សន្និសីទទូទៅ
នៅក្នុង​ការគាំទ្រ​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


នៅក្នុង​ការគាំទ្រ​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ

វា​គឺ​ជា​ទំនាក់ទំនង​ក្នុង​ជីវិត​របស់​យុវវ័យ​នោះឯង ដែល​មាន​ឥទ្ធិពល​ខ្លាំងបំផុត​ទៅ​លើ​ការជ្រើសរើស​របស់​ពួកគេ ។

ពេលត្រៀម​ខ្លួន​ដើម្បី​ថ្លែង​ទៅកាន់​បងប្អូន ខ្ញុំចាប់​អារម្មណ៍​ទៅលើ​ដំណើរ​រឿង​របស់ ហេលេមិន និងពួក​កូន​កំលោះ​របស់​ប្រជាជន​អាំម៉ូន ។ ខ្ញុំ​ទទួល​អារម្មណ៍​ពីអានុភាព​នៃ​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​បង្រៀន​ឪពុក​ម្ដាយ ប៊ីស្សព និង​សមាជិក​វួដ​តាម​រយៈ​ការ​សិក្សា​អំពី​ដំណើរ​រឿង​នេះ ។

ហេលេមិន​គឺ​ជា​បុរស​ម្នាក់​ដែល​ពួកសាសន៍​អាំម៉ូនវ័យក្មេង​អាច​ទុកចិត្ត​បាន ។ លោក​បាន​ជួយ​ពួក​គេ​ឲ្យ​អភិវឌ្ឍ និង​មាន​ភាព​ចាស់​ទុំ​ក្នុង​សេចក្តី​សុចរិត ។ ពួក​គេ​បាន​ស្គាល់ និង​ស្រឡាញ់​លោក ហើយ « ចង់​ឲ្យ [ លោក ] ធ្វើ​ជា​មេដឹកនាំ​របស់​គេ » ។

ហេលេមិន ស្រឡាញ់​យុវជន​ទាំង​នេះ​ដូច​ជា​កូន​ប្រុស ហើយ​បាន​មើល​ឃើញ​សក្តានុពល​របស់​ពួក​គេ ។ អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ពួកគេ … តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។ ពេល​នោះ​ហើយ​ទើប​យើង​អាច​ចាប់ផ្ដើម​យល់​ពី​តម្លៃ​ដ៏​ពិត​នៃ​ព្រលឹង​មួយ ។ មាន​តែ​ពេល​នោះហើយ ទើប​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ … បុត្រាបុត្រី​ទ្រង់​ទាំងអស់ » ។ សព្វ​ថ្ងៃ​នេះ ប៊ីស្សព​ត្រូវ​បាន​ប្រទានពរ​ឲ្យ​ចេះ​សង្កេត​ស្គាល់ ដើម្បី​មើល​ឃើញ​អត្ត​សញ្ញាណ​ដ៏ទេវភាព​របស់​យុវវ័យ​ដែល​នៅក្នុង​ការមើលថែ​ទាំរបស់​ពួកលោក ។

ហេលេមិន « បាន​រាប់ » ចំនួន​កំលោះ​ដែល​នៅ​ក្នុង​ការ​ថែទាំ​របស់​លោក ។ លោក​បាន​ដាក់​អាទិភាព​ក្នុងការ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយនឹង​ពួក​គេ ។

នៅ​គ្រា​ដ៏​សំខាន់​មួយ ពេល​មាន​ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​ការស្លាប់​រស់ ហេលេមិន និង​ទាហាន​វ័យ​ក្មេង​របស់​លោក​បាន​បាត់​ដាន​កងទ័ព​ដែល​ដេញតាម​ពួកគេ ។ ហេលេមិនបាន​ទូន្មាន​ដល់​យុវវ័យ​ថា ៖

« មើល​ចុះ យើង​មិន​ដឹង​ទេ​ថា តើ​ពួក​គេ​បាន​ឈប់​ក្នុង​គោលបំណង​ចង់​ឲ្យ​យើង​មក​វាយប្រហារ​គេឬយ៉ាងណាទេ ។ …

« តើ​អ្នក​រាល់​គ្នា​ថា​ដូចម្ដេច កូន​ប្រុស​ទាំងឡាយ​របស់​ឪពុក​អើយ … ? »

