សន្និសីទទូទៅ
អព្ភូតហេតុ​ទាំងឡាយ ពួក​ទេវតា និង​អំណាច​បព្វជិតភាព
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


អព្ភូតហេតុ​ទាំងឡាយ ពួក​ទេវតា និង​អំណាច​បព្វជិតភាព

ប្រសិន​បើ​បងប្អូន​មាន​បំណង​ចង់​បាន​ពរជ័យ​បព្វជិតភាព រួម​ទាំង​អព្ភូតហេតុ និង​ការងារ​បម្រើ​របស់​ពួកទេវតា សូម​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ។

មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​និយាយ​ថា គ្មាន​អព្ភូតហេតុ​ទេ ថា​ពួក​ទេវតា​គឺជា​រឿង​ប្រឌិត ហើយ​ថា​ស្ថានសួគ៌​ត្រូវបាន​បិទ​ហើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អព្ភូតហេតុ​ទាំងឡាយ​ពុំ​ឈប់មាន​ឡើយ ពួក​ទេវតា​ស្ថិតក្នុង​ចំណោម​ពួក​យើង ហើយ​ស្ថានសួគ៌​បើកពិត​ប្រាកដ ។

នៅពេល​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ បាន​គង់នៅ​លើ​ផែនដី ទ្រង់​បាន​ប្រទាន​កូនសោ​បព្វជិតភាព​ទៅដល់​សាវក​របស់​ទ្រង់​គឺ ពេត្រុស តាមរយៈ​កូនសោ​ទាំងនេះ ពេត្រុស និង​សាវក​ឯទៀត​បាន​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ ។ ប៉ុន្តែ​នៅពេល​សាវក​ទាំង​នោះ​បាន​ស្លាប់​ទៅ នោះកូនសោ​បព្វជិតភាព​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កូនសោ​បព្វជិតភាព​ពី​បុរាណ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ ពេត្រុស យ៉ាកុប និង យ៉ូហាន និងព្យាការី​ពី​បុរាណ​ផ្សេងទៀត​បាន​បង្ហាញ​កាយជា​តួអង្គ​រស់​ឡើង​វិញ បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ចែង​ថា​« កូនសោ​ទាំងឡាយ​នៃ​នគរ​របស់​យើង និង​នៃ​ការកាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ » ។

កូនសោ​ដដែល​នោះ​ត្រូវ​បាន​ផ្ទេរ​ពី​ព្យាការី​ម្នាក់​ទៅ​ព្យាការី​ម្នាក់​ទៀត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ បុរស​ទាំង ១៥ រូប ដែល​យើង​គាំទ្រ​ជា​ព្យាការី អ្នក​មើល​ឆុត និង​ជា​អ្នក​ទទួល​វិវរណៈ ប្រើ​កូនសោ​ទាំងនោះ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ ដូច​នៅ​សម័យ​បុរាណ​ដែរ មាន​សាវក​ជាន់​ខ្ពស់​ម្នាក់​ដែល​កាន់ និង​មាន​សិទ្ធិ​អំណាច​ដើម្បី​អនុវត្ត​កូនសោ​បព្វជិតភាព​ទាំងអស់​នេះ ។ លោក​គឺ​ជា​ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី និង​ជា​ប្រធាន​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ​នៅ​ជំនាន់យើង ៖ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

តាមរយៈ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ នោះ​យើង​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព—រួម​ទាំង​អំណាច​នៃ​ព្រះ​ដើម្បី​ជួយ​ដល់​យើង​ក្នុង​ជីវិត​ផងដែរ ។ នៅ​ក្រោម​កូនសោ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច យើង​ធ្វើ​ការសន្យា​ដ៏​ពិសិដ្ឋ​ចំពោះ​ព្រះ ហើយ​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែល​រៀបចំ​ឲ្យ​យើង​រស់​នៅ​ក្នុង​វត្តមាន​ទ្រង់ ។ វា​ចាប់ផ្តើម​ជាមួយ​នឹង​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ បន្ទាប់​មក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​បន្ត​​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដែលនាំ​យើង​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ។

