២០១៣
ទិដ្ឋភាព​ពី​ចុង​ផ្លូវ
ធ្នូ 2013


ដើម្បី​កម្លាំង​នៃ​យុវជន

ទិដ្ឋភាព​ពី ​ចុង​ផ្លូវ

រូបភាព
អែលឌើរ ប្រេដលី ឌី ហ្វស្តឺរ៍

សារលិខិត​ពី​ចុង​ផ្លូវ​នោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ៖ « អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ហើយ​នៅ​ពេល​អ្នក​ធ្វើ អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ប្រសើរ​ឡើង » ។

រូបភាព
drawing of young man looking down a road

រចនា​រូបភាព​ដោយ ក្រេហ្គ ញ៉ូវបូល

« ខ្ញុំ​នឹង​មិន​ភ្លេច​លោក​ឡើយ ប៊ីស្សព ។ លោក​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ » ។

បុរស​ដែល​បាន​ថ្លែង​នូវ​ពាក្យ​ទាំង​នោះនៅ​ពេល​នេះ ​មិនបាន​មាន​អារម្មណ៍​បែប​ហ្នឹង​កាល​ពី​ដំបូង​ឡើយ ។ កាល​ពី​វ័យ​ជំទង់ គាត់​មាន​ការ​ភ័យ​ខ្លាច ។ គាត់​បានដឹង​ថា គាត់​ត្រូវការ​ប្រែចិត្ត ។ ខ្ញុំ​ជា​ប៊ីស្សព​របស់​គាត់​នៅ​ពេល​នោះ ហើយ​គាត់​បាន​ដឹង​ថា យើង​ត្រូវ​ការនិយាយ​គ្នា ។ ប៉ុន្តែ​គាត់​ពោរពេញ​ដោយ​ភាពសង្ស័យ ។

« តើ​អ្វី​ខ្លះទៅ​ដែល​ប៊ីស្សព​នឹង​គិត​ពី​ខ្ញុំ ? »

« តើ​គាត់​នឹង​រក្សា​កា​រសម្ងាត់​នេះ​ដែរ​ទេ ? »

« តើ​ខ្ញុំ​នឹង​ហ៊ាន​មើល​មុខ​គាត់​ម្ដង​ទៀត​បាន​ដោយ​របៀប​ណា ? »

ការ​ព្រួយ​បារម្ភ​បែប​នេះ​អាចទទួល​អារម្មណ៍​នូវភាព​លើស​លុប ដោយ​ធ្វើ​ឲ្យ​វា​ហាក់ដូចជា​ស្ទើរតែមិន​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ប្រមូល​នូវ​ភាព​ក្លាហាន​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ផ្លូវ​នៃ​ការ​ប្រែចិត្ត ។

ការ​សម្លឹង​មើល​ផ្លូវ

ប៉ុន្តែ​ចូរ​យើង​សម្លឹង​មើល​ផ្លូវ​នោះ ។ ផ្នែក​មួយ​ចំនួន​នៃ​ការ​ប្រែចិត្ត​គឺ​ងាយ​ជាង​ផ្នែក​ផ្សេង​ទៀត ។ ជំហាន​មួយ​គឺ​ការ​ទទួល​ស្គាល់ ។ ជា​ធម្មតា យើង​ដឹង​នៅ​ពេល​យើង​កំពុង​ធ្វើ​អ្វី​​ខុស ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​ការណ៍​នោះ ។ យើង​ត្រូវ​តែ​កែប្រែ ហើយ​បំណង​ប្រាថ្នា​ដើម្បី​កែប្រែ ជា​ធម្មតា មាន​ភាព​រឹងមាំ ។

