សន្និសីទទូទៅ
អារម្មណ៍​ដូចភ្លើង​ឆេះ​ក្នុង​ដួងចិត្ត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


អារម្មណ៍​ដូចភ្លើង​ឆេះ​ក្នុង​ដួងចិត្ត

ព្រះ​ឮរាល់ការ​អធិស្ឋាន​ដែល​យើង​ធ្វើ ហើយ​ឆ្លើយ​តប​រាល់ការ​អធិស្ឋាន​ស្រប​តាម​មាគ៌ា​ទ្រង់​គូស​បញ្ជាក់​សម្រាប់​ភាព​ល្អ​ឥតខ្ចោះ​របស់​យើង ។

បងប្អូន​ប្រុសស្រី ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​ឈឺ​ចាប់​មួយ​កាលពីខ្ញុំ​បាន​ឡើង​និយាយ​នៅវេទិការ​នេះ​​ក្នុងខែ តុលា ឆ្នាំ ២០២២ ។ មេរៀន​នោះ​គឺ ៖ ប្រសិន​បើ​អ្នក​ពុំថ្លែង​សុន្ទរកថា​បានល្អ​ទេ នោះ​អ្នក​នឹង​អាចអស់សិទ្ធិនៅ​សន្និសីទ​ក្រោយៗ​ហើយ ។ បងប្អូន​អាច​មើល​ឃើញ​ថា ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យនិយាយ​មុន​គេ​នៅ​ព្រឹក​នេះ ។ អ្វី​ដែល​បងប្អូន​មិន​អាច​មើល​ឃើញ​គឺថា ខ្ញុំ​កំពុង​ឈរលើ​ទ្វារ​គន្លឹះយន្ដ​ក្រោមដី​មួយ​ ។ ប្រសិន​បើ​សុន្ទរកថា​នេះ​និយាយ​មិន​ល្អទេ ខ្ញុំធ្លាក់​ទៅ​បាត់​ហើយ ។

នៅក្នុង​ចម្រៀង​ទំនុក​តម្កើង​ដ៏ពិរោះ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដែល​បាន​ប្រគំ​ឡើង​ដោយ​ក្រុម​ចម្រៀង​ដ៏​ស្រស់ស្អាត នោះ​ខ្ញុំ បាន រៀន​មេរៀន​មួយ​ចំនួន​នា​ពេល​ថ្មីៗនេះ ហើយ​ខ្ញុំ​ចង់​ចែក​ចាយនឹង​បងប្អូន​នៅ​ថ្ងៃ​នេះ ។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​សុន្ទរកថា​នេះ​ក្លាយ​ជា​សុន្ទរកថា​ផ្ទាល់​ខ្លួន​មួយ ។

បទពិសោធន៍​ឈឺចាប់​ផ្ទាល់​ខ្លួនបំផុត​នៃ​បទពិសោធន៍​ថ្មីៗ​ទាំងអស់​នេះ គឺ​មរណភាព​ភរិយា​ជាទី​ស្រលាញ់​របស់​ខ្ញុំ ផាត ។ គាត់ គឺជាស្ត្រី​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ស្គាល់—ជា​ភរិយា និង​ម្ដាយ​ដ៏ល្អ​ឥតខ្ចោះ​ម្នាក់ ក្រៅ​ពី​ភាពបរិសុទ្ធ អំណោយទាន​នៃ​ការបញ្ចេញ​មតិ និង​ជីវិតខាងវិញ្ញាណ​របស់​គាត់​ ។ គាត់​បាន​ថ្លែង​សុន្ទរកថា​ម្តង​ដែល​មាន​ចំណង​ជើង​ថា « ការបំពេញ​រង្វាស់​នៃ​ការបង្ក​បង្កើត​របស់​បងប្អូន » ។ ចំពោះ​ខ្ញុំ វា​ហាក់​ដូច​ជា​គាត់​បាន​បំពេញ​រង្វាស់​នៃ​ការបង្កបង្កើត របស់​គាត់ដោយជោគជ័យ​ជាង​នរណាម្នាក់​ដែល​អាច​ស្រមៃ​ចង់​បាន ។ គាត់​គឺជា​បុត្រី​របស់ព្រះ ជា​ស្ត្រី​គំរូ​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​មាន​សំណាងជាង​គេ​បង្អស់​ដើម្បី​ចំណាយពេល ៦០ ឆ្នាំ​ជាមួយ​នឹង​គាត់ ។ បើ​ខ្ញុំ​មាន​ភាព​សក្ដិសម នោះ​ការ​ផ្សារភ្ជាប់​របស់​យើង មាន​ន័យ​ថា ខ្ញុំ​អាច​ចំណាយ​ពេល​អស់កល្ប​ជាមួយ​គាត់​បាន ។

