២០១៣
ការ​ជួយ​កុមារ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ
ធ្នូ 2013


គេហដ្ឋាន និង ក្រុមគ្រួសាររបស់យើង

ការ​ជួយ​កុមារ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ

អ្នកនិពន្ធ​​រស់​នៅ​រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា. ។

យើង​អាច​ប្រើ​របៀប​ខុស​ៗគ្នា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទំនាក់ទំនង​ដើម្បី​ជួយ​កូនចៅ​របស់​យើង​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់ ។

ក្នុងនាម​ជា​ឪពុកម្ដាយ​ដែល​មាន​កូន​ប្រុស​បួន​នាក់ ស្វាមី​ខ្ញុំ និង​ខ្ញុំ​តែ​ង​ស្វែង​រក​នូវ​វិធី​ដើម្បី​ជួយ​កូន​របស់​យើង​ ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​បាន​ទីបន្ទាល់​មួយ ។ យើង​មាន​បទពិសោធន៍​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​យល់ដឹង​តាមរបៀបចម្លែក​មួយ ។ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ហាង​មួយ ពេល​ការ​បំផុស​គំនិត​នោះ​បាន​កើត​មាន​ឡើង ។

ចំណាត់​ថ្នាក់​របស់​កូនប្រុស​ច្បង​របស់​យើង​ ក្នុង​មុខវិជ្ជាសង្គមវិទ្យានៅ​ឯ​សាលា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ យើង​បាន​និយាយ​ជាមួយ​នឹង​គាត់​ពី​បញ្ហា​នេះ ដោយ​លើក​ទឹកចិត្ត​គាត់​ឲ្យ​ខិតខំ​សិក្សា​បន្ថែម​ទៀត ប៉ុន្តែ​នៅតែ​គ្មាន​ភាព​ប្រសើរ​ឡើង ។ យើង​បាន​អធិស្ឋាន​ដើម្បី​មាន​គំនិត​ជួយ​ដល់​គាត់ ។ មាន​ថ្ងៃ​មួយ​នៅ​ក្នុង​បណ្ណាគារ ខ្ញុំ​មាន​នូវ​អារម្មណ៍​ជំរុញ​មួយ​ដ៏​ខ្លាំង​ឲ្យ​ទិញ​សៀវភៅ​មួយ​ក្បាល​ក្នុង​ចំណោម​សៀវភៅ​មួយ​ពំនូក​ដែល​បាន​ដាក់​លក់ ។​​

សៀវភៅ​និយាយ​ពី​របៀប​ដែល​យើង​ម្នាក់ៗ​មាន​របៀប​រៀន​សូត្រ​ខុសៗគ្នា ។ មាន​មនុស្ស​ជាច្រើន​ជា​អ្នក​រៀន​តាម​រយៈចក្ខុវិញ្ញាណ គឺ​មាន​ន័យ​ថា​ពួកគេ​រៀន​បាន​ល្អ​បំផុត​តាមរយៈ​អ្វី​ដែល​បាន​ពួកគេ​ឃើញ ។ ជារឿយៗ ពួក​អ្នក​រៀន​ទាំងនេះ​ស្រឡាញ់គំនូរ និង​ការ​អាន ។ មាន​មនុស្ស​ខ្លះ​ទៀត​រៀន​បាន​ល្អ​បំផុត​តាមរយៈ​អ្វី​ដែល​ពួកគេ​ស្តាប់​ឮ ។ ពួកគេ​​យល់​ព័ត៌មាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ នៅ​ពេល​ពួកគេ​បាន​ស្ដាប់​ឮ​វា ។ ជារឿយៗ មនុស្ស​ទាំងនេះ​ស្រឡាញ់​តន្ត្រី ។ ប្រភេទ​ចុងក្រោយនោះ គឺ​អ្នក​រៀន​មួយ​ចំនួន​រៀន​បាន​ល្អ​បំផុត​តាមរយៈ​ការ​ធ្វើ​ចលនា ។ ពួកគេ​រៀន​បាន​ល្អ​បំផុត​ពេល​​មាន​ចលនា ឬ​សកម្មភាព ។ ពេល​ខ្លះ ពួក​អ្នក​រៀន​ទាំងនេះ​មាន​ការ​លំបាក​នៅ​ឯ​សាលា ពេល​គ្រូបង្រៀន​ប្រាប់​ឲ្យ​ពួកគេ​អង្គុយ​ស្ងៀម​នោះ ។ ពួកគេ​រៀន​បាន​ល្អ​បំផុត​ពេល​ពួក​គេ​ធ្វើ​ចលនា ។

