សន្និសីទទូទៅ
ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ

តាមរយៈ​ការគោរព​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​ឲ្យ​ព្រះ​ចាក់ស្រោច​ព្រះពរ​ដែល​បាន​សន្យា​ជា​ច្រើន​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​ទាំងនោះ ។

ពេល​កូន​ពៅ​ពីរ​នាក់​របស់​ខ្ញុំ​ធំឡើង ខ្ញុំ​បាន​រកឃើញ​សៀវភៅ​ដែល​មានការកម្សាន្ត និង​គួរឲ្យ​ចាប់ចិត្ត ប៉ុន្តែ​ក៏​បាន​ប្រើ​និមិត្ត​សញ្ញា​នៅ​ក្នុង​ដំណើររឿង​ផងដែរ ។ ពេល​យើង​អាន​សៀវភៅជាមួយ​គ្នា​នា​ពេល​ល្ងាចៗ ខ្ញុំ​ចូលចិត្ត​ជួយ​កូនៗ​ឲ្យ​យល់​ពី​និមិត្ត​សញ្ញា​ដែល​អ្នកនិពន្ធ​កំពុង​ប្រើ​ដើម្បី​បង្រៀន​គោលការណ៍​ដ៏​ស៊ីជម្រៅ រួមទាំង​គោលការណ៍​ដំណឹងល្អ​ផងដែរ ។

ខ្ញុំ​បាន​ដឹង​ថា ពួកគេ​យល់វា​ទាំងស្រុង​នៅ​ថ្ងៃ​មួយ ពេលដែល​កូន​ប្រុសពៅ​ខ្ញុំ​មាន​វ័យ​ជំទង់ ។ គាត់​បាន​ចាប់ផ្តើម​អាន​សៀវភៅ​ថ្មី​មួយ ហើយ​គ្រាន់​តែ​ចង់​រីករាយ​នឹង​រឿង​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​គំនិត​គាត់​នៅតែ​ព្យាយាម​ស្វែងយល់​ពី​អត្ថន័យ​​ស៊ីជម្រៅ​នៃ​អ្វីៗ​ដែល​គាត់​កំពុង​អាន ។ គាត់​ស្មុគស្មាញ ប៉ុន្តែ​ខ្ញុំ​ញញឹម​ក្នុង​ចិត្ត ។

ព្រះយេស៊ូវ​បាន​បង្រៀន​តាម​រយៈ​ដំណើររឿង និង​និមិត្ត​សញ្ញា —គ្រាប់​ពូជ​មួយ ដើម្បី​បង្រៀន​ពី​អំណាច​នៃ​សេចក្ដី​ជំនឿ ចៀម​ដែល​វង្វេង បង្រៀន​ពី​តម្លៃ​នៃ​ព្រលឹង កូនប្រុស​ខ្ជះខ្ជាយ បង្រៀនពី​ចរិត​លក្ខណៈ​របស់​ព្រះ ។ រឿង​ប្រៀបប្រដូច​របស់​ទ្រង់​គឺជា​និមិត្ត​សញ្ញា​ដែល​ទ្រង់​អាច​បង្រៀន​មេរៀន​ស៊ីជម្រៅ​ដល់​អ្នក​ដែល​មាន « ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ » ។ ប៉ុន្តែ​អ្នក​ដែល​ពុំ​ស្វែងយល់អត្ថន័យ​ស៊ីជម្រៅ​នឹង​មិន​យល់​ឡើយ ដូចគ្នា​នឹង​មនុស្ស​ជា​ច្រើន​ដែល​បានអាន​សៀវភៅដែល​​ខ្ញុំ​បាន​អាន​ឲ្យ​កូនៗ​ស្តាប់​ដែរ មិន​ដឹង​ថា​វា​មាន​អត្ថន័យ​ស៊ីជម្រៅ​និង​មាន​អ្វីៗ​ជាច្រើនក្នុង​សាច់រឿង​ទាំងនោះ​ទេ ។

នៅ​ពេល​ព្រះ​ប្រទាន​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ពលិកម្ម​សម្រាប់​យើង នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​ដ៏​ខ្ពស់​បំផុត នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះវរបិតា​សម្រាប់​យើង​ម្នាក់ៗ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ក្លាយ​ជា​កូនចៀម​នៃ​ព្រះ ។