បទពិសោធន៍​មួយ​ទៀត​បាន​ចាប់​ផ្ដើម​នៅ ៤៨ ម៉ោង ក្រោយពី​ការបញ្ចុះ​សព​ភរិយា​ខ្ញុំ ។ នៅ​ពេល​នោះ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ។ បន្ទាប់​មក ខ្ញុំ​បាន​ចំណាយ​ពេល​បួន​សប្តាហ៍​ដំបូង​នៃ​ការ​ស្នាក់​នៅរយៈពេល ៦ សប្ដាហ៍ ទាំង​ក្នុង និង​ក្រៅ​មណ្ឌល​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​បាត់បង់​ស្មារតី​ឥត​ឈប់ឈរ ។

សរុបទៅ ខ្ញុំ​មិន​ចាំ​បទពិសោធន៍​របស់​ខ្ញុំ នៅក្នុងមន្ទីរ​ពេទ្យ​អំឡុង​គ្រា​ដំបូង​នោះទេ​ ។ អ្វី​ដែល មិនអាច​ភ្លេច គឺ​ការ​ធ្វើដំណើរ​របស់​ខ្ញុំ នៅ​ខាង​ក្រៅមន្ទីរ​ពេទ្យ ចេញ​ទៅ​កាន់​អ្វីមួយ​ដែល​ជា​ជ្រុង​មួយ​នៃ​ភាព​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​មិន​អាច​និយាយ​ឲ្យ​អស់​អំពី​បទពិសោធន៍​នោះ​នៅ​ទីនេះ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ផ្នែក​មួយ​នៃ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល នោះ​គឺ​ជា​ការ​ដាស់តឿន​​ឲ្យ​ត្រឡប់​ទៅ​កាន់​ការងារ​បម្រើ​របស់​ខ្ញុំ​វិញ​ដោយ​ស្វាហាប់​ជាងមុន ដោយ​ការឧទ្ទិសថ្វាយ និង​ការ​ផ្តោត​ទៅ​លើ​ព្រះ​អង្គ​សង្គ្រោះ ហើយ​មាន​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់ ។

ខ្ញុំ​មិន​នឹក​ស្មានទេ ថា​ខ្ញុំ​បាន​ទទួល​ការនិមិត្ត​ផ្ទាល់ខ្លួន​នៃ​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​ពួក​សាវក​ដប់​ពីរ​នាក់​កាល​ពី​ជិត ២០០ ឆ្នាំ​មុន​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ៖

« ហើយ​អ្នក​នឹង​ត្រូវ​ថ្លែង​ទី​បន្ទាល់​ពី​ព្រះ​នាម​របស់​យើង … [ ហើយ ] ត្រូវ​បញ្ជូន​ព្រះ​បន្ទូល​របស់​យើង​ទៅ​ដល់​ចុង​បំផុត​ផែនដី ។ …

« … ចាប់​តាំង​ពី​ព្រលឹម​ទៅ​ដល់​ព្រលឹម ហើយ​ជា​រៀង​រាល់​ថ្ងៃ ចូរ​បន្លឺ​សំឡេង​ព្រមាន​របស់​អ្នក​ចេញ​ទៅ​ ហើយ​កាល​ពេល​យប់​មក​ដល់ ចូរ​កុំ​បណ្ដោយ​ឲ្យ​បណ្ដាជន​នៅ​លើ​ផែនដី​លង់លក់​ឡើយ ព្រោះ​តែ​ពាក្យ​ពេចន៍​របស់​អ្នក ។ …

