២០១៣
គ្រួសារ និង​ មិត្ត​ជានិរន្តរ
ធ្នូ 2013


សារលិខិតគណៈប្រធានទីមួយ

គ្រួសារ និង​ មិត្ត​ជានិរន្តរ

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

មិន​ថា​អ្នក​រស់​នៅ​ទីណា​នោះ​ទេ អ្នក​មាន​មិត្ត​ដែល​កំពុង​តែ​ស្វែង​រក​សុភមង្គល​ដ៏កាន់តែប្រសើរ ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ពួកគេ​ប្រហែល​ជា​មិន​អាច​ថ្លែង​ពីសុភមង្គល​នោះ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ស្គាល់​វា​នៅ​ពេល​ពួកគេមើល​ឃើញ​វា​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក ។ ពួកគេ​នឹង​មាន​ចិត្ត​ចង់​រៀន​ពី​ប្រភព​នៃ​សុភមង្គល​នោះ ជា​ពិសេស​នៅ​ពេល​ពួកគេ​មើល​ឃើញ​វា នៅ​ពេល​អ្នក​ប្រឈម​មុខ​នឹង​ការ​សាក​ល្បង​ដូចជា​ពួកគេ​ផង​ដែរ ។

អ្នក​បាន​ទទួល​សុភមង្គល នៅ​ពេល​អ្នក​បាន​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ ។ នោះ​ជា​ផលផ្លៃ​ដែល​បាន​សន្យា​នៃ​ការ​រស់​នៅ​តាម​ដំណឹងល្អ ( សូមមើល ម៉ូសាយ 2:41 ) ។ អ្នក​ពុំមែន​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​មើល​ឃើញ​នោះ​ទេ ប៉ុន្តែ​ជន​ដែល​សង្កេត​ឃើញ​សុភមង្គល​របស់​អ្នក​ គឺ​កំពុង​តែ​រៀបចំ​ខ្លួន​ដោយ​ព្រះអម្ចាស់​ដើម្បី​ស្ដាប់​ឮ​នូវ​សេចក្ដីល្អ​នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ ។

ពរជ័យ​ដែល​អ្នកទទួល​បាន​បង្កើត​នូវ​កាតព្វកិច្ច និង ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក ។ ក្នុង​នាម​ជា​សិស្ស​​មួយ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា អ្នក​មាន​ទំនួល​ខុសត្រូវ​ ដើម្បី​ផ្ដល់​ឱកាស​ដល់​មនុស្ស​ដទៃ​ទៀត នៅ​ក្នុង​កា​រស្វែង​រក​សុភមង្គល​ដែល​ប្រសើរ​ជាងមុន ជា​ពិសេស​ចំពោះ​មិត្ត និង សមាជិក​គ្រួសារ​របស់​អ្នក ។

ព្រះអម្ចាស់​បាន​ឃើញ​ពី​ឱកាស​របស់​អ្នក ហើយ​បាន​រៀបរាប់​ពី​កាតព្វកិច្ច​របស់អ្នក​នឹង​ព្រះបញ្ញត្តិ​នេះ​ថា ៖ « តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ណា​ដែល​បាន​ព្រមាន​ នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់​ខ្លួន » (គ. និង ស. 88:81 ) ។

ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះបញ្ញត្តិ​កាន់តែ​ងាយ​ស្រួល​ក្នុងការ​គោរព តាមរយៈ​ការ​ផ្លាស់​ប្ដូរ ដែល​កើត​ឡើង​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក នៅ​ពេល​អ្នក​ទទួល​យក ហើយ​រស់​នៅតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​លទ្ធផល សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​មនុស្ស​ដទៃទៀត​ មាន​ភាព​ចម្រើនឡើង រួម​ទាំង​ក្ដីប្រាថ្នា​របស់​អ្នក ដើម្បី​ឲ្យ​ពួកគេ​មាន​នូវ​សុមភមង្គល​ដូចជា​អ្នក​ផង​ដែរ ។