យើង​ក៏​ទទួល​បាន​ពរជ័យ​បព្វជិតភាព​ដោយការ​ដៃ​ដាក់​លើ​ក្បាល​រួម​មាន​ការណែនាំ ការលួងលោម ការប្រឹក្សា ការព្យាបាល និង​អំណាច​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ទទួល​បាន​ពរជ័យ​ដោយសារ​អំណាច​ដ៏​អស្ចារ្យ​នេះ ។ ដូច​បាន​បង្ហាញ​នៅ​ក្នុង​ព្រះគម្ពីរ យើង​សំដៅ​ទៅលើ​ពរជ័យ​នេះ​ថា​ជា​អំណាច​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​ដ៏​បរិសុទ្ធ ។

កាល​នៅ​ជា​យុវវ័យ ខ្ញុំ​មាន​ការគោរព​យ៉ាង​ខ្លាំង​ចំពោះ​អំណាច​នេះ ជា​ពិសេស​នៅ​ពេល​ដែល​វា​បង្ហាញ​នៅ​ក្នុង​ការប្រសិទ្ធពរ​បព្វជិតភាព ។ ខណៈ​ដែល​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​ប្រទេស​ស៊ីលី ដៃ​គូ​ខ្ញុំ និង​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​បាន​បែកចេញ​ពី​គ្នា ។ យើង​មិន​បាន​ដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ។ វា​ជា​គ្រា​នៃ​ភាព​ចលាចល​ខាង​នយោបាយ​ដ៏​ធំមួយ ។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលីស​យោធា ក៏លែង​បាន​ឮ​ដំណឹង​អ្វី​ពី​ពួកគេ​ទៀត ។

បន្ទាប់ពី​បាន​សាកសួរ​ចម្លើយរួច​ហើយ ខ្ញុំ​អង្គុយ​តែ​ម្នាក់​ឯង​នៅក្នុង​មន្ទីរឃុំឃាំង​ដោយ​មិន​ដឹងថា​ខ្ញុំ​នឹង​ជួប​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ម្ដង​ទៀត​ឬអត់​នោះ​ទេ ? ខ្ញុំ​បាន​បែរ​ទៅ​រក​ព្រះវរបិតា​សួគ៌​ទូល​អង្វរ​យ៉ាងខ្លាំង ៖ « ព្រះវរបិតា​អើយ ទូល​បង្គំ​បាន​រៀន​ថា ទ្រង់​តែងតែ​មើលថែ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។ ឱ ព្រះវរបិតា​អើយ ទូល​បង្គំ​មិន​ពិសេស​អី​ទេ ប៉ុន្តែ​ទូល​បង្គំ​បាន​គោរព​ប្រតិបត្តិ ហើយ​ត្រូវការ​ជំនួយ​របស់​ទ្រង់​នៅ​យប់​នេះ » ។

គ្រាប់​ពូជ​នៃ​ជំនួយ​នេះ​ត្រូវ​បាន​ដាំ​ជា​ច្រើន​ឆ្នាំ​មុន​មក​ហើយ ។ ក្រោយ​ពី​ពិធីបុណ្យ​ជ្រមុជទឹក​ខ្ញុំ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​ទទួល​បាន​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​ខ្ញុំ​អធិស្ឋាន​តែ​ម្នាក់​ឯង​នៅក្នុង​គុក រំពេចនោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​រក​ខ្ញុំ​ហើយ​លួងលោម​ខ្ញុំ ។ ទ្រង់​បានបំផុស​ប្រយោគ​ដ៏​ពិសេស​មួយ​ក្នុង​គំនិត​ខ្ញុំមកពី​ពរ​លោក​អយ្យកោ​របស់​ខ្ញុំ ដែល​ជា​ពរជ័យ​មួយ​ទៀត​នៃ​បព្វជិតភាព ។ ក្នុង​ពរ​លោក​អយ្យកោ​នោះ ព្រះ​បាន​សន្យា​នឹង​ខ្ញុំ​ថា តាម​រយៈ​ភាព​ស្មោះ​ត្រង់ នោះ​ខ្ញុំ​នឹង​អាច​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច​ជាមួយ​ស្ត្រី​ម្នាក់​ដ៏​ស្រស់​ស្អាត និង​ប្រកប​ដោយ​គុណធម៌ និង​សេចក្ដី​ស្រឡាញ់ ថា​យើង​នឹង​ក្លាយ​ជា​ឪពុក​ម្ដាយ​នៃកូន​ប្រុស​ស្រី​ដ៏​មាន​តម្លៃ ហើយ​ថា​ខ្ញុំ​នឹង​ត្រូវ​បាន​ប្រទាន​ពរ និង​តម្កើង​ឡើង​ជា​ឪពុក​នៅក្នុង​វង្ស​អ៊ីស្រាអែល ។