« ចូរ​ក្រោក​ឡើង[ , ] … ហើយ​ក្រវាត់​ចង្កេះ ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន [ ហើយ ] ដើរ​តាម​យើង » ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ចាប់តាំង​ពី​បទពិសោធន៍​នោះមក ខ្ញុំ​បាន​ព្យាយាម​លី​ឈើ​ឆ្កាង​របស់ខ្ញុំ​ដោយ​អង់អាច ដើម្បី​ស្វែងរក​កន្លែង​ដែល​ខ្ញុំ​អាច​ថ្លែង​ក្នុងនាម​ជា​សាវក ទាំង​ភាពកក់ក្តៅ និង​ការព្រមាន ទាំង​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​យប់ ។

វា​ដឹកនាំ​ខ្ញុំ​ទៅរក​សេចក្ដីពិតទី បីដែល​កើត​មាន​ក្នុង​ខែ​នៃ​ការ​បាត់បង់ ជំងឺ និង​ទុក្ខព្រួយ ។ វាជា​សាក្សី​ថ្មី​នៃ​ការដឹងគុណ​ដ៏​មិន​ចេះ​ចប់​ចំពោះ​ការអធិស្ឋាន​ដ៏​មុតមាំ​នៃ​សាសនាចក្រ​នេះ—ការ​អធិស្ឋាន​របស់​បងប្អូន—ដែល​ខ្ញុំ​ជាអ្នក​ទទួល​បាន​ផល ។ ខ្ញុំ​នឹង​ដឹងគុណ​ជានិច្ច​ចំពោះ​ការ​ទូលអង្វរ​របស់​មនុស្ស​រាប់ពាន់​នាក់ ដូចជាការទទូចសុំ​របស់​ស្ត្រីមេម៉ាយ ស្វែងរក​អន្តរាគមន៍​ពី​ស្ថានសួគ៌​ជំនួស​ឲ្យ​ខ្ញុំ​ម្តងហើយម្តង​ទៀត ។ ខ្ញុំ​បាន​ទទួល​ពរជ័យ​បព្វជិតភាព ហើយ​ខ្ញុំ​បានឃើញមិត្ត​វិទ្យាល័យ​របស់​ខ្ញុំ​តមអាហារ​សម្រាប់​ខ្ញុំ ក៏​ដូចជា​វួដ​ជាច្រើន​ទៀត​នៅទូទាំង​សាសនាចក្រ ។ ហើយ​ឈ្មោះ​របស់​ខ្ញុំ​ច្បាស់ជា​មាន​នៅ​ក្នុង​បញ្ជីអធិស្ឋាន​នៅគ្រប់ព្រះវិហារបរិសុទ្ធ​ក្នុង​សាសនាចក្រ ។