បន្ទាប់មក​ជំហាន​ទាំងឡាយនឹងកាន់តែ​ពិបាកទៅៗ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា យើង​ត្រូវតែ​សារភាព ហើយ​លះបង់​ចោល ។ វា​ហាក់​ដូចជា​ងាយ​ដើម្បី​សារភាព​ចំពោះ​ព្រះវរបិតា​សួគ៌​ នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង ។ យើង​អាច​កែតម្រូវ​អំពើ​បាប​ជា​ច្រើនតាម​របៀប​នេះ ដោយ​ស្វែង​រក​ការ​អភ័យ​ទោស ការជួសជុលឲ្យដូច​ដើម​វិញ និង​ការ​ធ្វើឲ្យ​អាកប្បកិរិយា​បាន​ប្រសើរ​ឡើង​រហូត​ដល់​ព្រះវិញ្ញាណ​បញ្ជាក់​ថា យើង​បាន​ធ្វើ​នូវ​រាល់​កិច្ចការ​ដែល​យើងអាច​ធ្វើ​បាន​ហើយ ។

ប៉ុន្តែ​ការ​សារភាព​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​ពិភាក្សា​នឹង​ប៊ីស្សព​ ឬ​ប្រធាន​សាខា​របស់​អ្នក ។ ហើយ​នោះ​ជា​ចំណុច​ដែល​យុវជន​​នេះបាន​រកឃើញ​ខ្លួន​ឯង ។ គាត់​ត្រូវការ​ជំនួយ​លើស​ពី​សមត្ថភាព​ផ្ទាល់​របស់​គាត់ ហើយ​គាត់​ត្រូវ​ដឹងថា​ដំណើរ​នោះ​​អា​ច​ធ្វើ​ទៅ​បាន ។

សេចក្ដី​សង្ឃឹម​នៅ​លើ​ផ្លូវ​ដ៏​ធំ

អស់​អ្នកដែល​បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នៃ​ការ​ប្រែចិត្ត​នឹង​ប្រាប់​អ្នក​ថា ពុំ​មែន​តែ​ដំណើរ​នោះ​អាច​ធ្វើ​ឡើង​ទៅ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថា​នៅ​ពេល​អ្នក​បាន​ទៅ​ដល់​ទីនោះ​ ហើយ​ក្រឡេក​មើល​មក​ក្រោយ​វិញ នេះ​គឺជា​អ្វី​ដែល​អ្នក​នឹង​មើល​ឃើញ ៖

អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ ហើយ​នៅ​ពេល​អ្នក​ធ្វើ អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ប្រសើរ​ឡើង ។

ព្រះអម្ចាស់​បញ្ជា​ឲ្យ​យើង​ប្រែចិត្ត ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ទ្រង់​បាន​បង់ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ហេតុដូច្នេះ​ហើយ​ទើប​ទ្រង់​ដឹង​ថា ការ​ប្រែចិត្ត​អាចដោះលែង​យើងឲ្យ​មាន​សេរីភាព​បាន ។ ទ្រង់​នឹង​ពង្រឹង​មនុស្ស​គ្រប់​គ្នា​ដែល​បែរ​មក​រកទ្រង់ ។ អាលម៉ា​បាន​បង្រៀន​ថា ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ដង្វាយធួន យើង​ត្រូវ​តែ​ប្រែចិត្ត—យើង​គ្រប់​គ្នា ( សូមមើល អាលម៉ា 5:33–34 ) ។ ផ្លូវ​នោះ​ប្រហែល​ជា​មាន​ការ​លំបាក ប៉ុន្តែ​ប៊ីស្សព​នឹង​ដើរ​នៅ​លើ​ផ្លូវ​នោះ​ជាមួយ​នឹង​អ្នក ។ មាន​ជំនួយ​នៅ​តាម​ផ្លូវ​នោះ ។

កាល​ណា​អ្នក​ចាប់ផ្ដើម​កាន់​តែឆាប់រហ័ស នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ធូរ​ស្រាល ។

