២០១៣
ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​គាត់
ធ្នូ 2013


ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​គាត់

លីនស៊ី លីវិត ណេវ៉ាដា ស.រ.អា.

ខ្ញុំ​ពុំ​មាន​អារម្មណ៍​ពី​វិញ្ញាណ​នៃ​បុណ្យគ្រីស្ទម៉ាស់ ។ វា​ជា​ខែ ធ្នូ នៃ​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​វិទ្យាល័យ ដែល​នៅ​​ត្រូវ​បញ្ចប់ និងការ​ដាក់ ពាក្យសុំចូល​រៀន​​របស់​ខ្ញុំនៅ​មហាវិទ្យាល័យ និង​គម្រោង​ឡូរ៉ែល​ចុង​ក្រោយ​របស់ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ដើម្បី​ស្វែង​រក​ឱកាស​មួយ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ដែល​ ខ្ញុំ​អាច​ដាក់​នៅ​ក្នុង​ពាក្យ​សុំ​របស់​ខ្ញុំ​សម្រាប់​មហាវិទ្យាល័យ ហើយ​ប្រើ​វា​នៅ​ក្នុង​គម្រោង​ឡូរ៉ែល​របស់​ខ្ញុំ​ផង​ដែរ ។ សំណាង​ល្អ អ្នក​ណែនាំ​សម្រាប់​កុ្រម​ប្រឹក្សា​សិស្ស​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​មិត្ត​របស់​ខ្ញុំ​ជេស៊ីកា និង​ខ្ញុំ​រៀបចំកម្មវិធី​រៃ​អង្គាស​ប្រដាប់​ប្រដាក្មេង​លេង ឬ​ប្រាក់​ដើម្បី​ឧបត្ថម្ភ​ដល់​អង្គការ​​សប្បុរសធម៌​មួយ​ក្នុង​មូលដ្ឋាន ។

ខ្ញុំ​បាន​ផ្ដល់​ការ​ងារ​ស្ទើរ​តែ​ទាំងអស់​ដល់គណៈកម្មការ​សម្រាប់គម្រោង​នេះ ។ ខ្ញុំ​បាន​ឲ្យ​ពួកគេ​បង្កើតក្ដារ​ប្រកាស​ព័ត៌មានដោយ​ដាក់​បង្ហាញ​ពី​រូបភាព​​ទែម៉ូមែត្រស្ទង់​កំដៅ​ដ៏​ធំ​មួយ​ដែល​ចង្អុល​បង្ហាញ​ពី​ចំនួន​ប្រដាប់​ប្រដាក្មេង​លេង​ដែល​បាន​បរិច្ចាគ ។ យើង​បាន​គិត​ថា ការណ៍​នោះ​គឺ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​យើង​បាន​ចំណាយ​ពេល​បាយ​ថ្ងៃ​ត្រង់​ដើម្បី​ប្រមូល​ការ​បរិច្ចាគ ។ ប៉ុន្តែ សិស្ស​ទាំងឡាយ​បាន​បរិច្ចាគ​ប្រដាប់​ប្រដាក្មេង​លេង​តិចតួច ហើយ​ទែម៉ូមែត្រ​ស្ទង់​កំដៅ​នៅ​តែ​មាន​កម្រិត​ទាប ។

គួរ​ឲ្យ​ចម្លែក អ្នក​ណែនាំ​របស់​យើងបាន​ចាប់ផ្ដើមដាក់​ប្រដាប់​ប្រដាក្មេង​លេង​មួយ​ចំនួន​ទៅ​ម្ខាង ។ នៅ​ពេល​ជេស៊ីកា និង​ខ្ញុំ​បាន​សួរ​ថាតើគាត់​យក​ប្រដាប់ប្រដា​ក្មេង​លេង​ទាំងនោះ​ទៅ​ធ្វើ​អ្វី គាត់បាន​ប្រាប់​យើង​ថា មាន​គ្រូបង្រៀន​ម្នាក់​នៅ​ឯ​សាលា​ ត្រូវបានរកឃើញថ្មី​ៗនេះថា មាន​ជំងឺ​មហារីក ។ បន្ទាប់​ពី​មាន​ការ​លំបាក​នៅ​ក្នុង​ការ​បង្រៀន​ ខណៈ​ពេល​ដែល​ទទួ​ល​ការ​ព្យាបាល នោះ​គាត់​បាន​សម្រេច​​ចិត្ត​ដាក់ពាក្យ​សុំ​ច្បាប់​សម្រាក​ពី​ការងារ ។ នៅ​ពេល​ថ្ងៃ​បុណ្យខិត​ចូល​មក​ដល់ ហើយ​មាន​វិក្កយបត្រ​ថ្លៃ​ពេទ្យ​ច្រើន នោះ​គ្រួសារ​របស់​គាត់​ពុំ​មាន​បុណ្យគ្រីស្ទម៉ាស់​មួយ​ដ៏​រីករាយ​ឡើយ ។ អ្នកណែនាំ​របស់​យើង​បាន​ឲ្យ​យោបល់​ថា យើង​ខ្ចប់​របស់​ដែល​បាន​យក​ចេញ​នោះ​ជា​អំណោយ​សម្រាប់​ពួកគេ ។

