សារៈសំខាន់នៃការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់
ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់បានធ្វើឲ្យកំណត់ត្រាជាច្រើន ត្រូវបានដាក់ឲ្យប្រើនៅលើអ៊ីនធឺណិត ដើម្បីឲ្យសមាជិកអាចស្វែងរក ហើយយកឈ្មោះគ្រួសារទៅកាន់ព្រះវិហារបរិសុទ្ធ ។
ក្រដាសកំណត់ចំណាំខ្លីមួយនៅលើក្ដារចុចបានសរសេរថា « កុំព្យូទ័រនេះត្រូវបានរក្សាទុកសម្រាប់សាំយ៉ូអែល នៅម៉ោង 5:00 ព្រឹក » ។ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រធានស្តេកគាត់ សុំឲ្យស្តេកធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ឲ្យបានឈ្មោះមួយលាន នោះ សាំយ៉ូអែល ប៊ី អាយុ 14 ឆ្នាំ នៅរដ្ឋ យូថាហ៍ បានចាប់ផ្ដើមក្រោកពីដំណេកនៅម៉ោង 5:00 ព្រឹក ដើម្បីគាត់អាចធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ពីមុនគាត់ទៅសាលារៀន ។ ដោយមានកុំព្យូទ័រតែមួយនៅក្នុងផ្ទះ ហើយមានបងប្អូនដល់ទៅប្រាំមួយនាក់ត្រូវការធ្វើកិច្ចការសាលា នោះ សាំយ៉ូអែល ត្រូវលះបង់ពេលដេកមួយចំនួនដើម្បីមានពេលប្រើកុំព្យូទ័រនោះ ។
ប៉ុន្តែភាពរីករាយរបស់ សាំយ៉ូអែល បានរាលដាលទៅដល់គ្រួសារទាំងមូល ។ មិនយូរប៉ុន្មាន បងប្រុសរបស់គាត់ ណាថាន់ បានលះបង់ពេលវេលាលេងបាល់បោះ ហើយប្អូនស្រីរបស់គាត់ អ៊ីវិល្លីន បានលះបង់ពេលអានសៀវភៅដើម្បីមកធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ។ ឪពុករបស់ សាំយ៉ូអែល បាននិយាយថា « កូនៗរបស់ខ្ញុំពុំធ្លាប់ដែលលើកទឹកចិត្តយ៉ាងខ្លាំងចំពោះខ្ញុំ បែបនេះ ពីមុន ឡើយ » ។ « ខ្ញុំបានគិតថាការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ជារឿងដ៏លំបាក រហូតដល់ពួកគេបានធ្វើកិច្ចការនេះ ។ ពួកគេបានបង្រៀនខ្ញុំថា វាជារឿងងាយស្រួល ហើយសប្បាយ » ។ លុះដល់យប់ឆ្នាំថ្មីចូលមកដល់ ក្មេងទាំងនោះបានរួសរាន់បញ្ចប់គោលដៅ ធ្វើលិបិក្រមអ្នកស្លាប់ប្រចាំឆ្នាំរបស់ខ្លួនឲ្យបានពីមុនពាក់កណ្ដាលអាធ្រាត្រ ។
នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ គ្រួសារ ឡានូហ្សា នៅប្រទេស ហ្គាតេម៉ាឡា បានមានភាពរីករាយដូចគ្នានេះផងដែរ ។ គ្រួសារដែលមានគ្នាប្រាំបួននាក់នេះ—កូនប្រាំនាក់ ម្ដាយ ឪពុក ជីដូន និងជីតា—បានប្រើកុំព្យូទ័រមួយរួមគ្នា ។ ដោយកូនៗប្រើកុំព្យូទ័រធ្វើកិច្ចការសាលា ម្ដាយបញ្ចប់ថ្នាក់របស់ខ្លួននៅឯសកលវិទ្យាល័យ ហើយឪពុកទៅធ្វើការ នោះកុំព្យូទ័រតែងតែជាតម្រូវការដ៏ខ្ពស់បំផុត ហើយសមាជិកគ្រួសារម្នាក់ៗបានប្ដូរវេនគ្នាធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ។ គ្រួសារនេះបានធ្វើលិបិក្រមឈ្មោះអ្នកស្លាប់រួមគ្នា ដែលមានចំនួនលើសពី 37,000 កំណត់ត្រា ក្នុងឆ្នាំ 2011 ។
