២០១៣
ចូរ​យើ​ង​នាំ​គ្នា​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់
ធ្នូ 2013


ចូរ​យើ​ង​នាំ​គ្នា​ចូល មក ថ្វាយ​បង្គំ​ទ្រង់

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ក្នុង​ការ​ប្រជុំ​ពិសេស​មួយ « A Child Is Born » ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 9 ខែ ធ្នូ ឆ្នាំ 2008 នៅ​សកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ សម្រាប់​អត្ថបទ​ទាំង​ស្រុង​​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់ speeches.byu.edu ។

រូបភាព
អែលឌើរ ប្រ៊ូស ឌី. ភទើរ៍

ទោះ​ជា​មាន​អ្វី​មក​ចង​យើង​ក្ដី—អំពើ​បាប កាលៈទេសៈ ឬ​ព្រឹត្តិការណ៍​ពី​អតីតកាល—ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​អេម៉ាញូអែល​ដ៏​អស្ចារ្យ បាន​យាង​មក​ដើម្បី​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ។

ច្រើន​ជាង 700 ឆ្នាំ មុន​ការ​ប្រសូត​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ អេសាយ បាន​ព្យាករ​ពី​ទ្រង់​ជា​ពាក្យ​សម្ដី​ដែល​បាន​ប្រើ​ដោយ​អ្នក​និពន្ធ ជួច ហ្វ្រិឌឺរិក ហានឌេល នៅ​ក្នុង​ការងារ​តន្ត្រី The Messiah ( ព្រះ​មែស៊ី ) ថា ៖ « ត្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ និង​ជា​ម្ចាស់​នៃ​មេត្រី​ភាព » ( អេសាយ 9:6 ) ។

Messiah ( ព្រះម៊ែស៊ី ) របស់​ហានឌេល ក៏​បាន​បង្ហាញ​តាម​រយៈ​ការ​សម្ដែង​តន្ត្រី​ដ៏​អស្ចារ្យ​នូវ​ការ​ណែនាំ​ដូចតទៅ​នេះ ដោយ​ផ្អែក​លើ អេសាយ 40:9 ថា ៖ « ឱ​អ្នក​ដែល​នាំ​ដំណឹងល្អ​មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ … ឱ​អ្នក​ដែល​នាំ​ដំណឹងល្អ​មក​ដល់​ក្រុង យេរូសាឡិម អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង​កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទីក្រុង​នៃ​ស្រុក យូដា ទាំង​ប៉ុន្មាន​ថា មើល​ន៎ ព្រះ​នៃ​អ្នករាល់គ្នា ! »1

មើល​ន៎ ព្រះ​នៃ​អ្នករាល់គ្នា ប្រសូត​មក​ជា​ព្រះ​ឱរស​ក្នុង​ភូមិ បេថ្លេហិម ហើយ​បាន​រុំ​នឹង​សំពត់ ។ មើល​ន៎ ព្រះ​នៃ​អ្នករាល់គ្នា បាន​ប្រសូត​មក​ក្នុង​ភាព​ក្រខ្សត់ ហើយ​សាមញ្ញ ដែល​ទ្រង់​ត្រូវ​យាង​នៅ​ក្នុង​ចំណោម​មនុស្ស​ទូទៅ ក្នុងនាម​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ។ មើល​ន៎ ព្រះ​នៃ​អ្នករាល់គ្នា ជា​ព្រះ​ប្រោស​លោះ​ដ៏​គ្មាន​​ព្រំដែន និង​នៅ​អស់​កល្ប​ជានិច្ច បាន​ទទួល​រូបកាយ​ជា​សាច់ឈាម ហើយ​បាន​យាង​មក​រស់​លើ​ផែនដី​ដែល​ទ្រង់​បាន​បង្កើត ។​

សូម​ទៅ​ជាមួយ​ខ្ញុំ​ទៅ​កាន់​បុណ្យ​គ្រីស្ទ​ម៉ាស​ដំបូង​ដ៏​ពិសិដ្ឋ​នោះ​នៅ​ក្នុង​ភូមិ បេថ្លេហិម ដើម្បី​សញ្ជឹង​គិត​ពី​ការ​ប្រសូត​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​យាង​មក​នៅ​វេលា​យប់​ដ៏​ស្ងប់ស្ងាត់ ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ទ្រង់​ជា អេម៉ាញូអែល ( សូម​មើល អេសាយ 7:14 ) ជា​លំពង់​របស់​អ៊ីសាយ ( សូម​មើល អេសាយ 11:1 ) ជា​ថ្ងៃជិតរះ ( សូម​មើល លូកា 1:78 ) ​ព្រះអម្ចាស់​ដ៏​មាន​មហិទ្ធិឫទ្ធិ ( សូម​មើល កូរិនថូស​ទី 2 6:18 ) ។ ការ​ប្រសូត​របស់​ទ្រង់​បាន​កត់​ចំណាំ​ពី​ការ​យាង​មកកាន់​ផែនដី​នៃ​ព្រះ​បង្ក​បង្កើត ជា​ការ​យាង​ចុះ​មក​នៃ​ព្រះ​ធ្វើ​ជា​មនុស្ស ( សូម​មើល នីហ្វៃ​ទី 1 11:16–27 ) ។ ដូច​ដែល អេសាយ បាន​សរសេរ​ពី​ព្រឹត្តិការណ៍​នោះ​ថា « ឯ​បណ្ដា​ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុងស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ » ( អេសាយ 9:2 ) ។

