២០១៣
ឈប់​ញៀន​ទៀត​ហើយ ៖ ដំណើរ​របស់​ខ្ញុំ​ដើម្បី​យក​ឈ្នះ​លើ​រូប​អាស​គ្រាម
ធ្នូ 2013


ឈប់​ញៀន​ទៀត​ហើយ ៖ដំណើរ​របស់​ខ្ញុំ​ដើម្បី​យក​ឈ្នះ​លើ​រូប​អាស​គ្រាម

ក្នុង​នាម​ជា​យុវនារីម្នាក់ ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា ខ្ញុំ​នឹង​ជួប​បញ្ហា​ជាមួយ​នឹង​រូបភាព​អាសគ្រាម​ឡើយ ។

រូបភាព
Shadow of a young woman.

រចនា​ដោយ​ ជីម មេដសេន រឿង​លម្អិត​ចេញ​ពី

ខ្ញុំ​ពុំ​ធ្លាប់គិត​ថា ការ​ញៀន​នូវ​រូបភាព​អាសគ្រាមអាច​ជា​បញ្ហា​របស់​ក្មេង​ស្រី​ម្នាក់​នោះ​ឡើយ ។ ខ្ញុំ​បាន​គិត​ខុស នៅ​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា 16 ឆ្នាំ ។ ខ្ញុំ​បាន​ឃើញ​វីដេអូ​អាសគ្រាម​មួយ ហើយ​ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​នៅ​តែ​ឯង ហើយ​ចង់​ចេះចង់ដឹង ខ្ញុំ​បាន​មើល​វា ។ បន្ទាប់​ពី​លើក​ដំបូង​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​​ហាក់​ដូចជា​ខ្ញុំ​ត្រូវ​តែ​មើល​អ្វី​មួយ​ជា​រៀងរាល់ថ្ងៃ ។ ខ្ញុំ​បាន​ញៀន​នឹង​រូបភាព​អាសគ្រាម ។

ការ​មើល​រូបភាព​អាសគ្រាម​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ ។ ខ្ញុំ​បា​នដឹង​ថា​វា​ជា​រឿង​ខុស​ឆ្គង ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ ។ ខ្ញុំតែង​តែ​ពិបាក​ចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​កខ្វក់ ហើយឆ្លង​រាលដាលដោយ​សារ​តែ​ការ​ល្បួង​ដ៏ស្មោកគ្រោក​របស់​សាតាំង ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រកវិធី​ដើម្បី​មើល​វា ដើម្បី​ខ្ញុំ​អាច​បំពេញនូវ​ចំណង់​របស់ខ្ញុំ ។ ការ​ញៀន​របស់​ខ្ញុំ​បាន​ដឹកនាំ​ទៅ​រក​ការ​ធ្វើ​ខុស​កាន់​តែ​ច្រើនឡើងៗ ។ ខ្ញុំ​បាន​កុហក​មនុស្ស​គ្រប់គ្នា ៖ បងប្រុស​ខ្ញុំ ម្ដាយ​ខ្ញុំ ហើយ​លើស​ពីនេះ​ទៀត គឺ​ព្រះអម្ចាស់ និង​ខ្លួនឯង ។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា មើល​វីដេអូ​មួយ​ទៀត​នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ឡើយ មើល​រឿង​កខ្វក់​មួយ​ទៀត​នឹង​មិន​អាក្រក់​នោះទេ ។

ខ្ញុំ​នៅ​តែ​ទៅ​ព្រះវិហារ ចូលរួម​ម៉្ញូតឆល និង​ថ្នាក់សិក្ខាសាលា ប៉ុន្តែ​ខ្ញុំ​គ្មាន​ឥរិយាបថ​ត្រឹមត្រូវ ឬ​មាន​ព្រះ​វិញ្ញាណ​គង់​ជាមួយ​ខ្ញុំ​ឡើយ ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត ដូច្នេះ​ខ្ញុំ​មិន​បាន​រៀន​អ្វីពី​មេរៀននានា​ឡើយ ។ ខ្ញុំ​បាន​ឈប់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឈប់​អធិស្ឋាន និង​អាន​ព្រះគម្ពីរ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្វើ​ខុស ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អាច​បញ្ឈប់​ខ្លួន​ឯង​បាន ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់ចុះ​ជា​រៀងរាល់ថ្ងៃ ។

នៅ​ទីបំផុត ការ​ចូល​មើល​រួបភាព​អាសគ្រាម​របស់ខ្ញុំ​ត្រូវបាន​​ដាក់​កំហិត ។ ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា អត់​រូបភាព​អាសគ្រាមិនបាន ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា រឿង​ទាំងឡាយ​បាន​ផ្លាស់​ប្ដូរ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ ទម្លាប់​របស់ខ្ញុំ​មាន​ភាពខុស​ប្លែក ។ ខ្ញុំ​មិន​បាន​មើល​រូបភាព​អាសគ្រាម​រាល់​ថ្ងៃ​នោះ​ទេ ។ ខ្ញុំ​នៅ​តែ​មាន​បំណង​ដើម្បី​មើល​វា ប៉ុន្តែ​ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​ទប់ទល់​នឹង​វា ។ នៅទីបំផុត បន្ទាប់​ពី​ញៀន​នឹង​រូបភាព​អាសគ្រាម​រយៈពេល​ពីរ​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ជាទៀងទាត់​សុំ​កម្លាំង​ ហើយ​បាន​ឈប់​មើល​វា​ទាំងស្រុង ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​កខ្វក់​នៅ​ក្នុង​ចិត្ត ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ជួប​នឹង​ប៊ីស្សព ។ ខ្ញុំ​មិន​អាច​នាំ​ខ្លួន​ឯង​ឲ្យ​ធ្វើ​កិច្ចការ​នេះ​បាន​ឡើយ ។

