សន្និសីទទូទៅ
វាគឺ​ជា​ប្រាជ្ញា​នៃ​ព្រះអម្ចាស់ ថា​យើង​គប្បី​មាន​ព្រះគម្ពីរ​មរមន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


វាគឺ​ជា​ប្រាជ្ញា​នៃ​ព្រះអម្ចាស់ ថា​យើង​គប្បី​មាន​ព្រះគម្ពីរ​មរមន

វា​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ​ថា ការ​អាន​ព្រះគម្ពីរ​មរមន​នៅក្នុង​ឆ្នាំ​នេះ​នឹង​ជា​អំណរ ហើយ​ជា​ពរជ័យ​សម្រាប់​យើង​ម្នាក់ៗ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ យើង​មាន​អំណរគុណ​ចំពោះ​ការ​ខិតខំ​របស់​បងប្អូន​ក្នុង​ការ​អាន​ព្រះគម្ពីរ​ជាមួយ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ សូម​អរគុណ​ចំពោះ​អ្វីៗ​ដែល​បងប្អូន​កំពុង​ធ្វើ ។ ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ជាមួយនឹង​ព្រះ និង​ព្រះ​បន្ទូល​របស់​ទ្រង់​មាន​សារៈសំខាន់​ដ៏​ណាស់ ។ « អ្នក​រាល់​គ្នា​កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ។

ការ​អាន​ការ​បង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ព្រះគម្ពីរ ជួយ​យើង​ឲ្យផ្លាស់​ប្រែ​គេហដ្ឋាន​យើងទៅ​ជា​ទីដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ និង​មជ្ឈមណ្ឌល​នៃ​ការ​រៀន​សូត្រ​ដំណឹង​ល្អ ។ ការណ៍​នេះ​យាង​ព្រះវិញ្ញាណ​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​ព្រលឹង​យើង​ដោយ​អំណរ ហើយ​ផ្លាស់ប្រែ​យើង​ឲ្យទៅ​ជាសិស្ស​ព្រះយេស៊ូវ​គ្រីស្ទពេញ​មួយ​ជីវិត ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពេល​កំពុង​អានគម្ពីរ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ យើង​បាន​សង្កេត​ឃើញ​ទិដ្ឋភាព​ដ៏ធំ​នៃ​ការ​បង្រៀន​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​ទ្រង់ នៅ​គ្រប់គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​សំខាន់ៗ​ទាំងអស់ ។

នៅ​គ្រប់គ្រា​កាន់កាប់​ត្រួតត្រា យើង​មើល​ឃើញ​លំនាំ​ស្រដៀងគ្នា​មួយ ។ ព្រះ​ស្តារ​ឡើង​វិញ ឬ​បើកបង្ហាញ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​ព្យាការី​របស់​ទ្រង់ ។ មនុស្ស​ដើរ​តាម​ព្យាការី ហើយ​មាន​ពរ​យ៉ាង​ខ្លាំង ។ ទោះ​ជាយ៉ាងណា យូរៗ​ទៅ​មនុស្ស​មួយ​ចំនួន​បាន​ឈប់​ស្តាប់​តាម​ពាក្យ​របស់​ព្យាការី ហើយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ និង​ដំណឹងល្អ​ទ្រង់ ។ នេះ​គឺជា​អ្វី​ដែល​យើង​ហៅថា​ការក្បាត់​សាសនា ។ ដំណឹងល្អ​ត្រូវ​បាន​បើកបង្ហាញ​ជាលើក​ដំបូង​ទៅដល់​លោក​អ័ដាម ប៉ុន្ដែ​កូនៗ​មួយ​ចំនួន​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ងាកចេញពី​ព្រះអម្ចាស់​ដោយ​ការក្បត់​សាសនា ។ យើង​មើល​ឃើញ​លំនាំ​នៃ​ការស្ដារ​ឡើងវិញ និង​ការក្បត់​សាសនា​កើត​ឡើង​ដដែលៗ​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួបត្រា​របស់ អេណុក ណូអេ អ័ប្រាហាំ ម៉ូសេ និង​អ្នក​ដទៃ​ទៀត​ផងដែរ ។

