២០១៣
ពី​ជន​ប្លែក​មុខ​ក្លាយ​ទៅ​ជា​មិត្ត
ធ្នូ 2013


ពី​អ្នកដទៃ​ក្លាយ​ទៅ​ជា​មិត្ត

ទង្វើ​នៃ​ការ​បម្រើ​ដ៏​សាមញ្ញ​មួយ​មក​ពី​អ្នក​ផ្សព្វផ្សាយ​សាសនាវ័យចំណាស់ម្នាក់​បាន​ផ្ទុក​នូវ​ចំណាប់​អារម្មណ៍​មួយ​ជា​រៀង​រហូត ។

មាន​ជន​ចំឡែក​ម្នាក់​នៅ​លើ​ដើម​ឈើ ? តើ​ជនចំឡែក​កំពុង​ធ្វើ​អ្វី​នៅ​លើ​ដើម​ឈើ ? ចុះ​តើ​ឧបករណ៍អ្វី​ដែល​គាត់​ប្រើ​ដើម្បី​កាត់​មែក​ឈើ​បាន​យ៉ាង​រហ័ស​នោះ​?

សំណួរ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​គំនិត​នៃ​ប្រជាជន យូហ្គាដា ​មួយ​ក្រុម​ដែល​ឈរ​មើល ​( ជន​ចំឡែក ) ​ម្នាក់ ​ប្រើ​រណា​អារតម្រឹម​ឈើ​ប្រើ​ថ្មី​ពិល​កាត់​តម្រឹម​មែក​ឈើ​ងាប់​ពីដើម​ឈើ​មួយ​ដែល​មាន​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃធំ ។​ ឧបករណ៍​នោះ គឺ​មាន​ភាព​អស្ចារ្យ​ណាស់​សម្រាប់ប្រជាជន​នៅ​ទី​នោះ ។ ភាគច្រើន​ពួកគេ​ពុំ​ធ្លាប់​ឃើញ​អ្វី​បែប​នេះ​ពី​មុន​មក​ឡើយ ។

ប៉ុន្តែ​ ជន​ចំឡែក ​ម្នាក់​នោះ​រឹត​តែ​ធ្វើ​ឲ្យ​ពួកគេ​ភាព​ភ្ញាក់​ផ្អើល​ថែមទៀត ។ អែលឌើរ រ៉ូឡិន ហ៊ែរីស ជា​​អ្នក​ផ្សព្វផ្សាយ​វ័យ​ចំណាស់​ម្នាក់​មក​ពី​រដ្ឋ យូថាហ៍ ស.រ.អា. បាន​កាត់​តម្រឹមមែក​ឈើ​មួយ​ហើយ​មួយ​ទៀត ដោយ​កាត់​មែក​ងាប់​ចេញ​ពីដើម​ឈើ​មួយ​ដ៏​ខ្ពស់ ។ ​មនុស្ស​ដែល​នៅ​ខាង​ក្រោម​បាន​ភ្ញាក់​ផ្អើលដែល​ជន​បរទេស​ម្នាក់​បាន​ធ្វើ​កិច្ចការ​បែប​នេះ​ ដែល​ជា​​កិច្ចការ​មួយ​របស់​ពួកគេ​ផ្ទាល់​នោះ ។

នៅ​ទី​បំផុត ទង្វើ​នៃ​ការ​បម្រើ​ដ៏​សាមញ្ញ​របស់​អែលឌើរ​ហារីស ​បាន​គូស​ចំណាំ​នូវ​ការ​ចាប់​ផ្ដើម​នៃ​មិត្តភាព​មួយ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​មិន​ចាប់​អារម្មណ៍​នឹង​សាសនាចក្រ ឬ សមាជិក​នៃ​សាសនាចក្រ​នោះឡើយ ។​

