២០១៣
តើខ្ញុំអាចចែកចាយព្រះគម្ពីរមរមនបានឬទេ?
ធ្នូ 2013


យុវវ័យ

តើ​ខ្ញុំ​អាច​ចែក​ចាយ​ព្រះគម្ពីរ​មរមន​បាន​ដែរ​ឬទេ ?

អ្នកនិពន្ធ​ម្នាក់​ដែល​រស់​នៅ​ក្នុង​រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។

នា​ឆ្នាំ​ដំបូង​របស់​ខ្ញុំ​នៅ​​វិទ្យាល័យ គ្រូបង្រៀន​ថ្នាក់​សិក្ខា​សាលា​របស់​ខ្ញុំ​បាន​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ដល់​ព្រះគម្ពីរ​មរមន​ទៅ​មិត្ត​ដែល​ពុំ​មែន​ជា​សមាជិក ។ ទោះបី​ជា​ខ្ញុំ​មាន​ការខ្មាស់​អៀន​ខ្លាំង​ក្ដី ក៏​ខ្ញុំ​បាន​ទទួល​យក​ការ​អញ្ជើញ​នោះ​ផង​ដែរ ។

ខ្ញុំ​បាន​ចំណាយ​ពេល​ពីរបី​ថ្ងៃ ដើម្បី​បង្កើន​នូវ​សេចក្ដី​ក្លាហាន ប៉ុន្តែ​នៅ​ទៅ​បំផុត​ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​នោះ​ទៅ​មិត្ត​របស់​ខ្ញុំ​ឈ្មោះ ប្រ៊ីតនី អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ ហើយ​បាន​ថ្លែង​ទីបន្ទាល់​មួយ​យ៉ាង​ខ្លី ។ ប្រ៊ីតនី បាន​អរគុណ​ខ្ញុំ​សម្រាប់​ព្រះគម្ពីរ​នោះ ។

នៅ​ពេល​វិស្សមកាលឆ្នាំ​នោះ ប្រ៊ីតនី បាន​ផ្លាស់​ទីលំនៅ ប៉ុន្តែ​យើង​នៅ​តែ​ទាក់ទង​គ្នា ។ នាង​បាន​ប្រាប់​ខ្ញុំ​ពី​សាលា​ថ្មី​រ​បស់​នាង ហើយថា​មិត្ត​របស់​នាង​ស្ទើរ​តែ​ទាំង​អស់​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​នាង​ពុំ​ដែល​និយាយ​ពី​រឿង​ខាង​វិញ្ញាណ​ជាមួយ​ខ្ញុំ​នោះ​ទេ ។

រឿងនោះ​បាន​ផ្លាស់​ប្ដូរ​ពី​មុនខ្ញុំ​បាន​ចេញ​ទៅ​បេសកកម្មរបស់ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​សារ​មួយ​ពី ប្រ៊ីតនី ដោយ​ប្រាប់​ថា​នាង​មាន​ដំណឹងដ៏​រីក​រាយ​​មួយ​សម្រាប់​ខ្ញុំ ៖ នាង​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នាង​ចង់​អរគុណខ្ញុំ​សម្រាប់​ការ​ធ្វើ​ជា​មិត្ត​របស់​នាង ហើយ​ធ្វើ​ជា​គំរូ​មួយ​ដ៏​ល្អ ។

ព្រះបាន​ដក​យក​ការ​ខ្មាស់​អៀន​របស់​ក្មេង​ប្រុស​ម្នាក់​អាយុ 15 ឆ្នាំ ដែល​គ្មាន​បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ដឹកនាំ​គាត់​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​ទ្រង់បាន​ដឹង​ថា​ នឹង​ទទួល​យក​ដំណឹងល្អ​នោះ ។ ខ្ញុំ​ដឹង​ថា តាមរយៈការ​ស្ដាប់​តាម​ព្រះវិញ្ញាណ នោះ​យើង​ទាំងអស់​គ្នា​អាច​រក​ឃើញ​មនុស្ស​នៅជុំវិញ​យើង​ដែល​កំពុង​តែ​រង់ចាំ​ ដើម្បី​រៀន​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​យើង​ជួយ​នាំសូម្បី​តែ​ម្នាក់មក​រក​ព្រះអម្ចាស់ « នោះ [ យើង ] នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នកនោះ​នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា [ របស់យើង ] ! » ។ (គ. និង ស. 18:15) ។