២០១៣
អព្ភូតហេតុ​ដ៏​អស្ចារ្យបំផុត
ធ្នូ 2013


អព្ភូតហេតុ​ដ៏​អស្ចារ្យបំផុត

អេឡេន ណេល រដ្ឋ​ យូថាហ៍ ស.រ.អា.

នៅ​ថ្ងៃ​ដ៏​ភ្លឺ​ស្រឡះ​មួយ​នា​ខែ កញ្ញា កូនស្រី​ពៅ​របស់​យើង អេរីកា មាន​គ្រោះថ្នាក់​រថយន្ត​មួយ​ដ៏​ធ្ងន់ធ្ងរ ។ នាង​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ ហើយ​បន្ទាប់​ពីការ​វះកាត់​សង្គ្រោះ​បន្ទាន់​ជា​ច្រើន​ម៉ោង​មក យើង​បាន​ទទួល​ដំណឹង ​ដ៏រន្ធត់ថា ៖ កូនស្រី​របស់​យើង​ដ៏​ស្រស់​ស្អាត ហើយ​រស់​រវើក​អាយុ 17 ឆ្នាំ​បាន​ស្លាប់ទៅហើយ ។

ពីរ​បី​​ខែ​បន្ទាប់​មក​ទៀតពួកយើង​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់ ។ យើង​បាន​ស៊ូទ្រាំ​រហូត​ដល់​ថ្ងៃ​កំណើត​របស់​នាង និង​បុណ្យ​ថ្លែង​អំណរគុណ ហើយ​បាន​រៀបចំ​ខ្លួន​យើង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​លើក​ដំបូង​ដោយ​គ្មាន​នាង ។ មាន​មនុស្ស​បាន​ប្រាប់​យើង​ថា ថ្ងៃ​បុណ្យ​នោះ​នឹង​ ​ជា​ពេលមួយ​ដ៏​ពិបាក ប៉ុន្តែគ្មានការ​ប្រាប់​ណា​មួយ​ដែល​អាច​ជួយ​ទប់​ចិត្ត​របស់​យើង​បាន​ឡើយ ។

ក្រៅ​ពី​អារម្មណ៍​ពោរពេញ​ដោយ​ភាព​សោកសៅ និង​អស់​សង្ឃឹម ខ្ញុំ​បាន​ច្រណែន​ចំពោះ​ក្រុម​គ្រួសារ​ផ្សេងទៀត​ដែល​នៅ​ជុំ​គ្នា ហើយ​មាន​ការ​អបអរ​ដោយ​រីករាយ ។ ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ទាំង​ភាព​ជូរចត់​ថា « ហេតុ​អ្វី​ជា​​យើង ? » ហេតុអ្វី​បាន​ជា​យើង​ពុំ​បាន​ទទួល​នូវ​អព្ភូតហេតុ​មួយ​ដូច​ដែល​មនុស្ស​ដ៏​ទៃ​បា​ន​លើក​ឡើង ? »

នៅ​ក្នុង​ភាព​អស់​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​បាន​ចងចាំ​ពី​គ្រា​មួយ​ដែល​វួដ​របស់​យើង​បាន​ធ្វើ​សកម្មភាព​មួយ​ ហៅ​ថា « បុណ្យ​គ្រីស្ទម៉ាស់​នៅ បេថ្លេហិ​​ម » ។ សមាជិក​វួដ​បាន​មក​ ហើយ​ស្លៀកពាក់​ដូចជា​ពួកគេ​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​ព្រះ​យេស៊ូវ​ប្រសូត ។ អេរីកា នៅ​ពេល​នោះ​មាន​អាយុ​បួន​ឆ្នាំ នាង​បាន​ស្លៀក​រ៉ូបវែង​ពណ៌​ស​​ដែល​បាន​រក្សា​ទុក​តៗ​គ្នា​​មក និង​កន្សែង​បង់​-ករុំ​ជុំវិញ​ក្បាល​របស់​គាត់ ។ ផ្នែក​ដ៏​សំខាន់នា​ល្ងាច​នោះ​គឺ​​ការ​រំឭក​ឡើង​វិញ​មួយ​ពី​ប្រសូតិកម្ម​នៅ​ក្នុង​ក្រោល​សិប្បនិមិត្ត​មួយ​​ដែល​បាន​តុបតែង​ឡើង​​​ដោយ​មាន​​ពំនូក​ចំបើង និង​ស្នូក ។ មាន​ស្វាមី​ភរិយា​មួយ​គូ រួម​នឹង​កូន​តូច​របស់​ពួកគេ​បាន​សម្ដែង​ផ្នែក​ម៉ារា យ៉ូសែប និង​ព្រះឱរស យេស៊ូវ ។

