សន្និសីទទូទៅ
សេចក្ដីសញ្ញា និង​ការទទួល​ខុសត្រូវ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


សេចក្ដីសញ្ញា និង​ការទទួល​ខុសត្រូវ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្គាល់ជា​ព្រះវិហារ​មួយ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។

« តើ​ព្រះវិហារ​របស់​អ្នក​ខុសពី​ព្រះវិហារ​ផ្សេងទៀត​យ៉ាង​ដូចម្តេច ? » ចម្លើយ​របស់​ខ្ញុំ​ចំពោះ​សំណួរ​ដ៏សំខាន់​នេះ​ប្រែប្រួល ពេល​ខ្ញុំ​មានវ័យ​ចាស់ទុំ និងពេល​សាសនាចក្រ​រីកចម្រើន​ឡើង ។ នៅពេល​ខ្ញុំ​កើត​ក្នុង​រដ្ឋ​យូថាហ៍​នាឆ្នាំ ១៩៣២ សមាជិកភាព​សាសនាចក្រ​របស់​យើង​មាន​តែ​ខ្ទង់ ៧០០,០០០ នាក់​ប៉ុណ្ណោះ ដែល​ភាគច្រើនមាន​នៅ​រដ្ឋ​យូថាហ៍ និង​រដ្ឋ​ក្បែរៗ ។ នៅគ្រា​នោះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​តែ ៧ ប៉ុណ្ណោះ ។ សព្វថ្ងៃ​នេះ សមាជិកភាព​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​ចំនួន​ជាង ១៧ លាន​នាក់ នៅក្នុង​ប្រជាជាតិ ប្រមាណជា ១៧០ ។ គិត​ត្រឹម​ថ្ងៃទី១ ខែ មេសា នេះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​​ឧទ្ទិស​ឆ្លងរួច​ចំនួន ១៨៩ នៅក្នុង​ប្រជាជាតិ​ជាច្រើន និង ១៤៦ ទៀត​នៅក្នុង​គម្រោង និង​ការសាងសង់ ។ ខ្ញុំ​ទទួលអារម្មណ៍​ឲ្យ​និយាយ​អំពី​គោលបំណង​នៃ​ព្រះវិហារបរិសុទ្ធ​ទាំងនេះ និង​ប្រវត្តិ និងតួនាទី​នៃ​សេចក្ដីសញ្ញា​នៅក្នុង​ការ​ថ្វាយបង្គំ​របស់យើង ។ នេះ​នឹង​បន្ថែម​ទៅលើ​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​អ្នកថ្លែង​សុន្ទរកថា​មុនៗ ។

I.

សេចក្ដីសញ្ញា​គឺជា​ការប្ដេជ្ញា​ចិត្ត​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​ជាក់លាក់ ។ ការប្ដេជ្ញា​ចិត្តផ្ទាល់ខ្លួន​មាន​សារៈសំខាន់​ចំពោះ​លំនឹង​នៃ​ជីវិត​យើងរៀងៗ​ខ្លួន និង​ដំណើរការ​ក្នុង​សង្គម ។ បច្ចុប្បន្ន​នេះ គោលគំនិត​នេះ​កំពុងតែ​មាន​បញ្ហា​ប្រឈម ។ សំឡេង​ភាគតិច​ស្រែក​ប្រឆាំង​នឹង​សិទ្ធិ​អំណាច​ស្ថាប័ន ហើយ​ទាមទារ​ថា បុគ្គល​ម្នាក់ៗ​គួរតែ​មាន​សេរីភាព​ពី​ការដាក់​កំហិត​នានា ដែល​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​ពួកគេ ។​ ប៉ុន្តែ​យើង​ដឹង​មកពី​បទពិសោធន៍​រាប់ពាន់ឆ្នាំ​ថា មនុស្ស​លះបង់​សេរីភាព​បុគ្គល​មួយចំនួន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​រស់នៅ​ក្នុង​សហគមន៍​ដែល​បាន​រៀបចំ​មួយ ។ ការលះបង់​សិទ្ធិ​សេរីភាព​ជាបុគ្គលនេះគឺ​ផ្អែក​ជាចម្បង​ទៅលើ​ការប្ដេជ្ញា​ចិត្ត ឬ​សេចក្ដីសញ្ញា តាម​ន័យ​ត្រង់ ឬ​ន័យ​បង្កប់ ។

