២០១៣
បងប្រុស​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
ធ្នូ 2013


បងប្រុស​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

« ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ចែក​ចាយ​ដំណឹងល្អ​ដល់​អ្នក​ដែល​ចង់​ដឹង​ពី​សេចក្ដីពិត » ( « I Hope They Call Me on a Mission » Children’s Songbook ទំព័រ 169 ) ។

គ្រួសារ​របស់​យើង​មាន—ឪពុកម្ដាយ​ខ្ញុំ បង​ប្រុស​ខ្ញុំ និង​ខ្ញុំ—បាន​រៀបចំ​ខ្លួន​យូរ​ហើយ​ដើម្បី​ឲ្យ​បង​ប្រុស​ខ្ញុំ​បម្រើ​បេសកកម្ម ។ នៅ​ពេល​ណា​យើង​និយាយ​ពី​គាត់​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​និយាយ​លេង​ដាក់​គាត់ ដោយ​និយាយ​ថា ខ្ញុំ​នឹង​មិន​នឹក​គាត់​ទេ ហើយ​ខ្ញុំ​នឹង​រីករាយ​ដែល​បាន​នៅ​តែ​ឯង ។

នៅ​ទីបំផុត ថ្ងៃ​នោះ​បាន​មក​ដល់​សម្រាប់​គាត់ ​ដើម្បី​ផ្ញើ​បែប​បទ​បេសកកម្ម​របស់​គាត់ ។ គាត់​បាន​ព្យាយាម​ធ្វើ​យ៉ាង​ល្អ​នៅ​ឯសាលា ហើយ​យើង​ទាំងអស់​គ្នា​បាន​ខិតខំធ្វើ​ការ ​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​បេសកកម្ម​របស់​គាត់ ។

មាន​ថ្ងៃ​មួយ​ប្រធាន​ស្តេក​បាន​ទូរស័ព្ទ​ហៅ​យើង ហើយ​បាន​និយាយ​​ថា ការ​ហៅ​របស់​គាត់​បាន​មក​ដល់​ហើយ ។ បងប្រុស​ខ្ញុំ​បាន​សម្រេចចិត្ត​បើក​សំបុត្រ​នោះ​ នៅ​ផ្ទះ​បន្ទាប់ពីអាហារ​ពេល​ល្ងាច ។ គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ម៉ិចស៊ិកូស៊ីធី​ខាង​កើត ។

ក្រោយពី​នោះ​មិន​យូរ​ប៉ុន្មាន យើង​បាន​ជួន​គាត់​ទៅ​អាកាសយាន្តដ្ឋាន ហើយ​លា​គ្នា ។ តាម​ផ្លូវ​ត្រឡប់​មក​​ផ្ទះវិញ ម្ដាយ​របស់​ខ្ញុំ​យំ​រហូត ប៉ុន្តែ​ខ្ញុំ​មិន​បាន​យំ​នោះ​ទេ ។ ប៉ុន្តែគ្រាន់តែ​ពីរ​ម៉ោង​ក្រោយ​ប៉ុណ្ណោះ នៅ​ពេល​ខ្ញុំ​បាន​នៅ​ក្នុង​បន្ទប់​ដែល​ខ្ញុំ​ធ្លាប់​នៅ​ជាមួយ​នឹង​បងប្រុស​របស់​ខ្ញុំ រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ម្ដង​ទៀត​ ​ក្នុង​រយៈ​ពេល​ដ៏​យូរ ។ បន្ទាប់មក ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​យំ​មិន​ឈប់​សោះ ហើយ​ខ្ញុំ​ក៏​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​យំ​តទៅ​ទៀត ។ ឪពុកម្ដាយ​ខ្ញុំ​បាន​មក​ឱប​ខ្ញុំ ហើយ​លួងលោម​ខ្ញុំ ហើយ​យើង​ទាំងអស់​គ្នា​មាន​សេចក្ដី​អំណរ​ និង​សេចក្ដី​សោកសៅ​យ៉ាង​ខ្លាំងក្នុង​ពេល​ជាមួយ​គ្នា​នោះ ។

ចាប់​តាំងពី​ថ្ងៃ​នោះ​មក ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ហើយ​សុំ​ទ្រង់​ឲ្យ​មើល​ថែ​ដល់​បង​ប្រុស​របស់​ខ្ញុំ នៅ​ពេល​គាត់​បម្រើ ។

បងប្រុស​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​ក៏​ត្រូវ​រៀប​ចំ​ខ្លួន​សម្រាប់បេសកកម្ម​ដែរ ។ ខ្ញុំ​ត្រូវ​មាន​ភាព​សក្ដិសម​ដើម្បី​ទទួល​​បព្វជិតភាព ចូល​រៀន​ថ្នាក់​សិក្ខា​សាលា ហើយ​សម្រេច​គោលដៅ​នានា​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ចំពោះ​ព្រះ ។ គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​ការ ហើយ​សន្សំប្រាក់ អាន​ព្រះគម្ពីរ ហើយ​គោរព​តាម​ពួកអ្នកដឹកនាំ​របស់​ខ្ញុំ ។

ខ្ញុំ​ចង់​បម្រើ​បេសកកម្ម​ផង​ដែរ ដើម្បី​ឲ្យ​មនុស្ស​ដទៃទៀត​អាច​មាន​ពរជ័យ​នៃ​ដំណឹងល្អ ហើយ​ដឹង​​ថា​វា​ជា​ការ​ពិត ។

រចនា​រូប​ភាព​ដោយ ប្រាដ ធា