នៅ​ពេល​យើង​បាន​ផ្ដុំ​គ្នា​នៅ​ជុំវិញ​ប្រសូតិកម្ម​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អេរីកា បាន​បាត់​ចេញ​ពី​ខ្ញុំ ។ ខ្ញុំ​បាន​ភ័យ​ស្លន់ស្លោ​រហូត​ដល់​ខ្ញុំ​បាន​ក្រឡេក​ឃើញ​រ៉ូប​-ស​របស់​នាង​នៅ​ក្បែរ​ប្រសូតិកម្ម​នោះ ។ បន្ទាប់​មក ការ​ស្លន់ស្លោ​របស់​ខ្ញុំ​បាន​ប្ដូរ​ពី​ការភ័យ​ចំពោះសេចក្តីសុខរបស់​នាង​ទៅ​ជា​ការ​ភ័យ​ខ្លាច​ថា​នាង​នឹងរំខាន​ដល់​ការ​សម្ដែង ។ ខ្ញុំ​រៀប​នឹ​ងហៅ​នាង​ឲ្យ​ចេញ​មក ប៉ុន្តែ​ខ្ញុំ​បាន​ផ្អាក ហើយ​ចាំ​មើល​នៅ​ពេល​នាង​ដើរ​ទៅ​កាន់​ស្នូក ។

អេរីកា​បាន​លុត​ជង្គង់​ភ្លាម​នៅ​ក្បែរ​ម៉ារា ហើយ​សម្លឹង​មើល​មុខ​គាត់ ដូចជា​ចង់​សុំ​ការ​អនុញ្ញាត​ពី​នាង ។ បន្ទាប់​មក​អេរីកាបាន​លូក​ដៃទៅប៉ះ​ទារក​ដែល​កំពុងគេង​ដោយ​ថ្មមៗ ។ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បាន​ឃើញ​នោះ​ទេ ។ រំពេច​នោះ​មនុស្ស​ផ្សេងទៀត​បាន​នៅ​ស្ងៀមចាំ​មើល នៅ​ពេល​នាង​បាន​លុត​ជង្គង់​ចុះ​នៅ​ក្បែរ​ទារក​នោះ ។ ​អារម្មណ៍​ដ៏​ទន់ភ្លន់​មួយបានជ្រៀតចូលមកក្នុងដួងចិត្តនៃបណ្តាជន នៅ​ពេល​ពួក​គេ​បាន​ដឹង​ថា ទារក​នេះ​គឺជា​ព្រះឱរស​ព្រះគ្រីស្ទ​សម្រាប់​អេរីកា ។

នៅ​ក្នុង​ភាព​សោកសៅ​របស់​ខ្ញុំ ការ​ចងចាំ​ពី​បុណ្យ​គ្រីស្ទម៉ាស់​នេះ​បាន​នាំ​មក​នូវ​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង​ការ​លួងលោម នៅ​ពេល​ខ្ញុំ​បាន​នឹង​ឃើញ​ពី​ការ​តាំង​ចិត្ត​របស់​កូនស្រី​វ័យ​ក្មេង​របស់​ខ្ញុំ ។ គំនិត​របស់​ខ្ញុំ​បាន​ពោរពេញ​ដោយ​សំណួរ​ពី​ជីវិត និង​សេចក្ដី​ស្លាប់ ជា​សំណួរ​ដែល​ហាក់​ដូចជា​មិន​សូវសំខាន់ពី​មុន​សេចក្ដី​ស្លាប់​របស់​អេរីកា ។ នៅ​ពេល​ខ្ញុំ​សញ្ជឹង​គិត​ពី​ការ​រស់​ឡើង​វិញ និង​ការ​ឆ្កាង ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​ម៉ារា ។ គាត់​ស្រឡាញ់​ព្រះរាជបុត្រា​របស់​គាត់ ហើយ​ក្រោយ​មក​គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច នៅ​ពេល​គាត់​បាន​ឃើញ​ការ​រងទុក្ខ និង​ការ​សុគត​របស់​ទ្រង់ ។ ព្រះគ្រីស្ទពុំ​អាច​រួច​ផុត​ពី​ការ​រងទុក្ខ​នៅ​លើ​ឆ្កាងបាន រីឯ​ម៉ារា​ពុំ​អាច​រួច​ផុត​ពី​ការ​រងទុក្ខ​របស់​គាត់​បាន​ឡើយ ។

នៅ​ពេល​បុណ្យ​គ្រីស្ទ​ម៉ាស់យើង​មានអំណរគុណនូវ​ការ​ចាប់ផ្ដើម​នៃ​ព្រះជន្ម​នៅ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​ចំពោះ​ខ្ញុំ ការ​ប្រសូត​របស់​ទ្រង់​ឥឡូវ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល ​ទៅក្នុង​ការ​រងទុក្ខ​ ការសុគត និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់—ជា​ដង្វាយធួន ។ ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ ខ្ញុំ​ដឹង​ថា សេចក្ដី​ស្លាប់​របស់​អេរីកា​នឹង​ពុំ​មែន​​ជា​ទីបញ្ចប់​នោះ​ទេ ។ ការណ៍​នោះ​គឺជា​អព្ភូតហេតុ​ដើម្បី​មាន​អំណរគុណ—​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​នៅ​គ្រប់​ពេលទាំងអស់ ។