សព្វថ្ងៃនេះ យើង​រស់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់ ។ វា​គឺជា​គ្រា​កាន់កាប់​ត្រួតត្រា​តែមួយគត់​ដែល​នឹង​ពុំ​បញ្ចប់​ដោយការ​ក្បត់​សាសនា​ឡើយ ។ វា​គឺ​ជា​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ហើយ​ដែល​នឹង​នាំ​មកនូវ​ការយាង​មក​ជាលើក​ទីពីរ​នៃ​ព្រះអង្គ​សង្រ្គោះ ព្រះយេស៊ូវ​គ្រីស្ទ និង​ការសោយរាជ្យ​សហស្សវត្ស​របស់​ទ្រង់ ។

ដូច្នេះ តើ​មានអ្វីដែល​ខុស​ប្លែក​អំពី​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ? តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វី​ខ្លះដល់​យើង​នា​សព្វថ្ងៃ​នេះ ជា​ពិសេស​សម្រាប់​ជំនាន់​យើង​ដែលវា​នឹង​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​មិន​ចាក​ចេញ​ពី​ទ្រង់​នោះ ?

ចម្លើយ​មួយ​ផុសក្នុង​គំនិត​ខ្ញុំថា ព្រះគម្ពីរ—ហើយ​ជាពិសេស ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ខណៈ​ដែល​ព្រះ​បាន​សន្យា​ថា​នឹងគ្មាន​ការក្បត់​សាសនា ទូទៅ ណា​ផ្សេង​ទៀត នោះ​យើង​ត្រូវ​តែមានស្មារតី​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀស​ពី​ការក្បត់​សាសនា ផ្ទាល់​ខ្លួន— ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ចូរ​ចង​ចាំ​ថា « យើង​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ចំពោះ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​យើងផ្ទាល់ » ។ ការ​សិក្សា​ព្រះគម្ពីរ​មរមន​ដូច​ដែល​យើង​កំពុង​ធ្វើ​នៅ​ឆ្នាំ​នេះ តែង​តែ​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្រ្គោះ—ហើយ​ជួយ​យើង​ឲ្យ​នៅ​ជិត​ទ្រង់ ។

យើង​ហៅ​ថា « ការសិក្សា »​វា​ជាការ​ល្អ ព្រោះ​វា​បញ្ជាក់​ពី​ការ​ខិតខំ ។ ប៉ុន្តែ​យើង​មិន​ចាំបាច់​រៀន​ពីកត្តា​ថ្មីៗ​ជានិច្ច​នោះទេ ។ ជួនកាល ការ​អាន​ព្រះគម្ពីរ​មរមន គឺ​គ្រាន់​តែជា​អារម្មណ៍​ភ្ជាប់​ទៅ​នឹង​ព្រះ​ថ្ងៃ​នេះ—ដើម្បី​ចិញ្ចឹម​បីបាច់​ព្រលឹង ទទួល​កម្លាំងខាង​វិញ្ញាណ​មុនពេលចេញ​ទៅ​ប្រឈម​នឹង​លោកិយ ឬ​ស្វែងរក​ការ​ព្យាបាល ក្រោយពី មានថ្ងៃ​ដ៏​លំបាក​មួយ ។

យើង​សិក្សា​ព្រះគម្ពីរ​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​គ្រូបង្រៀន​ដ៏​អស្ចារ្យ អាច​ឲ្យ​យើង​ផ្លាស់ប្រែ​ចិត្តជឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែដូចជា​ទ្រង់​ទាំងទ្វេ ។

