សន្និសីទទូទៅ
សេចក្ដី​ទៀងត្រង់ ៖ គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


សេចក្ដី​ទៀងត្រង់ ៖ គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ

ការរស់នៅ​ក្នុង​ជីវិត​ដ៏​ទៀងត្រង់ តម្រូវ​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​ព្រះ ចំពោះ​គ្នា​ទៅវិញទៅមក និង​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។

នៅ​គ្រា​ចុងក្រោយ​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្រ្គោះ ទ្រង់​បាន​យាង​ទៅ​ភ្នំ​អូលីវ ចូល​ទៅ​កាន់​សួនច្បារ​មួយ​ដែល​ហៅ​ថា គែតសេម៉ានី ហើយ​បាន​អញ្ជើញ​ពួកសិស្ស​ទ្រង់​ឲ្យ​រង់ចាំ ។ ពេល​នៅ​តែ​អង្គឯង ទ្រង់​បាន​ទូល​អង្វរ​ព្រះវរបិតា​ថា « បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ » ។ ដោយ​ឈឺចាប់​ជា​ពន់ពេក នោះ​ការរងទុក្ខ​បាន​បណ្ដាល​ឲ្យ​ទ្រង់ « គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំងអស់ ត្រូវ​ញ័រ​ដោយសារ​តែ​ការឈឺចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស … ហើយ​ដើម្បី​កុំ​ឲ្យ [ ទ្រង់ ] ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច »។ ប៉ុន្តែ​នៅ​ក្នុង​គ្រា​នៃ​ការអស់​សង្ឃឹម​ជា​អនេក​នេះ ព្រះអង្គ​សង្គ្រោះ​ពុំ​រួញ​ខ្លាច​ទេ ប៉ុន្តែ « បាន​ទទួល​ទាន និង​សម្រេច​ការរៀបចំ [ របស់​ទ្រង់ ] ចំពោះ​កូន​ចៅ​មនុស្ស » ។

ក្នុង​នាមជា​បុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា នោះ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ការឈឺចាប់ និង​ទុក្ខវេទនា ប៉ុន្តែ​ពុំ​រួញខ្លាច​ឡើយ ។ ទ្រង់​បាន​បំពេញ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​ព្រះវរបិតា​ទ្រង់ ហើយ​ពេល​ធ្វើ​ដូច្នេះ បាន​បង្ហាញ​នូវ​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ដែល​កាន់តែ​សំខាន់​នៅក្នុង​ពិភពលោក​ដែល​យើង​រស់នៅ​នេះ—ពោល​គឺជា​គុណលក្ខណៈ​នៃ​សេចក្ដី​ទៀងត្រង់ ។ ទ្រង់​នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះ ចំពោះ​យើង​ម្នាក់ៗ និង​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ទ្រង់ ។

សេចក្ដី​ទៀងត្រង់

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គគំរូ​របស់​យើង ។ ការរស់នៅ​ក្នុង​ជីវិត​ដ៏​ទៀងត្រង់ តម្រូវ​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​ព្រះ ចំពោះ​គ្នា​ទៅវិញទៅមក និង​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។ សេចក្ដី​ទៀងត្រង់​កើត​ចេញ​ពី​បទបញ្ញត្តិ​ដ៏​ធំ​ទី​មួយ គឺ​ឲ្យ​ស្រឡាញ់​ព្រះ ។ ដោយសារ​បងប្អូន​ស្រឡាញ់​ព្រះ នោះ​បងប្អូន​ស្មោះត្រង់​ចំពោះ​ទ្រង់​គ្រប់​ពេល ។ បងប្អូន​យល់​ដឹងថា មាន​ភាពត្រឹមត្រូវ និង​ការខុសឆ្គង ហើយ​មាន​សេចក្ដីពិត​ទាំងស្រុង—គឺជា​សេចក្ដីពិត​របស់​ព្រះ ។ សេចក្ដី​ទៀងត្រង់​មានន័យ​ថា បងប្អូន​មិន​បន្ទាប​បទដ្ឋាន ឬ​ឥរិយាបថ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​គេ​ស្ងើច​សរសើរ ឬ​ទទួល​យក​នោះទេ ។ បងប្អូន « ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ » ហើយ « ចូរ​ឲ្យ​ផល​មក​តាម​ក្រោយ » ។ កំណែ​ថ្មី​នៃ​សៀវភៅ​សិក្សា​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ប្រកាស​ដំណឹងល្អ​របស់​យើង បាន​បន្ថែម​សេចក្ដី​ទៀងត្រង់​ជា​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​ ។

