សន្និសីទទូទៅ
វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ម្ដងហើយ​ម្ដងទៀត ដដែលៗ និង​ដោយ​មាន​ចេតនា​ពិត ហើយ​ជួយ​អ្នកដទៃ​នៅតាម​ផ្លូវ​របស់​ពួកគេ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ភរិយា​ខ្ញុំ រូស្ស កូនស្រី​យើង អាសលី និង​ខ្ញុំ​បាន​ចូលរួមនឹង​អ្នកទេសចរ​ណ៍ផ្សេងទៀត​ក្នុង​ដំណើរ​កម្សាន្ដ​ទូក​ខៃយ៉ាក​នៅ​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក ។​ ទូក​ខៃយ៉ាក​គឺជា​ទូក​ទាប​ដល់​ទឹក មាន​រាង​ដូច​ទូក​ខានូ ដែល​អ្នកជិះ​​អង្គុយ​បែរ​ទៅមុខ ហើយ​ប្រើ​ច្រវា​ដែល​មាន​ផ្លែ​ពីរ ដើម្បី​ចែវ​ពី​មុខ​ទៅ​ក្រោយ ម្ដង​ខាង​នេះ ម្ដង​ខាង​នោះ ។ តាម​ផែនការ​គឺ​ចែវ​ទូក​ទៅកាន់​កោះ​តូចៗ​ចំនួន​ពីរ ចេញពី​ឆ្នេរ​អូអាហ៊ូ ហើយត្រឡប់​មកវិញ ។ កាលពី​ខ្ញុំ​នៅក្មេង ខ្ញុំ​មាន​ទំនុក​ចិត្តពីព្រោះ​ខ្ញុំ​ធ្លាប់​ចែវ​ទូក​ខៃយ៉ាក​ឆ្លងកាត់​បឹង​ភ្នំ ។ ការមាន​ទំនុក​ចិត្ត​ហួសហេតុ មិន​ដែល​បាន​ផល​ល្អ​ទេ មែនអត់ ?

អ្នកនាំផ្លូវ​បាន​ផ្តល់​ការណែនាំ​ដល់​យើង ហើយ​បង្ហាញ​របៀប​ប្រើទូក​ខៃយ៉ាក​សម្រាប់​ទឹកសមុទ្រ ។ ទូក​ទាំងនោះ​ខុសពី​ទូក​ដែល​ខ្ញុំ​ធ្លាប់​ចែវ​ពីមុន​ ។ ខ្ញុំ​ត្រូវ​អង្គុយ​នៅ​ពីលើ​ទូក​ខៃយ៉ាក ពុំមែន​អង្គុយ​ក្នុង​ទូក​ទេ ។ ពេល​ខ្ញុំ​ឡើង​ទូក​ខៃយ៉ាក ទំនាញ​ទម្ងន់​​ខ្ញុំ​ធ្ងន់ជាង​ធម្មតា ហើយ​ខ្ញុំ​មិន​សូវ​មាន​លំនឹង​នៅលើ​ទឹក​ទេ ។