ពាក្យ​ដ៏​បំផុស​គំនិត​អំពី​អនាគត​របស់​ខ្ញុំ​ទាំងនោះ បាន​ធ្វើឲ្យ​ព្រលឹង​ខ្ញុំបំពេញ​ដោយ​ភាព​សុខសាន្ត ។ ខ្ញុំ​បាន​ដឹង​ថា ពាក្យ​ទាំងនោះ​បាន​មក​ពី​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​ដែល​ទ្រង់​តែងតែ​រក្សា​ការ​សន្យា​ជានិច្ច ។ នៅ​គ្រា​នោះ ខ្ញុំ​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​បាន​ដោះ​លែង ហើយ​នឹង​រស់​នៅ​ដើម្បី​មើលឃើញ​ការសន្យា​ទាំង​នោះ​បំពេញ ។

ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ភរិយា​ដ៏​ស្រស់​ស្អាត និង​ប្រកប​ដោយ​គុណធម៌ និង​សេចក្ដី​ស្រឡាញ់​មួយ​រូប ។ លីណេត និង​ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ទទួល​ពរ​ដោយ​មាន​កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​បួននាក់ដ៏​មាន​តម្លៃ​​ ។ ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​ម្នាក់ ហើយ​ពរជ័យ​ទាំងអស់​កើតឡើង​ស្រប​ទៅតាម​ការសន្យា​របស់​ព្រះ​នៅក្នុង​ពរ​របស់​លោក​អយ្យកោ ដែល​ខ្ញុំ​បាន​ទទួល កាល​ពី​អាយុ ១៧ ឆ្នាំ ។

« ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ប្រុស [ និង​បងប្អូន​ស្រី ] ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ ពី​ព្រោះ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ? …

« … ទេ រីឯ​ពួក​ទេវតា​ក៏​ពុំ​ឈប់​ធ្វើ​ការងារ​បម្រើ​ដល់​កូន​ចៅ​មនុស្ស​ដែរ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អព្ភូតហេតុ និង​ការបម្រើ​ទាំងឡាយ​កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​ក្នុង​ជីវិត​យើង ដែល​ជាញឹកញាប់ វា​គឺ​ជា​លទ្ធផល​ផ្ទាល់​នៃ​អំណាច​បព្វជិតភាព ។ ពរជ័យ​បព្វជិតភាព​មួយ​ចំនួន​ត្រូវ​បាន​បំពេញ​ភ្លាមៗ​តាម​ដែល​យើង​អាច​មើល​ឃើញ និង​យល់​បាន ។ ពរជ័យ​ខ្លះទៀត​កំពុង​លាត​ត្រដាង​បន្តិច​ម្តងៗ ហើយ​នឹង​មិន​ត្រូវ​បានដឹង​ពេញលេញ​នៅ​ក្នុង​ជីវិត​នេះ​ទេ ។ ប៉ុន្តែ​ព្រះ​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ជានិច្ច ដូច​ដែល​បាន​បង្ហាញ​ក្នុង​ដំណើរ​រឿង​នេះ​ចេញពី​ពង្សប្រវត្តិ​របស់​យើង ៖