ប៉ុន្មាន​ឆ្នាំ​មុន អែលឌើរ អុជដូហ្វ ត្រូវ​បាន​ចាត់តាំង​ឲ្យ​រៀបចំ​ស្តេក​របស់​យើង​ឡើង​វិញ ។ អំឡុង​ការសម្ភាស​របស់​យើង លោក​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​ថា ៖ « តើ​មាន​អ្វី​នៅ​ក្នុង​ជីវិត​របស់​ប្អូន បើ​សាធារណជន​បានដឹង នោះ​នឹង​ធ្វើ​ឲ្យ​ប្អូន ឬ​សាសនាចក្រ​អាម៉ាស់​ដែរ​ឬ​ទេ ? » ដោយ​ភ្ញាក់ផ្អើល ខ្ញុំ​បាន​គិត​មើល​ឡើងវិញ​យ៉ាង​ឆាប់​រហ័ស​នូវ​ទង្វើ​ពេញ​មួយ​ជីវិត​ខ្ញុំ ទាំងព្យាយាម​រំឭក​ពី​គ្រា​ដែល​ខ្ញុំ​ប្រហែល​ជា​មាន​ការខ្វះខាត ហើយ​សួរ​ខ្លួនឯង​ថា « បើ​អ្នក​ដទៃ​បាន​ដឹង​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ធ្វើ តើ​ពួកគេ​នឹង​គិត​យ៉ាងណា​ពី​ខ្ញុំ ឬ​ពី​សាសនាចក្រ ? »

នៅ​គ្រា​នោះ ខ្ញុំ​បាន​គិត​ថា អែលឌើរ អុជដូហ្វ គ្រាន់​តែ​សួរ​អំពី​ភាពស័ក្តិសម​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បាន​យល់​ថា តាម​ពិត​ទៅ​វា​ជា​សំណួរ​មួយ​អំពី​សេចក្ដី​ទៀងត្រង់ ។ តើ​ខ្ញុំ​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​អះអាង​ឬ​ទេ ? តើ​ពិភពលោក​នឹង​ឃើញ​ភាពខ្ជាប់ខ្ជួន​ទាំង​ពាក្យ​សម្ដី និង​ទង្វើ​របស់​ខ្ញុំ​ឬ​ទេ ? តើ​អ្នក​ដទៃ​នឹង​មើលឃើញ​ព្រះ​តាមរយៈ​ការប្រព្រឹត្ត​របស់​ខ្ញុំ​ឬ​ទេ ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « សេចក្ដី​ទៀងត្រង់ » គឺជា « …ឆន្ទៈ និង​សមត្ថភាព​ក្នុង​ការរស់នៅ​តាម​ជំនឿ និង​ការតាំងចិត្ត​របស់​យើង » ។

ស្មោះត្រង់​ចំពោះ​ព្រះ

ជា​ដំបូង និង​ដ៏​សំខាន់​បំផុត ជីវិត​នៃ​សេចក្ដី​ទៀងត្រង់​តម្រូវ​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​ព្រះ ។

តាំង​ពី​ក្មេង យើង​បាន​រៀន​ពី​ដំណើររឿង​របស់​ដានីយ៉ែល​នៅ​ក្នុង​រូង​តោ ។ ដានីយ៉ែល​តែងតែ​ស្មោះត្រង់​ចំពោះ​ព្រះ ។ មិត្តភក្តិ​ដែល​ច្រណែន​គាត់ « ស្វែងរក​ហេតុ​ពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹង [ គាត់ ] »និង​បាន​ប្រឌិត​ក្រឹត្យវិន័យ​មួយ​ឡើង​ដែល​បង្គាប់​ឲ្យ​មាន​ការអធិស្ឋាន​ទៅ​កាន់​ព្រះ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ។ ដានីយ៉ែល បាន​ដឹង​អំពី​ច្បាប់​នេះ ប៉ុន្តែ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​—ដោយ « បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូសាឡិម ក៏​នៅ​ចំហ »១០—បាន​លុត​ជង្គង់ ហើយ​អធិស្ឋាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ។ ជា​លទ្ធផល ដានីយ៉ែល​ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​តោ ។ នៅ​ពេល​ព្រឹក ស្ដេច​បាន​ឃើញថា​ព្រះ​របស់​ដានីយ៉ែលបាន​រំដោះ​លោក ហើយ​ចេញ​ច្បាប់​ថ្មី​មួយ​ថា មនុស្ស​ទាំង​អស់​គួរ​តែ « ញាប់ញ័រ ហើយ​កោតខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានីយ៉ែល ៖ ដ្បិត​ទ្រង់ ជាព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ » ។១១

