២០១៣
ការ​ប្រែចិត្ត
ធ្នូ 2013


ការ​បង្រៀន​ដើម្បី​កម្លាំង​នៃ​យុវជន

ការ​ប្រែចិត្ត

ដង្វាយ​ធួន​នៃ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​អាច​កើត​ឡើង​បាន ហើយ​យើង​គ្រប់​គ្នា​ត្រូវតែ​ប្រែចិត្ត ។

អែលឌើរ ប្រេដលី ឌី ហ្វស្តឺរ៍ នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​នៅ​ក្នុង​អត្ថបទ​មួយ​នៅ​ទំព័រ 54–55 ក្នុង​ការ​ចេញ​ផ្សាយ​ខែ​នេះ​ថា ពេលខ្លះ យើង​មាន​ការ​ភ័យខ្លាច​នៅ​ពេល​អំពើ​បាប​មួយ​ដ៏​ធំ​តម្រូវ​ឲ្យ​មានការ​សារភាព​ទៅ​ប៊ីស្សព ឬ​ប្រធាន​សាខា ។ ប៉ុន្តែ « ជនទាំង​ឡាយ​ណា​​ដែល​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​នៃ​ការ​ប្រែចិត្ត​នឹង​ប្រាប់​អ្នក​ថា ពុំ​មែន​តែ​ការ​ធ្វើ​ដំណើរ​នោះ​អាច​កើត​ឡើង​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ថា​នៅ​ពេល​អ្នក​បាន​ទៅ​ដល់​ទី​នោះ ហើយ​ក្រឡេក​មើល​មក​ខាង​ក្រោយ​វិញ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​បាន​ឃើញ ៖« 

អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ហើយ​នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​នេះ អ្វីៗ​គ្រប់​យ៉ាង​នឹង​បា​ន​ប្រសើរ​ឡើង ។ …

« កាល​ណា​អ្នក​ចាប់ផ្ដើម​កាន់​តែ​លឿន នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល ។ …

« ប៊ីស្សព​របស់​អ្នក​នឹង​ជួយ​អ្នក​នៅ​ក្នុង​ដំណើរ​ការ​នេះ ។ អ្នក​នឹង​ស្រឡាញ់​គាត់ ហើយ​​នឹង​ពុំ​ភ្លេច​គាត់​ឡើយ » ។

យោបល់​ទាំងឡាយ​សម្រាប់​បង្រៀន​យុវវ័យ

សូម​អាន​ជាមួយ​នឹង​កូន​ជំទង់​របស់​អ្នក នូវ​ផ្នែក​ពី​ការ​ប្រែចិត្ត​ក្នុង​សៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ពិភាក្សា​ពី​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយ​ធួន និង​ពី​របៀប​ដែល​ការ​ប្រែចិត្ត​ធ្វើ​ឲ្យ​ពរជ័យ​ទាំងនេះ​អាច​កើត​មាន​ឡើង ។

អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​ការ​ប្រែចិត្ត និង​ពី​ដង្វាយ​ធួន និង​ពី​សារៈសំខាន់​របស់​វា​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ក៏​គួរ​សុំ​ឲ្យ​កូន​ជំទង់​របស់​អ្នក​ចែក​ចាយ​ពី​ទីបន្ទាល់​ខ្លួន​ពួកគេ ពី​ការ​ប្រែចិត្ត​ជាមួយ​នឹង​អ្នក​ផង​ដែរ ។ ហើយ​ប្រសិន​បើ​សមរម្យ អ្នក​អាច​អញ្ជើញ​កូន​ជំទង់​របស់​អ្នក ឲ្យ​ជួយ​ដល់​ប្អូន​ប្រុស​ស្រី​ជាមួយ​នឹង​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងក្រោម ។

យោបល់​ទាំងឡាយ​ដើម្បី​បង្រៀន​កូន​ចៅ

ដើម្បី​បង្ហាញ​ពី​អត្ថន័យ​នៃ​ការ​ដើរ​លើ​ផ្លូវ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យើង​ឲ្យដើរ​តាមនោះ សូម​ពិចារណាពី​ការ​​ប្រើ​ឡាន​សម្រាប់​ក្មេង​លេង ( ឬ​យន្តហោះ កប៉ាល់ ឬ​រទេះ ) ជា​ឧបករណ៍​សម្រាប់​មេរៀន ។ សូម​ប្រើ​ផែនទី​មួយ ហើយ​សុំ​ឲ្យ​កូន​រុញ​ឡាន​ពី​ចំណុច​មួយ​ទៅ​កាន់​ចំណុច​មួយ​ទៀត នៅ​លើ​ផែនទី ។ សូម​សួរ​ថា « ប្រសិន​បើ​ឡាន​នោះ​ចាប់​ផ្ដើម​បើក​ចេញ​ពី​ផ្លូវ តើ​ចាំបាច់​ត្រូវ​ធ្វើ​អ្វី ? »

ប្រាកដ​ណាស់​​ថា ឡាន​មួយ​បើកចេញពីផ្លូវ នោះ​វា​ត្រូវ​យក​មក​ដាក់​នៅ​លើ​ផ្លូវ​ត្រូវ​វិញ សូម​សួរ​ថា​តើ​ដំណើរ​ការ​នេះ​ដូច​គ្នា​នឹង​ការ​ប្រែចិត្ត​យ៉ាង​ដូចម្ដេច​ទៅ ។ សូម​ពន្យល់​ថា ពេលខ្លះ​​នៅ​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត យើង​ត្រូវ​ផ្លាស់ប្ដូរ​ទិសដៅ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​បាន​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ។ ពេល​ខ្លះ យើង​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ត្រូវ​ការ​ជំនួយ ។ ចូរ​សុំ​ឲ្យ​កូនចៅ ប្រាប់​ពី​ពេល​ ដែល​ពួកគេ​បាន​ជួយ​ដល់​ខ្លួន​ឯង ពេល​ដែល​អ្នក​ដទៃ​បាន​ជួយ​ដល់​ពួកគេ និង​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ ។ នៅ​ពេល​អ្នក​បង្រៀន​ពី​ប្រធាន​បទ​នេះ សូម​ចងចាំ​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​ប្រាំ​បី​ឆ្នាំ​ពុំ​មាន​ទំនួល​ខុសត្រូវ និង​ពុំ​ត្រូវ​ការ​ការ​ប្រែចិត្ត​ឡើយ ប៉ុន្តែ​វា​រឿង​ដ៏​មាន​តម្លៃ​សម្រាប់​ពួកគេ​ដើម្បី​រៀន​សូត្រ​ពី​គោល​ការណ៍​នៃ​ការ​ប្រែចិត្ត ។

សូម​ពិភាក្សា​ចម្លើយ​ពួកគេ​ជាមួយ​នឹង​ពួកគេ ហើយ​ពិភាក្សា​ពី​របៀប​ដែល​​ការ​ប្រែចិត្ត​គឺជា​អំណោយ​ទាន​មួយ​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វា​អាច​ធ្វើ​ឲ្យ​យើង​ត្រលប់​ទៅ​រក​ ទ្រង់​ម្ដង​ទៀត​បាន ។