សន្និសីទទូទៅ
អំណរ​ខ្ពស់​ជាង​នេះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


អំណរ​ខ្ពស់​ជាង​នេះ

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ស្វែងរក និង​រកឃើញ​អំណរ​ដ៏​ខ្ពស់ជាង​នេះ ដែល​កើត​ចេញមកពី​ការឧទ្ទិស​ជីវិត​របស់​យើង​ទៅកាន់​ព្រះវរបិតាសួគ៌​និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។

ខ្ញុំ​មាន​ពរជ័យ​ដ៏ធំ​ដែល​បាន​និយាយ​នៅ​សន្និសីទ​ទូទៅ​អស់​រយៈពេល​បី​ទសវត្សរ៍​ហើយ ។ ​អំឡុង​ពេល​នោះ មាន​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​សួរ​ខ្ញុំ​ទាក់ទង​នឹង​សារលិខិត​ទាំងនេះ ។ ថ្មីៗ​នេះ សំណួរ​ជាក់លាក់​មួយ​បាន​សួរ​ដដែលៗ ។ ជាធម្មតា សំណួរ​សួរ​ដូចនេះ ៖ « អែលឌើរ អុជដូហ្វ ខ្ញុំ​ស្តាប់​សុន្ទរកថា​លើកមុន​របស់​លោក​យ៉ាង​ប្រុងប្រយ័ត្ន ប៉ុន្តែ … ខ្ញុំ​មិន​បាន​ឮ​អ្វី​សោះ​អំពី​អាកាសចរណ៍ ? »

អ៊ីចឹង បន្ទាប់ពី​ថ្ងៃនេះ​ទៅ ប្រហែល​ខ្ញុំ​លែង​ឮ​សំណួរ​នោះ​មួយ​រយៈ​ហើយ ។

កាល « ពពក​រសាត់​រេរាំ ចាំង​ឆ្លុះ​ដោយ​រស្មី​សូរិយា »

ស្ទើរមិន​គួរឲ្យ​ជឿ​ថា វា​ទើបតែ ១២០ ឆ្នាំ​មុន​ប៉ុណ្ណោះ នៅពេល​ដែល វីលបឺរ និង អ័រវីល រ៉ាយថ៍ បាន​ហោះ​ហើរជា​លើក​ដំបូង ហើយ​ហោះលើ​ឆ្នេរខ្សាច់ ឃីតធី ហក នៅ​រដ្ឋ​ឃែរ៉ូឡាយណា​ខាងជើង ។ ការហោះហើរ​ខ្លីៗ​បួនជើង​នា​ថ្ងៃ​មួយ​នៃ​ខែ​ធ្នូ​នោះ បាន​ផ្លាស់ប្តូរ​ពិភពលោក​និង​បាន​បើក​ច្រកឲ្យ​មាន​ការច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

ការហោះហើរ​ជំនាន់​មុន​មាន​ហានិភ័យ​ណាស់ ។ បងប្អូន​ប្រុស​ទាំងនេះ​បាន​ដឹង​រឿង​នេះ ។ ហើយ​ឪពុក​របស់​ពួកគេ លោក ​មីលថុន ក៏​ដឹង​ដែរ ។ តាមពិត​គាត់​ខ្លាច​បាត់បង់​កូនប្រុស​ទាំងពីរ​នៅក្នុង​គ្រោះថ្នាក់​ហោះហើរ​ណាស់ រហូត​ដល់​ពួកគេ​បាន​សន្យា​ថា ពួកគេ​នឹង​មិន​ហោះហើរ​ជាមួយ​គ្នា​ឡើយ ។

ហើយ​ពួកគេ​មិន​ដែល​ហោះ​ជាមួយ​គ្នា​ទេ—មាន​តែ​ម្ដង​ប៉ុណ្ណោះ ។ ប្រាំពីរ​ឆ្នាំ​បន្ទាប់ពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៅ ឃីតធី ហក នោះ​មក នៅ​ទីបំផុត លោក​មីលថុន រ៉ាយថ៍ បាន​យល់ព្រម ហើយ​លោក​បាន​មើល​វីលបឺរ និង អ័រវីល ធ្វើការ​ហោះហើរ​ជាមួយ​គ្នា​ជា​លើក​ដំបូង ។ បន្ទាប់ពី​បាន​ចុះចត អ័រវីល បាន​បញ្ចុះបញ្ចូល​ឪពុក​គាត់​ឲ្យ​ជិះ​យន្ដហោះ​ជា​លើក​ដំបូង និង​តែម្ដង​គត់​ ដើម្បី​មើល​ដោយ​ខ្លួនគាត់​ថា តើ​ការហោះហើរ​មាន​សភាព​យ៉ាងណាដែរ ។

នៅពេល​យន្តហោះ​បាន​ហោះ​ផុតពី​ដី លោក​មីលថុន​ដែល​មាន​អាយុ ៨២ ឆ្នាំ បាន​លង់​អារម្មណ៍​ក្នុង​ការហោះហើរ​យ៉ាងខ្លាំង រហូត​បាត់ការ​ភ័យខ្លាច​អស់ ។ អ័រវីល សប្បាយ​ចិត្ត កាល​ឪពុក​គាត់​ស្រែក​ដោយ​រីករាយ​ខ្លាំង​ថា « ខ្ពស់​ជាង​នេះ អ័រវីល ខ្ពស់​ជាង​នេះ ! »

បុរស​ម្នាក់​នេះ​មាន​ប្រតិកម្ម​ដូច​ខ្ញុំ​ដែរ !