ដោយចាំ​រឿង​ទាំងនេះ​ក្នុងចិត្ត យើង​អាច​ពិចារណា​ថា « អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ​មរមន​សប្ដាហ៍​នេះ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​អ្វីខ្លះ​ដល់​យើង ? ហើយ « តើ​វា​នាំ​យើង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? »

ទាំងនេះ​គឺជា​សំណួរ​ល្អៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​នៅ​តាម​គេហដ្ឋាន​របស់​យើង ។ សំណួរ​ទាំងនេះ​ក៏​ល្អដើម្បី​រៀន​ក្នុង​ថ្នាក់សាលា​ថ្ងៃ​អាទិត្យ​នៅព្រះ​វិហារ​ផង​ដែរ ។ យើង​កែលម្អ​ការបង្រៀន​នៅ​ព្រះ​វិហារ​នាថ្ងៃ​អាទិត្យ តាមរយៈ​ការកែលម្អ​ការ​រៀន​សូត្រ​នៅ​ក្នុង​គេហដ្ឋាន​អំឡុង​សប្តាហ៍ ។ ដូចនេះ នៅក្នុង​ថ្នាក់សាលា​ថ្ងៃអាទិត្យ « អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ។១០

នេះ​ជា​ខ​គម្ពីរ​មួយ​ចំនួន​ដែល​ព្រះវិញ្ញាណ​បាន​បំផុសក្នុង​ចិត្ត​ខ្ញុំ ពេលសិក្សា​ព្រះគម្ពីរ​មរមន​នៅ​សប្តាហ៍​នេះ ៖

  • នីហ្វៃ​បាន​ណែនាំ​យ៉ាកុប​ឲ្យ « រក្សាផ្ទាំង​ទាំង​នេះ​ទុក​ឲ្យ​គង់វង្ស ហើយ​ប្រគល់​ផ្ទាំង​ទាំង​នេះ … ពី​តំណ​មួយ​ទៅ​តំណ​មួយ ។ ហើយ​បើសិន​ជា​មាន​ការផ្សាយ​ណា​ដែល​ពិសិដ្ឋ ឬ​វិវរណៈ … ឬ​ការព្យាករណ៍ » យ៉ាកុប​គប្បី « ឆ្លាក់ … កិច្ចការ​ទាំង​នោះ​នៅ​លើ​ផ្ទាំង​ទាំងនេះ … ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន [ របស់​ពួក​គេ ] » ។១១

  • ក្រោយ​មក យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​ថា « យើង​ពិចារណា​មើល [ ព្រះគម្ពីរ ] … ហើយ​ដោយ​មាន​ទី​បន្ទាល់​អស់​ទាំង​នេះ ទើប​យើង​មាន​សេចក្ដី​សង្ឃឹម សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ » ។១២

ឥឡូវនេះ ខគម្ពីរ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​អំពី​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​អំពី​ផ្ទាំង​លង្ហិន ៖

« យើង​បាន​បញ្ជី​ទាំង​ឡាយ … ហើយ​បាន​ពិចារណា​មើល ហើយ​រក​ឃើញ​ថា បញ្ជី​ប្រវត្តិ​ទាំង​នេះ … មាន​ប្រយោជន៍​ជា​អតិបរមា​ចំពោះ​យើង ដរាប​ដល់​យើង​នឹង​អាច​ថែរក្សា​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ទុក​ដល់​កូន​ចៅ​យើង ។

« ហេតុ​ដូច្នោះ​ហើយ គឺ​ជា​ប្រាជ្ញា​នៃ​ព្រះ​អម្ចាស់ ថា​យើង​គប្បី​យក​បញ្ជី​ប្រវត្តិ​នេះ​ទៅ​ជាមួយ​នឹង​យើង នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន​ទៅ​ឯ​ដែនដី​សន្យា » ។១៣

