ការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ
ដកស្រង់ចេញពីការប្រជុំពិសេសមួយនៃប្រព័ន្ធអប់រំសាសនាចក្រសម្រាប់ពួកមជ្ឈិមវ័យវ័យក្មេង « Terror, Triumph, and a Wedding Feast » ដែលធ្វើឡើងនៅថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2004 ។ សម្រាប់អត្ថបទទាំងស្រុងជាភាសាអង់គ្លេស សូមចូលទៅកាន់ speeches.byu.edu ។
កាលពីបុរាណ បុរសស្ត្រីដ៏អស្ចារ្យជាច្រើនជំនាន់ បានខិតខំធ្វើតទៅទៀត បានខិតខំថ្លែងទីបន្ទាល់ បានខិតខំធ្វើអស់ពីលទ្ធភាពរបស់ខ្លួន ពុំមែនដោយសារពួកគេបានដឹងថា ពួកគេនឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែដោយសារពួកគេបានដឹងថា អ្នកនឹងទទួលបានជោគជ័យ ។
យើងកំពុងបង្ហាញខ្លួនយើងនៅគ្រានៃជីវិតរមែងស្លាប់ ក្នុងគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អដ៏អស្ចារ្យជាងគេបំផុតនៃដំណឹងល្អដែលបានប្រទានមកដល់មនុស្សលោក ហើយយើងត្រូវឱបក្រសោបវាយ៉ាងជិតស្និទ្ធបំផុត ។
ខ្ញុំស្រឡាញ់នូវឃ្លាមួយដែលព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ពួកព្យាការី ពួកសង្ឃ និងពួកស្ដេចកាលពីជំនាន់មុន « បានទន្ទឹងរង់ចាំដោយសេចក្ដីសង្ឃឹមដ៏រីករាយចំពោះសម័យដែលយើងរស់នៅ ហើយបានរីករាយដោយសេចក្ដីសង្ឃឹមពីសួគ៌ាដោយអំណររហូតដល់ពួកគេបានច្រៀង ហើយសរសេរ ព្រមទាំងបានព្យាករណ៍ពីជំនាន់របស់យើងនេះ » ។1 ក៏មានការគូសបញ្ជាក់ស្រដៀងគ្នានេះផងដែរពីប្រធាន វិលហ្វូឌ វូឌដ្រុព្វ ថា ៖ « ព្រះនេត្រនៃព្រះ និងពួកព្យាការីបរិសុទ្ធទាំងអស់កំពុងទតមើលមកយើង ។ នេះជាគ្រាកាន់កាប់ត្រួតត្រាដ៏អស្ចារ្យ ដែលបានពោលឡើងចាប់តាំងពីពិភពលោកបានចាប់ផ្ដើមមកម្ល៉េះ » ។2
ខ្ញុំមានទ្រឹស្ដីមួយពីគ្រាកាន់កាប់ត្រួតត្រា និងពួកអ្នកដឹកនាំ ក្រុមគ្រួសារ និងប្រជាជនពីជំនាន់មុន ដែលបានរស់នៅនាពេលនោះ ។ ជារឿយៗ ខ្ញុំបានគិតពីពួកគាត់ និងពីកាលៈទេសៈបំផ្លិចបំផ្លាញដែលពួកគាត់បានជួបប្រទះ ។ ភាគច្រើន ពួកគេបានប្រឈមមុខនឹងគ្រាដ៏លំបាកដែលគួរឲ្យភ័យខ្លាច ពួកគាត់ពុំទទួលបានជោគជ័យនៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់ខ្លួនឡើយ ។ ពិតណាស់ ចំណុចសំខាន់នៃការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយនេះគឺថា ដំណឹងល្អពុំអាចរស់រាននៅក្នុងជំនាន់មុនឡើយ ហេតុដូច្នេះហើយ ដំណឹងល្អត្រូវតែស្ថាបនាឡើងក្នុងជំនាន់ដ៏ជោគជ័យចុងក្រោយមួយ ។
គ្រាកាន់កាប់ត្រួតត្រាដែលនឹងមិនបរាជ័យ