ប្រហែល​មូលហេតុ​ដែល​ខ្ញុំ​និយាយ​អំពី​អាកាសចរណ៍​ម្ដងម្កាល​គឺ​ថា ខ្ញុំ​យល់​អារម្មណ៍​របស់​គ្រួសារ រ៉ាយថ៍ ។ ខ្ញុំ​ក៏​បាន « ហោះ​គេចពី​ទំនាញ​ផែនដី រេរាំ​កាត់​វេហា នៅលើ​បក្សី​ស្លាប​ដែក​ពេញ​ដោយ​អំណរ » ផងដែរ​ ។

ការហោះហើរ​លើក​ដំបូង​របស់​បងប្អូន រ៉ាយថ៍ ដែល​កើតឡើង​ ៣៧ ឆ្នាំ​មុន​ថ្ងៃ​កំណើត​របស់​ខ្ញុំ​ បាន​បើក​ទ្វារ​ឲ្យមាន​ដំណើរ​ផ្សងព្រេង អព្ភូតហេតុ និង​អំណរ​ដ៏​បរិសុទ្ធ​ក្នុង​ជីវិត​ខ្ញុំ ។

ប៉ុន្តែ យើង​មាន​អំណរ​កាន់តែ​ខ្ពស់ជាង អំណរ​ប្រភេទ​នោះ​ ។ នៅ​ថ្ងៃនេះ ក្នុង​ស្មារតី​នៃ​ការស្រែកដ៏​រីករាយខ្លាំង​របស់ មីលថុន រ៉ាយថ៍ ថា « ខ្ពស់​ជាង​នេះ អ័រវីល ខ្ពស់​ជាង​នេះ » នោះ​ខ្ញុំ​សូម​និយាយ​អំពី​អំណរ​ដ៏ខ្ពស់ជាង​នេះ—ប្រភព​នៃ​អំណរ​របៀប​ដែល​វា​ចូល​ក្នុង​ដួងចិត្ត​យើង និង​របៀប​ដែល​យើង​អាច​ដក​ពិសោធន៍​អំណរ​នោះ​កាន់តែ​ខ្លាំង ។

គោលបំណង​ទាំងស្រុង​នៃ​ជីវិត​មនុស្ស

ទោះជា​មិន​និយាយ ក៏​ដឹង​ដែរ​ថា មនុស្ស​គ្រប់គ្នា​ចង់សប្បាយ​រីករាយ ។ ទោះ​ដូច្នោះក្ដី ពុំមែនមនុស្ស​គ្រប់រូប​សប្បាយ​ចិត្ត​នោះ​ទេ ។ គួរឲ្យ​សោកស្តាយ ដែល​មនុស្ស​ជាច្រើន ហាក់​ដូចជា ពួកគេ​ពិបាក​រកឃើញ​សុភមង្គល ។

ហេតុអ្វី​បាន​អ៊ីចឹង ? បើ​សុភមង្គល​គឺជា​អ្វីដែល​យើង​ជា​មនុស្ស​ចង់​បាន​បំផុត ហេតុអ្វី​យើង​បរាជ័យ​ក្នុង​ការស្វែងរក​វា ? បើ​បកស្រាយ​តាម​ចម្រៀង​ជនបទ ប្រហែលជាយើង​កំពុង​ស្វែងរក​អំណរ​ខុស​កន្លែង ។

តើ​យើង​អាច​ស្វែងរក​សុភមង្គល​នៅ​ឯណា ?