នោះ​ជា​ចម្លើយ ! ប្រាកដ​ណាស់ កូនប្រុស​របស់​យើង​ពិត​ជា​អ្នក​រៀន​ដោយ​ការ​ស្ដាប់—គាត់​ចូល​ចិត្ត​តន្ត្រី និង​ការ​និយាយ​គ្នា ! យើង​បាន​រក​ឃើញ​ថា ជា​រឿយៗ គាត់​ត្រូវ​បាន​ដក​ចេញ​ពី​សកម្មភាព​ផ្សេងទៀត​នៅ​ក្នុង​ថ្នាក់​សង្គមវិទ្យា ហើយ​បន្ទាប់​មក​ត្រូវ​គ្រូ​បង្រៀន​ប្រាប់​ទៅ​អាន​ឯកសារ​នៅ​ផ្ទះ ។ គាត់​មាន​ការ​លំបាក ដោយសារ​គាត់​បាន​ឮ​ពី​ការ​ពិភាក្សា​ក្នុង​ថ្នាក់ ។ នៅ​ពេល​នៅ​យើងយល់​ពី​បញ្ហា​នេះ យើង​បាន​លើក​ទឹកចិត្ត​គាត់​ឲ្យ​អានឯកសារ​របស់​គាត់​ឮៗ រួចហើយ​ពិភាក្សា​វា​ជាមួយ​នឹង​យើង ។ ពិន្ទុ​របស់គាត់​​បាន​មាន​ភាព​ប្រសើរ​ឡើង​វិញ ។

ការ​ចាត់ចែង​បទពិសោធន៍​ខាង​វិញ្ញាណ

ប៉ុន្តែ​ការ​យល់​ដឹង​​របស់​យើង​ពី​របៀប នៃ​ការ​រៀន​សូត្រ​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ។ យើង​បាន​ដឹង​ថា នៅ​ពេល​យើង​សិក្សា​បញ្ហា​នេះ​កាន់​តែ​ច្រើន ហើយ​សង្កេត​មើល​កូន​ចៅ​របស់​យើង​ឃើញ​ថា ជារឿយៗ ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​កូនចៅ​របស់​យើង​តាមរបៀប​ដែល​ពួកគេ​រៀន​បាន​ល្អ​បំផុត ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​យើង​តា​ម​ភាសា​របស់​យើង និង​តាម​របៀប​ដែល​យើង​អាច​យល់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រប​សម្រួលភាសា​របស់​ទ្រង់​ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​យល់ សូម្បី​តែ​កុមារ​តូច ។ « ព្រះវរបិតា​សួគ៌​របស់​យើង​តែង​មាន​ពេល​វេលា​សម្រាប់​យើង​ជានិច្ច ។ ទ្រង់​សម្របសម្រួល​ទៅ​នឹង​កម្រិត​នៃ​ការ​យល់ដឹង​របស់​យើង ។ ‹ ប្រសិន​បើ​ទ្រង់​យាង​មក​ជួប​នឹង​កុមារ​តូច​ម្នាក់ នោះ​ទ្រង់​នឹង​សម្របសម្រួល​ខ្លួន​ទៅ​នឹង​ភាសា និង​សមត្ថភាព​នៃ​កុមារ​តូច › ( យ៉ូសែប ស្ម៊ីធ នៅ​ក្នុង History of the Church, 3:392 ) » ។1