ឥឡូវ​នេះ បើ​វា​ជា​ប្រាជ្ញា​សម្រាប់​លីហៃ និង​គ្រួសារ​គាត់​ដើម្បី​មាន​ព្រះគម្ពីរ នោះ​វា​ក៏​ជា​ប្រាជ្ញា​សម្រាប់​យើង​ក្នុង​ការ​មាន​ព្រះគម្ពីរ​នោះ​ផងដែរ ។ តម្លៃ​ដ៏​អស្ចារ្យ និង​អំណាច​ខាង​វិញ្ញាណ​មកពី​ព្រះគម្ពីរ​នៅ​តែ​បន្ត​ឥត​ឈប់​ក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ។

គ្មាន​មនុស្សណា​ក្នុង​ប្រវត្តិសាស្ត្រ​ទទួល​បាន​ទាំង​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ផ្សេង​ទៀត​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​ទេ ។១៤ មែនហើយ ! លីហៃ និង​គ្រួសារ​លោក មាន​ពរ​ឲ្យ​កាន់​ផ្ទាំង​លង្ហិន​ទៅ​ជាមួយ​ពួកគេ ប៉ុន្តែ​គ្មាន​សំណៅ​​សម្រាប់​គ្រប់​ត្រសាល​នោះទេ ! សំណៅ​ដ៏សំខាន់​នៃ​ព្រះគម្ពីរ​មរមន​គឺជា​សំណៅ​ផ្ទាល់ខ្លួន​របស់​យើង ។ វា​គឺ​ជាសំណៅ​ដែល​យើង​អាន ។

ក្នុង​ការនិមិត្ដ​របស់​លីហៃ​អំពី​ដើម​ឈើ​នៃ​ជីវិត លីហៃបាន​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ បន្ទាប់​ពី​លោក​បាន​ទទួលទាន​ផ្លែ​ឈើ​លីហៃ​បាន​ឃើញ​ភរិយា​របស់​លោក សារ៉ាយ និង​កូន​ប្រុស​លោក គឺ​នីហ្វៃ និងសាំ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ។

« ពួក​គេ​ឈរ ហាក់​បី​ដូច​ជា​គេ​មិន​ដឹង​ជា​នឹង​ទៅ​ផ្លូវ​ណា​ឡើយ ។

លីហៃ​ថ្លែង​ថា « … ឪពុក​បាន​បោយ​ដៃ​ហៅ​ពួក​គេ ហើយ​ឪពុក​ព្រម​ទាំង​បាន ស្រែក​ហៅ​ពួក​គេ​យ៉ាង​ខ្លាំង ឲ្យ​មក​រក​ឪពុក ហើយ​ទទួល​ទាន​ផ្លែឈើ គឺ​ផ្លែឈើ​ដ៏​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែឈើ​ណាៗ​ទាំងអស់ ។

« ហើយ … ពួក​គេ​បាន​មក​រក​ឪពុក ហើយ​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ដែរ » ។១៥

ខ្ញុំ​ស្រឡាញ់​គំរូ​របស់​លីហៃ​អំពី​ការចិញ្ចឹម​កូន​ដោយ​សតិសម្បជញ្ញៈ ។ សារ៉ាយ នីហ្វៃ និង សាំ បាន​ប្រើ​ជីវិត​រស់​នៅ​ល្អ​ដោយ​សុចរិត ។ ប៉ុន្តែ​ព្រះអម្ចាស់​មាន​អ្វី​មួយ​កាន់តែ​ប្រសើរ កាន់តែ​ផ្អែម​ល្ហែម​សម្រាប់​ពួកគេ ។ ពួកគេ​មិន​ដឹង​ថា​ត្រូវ​ទៅ​រក​នៅ​កន្លែង​ណា​ប៉ុន្តែ​លីហៃ​ដឹង ។ ដូច្នេះ​គាត់​បាន​ស្រែក​ហៅ​ពួកគេ « យ៉ាង​ខ្លាំង »​ឲ្យ​មក​ដល់​ដើម​ឈើ​នៃ​ជីវិត និង​ទទួលទាន​ផ្លែ​ឈើ​ដោយ​ផ្ទាល់ ។ ការណែនាំ​របស់​លោក​គឺ​ច្បាស់លាស់ ។ ពុំ​មាន​ការយល់​ច្រឡំ​ទេ ។