យើង​ដឹង​ពី​វិវរណៈ​សម័យ​ទំនើប​ថា ស្ដេច​នៃ​អ៊ីស្រាអែល​ដែល​បាន​តែង​តាំង​ទុក​ជា​មុន​បាន​យាង​មក​កាន់​ផែនដី​ក្នុង​និទាឃៈរដូវ ( សូម​មើល គ. និង ស. 20:1 ) ។ មីកា បាន​ព្យាករណ៍​ថា ទ្រង់​នឹង​ប្រសូត​មក​ក្នុង​ភូមិ បេថ្លេហិម— « តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ » ( មីកា 5:2 ) ។ ភូមិ​ដែល​ទ្រង់​ប្រសូត​គឺ​នៅ​ក្បែរ​នឹង​ទីក្រុង យេរូសាឡិម គឺ​មាន​ចម្ងាយ 8 គ.ម. ទៅ​ភាគ​ខាង​ជើង ។ យេរូសាឡិម ជា​រាជធានី​នៃ​យូដា ជា​ទីក្រុង​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ ហើយការ​គ្រប់​គ្រង​ដោយ​ពួក​រ៉ូម ។ ផ្ទុយ​ទៅ​វិញ ភូមិ បេថ្លេហិម គឺ​ជា​ទី​ជនបទ​ដាច់​ស្រយាល ដែល​ប្រជាជន​ប្រកប​របរ​ធ្វើ​ស្រែចម្ការ និង​ការចិញ្ចឹម​សត្វ ។ ហេតុផល​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ គឺ​ដោយសារ​វា​ជា​ទី​កន្លែង​កំណើត​របស់​ដាវីឌ ជា​ស្ដេច​អ៊ីស្រាអែល បុរាណ ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត​មក​តាម​រយៈ​ពូជ​ពង្ស​របស់​លោក ដូច្នេះ​ហើយ ភូមិ​តូច​នេះ​ត្រូវ​បាន​​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ទីក្រុង​ដាវីឌ ។ ឈ្មោះ​របស់​វា​ជា​ភាសា ហេព្រើរ គឺបេ ថ្លេហិម មាន​ន័យ​ថា « ដំណាក់​នៃ​នំប៉័ង »2 ជា​​ឈ្មោះ​មួយ​ដែល​ពុំ​មាន​សារៈសំខាន់ រហូត​ដល់​ទ្រង់​ជា​អង្គ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នំប៉័ង​នៃ​ជីវិត​បាន​ប្រសូត​​មក ។

ទីវាល​នៅ​ជុំវិញ​ភូមិ បេថ្លេហិម គឺ​ជា​ក្រោល​​ហ្វូង​ចៀម​ជា​ច្រើន​ក្បាល ហើយ​នៅ​ដើម​និទាឃៈរដូវ​គឺជា​រដូវ​កាល​ដែល​សត្វ​ចៀម​កើត ។ ពួក​អ្នក​គង្វាល​ត្រូវ​នៅ​ចាំ​យាម​សត្វ​ចៀម​របស់​​ពួកគេ​​ស្ទើរ​តែ​រាល់​យប់ នៅ​ក្រោម​ផ្ទៃ​មេឃ​ស្រឡះ​នា​ពេល​រាត្រី ពេល​នោះ ពួក​ទេវតា​ដែល​បាន​មក​ប្រកាស ពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​ចាំ​បាច់​ត្រូវ​ដាស់​ពួកគេ​ឲ្យ​ភ្ញាក់​ពី​ដំណេក​នោះ​ឡើយ ។​​