យុវជន​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​បាន​តប​ថា « ឪពុក​អើយ មើល​ចុះ ព្រះ​របស់​យើង​ទ្រង់​គង់នៅ​ជាមួយ​នឹង​យើង ហើយ​ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង​ត្រូវ​ដួល​ចុះ​ទេ ខណៈ​នោះ ចូរ​ឲ្យ​យើង​ទៅ » ។ ការប្រយុទ្ធ​ទទួល​បាន​ជ័យជំនះ ខណៈ​ដែល​ហេលេមិន​បាន​គាំទ្រការ​តាំង​ចិត្ត​របស់​យុវជន​ទាំង​នេះ​​ ដើម្បី​ធ្វើ​សកម្ម​ភាព ។

ពួកសាសន៍​អាំម៉ូនវ័យក្មេង​មាន​មូល​ហេតុ​ដ៏​អស្ចារ្យ និង​មាន​ភាព​ក្លា​ហាន​នៅ​ក្នុង « ការ​គាំទ្រ​ដល់ប្រជា​ជន » ។ « កងទ័ព​ដ៏​តូច​នេះ » ដែល​ដឹកនាំ​ដោយ​ហេលេមិន​បាន​ពង្រីក « សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​អំណរ​ជា​ច្រើន »១០ ក្នុង​ចិត្ត​របស់​កង​ទ័ព​សាសន៍​នីហ្វៃ​ដ៏មាន​បទពិសោធន៍ ។ នៅ​ថ្ងៃ​នេះ ប៊ីស្សព​អាច​ដឹកនាំ​យុវវ័យ​ដែល​មាន​អំណោយ​ទាន​ដ៏​ពិសេសនេះ ដើម្បី​ប្រទាន​ពរ​ដល់​វួដ និង​ការប្រមូល​ផ្តុំ​អ៊ីស្រាអែល​បាន ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា នេះ​គឺ​ជា « បេសកកម្ម​ដែល [ ពួក​គេ ] ត្រូវ​បាន​បញ្ជូន​មក​ផែន​ដី » ។១១

ដូច​ពួក​សាសន៍​អាំម៉ូន​វ័យ​ក្មេងទាំង​នេះ​ដែរ « ពួក​គេ​ជា​មនុស្ស​ស្មោះត្រង់​គ្រប់​ពេល​វេលា ទោះ​នៅ​ក្នុង​កិច្ចការ​ណា​ក៏​ដោយ ដែល​ពួក​គេ​ទទួល​ផ្ទុក »១២ ហេលេមិនបាន​ដើរ​តាម​មេ​ដឹក​នាំ​របស់​លោក​យ៉ាង​ស្មោះត្រង់ ។ មិន​ថា​មាន​បញ្ហា ឬ​ឧបសគ្គអ្វី​ក៏ដោយ ក៏ហេលេមិន​នៅ​តែ « ប្ដេជ្ញា​ថា នឹង​យកជ័យ​ជម្នះ »១៣ ដើម្បី​ពង្រីក​គោលបំណង​របស់​ពួក​គេ ។ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ « ដឹកនាំ​កូន​ប្រុស​តូច​ទាំងឡាយ [ របស់​លោក ]»១៤ នោះលោក​បាន​គោរព​តាម ។

យុវវ័យ​សព្វថ្ងៃនេះ​មាន​ពរជ័យ​នៅ​ពេល​​ប៊ីស្សព​ធ្វើ​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​យើង​ដើម្បី « ប្រឹក្សា​ជាមួយ​ប្រធាន​យុវនារី​វួដ [ ទាំងឡាយ ] » ។១៥ ប្រធាន​ស្ដេក​ត្រូវ​ប្រាកដ​ថា ប៊ីស្សព និង​ប្រធាន​យុវនារី​ត្រូវ​បាន​បង្រៀន​ឲ្យ​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​យុវវ័យ ។១៦

ហេលេមិនបាន​គោរព​តាម​សេចក្តី​សញ្ញា ។ នៅពេល​អាំម៉ូន​បាន​បង្រៀន​ដំណឹង​ល្អ​ទៅ​ដល់​ឪពុក​ម្ដាយ​របស់​ពួកកងទ័ព​កំលោះ នោះ​ឪពុក​ម្ដាយ​ទាំងនេះ​បាន​បើកចិត្ត​ទទួល​យក​វា ។ ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​ថ្មី​នៃ​ភាព​ជា​សិស្ស​ដ៏​សុចរិត ដែល​ពួក​គេ​បាន​ធ្វើ​សេចក្តី​សញ្ញា​មួយ​ដើម្បី « ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការ​បះបោរ​របស់​គេ​ចុះ » ។១៧ រឿង​តែ​មួយ​គត់​ដែល​ជំរុញ​ឲ្យ​ពួក​គេ​គិត​បំពាន​សេចក្ដី​សញ្ញា​នេះ ហើយ​ត្រលប់​ទៅរក​​ការប្រយុទ្ធ​ពីមុន​វិញ គឺមកពី​ឃើញ​ពួកសាសន៍​នីហ្វៃ​ស្ថិតក្នុង​គ្រោះថ្នាក់ ។