ខ្លួន​ខ្ញុំផ្ទាល់​ជា​លទ្ធផល​នៃ​ការ​ចិញ្ចឹម​បីបាច់​ដោយ​សតិសម្បជញ្ញៈ​ស្រដៀង​គ្នា​នេះ​ ។១៦ កាល​ខ្ញុំ​នៅ​ក្មេង​អាយុ​ប្រហែល​ជា ១១ ឬ ១២ ឆ្នាំ ម្ដាយ​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា « ម៉ាក តើ​កូន​ដឹង​ផ្ទាល់ខ្លួន ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ដំណឹង​ល្អ​ពិត​ដែរឬ​ទេ ? »

សំណួរ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ខ្ញុំ​តែង​តែ​ព្យាយាម​ធ្វើ​ជា « ក្មេង​ល្អ » ហើយ​ខ្ញុំ​បាន​គិត​ថា នោះ​វា​គ្រប់​គ្រាន់​ហើយ ។ ប៉ុន្តែ​ម្តាយ​ខ្ញុំគឺ​ដូច​ជា​លីហៃ​ដែរ បាន​ដឹង​ថា​ត្រូវ​មាន​អ្វី​បន្ថែម​ទៀត ។ ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព ហើយ​ដឹង​ដោយ​ខ្លួន​ឯង ។

ខ្ញុំ​តប​ថា ខ្ញុំ​មិន​ទាន់​មាន​បទពិសោធន៍​នោះ​ទេ ។ គាត់​ហាក់​ដូច​ជា​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​ខ្ញុំ​ទេ ។

ក្រោយ​មក គាត់​បាន​និយាយ​អ្វី​មួយ​ដែល​ខ្ញុំចាំ​មិន​ភ្លេច​ឡើយ ។ ខ្ញុំ​ចងចាំ​ពាក្យពេចន៏​របស់​គាត់​រហូតមក​ទល់​ពេលនេះ​ថា « ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​កូន​ដឹង​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​កូន​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង ។ កូន​ត្រូវតែ​អាន​ព្រះ​គម្ពីរ​មរមន ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវរបិតា​សួគ៌​នឹងឆ្លើយ​តប​ការអធិស្ឋាន​របស់​កូន » ។

ខ្ញុំ​ពុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ពីមុន​មកទេ ។ ខ្ញុំ​ពុំ​គិត​ថា​ខ្ញុំ​ធំ​ល្មម​ដើម្បី​ធ្វើ​បែប​នោះ​ទេ ។ ប៉ុន្តែ​ម្ដាយ​ខ្ញុំ​បាន​ដឹង​ច្រើនជាង ។

សំណួរ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បំណង​ចង់​ដឹង​ដោយ​ខ្លួន​ឯង ។

ដូច្នេះ​រាល់​យប់ នៅ​ក្នុង​បន្ទប់​គេង​ដែល​ខ្ញុំ​គេង​ជាមួយ​បង​ប្អូន​ប្រុស​ពីរ​នាក់​ទៀត ខ្ញុំ​បាន​បើក​ភ្លើង​នៅពីលើ​គ្រែ​អាន​មួយ​ជំពូក​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ រួច​មកខ្ញុំ​បាន​បិទ​ភ្លើង ខ្ញុំ​ចុះ​ពីលើ​គ្រែ​លុត​ជង្គង់​អធិស្ឋាន ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ ដោយ​មាន​បំណង​ប្រាថ្នាយ៉ាង​ខ្លាំង ដែល​ពុំធ្លាប់​មាន​ពី​មុន​មកទេ ។ ខ្ញុំ​បាន​ទូលសូម​ព្រះ​វរបិតា​សួគ៌​ដើម្បី​ដឹង​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