និយាយឲ្យខ្លីទៅ ការក្បត់សាសនា និងការបំផ្លិចបំផ្លាញទាំងឡាយគឺជាជោគវាសនានៅចុងបំផុតនៃគ្រាកាន់កាប់ត្រួតត្រាទូទៅ ដែលយើងធ្លាប់ឃើញនៅគ្រប់ជំនាន់ ។ ប៉ុន្តែនេះជាទ្រឹស្ដីរបស់ខ្ញុំ ។ ទ្រឹស្ដីរបស់ខ្ញុំគឺថា បុរសស្ត្រីដ៏អស្ចារ្យទាំងនោះ ជាពួកអ្នកដឹកនាំនៅក្នុងជំនាន់មុន អាចមានលទ្ធភាពដើម្បីខិតខំបន្តទៅទៀត ខិតខំថ្លែងទីបន្ទាល់ ខិតខំព្យាយាមធ្វើអស់ពីលទ្ធភាពរបស់ខ្លួន ពុំមែនដោយសារពួកគាត់ដឹងថា ពួកគាត់ នឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែដោយសារពួកគាត់បានដឹងថា អ្នក នឹងទទួលបានជោគជ័យ ។ ខ្ញុំជឿថា ពួកគាត់មានចិត្ត ក្លាហាន និងសេចក្តីសង្ឃឹម ពុំមែនចេញពីកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគាត់ ដូចជាការសង្ឃឹមយ៉ាងច្រើនពីកាលៈទេសៈរបស់អ្នកនោះឡើយ—ជាក្រុមជំនុំមួយដ៏អស្ចារ្យនៃយុវវ័យដែលបានប្រមូលផ្តុំគ្នារាប់ម៉ឺនរាប់សែននាក់ជុំវិញពិភពលោកនៅក្នុងកិច្ចខិតខំដ៏រឹងមាំមួយ ដើម្បីមើលឃើញដំណឹងល្អទទួលបាននូវភាពជោគជ័យ ។
ដោយលើកឡើងពីយើងទាំងអស់គ្នាដែលនឹងបានទទួលកំណត់ត្រារបស់គាត់នៅថ្ងៃចុងក្រោយ មានពេលមួយមរ៉ូណៃបាននិយាយថា ៖
« មើលចុះ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំនូវការណ៍ដ៏ធំ ហើយអស្ចារ្យទាំងឡាយអំពីអ្វីដែលត្រូវមកដល់នៅពេលយ៉ាងខ្លី នៅក្នុងថ្ងៃដែលការណ៍ទាំងនេះនឹងកើតឡើងនៅក្នុងចំណោមពួកអ្នក ។
« មើលចុះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជា អ្នករាល់គ្នានៅទីនេះ ប៉ុន្តែអ្នករាល់គ្នាពុំនៅទីនេះទេ ។ ប៉ុន្តែ មើលចុះ ព្រះយេស៊ូវគ្រីស្ទទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗដែលអ្នករាល់គ្នាធ្វើ » ( មរមន 8:34–35 ) ។
មិនថាតាមវិធីណានោះទេ ខ្ញុំគិតថា រាល់ពួកព្យាការីស្ទើរតែទាំងអស់ និងពួកសាវកជំនាន់មុនបានមើលឃើញពីជំនាន់របស់យើង—ជាទិដ្ឋភាពមួយដែលផ្ដល់ទៅឲ្យពួកគាត់ដើម្បីលើកទឹកចិត្តពួកគាត់នៅក្នុងជំនាន់ផ្ទាល់របស់ពួកគាត់ដែលមានជោគជ័យតិចតួច ។ បងប្អូនប្រុសទាំងនោះកាលពីជំនាន់មុនបានដឹងជាច្រើនអំពីយើង ។ ពួកព្យាការីដូចជា ម៉ូសេ នីហ្វៃ និងបងប្រុសយ៉ារេឌ បានឃើញពីថ្ងៃចុងក្រោយនៅក្នុងការនិមិត្តជាច្រើនដ៏អស្ចារ្យ ។អ្វីមួយចំនួនដែលពួកគាត់បានឃើញគឺបានធ្វើឲ្យពួកគាត់មិនសូវពេញចិត្ត ប៉ុន្តែ ពិតណាស់ មនុស្សទាំងអស់ដែលរស់នៅពីជំនាន់មុនបានយល់ដឹងថា នៅទីបំផុតនឹងមានគ្រាកាន់កាប់ត្រួតត្រាមួយដែលនឹងមិនបរាជ័យឡើយ ។