ខ្ញុំ​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ ។ ខ្ញុំ​ធ្លាប់​តែ​ស្វែ​​រក​គម្រោង​សម្រាប់ការ​បម្រើ​របស់​ខ្ញុំ​សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង តែ​ពុំ​មែន​មនុស្ស​ដទៃ​នោះ​ទេ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បីបង្កើន គោលដៅ​របស់​យើងយ៉ាងឆាប់រហ័ស​ ​សម្រាប់​ការ​បរិច្ចាគ​ប្រដាប់​ប្រដាក្មេង​លេង ហើយ​ដើម្បី​ចាប់​ផ្ដើម​​រៃ​អង្គាស​ប្រាក់​សម្រាប់​គ្រូបង្រៀន​នោះ និង​គ្រួសារ​របស់​គាត់ ។

ជេស៊ីកា និង​ខ្ញុំ​បានទៅ​តាម​ថ្នាក់​រៀន ហើយ​ផ្សព្វផ្សាយ​ពី​គោលបំណង​របស់​យើង ។ ការ​ឆ្លើយ​តប​គឺមាន​ទំហំ​ធំ​ធេង​ណាស់ ។ គ្រូបង្រៀន បុគ្លិក និង​សិស្ស​ទាំងឡាយ​បាន​ផ្ដល់​ជា​ប្រដាប់ប្រដាក្មេង​លេង និង​ប្រាក់​ដើម្បី​ជួយ​ដល់​គ្រួសារ​នោះ ។ មិន​យូរ​ប៉ុន្មាន​យើងបាន​សម្រេច​គោលដៅ​របស់​យើង​ ដែល​ធ្វើឲ្យភ្ញាក់ផ្អើលដល់​​អង្គការ​មនុស្ស​ធម៌​នោះ​ ។ យើង​ក៏​បាន​ប្រមូល​ប្រាក់ច្រើន​ជាង 1,000 ដុល្លារ សម្រាប់​គ្រួសារ​នោះ ។

នៅ​ពេល​យើង​ខ្ចប់​អំណោយ​ដែល​យើង​បាន​ប្រមូល និង​​ទិញ​ដោយ​ប្រុង​ប្រយ័ត្ន នោះ​ខ្ញុំ​បាន​ដឹង​ថា​ទីបន្ទាល់​នៃ​ការ​បម្រើ​ ដែល​ខ្ញុំ​បាន​ទទួល​គឺ​វា​មាន​ភាព​អស្ចារ្យ​ស្មើ​នឹង​អំណាយ​ដែល​យើង​បាន​ផ្ដល់​ទៅ​នោះ​ដែរ ។ ខ្ញុំ​មិន​អា​ច​ប្រាប់​ពី​ចិត្ត​រំភើប​ដែល​ខ្ញុំ​មាន នៅ​ពេល​យើងលួច​មើល​គ្រួសារនោះ​បាន​ ឃើញ​អំណោយ​ដែល​យើង​ដាក់​នៅ​រានហាល​របស់​ពួកគេ​ដោយ​មិន​បាន​ ចេញឈ្មោះឡើយ ។

ពីរបីខែ​ក្រោយ​មក ជេស៊ីកា និង​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​បង្រៀន​ថ្នាក់​សិក្ខា​សាលា​មួយ​ពី​គម្រោង​បម្រើ ។ យើង​បាន​ពន្យល់​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ដោយ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​គ្រូបង្រៀន​នោះ ។ មាន​ក្មេង​ស្រី​ម្នាក់​បាន​លើក​ដៃ​ ហើយ​ក្រោក​ឈរ ។ នាង​បាន​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​នាង​និយាយ ។ គ្រូបង្រៀន​នោះ​គឺ​ជា​ពូ​របស់​នាង ហើយ​នាង​បាន​រៀបរាប់​ថា​ការ​បម្រើ​របស់​យើង​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​គាត់ ។ នាង​បាន​និយាយ​ថា វា​គឺជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ ។

វា​គឺ​ជាសេចក្ដី​អំណរ​ខ្លាំង​ណាស់​ដែល​រដូវបុណ្យនោះ​បាន​ធ្វើ​ឲ្យ​យើង​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុងការបម្រើ យ៉ាងអស់ពីដួងចិត្ត ហើយ​ដឹង​ថា​យើង​បាន​ធ្វើរឿង​មួយដែល​ខុស​ប្លែក​ពី​មុន ។