២០១៣
ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន !
ធ្នូ 2013


ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន !

រ៉យ អាតគីន រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.

វា​ជា​ពេល​ល្ងាច​នា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​មាន​ព្រិល​ដ៏​ក្រាស់​នៅ​លើ​ដី ។ អស់​រយៈពេល​ជាច្រើន​ខែ​ដែល​ដៃ​គូ​ខ្ញុំ និង​ខ្ញុំស៊ូទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​នៃ​ប្រទេស​អាល្លឺម៉ង់ ដើរ​គោះទ្វារ ហើយ​ចែក​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​នោះ សូម្បី​តែ​សង្គ្រាម​លោក​លើក​ទី II បាន​បញ្ចប់​ទៅ​រយៈ​ពេល​ 15 ឆ្នាំ​ហើយ​ក្ដី ក៏​ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​នៅ​តែ​មានការនឿយណាយ​ចំពោះ​ប្រជាជន​អាមេរិក​ដដែល ។

ប៉ុន្តែ​នៅ​យប់​នោះ អ៊ីង​ប៊គ ប៊ីនមុលឡឺ ត្រូវ​ទទួល​បុណ្យ​​​ជ្រមុជទឹក ។ ប៉ុន្តែនៅ​ពេល​ជិះ​រថយន្ត​ក្រុង​ទៅ​មូលដ្ឋាន​កង​អាកាស​អាមេរិក គាត់​បាន​នៅ​ស្ងៀម ។ ខ្ញុំ​បាន​ដឹង​ពី​អារម្មណ៍​សោកសៅ​របស់​គាត់ ។

នៅ​ពេល​យើង​រៀប​នឹង​ទៅ​ដល់​ចំណត​រថយន្ត​ក្រុង អ៊ីង្គប៊គ បាន​ងាក​មក​រក​យើង​ ហើយ​និយាយ​ថា « តើ​អ្នក​ដឹងថា​រឿង​នេះលំបាក​ចំពោះ​ខ្ញុំ​ប៉ុណ្ណា​​ទេ ? ទ័ព​វាយ​ប្រឆាំង​នឹង​ប្រទេស​អាល្លឺម៉ង់​បាន​សម្លាប់​ស្វាមី​ខ្ញុំ​នៅ​ក្នុង​សង្គ្រាម ហើយការ​ទម្លាក់​គ្រាប់​បែក​តាម​យន្តហោះ​បាន​សម្លាប់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ជា​ច្រើន » ។

គាត់​បាន​ប៉ះ​ជើង​របស់​គាត់ ។ « គ្រាប់បែក​បាន​ផ្ទុះ​ត្រូវ​ជើង​របស់​ខ្ញុំ ។ ជើង​របស់​ខ្ញុំ​នឹង​ពុំ​ជា​សះស្បើយ​ឡើយ ។ ខ្ញុំពុំ​ដឹង​ថា​ខ្ញុំ​អាច​ចូល​ទៅ​ទី​នោះ​បាន​ឬ​អត់​នោះ​ទេ » ។

យើង​បាន​អង្គុយ​ស្ងៀម​ស្ងាត់ ខណៈ​យើង​កំពុង​សញ្ជឹង​គិត​ពី​សម្ដី​របស់​គាត់ ហើយ​រថយន្ត​ក្រុង​នោះ​ក៏​បាន​ឈប់​នៅ​ត្រង់​ចំណត ។ អ៊ីង្គប៊គ ​នៅ​អង្គុយ​ថ្មឹង ។ បេះដូង​របស់​ខ្ញុំ​បាន​លោត​ខុស​ចង្វាក់ ។ ខ្ញុំ​បាន​អធិស្ឋាន​ សូម​កុំ​ឲ្យគាត់​​គេច​ចេញ​ដោយ​​សេចក្ដីភ័យ​ខ្លាច​ឡើយ ។