សូម​ទៅ​រក​ប៊ីស្សព​របស់​អ្នក ។ អ្នក​នឹង​រកឃើញ​បុរស​ម្នាក់​ដែល​ស្រឡាញ់​អ្នក ហើយ​គោរព​អ្នក ។ សេចក្ដី​ទុកចិត្ត​ដែល​អ្នក​មាន​ចំពោះប៊ីស្សព​របស់​អ្នក​គឺ​មានជម្រៅដ៏រឹងមាំ ។ វា​នឹង​មាន​ជា​រៀងរហូត ហើយ​វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​ជាមួយ​នឹង​ប៊ីស្សព​ផ្សេងៗទៀត​នា​ពេល​អនាគត ។ អ្នក​នឹង​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​គំនិត​ផ្សេងៗគ្នាពី​កង្វល់​របស់​អ្នក ។ តាមរយៈ​ប្រាជ្ញា និង​បទពិសោធន៍​របស់គាត់ និង​ជាមួយ​ការ​បំផុស​គំនិត​ពី​ព្រះអម្ចាស់ នោះ​ប៊ីស្សព​នឹង​ជួយ​ថ្លឹងថ្លែង​ឲ្យ​អ្នក នូវ​អ្វី​ដែល​អ្នក​បាន​គិត​ថា​វា​គ្មាន​ដំណោះ​ស្រាយ នៅ​ពេល​វាប្រហែល​គ្រាន់តែ ​ទួល​មួយ​នៅ​តាម​ផ្លូវ​នោះ​តែ​ប៉ុណ្ណោះ ។

គាត់​នឹង​ជួយ​អ្នក​ឲ្យ​យល់​យ៉ាង​ច្បាស់​ថា ព្រះអង្គសង្គ្រោះ​គឺជា​ពន្លឺ​នៃ​លោកិយ ។ តាមរយៈ​ការ​ទាញ​យក​ប្រយោជន៍​របស់​អ្នក​ពី​ដង្វាយ​ធួន នោះ​ជីវិត​របស់​អ្នក​នឹង​មាន​ភាពភ្លឺចែង​ចាំង អនាគត​របស់​អ្នក​​នឹងមានក្តីសង្ឃឹម ហើយ​អ្នក​នឹង​យល់​ថា ការ​ទទួល​បាន​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​គោលបំណង​ដ៏​ធំ​មួយ​សម្រាប់ការ​មក​រស់​នៅ​លើ​ផែនដី​នេះ ។

ប៊ីស្សពរបស់​អ្នកនឹង​ជួយ​អ្នកនៅ​ក្នុង​កិច្ចការ​នេះ ។ អ្នកនឹង​ស្រឡាញ់​គាត់ ហើយ​នឹង​មិន​ភ្លេច​គាត់​ឡើយ ។

ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មនុស្ស​ដែល​ជួយ​អ្នក​នៅ​ក្នុង​គ្រា​នៃ​វិបត្តិ​នឹង​ដក់​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ។ ដូច្នេះ តើ​ប៊ីស្សព​ម្នាក់​នឹង​ដក់​ជាប់​នៅ​ក្នុង​ចិត្តអ្នក​កាន់តែខ្លាំងប៉ុណ្ណាទៅ នៅ​ពេល​គាត់​ជួយ​អ្នក​នៅ​ក្នុង​វិបត្តិ​ខាង​វិញ្ញាណ​មួយ​នោះ ? ព្រះអម្ចាស់អាច​បង្កើន​ចិត្តសប្បុរស​របស់​ប៊ីស្សព និង​សមត្ថភាព​របស់​គាត់​ដើម្បី​ដឹកនាំ​អ្នក ។ ប៊ីស្សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​មិត្ត​របស់​អ្នក​ជា​រៀង​រហូត ។