ពេល​យើង​ចាប់ផ្តើម ខ្ញុំ​បាន​ចែវ​ទូក​លឿន​ជាង រូស្ស និង អាសលី ។ មួយ​សន្ទុះ​ក្រោយមក ខ្ញុំ​អុំ​ហួស​ឆ្ងាយ​ពី​ពួកគេ ។ ទោះជា​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ល្បឿន​ដ៏​លឿនរបស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​បាន​ឈប់​ចែវ រង់ចាំឲ្យ​ពួកគេ​អុំមក​ទាន់​ដែរ ។ រលក​ធំ​មួយ—ទំហំធំប្រហែល ១៣ សង់ទីម៉ែត្របោក​មក​លើ​ចំហៀង​ទូក​ខៃយ៉ាក​ខ្ញុំ​ធ្វើឲ្យ​ក្រឡាប់ខ្ញុំ​ធ្លាក់​ទៅក្នុង​ទឹក ។ ពេលខ្ញុំ​ក្រឡាប់​ទូក​ខៃយ៉ាក​មក​វិញ ហើយ​ខំ​ឡើង​ជិះ​ទូក​ រូស្ស និង អាសលី បាន​ចែវ​ហួស​ខ្ញុំ​បាត់​ទៅហើយ ប៉ុន្ដែ​ខ្ញុំ​ចែវ​ទៅមុខ​មិន​រួចទេ ព្រោះ​ខ្ញុំ​ដក​ដង្ហើម​ស្ទើរ​មិន​ដល់​គ្នាផង ។ ខ្ញុំ​ដក​ដង្ហើមមិន​ទាន់​បាន​ស្រួលបួល​ផង ស្រាប់តែមាន​រលក​មួយ​ទៀត​បក់មក វា​ពិតជា​ធំ​មែន—ទំហំធំប្រហែល ២០ សង់ទីម៉ែត្របាន​បោក​មក​លើទូក​ខ្ញុំ ធ្វើឲ្យ​ក្រឡាប់​ទូក​ខ្ញុំ​ម្ដងទៀត ។ ទម្រាំ​ខ្ញុំ​អាច​លើកក្រឡាប់​ទូក​ខៃយ៉ាកមកវិញ​បាន ខ្ញុំស្ទើរតែផុត​ដង្ហើម ហើយ​ខ្ញុំ​ភ័យ​ថា ខ្ញុំ​មិន​អាច​ឡើង​ជិះលើ​ទូក​រួច​ទេ ។

ពេល​ឃើញ​ស្ថានភាព​ខ្ញុំដូច្នេះ អ្នកនាំផ្លូវ​បាន​ចែវ​ទូក​មក​ក្បែរ ហើយ​បាន​ទប់​ទូក​ខ្ញុំ​ឲ្យនឹង សម្រួល​ឲ្យ​ខ្ញុំ​ឡើងជិះ​ទូក​វិញ​បាន ។ ពេល​គាត់​ឃើញ​ថា ខ្ញុំ​នៅដង្ហក់ខ្លាំង​មិនអាច​ចែវ​បាន​ដោយ​ខ្លួនឯង គាត់​ក៏បាន​ចង​ខ្សែពួរ​មួយ​ជាប់នឹង​ទូក​ខ្ញុំ ចែវអូស​ទូក​ខ្ញុំ​ទៅ​ជាមួយ​គាត់ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ដក​ដង្ហើម​ស្រួល​វិញ ហើយ​ចែវទូកបាន​ដោយ​ខ្លួនឯង ។ គាត់​បាន​ស្រាយ​ខ្សែពួរ​ចេញ ហើយ​ខ្ញុំ​បាន​ទៅដល់​កោះ​ទីមួយ​ដោយ​គ្មានជំនួយ​បន្ថែម​ឡើយ ។ ពេល​មក​ដល់ ខ្ញុំ​បាន​ទម្លាក់​ខ្លួន​លើ​ខ្សាច់ ទាំងអស់​កម្លាំង​យ៉ាង​ខ្លាំង ។

បន្ទាប់ពី​ក្រុម​បាន​សម្រាក​ហើយ អ្នកនាំផ្លូវ​បាន​និយាយខ្សឹបៗ​ប្រាប់​ខ្ញុំ​ថា « លោក រិនឡាន់ ខ្ញុំ​គិត​ថា បើ​លោក​គ្រាន់តែ​បន្ដ​ចែវទូក ហើយ​រក្សា​សន្ទុះ​ទូក​លោក​ឲ្យ​ទៅ​មុខ នោះលោក​នឹង​មិន​អីទេ » ។ ខ្ញុំ​បាន​ធ្វើតាម​ដំបូន្មាន​គាត់ នៅពេល​យើង​អុំ​ទូក​ទៅកាន់​កោះ​ទី​ពីរ រួច​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ។ អ្នកនាំផ្លូវ​បាន​ចែវទូក​មក​ក្បែរ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំពីរ​ដង​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​ណាស់ ។ ទោះជា​រលក​ធំ​ជាងនេះ​បាន​បោក​មក​ចំហៀង​ទូក​ខៃយ៉ាក​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ក្រឡាប់​ទូក​ដែរ ។