ក្មេងទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេបានទទួលយកសំណូមពរដែលអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានស្នើសុំដល់យុវវ័យ ក្នុងសាសនាចក្រកាលពីខែ តុលា ឆ្នាំ 2011 ៖
« មានអ្នករាល់គ្នាជាច្រើនប្រហែលជាគិតថា កិច្ចការពង្សប្រវត្តិគឺត្រូវតែធ្វើឡើងដោយពួកមនុស្សវ័យចំណាស់ ។ ប៉ុន្តែ ខ្ញុំដឹងថាគ្មានការកំណត់អាយុណាមួយបានរៀបរាប់នៅក្នុងព្រះគម្ពីរ ឬសេចក្ដីណែនាំណាមួយដែលបានប្រកាសដោយពួកអ្នកដឹកនាំសាសនាចក្របានដាក់កំហិតនូវការបម្រើដល់សំខាន់នេះទៅលើមនុស្សវ័យចំណាស់ឡើយ ។ …
« ខ្ញុំសូមអញ្ជើញយុវវ័យនៃសាសនាចក្រ ដើម្បីរៀន ហើយទទួលបទពិសោធន៍នៃវិញ្ញាណរបស់អេលីយ៉ា » ។1
ពង្សប្រវត្តិដែលស្រួល ហើយរហ័ស
ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់គឺជាវិធីងាយមួយសម្រាប់មនុស្សគ្រប់គ្នា ដើម្បីចាប់ផ្ដើមជាមួយនឹងពង្សប្រវត្តិ ហើយទទួលបទពិសោធន៍ពីវិញ្ញាណនៃអេលីយ៉ា ។ រដ្ឋាភិបាល និងព្រះវិហារបានរក្សាទុកកំណត់ត្រារបស់ប្រជាជន និងក្រុមគ្រួសារជាច្រើនទសវត្សរ៍ ប៉ុន្តែកំណត់ត្រាទាំងនេះមានការលំបាក ដើម្បីយកមកប្រើប្រាស់ ហើយចំណាយពេលវេលាដើម្បីស្វែងរក ។ កាលពីមុន មនុស្សដែលបានបែកចេញពីដែនដីដូនតារបស់ខ្លួន ត្រូវធ្វើដំណើរទៅកាន់ទីកន្លែងទាំងនោះ ហើយស្វែងរកកំណត់ត្រា ដោយគ្មានការធានាអះអាងថា ពួកគេនឹងរកឃើញឈ្មោះគ្រួសារឡើយ ។
ការណែនាំឲ្យស្គាល់ពីការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ក្នុង FamilySearch នៅឆ្នាំ 2006 បានពន្លឿនដល់ការស្រាវជ្រាវពង្សប្រវត្តិ ។ នៅពេល ឈ្មោះជាច្រើនត្រូវបានលាក់ទុក នៅក្នុងក្រដាសកំណត់ត្រាដែលសរសេរដោយដៃ ហើយបានទុកនៅក្នុងឃ្លាំងដ៏ត្រជាក់បានកត់ត្រា ( ធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ) ហើយឥឡូវនេះអាចស្វែងរកបានដោយផ្ទាល់នៅលើកុំព្យូទ័រ ។ ការសម្រេចកិច្ចការនេះបាន ពួកអ្នកធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ស្ម័គ្រចិត្តទាញយក « បាច់ » នៃកំណត់ត្រាដែលមានប្រមាណជា 10 ទៅ 50 ឈ្មោះពីកុំព្យូទ័រនៅផ្ទះរបស់ពួកគេ ។ ពួកគេបានវាយឈ្មោះ កាលបរិច្ឆេទ និងព័ត៌មានផ្សេងទៀតចូលទៅក្នុងមូលដ្ឋានទិន្នន័យរបស់ FamilySearch ការធ្វើដូច្នេះ អាចផ្តល់លទ្ធភាពនៃការបង្កើតលិបិក្រមឈ្មោះអ្នកស្លាប់ជាអេឡិចត្រូនិកដែលអាចស្វែងរកបាន ។