នៅ​ក្នុង​ការ​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រឿង​ទាំង​នេះ ខ្ញុំ​ចូល​រួម​នឹង ជី ខេ ឆេស្ទើរតុន ដែល​បាន​ពោល​ថា « អំណរគុណ​គឺ​ជា​ទម្រង់​នៃ​គំនិត​ខ្ពស់​បំផុត ហើយ… ការដឹង​គុណ​គឺជា​សុភមង្គល​ទ្វេដង​ព្រោះ​ភាពស្ញប់ស្ញែង » ។ ជាមួយនឹង « សុភមង្គល​ទ្វេដង​ព្រោះ​ភាពស្ញប់ស្ញែង » របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា និង​អរព្រះគុណ​ដល់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​ផងដែរ ដែល​បាន​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​បងប្អូន ហើយ​ប្រទានពរ​ដល់​ជីវិត​ខ្ញុំ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ឮ រាល់ ការ​អធិស្ឋាន​ដែល​យើង​ធ្វើ ហើយ​ឆ្លើយ​តប​រាល់ការ​អធិស្ឋាន​ស្រប​តាម​មាគ៌ា​ទ្រង់​គូស​បញ្ជាក់​សម្រាប់​ភាព​ល្អ​ឥតខ្ចោះ​របស់​យើង ។ ខ្ញុំ​ទទួល​ស្គាល់ថា​ក្នុង​ពេលដូចគ្នា​នេះ​មាន​មនុស្ស​ជាច្រើន​បាន​អធិស្ឋាន​ទូលសូម​ឲ្យ​សុខភាព​ខ្ញុំ​ល្អឡើងវិញ​ផងដែរ—ហើយខ្ញុំ​ក៏—បាន​អធិស្ឋាន​ទូលសូម​ឲ្យ​សុខភាព​ភរិយា​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើងវិញ​ដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​អធិស្ឋាន​ទាំង​ពីរ​នោះ​ត្រូវ​បាន​ឮ ហើយបាន​ឆ្លើយតប​ដោយ​ព្រះវរបិតា​សួគ៌​ដែល​មាន​ព្រះទ័យ​អាណិត​អាសូរ​ជា​ខ្លាំង ទោះបី​ជា​ការ​អធិស្ឋាន​សម្រាប់ ផាត មិនត្រូវ​បាន​ឆ្លើយ​តាម​របៀប​ដែល​ខ្ញុំ​បានសូម​ក្ដី ។ មាន​តែ​ព្រះប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាបដឹង​ពី​មូលហេតុ​ដែល​ការអធិស្ឋាន​ត្រូវ​បាន​ឆ្លើយ​ខុស​ពី​អ្វី​ដែល​យើង​សង្ឃឹម—ប៉ុន្តែខ្ញុំ​សន្យានឹង​អ្នកថា ការអធិស្ឋាន ទាំងនោះបានឮ ហើយ​ការអធិស្ឋាន​ទាំងនោះ​ត្រូវបាន​ឆ្លើយ​ស្របតាម​សេចក្ដី​ស្រឡាញ់​ដ៏មិន​ចេះ​សាបសូន្យ និង​តាម​ពេលកំណត់​របស់​ទ្រង់ ។

ប្រសិន​បើ​យើង « មិន​សូម​នូវ​អ្វី​ដែល​ទុច្ចរិត »នោះវា​គ្មាន​ដែន​កំណត់​ចំពោះ​ពេល​ណា កន្លែង​ណា ឬ​អំពី​អ្វី​ដែល​យើង​គួរ​អធិស្ឋាន​នោះ​ទេ ។ យោង​តាម​វិវរណៈ យើង​ត្រូវ « អធិស្ឋាន​ជានិច្ច ។ » អាមូលេក​បាន​ថ្លែង​ថា ​យើង​ត្រូវ​អធិស្ឋាន​សម្រាប់ « ជន​ទាំងឡាយ ដែល​នៅ​ជុំវិញ​អ្នក »ដោយ​ជឿ​ថា « សេចក្តី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់ [ មនុស្ស ] សុចរិត​នោះ​ពូកែ​ណាស់ » ។ ការអធិស្ឋាន​របស់​យើង​គួរតែ​ចេញ​សំឡេង​ពេល​យើង​នៅ​ម្នាក់ឯង បើ​យើង​អាច​ធ្វើបាន ។ ប្រសិន​បើ​ពុំ​​នោះទេ គួរ​តែ​អធិស្ឋាន​ដោយ​ស្ងាត់ៗ​នៅ​ក្នុង​ចិត្ត​របស់​យើង ។ យើង​ច្រៀងថា ការអធិស្ឋាន​គឺជា « អារម្មណ៍​[ ដូច ]​ភ្លើង​ឆេះ​ក្នុង​ដួងចិត្ត » ១០តែងតែ​ធ្វើឡើង ស្របតាម​ព្រះអង្គសង្គ្រោះ​ផ្ទាល់ ថ្វាយ​ទៅកាន់​ព្រះវរបិតា​ដ៏អស់កល្ប​នៅក្នុង​នាម​នៃ​ព្រះរាជបុត្រា​សំណព្វ​តែ​មួយគត់​របស់ទ្រង់ ។១១

