលំបាក ប៉ុន្តែប៊ីស្សពនឹងដើរនៅលើផ្លូវនោះជាមួយនឹងអ្នក ។ មានជំនួយនៅតាមផ្លូវនោះ ។
កាលណាអ្នកចាប់ផ្ដើមកាន់តែឆាប់រហ័ស នោះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាល ។
សូមទៅរកប៊ីស្សពរបស់អ្នក ។ អ្នកនឹងរកឃើញបុរសម្នាក់ដែលស្រឡាញ់អ្នក ហើយគោរពអ្នក ។ សេចក្ដីទុកចិត្តដែលអ្នកមានចំពោះប៊ីស្សពរបស់អ្នកគឺមានជម្រៅដ៏រឹងមាំ ។ វានឹងមានជារៀងរហូត ហើយវានឹងជួយអ្នកឲ្យមានអារម្មណ៍សុខសាន្តជាមួយនឹងប៊ីស្សពផ្សេងៗទៀតនាពេលអនាគត ។ អ្នកនឹងត្រូវបានផ្ដល់ឲ្យនូវគំនិតផ្សេងៗគ្នាពីកង្វល់របស់អ្នក ។ តាមរយៈប្រាជ្ញា និងបទពិសោធន៍របស់គាត់ និងជាមួយការបំផុសគំនិតពីព្រះអម្ចាស់ នោះប៊ីស្សពនឹងជួយថ្លឹងថ្លែងឲ្យអ្នក នូវអ្វីដែលអ្នកបានគិតថាវាគ្មានដំណោះស្រាយ នៅពេលវាប្រហែលគ្រាន់តែ ទួលមួយនៅតាមផ្លូវនោះតែប៉ុណ្ណោះ ។
គាត់នឹងជួយអ្នកឲ្យយល់យ៉ាងច្បាស់ថា ព្រះអង្គសង្គ្រោះគឺជាពន្លឺនៃលោកិយ ។ តាមរយៈការទាញយកប្រយោជន៍របស់អ្នកពីដង្វាយធួន នោះជីវិតរបស់អ្នកនឹងមានភាពភ្លឺចែងចាំង អនាគតរបស់អ្នកនឹងមានក្តីសង្ឃឹម ហើយអ្នកនឹងយល់ថា ការទទួលបានសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺជាគោលបំណងដ៏ធំមួយសម្រាប់ការមករស់នៅលើផែនដីនេះ ។
ប៊ីស្សពរបស់អ្នកនឹងជួយអ្នកនៅក្នុងកិច្ចការនេះ ។ អ្នកនឹងស្រឡាញ់គាត់ ហើយនឹងមិនភ្លេចគាត់ឡើយ ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា មនុស្សដែលជួយអ្នកនៅក្នុងគ្រានៃវិបត្តិនឹងដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នក ។ ដូច្នេះ តើប៊ីស្សពម្នាក់នឹងដក់ជាប់នៅក្នុងចិត្តអ្នកកាន់តែខ្លាំងប៉ុណ្ណាទៅ នៅពេលគាត់ជួយអ្នកនៅក្នុងវិបត្តិខាងវិញ្ញាណមួយនោះ ? ព្រះអម្ចាស់អាចបង្កើនចិត្តសប្បុរសរបស់ប៊ីស្សព និងសមត្ថភាពរបស់គាត់ដើម្បីដឹកនាំអ្នក ។ ប៊ីស្សពរបស់អ្នកនឹងក្លាយទៅជាមិត្តរបស់អ្នកជារៀងរហូត ។