រូបភាព
បុគ្គលិក​យោធា<nb/>។
រូបភាព
បុគ្គលិក​ផ្នែក​វេជ្ជសាស្ដ្រ<nb/>។
រូបភាព
អ្នកពន្លត់​អគ្គិភ័យ<nb/>។
រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង<nb/>។

នេះ​គឺជា​គំរូ​មួយ​ចំនួន​នៃ​ទំនួលខុសត្រូវ​ក្នុង​សេចក្ដីសញ្ញា​នៅក្នុង​សង្គម​របស់​យើង ៖ ( ១ ) ចៅក្រម ( ២ ) យោធា ( ៣ ) បុគ្គលិក​ផ្នែក​វេជ្ជសាស្ដ្រ និង​( ៤ ) អ្នកពន្លត់​អគ្គិភ័យ ។ អស់​អ្នក​​ដែលមាន​អាជីព​ស្រដៀងគ្នា​នេះ​ធ្វើ​ការប្ដេជ្ញា​ចិត្ត—ជាញឹកញាប់ ដោយ​សម្បថ ឬ​សេចក្ដីសញ្ញា—ថា​នឹង​បំពេញ​កាតព្វកិច្ច​ដែល​បាន​ចាត់តាំង​របស់​ពួកគេ ។ ការណ៍​ដដែល​នេះ​គឺជា​ការពិត​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​យើង​ ។ សម្លៀក​បំពាក់ ឬ​ស្លាក​ឈ្មោះ​ពិសេសនោះ គឺ​ចង់ផ្ដល់ជា​ទីសម្គាល់​ថា អ្នកពាក់​នោះ​ស្ថិត​ក្រោម​សេចក្ដីសញ្ញា ហេតុដូច្នេះ​ហើយ​ ពួកគេមាន​កាតព្វកិច្ច​ដើម្បី​បង្រៀន និង​បម្រើ ហើយ​គួរ​តែ​ត្រូវបាន​គាំទ្រ​នៅ​ក្នុង​ការ​បម្រើ​នោះ ។ គោលបំណង​ពាក់ព័ន្ធ​មួយ គឺ​ដើម្បី​រំឭក​ដល់​អ្នកពាក់វានោះ​អំពី​ទំនួល​ខុសត្រូវ​ក្នុង​សេចក្ដីសញ្ញា​របស់​ពួកគេ ។ វា​គ្មានវេទមន្ដ​អ្វី​នៅក្នុង​សម្លៀក​បំពាក់ ឬ​និមិត្ត​សញ្ញា​របស់​ពួកគេ​ទេ វា​គ្រាន់តែ​ជា​ការរំឭក​ដ៏​ចាំបាច់​ដល់​អ្នកពាក់វា​នោះ​អំពី​ការទទួល​ខុសត្រូវ​ពិសេស​របស់​ពួកគេតែ​ប៉ុណ្ណោះ ។ នេះ​ក៏​ជា​ការ​ពិត​នៃ​និមិត្តសញ្ញា​នៃ​ការភ្ជាប់ពាក្យ និង​ចិញ្ជៀន​អាពាហ៍ពិពាហ៍ និង​តួនាទី​វា​ក្នុង​ការ​ផ្ដល់​កំណត់សម្គាល់​ដល់អ្នក​សង្កេតមើល ឬ​ជា​ការ​រំឭក​ដល់​អ្នកពាក់ អំពី​ទំនួលខុសត្រូវ​ក្នុង​សេចក្ដីសញ្ញា​ផងដែរ ។

រូបភាព
ចិញ្ចៀន​រៀបការ<nb/>។

II.

