២០១៣
សំណួរ និង ​ចម្លើយ
ធ្នូ 2013


សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​​ទប់​ទល់​នឹង​ការ​ល្បួង​ដោយ​របៀប​ណា ? »

វា​ចម្លែក​ណាស់​ដែល​ថា​ការ​ល្បួង​គឺ​ជា​ការ​ចាំបាច់​សម្រាប់​ការ​រីកលូតលាស់​ខាង​វិញ្ញាណ​របស់​យើង ។ ប្រសិន​បើ​យើង​មិន​ត្រូវបាន​ល្បួងទេ នោះ​យើង​នឹង​មិន​អាច​ជ្រើសរើស​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​បាន​ឡើយ ( សូ​មមើល គ. និង ស. 29:39 ) ។ ហើយ​ប្រសិន​បើ​យើង​មិន​អាច​ជ្រើស​រើស​សេចក្ដី​ល្អ នៅ​ពេល​បាន​ផ្ដល់​ឲ្យនូវ​ជម្រើសផ្សេងទេ នោះ​យើង​មិន​អាច​លូតលាស់​ខាង​វិញ្ញាណ​ឡើយ ( សូ​មមើល នីហ្វៃ​ទី 2 2:11–30 ) ។

គន្លឹះ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង​គឺ​ជា​ការ​គោរប្រតិបត្តិ​ឲ្យ​បាន​ទៀងទាត់ ។ នៅ​ពេល​ខ្លះ ប្រសិន​បើ​អ្នកចុះញ៉ម នោះ​ការ​ល្បួង​គឺពិបាក​នឹងទប់​ទល់​ជាង​នៅ​ពេល​អនាគត ។ ប្រសិន​បើ​អ្នក​ទប់ទល់​ជា​ទៀងទាត់ នោះ​អ្នក​កាន់​តែ​រឹង​មាំ ហើយ​ងាយ​ដើម្បី​ទប់ទល់​នា​ពេលអនាគត ។ កម្លាំង​ទប់ទល់​ដ៏​ខ្លាំង​កើត​ចេញ​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ​នៅ​ពេល​អ្នក​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​រៀន​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​តាម​ការ​បង្រៀន​ទាំងនោះ ព្រះអម្ចាស់​ពង្រឹង​អ្នក​ឲ្យទប់ទល់​នឹង​ការ​ល្បួង ។

ព្រះគម្ពីរ​បង្រៀន​ពី​របៀប​ផ្សេងទៀត​ដើម្បី​ទប់ទល់​នឹង​ការល្បួង ៖

« ចូរអធិស្ឋានជានិច្ច ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជំនះបាន មែនហើយប្រយោជន៍ អ្នកអាច​យកឈ្នះលើអារក្សសាតាំងបាន » ( គ. និង ស. 10:5 ) ។

« អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បី​តែ​កា​រល្បួង​ទាំងឡាយ និង​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ​ក៏​មិន​អាច​​ឈ្នះ​លើ​ពួកគេដែរ » ( នីហ្វៃទី 1 15:24 ) ។

« តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់គ្នា​ទៅ ។ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នករាល់គ្នា​ដែរ » ( យ៉ាកុប 4:7–8 ) ។

វា​ក៏​ជា​ការ​សំខាន់​ផង​ដែរ​ដើម្បី​ដឹង​ថា ការ​ដែលត្រូវបាន​ល្បួង​ពុំ​មែន​ជារឿង​ខុស​ឆ្គង​នោះឡើយ ។ សូម្បី​តែ​ព្រះយេស៊ូវ​ក៏ត្រូវ​បាន​ល្បួង​ដែរ ។ « ទ្រង់​បាន​រងទុក្ខ​សេចក្ដី​ល្បួង​ទាំងឡាយ ប៉ុន្តែ​មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំងនោះ​ឡើយ » ( គ. និង ស. 20:22 ) ។ អ្នក​អាច​មើល​ពី​គំរូ​របស់​ទ្រង់—និង​គំរូ​នៃ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​នៅ​ក្នុង​ព្រះគម្ពីរ—ដើម្បី​ជួយ​អ្នក ។

អធិស្ឋាន​សុំ​កម្លាំង

ដើម្បី​ទប់ទល់​នឹង​សេចក្ដី​ល្បួង ដំបូង​យើង​ត្រូវការ​ឆន្ទៈ និង​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​ដើម្បី​ជ្រើស​រើស​ផ្លូវ​ត្រូវ ។ វា​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ ប្រសិន​បើ​ខ្ញុំ​ស្រមៃ​ពី​ស្ថានភាពមួយ​ទុក​ជា​មុន រួចហើយ​ជ្រើស​រើស​ផ្លូវ​ត្រូវ​នោះ ។ រឿង​មួយ​ទៀត​ដែល​ជួយ​ខ្ញុំ​គឺ​ការអធិស្ឋាន ។ ប្រសិន​បើ​យើង​អធិស្ឋាន​សុំ​កម្លាំង ស្វែង​រក​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ហើយ​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ទីកន្លែង​ដែល​យើង​ចេញ​ទៅ​ដើរ​លេង​នៅ​ខាង​ក្រៅ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយ​ដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន​របស់​យើង ដើម្បី​គង់​នៅ​ជាមួយ​នឹង​យើង និង​ដើម្បី​ព្រមាន​ដល់​យើង ។