វាជាជំនាន់របស់យើងដែលធ្វើឲ្យពួកគាត់មានភាព « រីករាយពីសួគ៌ាដោយសេចក្ដីអំណរ » គឺពុំមែនជាជំនាន់របស់ពួកគេនោះទេ ហើយវាបានធ្វើឲ្យពួកគាត់ច្រៀង ហើយព្យាករណ៍ពីជ័យជំនះ ។ និយាយរួមទៅ ជំនាន់របស់យើងគឺជាជំនាន់ឆ្ពោះទៅរកអ្វីដែលពួកព្យាការីបានសម្លឹងមើលតាំងពីដើមដំបូងមកម្ល៉េះ ហើយបងប្អូនប្រុសទាំងនោះពីជំនាន់មុនដែលនៅទីនោះនៅតែអបអរសាទរចំពោះយើង ! តាមរបៀបដ៏ពិតប្រាកដមួយ ឱកាសរបស់ពួកគាត់ដើម្បីគិតថាពួកគាត់ទទួលបានជោគជ័យយ៉ាងពេញលេញគឺអាស្រ័យទៅលើសេចក្ដីស្មោះត្រង់ និងជ័យជំនះរបស់យើង ។ ខ្ញុំចូលចិត្តនូវគំនិតនៃការចូលទៅធ្វើចម្បាំងនាថ្ងៃចុងក្រោយដោយតំណាងឲ្យអាលម៉ា និងអ័ប៊ីណាដៃ និងអ្វីដែលពួកគាត់បានទទូចអង្វរ និងតំណាងឲ្យពេត្រុស និងប៉ុល និងការលះបង់ដែលពួកគាត់បានធ្វើ ។ ប្រសិនបើអ្នកគ្មានសេចក្ដីត្រេកអរនៅក្នុងកិច្ចការបែបនេះនៅក្នុងដំណើររឿងនៃប្រវត្តិសាស្ត្រនោះទេ នោះអ្នកនឹងគ្មានសេចក្ដីត្រេកអរឡើយ !
ការរៀបចំសាសនាចក្ររបស់ព្រះគ្រីស្ទសម្រាប់ការយាងមករបស់ទ្រង់
ខ្ញុំសូមបន្ថែមនូវកត្តាមួយទៀតទៅ នឹងទិដ្ឋភាពនៃគ្រាកាន់កាប់ត្រួតត្រានេះដែលខ្ញុំថាវាកើតឡើងដោយស្វ័យប្រវត្តិ ។ ដោយសារជំនាន់យើងគឺជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ ហើយអស្ចារ្យជាងគេបំផុត ដោយសារគ្រប់កិច្ចការទាំងអស់នៅទីបំផុតនឹងត្រូវបានបញ្ចប់ ហើយបំពេញនៅក្នុងជំនាន់របស់យើង ដូច្នេះហើយ ទំនួលខុសត្រូវដ៏ពិសេស ហើយជាក់លាក់មួយបានធ្លាក់មកលើយើងរាល់គ្នាក្នុងសាសនាចក្រនាពេលឥឡូវនេះ ដែលវាពុំតាមរបៀបដូចគ្នានៅលើស្មានៃសមាជិកសាសនាចក្រកាលពីជំនាន់មុនឡើយ ។ មិនដូចជាសាសនាចក្រនៅជំនាន់អ័ប្រាហាំ ឬម៉ូសេ អេសាយ ឬអេសេគាល ឬសូម្បីតែនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មីនៃយ៉ាកុប និងយ៉ូហាននោះទេ យើងមានទំនួលខុសត្រូវមួយដើម្បីរៀបចំសាសនាចក្រនៃកូនចៀមរបស់ព្រះ ដើម្បីទទួលកូនចៀមនៃព្រះ—ដោយផ្ទាល់ នៅក្នុងសិរីល្អដ៏រុងរឿង នៅការគ្រងរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងស្ដេចលើអស់ទាំងស្ដេច ។ គ្មានគ្រាកាន់កាប់ត្រួតត្រាផ្សេងទៀតណាមួយពីមុនមក ដែលមាននូវកាតព្វកិច្ចនោះឡើយ ។
នៅក្នុងភាសាបទគម្ពីរ យើងជាមនុស្សដែលបានជ្រើសរើសនៅក្នុងអស់ទាំងប្រវត្តិសាស្ត្រ ដែលត្រូវរៀបចំកូនក្រមុំសម្រាប់ការមកដល់របស់កូនកំលោះ ហើយមានភាពសក្ដិសមសម្រាប់ការអញ្ជើញមួយឲ្យចូលរួមទទួលទានអាហារក្នុងពិធីមង្គលការនោះ ( សូមមើលម៉ាថាយ 25:1–12, 22:2–14, គ. និង ស. 88:92, 96) ។ និយាយរួមទៅ—វាមិនស្ថិតនៅក្នុងជំនាន់របស់យើង ឬជំនាន់កូនចៅរបស់យើង ឬនៅពេលណានោះទេ—ទោះយ៉ាងណា យើងមានទំនួលខុសត្រូវជាសាសនាចក្រទាំងមូល និងជាសមាជិកសាសនាចក្រម្នាក់ៗ ដើម្បីមានភាពសក្ដិសមអញ្ជើញព្រះគ្រីស្ទឲ្យមករកយើង មានភាពសក្ដិសមដើម្បីឲ្យទ្រង់បានស្វាគមន៍ដល់យើង ហើយដើម្បីឲ្យទ្រង់បានទទួលយក ហើយឱបក្រសោបយើង ។ ជីវិតដែលយើងបង្ហាញដល់ទ្រង់នៅគ្រាដ៏ពិសិដ្ឋនោះ ត្រូវតែមានភាពសក្ដិសមចំពោះទ្រង់ !