អ្វី​ដែល​ខ្ញុំ​បាន​និយាយ​អំពី​សេចក្ដីសញ្ញា ដែល​ជា​គ្រឹះ​មួយ​សម្រាប់​លំនឹង​ជីវិតរបស់​បុគ្គលម្នាក់ៗ គឺអនុវត្ត​ជាពិសេស​ចំពោះ​សេចក្ដីសញ្ញា​ខាង​សាសនា ។ មូលដ្ឋាន​គ្រឹះ និង​ប្រវត្តិ​នៃទំនាក់ទំនង និង​កិច្ចតម្រូវ​ខាង​សាសនា​ជាច្រើន​គឺផ្អែកទៅលើ​សេចក្ដីសញ្ញា ។ ឧទាហរណ៍ សេចក្ដីសញ្ញា​អ័ប្រាហាំ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រពៃណី​សាសនា​ធំៗ​ជាច្រើន ។ វា​ណែនាំ​អំពីគំនិត​បរិសុទ្ធ​នៃ​ការសន្យា​ក្នុង​សេចក្ដីសញ្ញា​របស់ព្រះ​ជាមួយ​នឹង​បុត្រាបុត្រី​ទ្រង់ ។ ព្រះគម្ពីរសញ្ញា​ចាស់ យោងទៅលើ​សេចក្ដីសញ្ញា​របស់ព្រះ​ជាមួយនឹង​អ័ប្រាហាំ និង​ពូជ​របស់​លោក​ជារឿយៗ ។

ផ្នែក​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ដែល​បាន​សរសេរ​នៅ​អំឡុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺបង្ហាញ​យ៉ាង​ច្បាស់​ពី​តួនាទី​នៃ​សេចក្ដីសញ្ញា​នៅក្នុង​ប្រវត្តិសាស្ដ្រ និង​ការថ្វាយ​បង្គំ​របស់​ពួកសាសន៍​អ៊ីស្រាអែល ។ នីហ្វៃត្រូវ​បាន​ប្រាប់​ថា ការសរសេរ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជំនាន់​នោះ​គឺជា « បញ្ជី​មួយ​របស់​ពួកសាសន៍​យូដា ដែល​មាន​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល » ។ គម្ពីរ​នីហ្វៃ​ធ្វើ​សេចក្ដីយោង​ជាញឹកញាប់​ទៅកាន់​សេចក្ដីសញ្ញា​អ័ប្រាហាំ​ និង​អ៊ីស្រាអែល​ថា​ជា « រាស្ត្រ​ដែល​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ព្រះអម្ចាស់ » ។ ការអនុវត្ត​នៃ​ការចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ឬ​អ្នកដឹកនាំ​ខាង​សាសនា​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​សរសេរ​អំពី​នីហ្វៃ យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ស្ដេច​បេនយ៉ាមីន អាលម៉ា និង​មេទ័ព​មរ៉ូណៃ​ផងដែរ ។

III.

កាល​គ្រានៃ​ការស្ដារ​ឡើងវិញ​នៃ​ភាព​ពេញ​លេញនៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទបាន​មកដល់ នោះ​ព្រះ​បាន​ហៅ​ព្យាការី​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ។ យើង​មិន​ដឹង​ពី​ខ្លឹមសារ​ពេញលេញ​នៃ​ការណែនាំ​ដំបូង​របស់​ទេវតា​មរ៉ូណៃ ទៅកាន់​ព្យាការី​វ័យក្មេង​ដែល​មាន​ភាពចាស់ទុំ​នេះ​ទេ ។ តែយើង​ដឹង​ថា ទ្រង់​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា « ព្រះ​ទ្រង់​មាន​កិច្ចការ​ឲ្យ [ លោក ] ធ្វើ » ហើយ​ថា « ភាពពោរពេញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច » ត្រូវតែ​នាំ​ចេញ​មក រួមទាំង « សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក » ផងដែរ ។ យើង​ក៏​ដឹង​ផងដែរ​ថា ព្រះគម្ពីរ​ដែល​យុវជនយ៉ូសែប​បាន​អាន​យ៉ាង​ច្រើនបំផុត—គឺ​តាំងពីមុន​លោក​ត្រូវបាន​ដឹកនាំ​ឲ្យ​រៀបចំ​សាសនាចក្រ​ទៅ​ទៀត—គឺបានបង្រៀន​ជាច្រើន​អំពី​សេចក្ដីសញ្ញា ដែល​លោក​កំពុង​បកប្រែ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ គម្ពីរ​នោះ​គឺជា​ប្រភព​ដ៏សំខាន់​នៃ​ការ​ស្ដារឡើងវិញ​នៃភាពពេញលេញ​នៃ​ដំណឹងល្អ រួមទាំង​ផែនការ​របស់ព្រះ​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ ហើយ​វា​ត្រូវ​បានបំពេញ​យោងតាម​សេចក្ដីសញ្ញានានា ។