ស្ដេច​បាន​ចាប់ផ្ដើម​ស្គាល់​ព្រះ តាមរយៈ​សេចក្ដី​ទៀងត្រង់​របស់​ដានីយ៉ែល ។ អ្នកដទៃ​មើលឃើញ​ព្រះ​តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង ។ ដូចជា​ដានីយ៉ែល​ដែរ ការស្មោះត្រង់​ចំពោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែញែក​ខ្លួន​យើង​ចេញ​ពី​លោកិយ​នេះ ។

ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​យើង​ថា « នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។១២ ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ដំបូន្មាន​ថា « [ ការយកឈ្នះ​លោកិយ​នេះ ] « មានន័យ​ថា ការយកឈ្នះ​លើ​ការល្បួង​ដែល​នាំ​ឲ្យ​ខ្វល់ខ្វាយ​ច្រើន​ចំពោះ​របស់​ផង​លោកិយ​ជាង​ការណ៍​ទាំងឡាយ​នៃ​ព្រះ ។ វា​មាន​ន័យ​ថា ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ខ្លាំងជាងទៅ​លើ​ទស្សនៈ​របស់​មនុស្ស » ។១៣ ដូចគ្នា​នេះ​ដែរ យើង​ត្រូវតែ​ទប់ទល់​នឹង​ការល្បួង​ដែល​ឲ្យ​ដើរ « តាម​ផ្លូវ [ របស់​ខ្លួន​យើង ] ផ្ទាល់ ហើយ​តាម​រូបភាព​នៃ​ព្រះ [ របស់យើង ] ផ្ទាល់ ដែល​មាន​រូបភាព​ដូច​ជា​រូបរាង​នៃ​លោកិយ » ។១៤

ទំនាញ​ផ្ទុយ​នៅក្នុង​លោកិយ​នេះ គឺជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ ។ របៀប​ដែល​យើង​ឆ្លើយតប​ទៅ​នឹង​ទំនាញ​នេះ​គឺសារៈសំខាន់​នៃខ្លួន​យើង​ជា​នរណា—ជា​រង្វាស់​នៃ​សេចក្ដី​ទៀងត្រង់​របស់​យើង ។ ទំនាញ​ខាង​លោកិយ​អាចមាន​ចំៗ ដើម្បី​បំផ្លាញ​ភក្ដីភាព​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ឬ​ការរក​លេស​បង្ហោះ​មតិ​អនាមិក​រិះគន់​គោលលទ្ធិ និងវប្បធម៌​របស់​សាសនាចក្រ​ ។ ការអនុវត្ត​សេចក្ដី​ទៀងត្រង់​នៅក្នុងការ​ជ្រើសរើស​នានា​របស់​យើង​គឺ​ជា​ការបង្ហាញ​ចេញ​មកខាងក្រៅ​នូវ​ការតាំង​ចិត្តក្នុង​ខ្លួន​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ស្មោះត្រង់​ចំពោះ​អ្នក​ដទៃ

ក៏ដូច​ជាសេចក្ដី​ទៀងត្រង់ កើតចេញ​មកពី​បទបញ្ញត្តិ​ដ៏​ធំ​ទី​មួយ ឲ្យ​ស្រឡាញ់​ព្រះ នោះ​ការស្មោះត្រង់​ចំពោះ​គ្នា​កើត​ចេញ​មកពី​បទបញ្ញត្តិ​ទី​ពីរ ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង​ដូច​ខ្លួន​យើង​ដែរ ។ ជីវិត​នៃ​សេចក្ដី​ទៀងត្រង់​ពុំមែន​ជា​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​គឺ​ជា​ជីវិត​ដែល​យើង​ខិតខំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ស្មោះត្រង់​បំផុត​ចំពោះ​ព្រះ​ហើយក្នុង​ន័យ​នោះ​គឺ​ជា​ការស្មោះត្រង់​ចំពោះ​អ្នក​ដទៃ ។ ប្រធាន អូក រំឭក​យើង​ថា « ភាពខ្នះខ្នែង​របស់​យើង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​[ ទីពីរ ]​នេះ​មិន​ត្រូវ​ធ្វើ​ឲ្យ​យើង​ភ្លេច​ពី​បទបញ្ញត្តិ​ទី​មួយ » ឡើយ ។១៥