យើង​មាន​ឯកសិទ្ធិ និង​ពរជ័យ​ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ដែល​ជីវិត​យើង​ផ្ទាល់​អាច​ក្លាយ​ជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​សញ្ញា​នោះ ។ សេចក្ដី​សញ្ញា​បង្កើត​ជា​ទំនាក់​ទំនង​ដែល​អនុញ្ញាត​ឲ្យ​ព្រះ​សូន និង​ផ្លាស់ប្ដូរ​យើង​តាម​ពេល​វេលា ហើយ​ណែនាំ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្រ្គោះ ដោយ​នាំ​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ទ្រង់ និង​ព្រះវរបិតា ហើយ​នៅ​ទីបំផុត​រៀបចំ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ទី​វត្តមាន​របស់​ទ្រង់​ ។

មនុស្ស​ម្នាក់ៗនៅលើ​ផែនដី​នេះ គឺ​ជា​បុត្រា ឬ​បុត្រី​ដ៏​ពិសេស​របស់​ព្រះ ។​ ពេល​យើង​ជ្រើសរើស​ចូលរួម​ក្នុង​សេចក្ដី​សញ្ញា វា​ពង្រឹង និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង​ជាមួយ​ទ្រង់កាន់​តែ​ស៊ី​ជម្រៅ​ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា នៅ​ពេល​យើង​ជ្រើសរើស​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​យើង​ជាមួយ​ទ្រង់ អាច​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ពេលដែល​យើង​ធ្វើ​សេចក្តី​សញ្ញា ហើយ​ទ្រង់អាច​ប្រទានពរ​យើង​នូវ​សេចក្តី​មេត្តាករុណា និងសេចក្តី​ស្រឡាញ់​ដ៏​ច្រើន​អនេក​ទៅ​ទៀត ជា​សេចក្ដី​ស្រឡាញ់​នៃ​សេចក្ដី​សញ្ញា​ដែលភាសា​ហេព្រើរ ហៅ​ថា hesed ហេសិដ១១ ផ្លូវ​នៃ​សេចក្តី​សញ្ញា គឺអំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ—ជា hesed ហេសិដ របស់​យើង​ជាមួយ​ទ្រង់ ។១២

ព្រះវរបិតា​យើង​មាន​ព្រះទ័យ​ចង់​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​បុត្រា​បុត្រី​ទ្រង់ទាំងអស់១៣ប៉ុន្តែ​វា​ជា​ជម្រើស​របស់​យើង​ទេ ។ ពេល​យើង​ជ្រើសរើស​ខិត​កាន់តែ​ជិត​ទ្រង់​តាមរយៈ​ទំនាក់ទំនង សេចក្ដី​សញ្ញា នោះ​វា​អនុញ្ញាត​ឲ្យ​ទ្រង់​ខិត​កាន់តែ​ជិត​យើង​ដែរ១៤ហើយ​ប្រទាន​ពរ​យើងកាន់តែពេញលេញ ។

ព្រះ​កំណត់​លក្ខខណ្ឌ និង​កាតព្វកិច្ច​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ ។១៥ ពេល​យើង​ជ្រើសរើស​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​នោះ យើង​ធ្វើ​ជា​សាក្សី​ចំពោះ​ទ្រង់​តាមរយៈ​សកម្មភាព​ជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​សញ្ញានីមួយៗ​ថា ​យើង​មាន​ឆន្ទៈ​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​ទ្រង់​បាន​កំណត់ ។១៦ តាមរយៈ​ការគោរព​សេចក្ដី​សញ្ញា​របស់​យើង នោះយើង​អាច​ឲ្យ​ព្រះ​ចាក់​ស្រោច​ព្រះពរ​ដែល​បាន​សន្យា​ជា​ច្រើន ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​ទាំងនោះ១៧ រួមទាំង​មានអំណាច​កាន់តែ​ខ្លាំង​ដើម្បី​ផ្លាស់ប្ដូរ និង​ប្រែក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ ជា​ស្នូល​នៃ​សេចក្ដី​សញ្ញា​ទាំងអស់​ដែល​យើង​បាន​ធ្វើ ហើយ​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​កើត​មាន​មក​ដោយសារ​តែ​ការពលិកម្ម​ធួន​របស់​ទ្រង់ ។១៨

បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច គឺ​ជា​និមិត្ត​សញ្ញា​ច្រក​ទ្វារ​ដែល​យើង​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។ ការពន្លិច​ទៅ​ក្នុង​ទឹក ហើយ​ងើប​ឡើង​មក​វិញ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ជីវិត​ថ្មី ។១៩ ពេលយើងជ្រមុជ​ទឹកជា​និមិត្ត​សញ្ញា​ថា យើងស្លាប់ ហើយ​កើត​ឡើង​វិញ​ក្នុង​គ្រួសារ​នៃ​ព្រះគ្រីស្ទ ហើយ​បង្ហាញ​ថា​យើង​មាន​ឆន្ទៈ​លើកដាក់​ព្រះនាម​ទ្រង់​មកលើខ្លួន​យើង ។២០ យើង​បង្កប់​និមិត្ត​សញ្ញា​នៃ​សេចក្ដី​សញ្ញា​នោះ​ក្នុងខ្លួន​យើង​ផ្ទាល់ ។ យើង​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថា « ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ » ។២១ ជា​និមិត្ត​សញ្ញា ពេល​យើង​ជ្រមុជ​ទឹក យើង​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ ។

ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ក៏​ចង្អុលនាំ​ទៅកាន់​ព្រះអង្គ​សង្រ្គោះ​ផង​ដែរ ។ នំប៉័ង និង​ទឹក​ជា​និមិត្ត​សញ្ញា​នៃ​សាច់ និង​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ដែល​បាន​ច្រួច​ជំនួស​យើង ។២២ អំណោយទាន​នៃ​ដង្វាយធួន​របស់​ទ្រង់​ត្រូវបាន​ផ្ដល់​ជា​និមិត្ត​សញ្ញា​ដល់​យើង​រាល់​សប្ដាហ៍ ពេលដែល​អ្នកកាន់​បព្វជិតភាពចែក​នំប៉័ង និង​ទឹក​ដល់​យើង ជា​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។ ពេល​យើង​ធ្វើ​សកម្មភាព​នៃ​ការទទួលទាន និង​ផឹក​និមិត្តរូប​នៃ​សាច់ និង​ព្រះលោហិត​របស់​ទ្រង់ ជា​និមិត្ត​សញ្ញាថា ​ព្រះគ្រីស្ទ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យើង ។២៣ យើង​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ម្ដងទៀត នៅពេល​យើង​ធ្វើ​សេចក្តី​សញ្ញា​ថ្មី​មួយ​ជា​រៀងរាល់​សប្តាហ៍ ។២៤

ពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​នៅ​ក្នុង​ដំណាក់នៃ​ព្រះអម្ចាស់ នោះ​យើង​ពង្រឹងទំនាក់ទំនង​យើង​ជាមួយ​ទ្រង់​កាន់តែខ្លាំង ។២៥ អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នាំ​ទៅ​រកផែនការ​របស់​ព្រះវរបិតា​សម្រាប់​យើង ដែល​ព្រះអង្គ​សង្រ្គោះ និង​ពលិកម្ម​ធួន​របស់​ទ្រង់ គឺ​ជា​ស្នូល ។២៦ ព្រះអម្ចាស់​នឹង​បង្រៀន​យើង​មួយ​បន្ទាត់​ម្ដងៗ២៧ តាមរយៈ​និមិត្ត​សញ្ញា​នៃ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នានា នៅពេល​យើង​បើក​ដួងចិត្ត ហើយ​ព្យាយាម​យល់​ពី​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ ប្រកប​ដោយ​ការអធិស្ឋាន ។

ជា​ចំណែក​នៃ​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ យើង​ត្រូវបាន អនុញ្ញាត​ឲ្យ ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ ។ វា​ជា​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​និង​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​ ។

នៅ​ក្នុង​ទំនៀម​ទម្លាប់​សាសនា​ជា​ច្រើន សម្លៀកបំពាក់​ពិសេសៗ​ត្រូវបាន​ពាក់​ជា​និមិត្ត​សញ្ញា​នៃ​ជំនឿ និង​ការតាំងចិត្ត​របស់​បុគ្គល​ម្នាក់​ចំពោះ​ព្រះ២៨ ជា​ញឹកញាប់​សម្លៀកបំពាក់​សម្រាប់​ពិធី​ត្រូវ​បាន​ពាក់​ដោយ​អ្នក​ដែល​ដឹកនាំ​ពិធី​ថ្វាយ​បង្គំ​នានា ។ សម្លៀកបំពាក់​ពិសិដ្ឋ​ទាំងនោះ​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​អ្នក​ដែល​ពាក់​វា ។ យើង​បាន​អាន​ក្នុង​ព្រះគម្ពីរ​ថា នៅ​សម័យ​បុរាណ សម្លៀកបំពាក់​សម្រាប់​ពិធី​ពិសិដ្ឋ​ក៏​ត្រូវ​បាន​ពាក់​តាម​ក្បួនរីត៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។២៩

