សន្និសីទទូទៅ
ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា

ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​នឹង​រីកចម្រើន​បាន តែ​ក្នុង​កម្រិត​ដែល​យើង​មាន​ឆន្ទៈ​ទុកចិត្ត​លើ​ទ្រង់​ប៉ុណ្ណោះ ។

នៅក្នុង​គ្រួសារ​យើង ពេលខ្លះ​យើង​លេង​ល្បែង​មួយ​ដែល​​ហៅថា « The Crazy Trust Exercise ( ល្បែង​ទុកចិត្ត​ខ្លាំង ) » ។ បងប្អូន​អាច​នឹងធ្លាប់​លេង​ល្បែង​នេះ​ដែរ ។ មនុស្ស​ពីរ​នាក់​ឈរ​នៅ​ចម្ងាយ​មួយ​ម៉ែត្រ​ពីគ្នា ដោយ​ម្នាក់​ឈរ​បែរ​ខ្នង​ដាក់​ម្នាក់​ទៀត ។ ពេល​ផ្ដល់​សញ្ញា​ពី​មនុស្ស​ដែល​នៅ​ពីក្រោយ នោះ​មនុស្ស​ដែល​នៅ​ខាងមុខ​ទម្លាក់​ខ្លួន​ទៅក្នុង​ដៃ​របស់​មិត្ត​ពួកគេ​ដែល​ចាំទ្រ ។

ការទុកចិត្ត​គឺជា​មូលដ្ឋាន​គ្រឹះ​នៃគ្រប់​ទំនាក់ទំនង ។ សំណួរ​ដែល​ត្រូវតែ​សួរ​មុនពេល​មាន​ទំនាក់ទំនង​គ្នា​គឺ « តើ​ខ្ញុំ​អាច​ទុកចិត្ត​បុគ្គល​នេះ​បាន​ដែរ​ឬ​ទេ ? » ទំនាក់ទំនង​កើតមាន តែ​នៅពេល​មនុស្ស​មាន​ឆន្ទៈ​ដាក់ទីទុកចិត្ត​ចំពោះគ្នា​ប៉ុណ្ណោះ ។ វា​ពុំ​មែនជា​ទំនាក់ទំនង​មួយ​ដែល​មនុស្ស​ម្នាក់​ទុកចិត្តទាំងស្រុង ឯមនុស្ស​ម្នាក់ទៀត​ពុំ​ទុកចិត្ត​នោះទេ ។

យើង​ម្នាក់ៗ​គឺជា​បុត្រា ឬ​បុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ » ។ ប៉ុន្ដែ​ទោះ​ពូជពង្ស​ខាង​វិញ្ញាណនោះ​ផ្ដល់ជា​គ្រឹះ​ក្ដី ក៏​វា​មិន​អាចបង្កើត​ទំនាក់ទំនង​ជាមួយ​​ព្រះ​ដ៏​មាន​អត្ថន័យ​នោះដែរ ។ ទំនាក់ទំនង​មួយ​អាច​ស្ថាបនា​ឡើង​តែ​ពេលណា​យើង​ជ្រើសរើស​ទុកចិត្តទៅលើទ្រង់​ប៉ុណ្ណោះ ។

ព្រះវរបិតាសួគ៌មានព្រះទ័យ​ចង់បង្កើត​ទំនាក់ទំនង​ដ៏ជិតស្និត និង​ផ្ទាល់ខ្លួន​មួយ ជាមួយ​នឹង​បុត្រា​បុត្រី​ខាងវិញ្ញាណ​របស់​ទ្រង់​ម្នាក់ៗ ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ពី​បំណងប្រាថ្នា​នោះ នៅពេល​ទ្រង់​អធិស្ឋាន​ថា « ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង » ។ ទំនាក់ទំនង​ដែល​ព្រះ​ព្យាយាម​មាន​ជាមួយ​នឹង​កូនវិញ្ញាណ​ម្នាក់ៗ គឺជា​ទំនាក់ទំនង​ជិតស្និត និង​ផ្ទាល់​ខ្លួន ដើម្បី​ទ្រង់​នឹង​អាច​ចែកចាយនូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន និង​ជាទ្រង់ ។ ទំនាក់ទំនង​ដ៏ជ្រាលជ្រៅ និងយូរអង្វែង​បែប​នោះ អាច​អភិវឌ្ឍ​បាន តែ​នៅពេល​បាន​ស្ថាបនា​ឡើង​នៅលើ​ការទុកចិត្ត​ដ៏​ឥតខ្ចោះទាំងស្រុង​ប៉ុណ្ណោះ ។