ពួកសាសន៍​អាំម៉ូន​ចង់​ជួយ​ប្រជាជន​ទាំង​នេះ ដែល​បាន​ឲ្យ​ពួក​គេ​នូវ​ទីលំនៅ​ដែល​មាន​សុវត្ថិភាព ។ ហេលេមិន​រួម​ជាមួយ​អ្នក​ដទៃ​បាន​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​រក្សា​សេចក្តី​សញ្ញា​កុំ​ឲ្យ​ប្រយុទ្ធ​ឡើយ ។ លោក​បាន​ជឿជាក់​លើ​កម្លាំង​ដែល​ព្រះ​នឹង​ប្រទាន​ឲ្យ ច្រើន​ជាង​កម្លាំង​ដែល​ពួកសាសន៍​អាំម៉ូន​ទាំង​នេះ​អាច​ផ្ដល់​ឲ្យ​ដោយ​ដាវ និង​ព្រួញ​របស់​ពួក​គេទៅទៀត ។

នៅ​ពេល​ហេលេមិន និង​ទាហាន​វ័យក្មេង​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​គួរ​ឲ្យ​ខ្លាច ហេលេមិន​បាន​តាំងចិត្ត​យ៉ាងមុតមាំ ។ « មើល​ចុះ ការណ៍​នេះ​មិន​ជា​អ្វី​ទេ—យើង​ជឿ​ថា ព្រះ​ទ្រង់​នឹងដោះ​លែង​យើង​ឲ្យ​រួច » ។១៨ ក្នុង​ករណី​មួយ នៅ​ក្នុងគ្រា​នៃ​ការ​អត់ឃ្លាន​ដល់​ស្លាប់ ការ​ឆ្លើយ​តប​របស់​ពួក​គេ​គឺ « បាន​ខិតខំ​អស់​ពី​ដួង​ចិត្ត [ របស់​គេ ] នៅ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ សូម​ឲ្យ​ទ្រង់​ចម្រើន​កម្លាំង​ដល់ [ ពួកគេ ] ហើយ​ដោះ​លែង [ ពួកគេ ] … [ ហើយ​ ] ព្រះអម្ចាស់ … បាន​យាង​មក​ជួប [ ពួកគេ ] ដោយ​នូវ​ការ​អះអាង​ទាំង​ឡាយ​ថា ទ្រង់​នឹង​ដោះ​លែង [ ពួកគេ ] »១៩ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់​របស់​គេ​នៅ​ក្នុង​អ្វីៗ ដែល​ពួក​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ជឿ » ។២០

យើង​រៀន​មកពី​ហេលេមិន​ថា យុវជន​ទាំង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ឪពុក​ម្ដាយ​របស់​ពួកគេ ។ ឪពុក​ម្ដាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ដឹង​ថា​ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​ចម្បង​ចំពោះ​ការ​បង្រៀន​កូនៗ​របស់​ពួកគេ ។ ពួក​គេ​បាន​បង្រៀន​កូនៗ​ពួក​គេ​ឲ្យ​ធ្វើតាម​ព្រះបញ្ញត្តិ និង « ឲ្យ​ដើរ​ដោយ​ស្មោះត្រង់ »២១ នៅ​ចំពោះ​មុខ​ព្រះ ។ ម្តាយ​ពួក​គេ​បាន​បង្រៀន​ថា « បើ​សិន​ជា​ពួក​គេ​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ​ឲ្យ​រួច » ។២២ ពួកអយ្យកោ​របស់​ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​ក្នុង​ការ​ចុះ​សេចក្តីសញ្ញា ។២៣ អតីត​កងទ័ព​ទាំង​នេះ​បាន​ដឹង​ពី​ភាពសាហាវ​ព្រៃផ្សៃ​នៃ​ចម្បាំង ។ ពួក​គេ​បាន​ប្រគល់​កូន​ប្រុស​ដែលគ្មាន​បទ​ពិសោធន៍​ទៅ​ឲ្យ​ហេលេមិន​មើលថែ ហើយ​បាន​គាំទ្រ​ពួក​គេ​ដោយ​បាន​ផ្ញើ « ស្បៀង​ជា​ច្រើន » ។២៣