ដោយ​បាន​អាន​យ៉ាងច្រើន​ក្នុង​ព្រះគម្ពីរ​ប៊ីប នោះ​យ៉ូសែប​ប្រាកដ​ជា​បាន​ដឹងអំ​ពី​សេចក្ដីយោង​នៃ​គម្ពីរ​ហេព្រើរ​អំពី​ព្រះរាជបំណង​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី « តាំង​សញ្ញា​ថ្មី​ដល់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល និង​ពួក​យូដា » ។ គម្ពីរ​ហេព្រើរ​ក៏​យោង​ទៅ​ព្រះយេស៊ូវ​ថា​ជា « អ្នក​កណ្តាល​នៃ​សេចក្តីសញ្ញា​ថ្មី » ផងដែរ ។ ជាពិសេស ដំណើររឿង​ព្រះគម្ពីរ​ប៊ីប​អំពី​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ចំណងជើង​ថា « ព្រះគម្ពីរ​សញ្ញា​ថ្មី » ​ជា​ពាក្យ​​មាន​ន័យស្ទើរតែ​ដូចគ្នា​នឹង​ពាក្យ « សេចក្ដីសញ្ញា​ថ្មី » ដែរ ។

សេចក្ដីសញ្ញា​គឺជា​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ ការណ៍​នេះ​គឺ​ស្ដែងយ៉ាងច្បាស់​នៅដំណាក់កាល​ដំបូង​ ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ព្យាការី​ឲ្យ​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ។ ពេល​ព្រះគម្ពីរ​មរមន​បាន​បោះពុម្ពហើយ​ភ្លាម ​ព្រះអម្ចាស់​បាន​ដឹកនាំ​ការរៀបចំ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់​ភ្លាមៗ រួច​ដាក់​ឈ្មោះ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ខែ មេសា ឆ្នាំ ១៨៣០ ណែនាំ​ថា បុគ្គល « នឹង​បាន​ទទួល​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​សាសនាចក្រ​របស់​ទ្រង់ » បន្ទាប់ពីពួកគេ « ធ្វើ​បន្ទាល់ » ( ​មាន​ន័យ​ថា​ថ្លែង​ទីបន្ទាល់​យ៉ាង​មុតមាំ ) « ថា ពួកគេ​ប្រាកដជា​បាន​ប្រែចិត្ត​ចំពោះ​អំពើបាប​របស់​ពួកគេ​ទាំងអស់ ហើយ​យល់ព្រម​លើក​ដាក់​មកលើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត »​ » ។១០

វិវរណៈ​ដដែល​នេះ​ណែនាំ​ថា សាសនាចក្រ​ត្រូវ « ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំង​បាយជូរ [ ទឹក ] ដោយ​នូវ​ការចងចាំ​ពី​ព្រះអម្ចាស់​យេស៊ូវ » ។ សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នេះ គឺ​ស្ដែងឲ្យឃើញ​នៅក្នុង​ពាក្យ​ពេចន៍​នៃ​សេចក្ដីសញ្ញា​នានា ដែល​បាន​បញ្ជាក់​ជាពិសេស​សម្រាប់​ពួកអែលឌើរ ឬ​សង្ឃ​ដែល​ធ្វើពិធី ។ ទ្រង់​ប្រទានពរ​ដល់​នំប៉័ង​សម្រាប់ « ព្រលឹង​នៃ​ជន​ទាំងអស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ … ប្រយោជន៍​ឲ្យ​ពួកគេ … ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ​ព្រះអង្គ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ ថា​ពួកគេ​នឹង​ព្រម​លើក​ដាក់​មកលើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ » ។​១១

តួនាទី​ដ៏សំខាន់​នៃ​សេចក្ដីសញ្ញា​នៅក្នុង​សាសនាចក្រ​ដែល​ទើបតែ​ស្ដារឡើងវិញ​ថ្មីៗ​ត្រូវបាន​បញ្ជាក់​ជាថ្មី​នៅក្នុង​បុព្វកថា ដែល​ព្រះអម្ចាស់​ប្រទាន​សម្រាប់​ការបោះពុម្ព​វិវរណៈ​របស់​ទ្រង់​ជា​លើក​ដំបូង ។ នៅ​ទីនោះ ព្រះអម្ចាស់​ប្រកាស​ថា ទ្រង់​បាន​ហៅ យ៉ូសែប ស៊្មីធ ដោយសារ​ប្រជាជន​នៅលើ​ផែនដី​នេះ « បាន​វង្វេង​ចេញពី​ក្រឹត្យក្រម​របស់​យើង ហើយ​បាន​បំបាក់​សេចក្ដីសញ្ញា​របស់​យើង​ដែល​នៅ​អស់កល្ប​ជានិច្ច » ។១២ វិវរណៈ​នេះ​ពន្យល់​បន្ថែម​ថា ព្រះបញ្ញត្តិ​របស់​ទ្រង់​ត្រូវបាន​ប្រទាន​មក « ដើម្បី​ឲ្យ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​អាច​បាន​តាំងឡើង » ។១៣

