សន្និសីទទូទៅ
ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត

តាមរយៈ​ព្រះហស្ដ​ទ្រង់ ក្មួយៗ​នឹង​អាច​ឈ្នះ​រាល់​កូលីយ៉ាត ដែល​លេចឡើង​មកក្នុង​ជីវិត​របស់​ក្មួយៗ ។

មិត្ត​វ័យក្មេង​ជាទីស្រឡាញ់ ថ្ងៃនេះ ខ្ញុំ​ចង់​និយាយ​ទៅកាន់​ក្មួយៗ​ផ្ទាល់—ដែល​ជា​យុវវ័យ​នៃ​សាសនាចក្រ ។

គណៈប្រធាន​យុវនារី​ទូទៅ​ត្រូវបាន​ហៅ​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ។ មាន​នូវ​រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង​នៅ​ឆ្នាំ​កន្លង​ទៅ​នេះ !

យើង​បាន​ជួប​ក្មួយៗ​ជា​ច្រើន ហើយ​បានសិក្សា​ការបង្រៀន​របស់​ព្រះ​គ្រីស្ទ​ជាមួយ​គ្នា ។ យើង​បាន​ច្រៀង​ចម្រៀង បង្កើត​មិត្ត​ថ្មី​និង​បម្រើ​នៅក្នុង​សហគមន៍​របស់​យើង​ជាមួយ​ក្មួយៗ ។ យើង​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការស្តាប់​ទីបន្ទាល់​របស់​ក្មួយៗ​នៅក្នុង​សន្និសីទ​យុវវ័យ និង​ព្រឹត្តិការណ៍​ពិភពលោក​នានា ។ ហើយ​យើង​បាន​ថ្វាយបង្គំ​ជាមួយ​គ្នា​នៅក្នុង​ព្រះដំណាក់​ព្រះអម្ចាស់ ។

រាល់លើក យើង​បាន​ចែកចាយ​សារលិខិត​មួយ​មកពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។ យប់​នេះក៏​មិន​ខុស​គ្នា​ដែរ ខ្ញុំ​មាន​សារលិខិត​មួយ​សម្រាប់​ក្មួយៗ​ដែល​ជា​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សំណួរ​ដ៏​សំខាន់

តើ​ក្មួយៗ​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ក្មួយៗ​អាច​នៅស្មោះត្រង់​ចំពោះ​ព្រះ​ខណៈ​ដែល​រស់នៅក្នុង​ពិភពលោក​នៃ​អំពើបាប​នេះ​ដោយ​របៀប​ណា ? តើ​ក្មួយៗ​ទទួល​បាន​កម្លាំង​មកពី​ណា ដើម្បី​ឆ្ពោះ​ទៅ​មុខ ហើយ​បន្ត​ធ្វើ​អំពើ​ល្អ​នោះ ? តើ​ក្មួយៗ​ដកពិសោធន៍​អំណរ​ដ៏ពិត​ដោយ​របៀប​ណា ?

ខ្ញុំ​គិតថា​បទពិសោធន៍​របស់​ដាវីឌ និង​កូលីយ៉ាត អាច​ជួយ​ស្រាយ​ចម្ងល់​នេះ​បាន ។

ដាវីឌ និង កូលីយ៉ាត

នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទ័ព​របស់​ភីលីស្ទីន ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ហើយសាសន៍​ភីលីស្ទីន​ដែល​មាន​មាឌ​ធំ​ឈ្មោះ កូលីយ៉ាត បាន​បបួល​សាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រយុទ្ធ​នឹង​គាត់​ទាំង​ព្រឹកទាំង​ល្ងាច ។

រូបភាព
ដាវីឌ និង កូលីយ៉ាត

ដាវីឌ​រស់​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល​ជា​អ្នក​គង្វាល​វ័យ​ក្មេង មាឌ​តូច​ជាង​កូលីយ៉ាត ប៉ុន្តែ​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ! ដាវីឌ បាន​ស្ម័គ្រ​ប្រយុទ្ធ ។ ទោះ​ជាស្តេច​ព្យាយាម​រារាំង​គាត់ ក៏​ដាវីឌ​បាន​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