សម្រាប់​ផ្នែក​របស់​ទ្រង់ ព្រះវរបិតា​សួគ៌​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ទុកចិត្ត​ទាំងស្រុង​ទៅលើ​សក្តានុពល​ដ៏ទេវភាព​របស់​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ទ្រង់ ចាប់​តាំងពី​ដើម​ដំបូង​មក ។ ការទុកចិត្ត​គឺជា​គ្រឹះ​នៃ​ផែនការ​ដែល​ទ្រង់​បាន​បង្ហាញ​ឡើង​សម្រាប់​ការលូតលាស់ និង​ការរីក​ចម្រើន​របស់​យើង មុនពេល​យើង​មក​កាន់​ផែនដី ។ ទ្រង់​បាន​បង្រៀន​យើង​អំពី​ក្រឹត្យវិន័យ​ដ៏​អស់កល្ប​ជានិច្ច បង្កើត​ផែនដី ប្រទាន​ឲ្យ​យើង​នូវ​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់ ប្រទាន​អំណោយ​ឲ្យ​យើង​ជ្រើសរើស​សម្រាប់​ខ្លួនឯង ហើយ​អនុញ្ញាត​ឲ្យ​យើង​រៀន និង​រីកចម្រើន តាមរយៈ​ការជ្រើសរើសផ្ទាល់​ខ្លួន ។ ទ្រង់ចង់​ឲ្យ​យើង​ជ្រើសរើស​ធ្វើតាម​ក្រឹត្យវិន័យ​ហើយ​ត្រឡប់​មក​រីករាយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​វិញ ។

ដោយ​ជ្រាប​ថា យើង​នឹង​​ពុំធ្វើ​ការជ្រើសរើស​ល្អ​ជានិច្ច នោះទ្រង់​ក៏​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង ដើម្បី​គេច​ពី​ផលវិបាក​នៃ​ជម្រើស​អាក្រក់ ។ ទ្រង់​បាន​ប្រទាន​ព្រះអង្គ​សង្រ្គោះ​ឲ្យ​យើង—ជា​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ធួន​នឹង​អំពើបាប​របស់​យើង ហើយ​ធ្វើឲ្យ​យើង​ជ្រះស្អាត​ម្តងទៀត តាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ប្រើ​អំណោយទាន​ដ៏​មាន​តម្លៃ​នៃ​ការប្រែចិត្ត​នេះ​ជា​ទៀងទាត់ ។

ឪពុក​ម្តាយ​គ្រប់រូប​ដឹង​ថា តើ​វា​ពិបាក​ប៉ុណ្ណា​ក្នុង​ការទុកចិត្ត​លើ​កូន ដើម្បីទុក​ឲ្យ​កូន​ធ្វើការ​សម្រេច​ចិត្ត ជា​ពិសេស​នៅពេល​ដែល​ឪពុក​ម្ដាយ​ដឹង​ថា កូនទំនង​ជា​នឹង​ធ្វើ​ខុស ហើយ​នឹង​មានលទ្ធផល​ជា​ការរងទុក្ខ​នោះ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​ជ្រើសរើស​ដែល​នឹង​ជួយ​យើង​ឈាន​ទៅដល់​សក្ដានុពល​ដ៏ទេវភាព​របស់យើង ។ ដូច​ដែល​អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន « គោលបំណង [ របស់​ទ្រង់ ] ក្នុង​ការធ្វើជា​ឪពុក​ម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់ ធ្វើ អ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់ ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូចជា​ទ្រង់ » ។