កូន​ចៀម​នៃ​ព្រះ

​ព្រះ​ឱរស​តូច​ដែល​បាន​ប្រសូត​មក​នា​រដូវ​កាល​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ « កូន​ចៀម​នៃ​ព្រះ » ( យ៉ូហាន 1:29, នីហ្វៃ​ទី 1 11:31, គ. និង ស. 88:106 ) ។ វា​គឺជា​​នាម​មួយ​ដ៏​សំខាន់ ពីព្រោះ​ទ្រង់​បាន​​ប្រសូត​មក​ក្បែរ​ហ្វូង​សត្វ​ចៀម ហើយ​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​នាំ​យក​ទៅ « ដូចជា​កូន​ចៀម​ដែល​​គេ​ដឹក​ទៅ​សម្លាប់ » ( អេសាយ 53:7 ) ។ ប៉ុន្តែចម្លែកណាស់ ទ្រង់​ក៏​ជា​អ្នក​គង្វាល​ចៀម​ដ៏​ល្អ​ផង​ដែរ ( ​សូម​មើល យ៉ូហាន 10:11 ) ជា​អ្នក​​​ដែល​មើល​ថែ​កូន​ចៀម ។ ដូច្នេះ សញ្ញា​ទាំង​ពីរ​នេះ​នៃ​ជីវិត​របស់​ទ្រង់​តំណាង​ឲ្យ​ទាំង​អ្នក​ដែល​បម្រើ និង​អ្នក​ដែល​ត្រូវ​បាន​គេ​ប្រើ ។ ដោយសារ​តែ​តាមរយៈ​សិទ្ធិ​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​ព្រះគ្រីស្ទ​ត្រូវ​ដើរ​តួ​នៅ​ក្នុង​តួនាទី​ទាំង​ពីរ​នេះ ពី​ព្រោះ​នៅ​ក្នុង​ជីវិត ទ្រង់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ » ( គ. និង ស. 88:6 ) ហើយ​នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ទ្រង់ « បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ » ហើយ​នៅ​ក្នុង និង​តាមរយៈ និង « នៅ​ព័ទ្ធ​ជុំវិញ​គ្រប់​ទាំងអស់ » ( គ. និង ស. 88:6, 41) ។ ទ្រង់​បាន​ស្គាល់​ពី​ជីវិត​នៅ​គ្រប់​ជ្រុងជ្រោយ ។ ទ្រង់​ដែល​ជា​អង្គ​ដ៏​អស្ចារ្យ​បំផុត​បាន​ធ្វើ​ឲ្យ​អង្គ​ទ្រង់​តូច​បំផុត—ជា​អ្នក​គង្វាល​ចៀម​សួគ៌ា​​បាន​ក្លាយ​ជា​កូន​ចៀម ។

ការ​យាង​មក​របស់​ទ្រង់​គឺ​លើស​ពី​ការ​ប្រសូត​ជា​ព្យាការី​ដ៏​អស្ចារ្យ​មួយ​អង្គ​ទៅ​ទៀត ការ​យាង​មក​នៃ​ពូជ​ហ្លួង​មួយ​អង្គ​ដែល​បាន​សន្យា​នឹង​មក​គ្រង​បល្ល័ង្ក ឬ​ថែម​ទាំង​ជា​ការ​យាង​មក​ដល់​នៃ​អង្គ​ដ៏​ល្អ​បំផុត​​តែ​មួយ​គត់​ដែល​នឹង​ដើរ​នៅ​លើ​ផែនដី​នេះ ។ ​​វា​គឺជា​ការយាង​មក​នៃ​ព្រះ​នៃ​ស្ថានសួគ៌ « ដើម្បី​ដើរ​លើ​កល់​បាទ​ទ្រង់​ដូចជា​មនុស្ស​ធម្មតា » ។3

​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​បង្ក​បង្កើត​នៃ​លោកិយ និង​ជា​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ វា​គឺជា​ព្រះបន្ទូល​របស់​ទ្រង់​ដែល​បន្លឺឡើង​នៅ​លើ​ភ្នំ ស៊ីណៃ វា​ជា​ព្រះចេស្ដា​ទ្រង់​ដែល​បាន​ជួយ​ដល់​រាស្ត្រ អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​នៅ​ពេល​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​វា​ជា​វត្តមាន​របស់​ទ្រង់​ដែល​បាន​បង្ហាញ​ដល់​អេណុស អេសាយ និង​ពួក​ព្យាការី​គ្រប់​រូប​នូវ​សិរី​ល្អ​នៃ​រឿង​ដែល​នឹង​កើត​មាន ។​ហើយ​នៅ​ក្នុង​នោះ​គឺ​មាននូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ប្រសូតិកម្ម ៖ ជា​ពេល​ដែល​ព្រះ និង​ព្រះ​បង្ក​បង្កើត​ស្ថានសួគ៌ និង​ផែនដី​បាន​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ដំបូង​ ដោយអង្គ ទ្រង់​ផ្ទាល់​ចំពោះពិភព​លោក ទ្រង់​បាន​ជ្រើស​រើស​ធ្វើ​ដូច្នេះ​ក្នុង​នាម​ជា​​ព្រះ​ឱរស​មួយ​អង្គ ដែល​គ្មាន​ទី​ពំនឹង ហើយ​ត្រូវការ​ពឹង​អាស្រ័យ ។​​

មាន​ប្រពៃណី ហេព្រើ​រ ពី​បុរាណ​មួយ​បាន​ប្រាប់​ថា ព្រះ​មែស៊ី​នឹង​ប្រសូត​នៅ​បុណ្យ​រំលង ។ យើង​ដឹង​ថា ខែ មេសា ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ពិត​ជា​ស្ថិត​នៅ​ក្នុង​សប្ដាហ៍​នៃ​បុណ្យ​រំលង​មែន—ជា​បុណ្យ​រំឭក​​​ខួប​​ដ៏​ពិសិដ្ឋ សម្រាប់​ពួក យូដា នៃ​ការ​សង្គ្រោះ​រាស្ត្រ អ៊ីស្រាអែល​ ពី​ទេវតា​បំផ្លិចបំផ្លាញ​ដែល​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ដល់​ពួក​កូនប្រុស​ច្បង​នៃ អេស៊ីព្ទ ។ គ្រួសារ អ៊ីស្រាអែល និមួយៗ​ដែល​បាន​បូជា​កូនចៀម ហើយ​​បាន​យក​ឈាម​វា​មកលាប​នៅ​​លើ​មាត់​ទ្វារ​ផ្ទះ​របស់​ពួកគេ​នឹង​បាន​រួច​ផុត​ជីវិត ( សូម​មើល និក្ខមនំ 12:3–30 ) ។ សាមសិប​បី​ឆ្នាំ​ក្រោយពី​បុណ្យ​រំលង​នៃ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​មក ព្រះ​លោហិត​របស់​ទ្រង់​ត្រូវ​បាន​ប្រឡាក់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ពី​ពួក​ទេវតា​នៃ​សេចក្ដី​ស្លាប់ និង​អំពើ​ដែល​បំផ្លិច​បំផ្លាញ ។