កាលពី​មុន ដាវីឌបាន​ប្រយុទ្ធ​នឹង​សត្វ​តោ និង​ខ្លាឃ្មុំ ។ តាម​បទពិសោធន៍​គាត់​ផ្ទាល់ គាត់​ដឹង​ថា ព្រះ​បាន​ការពារ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជ័យជំនះ ។ ចំពោះ ដាវីឌ បុព្វហេតុ​របស់​ព្រះ​គឺជា​បុព្វហេតុ​ដ៏សំខាន់​បំផុត ។ ដូច្នេះ គាត់​បាន​រើស​ក្រួស​រលីងៗ​ចំនួន​ប្រាំ​ដុំ និង​យក​ខ្សែ​ដង្ហក់​របស់គាត់ ឡើង​ទៅ​ច្បាំង​នឹង​បុរស​មាឌ​ធំ​ពេញ​ដោយជំនឿ​លើ​ព្រះ​មួយ​អង្គ​ដែលពុំ​បោះបង់​គាត់​ចោល​នោះ ។

រូបភាព
ក្រួស​ចំនួន​ប្រាំ​ដុំ​របស់​ដាវីឌ

បទគម្ពីរ​ប្រាប់​យើង​ថា គ្រាប់​ក្រួស​ដំបូង​ដែល​ដាវីឌ​គប់​ត្រូវ​ថ្ងាស​កូលីយ៉ាត បាន​បញ្ចប់​ជីវិត​កូលីយ៉ាត ។

ការស្រាវជ្រាវ​រក​ចម្លើយ

ដាវីឌ​បានត្រៀម​ខ្លួន​ដោយ​មាន​ក្រួស​ចំនួន​ប្រាំ​ដុំ ខណៈ​ដែល​គាត់បាន​ប្រើ​ថ្ម​តែ​មួយ​ដុំ​គត់​ដើម្បី​សម្លាប់​កូលីយ៉ាត ។ មាន​ប្រាំ​ដុំ ! រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​របៀប​ដែល​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ខ្ញុំ​ដើម្បី​ប្រឈម​នឹង​ពិភពលោក​នេះ ។

ចុះ​បើ​ក្រួស​នីមួយៗ​របស់​ដាវីឌ តំណាង​ឲ្យ​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យក​ឈ្នះ​ក្នុង​ជីវិត​វិញនោះ ? តើ​ក្រួស​ទាំង​ប្រាំ​ដុំ​នោះ​អាច​ជា​អ្វីខ្លះ ? ខ្ញុំ​បាន​គិត​ពី​លទ្ធភាព​ទាំងនេះ​ ៖

  1. ក្រួស​នៃ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ ។

  2. ក្រួស​នៃ សេចក្តី​ជំនឿទៅលើ​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. ក្រួស​នៃ ចំណេះដឹង​អំំពី​អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ ។

  4. ក្រួស​នៃ ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ​របស់​ខ្ញុំ ។

  5. ក្រួស​នៃ ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ ។

តោះ​យើង​និយាយ​អំពី​របៀប​ដែល​យើង​ត្រូវ​បានទទួល​ពរ​ដោយ​កម្លាំង​ទាំងនេះ ។

ទីមួយ ក្រួស​នៃ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ ។ ការស្រឡាញ់​ព្រះ​គឺជា​បទបញ្ញត្តិ​ដ៏​សំខាន់​ទីមួយ ។ សេចក្តីណែនាំ​អំពី ដើម្បី​កម្លាំង​នៃ​យុវជន បង្រៀន​យើង​ថា ៖ « ព្រះ​ស្រឡាញ់​អ្នក ។ ទ្រង់​គឺជា​បិតា​របស់​អ្នក ។ សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ស្រឡាញ់​ទ្រង់ ។ នៅពេល​សេចក្តី​ស្រឡាញ់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌​គឺជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក នោះ​ការសម្រេច​ចិត្ត​ជាច្រើន​ប្រែជា​កាន់តែ​ងាយ​ស្រួល » ។

សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​យើង​ជាមួយ​ទ្រង់ ផ្តល់​នូវ​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​យើង ហើយ​ងាយ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​របស់​យើង ។