ពីមុនដាក់ឲ្យប្រើកម្មវិធីលិបិក្រមឈ្មោះអ្នកស្លាប់ក្នុង FamilySearch វាអាចចំណាយពេលរាប់ឆ្នាំដើម្បីបង្កើតលិបិក្រមឈ្មោះអ្នកស្លាប់មួយដែលអាចស្វែងរកបាន សូម្បីតែសំណុំកំណត់ត្រាមួយ ដោយប្រើបច្ចេកទេសពីមុននៃការដកស្រង់ឈ្មោះ ។ ម៉ៃខល ជូដសិន ជានាយកផ្នែកលិបិក្រមឈ្មោះអ្នកស្លាប់សម្រាប់កម្មវិធី FamilySearch បានមានប្រសាសន៍ថា វាត្រូវចំណាយពេលអស់ 11 ឆ្នាំ ដើម្បីធ្វើលិបិក្រមឈ្មោះអ្នកស្លាប់សម្រាប់ Freedman Bank Records ( កំណត់ត្រារបស់ សហរដ្ឋ ពីទាសករដែលមានសេរីភាព ដែលបានបង្កើតគណនីធនាគារ ) ។ ឥឡូវនេះ គាត់ប៉ាន់ប្រមាណ វាត្រូវចំណាយពេលតែមួយខែប៉ុណ្ណោះ ។
ពួកអ្នកស្ម័គ្រចិត្តទូទាំងពិភពលោកបានធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ច្រើនជាងមួយពាន់លានកំណត់ត្រាចាប់តាំងពីឆ្នាំ 2006 ប៉ុន្តែមានការងារជាច្រើនទៀតដែលត្រូវធ្វើ ។ មានកំណត់ត្រារាប់ពាន់លានបន្ថែមទៀត ដែលកំពុងរង់ចាំនៅក្នុងទូរដែករក្សាកំណត់ត្រា ក្នុងទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ ហើយលើសពីនោះទៀត គឺមានកំណត់ត្រាដែលបានរកឃើញ នៅក្នុងបណ្ណាសារផ្សេងទៀតទូទាំងសកលលោក ដែលនាយកដ្ឋានពង្សប្រវត្តិកំពុងធ្វើការថតរូបភាពប្រមាណជា 35 លាន រូបភាពក្នុងមួយខែ ។
ស្ថានភាពជាក់លាក់ ពរជ័យជាក់លាក់
គណៈប្រធានទីមួយបានថ្លែងថា « សមាជិកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យចូលរួម នៅក្នុងការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ក្នុង FamilySearch ដែលវាមានសារៈសំខាន់ចំពោះកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ » ។2 សមាជិកមកពីជុំវិញពិភពលោកកំពុងឆ្លើយតបចំពោះការទូន្មាននេះ ហើយកំពុងទទួលបានពរជ័យយ៉ាងអស្ចារ្យ ។