ការ​ដឹង​ថា​ព្រះវិញ្ញាណ​សម្របសម្រួល​ទំនាក់​ទំនង​របស់​ទ្រង់​ នឹង​ការ​យល់​ដឹង​របស់​យើង​អាច​លើក​ទឹក​ចិត្ត​ដល់​ឪពុកម្ដាយ ឲ្យ​បង្កើត​នូវ​ឱកាស​នានា​សម្រាប់​កូនចៅ​របស់​ពួកគេ ដើម្បី​ស្ដាប់​ការ​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប ដែល​ពួកគេ​នឹង​យល់​បាន​ល្អ​បំផុត ។ « ឯ​កូនចៅ​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះយេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិសុខ​ជា បរិបូរណ៍ » ( អេសាយ 54:13 ) ។

ដូច​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា វិធីសាស្ត្រ​នៃ​ការ​រៀន​សូត្រ​ដ៏​ចម្បង​របស់​កូនប្រុស​ច្បង​បង្អស់របស់​យើង​គឺ​តាមរយៈ​ការ​ស្ដាប់​ឮ ។​​ គាត់ និង​កូនប្រុស​ទី​បី​របស់​យើង​ចូល​ចិត្ត​តន្ត្រី​ដូច​គ្នា ដូច្នេះ​ជារឿយៗ យើង​បាន​ចាក់​ចម្រៀង​ដ៏​ពីរោះ​នៃ​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន និង​តន្ត្រី​បុរាណនៅ​ក្នុង​ផ្ទះ​របស់​យើង​ផង​ដែរ ។ ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ នៅ​ក្នុង​បរិយាកាស​បែប​នេះ ។ យើង​ក៏​មាន​ការ​ពិភាក្សា​ដ៏​សកម្ម​ជាច្រើន​ផង​ដែរ​ស្ដីពី​ដំណឹងល្អ ហើយ​កិច្ចការ​នេះ​បាន​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​សេចក្ដី​ពិត​ដែល​ត្រូវ​បាន​ពង្រឹង​ដោយ​ព្រះវិញ្ញាណ នៅ​ពេល​ពួកគេ​ស្តាប់​នូវ​រឿង​ទាំង​នោះ ។

កូន​ប្រុស​ម្នាក់​ទៀត​គឺ​ជា​អ្នក​រៀន​ដោយចក្ខុវិញ្ញាណ ។ គាត់​ចូល​ចិត្ត​អាន ហើយ​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បាន​ល្អ​បំផុត នៅ​ពេល​អាន​ព្រះ​គម្ពីរ ឬ​សៀវភៅ​ដែល​ទាក់ទង​នឹង​ដំណឹងល្អ ។ យើង​បាន​ផ្ដល់​សៀវភៅ​ជាច្រើន​​ឲ្យ​គាត់​អាន​ដើម្បី​ជួយ​គាត់​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ទទួល​បាន​ទីបន្ទាល់ ។ យើង​ក៏​បាន​ដាក់​រូបភាព​នៃ​ដំណឹងល្អ និង​ពាក្យ​ស្លោក​នៅ​តាម​ជញ្ជាំង​ផ្ទះ​របស់​យើង ដើម្បី​ផ្ទះ​របស់​យើង​ផ្ដល់​ការ​រៀន​សូត្រ​តាម​រយៈចក្ខុវិញ្ញាណ​ឲ្យ​បាន​ច្រើន ។

កូន​ប្រុស​ទីពីរ​របស់​យើង​គឺ​ជា​អ្នក​រៀន​​តាមរយៈ​ចក្ខុវិញ្ញាណ និង​ការ​ធ្វើ​ចលនា ។ គាត់​ជា​ក្មេង​ប្រុស​ដែល​សកម្ម ហើយ​សប្បាយ​បំផុត​ក្នុង​ការ​ជិះ​កង់​ឡើង​ភ្នំ ឬ​ការ​ ឡើង​ភ្នំ​ជាមួយ​នឹង​ឪពុក​របស់​គាត់ ។ យើង​បាន​រក​ឃើញ​ថា គាត់​ទទួល​បាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បាន​ល្អ​បំផុត នៅ​ពេល​គាត់​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ធ្វើ​ចលនា ។ យើង​មាន​ការ​បោះ​ជំរំ​ជា​គ្រួសារ​ជាច្រើន ជា​ទីកន្លែង​ដែល​យើង​បាន​និយាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ការ​បង្ក​បង្កើត និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ កូន​ប្រុស​ទី​ពីរ​របស់​យើង​បាន​ទទួល​សារលិខិត​ទាំងនេះ​​តាម​របៀប​មួយ​ដ៏​អស្ចារ្យ នៅ​ពេល​គាត់​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​ទាំងនេះ ។