មុនពេល​យើង​ពិភាក្សា​អំពី​របៀប​ស្វែងរក​អំណរ ខ្ញុំ​​ទទួល​ស្គាល់​ថា ជំងឺ​ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ផ្លូវចិត្ត និង​ផ្លូវ​សតិ​អារម្មណ៍​ដ៏​លំបាក​ផ្សេងៗ​ទៀត​គឺ​មាន​ពិត​មែន ហើយ​ចម្លើយ​ពុំមែន​គ្រាន់តែ​ថា « ខំ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ឡើង » នោះ​ទេ ។ គោលបំណង​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ គឺ​ពុំមែន​លុប​បំបាត់ ឬ​មិន​ឲ្យ​តម្លៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នោះ​ទេ ។ បើ​បងប្អូន​ប្រឈម​មុខ​នឹង​បញ្ហា នោះ​ខ្ញុំ​ទួញ​យំ​ជាមួយ​បងប្អូន ហើយ​ឈរ​នៅក្បែរ​បងប្អូន ។ សម្រាប់​មនុស្ស​មួយ​ចំនួន ការស្វែងរក​អំណរ​អាច​រួមមានទាំង ការស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​សុខភាព​ផ្លូវចិត្ត​មាន​វិជ្ជាជីវៈ ដែល​លះបង់​ជីវិត​ខ្លួន​ដើម្បី​អនុវត្ត​ជំនាញ​ដ៏សំខាន់​របស់​ពួកគេ ។ យើង​គួរតែ​មាន​អំណរគុណ​ចំពោះ​ជំនួយ​បែបនេះ ។

ជីវិតពុំ​មែនមាន​អារម្មណ៍​ផ្លូវចិត្ដ​រីករាយ​រហូត​នោះ​ទេ ។ « ដ្បិត​ជា​ការចាំបាច់ ត្រូវតែ​មាន​ការផ្ទុយ​ចំពោះ​រឿង​សព្វ​សារពើ » ។ បើ​ព្រះ​ទ្រង់​ព្រះកន្សែង ដូច​ដែលជា​ព្រះគម្ពីរ​ប្រាប់​មែន​នោះ នោះបងប្អូន និង​ខ្ញុំ​គឺ​ពិត​ជា​នឹង​យំ​ដែរហើយ ។ អារម្មណ៍​សោកសៅ​ពុំ​មែន​ជា​សញ្ញា​នៃ​បរាជ័យ​នោះ​ទេ ។ យ៉ាងហោច​ណាស់ នៅក្នុង​ជីវិត​នេះ អំណរ និង​ទុក្ខសោក​គឺ​ពុំ​អាច​បំបែក​ពី​គ្នា​ឡើយ ។ ខ្ញុំ​ក៏ដូចជា​បងប្អូន​ដែរ ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត សោកសៅ ក្រៀមក្រំ និង​ស្តាយក្រោយ ។

ប៉ុន្ដែ ខ្ញុំ​ក៏​ឃើញ​ថា​ខ្លួនឯង​បាន​ដក​ពិសោធន៍​រស្មី​ដ៏​រុងរឿង ដែល​បំពេញ​ព្រលឹង​ខ្ញុំ​ដោយ​អំណរ​ដ៏​ខ្លាំង ដែល​ខ្ញុំ​ពុំ​អាច​ទុក​ក្នុង​ចិត្ត​បាន​ផងដែរ ។ ខ្ញុំ​បាន​ដឹង​ដោយ​ផ្ទាល់​ថា ទំនុក​ចិត្ត​ដ៏សុខសាន្ដ​នេះ​បាន​មកពី​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ និង​ការដើរតាម​ផ្លូវ​របស់​ទ្រង់ ។

ភាពសុខសាន្ដ​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង គឺ​មិន​ដូចជា​អ្វី​ដែល​ពិភពលោក​នេះ​ផ្ដល់ឲ្យ​នោះ​ទេ ។១០ វា​ប្រសើរ​ជាង ។ វា​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង » ។១១

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ដំណឹងល្អ​ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ » ពិត​មែន !១២ វា​គឺជា​សារលិខិត​អំពី​សេចក្តី​សង្ឃឹម​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន ! សារលិខិត​អំពី​ការទទួល​នឹម និង​ការសម្រាល​បន្ទុក ។១៣ អំពី​ការប្រមូល​ពន្លឺ ។ អំពី​កិច្ចការ​នៃ​ស្ថានសួគ៌ ការយល់ដឹង​កាន់តែ​ច្បាស់ សេចក្ដីសញ្ញា​កាន់តែ​បរិសុទ្ធ សុវត្ថិភាព​ដ៏អស់កល្ប​ជានិច្ច និង​សិរីល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច !

អំណរ​គឺជា​គោលបំណង​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ វា​ជា​មូលហេតុ​ដែល​បងប្អូន​ត្រូវបាន​បង្កើត​ឡើង—« ដើម្បី​ឲ្យ [ បងប្អូន ] អាច​មាន​អំណរ ! »១៤ បងប្អូន​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ការណ៍​នេះ !

ព្រះវរបិតា​យើង​ដែល​គង់នៅ​ស្ថានសួគ៌​ពុំ​លាក់​កំបាំង​ផ្លូវ​ទៅរក​សុភមង្គល​នោះ​ទេ ។ វា​ពុំ​មែន​ជា​ការសម្ងាត់​នោះ​ទេ ។ វា​មាន​ដល់​មនុស្ស​គ្រប់គ្នា !១៥

វា​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ដើរតាម​ផ្លូវ​នៃ​ភាពជា​សិស្ស ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ កាន់តាម​ព្រះបញ្ញត្តិ ហើយ​គោរព​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយព្រះ ។ ឱ ! នេះជា​ការសន្យា​ដ៏អស្ចារ្យ​អ្វី​ម្ល៉េះ !