ទោះជាព្រះ​ទុក​ព្រះទ័យ​លើ​យើង​ក្ដី ក៏​ទំនាក់ទំនង​យើង​ជាមួយ​ទ្រង់​នឹង​រីកចម្រើន​បាន តែ​ក្នុង​កម្រិត​ដែល​យើង​មាន​ឆន្ទៈ​ដាក់​ទីទុកចិត្ត​លើ​ទ្រង់​ប៉ុណ្ណោះ ។ បញ្ហា​ប្រឈម​គឺ​ថា យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ធ្លាក់ចុះ ហើយ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​មានគេ​ក្បត់​ទំនុកចិត្ត​ ព្រោះ​តែ​ភាពមិន​ស្មោះត្រង់ ការបោក​បញ្ឆោត ឬ​ការ​បង្ខិតបង្ខំ ឬ​កាលៈទេសៈ​ផ្សេង​ៗទៀត ។ កាលណា​យើង​ធ្លាប់​ត្រូវ​គេ​ក្បត់​ហើយ យើង​អាច​នឹងពិបាក​ទុកចិត្ត​ម្តងទៀត​ណាស់ ។ បទពិសោធន៍អវិជ្ជមាន​ជាមួយ​នឹងការ​ទុកចិត្ត​នៅក្នុង​ជីវិត​មិនល្អឥតខ្ចោះ​ទាំងនេះ អាច​នឹង​មានឥទ្ធិពល​លើ​ឆន្ទៈ​របស់​យើង​ដើម្បី​ទុកចិត្ត​ទៅលើ​ព្រះវរបិតាសួគ៌​ដ៏​ល្អឥតខ្ចោះ​ផងដែ ។

ជាច្រើន​ឆ្នាំកន្លងទៅ មានមិត្តខ្ញុំ​ពីរនាក់ លីអូនីត និង​វ៉ាលែន​ទីណា បាន​ចាប់អារម្មណ៍​ចង់ក្លាយជា​សមាជិក​នៃ​សាសនាចក្រ ។ នៅពេល​លីអូនីត ចាប់ផ្ដើម​រៀន​អំពី​ដំណឹងល្អ គាត់​ឃើញថា គាត់​ពិបាក​អធិស្ឋាន​ណាស់ ។ ពី​ដើម​ឡើយ​ក្នុង​ជីវិត​គាត់ លីអូនីត បាន​រងទុក្ខ​ដោយ​ការបោក​បញ្ឆោត និង​ការគ្រប់គ្រង​ពីអ្នកគ្រប់គ្រង វា​បង្កើត​ឲ្យ​មាន​ការមិន​ទុកចិត្ត​លើ​អ្នក​កាន់តំណែង ។ បទពិសោធន៍​ទាំងនេះ ជះឥទ្ធិពល​លើ​សមត្ថភាព​គាត់​ដើម្បី​បើក​ដួងចិត្ត ហើយ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះ​ព្រះវរបិតាសួគ៌ ។ តាមរយៈ​ពេលវេលា និងការ​សិក្សា នោះ​លីអូនីត បាន​យល់​ល្អប្រសើរ​អំពី​លក្ខណៈ​របស់​ព្រះ ហើយ​ធ្លាប់​ទទួលអារម្មណ៍​សេចក្ដីស្រឡាញ់​របស់ព្រះ ។ នៅទីបំផុត ការអធិស្ឋាន​បាន​ក្លាយជា​របៀប​តាម​ធម្មជាតិ​មួយ​សម្រាប់​គាត់ ដើម្បីបង្ហាញនូវ​ការអរគុណ និង​​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ ។ ការទុកចិត្តរបស់​គាត់​មាន​ច្រើនឡើង​ចំពោះ​ព្រះ នៅទីបំផុត បាន​នាំ​ឲ្យគាត់ និង​វ៉ាលែនទីណា ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះ និង​ជាមួយគ្នា​ទៅវិញទៅមក ។