ពិភពលោក​កាន់តែ​គ្មាន​សេចក្ដី​ទៀងត្រង់ ដោយ​ត្រូវបង្ខំ​ឲ្យ​មាន​គោល​នយោបាយ ឬ​ច្បាប់​សីលធម៌​ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​រវាង​មនុស្ស និង​ស្ថាប័ន​ទាំងឡាយ ។ ទោះវា​ល្អ​ក៏​ដោយ ច្បាប់​ទាំង​នេះ ជាទូទៅ​មិន​ត្រូវបាន​ចាក់គ្រឹះ​ក្នុង​សេចក្ដីពិត​ទាំងស្រុង​ទេ ហើយវា​មាន​ទំនោរ​ផ្អែកទៅ​លើ​ការទទួល​យក​ខាង​វប្បធម៌​វិញ ។ ស្រដៀង​គ្នា​ទៅ​នឹង​សំណួរ​ដែល​អែលឌើរ អុជដូហ្វ បានលើកឡើង​ថា ស្ថាប័ន​មួយ​ចំនួន​បណ្ដុះបណ្ដាល​និយោជិត​ឲ្យ​គិតថាតើ​ការសម្រេច​ចិត្ត ឬ​ដំណើរការ​ធ្វើ​ការសម្រេច​ចិត្ត​របស់​ពួកគេ​នឹង​មាន​រូបរាង​បែបណា ប្រសិន​បើវា​បាន​ផ្សាយ​តាម​អនឡាញ ឬ​នៅ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​ធំ​មួយ​នោះ ។ នៅ​ពេល​ដែល​សាសនាចក្រ​ចេញ​ពី​ភាពអាប់អួ និង​ភាពងងឹត១៦ យើង​ក៏ដូច​ជា ដានីយ៉ែល​ដែរ ត្រូវតែ​ក្រោក​ឡើង​ឲ្យ​ខ្ពស់​ជាង​ការរំពឹង​ទុក​របស់​លោកិយ ហើយ​ឈរ​តំណាង​ឲ្យ​ព្រះ​ដ៏ពិត និង​មាន​ព្រះជន្ម​រស់ នៅ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ។១៧

ការនិយាយ​ថា យើង​មាន​សេចក្ដី​ទៀងត្រង់​គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិន​បើ​ទង្វើ​របស់​យើង​មិន​ស្រប​នឹង​ពាក្យ​សម្តី​នោះ ។ ដូច​គ្នា​នេះ​ដែរ សេចក្ដី​សប្បុរស​របស់​ពួកគ្រីស្ទាន​ពុំ​មែន​ជា​ការជំនួស​ឲ្យ​សេចក្ដី​ទៀងត្រង់​នោះ​ទេ ។ ក្នុង​នាម​ជា​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា និងជា​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ យើង​ត្រូវ​តែ​មាន​បទដ្ឋាន​ខ្ពស់​ឲ្យ​ហួស​ពី​ការរិះគន់ ហើយ​នៅ​ស្រប​តាម​បទដ្ឋាន​ដែល​ព្រះអម្ចាស់​បាន​កំណត់ ។

ការប្រព្រឹត្ត​ដោយ​សេចក្ដី​ទៀងត្រង់​ស្ថាបនា​សេចក្ដី​ជំនឿ និង​ការទុក​ចិត្ត ហើយ​ធានា​ដល់​អ្នក​ដទៃ​ថា យើង​ព្យាយាម​ធ្វើតាម​តែ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ នៅ​ក្នុង​ក្រុមប្រឹក្សា​របស់​យើង យើង​ទប់ទល់​នឹង​ឥទ្ធិពល​ខាង​ក្រៅ ហើយ​ធ្វើ​តាម​ដំណើរការ​ដែលព្រះអម្ចាស់​បាន​បើកសម្តែង ដើម្បី​ស្វែងរក​ការយល់ដឹង​ពី​ស្ត្រី និង​បុរស​ម្នាក់ៗ ហើយ​ប្រព្រឹត្ត​ស្រប​ទៅ​នឹង​ដំបូន្មាន​ដ៏​បំផុស​គំនិត​ដែល​បាន​ទទួល ។១៨