ចាប់តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​មក ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវរបិតា​សួគ៌​បាន​ជ្រាប​ពី​ការ​ខិតខំ​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​សំខាន់​ចំពោះ​ទ្រង់ ។ ពេល​ខ្ញុំ​អាន និង​អធិស្ឋាន អារម្មណ៍ស្ងប់ ភាព​សុខសាន្ត​កើត​មាន​មកលើ​ខ្ញុំ ។ មួយ​ជំពូក​ម្តងៗ​ពន្លឺ​នៃ​សេចក្ដី​ជំនឿ​បាន​បំភ្លឺ​កាន់តែភ្លឺ​ឡើង​ក្នុង​ព្រលឹង​ខ្ញុំ ។ ក្រោយមក ខ្ញុំ​បាន​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​គឺ​ជា​ការ​បញ្ជាក់​អំពី​សេចក្ដី​ពិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៧ ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក​នេះ ។ ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អញ្ជើញ​ដ៏​បំផុសគំនិត​របស់​ម្តាយ​ខ្ញុំ ។

បទពិសោធន៍​ក្នុង​ការ​អាន​ព្រះគម្ពីរ​មរមន​នេះកាល​ពី​ក្មេង បាន​បង្កើត​លំនាំ​នៃ​ការ​សិក្សា​គម្ពីរ ដែល​បន្ត​ប្រទាន​ពរ​ដល់​ខ្ញុំ​មក​ដល់​ពេល​នេះ ។ ខ្ញុំ​នៅ​តែ​អាន​ព្រះគម្ពីរ​មរមន និង​លុត​ជង្គង់​អធិស្ឋាន ។ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​អំពី​សេចក្ដី​ពិត​របស់​ព្រះគម្ពីរ​មរមន​ដដែលៗ ។

នីហ្វៃ​និយាយ​ត្រឹមត្រូវ​ណាស់ ។ វា​គឺ​ជា​ប្រាជ្ញា​នៃ​ព្រះអម្ចាស់​ថា​យើង​គប្បី​យក​ព្រះគម្ពីរ​ទៅ​ជាមួយនឹង​យើង​ពេញ​មួយ​ជីវិត ។ ព្រះគម្ពីរ​មរមន​គឺជា « មូលដ្ឋានគ្រឺះ » ដែល​ធ្វើ​ឲ្យ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ខុសប្លែក​ពី​គ្រប់គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ​ទាំងអស់ ។ ពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន ហើយ​ធ្វើ​តាម​ព្យាការី​ដែល​នៅរស់ នោះ​នឹង​គ្មាន​ការក្បត់​សាសនា​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​យើង​ឡើយ ។១៨

ការ​អញ្ជើញ​ឲ្យ​មក​កាន់​ដើម​ឈើ​នៃ​ជីវិត​តាមរយៈ​ការកាន់​ខ្ជាប់​នូវ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពុំ​មែន​តែ​ពី​លីហៃ​ទៅកាន់​គ្រួសារ​គាត់​ក៏ពុំ​មែន​តែពី​ម្តាយ​ខ្ញុំ​មកកាន់​ខ្ញុំ ដើម្បី​អាន និង​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន​នោះ​ទេ ។ វា​ក៏​ជា​ការ​អញ្ជើញ​មួយ​មកពី​ព្យាការី​របស់​យើង គឺ​ប្រធាន​រ័សុល អិម ណិលសុន មក​កាន់​យើង​ម្នាក់ៗ​ផងដែរ ។

លោក​បានមាន​ប្រសាសន៏​ថា « ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការ​អធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ » ។១៩

វា​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ​ថា ការ​អាន​ព្រះគម្ពីរ​មរមន​នៅក្នុង​ឆ្នាំ​នេះ​នឹង​ជា​អំណរ និង​ជា​ពរជ័យ​សម្រាប់​យើង​ម្នាក់ៗ ហើយ​វានឹង​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ។