ស្វាមី​ខ្ញុំ និង​ខ្ញុំ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​រៀន​តាម​រយៈ​ការ​ធ្វើ​ចលនា​អាច​កើត​ឡើង​ពេល​ធ្វើ​ការ​បម្រើ ។ ដូច្នេះ​យើង​បាន​ធ្វើ​សកម្មភាព​បម្រើ​ជា​ច្រើន​ជាមួយ​នឹង​កូនចៅ​របស់​យើង ដើម្បី​ពួកគេ​អាច​មើល​ឃើញ ស្ដាប់ ហើយ​ចូល​រួម ។ កិច្ចការ​នេះ​បាន​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ​ដែល​កូនប្រុស​ទាំងអស់​របស់​យើង​អាច​រៀន​មេរៀន​ពី​សេចក្ដី​សប្បុរស និង​ការ​បម្រើ​ដូចជា​ព្រះគ្រីស្ទ ហើយ​ជា​ពិសេស គម្រោង​ទាំងនេះ​បាន​ដក់​ជាប់​នឹង​កូន​ប្រុស​ទី​ពីរ​របស់​យើង ។​​

ការ​ស្ដាប់ និង​ការ​យល់​ដឹង

យើង​ក៏​បាន​រៀន​ផង​ដែរ​ថា មនុស្ស​ទូទៅ « ស្ដាប់ » ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ផ្សេងៗ​ពី​គ្នា ។ ខ្ញុំ​កំពុង​បង្រៀន​មេរៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មួយ​ទៅ​ពួក​អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ​ថ្មីៗ ហើយ​ខ្ញុំ​បាន​សួរ​សំណួរ​ថា « តើ​អ្នករាល់គ្នា​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? » ចម្លើយ​របស់​ពួកគេ​គឺ​មាន​សារៈសំខាន់​ណាស់ ។ មាន​ម្នាក់​បាន​និយាយ​ថា « ខ្ញុំ​ទទួល​អារម្មណ៍​នូវ​ភាព​ច្បាស់​លាស់​ក្នុង​គំនិត​របស់​ខ្ញុំ » ។ មាន​ម្នាក់​ទៀត​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​នៅ​ក្នុង​ចិត្ត » ខណៈ​ដែល​ម្នាក់​ផ្សេងទៀត​បាន​ចែកចាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​នូវ​សេចក្ដី​សុខសាន្ត​យ៉ាង​ជ្រាលជ្រៅ » ។ មាន​ស្ត្រី​ម្នាក់​ដែល​បាន​ក្លាយ​ជា​សមាជិក​ពីរ​បី​ខែ​បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ព្រឺ​ពេញ​ទាំង​ខ្លួន ! » ហើយ​មាន​អ្នក​ផ្សេង​ពីរ​បី​នាក់​ទៀត​បាន​លើក​ឡើង​ថា ម្ដង​ម្កាល​ពួកគេ​បាន « ឮ » សំឡេង​មួយ​និយាយ​មក​កាន់​ពួកគេ ឬ​ថា​មាន​គំនិត​ថ្មីៗ​បាន​កើត​មាន​ចំពោះ​ពួកគេ ។