ហេលេមិន​ពុំ​បាន​បម្រើ​ទាហានកាលពី​វ័យ​ក្មេង​តែ​ម្នាក់​ឯង​ទេ ។ លោក​មាន​មនុស្ស​នៅ​ជុំវិញ​ដែលលោក​បែរ​ទៅ​រក​ការ​គាំទ្រ និង​ការ​ណែនាំ ។ លោក​បាន​ទាក់ទង​ទៅ​មេទ័ព​មរ៉ូណៃ​ដើម្បី​សូម​ជំនួយ ហើយ​ជំនួយ​ក៏បាន​មក​ដល់ ។

គ្មាន​នរណា​ម្នាក់​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​តែ​ម្នាក់​ឯង​ឡើយ ។ ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង​ឲ្យ​​មាន​វួដ និង​ស្តេក ។ តាមរយៈ​អង្គការ​ដែល​បាន​ស្ដារ​ឡើងវិញ នោះ​យើង​មាន​ធនធាន ប្រាជ្ញា និង​ការបំផុស​គំនិត​ដើម្បី​ប្រឈម​ការលំបាក​នានា ។

ប៊ីស្សព ផ្ដល់ការណែនាំ​ដល់​រួដ​តាមរយៈ​ក្រុមប្រឹក្សា ។២៥ លោក​លើក​ទឹកចិត្តឲ្យ​មាន​ការ​សម្ភាស​ការងារ​បម្រើ​រៀងរាល់​បីខែម្ដង ហើយ​ក្រោយ​មក​លើក​ទឹក​ចិត្ត​ដល់​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ឲ្យ​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​នៅក្នុង​ការងារ​បម្រើ​ដល់​ក្រុម​គ្រួសារ​ទាំងឡាយ ។ គណៈប្រធាន​ទាំង​នេះ​នាំ​មុខ​គេក្នុង​ការវាយតម្លៃ​ពីសេចក្ដីត្រូវ​ការ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​បំផុស​គំនិត ។ ប្រធាន​ស្តេក​ផ្តល់​នូវ​ការ​គាំទ្រ​ដោយ​ធ្វើការ​ណែនាំ​ដល់​គណៈ​ប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​អំពីទំនួល​ខុស​ត្រូវ​ទាំង​នេះ ។

ការណែនាំ​ដែល​ចាំបាច់​សម្រាប់​ថ្នាក់​ដឹកនាំ និង​ឪពុក​ម្ដាយ​អាច​រក​ឃើញ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ និង Gospel Living apps ។ នៅក្នុង​ធនធាន​ដ៏​បំផុស​គំនិត​ទាំងនេះ យើង​អាច​រកឃើញ​បទគម្ពីរ ការបង្រៀន​របស់​ព្យាការី​សម័យទំនើប និង ក្បួនខ្នាត​ទូទៅ ។ ផ្ទាំង​យុវវ័យ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ​មាន​ធនធាន​ជាច្រើន​សម្រាប់​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់២៤ និង​មាន ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ។ ពេល​សមាជិកក្នុង​វួដ​សិក្សា​ធនធាន​ដ៏​បំផុស​គំនិត​ទាំង​នេះ និង​ស្វែង​រក​ការ​ណែនាំ​មកពី​ព្រះវិញ្ញាណ នោះ​គ្រប់​គ្នា​អាច​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ក្នុង​ការ​ពង្រឹង​ដល់​យុវវ័យ ។

វួដ​ទាំង​មូល​នឹង​ទទួល​បាន​ពរជ័យ និង​បាន​ពង្រឹង​នៅ​ពេល​ដែល​សមាជិក​ផ្តោត​លើ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ ។ ទោះ​ជា​យើង​មិន​ល្អ​ឥតខ្ចោះ និង​មាន​ចំណុច​ខ្វះ​ខាត​ក្តី ក៏​ព្រះវរបិតា​សួគ៌​អញ្ជើញ​យើង​ម្នាក់ៗ​តាម​រយៈ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ឲ្យ​ជួយ​ដល់​អ្នក​ដទៃ ។ ទ្រង់​ដឹង​ថា​យើង​រីក​ចម្រើន ហើយ​ត្រូវបាន​ញែក​ជាបរិសុទ្ធ នៅ​ពេល​យើង​ធ្វើ​តាម​ការ​បំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។២៥ វា​មិន​អីទេ​ដែល​ការ​ខិតខំ​របស់​យើង​ពុំល្អ​ឥត​ខ្ចោះ​នោះ ។ នៅ​ពេល​យើង​ធ្វើ​ជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់ នោះ​យើង​អាច​ទុកចិត្ត​ថា​ការ​ខិតខំ​របស់​យើង​នឹង​ស្រប​ទៅ​តាម​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​សម្រាប់​យុវវ័យ ។