ហើយសម្រាប់អ្នករាល់គ្នាដែលជាយុវជន ដែលនឹងក្លាយជាប៊ីស្សព ឬប្រធានស្តេកនៅថ្ងៃណាមួយ បទពិសោធន៍របស់អ្នកជាមួយនឹងប៊ីស្សពនឹងបង្រៀនអ្នកសម្រាប់ពេលវេលានោះ ដែលអ្នកប្រហែលជាអង្គុយនៅឯជ្រុងតុម្ខាងទៀត ។
ខ្ញុំសូមបញ្ចប់ដោយប្រាប់អ្នកបន្តិចទៀតពីការជួប របស់ខ្ញុំជាមួយនឹងយុវជនម្នាក់នោះ ។ គាត់បាននិយាយថា « ប៊ីស្សព លោកនឹងស្អប់ខ្ញុំ ដោយសារតែអ្វីដែលខ្ញុំត្រូវប្រាប់ដល់លោក ។ លោកនឹងមិនចង់មើលមុខខ្ញុំទៀតឡើយ ហើយប្រសិនបើលោកចែកចាយអ្វីដែលខ្ញុំបាននិយាយនឹងអ្នកផ្សេង ខ្ញុំនឹងសម្លាប់ខ្លួនឯង » ។
ខ្ញុំបាននិយាយថា « ខ្ញុំសន្យាថា ខ្ញុំនឹងមិនក្បត់នឹងរឿងសម្ងាត់របស់ប្អូនឡើយ ។ ខ្ញុំនឹងលាក់ទុកវារហូតដល់ខ្ញុំស្លាប់ » ។
គាត់បានប្រាប់ខ្ញុំពីស្ថានភាពតូចៗមួយចំនួន ហើយមើល ពីប្រតិកម្មរបស់ខ្ញុំ ។ នៅពេលខ្ញុំនិយាយថា « ខ្ញុំដឹងនូវអ្វីដែលប្អូនកំពុងឆ្លងកាត់ ។ ខ្ញុំអាចជួយដល់ប្អូនបាន » គាត់បានចាប់ផ្ដើមបន្តិចម្ដងៗរហូតគាត់ទៅដល់ចំណុចដែលគាត់ចង់ពិភាក្សា ។ ខ្ញុំបានរំឭកគាត់ម្ដងហើយម្ដងទៀតថា ខ្ញុំបានកោតសរសើរគាត់ចំពោះការសារភាព និងការចង់កែប្រែ ។ ទោះជាគាត់ហាក់ដូចជាមានភាពរួចរាល់ដើម្បីរត់ចេញនៅពេលណាក៏បានក្ដី ក៏យើងបានពិភាក្សារួមគ្នានូវអ្វីដែលគាត់ត្រូវចែកចាយដែរ ។
តើវាជារឿងធំដុំដែរទេ ? វាជារឿងធំដុំចំពោះគាត់ ។ ប៉ុន្តែនៅពេលយើងបានពិភាក្សាគ្នា គាត់យល់បានប្រសើរជាងនូវសេចក្ដីមេត្តាករុណាដែលព្រះអម្ចាស់ប្រទានដល់អស់អ្នកណាដែលប្រែចិត្តដោយស្មោះត្រង់ ។ បន្ទាប់ពីការជួបគ្នាលើកដំបូង យើងបានធ្វើការរួមគ្នា ហើយក្រោយមកការប្រែចិត្តរបស់គាត់ត្រូវបានបញ្ចប់ ។ សព្វថ្ងៃនេះ គាត់នៅតែទូរស័ព្ទសួរសុខទុក្ខខ្ញុំ ហើយយើងបានសន្ទនាជាមួយនឹងគ្នាយ៉ាងរីករាយ ។
ខ្ញុំមានអភ័យឯកសិទ្ធិដើម្បីជួយគាត់ឲ្យរៀនយល់ថា យើងទាំងអស់គ្នាត្រូវពឹងផ្អែកលើដង្វាយធួន ។ ហើយខ្ញុំចូលរួមជាមួយនឹងគាត់ដើម្បីសរសើរដល់ព្រះយេស៊ូវគ្រីស្ទ ជាអង្គដែលបានសង្គ្រោះជីវិតរបស់គាត់ពិតមែន ។