គំរូ​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​នោះ គឺ​របៀប​ដែល​អ្នក​ស្វាគមន៍​ដល់​ការ​ផ្លាស់ប្ដូរ ដើម្បី​ជួយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអម្ចាស់ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បាន​ដឹង​ភ្លាម​ថា ពួកគេ​អាច​រំពឹងទុកពី​អ្នកផ្លាស់ប្រែចិត្ត​ជឿ​ដ៏​ពិត​ម្នាក់​នូវ​ចម្លើយ​ដ៏​កក់ក្ដៅ​មួយ​ចំពោះការ​ស្នើរសុំ​នូវ​ឈ្មោះមនុស្សម្នាក់ ដែលចង់​រៀន​ពី​ដំណឹងល្អ ។ អ្នកប្រែចិត្ត​ជឿ​រូបនោះចង់​ចែក​ចាយ​សុភមង្គល​ឲ្យ​មិត្តភក្តិ និង សមាជិក​គ្រួសាររបស់​ពួកគេ ។

នៅ​ពេល​អ្នកដឹកនាំ​បេសកកម្ម​វួដ​របស់​អ្នក ឬ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​សុំឈ្មោះរបស់មនុស្ស​ណាម្នាក់​ដើម្បី​បង្រៀន វា​គឺជា​ពាក្យ​សរសើរ​ដ៏​ធំ​មួយ​ចំពោះ​អ្នក ។ ដូច្នេះ​ហើយ ពួកគេ​ដឹង​ថា មិត្ត​ដែល​ធ្លាប់​ឃើញ​សុភមង្គល​របស់​អ្នក ជា​មិត្ត​ដែល​បាន​រៀបចំ​ខ្លួន ដើម្បី​ស្ដាប់ ហើយ​បាន​ជ្រើស​រើស​ដើម្បី​ទទួល​យក​ដំណឹងល្អ ។ ហើយ​ពួកគេ​មាន​ទំនុក​ចិត្ត​ថា អ្នក​នឹង​ធ្វើ​ជាមិត្ត​ដែល​ពួកគេ​​ត្រូវការ​ នៅពេល​ពួកគេ​ចូល​មក​ក្នុង​នគរ​នេះ ។

អ្នកមិន​ត្រូវ​ខ្លាច​ថា អ្នក​នឹង​បាត់បង់​មិត្ត​ដោយ​ការ​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ជួបពួកគេ​នោះ​ទេ ។ ខ្ញុំ​មាន​មិត្ត​ដែល​បាន​បដិសេធ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ប៉ុន្តែពួកគេ​​បាន​អរគុណ​ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ចំពោះ​ការ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អ្វី​មួយ ដែល​ពួកគេ​បាន​ដឹង​ថា វា​មាន​តម្លៃ​បំផុត​សម្រាប់ខ្ញុំ ។ អ្នក​អាច​បង្កើត​មិត្តភាព​ជា​និរន្តរ​បាន​ដោយ​ការ​ផ្ដល់​នូវ​ដំណឹងល្អ ដែល​ពួកគេ​បាន​ឃើញ​ថា​វា​បាននាំ​មក​នូវ​សុភមង្គល​ដល់​អ្នក ។ សូម​កុំ​ខកខាន​នូវ​ឱកាស​ដើម្បី​អញ្ជើញ​មិត្ត​ម្នាក់ ហើយ​ជា​ពិសេស​គឺ​សមាជិក​គ្រួសារ​ម្នាក់​ ដើម្បី​ជ្រើស​រើស​ធ្វើ​តាម​ផែនការ​នៃ​សុភមង្គល ។

គ្មាន​ឱកាស​ណា​មួយ​ធំ​ជា​ង​ឱកាស​សម្រាប់​អញ្ជើញនោះ​ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​ឡើយ ។ នៅ​ទីនោះ ព្រះអម្ចាស់​អាច​ផ្ដល់​នូវ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​ដូនតា​របស់​យើង​ដែល​មិន​អាច​ទទួល​ពិធីបរិសុទ្ធ​កាល​នៅ​រស់ ។ ពួកគាត់​​បាន​សម្លឹង​មក​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់ និង សេចក្ដី​សង្ឃឹម ។ ព្រះអម្ចាស់​បាន​សន្យា​ថា ពួកគាត់​នឹង​មាន​ឱកាស​ដើម្បី​ចូល​មក​ក្នុង​នគរ​របស់​ទ្រង់ ( សូម​មើល គ. និង ស. 137:7–8 ) ហើយទ្រង់បាន​បណ្ដុះ​សេចក្ដី​ស្រឡាញ់​មួយ​ចំពោះ​ពួកគាត់​នៅ​ក្នុង​ចិត្ត​របស់​អ្នក ។