លោកតា​ខាង​ឪពុក​របស់​ខ្ញុំ ហ្គ្រេន រីស បូវែន គឺ​ជា​បុរស​ម្នាក់​ដែល​មាន​សេចក្តី​ជំនឿ​ខ្លាំង ។ ខ្ញុំ​ចាំ​យ៉ាង​ច្បាស់ ពេលឮ​គាត់​រំឭកឡើងវិញ​អំពី​របៀប​ដែល​គាត់​ទទួល​បាន​ពរ​លោក​អយ្យកោ​របស់​គាត់ ។ នៅក្នុង​កំណត់ហេតុ​គាត់ គាត់​បាន​កត់​ត្រា ៖ « លោក​អយ្យកោ​បាន​សន្យា​នឹង​ខ្ញុំ​នូវ​អំណោយទាន​នៃ​ការព្យាបាល ។ លោក​បាន​និយាយ​ថា ‹ អ្នក​ឈឺ​នឹង​ត្រូវ​បាន​ជា ។ មែន​ហើយ ! អ្នក​ស្លាប់​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់ឡើងវិញ​នៅក្រោម​ដៃ​របស់អ្នក › » ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅពេល​លោកតា​កំពុង​ប្រមូល​ពំនូក​ចំបើង គាត់​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាត់​បាន​ជួប​ឪពុក​ដែល​ដើរ​សំដៅ​មក​រក​គាត់ ។ ឪពុក​របស់​លោកតា​បាន​និយាយ​ថា « ហ្គ្រេន ម្តាយ​របស់​កូន​ទើប​តែ​ស្លាប់​មិញ​នេះ » ។

ខ្ញុំ​សូម​ដក​ស្រង់​ពាក្យ​សម្ដី​ចេញពី​កំណត់ហេតុ​គាត់​បន្តទៀត​ថា ៖ « ខ្ញុំ​អត់​បាន​ឈប់​ទេ តែ​ដើរ​យ៉ាងលឿន​ចូល​ផ្ទះ ហើយ​ចេញ​ទៅ​រានហាល​ខាង​មុខ​ឃើញ​ម្តាយ​ខ្ញុំ​ដេក​នៅ​លើ​កូនគ្រែ​មួយ ។ ខ្ញុំ​បាន​មើល​ទៅ​គាត់ ហើយ​ឃើញ​ថា​គាត់ផុត​បាត់ទៅហើយ ។ ខ្ញុំ​ចាំ​ពី​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ និង​ការសន្យា​ថា ប្រសិន​បើ​ខ្ញុំ​ស្មោះត្រង់ តាមរយៈ​សេចក្តី​ជំនឿ​របស់​ខ្ញុំ នោះ​អ្នក​ឈឺ​នឹង​ត្រូវ​បាន​ជា ហើយ​អ្នក​ស្លាប់​នឹង​ត្រូវ​បាន​រស់​ឡើងវិញ ។ ខ្ញុំ​បាន​ដាក់​ដៃ​នៅលើ​ក្បាល​គាត់ ហើយ​ខ្ញុំ​បាន​ទូល​ដល់​ព្រះអម្ចាស់​ថា បើ​ការ​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ទូលបង្គំ​តាមរយៈ​លោកអយ្យកោ​គឺ​ជា​ការ​ពិត សូម​ទ្រង់​បង្ហាញ​ឡើង​នៅគ្រា​នេះ ហើយ​សូម​ឲ្យ​ម្តាយ​ទូលបង្គំរស់​ឡើង​វិញ ។ ខ្ញុំ​បាន​សន្យា​នឹង​ទ្រង់​ថា បើ​ទ្រង់​នឹង​ធ្វើ​បែប​នេះ​មែន ខ្ញុំ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ខ្ញុំ​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់​ឡើយ ។ នៅ​ពេល​ខ្ញុំ​អធិស្ឋាន​ចប់ ម្តាយ​ខ្ញុំ​បាន​បើក​ភ្នែក​ រួច​និយាយ​ថា ‹ ហ្គ្រេន លើក​ម៉ាក់​ឡើង ។ ម៉ាក់​បាន​នៅ​ក្នុង​ពិភព​វិញ្ញាណ ប៉ុន្តែ​កូន​បាន​ហៅ​ម៉ាក់​ត្រឡប់​មក​វិញ ។ សូម​ឲ្យ​រឿង​នេះ​ជា​ទីបន្ទាល់​មួយ​ដល់​បងប្អូន​ និង​ដល់​គ្រួសារ​របស់​ខ្ញុំ​រាប់​ជំនាន់​ជានិច្ចតទៅ › » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ឲ្យ​ស្វែងរក និង​រំពឹង​ថាមាន​អព្ភូតហេតុ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​សារ​បព្វជិតភាព​បាន​ស្ដារ​ឡើង​វិញ នោះ​អំណាច និង​សិទ្ធិ​អំណាច​របស់​ព្រះ​គឺមាន​នៅ​លើ​ផែនដី​នេះ ។ តាមរយៈ​ការហៅ និង​ក្រុមប្រឹក្សា បុរស និង​ស្ដ្រី ក្មេង និង​ចាស់​អាច​ចូល​រួម​ក្នុង​កិច្ចការ​បព្វជិតភាព​បាន ។ វា​ជា​កិច្ចការ​នៃ​អព្ភូតហេតុ​ដែល​បាន​ចូល​រួម​ដោយ​ពួក​ទេវតា ។ វា​ជា​កិច្ចការ​នៃ​ស្ថាន​សួគ៌ ហើយ​វា​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