ហើយ​សម្រាប់​អ្នករាល់គ្នា​ដែល​ជា​យុវជន ដែល​នឹង​ក្លាយ​ជា​ប៊ីស្សព ឬ​ប្រធាន​ស្តេក​​នៅ​ថ្ងៃ​ណា​មួយ បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​ប៊ីស្សព​នឹង​បង្រៀន​អ្នក​សម្រាប់​ពេល​វេលា​នោះ ដែល​អ្នក​ប្រហែល​ជា​អង្គុយ​នៅ​ឯ​ជ្រុង​តុ​ម្ខាង​ទៀត ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ប្រាប់​អ្នក​បន្តិច​ទៀត​ពី​ការ​ជួប ​របស់​ខ្ញុំ​ជាមួយ​នឹង​យុវជន​ម្នាក់​នោះ ។ គាត់​បាន​និយាយ​ថា « ប៊ីស្សព លោក​នឹង​ស្អប់​ខ្ញុំ​ ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​ដល់​លោក ។ លោក​នឹង​មិន​ចង់​មើល​មុខ​ខ្ញុំ​ទៀត​ឡើយ ហើយ​ប្រសិន​បើ​លោក​ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នក​ផ្សេង ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ឯង » ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​មិន​ក្បត់នឹង​រឿង​សម្ងាត់​របស់​ប្អូន​ឡើយ ។ ខ្ញុំ​នឹង​លាក់​ទុក​វារហូត​ដល់​ខ្ញុំ​ស្លាប់ » ។

គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ស្ថានភាព​តូចៗ​មួយ​ចំនួន ហើយ​មើល ពី​ប្រតិកម្ម​របស់​ខ្ញុំ ។ នៅ​ពេល​ខ្ញុំ​និយាយ​ថា « ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ប្អូន​កំពុង​ឆ្លងកាត់ ។ ខ្ញុំ​អាច​ជួយ​ដល់​ប្អូន​បាន » គាត់​បាន​ចាប់ផ្ដើម​បន្តិចម្ដងៗ​រហូត​គាត់​ទៅ​ដល់​ចំណុច​ដែលគាត់​​ចង់​ពិភាក្សា ។ ខ្ញុំ​បាន​រំឭក​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្ញុំ​បាន​កោតសរសើរ​គាត់​ចំពោះ​ការ​សារភាព និង​ការ​ចង់​កែប្រែ ។ ទោះ​ជាគាត់​ហាក់​ដូច​ជា​មានភាព​រួចរាល់​ដើម្បី​រត់ចេញនៅពេល​ណា​ក៏​បាន​ក្ដី ក៏​យើង​បាន​ពិភាក្សា​រួម​គ្នា​នូវ​អ្វី​ដែល​គាត់​ត្រូវ​ចែក​ចាយ​ដែរ ។

តើ​វា​ជា​រឿង​ធំដុំ​ដែរ​ទេ ? វា​ជា​រឿង​ធំ​ដុំ​ចំពោះ​គាត់ ។ ប៉ុន្តែ​នៅ​ពេល​យើង​បាន​ពិភាក្សា​គ្នា គាត់​យល់​បាន​ប្រសើរជាង​នូវ​សេចក្ដី​មេត្តា​ករុណា​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ប្រែចិត្ត​ដោយ​ស្មោះត្រង់ ។ បន្ទាប់​ពី​កា​រ​ជួប​គ្នា​លើក​ដំបូង យើង​បាន​ធ្វើ​កា​ររួម​គ្នា ហើយ​ក្រោយម​ក​ការ​ប្រែចិត្ត​របស់​គាត់​ត្រូវ​បាន​បញ្ចប់ ។ សព្វថ្ងៃ​នេះ គាត់​នៅតែ​ទូរស័ព្ទ​សួរ​សុខទុក្ខ​ខ្ញុំ ហើយ​យើង​បាន​សន្ទនា​ជាមួយ​នឹង​គ្នា​យ៉ាង​រីករាយ ។

ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​ដើម្បី​ជួយ​គាត់​ឲ្យ​រៀន​យល់ថា យើង​ទាំងអស់​គ្នា​ត្រូវ​ពឹង​ផ្អែក​លើ​ដង្វាយធួន ។ ហើយ​ខ្ញុំ​ចូលរួម​ជាមួយ​នឹង​គាត់​ដើម្បី​សរសើរ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​​បាន​សង្គ្រោះ​ជីវិត​របស់​គាត់​ពិត​មែន ។