បុណ្យ​រំលង​នោះ​ប្រហែល​ជាមូល​ហេតុ​ដែលធ្វើ​ឲ្យ​គ្មាន​បន្ទប់​ក្នុង​ផ្ទះ​សំណាក់​សម្រាប់ ម៉ារា និង​យ៉ូសែប ។ ចំនួន​ប្រជាជន​នៃ​ទីក្រុង យេរូសាឡិម បាន​កើន​ដល់​ទៅ​រាប់​ម៉ឺន​នាក់​នៅ​អំឡុង​បុណ្យ​រំលង ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ស្វែង​រក​កន្លែង​សម្រាក​នៅ​ខាង​ក្រៅ​ទីក្រុង ។ ម៉ារា និង យ៉ូសែប បាន​ធ្វើ​ដំណើរ​ទៅ បេថ្លេហិម ជា​ផ្ទះ​ដូនតា​របស់ យ៉ូសែប ដើម្បី​បំពេញ​​តម្រូវការ​​នៃបញ្ជា​ធ្វើ​ជំរឿន​របស់​ស្ដេច​ដោយ សេសា អូគូស ។ តម្រូវការ​នៃ​ការ​ធ្វើ​ជំរឿន​នោះ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ខ្លួន​ពួកគេ នៅ​ភូមិ បេថ្លេហិម នៅ​ពេល​ណា​មួយ​ក៏​បាន​នៅ​អំឡុង​ឆ្នាំ​នោះ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ជ្រើស​យក​រដូវ​បុណ្យ​រំលង ដោយ​សារ​ក្រឹត្យវិន័យ​របស់ ម៉ូសេ តម្រូវ​ឲ្យ​បុរស​ទាំងអស់​បង្ហាញ​ខ្លួន នៅ​ទីក្រុង យេរូសាឡិម នៅ​បុណ្យ​រំលង ។4 ដោយ​សារ​ភូមិ បេថ្លេហិម នៅ​ក្បែរ​នឹង​ទីក្រុង បរិសុទ្ធ ស្វាមី​ភរិយា​មួយ​គូមក​ពី ណាសារ៉ែត​នេះ អាច​​ធ្វើ​កាតព្វកិច្ច​ពីរ​ក្នុង​ពេល​តែ​មួយ ។

ម្ចាស់​ផ្ទះ​សំណាក់​ត្រូវ​បាន​គេ​ពិចារណា​ថា ជា​បុគ្គល​ម្នាក់​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​​ប្រវត្តិសាស្ត្រសង្គមវិទ្យា ។ ប៉ុន្តែ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក នៅ​ក្នុង​​តំបន់​នោះ​អំឡុង​ពេល​បុណ្យ​រំលង យើង​ពិបាក​នឹង​បន្ទោស​គាត់​ណាស់ ចំពោះ​ការ​គ្មាន​បន្ទប់​ឲ្យ​ស្វាមី​ភរិយា​នេះ​មក​ពី ណាសារ៉ែត ។ ខណៈ​ដែល​មាន​មនុស្ស​ជាច្រើន​បាន​ធ្វើ​ដំណើរ​មក សម្រាប់​បុណ្យ​រំលង​បាន​បោះជំរំ​​រាប់​ពាន់​ត្រសាល​នៅ​លើ​វាល​ស្មៅ​នៅ​ជុំវិញ យេរូសាឡិម នោះ​មាន​មនុស្ស​រាប់ពាន់​នាក់​ផ្សេងទៀត​បាន​ស្វែងរក​ទី​ជម្រក នៅ​ក្នុង​ផ្ទះ​សំណាក់​ក្នុង​មូលដ្ឋាន ។ ពិត​ណាស់ ផ្ទះ​សំណាក់​នៅ​ភូមិ បេថ្លេហិម គឺ​ប្រាកដ​ជា​ពេញ​អស់​ហើយ ហើយ​ការ​ផ្ដល់​នូវ​ក្រោល​សត្វ​របស់​ម្ចាស់​ផ្ទះ​​សំណាក់​នោះ​ពិត​ជា​ទង្វើ​មួយ នៃ​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លុប ។​