ថ្ងៃនេះ យើង​យល់​អំពី​តួនាទី​នៃ​សេចក្ដីសញ្ញា​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ និង​ការថ្វាយបង្គំ​របស់​សមាជិក ។ ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី បាន​សង្ខេប​អំពី​ឥទ្ធិពល​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ការទទួល​ទានសាក្រាម៉ង់​ប្រចាំ​សប្ដាហ៍​របស់​យើង​ដូច​នេះ​ថា ៖ « សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​នេះ ដែល​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជទឹក បាន​ក្លាយជា​ភាគី​មួយ​ចំពោះ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ។ រាល់​ពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់​នៃ​អាហារ​ចុងក្រោយ​របស់​ព្រះអម្ចាស់ យើង​រំឭក​សេចក្ដីសញ្ញា​នោះ​ឡើងវិញ » ។១៤

យើងត្រូវបាន​រំឭកដោយអ្នកថ្លែង​សុន្ទរកថា​ជា​ច្រើន​នៅសន្និសីទ​នេះថា ប្រធាន រ័សុល អិម ណិលសុន តែងតែយោង​ទៅ « ផ្លូវ​នៃ​សេចក្ដីសញ្ញា »ដែល « នាំ​យើង​ទៅរក [ ព្រះ ] វិញ » និង « ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ » ។១៥ លោក​បង្រៀន​អំពី​សារៈសំខាន់​នៃ​ពីធីការ​នៃ​សេចក្ដី​សញ្ញា​នៅក្នង​ព្រះវិហារ​បរិសុទ្ធ ហើយ​ជម្រុញ​យើង​ឲ្យ​មើលឃើញ​ទីបញ្ចប់​តាំងពី​ពេល​ចាប់ផ្ដើម និង « គិត​ដល់​សេឡេស្ទាល » ។១៦

IV.

ឥឡូវ​នេះ ខ្ញុំ​សូម​និយាយ​បន្ថែម​ទៀត​អំពី​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ ។ នៅក្នុង​ការបំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​លោក​ដើម្បី​ស្ដារ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើងវិញ នោះ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ចំណាយ​ពេល​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​លោក ដើម្បី​ដឹកនាំ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ណៅវូ រដ្ឋ​អិលលីណោយ ។ តាមរយៈ​លោក ព្រះអម្ចាស់​បាន​បើក​សម្ដែង​ការបង្រៀន គោលលទ្ធិ និង​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​ជាច្រើន​សម្រាប់​អ្នកស្នង​ពី​លោក ដើម្បី​បម្រើក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ទីនោះ សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋត្រូវ​បាន​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ និង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។ អស់​អ្នក​ដែល​បាន​រស់នៅ​ដោយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងនោះ​ទទួល​បាន​ការសន្យា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ដែល « គ្រប់​ទាំងអស់​ជា​របស់​ផង​ពួកគេ » ហើយ​ពួកគេ « នឹង​អាស្រ័យ​នៅក្នុង​វត្តមាន​នៃ​ព្រះ និង​ព្រះគ្រីស្ទ​របស់​ទ្រង់​នៅ​អស់កល្ប​ជានិច្ច និង​រៀង​ដរាប​តទៅ » ។១៧