ប្រសិនបើ​ការបាត់បង់​ការទុកចិត្ត​ពីមុន​រារាំង​បងប្អូន​មិន​ឲ្យ​ទុកចិត្ត​លើ​ព្រះ សូម​ធ្វើតាម​គំរូ​របស់ លីអូនីត ។ ចូរបន្ដ​រៀន​បន្ថែម​អំពី​ព្រះវរបិតាសួគ៌​ដោយអត់ធ្មត់ រៀនអំពី​អាកប្បកិរិយា ចរិកលក្ខណៈ និង​គោលបំណង​របស់​ទ្រង់ ។ ចូរ​រកមើល និងកត់ត្រា​បទពិសោធន៍​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​ និងអំណាច​របស់ទ្រង់​ក្នុង​ជីវិត​បងប្អូន ។ ព្យាការី​នៅរស់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា កាលណា​ពួកយើង​កាន់តែ​រៀន​អំពី​ព្រះ នោះ​យើង​កាន់តែ​ងាយស្រួល​ទុកចិត្ត​លើ​ទ្រង់ ។

ពេលខ្លះ វិធី​ដ៏ល្អ​បំផុត​ដើម្បី​រៀន​ទុកចិត្ត​ព្រះ គឺ​គ្រាន់តែ​ទុកចិត្ត​លើ​ទ្រង់​ប៉ុណ្ណោះ ។ ដូចជា « លំហាត់ទុកចិត្តដោយ​ឆោតល្ងង់ » ពេលខ្លះ​យើង​គ្រាន់តែ​ចាំបាច់​មាន​ឆន្ទៈ​ដើម្បី​ផ្ដួលខ្លួន​មកក្រោយ ហើយ​ទុក​ឲ្យ​ទ្រង់​ចាប់ទ្រ​យើងប៉ុណ្ណោះ ។ ជីវិត​រមែង​ស្លាប់របស់​យើង​គឺជា​ការសាកល្បង ។ ឧបសគ្គ​ដែល​លត់ដំយើង​ហួស​ពី​សមត្ថភាព​របស់​យើង គឺកើតមាន​ជាញឹកញាប់ ។ នៅពេល​ចំណេះដឹង និងការយល់ដឹង​ផ្ទាល់ខ្លួន​របស់​យើង មានពុំគ្រប់គ្រាន់ នោះ​យើង​នឹង​ស្វែងរក​ធនធាន​ដើម្បី​ជួយ​យើង​ ។ នៅក្នុងពិភពលោក​ដែល​មាន​ព័ត៌មាន​ជោគជាំ នោះ​មាន​ប្រភពជា​ច្រើន​ដែលប្រាប់​ពីដំណោះស្រាយ​របស់ពួកគេ​ចំពោះ​បញ្ហានានា​របស់យើង ។ ប៉ុន្ដែ ដំបូន្មាន​ដ៏​សាមញ្ញ និង​គួរ​ទុកចិត្ត​នៅក្នុង​គម្ពីរ​សុភាសិត ផ្ដល់ជា​ប្រភព​ដ៏ល្អ​បំផុត​ដល់​យើង ៖ « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត » ។ យើង​បង្ហាញ​ការទុកចិត្ត​របស់យើង​ទៅលើ​ព្រះ​តាមរយៈ​ការងាក​ទៅរក​ទ្រង់​ជាមុន នៅពេល​យើងជួប​នឹង​ឧបសគ្គ​ជីវិត​នានា ។