អែលឌើល ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ក្នុង​ទម្រង់​ស្រដៀង​គ្នា វិវរណៈ ឬ​ការ​បំផុស​គំនិត​កើតឡើង​តាមរយៈ​ពាក្យ​សម្ដី ឬ​គំនិត​ដែល​បាន​ទាក់ទង​ទៅ​ចិត្ត ( សូម​មើល អេណុស 1:10, គ. និង ស. 8:2–3 ) ដោយ​ការ​បំភ្លឺ​ភ្លាមៗ ( សូម​មើល គ. និង ស. 6:14–15 ) ដោយ​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​ទង្វើ ឬ​សូម្បី​តែ​ដោយ​ការ​សម្ដែង​ដ៏​បំផុស​គំនិត ដូចជា​ក្នុង​ការ​សម្ដែង​សិល្បៈក្ដី ។ … ‹ ការ​បំផុស​គំនិត​កើតឡើង​ជា​អារម្មណ៍​ច្រើន​ជាង​ជា​សំឡេង › » ។2

វា​ច្បាស់​ណាស់​ថា យើង​ម្នាក់ៗ​អាច​ស្ដាប់​ឮ ហើយ​ទទួល​អារម្មណ៍​ពី​ទំនាក់ទំនង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ផ្សេងៗ​គ្នា ។ យើង​គូរ​តែ​ធ្វើ​ឲ្យ​ច្រើន​លើស​ពី​ការ​ដែល​គ្រាន់​តែ​បង្រៀន​កូនចៅ​ថា​ពួកគេ​នឹង​មាន​អារម្មណ៍​កក់ក្ដៅ​មួយ​ដោយសារ​ពួក​​គេ​ពុំ​ធ្លាប់​មាន​បទពិសោធន៍​ពី​អារម្មណ៍​នោះ ពួកគេ​អាច​ទទួល​ការ​បំផុស​គំនិត​តាម​របៀប​ផ្សេងៗ​គ្នា ។

អែលឌើរ ជេ អ៊ី ជែនសិន ជា​អតីត​គណៈប្រធាន​​ពួក​ចិត​សិប​នាក់ បាន​រៀបរាប់​ដំណើរ​រឿង​នេះ​​ពី​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ ដែល​​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​បេសកកម្ម​មួយ ។ នៅ​ចន្លោះ​សន្និសីទ​ហ្សូន សាវក រូបនេះ​​បាន​ងាក​ទៅ​សមាជិក​នៃ​ពួក​ចិត​សិប​នាក់​ម្នាក់ ដែល​​បាន​និយាយ​នៅ​សន្និសីទ​ពី​មុន ហើយ​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា​អ្នក​បាន​ផ្ដល់​នូវ​គំនិត​មួយ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​បង្កើត​បញ្ហា​កាន់​តែ​ច្រើនលើស​ពី​អ្វី​ដែល​​លោក​អាច​ដោះស្រាយ​​បាន​ទៅ​ទៀត ។ នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទូទាំង​​សាសនាចក្រ​នេះ ខ្ញុំ​បាន​រក​ឃើញ​មនុស្ស​មួយ​ចំនួន​ដែល​មាន​បទពិសោធន៍​នៃ​ភាព​ខ្មួល​ខ្មាញ់​ក្នុង​ដើម​ទ្រូង ។ ជា​ការ​ពិតណាស់ ខ្ញុំ​ធ្លាប់​មាន​មនុស្ស​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​មាន​អារម្មណ៍​ខកចិត្ត​ដោយសារ​ពួកគេ​ពុំ​ធ្លាប់​មាន​បទពិសោធន៍​ពី​អារម្មណ៍​នោះ ទោះ​ជា​ពួកគេ​បាន​អធិស្ឋាន ឬ​បាន​តម​អាហារ​រយៈពេល​វែង​យ៉ាង​ណា​ក្ដី » ។ អែលឌើរ ជែនសិន​ បាន​បន្ត​ទៀត​ថា ៖ « អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ព្យាយាម​រៀន​ពី​របៀប​ផ្សេង​គ្នា​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ធ្វើ​ការ ។ ប្រាកដ​ណាស់ ព្រះ​​មាន​បន្ទូល​ពី​ស្ថានសួគ៌​ពិត​មែន ប៉ុន្តែ​ទ្រង់​សម្ដែង បញ្ជាក់ ឬ​ផ្ដល់​ការ​ណែនាំ​តាម​របៀប​ផ្សេងៗ​គ្នា » ។3 វា​ជា​ការ​សំខាន់​ណាស់​ដើម្បី​បង្រៀន​ដល់​កូនចៅ​យើង​ថា ពួកគេ​ត្រូវ​រៀន​ស្ដាប់​ព្រះវិញ្ញាណ​តាម​របៀប​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួកគេ ។