ព្រះវរបិតា​សួគ៌​មាន​ព្រជន្ម​នៅរស់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ព្រះគម្ពីរ​មរមន​មាននូវ​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​នៃ​ព្រះអម្ចាស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ខ្ញុំ​ដឹង​រឿង​ទាំង​នេះ​ជា​រឿង​ពិត​តាមរយៈ​សាក្សី​បញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​សាក្សី​ដែល​ខ្ញុំ​បាន​ទទួល​ជា​លើក​ដំបូង​នៅ​ពេល​អាន​ព្រះគម្ពីរ​មរមន​កាល​ពី​ក្មេង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាម៉ែន ។

កំណត់​ចំណាំ

  1. គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣៣ ។

  2. « កម្មវិធី​សិក្សា​បញ្ចូល​គ្នា​ថ្មី​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន​មាន​ការគាំទ្រ​ពី​សាសនាចក្រ​មាន​សក្ដានុពល​ដើម្បី​បើក​សម្ដែង​ឡើង​នូវ​អំណាច​នៃ​គ្រួសារ នៅ​ពេល​គ្រួសារ​នីមួយៗ​ធ្វើ​តាម​កម្មវិធី​នោះ​ប្រកប​ដោយ​មនសិការ និង​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ផ្លាស់ប្រែ​គេហដ្ឋាន​របស់​ពួកគេ​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ ។ ខ្ញុំ​សន្យា​ថា​នៅពេល​បងប្អូន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូន នឹង​បាន​ជា​ទី​រីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅ របស់​បងប្អូន នឹង​មាន​ចិត្ត​រំភើប​ក្នុង​ការរៀន​សូត្រ និង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូន និង​នៅក្នុង​គេហដ្ឋាន របស់​បងប្អូន នឹង​ត្រូវ​សាបរលាប ។ ការផ្លាស់​ប្តូរ​នៅក្នុង​គ្រួសារ​របស់​បងប្អូន​នឹង​គួរ​ឲ្យកត់​សម្គាល់ និង​ទទួល​ការគាំទ្រ » ( រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។

  3. « ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​រំលែក​ដល់​អ្នក​នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » ( គោលលិទ្ធ និង​សេចក្តី​សញ្ញា ១១:១៣ ) ។

  4. « ការ​កាន់កាប់​ត្រួតត្រា​គឺជា​អំឡុង​ពេល​ដែល​យ៉ាង​ហោច​ណាស់​ព្រះអម្ចាស់​មាន​អ្នក​បម្រើ​ដែល​មាន​សិទ្ធិអំណាច​ម្នាក់​នៅ​លើ​ផែនដី ដែល​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ និង​កូនសោ​ទាំងឡាយ និង​ជា​អ្នក​ដែល​មាន​ការចាត់តាំង​ដ៏​ទេវភាព​ដើម្បី​ចែកចាយ​ដំណឹងល្អ​ទៅ​ដល់​ប្រជាជាតិ​នានា​នៅ​លើ​ផែនដី » ( Topics and Questions « Dispensations » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  5. សូមមើល ម៉ូសេ ៥:១២–១៦ ។

  6. ព្យាការី ដានីយ៉ែល បាន​មើល​ឃើញ​ជំនាន់​របស់​យើង គ្រាកាន់កាប់​ត្រួតត្រា​របស់​យើង នៅ​ពេល​ដែល​លោក​បាន​បកស្រាយ​សុបិន​របស់​នេប៊ូក្នេសា ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​ថ្ម​នៅ​ក្នុង​សុបិន​នោះ កាត់​ចេញ​ពី​ភ្នំ​ដោយ​គ្មាន​ដៃ រមៀល​ទៅ​មុខ​ដើម្បី​បំពេញ​ផែនដី​ទាំងមូល ( សូមមើល ដានីយ៉ែល ២:៣៤–៣៥ ៤៤–៤៥ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:២ ) ។