នៅ​ទីបំផុត បន្ទាប់ពី​ស្ដាប់​ឮ​មនុស្ស​ជាច្រើន​និយាយ​ពី​ការ​ឆ្លងកាត់​ដំណើរ​ការ​​នៃ​ការ​ប្រែចិត្ត និង​ការ​សាកល្បង​ដែល​ពួកគេ​បាន​យក​ឈ្នះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិតជា​​ត្រូវ​ទៅ​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​បាត់​បង់​នូវ​ពរជ័យ​ដ៏​ធំ​មួយ​នៅ​ក្នុង​សាសនាចក្រ ៖ ជា​ពរនៃ​លោកអយ្យកោ ។

ខ្ញុំ​បាន​ធ្វើ​ការ​ណាត់​ជួប​មួយ​ដើម្បី​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ ។

ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់អៀន នៅ​ពេល​ដើរ​ទៅ​កាន់​ការិយាល័យ​របស់​ប៊ីស្សព​ខ្ញុំសម្រាប់ការ​សម្ភាសន៍​នាយប់​នោះ ។ ខ្ញុំ​ភ័យខ្លាចថា គាត់​គ្រាន់​តែ​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា ករណី​របស់​ខ្ញុំ​គឺគ្មាន​សង្ឃឹម​ទេ ហើយ​ថា​ខ្ញុំបាន​ជីក​រណ្ដៅ​មួយ​យ៉ាង​ជ្រៅ​កប់​ខ្លួន​ឯង ហើយ​មិន​អាច​ចេញ​មក​រួច​ឡើយ ។ ខ្ញុំ​ភ័យ​ខ្លាច​ថា គាត់​នឹង​មិន​មើល​ខ្ញុំ​ដូចពី​មុន​ទៀត ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ប្រាប់​គាត់​ពី​ដំណើរ​រឿង​ទាំងមូល​របស់​ខ្ញុំ គាត់​បាន​ញញឹមដាក់​ខ្ញុំ ហើយ​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ គាត់​ពិត​ជា​ខ្វល់ខ្វាយអំ​ពី​ខ្ញុំ ។ បន្ទាប់​ពី​និយាយ​នឹង​ប៊ីស្សព​របស់​ខ្ញុំ ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំងឡាយ នៅ​ទី​បំផុត​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ស្អាតស្អំ​ហើយ ។

ការ​ញៀន​​នឹង​រូបភាព​អាសគ្រាមប៉ុន្មាន​ឆ្នាំ ​របស់​ខ្ញុំនេះគឺជាពេល​ដ៏​សែន​លំបាក​មួយ​នៅ​ក្នុង​ជីវិតរបស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​ដោយ​ចាក​ចេញ​ពី​ការិយាល័យ​របស់​ប៊ីស្សព​ខ្ញុំ ហើយ​មាន​អារម្មណ៍​ស្អាតស្អំ ។ បន្ទុក​ដែល​ខ្ញុំ​បានស្ពាយ​ជា​ច្រើន​ឆ្នាំ​ត្រូវបាន​ដក​ចេញ​ពី​លើ​ស្មារ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​ខ្ញុំ​អាច​ទទួល​ពរជ័យ​លោក​អយ្យកោ​របស់​ខ្ញុំ ហើយ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ហើយ​មាន​ព្រះវិញ្ញាណ​ម្ដងទៀត ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មនុស្ស​ថ្មី​ម្នាក់ ។ មាន​មនុស្ស​ជាច្រើន​ថែម​ទាំង​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ហាក់​ដូចជា​ប្លែក​ជាង​ពី​មុន ហើយ​ថា ទឹក​មុខ​របស់​ខ្ញុំ​គឺ​មាន​ភាព​ភ្លឺ​ខុស​ពី​មុន ។ ខ្ញុំ​រីករាយ​ជាង​មុននៅ​គ្រប់​ពេលវេលា ហើយមាន​ឥរិយាបថ​ល្អ​អំពី​គ្រប់​រឿង​ទាំងអស់ ។

ខ្ញុំ​ដឹង​ថា​ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ យើង​អាច​កែប្រែ ហើយ​យក​ឈ្នះ​លើ​ការ​ញៀន​ទាំងឡាយ ។ ហើយ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ការ​និយាយ​ជាមួយ​នឹង​ប៊ីស្សព​ឡើយ ដោយសារ​គាត់​នឹង​ជួយ​យើង នៅ​ពេល​យើង​ប្រែចិត្ត ដើម្បី​យើង​អាច​ទទួល​អារម្មណ៍​ស្អាត​ស្អំ​ម្ដង​ទៀត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។