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពួក​យើង​ដែល​បាន​ជ្រើសរើស​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ពាក់​សម្លៀកបំពាក់​សម្រាប់​ពិធីពិសិដ្ឋ អំឡុង​ពេល​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​និមិត្ត​សញ្ញា​នៃ​សម្លៀកបំពាក់​ដែល​ពាក់​តាម ក្បួនរីត៍​ក្នុង ព្រះវិហារ​បិរសុទ្ធ​ពី​បុរាណ ។ យើង​ក៏​ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ទាំងអំឡុង​ពេល​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ បរិសុទ្ធ និង នៅក្នុង​ជីវិត​របស់​យើង​រាល់ថ្ងៃ ។៣០

សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ​ជា​និមិត្ត​សញ្ញា​ដ៏​ជ្រាលជ្រៅ និង​នាំទៅ​ព្រះអង្គ​សង្រ្គោះផងដែរ ។ ពេល​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ទទួលទាន​ផ្លែ​ដឹង​ខុស​ត្រូវ ហើយ​ចាកចេញ​ពី​សួនច្បារ​អេដែន នោះ​ពួកលោក​ទទួលបាន​អាវ​ស្បែក​ដើម្បី​គ្រប​ដណ្តប់​ខ្លួន ។៣១ វា​ទំនង​ជាបាន​មក​ពី​ការបូជា​សត្វ ដើម្បី​ធ្វើ​អាវ​ស្បែក—ជា​និមិត្ត​សញ្ញា​នៃ​ការពលិកម្ម​ផ្ទាល់​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង ។ Kaphar ( កាផារ ) គឺជា​ពាក្យ​គ្រឹះ​ជា​ភាសា​ហេព្រើរ​សម្រាប់​ដង្វាយធួន ហើយមាន​អត្ថន័យ​មួយថា « ដើម្បី​គ្រប​ដណ្តប់ » ។៣២ សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​ថា ព្រះអង្គ​សង្រ្គោះ និង​ពរជ័យ​នៃ​ដង្វាយធួន​ទ្រង់​គ្រប​ដណ្តប់​យើង​ពេញ​មួយ​ជីវិត ។ កាល​យើង​ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ នោះ​និមិត្ត​សញ្ញា​ដ៏​ស្រស់​ស្អាតនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្លួនយើង ។

ក្នុង​គម្ពីរ​រ៉ូម​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​អាន​ថា « យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ ។ … គឺ​ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ » ។៣៣

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ​ក្នុង​ការពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ​ដើម្បី​រំឭក​ខ្ញុំ​ថា ព្រះអង្គ​សង្រ្គោះ និង​ពរជ័យ​នៃ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់​តែងតែ​គ្រប​ដណ្តប់​ខ្ញុំ​ពេញ​មួយ​ជីវិត ។ វា​ក៏​រំឭក​ខ្ញុំ​ថា នៅពេល​ខ្ញុំ​រក្សា​សេចក្ដីសញ្ញា ដែល​ខ្ញុំ​ធ្វើ​ជាមួយ​ព្រះ​នៅក្នុង​ដំណាក់​របស់ទ្រង់ ជា​និមិត្តរូប​គឺ​ខ្ញុំ​បាន​លើក​ដាក់​ព្រះគ្រីស្ទ ដែល​ទ្រង់ផ្ទាល់​គឺជា​អាវក្រោះ​នៃ​ពន្លឺ ។ ទ្រង់​នឹង​ការពារ​ខ្ញុំ​ពី​សេចក្ដី​អាក្រក់ ។៣៤ប្រទាន​អំណាច និង​ចម្រើន​សមត្ថភាព​ខ្ញុំ ៣៥ ហើយ​ធ្វើជា​ពន្លឺ​និង​ដឹកនាំ​ខ្ញុំ ៣៦ ឆ្លងកាត់​ភាពងងឹត និង​ការលំបាក​នៃ​លោកិយ​នេះ ។

វា​មាន​អត្ថន័យ​ជា​និមិត្តរូប​ដ៏​ជ្រាលជ្រៅ និង​ស្រស់ស្អាត​នៅក្នុង​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ និង​ទំនាក់​ទំនង​វា​ទៅ​នឹង​ព្រះគ្រីស្ទ ។ ខ្ញុំ​ជឿថា ឆន្ទៈ​របស់​ខ្ញុំ៣៧ដើម្បី​ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​ក្លាយ​ជា​និមិត្តរូប​របស់ខ្ញុំ​ ចំពោះ​ទ្រង់ ។៣៨ វា​គឺជា​ទីសម្គាល់​ផ្ទាល់ខ្លួន​ខ្ញុំ​ចំពោះ​ព្រះ ពុំ​មែន​ចំពោះ​អ្នក​ដទៃ​ទេ ។៣៩