បន្ទាប់ពីខ្ញុំ​បាន​បញ្ចប់​សាលា​ច្បាប់​នៅរដ្ឋ​យូថាហ៍ គ្រួសារ​យើង​ត្រូវ​ធ្វើ​កា​រ​សម្រេច​ចិត្ត​ដ៏សំខាន់​ថាទៅធ្វើការ​នៅកន្លែងណា និង​រស់នៅ​កន្លែង​ណា ។ បន្ទាប់ពី​ប្រឹក្សា​ជាមួយគ្នា និង​ជាមួយព្រះអម្ចាស់ នោះ​យើង​ទទួល​អារម្មណ៍​ឲ្យ​ផ្លាស់​គ្រួសារ​យើង​ទៅ​ភាគខាងជើង​សហរដ្ឋ​អាមេរិក ដែល​ទៅឆ្ងាយពី​ឪពុកម្ដាយ និង​បងប្អូន ។ ដំបូងឡើយ អ្វីៗ​គ្រប់យ៉ាង​ដំណើរការល្អ ហើយយើង​មានអារម្មណ៍​ទទួល​ការ​បញ្ជាក់​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់យើង ។ ប៉ុន្តែ​បន្ទាប់​មក អ្វីៗ​បាន​ផ្លាស់ប្ដូរ ។ ក្រុមហ៊ុន​ច្បាប់​បាន​កាត់​បន្ថយ​បុគ្គលិក ខ្ញុំ​បាន​ជួប​នឹង​ការបាត់បង់ការងារ​ផង និង​ការធានា​រ៉ាប់រង​ផង គឺ​ចំ​ពេល​ដែល​កូនស្រី​​​យើង ដូរ៉ា បាន​កើតមក មាន​បញ្ហា​វេជ្ជសាស្ត្រ​ធ្ងន់ធ្ងរ ហើយ​មាន​តម្រូវការ​ពិសេស​រយៈពេល​វែង ។ ពេលដែល​ជួប​នឹង​ឧបសគ្គ​ទាំង​នេះ ខ្ញុំ​បាន​ពន្យាពេល​ការហៅ​បម្រើ ដែល​នឹង​ត្រូវការពេល និងការ​តាំងចិត្ត​ជាច្រើន ។

ខ្ញុំ​ពុំ​ធ្លាប់​ជួប​នឹង​ឧបសគ្គ​ដូចនេះ ហើយ​ធ្ងន់ធ្ងរបែបនេះទេ ។ ខ្ញុំចាប់ផ្ដើម​សង្ស័យ​ចំពោះ​ការ​សម្រេចចិត្ត​ដែល​យើងបានធ្វើ និង​ការបញ្ជាក់​ដែល​មកជាមួយនោះ ។ យើង​បាន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ហើយ​រឿង​អ្វីៗ​គួរតែ​ដំណើរការ​ល្អ ។ ខ្ញុំ​បាន​ផ្ដួលខ្លួន​មកក្រោយ ឥឡូវ​បែរជា​គ្មាន​នរណា​ម្នាក់​នឹងចាប់ទ្រខ្ញុំ​សោះ ។

ថ្ងៃមួយ ពាក្យថា « កុំ​សួរ​ថា​ហេតុអ្វី សូម​សួរ​ថា តើ​យើង​ចង់​ឲ្យ​បុត្រ​រៀន​អ្វីខ្លះ » បាន​ផុសក្នុង​គំនិត និង​ដួងចិត្ត​ខ្ញុំ​យ៉ាង​មុតមាំ ។ ខ្ញុំ​កាន់តែ​ភ័យខ្លាំង​ឡើង ។ នៅ​គ្រា​ដែល​ខ្ញុំមានបញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត​កាលពីមុន ព្រះ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទុកចិត្ត​ទ្រង់​កាន់តែ​ខ្លាំង​ ។ នេះជា​ចំនុច​សំខាន់​ក្នុង​ជីវិត​ខ្ញុំ—វា​គឺជា​គ្រា​ដែល​ខ្ញុំ​ដឹង​ថា វិធី​ល្អ​បំផុត​ដើម្បី​រៀន​ទុកចិត្ត​ព្រះ គឺ​គ្រាន់តែ​ទុកចិត្ត​ទ្រង់​តាម​ធម្មតា​ប៉ុណ្ណោះ ។ នៅ​ក្នុង​សប្ដាហ៍ក្រោយៗ ខ្ញុំ​បាន​មើល​ដោយ​ភាព​អស្ចារ្យ កាល​ព្រះអម្ចាស់​បើក​បង្ហាញផែនការ​របស់ទ្រង់​ដើម្បី​ប្រទានពរ​ដល់​គ្រួសារ​យើង​ប្រកប​ដោយអព្ភូតហេតុ ។