  7. « ព្រះជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ហៅ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ ធ្វើ​ជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ អំណាច​ដ៏​ទេវភាព​ទាំងអស់​នៃ​គ្រាកាន់កាប់​ត្រួតត្រា​ពី​មុនៗ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​តាម​រយៈ​លោក ។ គ្រាកាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់​នេះ​នឹង​មិន​មាន​ដែនកំណត់​តាម​ពេលវេលា ឬ​ទីតាំង​ឡើយ ។ វា​នឹង​មិន​បញ្ចប់​នៅ​ក្នុង​ការ​ក្បត់​សាសនា​ទេ ហើយ​វា​នឹង​បំពេញ​ពិភពលោក ( រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩-៨០ ) ។

  8. រ័សុល អិម ណិលសុន « Opening Remarks » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨ ។

  9. សូមមើល « ការប្រែចិត្ត​ជឿ​គឺជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន​និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤v ។

  10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២២ សូមមើល​ផងដែរ ខទី ១៧–២១ ។

  11. យ៉ាកុប ១:៣–៤ ។

  12. យ៉ាកុប ៤:៦ ។

  13. នីហ្វៃទី១ ៥:២១–២២ ។

  14. កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការប្រកាសថា ២០០ លាន​ច្បាប់​ចម្លង​របស់​ព្រះគម្ពីរ​មរមន​ត្រូវបាន​ចែកចាយ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ វា​គឺជា​រឿង​អស្ចារ្យ​ណាស់ ។ ឥឡូវ​នេះ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ទៅក្នុង ១១៣ ភាសា ដោយ​មាន​ការបកប្រែ​ថ្មី​ចំនួន ១៧ កំពុង​ដំណើរការ ។ ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់​ដើម្បី​មាន​ព្រះគម្ពីរ​មរមន​ជា​ច្បាប់​បោះពុម្ព ឌីជីថល សំឡេង វីដេអូ និង​ទ្រង់ទ្រាយ​ផ្សេងៗទៀត ។ ( សូមមើល រ៉ាយអិន ជែនសិន « សាសនាចក្រ​ចែក​សៀវភៅ ២០០ លាន​ច្បាប់​ចម្លង​នៃ​ព្រះគម្ពីរ​មរមន » Church News ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៣, នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

  15. នីហ្វៃទី១ ៨:១៤–១៦ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  16. « ឥទ្ធិពល​ខាង​វិញ្ញាណ​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​កុមារ​ម្នាក់ គឺជា​គំរូ​ដ៏សុចរិត​របស់​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​របស់​ពួកគាត់​យ៉ាង​ស្មោះត្រង់ ។ ឪពុក​ម្តាយ​ដែល​ជ្រើសរើស​ដោយ​សតិសម្បជញ្ញៈ បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ « អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ »[ នីហ្វៃទី២ ២៥:២៦ ] ។ ការរក្សា​សេចក្ដី​សញ្ញា​ដោយ​ចៃដន្យ និង​មិន​ខ្ជាប់ខ្ជួន​នាំ​ឲ្យមាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ការ​ខូច​ខាត​ខាង​វិញ្ញាណ​ជា​ញឹក​ញាប់​គឺ​ធំធេង​បំផុត​លើ​កូន​ចៅ​របស់​យើង » ( ខេវីន ដបុលយូ ភៀរសិន « តើ​បងប្អូន​នៅ​តែ​ព្រម​ទេ ? » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៦៩ ) ។

  17. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២–២៤

  18. ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ប្រាប់​បង​ប្អូន​ទាំង​ឡាយ​ថា ព្រះ​គម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​បំផុត ជាង​គម្ពីរ​នានា​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ​សារ​ធ្វើ​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ » ( នៅក្នុង បុព្វកថា​ព្រះគម្ពីរ​មរមន ) ។

  19. ប្រធាន រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like Without It?Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។