ទោះ​ជា​ស្វាមី​ភរិយាមួយគូ​នេះ​អាច​​រក​បន្ទប់​នៅ​ក្នុង​ផ្ទះ​សំណាក់​បាន​ក្ដី ក៏​វា​អាច​ផ្ដល់​ឲ្យ​ត្រឹម​តែ​បន្ទប់​សាមញ្ញ​មួយ​ប៉ុណ្ណោះ ។ នៅ​សម័យ​នោះ ជា​ធម្មតា​ផ្ទះ​សំណាក់​គឺ​ធ្វើឡើង​ពី​ថ្ម​ដែល​មាន​បន្ទប់​តូចៗ ហើយ​បន្ទប់​និមួយៗ​មាន​ជញ្ជាំង​តែ​បី​ខណ្ឌ ហើយ​បើក​ឲ្យ​មនុស្ស​ដទៃ​អាច​មើល​ឃើញ​តាម​រយៈ​ខណ្ឌ​មួយ​ទៀត ។ ប៉ុន្តែ ក្រោល​សត្វ​នោះ គឺ​មាន​ជញ្ជាំង​ព័ទ្ធ​ជុំវិញ ឬ​​ជា​រូង​ថ្ម​មួយ​ដែល​ធ្វើ​ពី​ថ្ម​កំបោ ជា​កន្លែង​​សម្រាប់​ទុក​​សត្វ​ពាហនៈ​របស់​ភ្ញៀវ ។5 មិនថា​នៅ​តាម​ទីធ្លា​ផ្ទះ ក្នុង​រូង​ថ្ម ឬជម្រក​ផ្សេងទៀត​នោះ​ទេ ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ចំណោម​សត្វ​ពាហនៈ​បាន​មាន​ភាព​វិសេសវិសាល​យ៉ាង​ពិត​ប្រាកដ​មួយ ជាង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​គឺ ៖ យ៉ាង​ហោច​ណាស់​នៅ​ទី​នេះ​មាន​នូវ​ភាព​ស្ងប់ស្ងាត់ និង ផ្ទាល់ខ្លួន ។​​​​នៅ​ក្នុង​ទិដ្ឋភាព​នេះ ការ​ផ្ដល់​ឲ្យ​នូវ​ក្រោល​សត្វ​នោះ​គឺជា​ពរជ័យ​មួយ ដែល​អនុញ្ញាត​ឲ្យ​ការ​ប្រសូត​ដ៏​ពិសិដ្ឋ​បំផុត​នៅ​ក្នុងប្រវត្តិសាស្ត្រ​សង្គមវិទ្យា​មនុស្ស​បាន​កើត​មាន​ឡើង​ក្នុង​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់​បំផុត ។

ឥស្សរភាព​ដល់​ពួក​អ្នក​​ជាប់​ឃុំឃាំង

​ប្រាំពីរ​រយ​ឆ្នាំ​មុន​បុណ្យ​គ្រីស្ទ​ម៉ាស​ដំបូង​នោះ ព្យាការី អេសាយ បាន​សរសេរ​ការ​ព្យាករណ៍​មួយ​ពី​ព្រះ​មែស៊ី ដែល​ក្រោយ​មក​ព្រះអង្គ​បាន​អាន​ទៅ​កាន់​ពួក​អ្នក​ភូមិ ណាសារ៉ែត ថា ៖ « ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បីនឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​អ្នក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ចំណង » ( អេសាយ 61:1, សូម​មើល​ផង​ដែរ លូកា 4:18–19 ) ។

នៅ​ពេល​យើង​អាន​ពី​បេសកកម្ម​របស់​ព្រះគ្រីស្ទ ដើម្បី​ប្រកាស​ឥស្សរភាព​ដល់​ពួក​អ្នក​ជាប់​ឃុំឃាំង ហើយ​បាន​ដោះ​លែង​ដល់​អ្នក​ដែល​ជាប់​ចំណងដំបូង យើង​ប្រហែល​ជា​គិត​ពី​ការ​បម្រើ​របស់​ទ្រង់​​ក្នុង​ពិភព​វិញ្ញាណ​ក្នុង​ចំណោម​ពួក​អ្នក​ស្លាប់ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺ​ជាប់​ឃុំឃាំង—ជាប់ឃុំ​ដោយសារ​ភាព​ពុករលួយ​ និង​ភាព​ទន់​ខ្សោយ​នៃ​រូបកាយ​រមែង​ស្លាប់ ហើយ​ទទួល​រង​នូវ​ការ​ល្បួង​ខាង​សាច់ឈាម ទទួល​រង​នូវ​ពិការភាព ហើយ​សំខាន់​បំផុត​គឺ​សេចក្ដី​ស្លាប់—ហើយ​យើង​ទាំងអស់​គ្នា​ត្រូវការ​ការ មាន​សេរីភាព ។

ទោះ​ជា​មាន​អ្វី​មក​ចង​យើង​ក្ដី—អំពើ​បាប កាលៈទេសៈ ឬ​ព្រឹត្តិការណ៍​ពី​អតីតកាល—ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​អេម៉ាញូអែល​ដ៏​អស្ចារ្យ បាន​យាង​មក​ដើម្បី​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ។ ទ្រង់​បាន​ប្រកាស​ពី​ឥស្សរភាព​ដល់​ពួក​អ្នក​ជាប់ឃុំឃាំង និង​ពី​​សេរីភាព​ពី​ចំណង​នៃ​សេចក្ដី​ស្លាប់ និង​គុក​នៃ​អំពើ​បាប ភាព​ល្ងង់ខ្លៅ អំនួត និង​កំហុស ។ វា​ត្រូវ​បាន​ព្យាករណ៍​ថា ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​ជាប់​ឃុំឃាំង​ថា « ចូរ​ចេញ​ទៅ » ( អេសាយ 49:9 ) ។ លក្ខខណ្ឌ​តែ​មួយ​គត់​ចំពោះ​សេរីភាព​របស់​យើង​គឺ​ថា យើង​មក​រក​ទ្រង់​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ប្រែចិត្ត ហើយ​ខិតខំ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។