តាមរយៈ​ការធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធដើម្បី​ជួយ​ដល់​យុវវ័យ នោះ​យើង​ក្លាយ​ជា​សាក្សី​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ការ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​មកពី​ព្រះអម្ចាស់ ស្ថាបនា​នូវ​ទំនាក់ទំនង​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​ទុក​ចិត្ត ។ វា​គឺ​ជា​ទំនាក់ទំនង​ក្នុង​ជីវិត​របស់​យុវវ័យ​នោះឯង ដែល​មាន​ឥទ្ធិពល​ខ្លាំងបំផុត​ទៅ​លើ​ការជ្រើសរើស​របស់​ពួកគេ ។

យុវវ័យ​នឹង​រៀន​ពី​លំនាំ​នៃ​វិវរណៈ នៅ​ពេល​ពួកគេ​ចូលរួម​ជាមួយ​យើង​ក្នុង​ដំណើរការ​ស្វែងរក និង​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដើម្បី​បម្រើ​អ្នក​ដទៃ ។ នៅ​ពេល​យុវវ័យ​បែរ​ទៅ​រក​ព្រះអម្ចាស់​សូមការ​ណែនាំ​ដ៏​បំផុស​គំនិត​នេះ នោះ​ទំនាក់ទំនង​ពួកគេ​ជាមួយនឹងទ្រង់ និង​ការ​ទុក​ចិត្តទៅ​លើ​ទ្រង់​នឹង​កាន់​តែ​រឹងមាំឡើង ។

យើង​បង្ហាញ​ទំនុកចិត្ត​ចំពោះ​យុវវ័យ​ដោយ​ការ​ផ្តល់​នូវ​ការ​គាំទ្រ និង​ការ​ណែនាំ ដោយ​មិន​ព្យាយាម​គ្រប់គ្រង​ពួកគេ​ឡើយ ។២៨ ពេល​យើង​ដកខ្លួន ទុក​ឲ្យ​យុវវ័យ​រៀន​សូត្រ​តាម​រយៈ​ការប្រឹក្សា​រួម​គ្នា ជ្រើស​រើស​វគ្គ​សិក្សា​ដ៏​បំផុស​គំនិត​មួយ ហើយ​ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព នោះ​ពួកគេ​នឹង​ដកពិសោធន៍​នូវ​អំណរ និង​ការ​រីកចម្រើន​ដ៏​ពិត​ប្រាកដ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀនថា « អ្វី​ដែល​សំខាន់​បំផុត​គឺ​ជា​អ្វី​ដែល​ពួកគេ​នឹងរៀន​មកពី [ បងប្អូន ] ថាពួកគេ​ជា​នរណា និង​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ​ឲ្យ​ពិត​ប្រាកដ ។ ខ្ញុំ​គិតថា ពួកគេ​នឹង​មិន​រៀន​ច្រើន​ពី​ការស្ដីប្រដៅ​នោះ​ទេ ។ ពួកគេ​នឹង​រៀន​តាមអារម្មណ៍​ថា បងប្អូន​ជា​នរណា តើបងប្អូន​គិត​ថា​ពួកគេ​ជា​នរណា ហើយបងប្អូន​គិត​ថា​ពួកគេ​អាច​ប្រែក្លាយ​ជា​អ្វី » ។២៩

យុវវ័យ​របស់​យើង​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល​ដោយ​ភាពក្លាហាន សេចក្តី​ជំនឿ និង​សមត្ថភាព​របស់​ពួកគេ ។ នៅពេល​ពួកគេ​ជ្រើសរើស​ចូលរួម​យ៉ាង​ពេញលេញ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដំណឹងល្អ​របស់​ទ្រង់​នឹង​ត្រូវ​បាន​ឆ្លាក់​ក្នុង​បេះដូង​របស់​ពួកគេ ។ ការធ្វើ​តាម​ទ្រង់​នឹង​ក្លាយជាចំណែក​មួយ​នៃខ្លួន​ពួកគេ ពុំមែន​ជាអ្វី​ដែល​ពួកគេ​គ្រាន់តែ​ធ្វើនោះ​ទេ ។