តាមរយៈ​ការបន្ដ​ចែវ​ទូក​ខៃយ៉ាក​ដោយ​ខ្ជាប់ខ្ជួន នោះ​ខ្ញុំ​រក្សា​សន្ទុះ ហើយចែវ​បន្ដ​ឆ្ពោះ​ទៅមុខ កាត់​បន្ថយ​ឥទ្ធិពល​នៃ​រលក​ដែល​បោក​មក​ចំហៀង​ទូក​ខ្ញុំ ។ គោលការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ យើង​ងាយ​នឹង​រងគ្រោះ នៅពេល​យើង​បន្ថយ​ល្បឿន ជាពិសេស​នៅពេល​យើង​ឈប់ ។ បើ​យើង​រក្សា​សន្ទុះ​ខាង​វិញ្ញាណ​ដោយ​បន្ត « ចែវទូក » ឆ្ពោះ​ទៅរក​ព្រះអង្គ​សង្គ្រោះ នោះ​យើង​កាន់តែ​មាន​សុវត្ថិភាព និង​សន្ដិសុខ ដោយសារ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​ពឹង​ផ្អែកលើ​សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ទ្រង់ ។

សន្ទុះ​ខាង​វិញ្ញាណ​កើតឡើង « ពេញ​មួយ​ជីវិត នៅពេល​យើង​ឱប​ក្រសោប​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏ខ្ជាប់ខ្ជួន » ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ការធ្វើ​ដូច្នោះ​បង្កើត​ជា « វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌ » ។ តាមពិត ធាតុ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—ដូចជា ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ដ ការចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុតពុំ​មែន​ដើម្បី​ឲ្យ​ដក​ពិសោធន៍​តែ​ម្ដង ហើយ​ចប់​នោះ​ទេ ។ ជាពិសេស « ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » វា​ពុំ​មែន​ជា​ជំហាន​ផ្សេងមួយ​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នោះ​ទេ—ពុំមែន​ថា​យើង​បញ្ចប់​ជំហាន​ទាំង​បួន​ដំបូង​ហើយ បន្ទាប់​មកដេកចាំខាំ​ធ្មេញ រង់​ចាំ​ថ្ងៃ​ស្លាប់​នោះ​ទេ ។ អត់ទេ ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺជា​ការអនុវត្ត​ធាតុ​ផ្សេងទៀត​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ម្តងហើយ​ម្តងទៀត ​ដដែលៗ ដែល​បង្កើត​បានជា « វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌ » ដូច​ដែល​ប្រធាន ណិលសុន បាន​រៀបរាប់ ។

ម្ដងហើយ​ម្ដងទៀត មាន​ន័យ​ថា យើង​ដក​ពិសោធន៍​ធាតុ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ម្ដងហើយ​ម្ដងទៀត​ពេញ​មួយ​ជីវិត​យើង ។ ដដែលៗ មាន​ន័យ​ថា យើង​ស្ថាបនា និង​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើងដោយ​ធ្វើ​ឡើងវិញ​ដដែលៗ ។ ទោះបីជា​យើង​ធ្វើ​តាម​ជំហាន​ទាំងនេះ​ឡើងវិញ​ក្ដី ក៏​យើង​ពុំ​នៅ​វិលជុំ​ដោយ​គ្មាន​ផ្លូវ​ឆ្ពោះ​ទៅមុខ​នោះដែរ ។ ផ្ទុយទៅវិញ យើង​​កាន់តែខិត​ទៅ​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទ រាល់​ពេល​យើង​ចូល​វដ្ដ​នេះ​ម្ដងៗ ។