ប្រហែល​ជា 30 ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​ខ្ញុំ​នឹង​ហៅ​គាត់​ថា ថូម៉ាស ។ គាត់​មាន​អាយុ 45 ឆ្នាំ នៅ​ពេល​ខ្ញុំ​បាន​ជួប​នឹង​គាត់ ។ កាល​ពី​ម្ភៃ​ឆ្នាំ​មុន ឪពុកម្ដាយ​របស់​គាត់​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ។ ថូម៉ាស ពុំ​មានចំណាប់អារម្មណ៍​នឹង​សាសនា​ថ្មី​របស់​ឪពុកម្ដាយ​គាត់​ឡើយ ។ ប៉ុន្តែ​ឪពុកម្ដាយ​គាត់​ស្រឡាញ់​គាត់ ហើយ​ពួកគេ​បាន​សង្ឃឹម​ទុក​ថា ថ្ងៃ​ណា​មួយ​កូន​ប្រុស​របស់​ខ្លួន​អាច​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ លុះ​ជា​ច្រើន​ឆ្នាំ​បាន​កន្លែង​ផុត​ទៅ ពួកគេ​បាន​ព្យាយាម​ជា​ច្រើន​ដង ដើម្បី​ណែនាំ​គាត់ យ៉ាង​ហោច​ណាស់​បានឲ្យគាត់​​​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ស្ដាប់ សារលិខិត​របស់​ពួកគេ ។ គាត់​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​គាត់​បាន​ចំអក​ដាក់​ឪពុកម្ដាយ​គាត់ ចំពោះ​សេចក្ដី​ជំនឿ​លើ​សាសនា​របស់​ពួកគេ ។

មាន​ថ្ងៃ​មួយ​ម្ដាយ​របស់​គាត់​និយាយ​ទាំង​អស់សង្ឃឹម​ថា « ថូម៉ាស ប្រសិន​បើ​កូន​នឹង​ជួប​​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​តែ​ម្ដងទៀត នោះ​ម៉ាក់​នឹង​ឈប់​និយាយ​ជាមួយ​កូន​ពី​រឿង​សាសនា​ចក្រ​ទៀត​ហើយ » ។ ថូម៉ាស បាន​គិត​ថា​នេះ​ជា​ការ​ព្រមព្រៀង​មួយ​ដ៏​ល្អ ហើយ​ក៏​សម្រេច​ចិត្ត​ព្រម​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅ​ក្នុង​ការ​ពិភាក្សា​បី​ដំបូង គាត់​គ្រាន់​តែ​អង្គុយ​នៅ​ទីនោះ​ពោរពេញ​ដោយ​អំនួត ហើយ​ម្ដង​ម្កាល​បាន​និយាយ​ចំអក​ពី​អ្វី​ដែល​ពួក​អែលឌើរ​កំពុង​បង្រៀន ។

នៅ​ក្នុង​ការ​ពិភាក្សា​លើក​ទី​បួន អំពី​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ ថូម៉ាស​ ពុំបាន​និយាយ​អ្វី​ទាំងអស់ ប៉ុន្តែ​បាន​នៅ​ស្ងៀម ហើយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ។ នៅ​ចុង​បញ្ចប់​មេរៀន​នោះ ពួក​អែលឌើរ​បាន​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ​ពី​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​មក អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត ឲ្យ​បើក​ព្រះគម្ពីរ​ប៊ីប​របស់​ខ្លួន ហើយ​អាន​នូវ​ពាក្យ​ទាំងនេះ​ថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ និង​មាន​បន្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​កន្លែង​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ​ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង » ( ម៉ាថាយ 11:28–29 ) ។

ដោយ​ពុំ​បាន​ប្រាប់​ជា​មុន ថូម៉ាស បាន សម្រក់​ទឹក​ភ្នែក ។ តើ​អ្នក​កំពុង​ព្យាយាម​ប្រាប់​ថា ព្រះគ្រីស្ទ​អាច​អភ័យ​ទោស​ដល់​ខ្ញុំ​ពី​អំពើ​បាប​របស់​ខ្ញុំ​បាន​ឬ ? » គាត់បានសួរ ។ « ខ្ញុំ​បាន​រស់​នៅ​ក្នុង​ជីវិត​មួយដ៏អាក្រក់ ។ ខ្ញុំ​បាន​រង​ទុក្ខ​ដោយ​ការ​ចងចាំ​ពី​អំពើ​បាប​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បាន​រួច​ផុត​ពី​កំហុស​ដែល​ខ្ញុំ​មាន » ។