ហេលេមិន​បាន​ជួយ​យុវវ័យ​សាសន៍​អាំម៉ូន​ឲ្យ​មើល​ឃើញ​ថា សិស្ស​ដ៏​ក្លាហាន​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រស់​នៅរបៀប​ណា ។ យើង​អាច​ធ្វើជា​គំរូ​ដ៏​មាន​ឥទ្ធិពល​ទៅ​ដល់​យុវវ័យ​ថា សិស្ស​របស់​ព្រះគ្រីស្ទ​រស់​នៅ​របៀបណាសព្វ​ថ្ងៃ​នេះ ។ ឪពុក​ម្ដាយ​ដ៏​ស្មោះ​ត្រង់​កំពុង​អធិស្ឋាន​សូមគំរូ​ទាំង​នេះមាន​នៅ​ក្នុង​ជីវិត​កូនៗ​ពួកគេ ។ គ្មាន​កម្មវិធី​ណា​អាច​មក​ជំនួស​ឥទ្ធិពល​របស់​មជ្ឈិមវ័យ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ហើយរក្សា​សេចក្ដី​សញ្ញា​បាន​ឡើយ ។

ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​សង្ឃ ប៊ីស្សព​អាច​ធ្វើ​ជា​គំរូ​មួយដល់​យុវវ័យ​អំពី​របៀប​ធ្វើ​ជា​ស្វាមី​ដ៏​ស្មោះ​ត្រង់ និង​ជា​ឪពុក​ដែល​ពេញ​ទៅ​ដោយ​ក្ដីស្រឡាញ់៣០ បាន តាម​រយៈ​ការ​ការពារ ការផ្គត់ផ្គង់ និង​ការ​ដឹកនាំ៣១ តាម​របៀប​សុចរិត ។ ប៊ីស្សព​ដែល​មាន​ការផ្ដោត​ខ្លាំង​ទៅ​លើ​យុវវ័យ៣២ នឹង​មាន​ឥទ្ធិពល​យូរអង្វែង​រាប់​ជំនាន់ ។

យុវវ័យ​សព្វថ្ងៃនេះ​គឺ​ស្ថិត​ក្នុង​ចំណោម​វិញ្ញាណ​ដ៏វិសេស​បំផុត​របស់៣៣ ព្រះវរបិតា​សួគ៌ ។ ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​សេចក្ដី​ពិត និង​សិទ្ធិ​ជ្រើសរើស​ដ៏​រឹងមាំ​នៅ​ក្នុង​ជីវិត​មុន​ផែនដី ។២២ ពួក​គេ​បាន​កើត​នៅ​ក្នុង​ជំនាន់​នេះ ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល​តាម​រយៈ​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​របស់​ពួក​គេ​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ស្គាល់​ពួកគេ​ម្នាក់ៗ ហើយ​ស្គាល់​សក្តានុពល​ដ៏​អស្ចារ្យ​របស់​ពួកគេ ។ ទ្រង់រង់ចាំ​យ៉ាង​អត់ធ្មត់​មើល​ពួកគេ​រីក​ចម្រើន ។ ទ្រង់​នឹង​ប្រោសលោះ ហើយ​ការពារ​ពួក​គេ ។ ទ្រង់​នឹង​ព្យាបាល និង​ដឹកនាំ​ពួក​គេ ។ ទ្រង់​នឹង​បំផុសគំនិត​ពួកគេ ។ យើង​ជា​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​ពួកគេ ។ យើង​មាន​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ​យើង នៅ​ពេល​យើង​ចិញ្ចឹម​បីបាច់មនុស្ស​ជំនាន់​ក្រោយ​នេះ ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា សាសនាចក្រ​របស់​ព្រះគ្រីស្ទ​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​បាន​ដឹកនាំ​នា​សព្វថ្ងៃ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន គឺត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​បំពេញ​គោលបំណង​ដ៏​អស្ចារ្យ​របស់​ពួកគេ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អាលម៉ា ៥៣:១៩ ។

  2. « បើ​ក្មួយៗ​ជ្រើសរើស បើ​ក្មួយៗ​ចង់ … ក្មួយៗ​អាច​មាន​ចំណែក​ដ៏ធំ​នៅក្នុង​កិច្ចការ​ដ៏​ធំ ដ៏​មហិមា ដ៏​មហស្ចារ្យ ! … ក្មួយៗ​គឺ​ជា​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់ ធ្លាប់ បាន​បញ្ជូន​មក​កាន់​លោកិយ​នេះ ។ ក្មួយៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់​មុនៗ ! » ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល[ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  3. ឌែល ជី រិនឡាន់ « Through God’s Eyes » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៤ ។