បន្ទាប់​មក​ គាត់​បាន​ក្រោក​ពី​កៅ​អី ហើយ​បាន​ប្រកាស​ថា « ព្រះវរបិតា​សួគ៌​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទីបន្ទាល់​មួយ​ពី​សេចក្ដី​ពិត​ពេញលេញ​នៃ​ការ​ស្ដារ​ឡើងវិញ ។ ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​ជា​ព្រះគម្ពីរ​ពិត ។ ខ្ញុំ​អាច​ធ្វើ​កិច្ចកា​រនេះ​បាន ! អែលឌើរ អាតគីន សូម​ជួយ​ខ្ញុំ​ឲ្យ​ដើរ​ផង » ។

យើង​បាន​ដើរយ៉ាង​ឆ្ងាយ​ទៅ​កាន់​របង​ច្រក​ចូល ការដកដង្ហើម​របស់​អ៊ីងប៊គ​កាន់តែ​តឹងទៅៗនៅ​ពេល​យើង​ដើរ​កាត់ពួក​សន្តិសុខ ។ យើង​បាន​ប្ដូរ​ពាក់​សំលៀក​បំពាក់​ពណ៌-ស ហើយ​បាន​រកឃើញ​អាង​ទឹក​មួយ​​នៅ​ក្នុង​មូលដ្ឋាន​នោះ ។ អាងទឹក​នោះ​បាន​ក្លាយ​ជា​ទីកន្លែង​មួយ​ដ៏​ពិសិដ្ឋ ហើយ​សេចក្ដី​សុខសាន្ត​បាន​គ្រប​ដណ្ដប់​មក​លើ​យើង ។ ភាព​សោកសៅ​នៅ​លើ​ផ្ទៃ​មុខ​របស់​អ៊ីងប៊គ​បាន​ផ្លាស់​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ នៅ​ពេល​គាត់​បាន​ឈាន​​ជើង​ចូល​ទៅ​ក្នុង​ទឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ។

នៅ​ពេល​យើង​ជិះ​រថយន្ត​ត្រលប់​មក​ផ្ទះ​វិញ គាត់​បាន​ប្រាប់​យើងថា « នៅ​យប់​ដែល​ពួក​អែលឌើរ​បាន​ទុក​ព្រះគម្ពីរ​មរមន​​មួយ​ក្បាលនៅ​នឹង​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រំភើបណាស់ » ។ « ខ្ញុំ​បាន​នៅ​អាន​រហូតខ្ញុំ​អាន​ដល់ម៉ូសាយ 18 នៅ​ត្រង់​កន្លែង​ដែល​អាល់ម៉ា​បាន​អញ្ជើញ​ប្រជា​ជន​​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ថា ៖ ‹ មើល​ចុះ នេះ​ជា​ទឹក​មរមន … ហើយ​ឥឡូវ​នេះ ដោយ​អ្នករាល់គ្នា​មាន​​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ … តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ? ›» ម៉ូសាយ 18:8–10 ។

គាត់​បាន​បន្ត​ដោយ​សម្ដីទន់ភ្លន់​ថា « ខ្ញុំ​បាន​ដេក​លក់​ពេល​កំពុង​អាន​នូវ​បន្ទូល​ទាំងនោះ ហើយ​ខ្ញុំ​បាន​មាន​សុបិន​មួយ ។ ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​ទន្លេ​មួយ​ដ៏​ស្រស់ស្អាត​ដូចជា​ទន្លេ​មរមន​ដែរ ។ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​នោះ​ មាន​មនុស្ស​ឈរ​ស្លៀក​ពាក់​ពណ៌-ស—ជា​គ្រួសារ​របស់ខ្ញុំ ! ស្វាមី​របស់ខ្ញុំ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​សង្គ្រាម បាន​ញញឹម ហើយ​បានបក់ដៃហៅ​​ខ្ញុំ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក » ។

នៅ​យប់​នោះ​បង​ស្រី​ប៊ីនមុលឡឺ បាន​ក្លាយ​ជាសមាជិក​នៃ​សាខា​វឺស្សប៊ឺគ ហើយ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​​ចំណោម​ប្រជាជនអាល្លឺម៉ង់​ជា​ច្រើន ​ដែល​នៅ​ទីបំផុត​បាន​យក​ឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន ហើយ​​ចូល​រួម​ក្នុង​សាសនាចក្រ ។