មិត្ត​ជា​ទីស្រឡាញ់​ខ្ញុំអើយ ការអធិស្ឋាន​របស់​យើង គឺ​ជា​គ្រា​ដ៏​ផ្អែមល្ហែម ១២ បំណង​ប្រាថ្នា​ដ៏ស្មោះ» បំផុត​របស់​យើង ១៣ជាការ​ថ្វាយបង្គំ​ដ៏សាមញ្ញ និង​បរិសុទ្ធ​បំផុត​របស់​យើង ។១៤ យើង​គួរ​តែ​អធិស្ឋាន​រៀងៗខ្លួន នៅ​ក្នុង​ក្រុម​គ្រួសារ​យើង និង​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំងអស់ ។១៥ យើង​ត្រូវ​ប្រើ​ការអធិស្ឋាន​ធ្វើ​ជា​ខែល​ទប់ទល់​នឹង​ការល្បួង​១៦​ហើយ​បើ​ពេលណា​មាន​អារម្មណ៍​ថា មិនចង់​អធិស្ឋាន នោះ​យើង​ត្រូវ​ប្រាកដ​ថា ការ​ស្ទាក់ស្ទើរ​នោះ មិនមែន​មកពី​ព្រះ​ទេ តែ​ទ្រង់​មាន​បំណង​ចង់​ទំនាក់​ទំនង​ជាមួយ​បុត្រាបុត្រី​ទ្រង់​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ។ ជា​ការពិត​ណាស់ ការ​ខិតខំ​មួយ​ចំនួន​ដើម្បី​រា​រាំង​យើង​ពី​ការអធិស្ឋាន​កើតមក​ដោយ​ពី​មារសត្រូវ​ផ្ទាល់ ។១៧ ពេល​យើង​មិន​ដឹង​អំពី​របៀប ឬ​អធិស្ឋាន​សម្រាប់​អ្វី​ឲ្យ​ប្រាកដទេ នោះ​យើង​គួរ​តែ​ចាប់​ផ្ដើម ហើយ​បន្ត​រហូត​ទាល់តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ឲ្យធ្វើ​ការអធិស្ឋាន ដែល​យើង​គួរ​តែ​ធ្វើ ។១៨ វិធី​សាស្ត្រ​នេះ​អាច​ជា​វិធី​សាស្ត្រ​មួយ​ដែល​យើង​ត្រូវ​យកមក​ប្រើ​នៅ​ពេល​អធិស្ឋាន​សម្រាប់​ខ្មាំង​សត្រូវ​យើង និង​អស់អ្នក​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​យើង ។១៩