នៅក្នុង​ឆ្នាំ ១៩៨៩ គ្រួសារ​របស់​យើង​ដែល​មានគ្នា​ប្រាំ​ពីរ​នាក់​បាន​ត្រឡប់​មក​ពី​ការដើរ​កម្សាន្ដ​របស់វួដ​មួយ ។ វា​យប់​ជ្រៅ​ហើយ ។ លីណេត​កំពុង​ពពោះ​កូន​ទី​ប្រាំមួយ​របស់​យើង ។ គាត់​មាន​អារម្មណ៍​បំផុស​គំនិត​ខ្លាំង​ឲ្យ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ដែល​គាត់​ភ្លេច​ពាក់នោះ ។ មិន​យូរ​ប៉ុន្មាន យើង​បាន​មកដល់​ផ្លូវ​កោង​មួយ មាន​រថយន្ត​មួយ​ជិះ​ឆ្លង​គំនូស​ផ្លូវ​ចូល​មក​ក្នុង​ផ្លូវ​របស់​យើង ។ ដោយ​ជិះ​ក្នុង​ល្បឿន ៧០ ម៉ែលស៍ ( ១១២ គ.ម. ) ក្នុង​មួយ​ម៉ោង ខ្ញុំ​បាន​កាច់​ចង្កូត​គេចពី​ការបុក​រថយន្ត​ដែល​មក​ពីមុខ ។ រថយន្ត​របស់​យើង​បាន​ក្រឡាប់​លើ​ផ្លូវ​ល្បឿន​លឿន ហើយ​បាន​រអិល​ចេញ​ពី​ផ្លូវ រួច​បាន​ឈប់​នៅលើ​ផ្លូវ​អ្នក​ដើរថ្មើ​ជើង ។

រឿង​បន្ទាប់​ដែល​ខ្ញុំ​ចាំគឺបាន​ឮ​សំឡេង​លីណេត​ថា ៖ « សាយអាន យើង​ត្រូវ​តែ​ចេញ​ទៅ​តាម​ទ្វារ​របស់​បង » ។ ខ្ញុំ​ជាប់​នឹង​ខ្សែ​ក្រវាត់​សុវត្ថិភាព​ទើ​លើ​ពោង ។ ខ្ញុំ​ចំណាយ​ពេល​ពីរ​បី​វិនាទី​ទម្រាំ​ខ្ញុំ​ដឹង​ខ្លួនវិញ ។ យើង​បាន​ចាប់​ផ្ដើម​លើក​កូន​ម្នាក់ៗ​ចេញ​ពី​រថយន្ត​តាម​បង្អួច​របស់​ខ្ញុំ ដែល​ជា​ដំបូល​នៃ​រថយន្ត ។ ពួកគេ​យំ​ដោយ​ឆ្ងល់​ថា​តើ​មាន​អ្វី​កើត​ឡើង ។