គ្រូបង្រៀន និង​គ្រូបង្វឹក​ដ៏ល្អ​ដឹង​ថា ការរីក​ចម្រើន​ខាង​បញ្ញា និង​កម្លាំង​ខាង​រាងកាយ​អាច​កើតឡើង​តែ​នៅពេល​​គំនិត និង​សាច់ដុំត្រូវ​បាន​លត់ដំ​ប៉ុណ្ណោះ ។ ដូចគ្នា​នេះ​ដែរ ព្រះ​អញ្ជើញ​យើង​ឲ្យ​រីកចម្រើនដោយការទុកចិត្ត​លើ​ការបង្រៀន​ខាង​វិញ្ញាណ​របស់ទ្រង់ តាមរយៈបទពិសោធន៍លត់ដំ​នៅក្នុង​ព្រលឹង ។ ដូច្នេះ យើង​អាច​ប្រាកដ​ថា មិន​ថា​យើង​បង្ហាញ​ការទុកចិត្ត​យ៉ាងណា​កាលពី​មុននោះ​ទេ បទពិសោធន៍​ដែល​ពង្រីក​ការទុកចិត្ត​មួយ​ទៀតគឺមាន​នៅ​ខាងមុខ ។ ព្រះ​ទ្រង់​ផ្ដោតលើ​ការលូតលាស់ និង​ការរីក​ចម្រើន​របស់​យើង ។ ទ្រង់​គឺជា​គ្រូបង្រៀន​ដ៏ឆ្នើម ជា​គ្រូបង្វឹក​ដ៏​ខ្លាំង ដែល​តែងតែលត់ដំ​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ដឹងពី​សក្តានុពល​ដ៏ទេវភាព​របស់​យើង​ថែម​ទៀត ។ ការណ៍​នោះ​រួមបញ្ចូលទាំង​ការអញ្ជើញ​នាពេល​អនាគត ឲ្យ​ទុកចិត្ត​លើ​ទ្រង់​កាន់តែ​ខ្លាំង​ជាងមុន​ ។