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។៤០ ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​និរន្តរ​របស់​ទ្រង់ និង​ព្រះវរបិតា​ចំពោះ​យើង​ម្នាក់ៗ៤១ដោយ​មាន​និមិត្ត​សញ្ញា​ជាក់​ស្តែង​នៃ​សេចក្ដី​ស្រឡាញ់ និង​ការពលិកម្ម​នោះ—ព្រះពាហុ ព្រះបាទា និង​ចំហៀង​របស់​ព្រះអង្គ​សង្គ្រោះ—នៅតែ​មាន​ស្នាម ទោះជា​ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ក៏​ដោយ ។៤២

នៅពេល​ខ្ញុំ​គោរព​តាម​សេចក្ដី​សញ្ញា និង​កាតព្វកិច្ច​របស់ខ្ញុំ​ជាមួយ​ព្រះ រួមទាំង​ការពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ នោះ​ជីវិត​ខ្ញុំ​អាច​ក្លាយ​ជា​និមិត្ត​សញ្ញា​ផ្ទាល់​ខ្លួន​នៃ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ​សង្រ្គោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រាថ្នា​ចង់ឲ្យ​ទ្រង់​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច ។

បើ​បងប្អូន​ពុំទាន់​ធ្វើ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ជ្រើសរើស​មាន​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ជាមួយ​ព្រះ ដោយ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ សូម​សិក្សា​ប្រសាសន៍​របស់​ព្យាការី​យើង ( រួមទាំង​ការ​បង្រៀនដ៏ល្អ​នៅក្នុង​លេខយោង​នៃ​ប្រសាសន៍​របស់​លោក ដែល​មាន​ស្ទើរ​តែគ្រប់​សន្និសីទ​ ) ។ លោក​បាន​ថ្លែង​ដដែលៗ​អំពី​សេចក្ដីសញ្ញា​ជាច្រើន​ឆ្នាំ​ហើយ ជាពិសេស​ចាប់តាំង​ពីលោក​ក្លាយជា​ប្រធាន​នៃ​សាសនាចក្រ ។ សូម​រៀន​នូវ​ការបង្រៀន​របស់​លោក​អំពី​ពរជ័យ​ដ៏អស្ចារ្យ ហើយ​បងប្អូន​អាច​មាន​អំណាច និង​សមត្ថភាព​កាន់តែ​ខ្លាំង តាមរយៈ​ការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។៤៣

ក្បួនខ្នាតទូទៅ ចែងថា វា​មិនតម្រូវ​ឲ្យ​មាន​ការហៅ​បម្រើ​បេសកកម្ម ឬ​ត្រូវ​រៀបការ ដើម្បី​ចុះ​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​បាន​នោះទេ ។៤៤ បុគ្គល​ម្នាក់​ត្រូវ​តែ​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ឈប់​រៀន​នៅ​វិទ្យាល័យ ឬ​តម្លៃ​ស្មើ ហើយ​ជា​សមាជិក​នៃ​សាសនាចក្រ​រយៈពេល​យ៉ាងតិច​មួយឆ្នាំ ។ ក៏​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​នៃ​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​ផងដែរ ។៤៥ បើ​បងប្អូន​មាន​បំណង​ប្រាថ្នា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការចុះ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ខ្ញុំ​សូមអញ្ជើញ​បងប្អូន​ឲ្យ​និយាយ​នឹង​ប៊ីស្សព ឬ​ប្រធានសាខា​ហើយ​ប្រាប់​ឲ្យ​ពួកគាត់​ដឹង​ពី​បំណង​ប្រាថ្នា​របស់​បងប្អូន ។ គាត់​នឹង​ជួយ​បងប្អូន​ឲ្យ​ដឹង​របៀប​ដើម្បី​រៀបចំ​ខ្លួន​ទទួល​យក និងគោរព​សេចក្ដី​សញ្ញា​ទាំងនោះ ។

តាមរយៈ​ទំនាក់​ទំនង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ជីវិត​យើង​ផ្ទាល់​អាច​ក្លាយ​ទៅ​ជា​និមិត្ត​សញ្ញា​រស់​នៃ​ការតាំងចិត្ត និង​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ជា hesed ហេសិដរបស់​យើង​សម្រាប់​ទ្រង់៤៦និង​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​រីកចម្រើន ហើយ​ប្រែក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​នៅ​ទីបំផុត ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចូល​ទៅក្នុង​ទី​វត្តមាន​ទ្រង់​ទាំងទ្វេ​ថ្ងៃ​ណា​មួយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ទំនាក់ទំនង​សេចក្ដី​សញ្ញា​នោះ​គឺ​សម​នឹង​តម្លៃ​ណាស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