យើងត្រូវតែសក្តិសមចំពោះទ្រង់
ខ្ញុំពោរពេញដោយភាពភ្ញាក់ផ្អើល និងអារម្មណ៍ដ៏លើសលុបនៃកាតព្វកិច្ចដើម្បីរៀបចំជីវិតរបស់ខ្ញុំ ( និងដើម្បីជាវិសាលភាពដែលថាខ្ញុំអាចធ្វើបាន ដើម្បីជួយរៀបចំជីវិតនៃសមាជិកសាសនាចក្រ ) សម្រាប់ថ្ងៃដែលបានព្យាករណ៍ជាយូរមកហើយនោះ សម្រាប់ការផ្ទេរសិទ្ធិអំណាច សម្រាប់គ្រាដែលយើងនឹងធ្វើបទបង្ហាញមួយពីសាសនាចក្រទៅកាន់ទ្រង់ដែលគ្រប់គ្រងសាសនាចក្រនេះ ។
នៅពេលបុណ្យគ្រីស្ទម៉ាសចូលមកដល់ សមាជិកសាសនាចក្ររបស់ទ្រង់ត្រូវបង្ហាញ ហើយធ្វើឲ្យដូចជាសមាជិកសាសនាចក្ររបស់ទ្រង់ដែលគួរតែបង្ហាញ ហើយធ្វើ ប្រសិនបើយើងត្រូវបានទទួលយកចំពោះទ្រង់ ។ យើងត្រូវតែធ្វើកិច្ចការរបស់ទ្រង់ ហើយត្រូវតែរស់នៅតាមការបង្រៀនរបស់ទ្រង់ ។ ទ្រង់ត្រូវតែស្គាល់យើងយ៉ាងរហ័ស ហើយដោយងាយ ក្នុងនាមជាសិស្សរបស់ទ្រង់ដ៏ពិតប្រាកដនោះ ។ ដូចជា ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ( 1871–1961 ) អតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ មានគ្រាមួយ លោកបានណែនាំថា ៖ សេចក្ដីជំនឿរបស់យើង មិន ត្រូវឲ្យមានការលំបាកដើម្បីស្គាល់ឡើយ ។3
ពិតណាស់ ប្រសិនបើស្ថិតនៅក្នុងគ្រាចុងក្រោយដ៏អស្ចារ្យនោះ យើងនិយាយថា យើងជាពួកអ្នកជឿ នោះយើងត្រូវតែបង្ហាញឲ្យឃើញយ៉ាងពិតប្រាកដ ។ អ្នកគង្វាលស្គាល់ចៀមរបស់ទ្រង់ ហើយយើងត្រូវតែបានទទួលស្គាល់នៅក្នុងថ្ងៃដ៏អស្ចារ្យនោះ ក្នុងនាមជាពួកអ្នកដើរតាមរបស់ទ្រង់ទាំងសកម្មភាព និងពាក្យសម្ដី ។
មិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំ នេះជាថ្ងៃចុងក្រោយ ហើយអ្នករាល់គ្នា និងខ្ញុំត្រូវតែក្លាយខ្លួនជា ពួកបរិសុទ្ធ ថ្ងៃចុងក្រោយដ៏ឆ្នើមបំផុតតាមដែលយើងអាចធ្វើបាន ។ សូមផ្ដោតយកចិត្តទុកដាក់បន្ថែមទៀតទៅលើពាក្យថា ពួកបរិសុទ្ធ ។
តើរឿងទាំងនេះនឹងបញ្ចប់នៅពេលណា ? តើព្រះគ្រីស្ទនឹងបង្ហាញអង្គទ្រង់ជាសាធារណៈដោយភាពរុងរឿង និងសហស្សវត្សនឹងចាប់ផ្ដើមនៅពេលណា ? ខ្ញុំមិនដឹងនោះទេ ។ អ្វីដែលខ្ញុំដឹងគឺថា គ្រាដំបូងនៃព្រឹត្តិការណ៍នេះបានចាប់ផ្ដើមឡើងកាលពី 193 ឆ្នាំមុន ។ ខ្ញុំពិតជាដឹងថា ដោយសារតែលទ្ធផលនៃការនិមិត្តដំបូង