ព្រះគម្ពីរមរមន បង្រៀន​អំពី​លំនាំ​ដែល​ព្រះ​បានប្រើដើម្បី​លត់ដំ​យើង ដើម្បី​បង្កើតទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​នឹង​យើង ។ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ យើង​បាន​សិក្សា​នៅពេល​ថ្មីៗ​នេះ​អំពី របៀប​ដែល​ការទុកចិត្ត​លើ​ព្រះ​របស់​នីហ្វៃ​ជួប​នឹង​ការសាកល្បង នៅពេល​ដែល​លោក និង​ពួកបងប្រុស​ត្រូវបាន​បង្គាប់​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ។ បន្ទាប់ពី​ការប៉ុនប៉ង​លើក​ដំបូង​របស់​ពួកគេ​បាន​បរាជ័យ នោះ​ពួក​បងប្រុស​លោក​បាន​បោះបង់​ចោល ហើយ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ត្រឡប់​ទៅ​វិញ​ទាំង​គ្មាន​ផ្ទាំង​ចំណារ ។ ប៉ុន្ដែ​នីហ្វៃ​បាន​ជ្រើសរើស​ដាក់​ទីទុកចិត្ត​ទាំងស្រុង​ទៅលើ​ព្រះអម្ចាស់ ហើយ​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការយក​ផ្ទាំង​ទាំងនោះ ។១០ បទពិសោធន៍​នោះ​ទំនង​ជា​បានពង្រឹង​ទំនុកចិត្ត​របស់​នីហ្វៃទៅ​លើ​ព្រះ នៅពេល​ធ្នូ​លោក​បាន​បាក់ ហើយ​គ្រួសារ​លោក​ប្រឈម​មុខ​នឹង​ការអត់ឃ្លាន​នៅ​ទីរហោស្ថាន ។ ជា​ថ្មី​ទៀត នីហ្វៃ​បាន​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ហើយ​គ្រួសារ​លោក​ត្រូវបាន​សង្គ្រោះ ។១១ បទពិសោធន៍​បន្ដ​ទៀត​ទាំងនេះ​ផ្ដល់​ឲ្យ​នីហ្វៃ​នូវ​ទំនុកចិត្ត​លើ​ព្រះ​កាន់តែ​ខ្លាំង​សម្រាប់កិច្ចការដ៏ធំ និង​គួរ​ឲ្យ​ទុកចិត្ត​នៃ​ការសង់​សំពៅ​ដែល​គាត់​នឹង​ប្រឈមមុខ​នា​ពេល​ឆាប់ៗ​នេះ ។១២

តាមរយៈ​បទពិសោធន៍ទាំងនេះ នីហ្វៃ​បាន​ពង្រឹង​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​ព្រះ តាមរយៈ​ការទុកចិត្ត​លើ​ទ្រង់​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥត​ឈប់ឈរ ។ ព្រះ​ប្រើ​លំនាំ​ដូចគ្នា​នេះ​ជាមួយ​យើង ។ ទ្រង់​ប្រទាន​ការអញ្ជើញ​ផ្ទាល់ខ្លួន​ដល់​យើង​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ។១៣ រាល់​ពេល​ដែល​យើង​ទទួល​យក និង​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ នោះ​ទំនុកចិត្ត​របស់​យើងទៅ​លើ​ព្រះ​នឹង​រីកចម្រើន​ឡើង ។ ប្រសិនបើ​យើង​មិន​អើពើ ឬ​បដិសេធ​ការអញ្ជើញ នោះ​ការរីក​ចម្រើន​របស់​យើង​នឹងបញ្ឈប់ រហូត​ដល់​យើង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​ថ្មី​មួយ​ទៀត ។

ដំណឹង​ដ៏​ល្អ​នោះ​គឺ​ថា មិន​ថា​យើង​អាច​ជ្រើសរើស ឬ​មិន​ជ្រើសរើស​ដើម្បី​ដាក់​ទីទុកចិត្តទៅ​លើ​ព្រះ​កាលពី​មុន​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ទុកចិត្តទៅ​លើ​ព្រះ​នៅថ្ងៃនេះ និង​ជារៀង​រាល់​ថ្ងៃ​តទៅ ។ ខ្ញុំ​សន្យា​ថា រាល់ពេល​ដែល​យើង​ទុកចិត្ត នោះព្រះ​នឹង​គង់នៅក្បែរ​ចាប់ទ្រ​យើង ហើយ​ទំនាក់ទំនង​នៃ​ទំនុកចិត្ត​របស់​យើង​នឹង​រីកចម្រើន​កាន់តែ​ខ្លាំងឡើងៗ រហូត​ដល់​ថ្ងៃ​ដែល​យើង​ប្រែក្លាយជា​តែមួយ​នឹង​ទ្រង់ និងព្រះរាជបុត្រា​ទ្រង់ ។ បន្ទាប់មក យើង​អាច​ប្រកាស​ដូចជា​នីហ្វៃ​ថា « ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ​ជា​រៀង​ដរាប » ។១៤ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