អេសធើរ ជី អាយុ 18 ឆ្នាំ ឡូវើរ សាហ្សក់នី ប្រទេស អាល្លឺម៉ង់

គាំទ្រគ្នាទៅវិញទៅមក

ខ្ញុំ​គិត​ថា តាមរយៈ​ការ​អាន​ព្រះគម្ពីរ​ ការ​អធិស្ឋាន ការ​អនុវត្ត​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង និង​ការ​ធ្វើ​តាមប្រសាសន៍​របស់​ព្យាការីប្រចាំ​ថ្ងៃ នោះ​យើង​អាច​ទប់ទល់​នឹង​ការ​ល្បួង​បាន ។ ការ​ទប់ទល់​នឹង​ការ​ល្បួង​ពង្រឹង​សេចក្ដី​ជំនឿ​រ​បស់​អ្នក ហើយ​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​អ្នក​ចំពោះ​ព្រះវរបិតា​សួគ៌ ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​បានធ្វើ ។ ការ​មាន​មិត្ត​នៅ​ក្នុង​សាសនាចក្រ​ក៏​អាច​ជួយ​យើង​ផងដែរ ពីព្រោះ​យើង​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ។ វា​ត្រូវការ​សេចក្ដី​ក្លាហាន​ច្រើន​ដើម្បី​និយាយ​ពាក្យ​ថា​ទេ ។ សូម​ចង​ចាំ​ថា « ត្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដីស្រឡាញ់ និង​ប្រាជ្ញា​នឹង​ធឹង​វិញ » ( ធីម៉ូថេទី 2 1:7 ) ។ នៅ​ពេល​យើង​យក​ឈ្នះ​ការ​ល្បួង នោះ​យើង​ខិត​កាន់​តែ​ជិត​នឹង​ព្រះយេស៊ូវគ្រីស្ទ ហើយ​នឹង​​ព្រះវរបិតា​សួគ៌​របស់​យើង ។

ណាន់ស៊ី អេស អាយុ 19 ឆ្នាំ តុលទីតឡាន់ ​ប្រទេស ម៉ិចស៊ិក

ចែក​ចាយ​ជំនឿ​របស់​អ្នក

នៅ​វិទ្យាល័យ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ភាគច្រើន​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ផឹក​ស្រា ហើយ​មើល​រឿង​អាសគ្រាម ។ ខ្ញុំ​តែង​តែ​និយាយ​ថា​ទេ ដោយសារ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​​សព្វព្រះឫទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។ ខ្ញុំ​ចងចាំ​ទ្រង់ ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​ខ្ញុំ ។ ពេលខ្លះ​មិត្ត​ និង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​មិន​បាន​ល្បួង​ខ្ញុំ​ឡើយ ដោយសារ​ពួកគេ​បាន​ដឹង​ពី​សាសនា​របស់​ខ្ញុំ ។ ការ​ចែក​ចាយ​ជំនឿ​ និង​ទីបន្ទាល់​របស់​យើងជាមួយ​នឹង​អ្នក​ដទៃ—ជា​ពិសេស​ជាមួយ​នឹង​មិត្ត មិត្ត​រួមថ្នាក់ អ្នក​ជិតខាង និងគ្រួសារ—នឹង​កាត់​បន្ថយ​នូវ​ការ​ល្បួង​នៅ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​យើង ។ ខ្ញុំ​ដឹង​ថា តាមរយៈ​ការ​រស់​នៅ​តាម​ដំណឹងល្អ យើងអាច​យក​ឈ្នះ​លើ​ការ​ល្បួង​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​យើង ។

រ៉ូមេអូ ប៉េ អាយុ 19 ឆ្នាំ នេហ្គ្រូស ប៉ែក​បស្ចិម ប្រទេស ហ្វីលីពីន

ចូរស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ

ខ្ញុំ​បាន​រកឃើញ​ថា នៅ​ពេល​សេចក្ដី​ល្បួង​កើត​ឡើង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ព្យាយាម​ព្រមាន​ដល់​ខ្ញុំ​ឲ្យ​ជ្រើសរើស​ផ្លូវ​ត្រូវ ។ សូម​ធ្វើ​រឿង​ទាំងឡាយ—ដូចជា​ការ​អធិស្ឋាន និង​ការ​អាន​ព្រះគម្ពីរ​របស់​អ្នក—ដើម្បី​រក្សា​ព្រះ​វិញ្ញាណ​ឲ្យ​គង់​ជាមួយ​នឹង​អ្នក ហើយជៀស​វាង​ពី​ទីកន្លែង​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​អាច​យាង​មក​បាន ។

រ៉ាជែល អូ អាយុ 13 ឆ្នាំ រដ្ឋ ផេនស៊ីលវេញ៉ា ស.រ.អា.

ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ

បងប្រុស​របស់​ខ្ញុំ​តែង​តែ​ប្រាប់​ខ្ញុំ​ឲ្យ​ « ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ » ។ ខ្ញុំ​បាន​រកឃើញ​ថា ឃ្លានេះ​មាន​ន័យ​ថា​ឈរ​នៅ​ទីកន្លែង​ដែល​សេចក្ដីល្បួង​ទាំងឡាយ​មាន​តិចតួច ឬ មិន​ធ្ងន់​ធ្ងរ ។ ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​និយាយ​ថា « កុំ​គ្រាន់​តែ​ទប់ទល់​នឹង​ការ​ល្បួង—ប៉ុន្តែ​ត្រូវ​ជៀសវាង​ពី​ការល្បួង​ផង » ។ នឹងមានពេល​ដែល​អ្នក​ត្រូវ​ទប់ទល់​នឹង​សេចក្ដី​ល្បួង​នឹង​កើត​មាន ប៉ុន្តែ​វា​កាន់​តែ​ងាយ​ស្រួល​ដើម្បី​រស់​នៅតាម​ដំណឹងល្អ​នៅ​ពេល​សេចក្ដី​ល្បួង​មិន​បាន​នៅ​ទីនោះ​ដើម្បី​ល្បួង​អ្នក ។

អើរ៉ុន អិល អាយុ 18 ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ជានិច្ច

អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ភាព​ខុសគ្នា​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់ ហើយ​ជួយ​យើង​ឲ្យ​ដឹង​ពី​ពេល​ដែល​យើង​នឹងត្រូវបាន​​ល្បួង ។ យើង​គួរ​ចង​ចាំ​ថា សេចក្ដី​ល្បួង​ទាំងឡាយ​គឺជា​ការ​សាកល្បង​ដែល​ជួយ​យើង​ឲ្យ​ដឹង​ពេល​យើង​ធ្វើ​រឿង​ត្រឹមត្រូវ និង​ពេល​យើង​ធ្វើ​រឿង​ខុស​ឆ្គង ហើយ​យើង​គួរ​ដឹង​ថា ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ពុំ​អនុញ្ញាត​ឲ្យ​យើង​ត្រូវ​បាន​ល្បួង​លើស​ពី​អ្វី​ដែល​យើង​អាច​ទប់ទល់​បាន​ឡើយ ( សូមមើល កូរិនថូស​ទី 1 10:13 ) ។ យើង​​ត្រូវតែ​ធ្វើ​ការ​សម្រេចចិត្ត​ជា​និច្ច មិន​ថា​ត្រូវ​ជ្រើស​រើស​ផ្លូវ​ត្រូវ ជំនួស​ឲ្យ​ផ្លូវខុស​មួយ​នោះ​ឡើយ ។

ជួន ធី អាយុ 19 ឆ្នាំ ម៉ុងតេវីដេអូ ប្រទេស អ៊ុយរូហ្គាយ

ការ​សម្ដែង​ជ្រើស​រើស​ផ្លូវ​ត្រូវ

ខ្ញុំ​គិត​ថា ​វា​ជា​ការ​សំខាន់ ​ដើម្បីសម្រេចចិត្ត​ទុក​ជា​មុន​ពី​ការ​ជ្រើសរើស​ដែល​ខ្ញុំ​នឹង​ប្រឈម​មុខ ។ ដោយ​ពុំ​បានដឹង​ទុក​ជា​មុន ខ្ញុំ​បាន​ជួប​នឹង​ស្ថានភាព​ដ៏​លំបាក​មួយ ហើយ​លទ្ធផល​មាន​ភាព​វិជ្ជមាន ដោយ​សារ​ខ្ញុំ​បាន​គិត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​នឹង​មិន​បន្ទាប​បទដ្ឋាន​របស់​ខ្ញុំ​ឡើយ ។ ទោះជា​ពេលខ្លះ​ខ្ញុំ​មិន​ស្រណុក​នៅ​ក្នុង​ចិត្ត​ក្ដី គ្រួសារ​របស់​ខ្ញុំ​បាន​ហាត់នូវការ​ដើរតួ​ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ឬ​ធ្វើ​នៅពេល​ជួប​នឹង​សេចក្ដី​ល្បួង​ទាំងឡាយ ។

អេមេលីន ភី អាយុ 14 ឆ្នាំ រដ្ឋ វ៉ាយអូម៉ីង ស.រ.អា.

មាន​មិត្តភក្ដិល្អ

ការ​មាន​មិត្ត​ភក្ដិល្អ​ដែល​ជ្រើសរើស​ផ្លូវ​ត្រូវ គឺជា​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទប់ទល់​នឹង​សេចក្ដី​ល្បួង ។ ពួកគេ​ធ្វើ​គំរូ​ល្អ​មួយ ។ អ្នក​អាច​ហៅ​ពួកគេ ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង ។ ពួកគេ​នឹង​ជួយ​អ្នក​ឲ្យ​រើស​ផ្លូវ​ត្រូវ ។ មិត្ត​ល្អ​អាច​រំឭក​អ្នក​ឲ្យ​អធិស្ឋាន អាន​ព្រះគម្ពីរ ហើយ​គោរពប្រតិបត្តិ ។

សែម អ៊ី អាយុ 17 ឆ្នាំ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា.