សារលិខិតគណៈប្រធានទីមួយ
គ្រួសារ និង មិត្តជានិរន្តរ
មិនថាអ្នករស់នៅទីណានោះទេ អ្នកមានមិត្តដែលកំពុងតែស្វែងរកសុភមង្គលដ៏កាន់តែប្រសើរ ដែលអ្នកបានរកឃើញនៅក្នុងការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ ពួកគេប្រហែលជាមិនអាចថ្លែងពីសុភមង្គលនោះឡើយ ប៉ុន្តែពួកគេបានស្គាល់វានៅពេលពួកគេមើលឃើញវានៅក្នុងជីវិតរស់នៅរបស់អ្នក ។ ពួកគេនឹងមានចិត្តចង់រៀនពីប្រភពនៃសុភមង្គលនោះ ជាពិសេសនៅពេលពួកគេមើលឃើញវា នៅពេលអ្នកប្រឈមមុខនឹងការសាកល្បងដូចជាពួកគេផងដែរ ។
អ្នកបានទទួលសុភមង្គល នៅពេលអ្នកបានគោរពព្រះបញ្ញត្តិរបស់ព្រះ ។ នោះជាផលផ្លៃដែលបានសន្យានៃការរស់នៅតាមដំណឹងល្អ ( សូមមើល ម៉ូសាយ 2:41 ) ។ អ្នកពុំមែនគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដោយស្មោះត្រង់ ដើម្បីធ្វើឲ្យមនុស្សដទៃទៀតមើលឃើញនោះទេ ប៉ុន្តែជនដែលសង្កេតឃើញសុភមង្គលរបស់អ្នក គឺកំពុងតែរៀបចំខ្លួនដោយព្រះអម្ចាស់ដើម្បីស្ដាប់ឮនូវសេចក្ដីល្អនៃការស្ដារឡើងវិញនៃដំណឹងល្អ ។
ពរជ័យដែលអ្នកទទួលបានបង្កើតនូវកាតព្វកិច្ច និង ឱកាសដ៏អស្ចារ្យសម្រាប់អ្នក ។ ក្នុងនាមជាសិស្សមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទដែលបានចុះសេចក្ដីសញ្ញា អ្នកមានទំនួលខុសត្រូវ ដើម្បីផ្ដល់ឱកាសដល់មនុស្សដទៃទៀត នៅក្នុងការស្វែងរកសុភមង្គលដែលប្រសើរជាងមុន ជាពិសេសចំពោះមិត្ត និង សមាជិកគ្រួសាររបស់អ្នក ។
ព្រះអម្ចាស់បានឃើញពីឱកាសរបស់អ្នក ហើយបានរៀបរាប់ពីកាតព្វកិច្ចរបស់អ្នកនឹងព្រះបញ្ញត្តិនេះថា ៖ « តម្រូវឲ្យមនុស្សម្នាក់ៗណាដែលបានព្រមាន នោះត្រូវព្រមានអ្នកជិតខាងរបស់ខ្លួន » (គ. និង ស. 88:81 ) ។
ព្រះអម្ចាស់បានធ្វើឲ្យព្រះបញ្ញត្តិកាន់តែងាយស្រួលក្នុងការគោរព តាមរយៈការផ្លាស់ប្ដូរ ដែលកើតឡើងនៅក្នុងដួងចិត្តរបស់អ្នក នៅពេលអ្នកទទួលយក ហើយរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ជាលទ្ធផល សេចក្ដីស្រឡាញ់របស់អ្នកចំពោះមនុស្សដទៃទៀត មានភាពចម្រើនឡើង រួមទាំងក្ដីប្រាថ្នារបស់អ្នក ដើម្បីឲ្យពួកគេមាននូវសុមភមង្គលដូចជាអ្នកផងដែរ ។
គំរូមួយនៃការផ្លាស់ប្ដូរនោះ គឺរបៀបដែលអ្នកស្វាគមន៍ដល់ការផ្លាស់ប្ដូរ ដើម្បីជួយក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ ។ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានដឹងភ្លាមថា ពួកគេអាចរំពឹងទុកពីអ្នកផ្លាស់ប្រែចិត្តជឿដ៏ពិតម្នាក់នូវចម្លើយដ៏កក់ក្ដៅមួយចំពោះការស្នើរសុំនូវឈ្មោះមនុស្សម្នាក់ ដែលចង់រៀនពីដំណឹងល្អ ។ អ្នកប្រែចិត្តជឿរូបនោះចង់ចែកចាយសុភមង្គលឲ្យមិត្តភក្តិ និង សមាជិកគ្រួសាររបស់ពួកគេ ។
នៅពេលអ្នកដឹកនាំបេសកកម្មវួដរបស់អ្នក ឬ ពួកអ្នកផ្សព្វផ្សាយសាសនាសុំឈ្មោះរបស់មនុស្សណាម្នាក់ដើម្បីបង្រៀន វាគឺជាពាក្យសរសើរដ៏ធំមួយចំពោះអ្នក ។ ដូច្នេះហើយ ពួកគេដឹងថា មិត្តដែលធ្លាប់ឃើញសុភមង្គលរបស់អ្នក ជាមិត្តដែលបានរៀបចំខ្លួន ដើម្បីស្ដាប់ ហើយបានជ្រើសរើសដើម្បីទទួលយកដំណឹងល្អ ។ ហើយពួកគេមានទំនុកចិត្តថា អ្នកនឹងធ្វើជាមិត្តដែលពួកគេត្រូវការ នៅពេលពួកគេចូលមកក្នុងនគរនេះ ។
អ្នកមិនត្រូវខ្លាចថា អ្នកនឹងបាត់បង់មិត្តដោយការអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យជួបពួកគេនោះទេ ។ ខ្ញុំមានមិត្តដែលបានបដិសេធពួកអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែពួកគេបានអរគុណខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការផ្ដល់ឲ្យពួកគេនូវអ្វីមួយ ដែលពួកគេបានដឹងថា វាមានតម្លៃបំផុតសម្រាប់ខ្ញុំ ។ អ្នកអាចបង្កើតមិត្តភាពជានិរន្តរបានដោយការផ្ដល់នូវដំណឹងល្អ ដែលពួកគេបានឃើញថាវាបាននាំមកនូវសុភមង្គលដល់អ្នក ។ សូមកុំខកខាននូវឱកាសដើម្បីអញ្ជើញមិត្តម្នាក់ ហើយជាពិសេសគឺសមាជិកគ្រួសារម្នាក់ ដើម្បីជ្រើសរើសធ្វើតាមផែនការនៃសុភមង្គល ។
គ្មានឱកាសណាមួយធំជាងឱកាសសម្រាប់អញ្ជើញនោះ នៅក្នុងព្រះវិហារបរិសុទ្ធនៃសាសនាចក្រឡើយ ។ នៅទីនោះ ព្រះអម្ចាស់អាចផ្ដល់នូវពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះដល់ដូនតារបស់យើងដែលមិនអាចទទួលពិធីបរិសុទ្ធកាលនៅរស់ ។ ពួកគាត់បានសម្លឹងមកអ្នកដោយសេចក្ដីស្រឡាញ់ និង សេចក្ដីសង្ឃឹម ។ ព្រះអម្ចាស់បានសន្យាថា ពួកគាត់នឹងមានឱកាសដើម្បីចូលមកក្នុងនគររបស់ទ្រង់ ( សូមមើល គ. និង ស. 137:7–8 ) ហើយទ្រង់បានបណ្ដុះសេចក្ដីស្រឡាញ់មួយចំពោះពួកគាត់នៅក្នុងចិត្តរបស់អ្នក ។
អ្នករាល់គ្នាភាគច្រើនធ្លាប់មានសេចក្ដីអំណរ នៅក្នុងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដល់មនុស្សដទៃ អ្នកនឹងមានអារម្មណ៍ដូចគ្នាដែរ ពេលអ្នកឲ្យឈ្មោះមនុស្សឲ្យពួកអ្នកផ្សព្វផ្សាយសាសនាជួប ។ អ្នកកាន់តែមានសេចក្ដីអំណរលើពីនេះទៀតដោយបានធ្វើពិធិបរិសុទ្ធសម្រាប់ដូនតារបស់អ្នក ។ រឿងនេះបានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស្ម៊ីធ ថា សុភមង្គលដ៏នៅអស់កល្បជានិច្ចរបស់យើង គឺអាចកើតមានលុះត្រាតែយើងបានផ្ដល់នូវផ្លូវមួយដើម្បីឲ្យពរជ័យនោះកើតមានចំពោះដូនតារបស់យើងតាមរយៈពិធីបរិសុទ្ធជំនួស នៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ( សូមមើល គ. និង ស. 128:18 ) ។
ពេលបុណ្យគ្រីស្ទម៉ាស់បានបង្វែរចិត្តយើងទៅកាន់ព្រះអង្គសង្គ្រោះ និង ទៅរកសេចក្ដីអំណរដែលដំណឹងល្អរបស់ទ្រង់បាននាំមកឲ្យយើង ។ យើងបង្ហាញការដឹងគុណរបស់យើងចំពោះទ្រង់បានយ៉ាងល្អបំផុត នៅពេលយើងផ្ដល់សុភមង្គលដូចគ្នានេះដល់មនុស្សដទៃទៀត ។ ការដឹងគុណបានប្រែទៅរកសេចក្ដីអំណរ នៅពេលយើងផ្ដល់ឈ្មោះដល់ពួកអ្នកផ្សព្វផ្សាយសាសនា និង នៅពេលយើងយកឈ្មោះដូនតារបស់យើងទៅព្រះវិហារបរិសុទ្ធ ។ ភស្ដុតាងនៃការដឹងគុណរបស់យើងនោះអាចបង្កើតជាមិត្ត និង ក្រុមគ្រួសារដែលមានជានិរន្តរ ។