អំនួត​របស់​គាត់​បាន​ក្លាយជា​​អាការៈ​ខាង​​ក្រៅ​មួយ ដែល​បិទបាំង​នូវ​ព្រលឹង​ដែល​ជាប់​ឃុំឃាំង​ដោយ​អំពើ​បាប និង​កំហុស ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​អះអាង​ដល់ ថូម៉ាស ថា ព្រះគ្រីស្ទ​នឹង​អភ័យទោស​ឲ្យ​គាត់ ហើយ​រំដោះ​គាត់​ចេញ​ពី​បន្ទុក​នៃ​កំហុស ប្រសិន​បើ​គាត់​ប្រែចិត្ត ហើយ​ធ្វើ​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ បន្ទាប់​មក​​ពួកគេ​បាន​ថ្លែង​ទីបន្ទាល់​ពី​អំណាច​នៃ​ដង្វាយ​ធួន ។ ចាប់​ពី​ពេល​នោះ​មក អ្វីៗ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជីវិត​របស់ ថូម៉ាស ។ គាត់​មាន​រឿងជា​ច្រើន​ដែល​ត្រូវ​ប្រែចិត្ត ហើយ​យក​ឈ្នះ ប៉ុន្តែ​តាមរយៈ​ពរជ័យ​របស់​ព្រះអម្ចាស់ គាត់​បាន​មាន​ភាព​សក្ដិសម​សម្រាប់​បុណ្យ​ជ្រមុជទឹក ។

ច្រើន​ជាង 20 ឆ្នាំ​ក្រោយ​មក នៅពេល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​រោងថ្ងាយ​បង្គុំ​​នៃ​ព្រះវិហារ​បរិសុទ្ធ ហ្វ្រេងហ្វឺត​អាល្លឺម៉ង់ មាន​បុរស​សក់​ស​ម្នាក់​ដែល​​នៅ​ពី​មុខ​ខ្ញុំ​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយថា « តើ​លោក​ជា​អែលឌើរ ប្រ៊ូស ឌី ភទើរ៍​មែន​ទេ ? » ដោយ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង​ ខ្ញុំ​បាន​ស្គាល់​ថា​ជា ថូម៉ាស—ជា​បុរស​ម្នាក់​បាន​រួច​ខ្លួន​ពី​សេវកភាព​ដោយ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​​

ប្រហែល​ជា​នៅ​រដូវ​បុណ្យ​គ្រីស្ទ​ម៉ាស​នេះ យើង​ម្នាក់ៗ​អាច​សម្រេច​ចិត្ត​​ដើម្បី​​ងាក​ទៅ​រក​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌របស់យើង ដោយ​ចិត្ត​រាបសា​នៅ​ក្នុង​ការ​អធិស្ឋាន និង​ការ​ទូល​សុំ​ព្រះចេស្ដា​នៃព្រះរាជបុត្រា​សំណព្វ​​របស់​ទ្រង់​ឲ្យ​គង់​នៅ​ជាមួយ​នឹង​ពួកគេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​រំដោះ​យើង​ចេញ​ពី​ការ​ជាប់ឃុំឃាំង​ផ្ទាល់ខ្លួន​របស់​យើង​គ្រប់​ប្រភេទ ទោះ​តូច ឬ​ធំ​ក្ដី ។​

ឱ យប់​ដ៏​បរិសុទ្ធ

នៅ​ខែ ធ្នូ ឆ្នាំ 1987 ប្រហែល​ជា​ពីរ​សប្ដាហ៍​ពី​មុន​បុណ្យ​គ្រីស្ទម៉ាស ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែល​សម្រាប់​មុខ​ជំនួញ​របស់ខ្ញុំ ។ ជាអកុសល វា​ជា​គ្រា​មួយ​ដ៏​ច្របូក​ច្របល់​នៅ​ក្នុង​ដែនដី​បរិសុទ្ធ​នោះ ។ មាន​ការ​ធ្វើ​មួយជាច្រើន​នៅ​ក្រុង វេសប៊ែង ផ្លូវ​នៃ​ទីក្រុង យេរូសាឡិម បុរាណ​ទាំងអស់​គឺ​មាន​ភាព​ទទេ​ស្អាត ហើយ​ហាង​ទាំងឡាយ​ត្រូវ​បាន​បិទ​ទ្វារ ។ ភាព​តានតឹង​ខាង​នយោបាយ​​បាន​លាន់​ខ្ទរ​ពេញ​ផ្ទៃ​អាកាស ហើយ​ការ​ធ្វើ​ឲ្យ​បញ្ហា​ទាំងឡាយ​កាន់​តែ​ដុនដាប​ទៅ​ទៀត គឺ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​តែ​ពេញ​មួយ​សប្ដាហ៍​នោះ ។ ដោយ​ភ័យ​ខ្លាច​នូវ​អំពើ​ហិង្សា ពួក​ទេសចរណ៍​បាន​ដក​ខ្លួន​ឆ្ងាយ​ពី​តំបន់​នោះ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ដើរ​កាត់​ទីក្រុង យេរូសាឡិម សេចក្ដី​សុខសាន្ត​បាន​មាន​ពេញ​ដួងចិត្ត​របស់​ខ្ញុំ​ ដោយ​ដឹង​ថា នេះ​ជា​ទីក្រុង​ដែល​ព្រះ​ប្រោស​លោះបាន​​ស្រឡាញ់​ខ្លាំង​បំផុត ។