នៅ​ទី​បំផុត យើង​អាច​មើល​ទៅ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​តែងតែ​អធិស្ឋាន​ញឹកញាប់​ជាខ្លាំង ។ ប៉ុន្តែ​វា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះយេស៊ូវ​ចាំបាច់​គួរតែ​អធិស្ឋាន​ដែរឬទេ ។ ក្រែង​ទ្រង់​ល្អឥតខ្ចោះ មិន​អ៊ីចឹង ? តើ​ទ្រង់​ចាំបាច់​ត្រូវ​អធិស្ឋាន​អំពី​អ្វី ? មែនហើយ ខ្ញុំ​បានដឹង​ថា ទ្រង់ ព្រមទាំងពួកយើងផងដែរ ចង់ « មើល​ឃើញ​ព្រះភក្ត្រ [ ព្រះវរបិតា ] ជឿ​បន្ទូល​ទ្រង់ ហើយ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់ទ្រង់ » ។២០ បន្ដិចម្ដងៗ ទ្រង់​បាន​ដក​ព្រះកាយ​ចេញពី​ចំណោម​មនុស្ស មក​នៅតែ​អង្គឯង ពីមុន​ស្ថានសួគ៌​បើក​ដោយ​ការអធិស្ឋាន​របស់​ទ្រង់ ។២១ នៅ​ពេល​ផ្សេង​ទៀត ទ្រង់​បាន​អធិស្ឋាន​ជាមួយ​ក្រុម​មនុស្ស​មួយ​ចំនួន​ទៀត​ផងដែរ ។ បន្ទាប់មក ទ្រង់​នឹង​ស្វែងរក​ស្ថានសួគ៌​ជំនួស​ហ្វូង​មនុស្ស​ដែល​អាច​បាំង​មួយ​ចំហៀងភ្នំ ។ ពេលខ្លះ​ការអធិស្ឋាន​ផ្ដល់​សិរីល្អ​ដល់​សម្លៀក​បំពាក់​ទ្រង់ ។២២ ពេលខ្លះ វា​ផ្ដល់​សិរីល្អ​ដល់ព្រះភក្រ្ត​ទ្រង់ ។២៣ ពេល​ខ្លះទៀត​ទ្រង់​ឈរ​អធិស្ឋាន ហើយ​ពេលខ្លះ​ទ្រង់​លុត​ជង្គង់​ហើយ​យ៉ាង​ហោច​ណាស់​មានពេល​មួយ​ដែល​ទ្រង់​ទម្លាក់​អង្គ ផ្កាប់​ព្រះភក្ត្រ​ចុះ​អធិស្ឋាន​ ។២៤

គម្ពីរ​លូកា​បាន​ពិពណ៌នា​ពី​ការ​ឈឺ​ចាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ទ្រង់​បាន​រងទុក្ខ​ជួសអំពើបាប​យើង​ដែល​តម្រូវ​ឲ្យ​ទ្រង់​អធិស្ឋាន « ទទូច​រឹតតែ​ខ្លាំងឡើង » ។២៥ តើ​អ្នក​ដែល​ល្អ​ឥត​ខ្ចោះ​ត្រូវ​អធិស្ឋាន​កាន់​តែ​ស្មោះត្រង់​យ៉ាង​ដូចម្តេច ? យើង​សន្មត់​ថា​រាល់​ការ​អធិស្ឋាន​ទាំងអស់​របស់​ទ្រង់​គឺ​សុទ្ធតែ​ស្មោះ​ត្រង់ ប៉ុន្តែ​ក្នុង​ការ​បំពេញ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​តាម​រយៈ​ការ​ឈឺចាប់​ទាំងឡាយ​ដែល​មាន​ក្នុង​លោក​នេះ នោះ​ទ្រង់​មាន​អារម្មណ៍​ថា​ត្រូវ​អធិស្ឋាន​អង្វរ​កាន់​តែ​ខ្លាំង​ជាមួយ​ទម្ងន់​នៃ​ដង្វាយធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​ព្រះ​លោហិត​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស ។

តែ​ទិដ្ឋភាព​របស់​ព្រះគ្រីស្ទ​បាន​ឈ្នះ​លើ​សេចក្តី​ស្លាប់ និង​អំណោយទាន​របស់​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​ថ្មីៗនេះ​ឲ្យ​នៅមាន​ជីវិត​ពីរ​បី​ថ្ងៃ ឬ​សប្តាហ៍ ឬ​ច្រើន​ខែ​តទៅមុខ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ម៉ឺងម៉ាត់​អំពី​ភាពពិត​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច និង​តម្រូវការ​សម្រាប់​យើង​ឲ្យ​មាន​ភាព​ម៉ឺងម៉ាត់​ក្នុង​ផែនការ​របស់​យើង​សម្រាប់​សេចក្ដីពិតនោះ ។