សន្ទុះ​ជាប់ទាក់ទង​ទាំង​ល្បឿន និង​ទិសដៅ​ ។ បើ​ខ្ញុំ​ចែវទូក​ខៃយ៉ាក​យ៉ាងលឿន​ទៅខុសទិសដៅ​ខ្ញុំ​អាច​បង្កើត​សន្ទុះ​ដ៏ខ្លាំង​មួយ​បាន ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ទៅ​ដល់​គោលដៅ​ដែល​គ្រោងទុក​នោះ​ទេ ។ ស្រដៀងគ្នា​នេះ​ដែរ នៅក្នុង​ជីវិត យើង​ត្រូវតែ « ចែវ​ទូក » ឆ្ពោះ​ទៅរក​ព្រះអង្គ​សង្រ្គោះ​ដើម្បី​មក​រក​ទ្រង់ ។១០

សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ចិញ្ចឹមបីបាច់​ជា​រៀងរាល់​ថ្ងៃ ។១១ សេចក្ដី​ជំនឿ​នឹង​ត្រូវបាន​បីបាច់ នៅពេល​យើង​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ គិត​ពិចារណា​ពី​សេចក្ដីល្អ​របស់​ព្រះ​ជា​រៀងរាល់​ថ្ងៃ ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ហើយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ ។ ដូចជា ការពន្យាពេល​ចាំទទួល​ទានអាហារ​រហូតដល់​ថ្ងៃអាទិត្យ ដើម្បីទទួល​ទានសរុប​ក្នុងមួយពេល​តែម្ដង ​វា​មិន​ល្អ​សម្រាប់​សុខភាពទេ ហើយវាក៏​មិន​ល្អ​ខាង​វិញ្ញាណ​ដែរ បើ​យើង​ដាក់​កំហិត​លើ​ឥរិយាបថ​​បីបាច់​ដល់​ទីបន្ទាល់​របស់​យើង​មក​ត្រឹម​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​វិញនោះ ។១២

នៅពេល​យើង​ទទួល​ខុសត្រូវ​ចំពោះ​ទីបន្ទាល់​ផ្ទាល់ខ្លួន​យើង១៣ នោះ​យើង​ទទួល​បាន​សន្ទុះ​ខាង​វិញ្ញាណ ហើយ​បន្ដិច​ម្ដងៗ យើង​អភិវឌ្ឍ​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​គោលបំណង​ក្នុង​ជីវិត​នេះ ។១៤ ដូចគ្នា​នេះដែរ នៅពេល​យើង​ខិតខំ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​ប្រែចិត្ត នោះ​សន្ទុះ​នឹង​កើនឡើង ។ ការប្រែចិត្ត​គឺ​ពេញ​ដោយ​អំណរ ហើយ​អនុញ្ញាត​ឲ្យ​យើង​រៀន​ពី​កំហុស​របស់​យើង ដែល​ជា​របៀប​យើង​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច ។ យើង​ប្រាកដជា​នឹង​មាន​គ្រា​ដែល​យើង​ក្រឡាប់​ទូក​ខៃយ៉ាក ហើយ​ឃើញ​ថា​ខ្លួនឯង​លិច​ក្នុង​ទឹក​ដ៏ជ្រៅ ។ តាមរយៈ​ការប្រែចិត្ត យើង​អាច​ឡើង​មកលើ​វិញ​បាន ហើយ​បន្ត​ទៅមុខ​ទៀត ទោះបីជា​យើង​បាន​ធ្លាក់ចុះ​ប៉ុន្មាន​ដង​ក៏​ដោយ ។១៥ ផ្នែក​ដ៏​សំខាន់​គឺ​ថា យើង​មិន​បោះបង់​ចោល​ទេ ។