  4. អាលម៉ា ៥៦:៥៥ ។

  5. អាលម៉ា ៥៦:៤៣–៤៤ ។

  6. អាលម៉ា ៥៦:៤៦ ។

  7. « គោលដៅ​របស់​ព្រះវរបិតា​សួគ៌​យើង​ក្នុង​ការធ្វើ​ជា​ឪពុកម្តាយ​គឺ​មិនមែន​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ធ្វើ អ្វី​ដែល​ត្រឹមត្រូវ​នោះទេ វា​គឺ​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ » ( ឌែល ជី រិនឡាន់ « Choose You This Day » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។

  8. « នៅ​ពេល​យើង​ផ្តល់​អំណាច​ដល់​យុវវ័យ​តាមរយៈ​ការ​អញ្ជើញ និង​ការអនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព នោះ​សាសនាចក្រ​នឹង​ឈាន​ឆ្ពោះ​ទៅ​មុខ​តាម​របៀប​នៃ​អព្ភូតហេតុ » ( ដកស្រង់​ចេញ​ពី​ការប្រជុំ​ជាមួយ អែលឌើរ ដេវីឌ អេ បែដណា 2020 Temple and Family History Leadership Instruction ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២០ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  9. អាលម៉ា ៥៣:២២ ។

  10. អាលម៉ា ៥៦:១៧ ។

  11. រ័សុល អិម ណិលសុន « Hope of Israel » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  12. អាលម៉ា ៥៣:២០ ។

  13. អាលម៉ា ៥៨:១២ ។

  14. អាលម៉ា ៥៦:៣០ ។

  15. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៧.១.២នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  16. សូមមើល ក្បួនខ្នាត​ទូទៅ; ៦.១.២ ។

  17. អាលម៉ា ២៣:៧ ។

  18. អាលម៉ា ៥៨:៣៧ ។

  19. អាលម៉ា ៥៨:១០–១១ ។

  20. អាលម៉ា ៥៧:២៦ ។

  21. អាលម៉ា ៥៣:២១ ។

  22. អាលម៉ា ៥៦:៤៧ ។

  23. សូមមើល អាលម៉ា ២៣:៧; ២៤:១៧-១៩ ។

  24. អាលម៉ា ៥៦:២៧ ។

  25. សូមមើល ក្បួនខ្នាត​ទូទៅ; ៧.១.១ ។

  26. « ពេល​យើង​ស្វែង​រក​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច សំនួរ​ទាំង​ពីរ​ខាង​ក្រោម​នេះ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ថា តើ​គំនិត​មួយណា​កើត​ចេញ​ពី​ព្រះ​ឬ​មកពី​ប្រភព​ផ្សេង​ ៖ តើ​គំនិត​ដែល​បាន​បង្រៀន​ស្របទៅតាម​ព្រះគម្ពីរ និង​ដោយ​ពួក​ព្យាការី​ដែល​រស់​នៅ​ដែរ​ឬទេ ? តើ​គោលគំនិត​នេះ​ត្រូវ​បាន​បញ្ជាក់​ពី​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ? ព្រះ​បើកសម្តែង​សេចក្តីពិត​ខាង​គោលលទ្ធិ​តាមរយៈ​ព្យាការី ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​សេចក្តីពិត​ទាំងនោះ​ដល់​យើង និង​ជួយ​យើង​អនុវត្ត​តាម » ( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « សេចក្តី​ពិត​ដ៏​អស់កល្ប » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១០០ ) ។

  27. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:២–៤ ។

  28. « ប្រសិន​បើ​យុវវ័យ [ របស់​យើង ] មិន​បានលើក​ទឹកចិត្ត​ឲ្យ​ស្ងើច​សរសើរ [ ដោយ​កិច្ចការ​របស់​ព្រះ ] ទេ នោះ​ពួកគេ​ទំនង​ជា​នឹង​ត្រូវបាន​បំពុល​ដោយ​លោកិយ​នេះ » ។ … តើ​មាន​គណៈប្រធាន​កូរ៉ុម​ឌីកុន និង​គ្រូ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​បាន​ហៅ​នរណាម្នាក់​ឲ្យ​ផ្តល់​ការប្រសិទ្ធិពរ ឬ​ចែក​សាក្រាម៉ង់ ? បងប្អូន​ប្រុស ទំាងនេះ​គឺពិតជា​វិញ្ញាណ​ដ៏​ពិសេស ហើយ​ពួកគេ​អាច​ធ្វើ​កិច្ចការ​ដ៏​សំខាន់ៗ​បាន​បើសិន​ពួកគេ​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ ! » ( នែល អេ ម៉ាក់ស្វែល « Unto the Rising Generation » Ensignខែ មេសា ឆ្នាំ ១៩៨៥ ទំព័រ ១១ ) ។