ភ្លាមៗ​នោះ យើង​បាន​ដឹង​ថា កូនស្រី​អាយុ ១០ ឆ្នាំ​របស់​យើង​ឈ្មោះ អេមីលី បាន​បាត់​ខ្លួន ។ យើង​បាន​ស្រែក​ហៅ​ឈ្មោះ​នាង ប៉ុន្តែ​គ្មានការឆ្លើយ​តប​ទេ ។ សមាជិក​វួដ​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​បាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ក៏​ជួយ​ស្វែងរក​នាង​ផងដែរ ។ វា​ងងឹត​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​មើល​ក្នុង​រថ​យន្ត​ម្តង​ទៀត​ដោយ​បញ្ចាំង​ពន្លឺ​ភ្លើងពិល ក៏​តក់ស្លុត​យ៉ាង​ខ្លាំង​ពេល​ឃើញ​ខ្លួនដ៏​តូច​របស់​អេមីលី នៅជាប់​ពី​ក្រោម​រថយន្ត ។ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង​ថា « យើង​ត្រូវ​តែ​លើក​រថ​យន្ត​ចេញ​ពី​អេមីលី » ។ ខ្ញុំ​ចាប់​ដំបូល​ឡាន ហើយ​ទាញ​ត្រឡប់​វិញ ។ មាន​តែ​មនុស្ស​ពីរ​បី​នាក់​​ប៉ុណ្ណោះ​ដែល​ជួយ​លើក​រថយន្ត ប៉ុន្តែ​រថយន្ត​នេះ​បាន​ក្រឡាប់​មក​វិញ​ដោយ​អព្ភូតហេតុ ដោយបង្ហាញ​រូប​កាយ​ស្ដូកស្តឹង​គ្មាន​ជីវិត​របស់​អេមីលី ។

អេមីលី​គ្មាន​ដង្ហើម​ទេ ។ មុខ​របស់​នាង​គឺ​ឡើង​ពណ៌ស្វាយ​អ៊ីចឹង ។ ខ្ញុំ​បាន​និយាយ​ថា « យើង​ត្រូវ​តែ​ប្រសិទ្ធពរ​ដល់​នាង » ។ មិត្ដភក្ដិ​ម្នាក់ និង​សមាជិក​វួដ​ជា​ទី​ស្រឡាញ់​បាន​លុត​ជង្គង់​ជាមួយ​នឹង​ខ្ញុំ ហើយ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​បាន​បញ្ជា​ឲ្យ​នាង​នៅរស់ ។ នៅ​គ្រា​នោះ អេមីលី​បាន​ដក​ដង្ហើម​មួយ​យ៉ាង​វែង ។

បន្ទាប់​ពីរង​ចាំ​ហាក់​ដូច​ជា​រាប់​ម៉ោង នោះ​រថយន្ត​សង្គ្រោះ​បន្ទាន់​ក៏​បាន​មក​ដល់ ។ អេមីលី​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ជាបន្ទាន់ ។ នាង​មាន​បញ្ហា​សួត​ស្រុត ហើយ​សរសៃពួរ​សាច់ដុំ​នៅ​ក្នុង​ជង្គង់​របស់​នាង​មាន​របួស​ធ្ងន់ធ្ងរ ។ បញ្ហា​ខូច​ខួរក្បាល​គឺ​ជា​ការព្រួយ​បារម្ភ​ខ្លាំង​មួយ ព្រោះ​នាង​ខ្វះ​អុកស៊ីសែន​រយៈពេល​យូរ ។ អេមីលី​បាន​សន្លប់​អស់​រយៈពេល​មួយ​ថ្ងៃ​កន្លះ ។ យើង​បាន​បន្ត​អធិស្ឋាន និង​តម​អាហារ​សម្រាប់​នាង ។ នាង​បាន​ទទួល​ពរ​ឲ្យ​ជា​សះ​ស្បើយ​ពេញលេញ ។ ថ្ងៃនេះ អេមីលី និង​ស្វាមី ខេវីន គឺជា​ឪពុកម្តាយ​នៃ​កូនស្រី​ប្រាំមួយ​នាក់ ។