ធាតុ​បន្ទាប់​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​រួមមាន​ការជ្រមុជ​ដោយ​ទឹក និង​តាមរយៈ​ពិធី​បញ្ជាក់ ជា​ការជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៦ ខណៈ​ដែល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​ព្រឹត្តិការណ៍​តែម្ដង នោះ​យើង​រំឭក​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ម្ដងហើយ​ម្តងទៀត នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ ពិធី​សាក្រាម៉ង់​មិន​ជំនួស​ឲ្យ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ តែ​វា​ភ្ជាប់​ធាតុ​ដើម​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—សេចក្ដី​ជំនឿ និង​ការប្រែចិត្ត—ទៅនឹង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៧ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មាន​មនសិការ នោះ​យើង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូលមកក្នុង​ជីវិត​យើង១៨ គឺ​ដូចជា​ពេល​យើង​បាន​ជ្រមុជ​ទឹក និង​បាន​បញ្ជាក់​ដែរ ។១៩ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​ដែល​បាន​រៀបរាប់​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្លាយជា​ដៃគូ​របស់​យើង ។

នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធមាន​ឥទ្ធិពល​កាន់តែ​ខ្លាំងក្នុងជីវិត​យើង នោះ​យើង​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទដដែលៗ​ជាបន្ត​បន្ទាប់ ។ ដួងចិត្ត​យើង​នឹង​ផ្លាស់ប្ដូរ ។ ធម្មជាតិ​របស់​យើង​ដែល​ចង់​ធ្វើ​អំពើ​អាក្រក់​នឹង​ថយចុះ ។ ទំនោរ​ចង់ធ្វើ​ល្អរបស់​យើង​នឹង​កើនឡើង រហូត​ដល់​យើង​ចង់ « ប្រព្រឹត្ត​អំពើល្អ​ជានិច្ច » ។២០ ដូច្នេះ​យើង​អាច​ទទួល​បាន​អំណាច​ពី​ស្ថានសួគ៌ ដែល​ចាំបាច់​ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។២១ សេចក្ដី​ជំនឿ​របស់​យើង​បាន​កើនឡើង ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើតាម​វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នេះ​ម្ដងហើយ​ម្ដងទៀត ។

សន្ទុះ​ឆ្ពោះទៅមុខ​ខាងវិញ្ញាណ ក៏​នាំ​យើង​ទៅ​ធ្វើ​សេចក្ដីសញ្ញា​បន្ថែម​ទៀត​ជាមួយ​ព្រះ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ផងដែរ ។ សេចក្ដីសញ្ញា​ជាច្រើន​ទាញ​យើង​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ហើយ​ភ្ជាប់​យើងទៅ​នឹង​ទ្រង់កាន់តែ​ខ្លាំង ។ តាមរយៈ​សេចក្ដីសញ្ញា​ទាំងនេះ យើង​មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​ខ្លាំង​ឡើង ។ ដើម្បី​ឲ្យច្បាស់ សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ គឺ​ពុំ​មែនជា​ប្រភព​នៃ​អំណាច​នោះទេ។ ប្រភព​នៃ​អំណាច​គឺមកពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង ។ ការធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា​បង្កើត​ជាបណ្ដាញ​ចរន្ដ​អំណាច​មកក្នុង​ជីវិត​របស់​យើង ។ នៅពេល​យើង​រស់នៅ​ស្របតាម​សេចក្ដីសញ្ញា​ទាំងនេះ នៅទី​បំផុត​យើង​នឹង​ក្លាយជា​អ្នកគ្រង​មរតក​នៃ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​ទ្រង់​មាន ។២២ សន្ទុះ​ដែល​កើត​មាន​ដោយសារ​ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ មិន​ត្រឹមតែ​មាន​អំណាច​កែប្រែ​និស្ស័យដ៏​ទេវភាព​របស់​យើង​ទៅជា​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជំរុញ​យើង​ឲ្យ​ជួយ​អ្នកដទៃ​តាម​របៀប​ត្រឹមត្រូវ​ផងដែរ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នកនាំផ្លូវ​រូប​នេះ​បាន​ជួយ​ដល់​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ក្រឡាប់​ទូក​ខៃយ៉ាក ។ គាត់​មិន​បាន​ស្រែក​សួរ​ពី​ចម្ងាយ​នូវ​សំណួរ​ឥត​ប្រយោជន៍​ដូចជា « លោក រិនឡាន់ តើ​លោក​កំពុង​ធ្វើអ្វី​ក្នុង​ទឹក​ហ្នឹង ? » គាត់​ពុំបានចែវទូក​មក​ស្ដីបន្ទោស​ខ្ញុំ​ថា « លោក រិនឡាន់ លោក​នឹង​មិនជួប​រឿង​ចឹង​ទេ បើ​លោក​មាន​រាងកាយ​មាំមួន​ជាងនេះ​នោះ » ។ គាត់​មិនបាន​អូស​ទូក​របស់​ខ្ញុំ​ទេ ពេល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ឡើង​លើ​ទូក​នោះ ។ ហើយ​គាត់​ពុំ​កែតម្រូវ​ខ្ញុំ នៅ​ពីមុខ​ក្រុម​នោះ​ទេ ។ ផ្ទុយ​ទៅវិញ គាត់​បាន​ផ្តល់​ជំនួយ​ដែល​ខ្ញុំ​ត្រូវការ នៅពេល​ខ្ញុំ​ត្រូវការ ។ គាត់​បាន​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ នៅពេល​ខ្ញុំ​ទទួល​យក ។ ហើយ​គាត់​ខំ​ព្យាយាម​លើក​ទឹកចិត្ត​ខ្ញុំ ។

នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ យើង​ពុំបាច់​សួរ​សំណួរ​ឥត​ប្រយោជន៍ ឬ​និយាយ​អ្វី​ដែលយើង​ឃើញ​ជាក់ស្ដែង​នោះ​ទេ ។ មនុស្ស​ភាគច្រើន​ដែល​កំពុង​ជួប​ការលំបាក​ដឹង​ថា ពួកគេ​កំពុង​ជួប​ការលំបាក​ហើយ ។ យើង​មិន​គួរ​វិនិច្ឆ័យ​ទេ ការវិនិច្ឆ័យ​របស់​យើង​មិន​ជួយ ក៏​មិន​ស្វាគមន៍នោះដែរ​ជាញឹកញាប់​វាគឺជាព័ត៌មាន​មិនល្អ ។

ការប្រៀបធៀប​ខ្លួនឯង​ទៅនឹង​អ្នកដទៃ​អាច​នាំឲ្យ​យើង​ប្រព្រឹត្ត​កំហុស​ដ៏​គ្រោះថ្នាក់ ជាពិសេស​បើ​យើង​សន្និដ្ឋាន​ថា យើង​សុចរិត​ជាង​អ្នក​ដែល​កំពុង​ជួប​ការលំបាក​នោះ ។ ការប្រៀបធៀប​បែបនេះ​ប្រៀប​ដូចជា​ការលង់​ទឹក​ទាំង​អស់​សង្ឃឹម​នៅក្នុង​ទឹក​ជម្រៅបី​ម៉ែត្រ២៣ ហើយ​មើល​​នរណា​ម្នាក់​ដែល​លង់​ទឹក​ក្នុង​ជម្រៅបួន​ម៉ែត្រ២៤ រួច​វិនិច្ឆ័យ​គាត់​ថា​គាត់ជា​មនុស្ស​មាន​បាប​ខ្លាំង​ជាង ហើយ​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួនឯងដូច្នោះដែរ ។ សរុបសេចក្ដីទៅ យើងទាំងអស់​គ្នា​មាន​បញ្ហា​រៀងៗខ្លួន ។ គ្មាន​ពួកយើង​ណា​ម្នាក់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ខ្លួនឯង​ឡើយ ។២៥ យើង​ពុំ​អាច​ធ្វើ​បាន​ទេ ។ នៅក្នុង​ព្រះគម្ពីរ​មរមន យ៉ាកុប​បាន​បង្រៀន​ថា « ចូរ​ចងចាំ​ថា បន្ទាប់ពី [ យើង ] រាល់គ្នា​បាន​ស្រុះស្រួល​ជាមួយ​នឹង​ព្រះ​ហើយ នោះ​គឺ​មាន​តែ​ដោយសារ និង​តាមរយៈ​ព្រះគុណ​របស់​ព្រះ​ប៉ុណ្ណោះ ដែល [ យើង ] រាល់គ្នា​បាន​សង្គ្រោះ » ។២៧ យើង​ទាំងអស់​គ្នា​ត្រូវការ​ដង្វាយធួន​ដ៏និរន្ដរ៍របស់​ព្រះអង្គ​សង្គ្រោះ ពុំមែន​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​ដង្វាយធួន​នោះ​ទេ ។