ទីពីរ ក្រួស​នៃ សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​ផែនដី ទ្រង់​បាន​រង​ការឈឺចាប់​ជួស​អំពើបាប​យើងហើយ​ទ្រង់​បាន​លើកដាក់​លើ​អង្គទ្រង់​នូវ​ទុក្ខសោក ការឈឺចាប់ ភាពទន់ខ្សោយ និង​ជំងឺ​ខាង​រូបកាយ និងខាង​សតិអារម្មណ៍​របស់​យើង ។ ដោយហេតុ​នោះ​ហើយ ទើប​ទ្រង់​ជ្រាបដឹង​ពី​របៀប​ជួយ​យើង ។ ការមាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យថា ត្រូវ​ទុកចិត្ត​លើ​ព្រះ​ប្រាជ្ញាញាណ ពេលវេលា សេចក្តី​ស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់​ទាំងស្រុង​ដើម្បី​ធួន​នឹង​អំពើបាប​យើង ។ ក្រួស​នៃ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យក​ឈ្នះ​លើ​រាល់ « ការសាកល្បង​ធំៗ » នៅក្នុង​ជីវិត​យើង ។ យើង​អាច​យក​ឈ្នះ​លើ​ពិភពលោក​ដ៏​ធ្លាក់​នេះ ដោយសារ​ទ្រង់​បាន​យកឈ្នះ​លើ​វា​ជា​មុន​រួច​ហើយ ។

ទីបី ក្រួស​នៃ ចំណេះដឹង​អំពី​អត្តសញ្ញាណ​ពិត​របស់​ខ្ញុំ ។ ព្យាការី​ជា​ទីស្រឡាញ់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​យើង​គឺជា​បុត្រាបុត្រី​របស់​ព្រះ បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា និង​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

អ្វីៗ​គ្រប់យ៉ាង​ផ្លាស់ប្តូរ នៅពេល​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​នរណា​ពិត ។ នៅពេល​ខ្ញុំ​សង្ស័យ​លើ​សមត្ថភាពខ្លួនឯង ខ្ញុំ​តែង​និយាយ​ក្នុង​ចិត្ត ឬ​និយាយ​ឮៗមក​ខ្លួន​ខ្ញុំ​ថា « ខ្ញុំ​ជា​បុត្រី​របស់​ព្រះ ខ្ញុំ​ជា​បុត្រី​របស់​ព្រះ » ឲ្យច្រើន​ដង​តាម​ដែល​ខ្ញុំ​ត្រូវការ រហូត​ដល់​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំមាន​ទំនុកចិត្ត​បន្ត​ទៅ​មុខឡើងវិញ ។

ទីបួន ក្រួស​នៃ ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ​របស់​ខ្ញុំ ។ នៅក្នុង​សេចក្តីណែនាំ​អំពី ដើម្បី​កម្លាំង​នៃ​យុវជន យើង​អាន​ថា ៖ « ការប្រែចិត្ត​ពុំមែន​ជា​ការដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាបទេ វា​គឺជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​រំដោះ​យើង​ពី​អំពើ​បាប ។ ការប្រែចិត្ត​មាន​ន័យ​ថា ផ្លាស់ប្តូរ—ងាក​ចេញ​ពី​អំពើ​បាប ហើយ​បែរ​ទៅ​រក​ព្រះ ។ វា​មានន័យ​ថា​ត្រូវ​កែលម្អ និង​ទទួល​ការភ័យ​ទោស ។ ការផ្លាស់ប្តូរ​ប្រភេទ​នេះពុំមែន​ជា​ព្រឹត្តិការណ៍​តែ​ម្តង​ទេ វា​ជា​ដំណើរការ​ជាបន្ត​បន្ទាប់ » ។១០

គ្មាន​អ្វី​ដែល​ផ្ដល់​សេរីភាព​ខ្លាំងជាង​ការទទួល​បាន​ការអភ័យទោស​មកពី​ព្រះ ហើយ​ដឹង​ថា​យើង​បានស្អាត និង​បាន​ផ្សះផ្សា​ជាមួយ​ទ្រង់​នោះ​ទេ ។ ការអភ័យទោស​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