ជា​អព្ភូតហេតុ​ណាស់ មនុស្ស​គ្រប់គ្នា​ដែល​ពាក់ពន្ធ័​ក្នុង​គ្រោះថ្នាក់​នោះ​អាច​រួចផុត​ពីគ្រោះថ្នាក់ ។ ទារក​ដែល​លីណេត ពពោះ​កាលនោះ​ឈ្មោះ ថៃសុន ។ ថៃសុន​ក៏​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ដែរ និង​បាន​កើត​នៅ​ខែ​កុម្ភៈ​បន្ទាប់ ។ ប្រាំបី​ខែ​ក្រោយ​មក បន្ទាប់​ពី​បាន​ទទួល​រូបកាយ​លើ​ផែនដី​ហើយ ថៃសុន​បាន​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​របស់​ព្រះវរបិតា​សួគ៌​វិញ ។ គាត់​គឺ​ជា​កូន​ប្រុស​ទេវតា​របស់​យើង ។ យើង​មាន​អារម្មណ៍​ថា​មាន​ឥទ្ធិពល​របស់​គាត់​នៅក្នុង​គ្រួសារ​យើង ហើយ​ទន្ទឹង​រង់ចាំ​ដើម្បី​នៅ​ជាមួយ​គាត់​ម្ដង​ទៀត ។

អស់អ្នក​ដែល​លើក​រថយន្ត​ចេញ​ពី​អេមីលី បាន​សង្កេត​ឃើញ​ថា រថយន្ត​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​សោះ ។ ខ្ញុំ​បាន​ដឹង​ថា ទេវតា​ស្ថានសួគ៌​បាន​ចូល​រួម​ជាមួយ​ពួក​ទេវតា​លើ​ផែនដី ដើម្បី​លើក​រថយន្ត​នោះ​ចេញ​ពី​រូបកាយ​របស់​អេមីលី ។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា អេមីលី​មាន​ជីវិត​ឡើង​វិញ​ដោយសារ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ។

ព្រះអម្ចាស់​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ពិត​នេះ​ដល់​អ្នក​បម្រើ​ទ្រង់ ៖ « យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធជុំវិញ​អ្នក​ដើម្បី​ទ្រ​អ្នក​ឡើង » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « បព្វជិតភាព​ដ៏​បរិសុទ្ធ​តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ »ពោល​គឺ បព្វជិតភាព​ម៉ិលគីស្សាដែក—ជាមួយ​នឹង​កូនសោ សិទ្ធិ​អំណាច និង​អំណាច ត្រូវបាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ខ្ញុំ​ដឹង​ថា ទោះបី​ជា​គ្រប់​ស្ថានភាព​ទាំង​អស់​មិន​ដូច​អ្វី​ដែល​យើង​អាច​សង្ឃឹម និង​អធិស្ឋាន​ក៏ដោយ ក៏​អព្ភូតហេតុ​របស់​ព្រះ​នឹង​កើត​ឡើង​តាម​ព្រះទ័យ ពេល​វេលា និង​ផែនការ​របស់​ទ្រង់​សម្រាប់​យើង​ជានិច្ច​ដែរ ។

ប្រសិន​បើ​បងប្អូន​មាន​បំណង​ចង់​បាន​ពរជ័យ​បព្វជិតភាព រួម​ទាំង​អព្ភូតហេតុ និង​ការងារ​បម្រើ​របស់​ពួកទេវតា ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ ។ សមាជិក និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ស្រឡាញ់​បងប្អូន នឹង​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ជំហាន​បន្ទាប់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ហើយ​មាន​ព្រះជន្ម​រស់ និង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​ដែល​នៅរស់ ដែល​កាន់ និង​អនុវត្ត​កូនសោ​បព្វជិតភាព ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មានពិត ។ ព្រះអង្គ​សង្រ្គោះ​បាន​ពលី​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ព្យាបាល​យើង យក​យើង​មកវិញ ហើយ​នាំ​យើង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា អព្ភូតហេតុ​ទាំងឡាយ​នៅតែបន្តមាន ពួក​ទេវតា​គឺ​នៅ​ក្នុង​ចំណោម​ពួក​យើង ហើយ​ស្ថានសួគ៌​នៅ​បើក​ចំហ ។ ឱ ! ស្ថានសួគ៌​បើក​ចំហ​យ៉ាង​ធំ ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