យើងត្រូវការយក​សេចក្តី​មេត្តា​ករុណា ចិត្ត​អាណិត​អាសូរ និង​សេចក្ដី​ស្រឡាញ់​ទាំងអស់​របស់​យើងទៅ​ជាមួយ នៅពេល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​យើង ។២៧ អស់​អ្នក​ដែល​កំពុង​ជួប​ការលំបាក « ត្រូវការ​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ឆ្លុះ​បញ្ចាំង​តាម​ពាក្យ​សម្ដី និង​សកម្មភាព​របស់ [ យើង ] » ។២៨ កាល​យើង​ផ្ដល់​ការងារ​បម្រើ ​ជា​ញឹកញាប់ យើង​លើក​ទឹកចិត្ត​អ្នកដទៃ ហើយ​ផ្ដល់​ជំនួយ ។ ទោះជា​នរណា​ម្នាក់​មិន​ទទួល​យក​ក៏​ដោយ ក៏​យើង​នៅ​បន្ដ​ផ្ដល់​ការងារ​បម្រើ តាម​ដែល​ពួកគេ​អនុញ្ញាត​ដែរ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ដ្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ធ្វើ​ការងារ​បម្រើ ដ្បិត​អ្នករាល់គ្នា​ពុំ​ដឹង​ថា ដល់​ពេលណា​ទេ​ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់ពី​ដួងចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នករាល់គ្នា​នឹង​ទៅ​ជា​មធ្យោបាយ​ក្នុង​ការនាំ​មក​នូវ​សេចក្តី​សង្គ្រោះ​ដល់​គេ » ។២៩ កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ដើម្បី​ព្យាបាល ។ កិច្ចការ​របស់​យើង​គឺ​ដើម្បី​ស្រឡាញ់—ស្រឡាញ់ និង​ផ្ដល់​ការងារ​បម្រើ​តាម​របៀប​មួយ ដែល​នាំ​អ្នកដទៃ​ចូលមក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​គឺជា​ផលផ្លែ​មួយ​នៃ​វដ្ត​ដ៏​មានអានុភាព ប្រកបដោយគុណធម៌​នៃ​គោលលទ្ធិ​របស់ព្រះគ្រីស្ទ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ម្ដងហើយ​ម្ដងទៀត ដដែលៗ និង​ដោយ​មាន​ចេតនា​ពិត ហើយ​ជួយ​អ្នកដទៃ​នៅតាម​ផ្លូវ​របស់​ពួកគេ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​គឺជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ព្រោះ​នៅ​ទីបញ្ចប់ វា​គឺជា​គោលលទ្ធិ​របស់​ទ្រង់ ។ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​នឹង​ត្រូវបានដឹកនាំ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​មាន​ទឹកចិត្ត​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ យើង​អាច​ក្លាយជា​អ្នកគ្រង​មរតក​នៅក្នុង​នគរ​របស់​ព្រះវរបិតា​សួគ៌ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ការរស់នៅ​ដោយ​ស្មោះត្រង់​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