ការ​ចាប់​ផ្ដើម​ស្គាល់ ហ្គត់ហ្វ្រី​

អែលឌើរ រ៉ូឡិន ហារីស និង ស៊ិស្ទើរ ចានេត ហារីស កំពុង​បម្រើ​បេសកកម្ម​រយៈ​ពេល​ 23 ខែ នៅ​ក្នុង​បេសកកម្ម កំប៉ាឡា​អ៊ូហ្គង់ដា ។ ស៊ិស្ទើរ ហារីស ជា​គិលានុបដ្ឋាយិកា​ចុះ​ឈ្មោះ​ម្នាក់ ​ត្រូវ​បាន​ហៅ​ជា​អ្នក​​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អែលឌើរ ហារីស ជា​អ្នក​គ្រប់​គ្រង​ផ្នែក​សំណង់​ចូល​និវត្តន៍​ម្នាក់​ដែល​អាច​ជួសជុល​ស្ទើរ​តែ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាល បាន​​ថែទាំ​អគារ​សាសនាចក្រ និង​រថយន្ត​របស់​បេសកកម្ម ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​​មក​ដល់​ប្រទេស​អ៊ូហ្គង់ដា​ អែលឌើរ និង ស៊ិស្ទើរ ហារីស បាន​ជួយ​សមាជិក​សាសនាចក្រ​នៅ​ទី​នោះ​ម្នាក់​ឈ្មោះ ម៉ារី ដើម្បី​ជួយ​បោស​សម្អាត​ផ្ទះ​ពួកគាត់ ។

ម៉ារី បាន​ជ្រមុជទឹក​កាល​ពី​បី​ឆ្នាំ​មុន ។ ស៊ិស្ទើរ​ហារីស បាន​និយាយ​ថា « យើង​កាន់​តែ​ស្រឡាញ់​នាង​ខ្លាំង​ឡើងៗ » ។ « នាង​បាន​ជួយ​បង្រៀន​យើង​ពី​របៀបរបប​​នៃ​ប្រទេស អ៊ូហ្គង់ដា » ។​

កាល​ពួកគាត់​ស្គាល់ ម៉ារី កាន់តែ​ច្រើន នោះ​មិត្តភាព​របស់​ពួកគេ​កាន់​តែ​មាន​ភាព​ជ្រាលជ្រៅ ។ មួយ​រំពេច​នោះ ពួកគាត់​បាន​រៀន​ពី​ស្វាមី​របស់​នាង ឈ្មោះ ហ្គត់ហ្វ្រី ជា​បុរស​ល្អ​ម្នាក់​តែ​មិន​ចង់​ពាក់ព័ន្ធ​នឹង​សមាជិក​សាសនាចក្រ ជា​ពិសេស​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ស៊ិស្ទើរ​ ហ៊ែរីស បាន​ពន្យល់​ថា « គាត់​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូល​ផ្ទះ​របស់​គាត់​ឡើយ » ។ ប៉ុន្តែ ម៉ារី នៅ​តែ​ចង់​ឲ្យ ហ្គត់ហ្វ្រី ជួប​នឹង​ពួក​គេ ។

នាង​​បាន​អញ្ជើញ​​គ្រួសារ​ហារីស ​មក​លេង​ផ្ទះ​នាង​ក្នុង​រយៈ​ពេល​ខ្លី​មួយ ។ ស៊ិស្ទើរ ​ហារី​បាន​ពន្យល់​ថា « យើង​គ្មាន​ការ​រំពឹង​ទុក​ណា​មួយ​នោះ​ឡើយ » ។ « យើង​បាន​ប្រាប់ ហ្គត់ហ្វ្រី ថា ឥឡូវ​នេះ ម៉ារី ជា​មិត្ត​សម្លាញ់​របស់​យើង ហើយ​យើង​ចង់​ស្គាល់​ពី​គ្រួសារ​របស់​នាង » ។ ហ្គត់ហ្វ្រី បាន​និយាយ​នឹង​ពួកគាត់ ប៉ុន្តែ​គ្មាន​គំនិត​ចង់​រាប់អាន​ពួកគាត់​​ជាមិត្ត​នោះ​ឡើយ ។

ការ​ណ៍​នោះ​បាន​ផ្លាស់​ប្ដូរ​​ទាំង​ស្រុង​នៅ​ថ្ងៃ​ដែល​អែលឌើរ ហារីស បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ឧបករណ៍​​ដ៏​អស្ចារ្យ ជណ្ដើរ ហើយ​សុំ​ធ្វើ​ការ​បម្រើ​មួយ ។

ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ

ផ្ទះ​របស់ ហ្គត់ហ្វ្រី និង ម៉ារី គឺ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ដើម​ឈើ​ខ្ពស់ៗ​មាន​សុទ្ធ​តែ​មែក​ងាប់ និង​មែក​ចាស់យ៉ាង​ច្រើន​បាន​គ្រប​លើ​ដំបូល​ផ្ទះ​របស់​ពួកគេ ។

អែលឌើរ ហារីស បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ភ្លាម ។ គាត់​បាន​ចំណាយ​ពេល​បួន​ម៉ោង​នៅ​ចុង​ដើម​ឈើ​នោះ​ ដើម្បី​កាត់​មែក​ឈើ​ដែល​មាន​អង្គត់​ផ្ចិត​រហូត​ដល់​ទៅ​ 25 ស.ម. ។​​ ការងារ​នេះ​គួរ​តែ​មាន​គេ​​ធ្វើ​ជា​យូរ​មក​ហើយ ។ អែលឌើរ ហារីស បាន​និយាយ​ថា « យ៉ាង​ហោច​ណាស់ ខ្ញុំ​ឡើង​ដល់​កម្ពស់​ 6 ម. ពី​ដី » ។ នៅ​ពេល​មាន​មនុស្ស​ដើរ​ក្បែរ ពួកគេ​មិន​ចង់​ជឿ​នឹង​ភ្នែក​របស់​ពួកគេ​ឡើយ ។

រីឯ ហ្គត់ហ្វ្រី​ វិញ​បាន​​នៅ​ឈរ​ស្រឡាំងកាំង ។ ស៊ិស្ទើរ​ ហារីស​ និយាយ​ថា « គាត់​បាន​អរគុណ​យើង​យ៉ាង​ខ្លាំង » ។ សូម្បី​តែ​សកម្មភាព​ដ៏​សាមញ្ញ​ដូចជា​ការ​កាត់​តម្រឹមដើម​ឈើ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធំ ។ ស៊ិស្ទើរ ហារីស បាន​ពន្យល់​ថា « ពួកគេ​គ្មាន​ប្រាក់​សម្រាប់​ថ្លៃ​ពេទ្យ​នោះ​ទេ » ។ ឧទាហរណ៍ ​ប្រសិន​បើ​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដើម​ឈើ​មក ហើយ​បាក់​ដៃ ឬ​ជើង ពួកគេ​ប្រហែល​ជា​ត្រូវ​ព្យាបាល​ដោយ​ខ្លួន​ឯង ។

​កំណាត់​ឈើ​មួយ​ពំនូក​ធំ​នៅ​លើ​ដី​ បាន​ស្ថាបនាជា​គ្រឹះ​សម្រាប់​មិត្តភាព​ដ៏​រីករាយ​មួយ ។ អែលឌើរ ហារីស បាន​និយាយ​ថា « ចាប់​ពី​ពេល​នោះ​មក ហ្គត់ហ្វ្រី បាន​ចេញ​មក​រាក់ទាក់​នឹង​យើង » ។ ហ្គត់ហ្វ្រី និង ម៉ារី ក៏​បាន​ចាប់​ផ្ដើម​ស្វាគមន៍​សមាជិក​សាសនាចក្រ​ដទៃ​ទៀត​ចូល​មក​ក្នុង​ផ្ទះ​របស់​ពួកគេ​ផង​ដែរ ។

ការ​ឆ្លងកាត់​ទន្លេ​ នីល

អែលឌើរ និង ស៊ិស្ទើរ ហារីស បាន​មាន​ភាព​ជិតស្និទ្ធ​នឹង ហ្គត់ហ្វ្រី និង ម៉ារី កាល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ។ នៅ​ទីបំផុត មិត្តភាព​នេះ​បាន​ប្រែ​ក្លាយ​ជា​កម្លាំង និង​ការ​គាំទ្រ​មួយ​សម្រាប់​គ្រួសារ​ហារីស នៅ​ពេល​គ្រោះថ្នាក់​​​មួយ​ដែល​មិន​បាន​រំពឹង​ទុក​បាន​កើត​ឡើង ​ចំពោះ​ពួកគាត់ នៅ​ពាក់កណ្ដាល​នៃ​បេសកកម្ម​របស់​ពួកគាត់ ។ ពួកគាត់​បាន​ទទួល​ដំណឹង​ថា កូន​ប្រុស​ពួកគាត់​ឈ្មោះ ​ប្រាដ បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​រថយន្ត ។