ព្រះ​មាន​អ្វីច្រើន​ទៀត​ដើម្បី​ប្រទាន​ឲ្យ

យើង​គ្រប់​គ្នា​ស្គាល់​មនុស្ស​ដែល​និយាយ​ថា ពួកគេ​មិន​ត្រូវការ​ព្រះ​ដើម្បី​រីករាយ​នោះ​ទេ ពួកគេ​សប្បាយ​ចិត្ត​ល្មម​ដោយ​គ្មាន​សាសនា ។

ខ្ញុំ​ទទួល​ស្គាល់ និង​គោរព​អារម្មណ៍​ទាំងនេះ ។ ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌ សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​ទ្រង់​ទាំងអស់​មាន​សុភមង្គល​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ទ្រង់​បាន​បំពេញ​ពិភពលោក​នេះ​ដោយ​ការកម្សាន្ដ និង​ភាពរីករាយ និងអ្វី​ល្អៗ​ជាច្រើន « ទាំង​ដើម្បី​ផ្គាប់​ភ្នែក និង … ធ្វើឲ្យ​ចិត្ត​អរ​សប្បាយ​ផង » ។១៦ សម្រាប់​ខ្ញុំ ការហោះហើរ​ធ្វើឲ្យ​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង ។ អ្នកខ្លះ​ទៀត​រកឃើញ​ភាពរីករាយ​នៅក្នុង​តន្ត្រី សិល្បៈ ចំណង់​ចំណូល​ចិត្ត ឬ​ធម្មជាតិ ។

តាមរយៈ​ការអញ្ជើញ​មនុស្ស​គ្រប់រូប និង​ការចែកចាយ​ដំណឹង​ដ៏ល្អ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​អំណរ​ដ៏​អស្ចារ្យ យើង​ពុំបាន​បន្ទាប​តម្លៃ​ប្រភពនៃ​អំណរ​ទាំងនេះ​ណាមួយ​ឡើយ ។ យើង​គ្រាន់តែ​និយាយ​ថា ព្រះ​មាន​អ្វី​ច្រើន​ទៀត​ដើម្បី​ប្រទាន​ឲ្យ ។ អំណរ​ដ៏​ខ្ពស់ជាង និង​ជ្រាលជ្រៅ​ជាង​នេះ—ជា​អំណរ​ដែល​លើស​អស់​អ្វីៗ​ដែល​ពិភពលោក​នេះ​ផ្ដល់ឲ្យ ។ វា​គឺជា​អំណរ​ដែល​ទ្រាំទ្រ​នឹង​ការឈឺចិត្ត​ចាក់​ទម្លុះ​ទុក្ខសោក និង​កាត់បន្ថយ​ភាពឯកោ ។

ផ្ទុយ​ទៅវិញ សុភមង្គល​ខាង​លោកិយ​ពុំ​យូរ​អង្វែង​ទេ ។ វា​មិន​អាច​ទេ ។ វា​ជា​ធម្មជាតិ​នៃ​អ្វីៗ​គ្រប់យ៉ាង​នៅលើ​ផែនដី ដែល​ត្រូវ​ចាស់​ រោយ ពុក​ផុយ សឹក ឬ​ខូច ។ ប៉ុន្តែ​អំណរ​មកពី​ព្រះ​គឺ​អស់កល្ប​ជានិច្ច ពីព្រោះ​ព្រះគឺ​អស់កល្ប​ជានិច្ច ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ដើម្បី​លើកយើង​ចេញពី​ភាពខាង​សាច់ឈាម ហើយ​ជំនួស​ការពុកផុយ​ដោយ​ការមិន​ពុកផុយ ។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​មាន​អំណាច​នោះ ហើយ​មាន​តែ​អំណរ​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​នៅមាន​ជា​និរន្ដរ៍ ។

បើ​បងប្អូន​មាន​អារម្មណ៍​ថា អាច​មាន​អំណរ​ប្រភេទ​នេះ​កាន់តែ​ច្រើន​ក្នុង​ជីវិត​នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចាប់ផ្ដើម​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ផ្លូវ​របស់​ទ្រង់ ។ វា​គឺជា​ដំណើរ​ពេញ​មួយ​ជីវិត—និង​ទៅ​បរលោកនាយ ។ ខ្ញុំ​សូម​ណែនាំ​ជំហាន​ចាប់ផ្ដើម​មួយ​ចំនួន ដើម្បី​ធ្វើ​ដំណើរ​ដ៏​ស័ក្ដិសម​ស្វែងរក​អំណរ​ដ៏​បរិសុទ្ធនេះ ។