ខ្ញុំ​បាន​ត្រលប់​មក សហរដ្ឋ វិញ​នៅ​យប់​ថ្ងៃ​សុក្រ​ពី​មុន​បុណ្យ​គ្រីស្ទ​ម៉ាស ។ ពី​រ​ថ្ងៃ​ក្រោយមកនៅ​ថ្ងៃ​ឈប់​សម្រាក នាឡិកា​របស់​ខ្ញុំ​បាន​រោទ៍​ឡើង​ដាស់​ខ្ញុំ​​ជាមួយ​នឹង​បទ « ឱ យប់​ដ៏​បរិសុទ្ធ » ៖

ស្ដេច​នៃ​អស់​ទាំង​ស្ដេច​​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក

នៅ​រាល់​កា​រ​សាកល្បង​របស់​យើង ទ្រង់​ប្រសូត​មក​ធ្វើ​ជា​មិត្ត​របស់​យើង ។6

តន្ត្រី និង​សារលិខិត បាន​ចាក់ទម្លោះយ៉ាងជ្រៅទៅ​ក្នុងដួងចិត្តខ្ញុំ ហើយ​ទឹកភ្នែក​បាន​ហូរ​ចុះ​មក នៅ​ពេល​ខ្ញុំ​បាន​សញ្ជឹង​គិត​ពី ពលិកម្ម​ដ៏​រុងរឿង និង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះ​ប្រោស​លោះ​នៃ​អ៊ីស្រាអែល—ទ្រង់​បាន​ប្រសូត​មក​ដើម្បី​ធ្វើ​ជា​មិត្ត​​នៃ​ជន​ទន់​ទាប និង​មនុស្ស​ទន់​ខ្សោយ ។ ខ្ញុំ​បាន​គិតពី​​បទពិសោធន៍​របស់​ខ្ញុំ​នៅ​ក្នុង យេរូសាឡិម និង​សេចក្ដី​ស្រឡាញ់​ជ្រៀតចូលពេញ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ទ្រង់​ដែល​បាន​យាង​មក​កាន់​ផែនដី ហើយ​បាន​លើក​ដាក់​មក​លើ​ខ្លួន​ទ្រង់​នូវ​បន្ទុក​របស់​យើង​ទាំងអស់​គ្នា ។ ខ្ញុំ​បាន​រំភើបចិត្តយ៉ាង​ខ្លាំង​ដែល ទ្រង់​អាច​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត​​ម្នាក់ ។ ខ្ញុំ​ពុំ​ដែល​ភ្លេច​នូវ​អារម្មណ៍​ដ៏​ទន់ភ្លន់​នៃ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​អាទិត្យ​នោះ​ឡើយ ដែល​វា​ជា​សាក្សី​មួយ​យ៉ាង​ច្បាស់​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​ពី​មុន​មក ។

ខ្ញុំ​សូម​ថ្លែង​​ជា​សាក្សី​​ពី​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក ។ ខ្ញុំ​ដឹង​ថា​ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ត្រូវ​បាន​តែង​តាំង​ទុក​ពី​មុន​ការ​បង្ក​បង្កើត​ផែនដី​មកម្ល៉េះ ដើម្បី​ប្រកាស​ពី​ឥស្សរភាព​ដល់​ពួក​អ្នក​ជាប់​ឃុំឃាំង ។ ខ្ញុំ​សូម​ថ្លែង​ពី​ការ​ប្រសូត និង​ឆាក​ជីវិត​របស់​ទ្រង់​ថា « ចូរ​យើង​នាំ​គ្នា​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ » ។7

កំណត់​ចំណាំ

  1. The Messiah និពន្ធ​ដោយ ធី ធឺធ័ស ណូប៊ល ( ឆ្នាំ 1912 ) ទំព័រ ។

  2. សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ « បេថ្លេហិម » scriptures.lds.org ។

  3. « ឱ​ព្រះ ជា​ព្រះវរបិតា » ទំនុក​តម្កើង​ព្រះ ទំព័រ 18 ។

  4. សូម​មើល Bible Dictionary « Feasts » ។

  5. សូម​មើល រ័សុល អិម ណិលសុន « សេចក្ដី​សុខសាន្ត និង​សេចក្ដី​អំណរ​ពី​ការ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ » លីអាហូណា ខែ ធ្នូ ឆ្នាំ 2011 ទំព័រ 19 ។

  6. « Cantique de Noël » ( « ឱ​យប់​ដ៏​បរិសុទ្ធ » ) Recreational Songs ( ឆ្នាំ 1949 ) ទំព័រ 143 ។

  7. « Oh, Come, All Ye Faithful » Hymns ល.រ. 202 ។

ទិដ្ឋភាព​នៃ​ប្រសូតិកម្ម​ដោយ បែដណាដីណុស អ៊ិនឌីស៊ើរ ពី iStockphoto/Thinkstock

The Light of the World ដោយ ហ្គ្រេក ខេ អុលសិន ហាម​ថត​ចម្លង, The Crucifixion ដោយ ហារី អែនឌើរសិន, The Passover ដោយ វិល្លាម ហេនរី ម៉ាហ្គេតសិន

Light and Truth ដោយ ស៊ីម៉ូន ឌូវី, The Healing Balm, ដោយ ដេវីឌ លិនស្លី ហាម​ថត​ចម្លង