ពួកបរិសុទ្ធនៅក្នុងប្រទេស អ៊ុយក្រែន កំពុងខិតខំ ដើម្បីបង្កើតលិបិក្រមឈ្មោះអ្នកស្លាប់ជាអេឡិចត្រូនិក ដែលនឹងជួយជម្រុញដល់ការស្រាវជ្រាវពង្សប្រវត្តិនៅក្នុងទ្វីបអឺរ៉ុបភាគខាងកើត ។ គ្រួសារ រូដិនកូ នៅ ខីអីវ កំពុងធ្វើជាគំរូមួយយ៉ាងអស្ចារ្យ ។ ពួកគេបានចំណាយលើថ្លៃអ៊ីនធឺណិត ដើម្បីពួកគេ និងកូនរបស់ពួកគេអាចធ្វើលិបិក្រមសម្រាប់ឈ្មោះអ្នកស្លាប់ ទាំងឡាយ ។ បងស្រី រូដិនកូ បានទុកកុំព្យូទ័រយួរដៃរបស់គ្រួសារនៅលើតុផ្ទះបាយ ដើម្បីគាត់អាចធ្វើ លិបិក្រមឈ្មោះអ្នកស្លាប់ នៅពេលគាត់មានពេលអំឡុងថ្ងៃនោះ ។ គាត់បានប្រើដៃម្ខាងវាយឈ្មោះ ខណៈដែលប្រើដៃម្ខាងទៀតបីកូន ។ កូនប្រុសអាយុ 16 ឆ្នាំ និងកូនស្រីអាយុ 12 ឆ្នាំរបស់ពួកគេក៏បានក្លាយជាអ្នកធ្វើលិបិក្រមសម្រាប់អ្នកស្លាប់ផងដែរ ហើយពេលខ្លះគ្រួសារនេះបានចូលទៅបណ្ណាសាររបស់រដ្ឋាភិបាលដើម្បីស្រាវជ្រាវឈ្មោះគ្រួសារទៀតផង ។ ជាធម្មតា គ្រួសារ រូដិនកូ បានផ្ញើឈ្មោះទៅកាន់ព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីបរិសុទ្ធឲ្យឈ្មោះទាំងនោះ ពេលខ្លះបានទៅព្រះវិហារបរិសុទ្ធជាច្រើនដងក្នុងមួយសប្ដាហ៍ ។
បងស្រី រូដិនកូ បាននិយាយពីពរជ័យដែលគាត់បានទទួលតាមរយៈកិច្ចការពង្សប្រវត្តិថា ៖ « ខ្ញុំជឿថា ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ និងកិច្ចការពង្សប្រវត្តិការពារដល់យើង ។ ខ្ញុំត្រូវបានសន្យានៅក្នុងពរជ័យអយ្យកោរបស់ខ្ញុំថា ការធ្វើនូវកិច្ចការនេះនឹងការពារដល់ខ្ញុំ និងកូនចៅខ្ញុំ ។ គំនិតរបស់ពួកគេនឹងបានស្អាតស្អំ ហើយពួកគេនឹងមានលទ្ធភាពដើម្បីទប់ទល់នឹងឥទ្ធិពលអាក្រក់នៃពិភពលោកនេះ ។ … [ កូនរបស់ខ្ញុំ ] បានទទួលនូវព្រះចេស្ដានៃព្រះតាមរយៈកិច្ចការនេះ » ។
មានសមាជិកជាច្រើនកំពុងរកឃើញថា ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់បានផ្ដល់ឱកាសបម្រើមួយដ៏មានន័យ ដោយមិនគិតពីជំនាញ ឬស្ថានភាពនោះឡើយ ។ ម៉ាលីនដា ភែរី មកពីរដ្ឋ យូថាហ៍ ស.រ.អា. បានជួបនឹងគ្រោះថ្នាក់រថយន្តនៅពេលគាត់មានអាយុ 24 ឆ្នាំ ដែលធ្វើឲ្យកំរើកខ្លួនមិនរួចចាប់ពី-កចុះក្រោម ។ នៅពេលគាត់បានសម្របសម្រួលទៅនឹងជីវិតថ្មីនេះ បងស្រី ភែរី បានអធិស្ឋានស្វែងរកវិធីដែលគាត់អាចបម្រើ ។ គាត់បានទទួលចម្លើយរបស់គាត់ នៅពេល រេលីន អែនឌឺសិន មកពីគណៈប្រធានសមាគមសង្គ្រោះស្តេកបានមកសួរសុខទុក្ខគាត់ ហើយបានបង្រៀនគាត់ពីរបៀបធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ។ ឥឡូវនេះ បងស្រី ភែរ បានចំណាយពេលនៅមុខកុំព្យូទ័ររាល់ថ្ងៃដោយមានឈើមួយបិទជាប់នឹងដៃរបស់គាត់ ហើយរំកិលវាល្មមនឹងអាចវាយអក្សរបាន ។ គាត់បានធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ឈ្មោះអ្នកស្លាប់មួយចំនួនរៀងរាល់ថ្ងៃ ។