នៅ​ពេល ហ្គត់ហ្វ្រី និង ម៉ារី បាន​ដឹង​ពី​រឿង​នេះ​ភ្លាម ពួកគេ​បាន​ស្លៀក​សំលៀក​បំពាក់​ល្អ​បំផុត​របស់​ពួកគេ ហើយ​ធ្វើ​ដំណើរ​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់ ដើម្បី​បាន​នៅ​ក្បែរ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ពួកគេ ។

នៅ​ប្រទេស​អ៊ូហ្គង់ដា មាន​មនុស្ស​ពីរបី​នាក់​ប៉ុណ្ណោះ​ដែល​មាន​រថយន្ត ។ ពួកគេ​ត្រូវ​ដើរ ឬ​ក៏​ជិះ​រថយន្ត​តាក់ស៊ី ។ ​តាក់ស៊ី​ជាទូទៅ​គឺ បូដា បូដា ជា​​ម៉ូតូ​មួយ​ដែល​ជារឿយៗ​មាន​គេ​ឃើញ​ដឹក​មនុស្ស​ដល់​ទៅប្រាំ​មួយ​នាក់​ក្នុង​ពេល​តែ​មួយ ។

ស៊ិស្ទើរ ហ៊ែរីស ពន្យល់ថា « ការ​ជិះបូដា បូដា នៅ​ពេល​យប់​គឺ​គ្រោះថ្នាក់​ណាស់ » ។ « ពួកគេ​ឆ្លង​ទន្លេ​ នីល ដោយ បូដា បូដា នៅ​ពេល​យប់ » ។

​បន្ទាប់​ពី​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​នៅ​ពេល​យប់​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​មក ហ្គត់ហ្វ្រី និង​ម៉ារីបាន​ទៅដល់​ដើម្បី « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » ហើយ « កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ » ( ម៉ូសាយ 18:9 ) ។ នៅ​យប់​នោះ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​បាន​ទទួល​ត្រលប់​មក​វិញ ។ ម៉ារី និង ហ្គត់ហ្វ្រី គឺ​ជា​អ្នក​ដែល​ផ្ដល់​ការ​បម្រើ ។ ស៊ិស្ទើរ ហារីស និយាយ​ថា « វា​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ » ។ ម៉ារី បាន​ណែនាំ​ថា ពួកគេ​ទាំងអស់​គួរ​លុតជង្គង់​ចុះ​អធិស្ឋាន​ទាំងអស់​គ្នា ។ ហ្គត់​ហ្វ្រី បាន​ចូល​រួម​ដោយ​គ្មាន​ភាព​ស្ទាក់​ស្ទើរ ។

អែលឌើរ និង​ ស៊ីស្ទើរ ហារីស បាន​ត្រឡប់​ទៅ​រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា. វិញ​ដើម្បី​ចូល​បុណ្យ​សព្វ​របស់​ប្រាដ ។ ក្រោយ​មក ពួកគាត់​បាន​​ត្រឡប់​មក​ប្រទេស​អ៊ូហ្គង់ដា​វិញ​ដើម្បី​បញ្ចប់​បេសកកម្ម​របស់​ពួកគាត់ ។ ឥឡូវ​នេះ ​នៅ​ពេល​ពួកគាត់​រស់​នៅ​រដ្ឋ យូថាហ៍ ក្ដី ក៏ រ៉ូឡិន និង​ ជែនេត​ នៅ​តែ​ទាក់ទង​នឹង ម៉ារី និង ហ្គត់ហ្វ្រី ដែរ ។

ការ​បម្រើ​ជា​កូនសោ​មួយ​ដែល​អាច​បើក​ទ្វារ​ដែល​រារាំង​ដល់​យើង ។ ដូចជា​ប្រធាន ថូម៉ាស អេស ម៉នសុន​ បង្រៀន​ថា « នៅ​ពេល​ការ​បម្រើ​ដោយ​ចិត្ត​សប្បុរស​បំបាត់​ចោល​នូវ​ភាព​កំណាញ់ នោះ​ព្រះចេស្ដា​នៃ​ព្រះ​នឹង​នាំឲ្យ​គោលបំណង​របស់​ទ្រង់​បាន​កើត​ឡើង » (« Willing and Worthy to Serve » Liahona ខែ ឧសភា ឆ្នាំ 2012 ទំព័រ 68 ) ។​​

រចនា​រូបភាព​ដោយ ក្រេហ្គ ញ៉ូវបូល