អ្នករាល់គ្នា​ភាគច្រើន​ធ្លាប់​មាន​សេចក្ដីអំណរ​ នៅ​ក្នុង​ការ​ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដល់​មនុស្ស​ដទៃ អ្នក​នឹង​មាន​អារម្មណ៍​ដូចគ្នា​ដែរ​ ពេល​អ្នក​ឲ្យ​ឈ្មោះ​មនុស្ស​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជួប ។ អ្នក​កាន់តែមាន​សេចក្ដី​អំណរ​លើ​ពី​នេះ​ទៀត​ដោយ​បាន​ធ្វើ​ពិធិបរិសុទ្ធ​សម្រាប់​ដូនតារបស់​អ្នក ។ រឿងនេះ​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា សុភមង្គល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​​របស់​យើង​ គឺ​អាច​កើត​មាន​លុះត្រា​តែ​យើង​បាន​ផ្ដល់​នូវ​ផ្លូវ​មួយ​ដើម្បី​ឲ្យ​ពរជ័យ​នោះកើត​មាន​ចំពោះ​ដូនតា​របស់​យើង​តាមរយៈពិធីបរិសុទ្ធ​ជំនួស នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធប៉ុណ្ណោះ ( សូមមើល គ. និង ស. 128:18 ) ។

ពេល​បុណ្យគ្រីស្ទ​ម៉ាស់បាន​បង្វែរ​ចិត្ត​យើង​ទៅ​កាន់​ព្រះអង្គសង្គ្រោះ និង ទៅ​រក​សេចក្ដី​អំណរ​ដែល​ដំណឹងល្អ​របស់​ទ្រង់​បាន​នាំ​មក​ឲ្យ​យើង ។ យើង​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ទ្រង់បាន​យ៉ាង​ល្អ​បំផុត នៅ​ពេល​យើង​ផ្ដល់​សុភមង្គល​ដូចគ្នា​នេះ​ដល់​មនុស្ស​ដទៃទៀត ។ ការ​ដឹងគុណ​បានប្រែទៅ​រក​សេចក្ដី​អំណរ នៅ​ពេល​យើង​ផ្ដល់​ឈ្មោះ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង នៅ​ពេល​យើង​យក​ឈ្មោះដូនតា​របស់​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ភស្ដុតាង​នៃ​ការ​ដឹងគុណ​របស់​យើង​នោះ​អាច​បង្កើត​ជាមិត្ត និង ក្រុមគ្រួសារ​ដែល​មាន​ជា​និរន្តរ ។

ការ​បង្រៀន​ចេញ​ពី​សារលិខិត​នេះ

ប្រធាន អាវរិង បាន​ពន្យល់ថា យើងអាច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយ​ការ​ចែកចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃទៀត ។ អ្នក​អាច​ពិភាក្សាជាមួយ​​នឹង​សមាជិក​ដែល​អ្នក​បង្រៀន​ពី​របៀប​ដែល​អំណោយទាន​នៃ​ដំណឹងល្អ​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគាត់ ។ សូម​ពិចារណាពី​ការ​​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​មនុស្ស ដែល​ពួកគេ​ចង់​ចែកចាយ​អំណោយទាន​នៃ​ដំណឹងល្អ និង ពីរបៀប​ ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នោះ

រីករាយ​បុណ្យគ្រីស្ទម៉ាស ! ជូនចំពោះ​មិត្ត​ជា​ទីស្រឡាញ់​របស់​យើង !

រចនារូបថត​ដោយ រ៉ូប៊ឺត កាស៊ី