  29. ហិនរី ប៊ី អាវរិង « Teaching Is a Moral Act » ( សុន្ទរកថា​នៅឯ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងែទី ២៧ ខែ សីហា ឆ្នាំ ១៩៩១ ) ៣ នៅលើ​គេហទំព័រ speeches.byu.edu ។

  30. សូមមើល « បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  31. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  32. « យើង​សង្ឃឹម​ថា​គណៈប៊ីស្សព​នឹង​ផ្ដល់​ការ​គូស​បញ្ជាក់ និង​ការ​ផ្ដោត​ដ៏​សំខាន់​ចំពោះ​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​របស់​យុវជន ហើយ​ជួយ​ពួកគេ​នៅ​ក្នុង​កាតព្វកិច្ច​កូរ៉ុម​របស់​ពួកគេ ។ ពួក​មជ្ឈិមវ័យដ៏​មាន​សមត្ថភាព​ជាអ្នក​ផ្ដល់​ប្រឹក្សា​ដល់​យុវជន​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​គណៈប៊ីស្សព​នៅក្នុង​កាតព្វ​កិច្ច​របស់​ពួកគេ ។ យើង​មាន​ទំនុក​ចិត្ត​ថា​យុវជន និង​យុវនារី​ជា​ច្រើន​នឹង​មាន​សមត្ថភាព​ដើម្បី​ប្រឈមមុខ​នឹង​ឧបសគ្គ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ការ​ផ្ដោត​ដ៏​សំខាន់​លើ​យុវវ័យ​របស់​យើងនេះ » ។ ( ឃ្វីនថិន អិល ឃុក « Adjustments to Strengthen Youth » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤១ ) ។

  33. « ព្រះវរបិតា​សួគ៌របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន—ប្រហែលជា​ខ្ញុំ​អាច​និយាយ​បាន​ថា ជា​ក្រុម​ដ៏​ល្អ​បំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យ—ពួក​អ្នកដ៏​ល្អ​បំផុត ពួក​វិរៈបុរស—គឺ​ជា ប្អូនៗ ! » ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » នៅលើ​បណ្ណាល័យដំណឹងល្អ ) ។

  34. « ក្មេង​ជំទង់​ដែល​បងប្អូន​ស្រឡាញ់​ប្រហែល​ជា​ធ្លាប់​ជា​អ្នក​ចម្បាំង​ដ៏​ក្លាហាន​ម្នាក់​នៃ​សិទ្ធ​ជ្រើសរើស និង​សេចក្ដី​ពិត ។ … យើង​អាច​ជួយ​ក្នុង​របៀប​ដែល​យើង​មាន​ប្រតិកម្ម​ចំពោះ​ការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​ដោយ​ខ្លួន​ឯង ។ ពួក​គេ​នឹង​ដឹង​ថា តើ​យើង​មើល​ឃើញ​ពួក​គេ​ដូច​ដែល​ពួក​គេ​អាច​ជា​អ្នក​ចម្បាំង​ដ៏​ស្មោះ​ត្រង់​ម្នាក់​ដែលមកពី​ជីវិត​មុន​ផែនដី ដោយ​បាន​ប្តេជ្ញា​ចិត្ត​នៅ​តែ​ការពារ​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌ និង​ដឹង​ពី​តម្លៃ​ដ៏​អស្ចារ្យ​របស់​វា​ដើម្បី​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល ។ ប្រសិន​បើ​យើង​អាច​មើល​ឃើញ​ពួក​គេ​ថា​ជា​អ្នក​ចម្បាំង​ដ៏​ស្មោះ​ត្រង់​មកពី​ជីវិត​មុន​ផែនដី នោះ​យើង​ក៏​អាច​មើល​ឃើញ​ការ​អះអាង​របស់​ពួក​គេ​អំពី​ឯក​រាជ្យ​ដែលជា​សញ្ញា​មួយ​នៃ​សក្តានុពល​របស់​ពួក​គេ ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ពួក​គេ​កំពុង​ធ្វើ​ការសាកល្បង​អំណាច​នៃ​សិទ្ធ​ជ្រើសរើស ដែល​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល » ( ហិនរី ប៊ី អាវរិង « A Life Founded in Light and Truth » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ខែ សីហា ឆ្នាំ ២០០០ ] ៣, ៤ នៅលើ​គេហទំព័រ speeches.byu.edu ) ។