ចូរ​ចូល​មក​ជិត​ព្រះ១៧

តើ​បងប្អូន​នៅ​ចាំ​ពី​ស្ត្រី​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​បាន​រងទុក្ខ​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈពេល ១២ ឆ្នាំ​ដែរ​ឬ​ទេ ?១៨ គាត់​បាន​ចំណាយ​អ្វី​ទាំងអស់​ដែល​គាត់​មានឲ្យ​គ្រូពេទ្យ ប៉ុន្តែ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។ គាត់​បាន​ឮ​អំពី​ព្រះយេស៊ូវ ហើយ​អំណាច​ព្យាបាល​របស់​ទ្រង់​បាន​ល្បី​ខ្ទរខ្ទារ ។ ប៉ុន្ដែ តើ​ទ្រង់​អាច​ព្យាបាល​គាត់​បាន​ដែរ​ឬទេ ? ហើយ​តើ​គាត់​អាច​ចូលទៅ​ជិត​ទ្រង់​យ៉ាង​ម៉េច​ទៅ ? ជំងឺ​របស់​គាត់​បាន​ធ្វើឲ្យ​គាត់ « មិន​ស្អាត » ស្របតាម​ច្បាប់​របស់​ម៉ូសេ ដូច្នេះ​គាត់​ត្រូវ​នៅ​ឆ្ងាយពី​អ្នកដទៃ ។១៩

ការទៅ​ជិត​ទ្រង់​ជា​សាធារណៈ ហើយ​សូម​ឲ្យ​ទ្រង់​ព្យាបាល ហាក់​ដូចជា​មិនកើត​ទេ ។

ប៉ុន្ដែ គាត់​នៅតែ​គិត​ថា « បើ​គ្រាន់តែ​ពាល់​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ » ។២០

ជាចុងក្រោយ សេចក្ដី​ជំនឿ​របស់​គាត់​បាន​ឈ្នះលើ​ការភ័យ​ខ្លាច​របស់​គាត់ ។ គាត់​បាន​ស៊ូ​នឹង​ការថ្កោលទោស​របស់​អ្នកដទៃ ហើយ​បាន​សំដៅ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។

នៅ​ទីបំផុត គាត់​បាន​ទៅ​ដល់ ។ គាត់​បាន​លូក​ដៃ​ទៅ ។

ហើយ​គាត់​បាន​ជា​សះស្បើយ ។

តើពួក​យើង​មិន​ដូចជា​ស្ត្រី​នេះ​ទេ​ឬ​អី ?

ប្រហែលជា​មាន​ហេតុផល​ជាច្រើន ដែល​យើង​ស្ទាក់ស្ទើរ​ក្នុង​ការចូល​មក​ជិត​ព្រះអង្គ​សង្រ្គោះ ។ យើង​អាច​ប្រឈម​មុខ​នឹង​ការសើច​ចំអក ឬ​ការថ្កោល​ទោស​ពី​អ្នកដទៃ ។ ព្រោះតែ​អំនួត​យើង យើង​អាច​ច្រានចោល​លទ្ធភាព​ដ៏​សាមញ្ញ​តែមាន​តម្លៃ​ធំធេង ។ យើង​អាច​គិត​ថា ស្ថានភាព​របស់​យើង​មិន​ស័ក្ដិសម​ឲ្យ​យើង​ទទួល​បាន​ការព្យាបាល​ពី​ទ្រង់​ទេ—ថា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពេក ឬ​អំពើបាប​របស់​យើង​ច្រើន​ពេក ។

ដូច​ស្ត្រី​ម្នាក់​នេះ​ដែរ ខ្ញុំ​បាន​រៀន​ថា បើ​យើង​ចូល​ទៅ​ជិត​ព្រះ ហើយ​ឈោង​ទៅ​ពាល់​ទ្រង់ នោះ​យើង​ពិតជា​អាច​បាន​ការព្យាបាល ភាព​សុខសាន្ដ និង​អំណរ ។

ស្វែងរក​អំណរ

ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ចូរ​រក នោះ​តែង​នឹង​ឃើញ » ។២១

ខ្ញុំ​ជឿ​ថា ឃ្លា​ដ៏​សាមញ្ញ​នេះ​មិនគ្រាន់​តែ​ជា​ការសន្យា​ខាង​វិញ្ញាណ​នោះ​ទេ តែ​វា​ជា​សេចក្តី​ថ្លែង​អំពី​ការពិត​ផងដែរ ។

បើ​យើង​ស្វែងរក​ហេតុផល​ដើម្បី​ខឹង សង្ស័យ ល្វីង​ជូរចត់ ឬ​នៅ​ឯកោ នោះ​យើង​នឹង​រកឃើញ​វា​ផងដែរ ។

ប៉ុន្ដែ​បើ​យើង​ស្វែងរក​អំណរ—បើ​យើង​ស្វែងរក​ហេតុផល​ដើម្បី​អរ​រីករាយ និង​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ដោយ​ក្ដីរីករាយ នោះ​យើង​នឹង​រកឃើញ​វា ។

យើង​កម្រ​នឹង​រកឃើញ​អ្វី​ដែល​យើង​មិន​ស្វែងរក​ណាស់ ។

តើ​បងប្អូន​កំពុង​ស្វែងរក​អំណរ​ឬ​ទេ ?

