២០១៣
ព្រះអម្ចាស់​នឹង​យាង​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​សិរីល្អ
ធ្នូ 2013


អ្វី​ដែល​យើង​ជឿ

ព្រះអម្ចាស់​នឹង​យាង​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​សិរីល្អ

រាល់កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ—ដូចជា​ កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ ការ​បង្រៀន​ដំណឹងល្អ ការ​រស់នៅ​ក្នុង​ជីវិត​ដូចជា​ព្រះគ្រីស្ទ—រៀបចំ​យើង និង មនុស្ស​ដទៃ​ទៀត​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។1

ការ​យាង​មក​លើក​ដំបូង​របស់​ទ្រង់—ជីវិត​រមែង​ស្លាប់​របស់​ទ្រង់—មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ឃើញ ។ នៅ​ពេល​ទ្រង់​ត្រលប់​មកវិញ « ដោយ​ព្រះចេស្ដា និង សិរី​ល្អ​ដ៏​ធំ » នោះ​មនុស្ស​លោក​ទាំងអស់​នឹង​បាន​ឃើញ​ហេតុការណ៍​នោះ ( គ. និង ស. 29:11 ) ។ ការ​យាង​មក​ជា​លើក​ទីពីរ​នឹង​គូស​ចំណាំ​នូវ​ការ​ចាប់ផ្ដើម​នៃ​សហស្សវត្ស ជា​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង « ស្ថិត​នៅ​ក្នុង​សេចក្ដី​សុចរិត​ជាមួយ​មនុស្ស​លោក​នៅ​លើ​ផែនដី​អស់​មួយ​ពាន់​ឆ្នាំ » ( គ. និង ស. 29:11 ) ។​

ព្រះ​គម្ពីរ​បាន​រៀបរាប់​ពី​ហេតុការណ៍​ជាច្រើន​ ដែលនឹង​កើត​មាន​ឡើង​ពី​មុន​ការ​យាង​មក​ជា​លើក​ទី​ពីរ ។ ហេតុការណ៍​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុការណ៍​​ទាំងនោះ​រួមមាន ៖

ទោះ​បី​ជា​យើង​អាច​មើល​ឃើញ​ពី​សញ្ញា​ទាំងឡាយ​ ថា​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​ជិត​ចូល​មក​ដល់​ក្ដី ក៏​គ្មាន​នរណា​ដឹង​ពី​ពេល​វេលា​ពិតប្រាកដ​ដែល​ ព្រះអម្ចាស់​នឹង​យាង​ត្រលប់​មក​វិញ​ដែរ ៖ « ម៉ោង និង ថ្ងៃ​នោះ នោះ​គ្មាន​នរណា​ដឹង​ឡើយ សូម្បីតែ​ពួក​ទេវតា​នៅ​លើ​ស្ថានសួគ៌​ផង​ដែរ ហើយ​ពួកគេ​នឹង​ពុំ​ដឹង​ឡើយ រហូត​ដល់​ទ្រង់​យាង​មក » ( គ. និង ស. 49:7 ) ។

មនុស្ស​មួយ​ចំនួន​នឹង​ពុំ​បាន​រៀបចំ​ខ្លួន​ សម្រាប់​ការ​យាង​ត្រលប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ វា​នឹង​ក្លាយ​ជា​គ្រា​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​ពួក​ទុច្ចរិត ប៉ុន្តែ​វា​ជា​គ្រា​មួយ​នៃ​សេចក្ដី​សុខសាន្ត​ និង​ជ័យជំនះ​សម្រាប់​ពួក​សុចរិត ។ ដូច្នេះ ព្រះ​គម្ពីរ និង ពួក​ព្យាការី​នៅ​សម័យ​ចុងក្រោយ បាន​បង្រៀន​យើង​ពី​របៀប​រស់នៅ ដើម្បី​យើង​អាច​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង នៅ​ពេល​ដែល​ទ្រង់​នឹង​យាង​មក​ម្ដងទៀត ។ ព្រះអម្ចាស់​បាន​បង្រៀន​ថា ៖

« ហើយ​នៅ​ថ្ងៃ​នោះ ក្នុង​កាល​ដែល​យើង​នឹង​យាង​មក ដោយ​នូវ​សិរី​ល្អ​របស់​យើង នោះ​ពាក្យ​ប្រៀប​ប្រដូច​នឹង​ត្រូវ​បាន​សម្រេច ដែល​យើង​បាន​មាន​បន្ទូល​ពី​ស្រី​ព្រហ្មចារី​ដប់​នាក់ ។

« ត្បិត​ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុក​ជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​បាន​គេ​បញ្ឆោត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ » ( គ. និង ស. 45:56–57, សូម​មើល​ផង​ដែរ ម៉ាថាយ 25:1–13 ) ។

  • ពីមុន​ការ​យាង​មក​ជា​លើក​ទី​ពីរ នឹង​កើត​មាន​ការ​រញ្ជួយ​ដី ខ្យល់ព្យុះ និង ព្យុះភ្លៀង​ផ្គរ និង រន្ទះ ហើយ​រលក​សមុទ្រ​នឹង​មាន​កម្ពស់​ខ្ពស់ « ហួស​ណា​ហួស​ណី » ( សូម​មើល គ. និង ស. 88:89–90 ) ។

  • « ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ » ( យ៉ូអែល 2:31 ) ។

  • ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ត្រលប់​មក​វិញ​ក្នុង​សិរី​ល្អ ៖ « សិរីល្អ​នៃ​វត្តមាន​របស់​ទ្រង់​នឹង​ទៅ​ជា​ធំ​អស្ចារ្យ​ដែល​ព្រះអាទិត្យ​នឹង​លាក់​ភ័ក្ត្រា​ដោយ​ក្ដី​ខ្មាស » ( គ. និង ស. 133:49 ) ។

  • ព្រះអង្គ​សង្គ្រោះ​នឹង​ឈរ​នៅ​លើ​ភ្នំ​អូលីវ ហើយ​ពួក យូដា នឹង​សួរ​ថា « តើ​របួស​អ្វី​ហ្នឹង​នៅ​ដៃ​អ្នក និង នៅ​ជើង​អ្នក ? » ទ្រង់​នឹង​ឆ្លើយ​ថា « របួស​ទាំងនេះ​គឺជា​របួស​ដែល​យើង​ត្រូវ​របួស​នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សំឡាញ់​យើង ។ … យើង​ជា​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង » ។ ( សូម​មើល គ. និង ស. 45:48–52 ) ។

  • ពួក​សុចរិត​នឹង​បាន​រស់​ឡើង​វិញ ហើយ​នាំទៅ​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ពពក (សូ​ម​មើល​ គ. និង ស. 88:95–97) ។

កំណត់​ចំណាំ

  1. ឧទាហរណ៍ សូម​មើល ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 24 និង នែល អិល អាន់ឌើរសិន « Preparing the World for the Second Coming » Liahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 49 ។

ពី​ខាង​ឆ្វេង ៖ រូបភាព​ពី ព្រះគ្រីស្ទ​នៅ​ឯ​ភូមិ អេម៉ោស ដោយ ខាល ហ៊ីនរិច ប្លក់ ។ រូបភាព​ពី ការ​យាង​មក​ជា​លើក​ទីពីរ ដោយ​ហារី អែនឌើរសិន © IRI ។ រូបថតទឹក​ជំនន់ © Getty Images ។ រូបថត​ព្រះអាទិត្យ © Corbis ។ រូបភាព​ពី ដើម្បី​អ្នក​អាច​ដឹង ដោយ ហ្គារី អិល ខាប