ពិធីការ​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ត្រូវបាន​ធ្វើ​ការបម្រើ ពី​មុន​អ្នកត្រួសត្រាយ​ផ្លូវ​ជំនាន់​ដើម​របស់​យើង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាប់ផ្ដើម​ដំណើរជា​ប្រវត្តិសាស្ដ្រ​របស់​ពួកគេ​ទៅកាន់​តំបន់​ភ្នំ​នៅ​ភាគ​ខាងលិច ។ យើង​មាន​ទីបន្ទាល់​របស់​អ្នកត្រួសត្រាយ​ផ្លូវ​ទាំងនោះ ថា​អំណាច​ដែល​ពួកគេ​បាន​ទទួល​មកពី​ការចងភ្ជាប់​ទៅនឹង​ព្រះគ្រីស្ទ​នៅក្នុង​អំណោយទាន​ពិសិដ្ឋ​​នៅ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ បាន​ផ្ដល់​កម្លាំង​ដល់​ពួកគេ ឲ្យ​ធ្វើ​ដំណើរ​ដ៏​ក្លាហាន ហើយ​តាំង​ទីលំនៅ​របស់​ពួកគេ​នៅ​ភាគ​ខាងលិច ។១៨

សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ទទួល​ខុសត្រូវ​លើ​ការពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ជា​សម្លៀក​បំពាក់​ដែល​ពុំ​បង្ហាញឲ្យឃើញ ដោយសារ​វា​ពាក់​នៅ​ខាងក្រោម​សម្លៀក​បំពាក់​ខាងក្រៅ ។ វា​រំឭក​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​អំពី​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ដែល​ពួកគេ​បាន​ចុះ និង​ពរជ័យ​ដែល​ពួកគេ​ត្រូវបាន​សន្យា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ ដើម្បី​សម្រេច​បាន​គោលបំណង​ដ៏​បរិសុទ្ធ​ទាំងនោះ យើង​ត្រូវបាន​ណែនាំ​ឲ្យ​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ខ្ជាប់ខ្ជួន លើកលែងតែ​ករណី​ដ៏ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ ។ ដោយសារ​សេចក្ដីសញ្ញាពុំមាន​ថ្ងៃ​សម្រាក នោះ​អ្នក​ដែល​ដោះ​សម្លៀក​បំពាក់​ពិសិដ្ឋ​ចេញ អាច​យល់​បាន​ថា​ជា​ការបដិសេធ​ចំពោះ​ការទទួល​ខុសត្រូវ​ក្នុងសេចក្ដីសញ្ញា និង​ពរជ័យ​ដែល​ភ្ជាប់​មកជាមួយនោះ ។ ផ្ទុយទៅវិញ សមាជិក​ដែល​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​របស់​ពួកគេ​ដោយ​ស្មោះត្រង់ និង​រក្សា​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ទៀតទាត់ បញ្ជាក់​ពីតួនាទី​នៃ​ភាពជា​សិស្ស​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ផែនទី​នៃ​ព្រះវិហារ​បរិសុទ្ធ<nb/>។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។ គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ នូវ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ និង​អំណាច និង​ពរជ័យ​ដ៏ពិសេស​នៃ​ការ​ចងភ្ជាប់​នឹង​ព្រះគ្រីស្ទដែល​ពួកគេ​ទទួល​បាន​តាមរយៈ​សេចក្ដីសញ្ញា ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល<nb/>។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្គាល់ជា​ព្រះវិហារ​មួយ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ សេចក្ដីសញ្ញា​គឺមាន​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និងភាព​តម្កើងឡើង​នីមួយៗ​ដែល​សាសនាចក្រ​ដែលបានស្ដារឡើងវិញ​នេះ​ផ្ដល់​ការ​បម្រើ ។ ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​សេចក្ដីសញ្ញា​ដែល​ទាក់ទងនឹងវា គឺជា​កិច្ចតម្រូវ​ដើម្បី​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ។ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​ទាក់ទង គឺជា​កិច្ចតម្រូវ​សម្រាប់​ភាពតម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល ដែល​ជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជា​អំណោយ​ដ៏មហិមា​បំផុត​នៃ​អំណោយ​ទាំងអស់​របស់​ព្រះ ។១៩ នោះ​គឺជា​ការផ្ដោត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែលជា​អង្គប្រមុខ​នៃ​សាសនាចក្រ​នេះ ហើយខ្ញុំ​សូមឲ្យ​ពរជ័យ​មាន​ដល់​អ្នក​ទាំង​អស់​ណា​ដែល​ព្យាយាម​រក្សា​សេចក្ដីសន្យា​ដ៏ពិសិដ្ឋ​របស់​ពួកគេ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