ចូរ​រក នោះ​តែង​នឹង​ឃើញ ។

ចូរ​យក​អាសា​គ្នា​ទៅវិញទៅមក២២

ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល » ។២៣

នៅក្នុង​ការស្វែងរក​អំណរ​របស់​យើង តើ​វា​អាច​ទេ​ថា របៀប​ដ៏ល្អ​បំផុត​ដើម្បី​រកបាន​អំណរ​គឺ​ត្រូវ​នាំ​អំណរ​ទៅកាន់​មនុស្ស​ដទៃនោះ ?

បងប្អូន​ប្រុសស្រី បងប្អូនដឹង ហើយខ្ញុំក៏ដឹង ថាគឺ​ពិត​មែន ! អំណរ​គឺ​ដូចជា​ម្សៅ​មួយ​ខាប់ ឬ​ប្រេង​មួយ​ក្រឡ​ដែល​មិន​ចេះ​អស់​ដែរ ។២៤ អំណរ​ដ៏​ពិត​កើនឡើង នៅពេល​យើង​ចែកចាយ​វា ។

វាពុំ​ចាំបាច់​ជា​អ្វីមួយ​ដែល​ធំ ឬ​ស្មុគស្មាញ​នោះ​ទេ ។

យើង​អាច​ធ្វើ​រឿង​សាមញ្ញៗ​ ។

ដូចជា ការអធិស្ឋាន​សម្រាប់​អ្នកណា​ម្នាក់​ដោយ​អស់ពី​ដួងចិត្ត​របស់​យើង ។

ការផ្ដល់​ការសរសើរ​ដ៏ស្មោះសរ ។

ការជួយ​នរណាម្នាក់​ឲ្យ​ទទួល​អារម្មណ៍​ស្វាគមន៍ ការគោរព ការឲ្យ​តម្លៃ និង​ក្ដីស្រឡាញ់ ។

ការចែកចាយ​បទគម្ពីរ​ដែល​យើង​ចូលចិត្ត ហើយ​តើ​វា​មានន័យ​យ៉ាងណា​ចំពោះ​យើង ។

ឬគ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ ។

« កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នករាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »២៥ ហើយ​ព្រះ​នឹង​សង​សេចក្ដី​សប្បុរស​របស់​អ្នក​វិញ​ដោយ​ព្រះទ័យ​សប្បុរស ។២៦ អំណរ​ដែល​បងប្អូន​ផ្តល់ឲ្យ​អ្នកដទៃ​នឹង​ត្រឡប់​មកកាន់​បងប្អូន​វិញ « យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ » ។២៧

អ៊ីចឹង តើ​ត្រូវឲ្យ​យើងខ្ញុំ​ធ្វើ​ដូចម្តេច​វិញ ?២៨

នៅ​អំឡុង​ថ្ងៃ សប្តាហ៍ និង​ខែ​ខាងមុខ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ ៖

  • ចំណាយ​ពេលចូល​មក​រក​ព្រះ ដោយ​ការខិតខំ​ដ៏​ស្មោះសរ ពេញ​ដោយ​បំណង​ចិត្ត ។

  • ព្យាយាម​ស្វែងរក​គ្រា​ដែល​មាន​សង្ឃឹម ភាពសុខសាន្ដ និង​អំណរ​ជារៀងរាល់​ថ្ងៃ​ ។

  • នាំ​អំណរ​ទៅកាន់​អ្នកដទៃ​ដែល​នៅ​ជុំវិញ​បងប្អូន ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ មិត្ត​ជាទី​ស្រឡាញ់ កាល​បងប្អូន​ស្រាវជ្រាវ​ព្រះបន្ទូល​នៃ​ព្រះ​ដើម្បី​យល់ដឹង​កាន់តែខ្លាំង​អំពី​ផែនការ​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះ ទទួល​យក​ការអញ្ជើញ​ទាំងនេះ និង​ខិតខំ​ដើរ​នៅលើ​ផ្លូវ​របស់​ទ្រង់ នោះ​បងប្អូន​នឹង​ដក​ពិសោធន៍ « ភាព​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើសពី​អស់​ទាំង​គំនិត »២៩ សូម្បីតែ​នៅ​កណ្ដាល​ទុក្ខសោក​ក៏ដោយ ។ បងប្អូន​នឹង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះដែល​មិន​អាច​ប្រៀបផ្ទឹម​កាន់តែ​ខ្លាំងក្នុង​ចិត្ត​បងប្អូន ។ ​ពន្លឺ​សេឡេស្ទាល​ដែល​រះឡើង​នឹងចាក់ចូល​ទៅក្នុង​ស្រមោល​នៃ​ការសាកល្បង​របស់​បងប្អូន ហើយ​បងប្អូន​នឹង​ចាប់ផ្ដើម​ភ្លក់​សិរីល្អ​រុងរឿង​ដែល​មិន​អាច​ថ្លែង​បាននេះ និង​អព្ភូតហេតុ​នៃ​ពិភព​សួគ៌ា​ដែល​មើលពុំឃើញ និង​ដ៏ល្អ​ឥតខ្ចោះ ។ បងប្អូន​នឹង​មាន​អារម្មណ៍​ថា វិញ្ញាណ​របស់​បងប្អូន​ត្រូវបាន​លើក​ចេញពី​ទំនាញ​នៃ​លោកិយ​នេះ ។

ហើយ​ដូចជា មីលថុន រ៉ាយថ៍ ដ៏ល្អ​ដែរ បងប្អូន​ប្រហែល​ជា​នឹង​បន្លឺ​សំឡេង​ដោយ​ចិត្ត​អរ​រីករាយ ស្រែកឡើង​ថា « ខ្ពស់​ជាង​នេះ ព្រះបិតា ខ្ពស់​ជាង​នេះ ! »

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ស្វែងរក និង​រកឃើញ​អំណរ​ដ៏​ខ្ពស់ជាង​នេះ ដែល​កើត​ចេញមកពី​ការឧទ្ទិស​ជីវិត​របស់​យើង​ទៅកាន់​ព្រះវរបិតាសួគ៌​និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។ នេះ​គឺជា​ការអធិស្ឋាន និង ពរជ័យ​ដ៏ស្មោះ​អស់ពី​ចិត្ត​ខ្ញុំ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. John Gillespie Magee Jr. « High Flight » នៅលើ​គេហទំព័រ poetryfoundation.org ។

  2. សូមមើល Christopher Klein « 10 Things You May Not Know about the Wright Brothers » History ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ នៅលើ​គេហទំព័រ history.com ។

  3. Magee « High Flight » ។

  4. ពីរពាន់​បួនរយ​ឆ្នាំ​មុន អារីស្តូត បាន​សង្កេត​ឃើញ​ថា សុភមង្គល​គឺជា​រឿង​មួយ​ដែល​មនុស្ស​ទាំងអស់​ចង់​បាន​ខ្លាំង​បំផុត ។ នៅក្នុង​លទ្ធិសញ្ញា ច្បាប់​ទូន្មាន​នីកូម៉ាឆេន របស់​លោក លោក​បាន​បង្រៀន​ថា អ្វី​ដែល​ល្អ​បំផុត​ក្នុង​ជីវិត គឺជា​អ្វី​ដែល​យើង​ខិតខំ​ធ្វើ​ដោយសារ​តែ​យើង​ចូលចិត្ត ឬ​រីករាយ​នឹង​វា ( ផ្ទុយ​ទៅនឹង​រឿង​ទាំងឡាយ​ដែល​យើង​ជ្រើសរើស​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​ជាក់លាក់​មួយ ) ។ សុភមង្គល​គឺជា​រឿង​មួយ ដែល​លើស​អស់​អ្វី​ផ្សេងទៀត ។ លោក​បាន​និយាយ​ថា « យើង​តែងតែ​ប្រាថ្នា​ចង់​បាន​សុភមង្គល​ជានិច្ច ដោយសារ​វា​ជា​ភាពរីករាយ ហើយ​សុភមង្គល​មិន​មែន​ជា​ជំហាន​ឆ្ពោះ​ទៅរក​គោលដៅ​ផ្សេងទៀត​នោះ​ទេ » ( The Nicomachean Ethics of Aristotle បាន​បកប្រែ​ដោយ J. E. C. Weldon [ ឆ្នាំ ១៩០២ ] ទំព័រ ១៣–១៤ ) ។

  5. សូមមើល Harry Enten « American Happiness Hits Record Lows » CNN ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅលើ​គេហទំព័រ cnn.com; Tamara Lush « Poll Americans Are the Unhappiest They’ve Been in 50 Years » Associated Press ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ នៅលើ​គេហទំព័រ apnews.com; « The Great Gloom: In 2023, Employees Are Unhappier Than Ever. Why? » BambooHR នៅលើ​គេហទំព័រ bamboohr.com ។

  6. សូមមើល Wanda Mallette, Patti Ryan និង Bob Morrison, « Looking for Love (in All the Wrong Places) » ( ឆ្នាំ ១៩៨០ ) ។