នៅ​ពេល​យើង​បង្រៀន​កូនចៅ​របស់​យើង យើង​ចែកចាយ​ពី​គោលការណ៍​នៃ​សេចក្ដី​ជំនឿ ការ​ប្រែចិត្ត បុណ្យ​ជ្រមុជទឹក និង​អំណោយទាន​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​បង្រៀន​ពួកគេ​ឲ្យ​ស្ដាប់ ហើយ​យល់​ពី​ការ​បំផុស​គំនិត​ដែល​កើត​មាន​ចំពោះ​ពួកគេ គឺ​ជា​រឿង​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) បាន​ប្រឹក្សា​យើង​ថា « [ កូនចៅ​របស់​អ្នក ] នឹង​ត្រូវការ​កម្លាំង និង​សេចក្ដី​ជំនឿ​ទាំងអស់​ ដែល​អាច​ផ្ដល់​ឲ្យ​ពួកគេ ខណៈ​ពួកគេ​នៅ​ក្បែរ​អ្នក​នៅ​ឡើយ ។ ហើយ​ពួកគេ​ក៏​នឹង​ត្រូវការ​នូវ​កម្លាំង​ដ៏​ធំ​មួយ ដែល​កើត​ចេញ​ពី​អំណាច​ដ៏​ខ្ពស់​ផង​ដែរ » ។4

ការ​ទទួល​ការ​ណែនាំ​ និង​ការ​ដឹកនាំ​ពី​ព្រះវរបិតា​សួគ៌​របស់​យើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ​ នៅ​ក្នុង​ជីវិត​របស់​យើង ។ នៅ​ពេល​យើង​បង្រៀន​កូនចៅ​របស់​យើង​ពី​របៀប​ទទួល ហើយ​ផ្ដោត​អារម្មណ៍​ទៅ​នឹង​ការ​បំផុស​គំនិត និង​ការ​ណែនាំ​​ទាំងនេះ នោះ​ពួកគេ​នឹង​មាន​លទ្ធភាព​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​ដែល​នឹង​ផ្ដល់​កម្លាំង​ដល់​ពួកគេ​នា​ពេល​អនាគត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជាដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន​របស់​ពួកគេ ហើយ​ពួកគេ​នឹង​មាន​លទ្ធភាព​ស្ដាប់​តាម​ទ្រង់​កាន់​តែ​ច្រើន​ឡើង ។ ក្នុងនាម​ជា​ឪពុកម្ដាយ​យើង​អាច​ជួយ​ក្នុង​ដំណើរ​ការ​នេះ​ ហើយ​ជួយ​ផ្តល់​ពរ​ដល់​កូនចៅ​របស់​យើង ។

កំណត់​ចំណាំ

  1. ហ្សេរ៉ាល់ ខូស្សេ « Even a Child Can Understand » Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 32 ។

  2. ដាល្លិន អេក អូក « Eight Reasons for Revelation » Liahona ខែ កញ្ញា ឆ្នាំ 2004 ទំព័រ 8 ។

  3. ជេ អ៊ី ជែនសិន « Have I Received an Answer from the Spirit? » Ensign ខែ មេសា ឆ្នាំ 1989 ទំព័រ 21–22 ។

  4. ហ្គរដុន ប៊ី ហ៊ិងគ្លី « These, Our Little Ones » Liahona ខែ ធ្នូ ឆ្នាំ 2007 ទំព័រ 7 ។

រចនា​រូបថត​ដោយ ម៉ាថាយ រៀ លើកលែង​ដូច​បាន​កត់​សំគាល់ ។ ខាង​ស្ដាំ ៖ រចនា​រូបថត​ដោយ ដាវីឌ ស្តក់ឃើរ © 2007