ខ្ញុំធ្វើជា​សាក្សី​ថា នៅពេល​ព្រះគ្រីស្ទយាងមក ទ្រង់​ចាំបាច់​ត្រូវ​ស្គាល់​យើង—ពុំ​មែន​ជា​សមាជិក​សាមញ្ញ ដែល​បាន​ចុះបញ្ជី​នៅក្នុង​កំណត់ត្រា​បុណ្យ​ជ្រមុជទឹក​នោះទេ ប៉ុន្តែជា​ពួកសិស្ស​ដែល​គោរព​សេចក្ដី​សញ្ញា ជឿ​ស្មោះត្រង់ និង​តាំងចិត្ត​ដោយ​ហ្មត់ចត់ ។ នេះ​គឺជា​រឿង​បន្ទាន់​សម្រាប់​យើងទាំងអស់គ្នា ដែល​យើងស្ដាប់​ឮ​ការសោកស្ដាយឈឺផ្សារថា ៖ « ខ្ញុំ​ពុំដែលស្គាល់អ្នកទេ » ២៦ឬ​ដូចជា​យ៉ូសែប​បាន​បកប្រែ​ថា «[ បងប្អូន ]​មិន​ដែល​ស្គាល់​ខ្ញុំ​ទេ » ។២៧

ជា​សំណាង​ល្អ យើង​មាន​ជំនួយ​ក្នុង​កិច្ចការ​នេះ—ជំនួយ​ជាច្រើន ។ យើង​ត្រូវ​ជឿ​ទៅលើ​ពួក​ទេវតា និង​អព្ភូតហេតុ និង​ការសន្យា​ទាំងឡាយ​នៃ​បព្វជិតភាពដ៏​បរិសុទ្ធ ។ យើង​ចាំបាច់​ត្រូវ​ជឿ​លើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឥទ្ធិពល​នៃ​គ្រួសារ​ និងមិត្តភក្ដិល្អ និង​ព្រះចេស្តា​នៃ​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ ។ យើង​ត្រូវ​ជឿ​ទៅលើ​វិវរណៈ និងព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ ហើយនិង​ប្រធាន រ័សុល អិម ណិលសុន ។ យើង​ត្រូវ​ជឿ​ថា​តាម​រយៈ​ការ​អធិស្ឋាន​និង​ការ​អង្វរករ និង​ភាព​សុចរិត​ផ្ទាល់​ខ្លួនរបស់​យើង នោះ​យើង​ពិត​ជាអាចទៅ​ដល់ « ភ្នំ​ស៊ីយ៉ូន … ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ គឺ​ជាទី​ស្ថាន​សួគ៌ ជាទី​បរិសុទ្ធ​បំផុត​ជាង​អ្វីៗ​ទាំង​អស់ » ។២៨

បងប្អូន​ប្រុសស្រី ពេល​យើង​ប្រែចិត្ត​ពី​អំពើ​បាប​ហើយ​ចូលមក​ដល់ « បល្ល័ង្ក​នៃ​ព្រះគុណ » ដោយ​ក្លាហាន២៩ទាំង​ទុក​នូវ​ការអង្វរ​ដោយ​អស់ពី​ដួងចិត្ត​របស់យើង​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ទ្រង់​នោះ​យើង​នឹង​ស្វែងរក​សេចក្តី​មេត្តាករុណា និង​សេចក្តីំ​អាណិតអាសូរ ហើយនិង​ការអភ័យទោស​ដោយ​ព្រះហស្ត​ដ៏សប្បុរស​របស់​ព្រះវរបិតា​ដ៏អស់កល្ប​របស់​យើង និង​ព្រះរាជបុត្រា​ដ៏​គោរពប្រតិបត្តិ និង​បរិសុទ្ធ​ឥតខ្ចោះ​របស់ទ្រង់ ។ បន្ទាប់​មក ជាមួយ​នឹងយូប ព្រមទាំង​អ្នកស្មោះត្រង់​បន្សុទ្ធទាំងអស់ នោះ​យើង​នឹង​ឃើញ​ពិភពលោក​មួយ « ដ៏អស្ចារ្យ »៣០ជាមួយនឹង​យ៉ូប និង​អ្នក​ស្មោះ​ត្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