យើង​ផ្តោត​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​យើង​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ពី​សកម្មភាព​នានា​ដែល​អាច​យល់​ឃើញ​ថា​ជា​ការបម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​យើង ឬ​គាំទ្រ​ដល់​នរណា​ម្នាក់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ម្នាក់​ទៀត ។ យើង​ខិតខំ​ជា​ពិសេស ដើម្បី​ចៀសវាង​ពី​គំនិត​ដែល​ថា ទង្វើ​របស់​យើង​អាច​ទទួល​ឥទ្ធិពលមក​ពី​ការគោរព​ពីមនុស្ស​១៩​ដើម្បី​ទទួល​បាន​ការទទួល​ស្គាល់​ផ្ទាល់​ខ្លួន បង្កើត​ការចូលចិត្ត​បន្ថែម​ដើម្បី​ត្រូវ​បាន​ដក​ស្រង់ ឬ​បោះពុម្ព​ផ្សាយ ។

ស្មោះត្រង់​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង

ជា​ចុងក្រោយ ជីវិត​នៃ​សេចក្ដី​ទៀងត្រង់​តម្រូវ​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។

យើង​ស្គាល់​មនុស្ស​ខ្លះ​ដែល​ពុំ​មែន​ជា​មនុស្ស​បែបនោះ ។ ជា​ពិសេស​នោះ​គឺ​កូរីហូរ ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ជា​អ្នក​ដែល​បាន​ដឹកនាំ​ដួងចិត្ត​នៃ​មនុស្ស​ជា​ច្រើន​ឲ្យ​ចេញ​ឆ្ងាយ ដោយសារ​វា​ធ្វើ​ឲ្យ​ស្ដប់ស្កល់​ដល់ « គំនិត​ខាង​រូបកាយ » របស់​ពួកគេ ។២០ ប៉ុន្តែ នៅ​គ្រា​ចុងក្រោយ​នៃ​ជីវិត​គាត់​បាន​សារភាព​ថា « ខ្ញុំ​បាន​ដឹង​ជា​រហូត​មក​ថា មាន​ព្រះ​មួយ​អង្គ​មែន » ។២១ ប្រធាន ហែនរី ប៊ី អាវរិង បាន​បង្រៀន​ថា ការកុហក « គឺ​ផ្ទុយ​ពី​ធម្មជាតិ​នៃ​វិញ្ញាណ​របស់​យើង »២២អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។ កូរីហូរ​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដីពិត​មិន​ស្ថិត​នៅ​ក្នុង​គាត់​នោះ​ទេ ។២៣

ផ្ទុយ​ទៅ​វិញ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ដោយ​ទំនុក​ចិត្ត​ថា « ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ទេ ។២៤

ព្រះអម្ចាស់​ស្រឡាញ់​បងប្រុស​របស់​យ៉ូសែប គឺ​ហៃរុម « មកពី​សេចក្ដី​ស្មោះ​នៃ​ចិត្ត​របស់​គាត់ » ។២៥ គាត់ និង​យ៉ូសែប​នៅតែ​ស្មោះ​ត្រង់ដល់​ទីបញ្ចប់—ស្មោះត្រង់​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកលោក ពន្លឺ និង​ចំណេះដឹង​ដែល​ពួកលោក​បាន​ទទួល ហើយ​ស្មោះត្រង់​ចំពោះ​បុគ្គល​ដែល​ពួកលោក​បាន​ដឹង​ថា​ពួកលោក​អាច​ប្រែក្លាយ ។

សេចក្ដី​បញ្ចប់

សូម​ឲ្យ​យើង​ផ្សះផ្សា​ខ្លួន​ឯង « ទៅតាម​បំណង​នៃ​ព្រះ »២៦ ហើយ​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​គឺ​សេចក្ដី​ទៀងត្រង់ ។ សូម​ឲ្យ​យើង​ធ្វើ​តាម​អង្គគំរូ​របស់​យើង គឺជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក ហើយ​មិន​រួញ​ខ្លាច​ទេ ប៉ុន្តែ​រស់នៅ​ក្នុង​ជីវិត​ដែល​ស្មោះត្រង់​ចំពោះ​ព្រះ ស្មោះត្រង់​ចំពោះ​គ្នា និង​ស្មោះត្រង់​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ។

ដូច យ៉ូប បាន​មាន​ប្រសាសន៍​ថា « នោះ​សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀងត្រង់​របស់​ខ្ញុំ » ។២៧ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