បងស្រី ភែរី និយាយថា « ជាជាងផ្ដោតអារម្មណ៍ពីខ្លួនខ្ញុំ ដូចដែលខ្ញុំធ្លាប់បានធ្វើ នោះការផ្ដោតអារម្មណ៍របស់ខ្ញុំបានផ្លាស់ប្ដូរទៅរកការបម្រើអ្នកដទៃ » ។ « ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ហើយខ្ញុំចូលចិត្តនឹងផ្ដល់ពរជ័យរបស់ទ្រង់ទៅដល់អ្នកដទៃទៀតតាមរយៈការធ្វើ លិបិក្រមឈ្មោះអ្នកស្លាប់ » ។
ខណៈដែលកំពុងស្ដាប់បទបង្ហាញមួយពីពង្សប្រវត្តិ ប្រធានស្តេក ដេវីឌ ភីកាប់ នៅ ឆ័រលី ប្រទេសអង់គ្លេស បានទទួលអារម្មណ៍បំផុសគំនិតមួយថា ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ អាចជួយសមាជិកនៅក្នុងស្តេករបស់លោក ឲ្យបង្កើតបំណងប្រាថ្នារបស់ពួកគេ ដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ប៉ុន្តែលោកបានឆ្ងល់ថា តើអ្វីមួយដែលមើលទៅដូចជាការវាយបញ្ចូលទិន្នន័យទូទៅនឹងអាចដឹកនាំមនុស្សទៅរកព្រះវិហារបរិសុទ្ធបានដោយរបៀបណា ?
លោកបានសម្រេចចិត្តសាកល្បងធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ហើយបានរកឃើញថា វាបាននាំនូវវិញ្ញាណរបស់ អេលីយ៉ា បន្ថែមទៀតមកក្នុងជីវិតរបស់លោក ។ចំពោះលោក ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ បានក្លាយទៅជាកិច្ចការ « បន្សុទ្ធ » មួយ ។ លោកបានមានប្រសាសន៍ថា « អ្នកមិនអាចធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ដោយគ្មានការគិតពីឈ្មោះដែលអ្នកធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ តែម្យ៉ាងនោះទេ ប៉ុន្តែអ្នកក៏គិតពីឈ្មោះរបស់គ្រួសារអ្នកផងដែរ » ។
ប្រធាន ភីកាប់ បានសំណូមពរដល់សមាជិកនៅក្នុងស្តេករបស់លោកឲ្យប្រើការធ្វើលិបិក្រមអ្នកស្លាប់ ជាវិធីមួយដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការពង្សប្រវត្តិ ។ ក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ លោក និងពួកអ្នកដឹកនាំស្ដេកផ្សេងទៀតបានសង្កេតឃើញការកើនឡើងមួយ យ៉ាងធំនៅក្នុងភាពសក្ដិសមសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការចូលរួមសាក្រាម៉ង់ ។ ពួកគេបានសង្កេតឃើញថា សមាជិកដែលបានចូលរួមនៅក្នុងការធ្វើលិបិក្រមសម្រាប់អ្នកស្លាប់ កំពុងអភិវឌ្ឍនូវបំណងប្រាថ្នាមួយ ដើម្បីនាំយកឈ្មោះរបស់ក្រុមគ្រួសាររបស់ពួកគេទៅព្រះវិហារបរិសុទ្ធ ។