និងអ្វីដែលបានកើតឡើងក្រោយពីនោះ យើងរស់នៅក្នុងគ្រាមួយនៃពរជ័យដែលពុំធ្លាប់មានពីមុនមក—ជាពរជ័យដែលបានប្រទានឲ្យយើងសម្រាប់គោលបំណងនៃការរស់នៅដោយស្មោះត្រង់ និងបរិសុទ្ធ ដើម្បីនៅពេលកូនកំលោះបានមកដល់ដោយភាពរុងរឿងនៅពេលចុងក្រោយ នោះទ្រង់អាចអញ្ជើញយើងឲ្យចូលទទួលទានអាហារក្នុងពីធីមង្គលការនោះដោយផ្ទាល់ ។
បងប្អូនប្រុសស្រីវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូម បន្សល់ទុកជាមួយអ្នកនូវសេចក្ដីស្រឡាញ់ និងទីបន្ទាល់របស់ខ្ញុំថា ព្រះមិនគ្រាន់តែមានព្រះជន្មរស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ស្រឡាញ់យើងផងដែរ ។ ទ្រង់ស្រឡាញ់ អ្នករាល់គ្នា ។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើគឺសម្រាប់សេចក្ដីល្អរបស់យើង ហើយការពារដល់យើង ។ នៅក្នុងពិភពលោកមាននូវអំពើអាក្រក់ និងសេចក្ដីសោកសៅ ប៉ុន្តែនៅក្នុងទ្រង់គឺគ្មានអំពើអាក្រក់ ឬភាពអន្តរាយឡើយ ។ ទ្រង់គឺជាព្រះវរបិតារបស់យើង—ជាព្រះវរបិតាដ៏ល្អឥតខ្ចោះ—ហើយទ្រង់នឹងផ្ដល់ទីជម្រកឲ្យយើងដើម្បីបានរួចផុតពីព្យុះភ្លៀង ។
ពិតណាស់ កង្វល់តែមួយគត់ដែលខ្ញុំនឹងឲ្យយើងគិតគឺជាបញ្ហាផ្ទាល់ខ្លួនមួយ ៖ តើយើងអាចរស់នៅឲ្យបានពេញលេញ ហើយកាន់តែស្មោះត្រង់ ដើម្បីឲ្យរាល់ពរជ័យនៃគ្រាកាន់កាប់ត្រួតត្រានេះអាចត្រូវបានបង្ហាញនៅលើយើងម្នាក់ៗ និងនៅលើជីវិតនៃជនទាំងឡាយណាដែលយើងបានជួបដោយរបៀបណា ?
« កុំខ្លាច ហ្វូងតូចអើយ ។ … ចូរមើលមកឯ [ ព្រះគ្រីស្ទ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ។ « អ្នករាល់គ្នាពុំទាន់យល់នៅឡើយទេអំពីព្រះពរដ៏ធំណាស់ហ្ន៎ដែលព្រះវរបិតា … រៀបចំសម្រាប់អ្នក » ( គ. និង ស. 6:34, 36, 78:17 ) ។
ខ្ញុំសូមបន្សល់ទុកពរជ័យរបស់ខ្ញុំ សេចក្ដីស្រឡាញ់របស់ខ្ញុំ និងសាក្សីជាសាវកពីសេចក្ដីពិតដ៏ពេញលេញនៃរឿងទាំងនេះ ថាគ្រាកាន់កាប់ត្រួតត្រារបស់យើងនឹងមិនបរាជ័យឡើយ ហើយថាអស់អ្នកដែលរស់នៅតាមការបង្រៀនរបស់ព្រះគ្រីស្ទ ហើយធ្វើកិច្ចការរបស់ទ្រង់នឹងមានភាពសក្ដិសមនៃការអញ្ជើញមួយឲ្យចូលទៅទទួលទានអាហារក្នុងពិធីមង្គលការនោះ នៅពេលកូនកំលោះយាងមក ។