  7. នីហ្វៃ​ទី​២ ២:១១ ។

  8. សូមមើល យ៉ូហាន ១១:៣៥; ម៉ូសេ ៧:២៨–៣៧ ។

  9. សូមមើល នីហ្វៃ​ទី​២ ២:១១ ។

  10. សូមមើល យ៉ូហាន ១៤:២៧ ។

  11. យ៉ូហាន ១០:១០ ។

  12. លូកា ២:១០, កំណែ​បទដ្ឋាន​កែសម្រួល​ឡើងវិញ​ថ្មី ។

  13. សូមមើល ម៉ាថាយ ១១:២៨–៣០ ។

  14. នីហ្វៃ​ទី​២ ២:២៥ ។

  15. ប្រសិនបើ​បងប្អូន​មាន​ការព្រួយ​បារម្ភ​ណាមួយ​ថា តើ​ព្រះវរបិតា​របស់​បងប្អូន​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​ទទួល​យក​បងប្អូន​ឬ​អត់ ហើយ​អនុញ្ញាត​ឲ្យ​បងប្អូន​ទទួល​បាន​អំណរ​របស់​ទ្រង់​ឬ​អត់​នោះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​របស់​ព្រះគ្រីស្ទ​អំពី​កូនប្រុស​ខ្ជះខ្ជាយ​ប្រកប​ដោយ​ការអធិស្ឋាន ( សូមមើល លូកា ១៥:១១–៣២ ) ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច​នោះ យើង​ដឹងពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​រង់ចាំ ហើយ​អបអរសាទរ​នឹង​ការត្រឡប់​មក​វិញ​របស់​យើង បន្ទាប់ពី​យើង​បាន​វង្វេង​ចេញពី​ទ្រង់ ! ចាប់ពី​ពេល​ដែល​យើង « ភ្ញាក់​ដឹង​ខ្លួន » ( សូមមើល ខទី ១៧ ) ហើយ​ចាប់ផ្ដើម​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ នោះ​ទ្រង់​នឹង​ទតឃើញ​យើង ព្រោះ​ទ្រង់​ឈរ​មើល និង​រង់ចាំ ។ ហើយ​តើ​ទ្រង់​កំពុង​រង់ចាំ​អ្វី ? រង់ចាំ​យើង ! នៅពេល​យើង​ចូល​ទៅ​ជិត​ទ្រង់ នោះ​ទ្រង់​នឹង​អបអរសាទរ​ការត្រឡប់​មក​វិញ​របស់​យើង ហើយ​ហៅ​យើង​ថា​បុត្រ​របស់​ទ្រង់ ។

  16. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:១៨ ។ វិវរណៈ​នេះ​ក៏​ពន្យល់​ផងដែរ​ថា « ការណ៍​នេះ​សព្វ​ព្រះហឫទ័យ​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​គ្រប់​ទាំងអស់​ដល់​មនុស្ស ព្រោះ​ដោយ​ហេតុនេះ​ហើយ បានជា​របស់​ទាំងនេះ​ត្រូវបាន​បង្កើត​មក » ( ខទី ២០ ) ។

  17. ចំពោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ ទ្រង់​ប្រទាន​សេចក្ដី​សន្យា​ដ៏ធំ​មួយ​នេះ ៖ « នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦៣; សូមមើល​ផងដែរ យ៉ាកុប ៤:៨ ) ។

  18. សូមមើល ម៉ាកុស ៥:២៤–៣៤ ។

  19. សូមមើល Bible Dictionary « Clean and Unclean » ។

  20. ម៉ាកុស ៥:២៨ ។

  21. ម៉ាថាយ ៧:៧ ។

  22. ដោយ​ការ​រែកបន្អុក​គ្នា​ទៅវិញទៅមក យើង « បំពេញ​ក្រិត្យវិន័យ​របស់​ព្រះគ្រីស្ទ្ » (កាឡាទី ៦:២ សូមមើល​ផងដែរ ម៉ូសាយ ១៨:៨ ) ។

  23. កិច្ចការ ២០:៣៥ ។

  24. សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ។

  25. ម៉ូសាយ ២:១៧ ។

  26. នៅក្នុង​សំបុត្រ​របស់​គាត់​ទៅ​សាសន៍​រ៉ូម ប៉ុល​បាន​ថ្លែង​ថា ព្រះ « ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៖ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​មិន​ពុករលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ ៖ …សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង » (រ៉ូម ២:៦-៧, ១០ ) ។

  27. លូកា ៦:៣៨ ។ សេចក្ដី​សង្គ្រោះ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​អាច​ពឹង​ផ្អែកលើ​សេចក្ដី​អាណិត​អាសូរ និង​សេចក្ដី​សប្បុរស​របស់​យើង​ទៅកាន់​អ្នកដទៃ ( សូមមើល ម៉ាថាយ ២៥:៣១–៤៦ ) ។

  28. លូកា ៣:១០ ។

  29. ភីលីព ៤:៧ ។