ម៉ាខិនស្ស៊ី អេជ អាយុដប់ប្រាំពីរឆ្នាំ បានធ្វើតាមសំណូមពររបស់ប្រធាន ភីកាប់ ដោយអស់ពីចិត្ត ហើយបានចាប់ផ្ដើមធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ ហើយនាងបានជួយដល់បងប្អូន ឪពុកម្ដាយ និងលោកតាលោកយាយរបស់នាងចូលរួមចំណែកផងដែរ ។ តិចជាងពីរឆ្នាំ ម៉ាខិនស្ស៊ី ធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ បានលើសពី 44,000 ឈ្មោះ ។ សំខាន់ជាងនេះទៀត ម៉ាខិនស្ស៊ី និងគ្រួសារនាងបានទទួលអារម្មណ៍បំផុសគំនិតឲ្យស្វែងរកឈ្មោះរបស់គ្រួសារពួកគេ យកឈ្មោះទាំងនោះទៅព្រះវិហារបរិសុទ្ធ ហើយចូលរួមនៅក្នុងពិធីបរិសុទ្ធនៃការសង្គ្រោះ ។
ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ បានជួយសមាជិកក្នុងស្តេក ឆ័រលីដោយបាននូវព្រះវិញ្ញាណចូលមកក្នុងជីវិតរបស់ពួកគេ និងដោយការផ្ដល់ដល់ពួកគេនូវឧបករណ៍ដែលពួកគេត្រូវការ ដើម្បីយកឈ្មោះគ្រួសាររបស់ពួកគេទៅព្រះវិហារបរិសុទ្ធ ។ ប្រធាន ភីកាប់ បានមានប្រសាសន៍ថា « អ្នកពុំចាំបាច់ត្រូវមានភាពសក្ដិសមចូលព្រះវិហារបរិសុទ្ធទើបធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ បាននោះទេ ប៉ុន្តែនៅពេលអ្នកធ្វើលិបិក្រមសម្រាប់អ្នកស្លាប់ វានឹងបន្សុទ្ធអ្នក ហើយអ្នកនឹងចង់មានភាពសក្ដិសមដើម្បីទៅព្រះវិហារបរិសុទ្ធ ហើយអ្នកនឹងចង់ទៅព្រះវិហារបរិសុទ្ធ ហើយអ្នកនឹងចង់ធ្វើកិច្ចការសម្រាប់បុព្វការីជនរបស់អ្នក ។ … ខ្ញុំដឹងពីកិច្ចការនេះ ដោយសារវាបានកើតឡើងចំពោះខ្ញុំ » ។
ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ បានជួយដល់មនុស្សគ្រប់គ្នា
ព្រះអម្ចាស់បានសន្យាថា « មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » ( គ. និង ស. 88:73 ) ។ ការធ្វើលិបិក្រមឈ្មោះអ្នកស្លាប់គឺជារបៀបមួយដែលព្រះអម្ចាស់កំពុងបំពេញការសន្យានោះ ។ មនុស្សទាំងអស់អាចស្វែងរកបុព្វការីជនរបស់ពួកគេ ហើយទុកឲ្យអ្នកដទៃអាចស្វែងរកបុព្វការីជនរបស់ពួកគេ ប៉ុន្តែធ្វើលិបិក្រមឈ្មោះអ្នកស្លាប់ជួយសម្រួល ហើយជួយដល់ការស្រាវជ្រាវរកពង្សប្រវត្តិរបស់មនុស្សគ្រប់រូប ។ បងប្រុស ជូដសិន បាននិយាយថា « ព្រះអម្ចាស់បានប្រទានបច្ចេកវិទ្យាដល់យើងសម្រាប់ធ្វើឲ្យមានភាពប្រសើរឡើងដ៏ធំនៅក្នុងការស្វែងរកឈ្មោះ » ។ « ឥឡូវនេះ អ្នកពុំមែនគ្រាន់តែអាចធ្វើពង្សប្រវត្តិសម្រាប់គ្រួសារប៉ុណ្ណោះទេ ការធ្វើលិបិក្រមអ្នកស្លាប់គឺការប្រមូលនូវកិច្ចខិតខំមួយដើម្បីជួយរាល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ » ។