២០១៣
ចម្រៀង​បុណ្យគ្រីស្ទ​ម៉ាស់ដ៏​ពេញ​ចិត្ត
ធ្នូ 2013


ចម្រៀង​បុណ្យគ្រីស្ទ​ម៉ាស់​ ដ៏​ពេញ​​ចិត្ត

អ្នកនិពន្ធ​​រស់​នៅ​រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។

ខ្ញុំ​ពុំ​បាន​មាន​អំណរ​គុណ​ចំពោះ​ចម្រៀង​របស់នាង​រហូត​ដល់​ខ្ញុំ​បាន​ដឹងថា​ នាង​កំពុង​ច្រៀង​ចម្រៀង​ទៅកាន់​​នរណា ។

រូបភាព
Illustration of Christmas decorations.

រចនារូបភាព ដោយ ដាន ប៊ឺ

ខ្ញុំ​ចងចាំ​ថា​វាជា​ពិធី​ជប់លៀង​បុណ្យគ្រីស្ទ​ម៉ាស់​ក្នុង​វួដ​ធម្មតា ៖ នៅលើ​តុ​មានក្រាល​ក្រដាស​ពណ៌​ក្រហម និង​ពណ៌បៃតង មាន​បម្រើ​អាហារ​ពេល​ល្ងាច​ដាក់​លើ​ចាន​ក្រដាស មាន​ក្មេង​តូចៗ​រត់លេង និង​សំឡេង​ជជែក​គ្នា​ដោយ​រីករាយ​នៃ​សមាជិក​វួដ ។ នោះ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​ឲ្យ​រឿង​ទាំងឡាយ​ស្ងប់ស្ងាត់ ​ដើម្បី​ប្រសិទ្ធពរ​ដល់​អាហារ រួចហើយ​មនុស្ស​គ្រប់​គ្នាចាប់​ផ្ដើម​បរិភោគ ។ កម្មវិធីនេះរៀប​នឹង​ចាប់​ផ្ដើម ។

វា​ពុំ​មែន​វួដ​របស់​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​បាន​ទៅ​ជាមួយ​នឹង​មិត្ត​ភក្ដិ​នៅ​ក្នុង​ពិធីជប់លៀង​ក្នុង​វួដ​របស់​នាង ដូច្នេះ​ខ្ញុំ​ពុំ​បាន​ស្គាល់​មនុស្ស​ច្រើន​នោះ​ទេ ។ យើង​បាន​ចង់​ចេញ​មុន ប៉ុន្តែ​ម្ដាយ​របស់​នាង​បាន​លួងលោម​យើង​ឲ្យ​នៅ​មើល​កម្មវិធី​នោះ ។

ចម្រៀង​ដំបូង​សម្រាប់​កម្មវិធី​នោះ​គឺ​ច្រៀង​ដោយ​កុមារ​បឋម​សិក្សា ដែល​បាន​ដើរ​មក​លើ​ឆាក​ដោយស្លៀក​ពាក់បន្ទះលោហៈភ្លឺ​ពណ៌ មាន​រាង​ជា​រង្វង់​នៅ​លើ​ក្បាល​របស់​ពួកគេ ។ ពួកគេ​បាន​ច្រៀង​ចម្រៀង​មួយ​បទ រួចហើយ​​នៅ​ពេល​ពួកគេ​ដើរ​ចុះពីឆាកវិញ​ពួកគេ​បាន​ដើរ​ទង្គិច​គ្នា ហើយ​សើច​កក្អឹក ដោយ​បន្សល់​នូវ​កម្ទេច​នៃ​បន្ទះ​លោហៈ​ភ្លឺ​ពណ៌នោះ​នៅ​ពី​ខាង​ក្រោយ​ពួកគេ ។

បន្ទាប់​មក​មាន​អ្នក​លេង​ព្យាណូ​ពីរនាក់​បាន​លេង​​នូវ​បទ​ដ៏​រីករាយ ។ អ្នក​លេង​ព្យាណូ​ទី​មួយ​លេង​បទ « Oh, Come, All Ye Faithful » ( Hymns ល.រ. 202 ) ដោយ​គ្មាន​បាត់​មួយ​ខ្ទង់​ណា​ឡើយ ។ អ្នក​លេង​ម្នាក់​ទៀត ជា​ក្មេង​ប្រុស​ម្នាក់ បាន​អង្គុយ​ចុះ​នៅ​ត្រង់​ព្យាណូនោះ ហើយក្រឡេក​​មើល​ទាំង​ភិត​ភ័យ​ទៅរក​​ម្ដាយ​របស់​គេដែល​បាន​ចាប់​ផ្តើម​រៀប​ណោទ​ភ្លេង​យ៉ាង​ស្ងាមស្ងាត់ ។ ក្មេង​ប្រុស​នោះ​បាន​ដក​ដង្ហើម​ធំ បាន​ងាក​ទៅ​រក​ព្យាណូ ហើយ​លេង​នូវ​បទ​របស់​គាត់​គឺ « Up on the Housetop » ។

កម្មវិធីបន្ទាប់​ទៀត​គឺ​ចម្រៀង​គ្រីស្ទម៉ាស់​មួយ​ដែល​ខ្ញុំ​ចូលចិត្ត—« C-h-r-i-s-t-m-a-s » ( គ្រីស្ទម៉ាស់ ) ។

ខ្ញុំ​បា​នសម្លឹង​មើល​ទៅ​ឃើញ​បងស្រី​ម្នាក់ដើរ​ឆ្ងោក​មុខ ហើយ​ដាក់​ដៃ​ម្ខាងឱប​ខ្លួន​របស់​នាង ដោ​យ​ប្រឹង​ដើរ​ទៅ ​ក្បែរ​ព្យាណូ ។ គាត់​បាន​ឈរ​ផ្អៀ​ង​ខ្លួន​ទៅ​ម្ខាង ហើយបានធ្វើ​មុខ​ពី​មុន​គាត់​ចាប់​ផ្ដើម ។ ខ្ញុំ​សារភាព​ថា ខ្ញុំ​ងឿង​ឆ្ងល់​ដោយ​មិន​ដឹង​​ថាចម្រៀង​នោះ​ពិរោះ​ដែរ​ឬ​អត់​នោះ​ទេ ។

គាត់​បាន​ច្រៀង « កាល​ខ្ញុំ​នៅ​ក្មេង បុណ្យគ្រីស្ទ​ម៉ាស់មាន​អត្ថន័យម៉្យាង » ចម្រៀង​នោះ​បានប​ន្ត​ដើម្បី​ប្រាប់​ពី​របៀប​ដែល​ក្មេង​ម្នាក់​រៀន​ពីរបៀប​ប្រកប​ពាក្យ Christmas ហើយ​បាន​រក​ឃើញ​ពី​អត្ថន័យ​ដ៏​ពិត​នៃ​ថ្ងៃ​បុណ្យ​នោះ ។

មាត់​របស់​គាត់វៀចចុះ​ម្ខាង ហើយ​គាត់​មាន​ការ​ពិបាក​ក្នុងការ​និយាយ ។

ខ្ញុំ​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សិក្សា​ពី​ទឹក​មុខ​នៃ​សមាជិក​ក្នុង​វួដ​របស់​គាត់ ។ គ្មាន​នរណា​ម្នាក់​ខ្មាស់​អៀន​ឡើយ ។ ផ្ទុយទៅ​វិញ ពួកគេ​បាន​អង្គុយ​ញញឹម ហើយ​ស្ដាប់​ដោយ​យក​ចិត្ត​ទុកដាក់ ។

គាត់​បាន​បន្ត​ច្រៀង ហើយ​ងើយ​មុខ​របស់​ខ្លួន​ទៅ​លើ ទាំងសម្លឹងភ្នែកទៅលើពិដាន។ ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​បាន​សម្លឹង​មើល​ទៅ​លើ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​តែ​ពិដាន ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​សម្លឹង​មើល​ទៅ​គាត់​វិញ ខ្ញុំ​បាន​សង្កេតឃើញ​គាត់​កំពុង​សម្រក់​ទឹក​ភ្នែក ។

នៅ​ពេល​គាត់​បញ្ចប់ មនុស្សគ្រប់គ្នា​នៅ​ក្នុងបន្ទប់​នោះ​បាន​នាំ​គ្នា​ទះដៃ ។ ថ្ពាល់​របស់​គាត់​ឡើង​ក្រហម ។ នៅ​ពេល​គាត់​ដើរ​ទៅ​កន្លែង​អង្គុយ​របស់​គាត់​វិញ សមាជិក​វួដ​បាន​សម្ដែង​កា​រដឹង​គុណ​ដ៏​ធំធេង​ដោយ​ការ​ចាប់ដៃគាត់ ឬ​យក​ដៃ​ទះ​ស្មារ​របស់​គាត់ ។ មាន​បងស្រី​ម្នាក់​អង្គុយ​ក្បែរ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​គាត់​ធ្វើ​បាន​ល្អណាស់ ហើយ​គាត់​បាន​តប​វិញ​ថា « អរគុណ ។ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​ចូល​ចិត្ត​វា » ។

ទ្រង់ ?តើ​គាត់​ច្រៀង​ទៅ​កាន់​នរណា ? ទោះ​ជា​ខ្ញុំ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​នេះ​ក្ដី ក៏​ខ្ញុំ​បាន​ដឹង​ពី​ចម្លើយ​រួចហើយ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​មិន​បាន​ច្រៀង​ទៅ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​នោះ​ទេ ។ គាត់​មិន​បាន​សម្ដែង​សម្រាប់ការ​អបអរ​ពី​​អ្នក​ស្ដាប់​នោះ​ទេ ។ គាត់​បាន​ច្រៀង​ទៅ​កាន់​ព្រះអង្គសង្គ្រោះ​ដើម្បី​សរសើរ​តំកើងដល់​ទ្រង់ ។

ចាប់​តាំង​ពី​ពិធីជប់លៀង​ក្នុង​វួដ​នោះ​មក បុណ្យ​គ្រីស្ទម៉ាស់​បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ដង ហើយ​ខ្ញុំបាន​ឮ​ចម្រៀង « C-h-r-i-s-t-m-a-s » ច្រៀងដោយ​​អ្នក​ចម្រៀង​ដ៏ឆ្នើមជាច្រើន​នាក់ ។ ប៉ុន្តែ​បទ​ដែល​ខ្ញុំ​បាន​ឮ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នោះ បាន​ច្រៀង​ដោយ​មនុស្ស​ម្នាក់​ដែល​ការ​សម្ដែង​របស់​គាត់សោះក្រក្រោះបន្តិច ប៉ុន្តែ​វា​ចេញ​ពី​ចិត្ត​ស្មោះ គឺ​ជា​ចម្រៀង​មួយ​ដែល​ខ្ញុំ​ចងចាំ​ជាង​គេ​បំផុត ។