ក្រួស​ទី​ប្រាំ គឺ​ជា​ក្រួស​នៃ ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ ។ សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះ មាន​ដូចជា សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​យើងអាច​ចូល​ទៅ​រក​អំណាច​នៃ​ភាព​ជា​ព្រះ ។១១ ព្រះចេស្តា​របស់​ព្រះ​គឺជា​អំណាច​ពិត ដែល​ជួយ​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ ធ្វើ​ការសម្រេច​ចិត្ត​ល្អៗ និង​បង្កើន​សមត្ថភាព​ដើម្បី​ស៊ូទ្រាំ​នឹង​ស្ថានភាព​លំបាកៗ ។ វា​គឺជា​អំណាច​មួយដែល​យើង​អាច​ចម្រើន​សមត្ថភាព​ជាក់លាក់​ដែល​យើង​ត្រូវការ ។១២

សេចក្តីណែនាំ​អំពី ដើម្បី​កម្លាំង​នៃ​យុវជន ពន្យល់​ថា ៖ « សេចក្តីសញ្ញា ភ្ជាប់ អ្នក​ទៅកាន់​ព្រះវរបតិាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ ។ វា បង្កើន​ព្រះចេស្តា​របស់​ព្រះនៅក្នុង​ជីវិត​អ្នក » ។១៣

តោះយើង​និយាយ​អំពី​ការភ្ជាប់​នោះ ។ តើ​ក្មួយៗចាំពេលដែល​ព្រះគ្រីស្ទ​បាន​បង្រៀន​ពី​ភាពខុសគ្នា​រវាង​ផ្ទះ​ដែល​សង់​លើ​ថ្ម និង​ផ្ទះ​ដែល​សង់​លើ​ខ្សាច់​ទេ ?១៤ អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បាន​ពន្យល់​ថា ៖ « ផ្ទះ​មួយ​មិនអាច​ឈររឹងមាំ​នៅ​កណ្ដាល​ខ្យល់​ព្យុះ​ដោយព្រោះ​តែ​ផ្ទះ​នោះ​រឹងមាំ​នោះ​ទេ ។ វា​ក៏​មិន​អាច​ឈរ​រឹងមាំ ដោយសារ​តែ​ថ្ម​រឹងមាំនោះ​ដែរ ។ ផ្ទះ​មួយ​ឈរ​រឹងមាំ​នៅ​កណ្ដាល​ខ្យល់​ព្យុះ​បាន គឺ​ដោយសារ​វា​ចាក់គ្រឹះ​លើ​ថ្ម​ដ៏​រឹងមាំ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ជា​កម្លាំង​នៃ ការតភ្ជាប់ទៅ​នឹង​ថ្ម​ទៅ​វិញ​ទេតើ » ។១៥

រូបភាព
ផ្ទះ​សង់​នៅលើ​ថ្មដា

ការភ្ជាប់​ខ្លួន​យើងជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ភាពក្លាហាន និង​ទំនុកចិត្ត​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​គោរព​ជំនឿ ឬ​ដែល​បៀតបៀន​យើង ។ ព្រះគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​គិត​ដល់​ទ្រង់​ជានិច្ច ទ្រង់​ប្រាប់​យើង​ថា « មើល​មក​ឯ​យើង​ដោយ​នូវ គ្រប់​ទាំងគំនិត » ។១៦ ការគិត​អំពី​ព្រះអង្គ​សង្គ្រោះ ផ្ដល់ជា​គំនិត​ច្បាស់លាស់​ឲ្យ​យើង​ធ្វើ​ការសម្រេច​ចិត្ត ធ្វើ​សកម្មភាព​ដោយ​ពុំភ័យខ្លាច និង​ហ៊ាន​និយាយ​ថា ទេ ចំពោះ​អ្វី​ដែល​ផ្ទុយ​នឹង​ការបង្រៀន​របស់​ព្រះ ។១៧ នៅពេល​ខ្ញុំ​ជួប​រឿង​លំបាក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទៀត​នោះ​ការគិត​អំពី​ព្រះ​គ្រីស្ទ​នាំ​ឲ្យ​ខ្ញុំ​មានភាព​សុខសាន្ត និង​ក្តី​សង្ឃឹម ។

តើ​យើង​អាច​ទទួលបាន​ព្រះចេស្ដា​របស់​ព្រះយេស៊ូវគ្រីស្ទនេះ​ដោយ​របៀបណា ? ការគោរពតាម​សេចក្តីសញ្ញា និង​ការបង្កើន​ជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​គន្លឹះ ។

ខ្ញុំ​ពិត​ជា​ចង់​ឲ្យ ដាវីឌ មាន​ក្រួស​មួយ​ដុំ​ទៀត ដែល​ជា​ក្រួស​នៃ ទីបន្ទាល់​របស់​ខ្ញុំ ។ ទីបន្ទាល់​របស់​យើង​ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​រយៈបទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ដែល​យើង​ស្គាល់​អានុភាព​ដ៏​ទេវភាព​ក្នុង​ជីវិត​របស់​យើង ។១៨ គ្មាន​នរណា​ម្នាក់​អាច​ដកយក​ចំណេះដឹង​នោះ​ចេញពី​យើង​ឡើយ ។ ការដឹង​ពី​អ្វី​ដែល​យើង​ដឹង​តាម​រយៈ​បទពិសោធន៍​ខាងវិញ្ញាណ​គឺ​រកកាត់​ថ្លៃពុំ​បានឡើយ ។ ការស្មោះត្រង់​នឹង​ចំណេះដឹង​នោះ ផ្តល់​សេរីភាពឲ្យ​យើង ។ វា​ផ្ដល់​អំណរ​ដល់​យើង ! បើ​យើង​ស្រឡាញ់​សេចក្តីពិត យើង​នឹង​ស្វែងរក​វា ហើយ​ពេលយើង​រកវាឃើញ នោះ​យើង​នឹង​ការពារ​វា ។១៩

ការអញ្ជើញ​មួយ

ដូចគ្នានេះដែរ ខ្ញុំ​បានជ្រើសរើស​ក្រួស​លេខ​ប្រាំមួយ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ជួប​ជាមួយ​ថ្នាក់ កូរ៉ុម ឬ​គ្រួសារ​របស់​ក្មួយៗ ហើយ​គិត​អំពី​ភាពខ្លាំង​ផ្សេង​ៗទៀត​ ដែល​ក្មួយៗ​ចាំបាច់ត្រូវមាន ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះ ហើយ​យក​ឈ្នះ​លើ​ពិភពលោក​នេះ ។

ការសន្យា

ក្មួយៗ​ជា​ទីស្រឡាញ់ ព្រះគ្រីស្ទ​មាន​ព្រះទ័យចង់យាង​អមដំណើរ​នឹង​យើងនៅក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយៗ​ថា នៅពេល​ក្មួយៗ​កាន់​ដំបង​ដែក នោះ​ក្មួយៗ​នឹង​ដើរ​កៀក​ព្រះហស្ដ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។២០ ទ្រង់នឹង​ដឹកនាំ​ក្មួយៗ ហើយ ទ្រង់នឹង​បង្រៀន​ក្មួយៗ២១ តាមរយៈ ព្រះហស្ដ ទ្រង់ ក្មួយៗ​នឹង​អាច​ឈ្នះ​រាល់​កូលីយ៉ាត ដែល​លេចឡើង​មកក្នុង​ជីវិត​របស់​ក្មួយៗ ។

ទីបន្ទាល់

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា មាន​អំណរ​ក្នុង​ការអធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការទទួល​ទាន​សាក្រាម៉ង់​រាល់​ថ្ងៃ​អាទិត្យ និង​ក្នុងការ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា—ទោះ​ព្រឹក​ព្រលឹម​ក៏​ដោយ ! នេះ​ជា​អំណរ​ក្នុង​ការ​ធ្វើ​សេចក្ដីល្អ ។

មាន​អំណរ​នៅក្នុងភាពស្មោះត្រង់​ចំពោះ​ព្រះ​នៃ​សកល​លោក ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ។ មាន​អំណរ​ក្នុង​ការធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះ​ជា​ព្រះវរបិតា​យើង ។ ទ្រង់​ជ្រាបដឹង​ពី​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត និង​លទ្ធភាព​របស់​ក្មួយៗ ហើយ​ទ្រង់​ទុក​ចិត្ត​លើ​ក្មួយៗ ។

យុវវ័យ​ជា​ទីស្រឡាញ់ ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជួយ​ក្មួយៗ​ឲ្យ​ស្មោះត្រង់​រហូត​ដល់​ទីបញ្ចប់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នូវ​សេចក្តីពិត​ទាំងនេះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។