សន្និសីទទូទៅ
បាន​លេប​ទៅ​ក្នុង​អំណរនៃ​ព្រះ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


បាន​លេប​ទៅ​ក្នុង​អំណរនៃ​ព្រះ​គ្រីស្ទ

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​យើង​ស្ដាប់​ឮ​ការទូលអង្វរ​ដោយទឹកភ្នែក​របស់​បងប្អូន ហើយ​នឹង​ឆ្លើយតបដោយ​ព្រះបញ្ញាញាណ​ដ៏​ឥតខ្ចោះ​ជានិច្ច ។

ពួក​យើង​ស្រឡាញ់​លោក អែលឌើរ ខៀរ៉ុន ។ តើខ្ញុំ​សុំខ្ចី​សៀង​សម្លេង​នោះ​ដប់​នាទី​បាន​ទេ ?

អព្ភូតហេតុ​ដែល​ប្រាថ្នា​ចង់​បាន

នៅក្នុង​ព្រះ​គម្ពីរសញ្ញា​ថ្មី យើង​រៀន​អំពី បារទីមេ ដែល​ស្រែក​រក​ព្រះ​យេស៊ូវ ចង់​បាន​អព្ភូតហេតុ​មួយ ។ « ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ។ ហើយស្រាប់តែ​ភ្នែក​ក៏​ភ្លឺ​ឡើង ភ្លាម » ។

នៅ​គ្រា​មួយ​ផ្សេងទៀត បុរស​ម្នាក់​នៅ​បេតសៃដា​ប្រាថ្នា​ចង់​ទទួល​បាន​ការព្យាបាល ។ ផ្ទុយ​ទៅវិញ អព្ភូតហេតុ​នេះ ពុំ​មាន​មក​ភ្លាមៗ​ទេ ។ តែ​ព្រះ​យេស៊ូវ​បាន​ប្រទានពរ​ដល់​គាត់ ពីរ​ដង មុន​ពេល​គាត់ « បាន​ភ្លឺ​ឡើង » ។

នៅក្នុង​ឧទាហរណ៍​ទី​បី សាវក​ប៉ុល​បាន​ថ្លែង​ថា « បាន​សូម​អង្វរ​ដល់​ព្រះអម្ចាស់ ៣ ដងពេល​គាត់​ជួប​ទុក្ខលំបាក ប៉ុន្តែ តាម​ចំណេះដឹងយើង ការទូលសូម​ដោយស្មោះរបស់​គាត់​មិន​ត្រូវ​បាន​ប្រទាន​ឲ្យ​ទេ ។

មនុស្ស​បី​នាក់​ផ្សេងគ្នា ។ បទពិសោធន៍ពិសេស​បីយ៉ាង ។

ដូច្នេះ មាន​សំណួរ​មួយ ៖ ហេតុអ្វី​ក៏​មនុស្ស​មួយចំនួន​ទទួល​បាន​អព្ភូតហេតុ​ដែល​គេ​ចង់បានភ្លាមៗ ខណៈ​ដែល​អ្នក​ផ្សេងទៀត​ស៊ូទ្រាំ​រង់ចាំ​ព្រះអម្ចាស់​ដោយអត់ធ្មត់​ដូច្នេះ ? យើង​មិន​ដឹង​ពី មូលហេតុទេ តែយើង​មាន​អំណរគុណ ដែល​យើងស្គាល់​ទ្រង់ ដែល « ស្រឡាញ់ [ យើង ] » និង « [ ធ្វើ ] នូវ​គ្រប់​ការណ៍​ទាំងអស់ ដើម្បី​សុខុមាលភាព និង​សុភមង្គល [ របស់​យើង ] » នោះ ។

គោលបំណង​ដ៏​ទេវភាព

ព្រះ​ដែល​ទត​មើលឃើញ​ទីបញ្ចប់​តាំង​ពី​ដើមដំបូង បានអះអាង​ម្ដងទៀត​ថា « សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » ហើយ​ត្រូវបាន​ញែកចេញ​ជា​បរិសុទ្ធ « សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក » ។

ដោយ​ជួយ​ពួកយើង​ស្វែងរក​អត្ថន័យ​បន្ថែម​នៅក្នុង​ការ​សាកល្បង​របស់យើង អែលឌើរ អូសុន អែហ្វ វិតនី បានបង្រៀន​ថា « គ្មាន​ការ​ឈឺចាប់​ណា​ដែលយើង​រងទុក្ខ គ្មានការសាកល្បង​ណា​ដែល​យើង​ជួប នឹង​ទៅជា​ឥតប្រយោជន៍​នោះឡើយ ។ វា​ជាការអប់រំ​របស់​យើង ។ … អ្វីៗ … ដែល​យើង​ស៊ូទ្រាំ [ ដោយ​អំណត់ ] … វាស្ថាបនា​បុគ្គលិកលក្ខណៈ​​ បន្សុទ្ធ​ដួងចិត្ត​​​ និង​ពង្រីក​ព្រលឹង​របស់​យើង និង​ធ្វើ​ឲ្យ​យើង​កាន់តែ​ទន់ភ្លន់ និង​មាន​ចិត្ត​សប្បុរស ។ … តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក និង​ទុក្ខព្រួយ ទើប​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ដូចជា [ ព្រះ​មាតាបិតាសួគ៌ ] » ។១០

ពេល​ដឹង​ថា « ព្រះចេស្ដារ​នៃព្រះគ្រីស្ទ [នឹង ] កើតមាន​ទៅលើ [ ទ្រង់ ] នៅក្នុង​ការ​រងទុក្ខ​របស់ទ្រង់ នោះសាវក​ប៉ុល​បាន​និយាយ​ដោយ​រាបសារថា « ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ »។១១

ការសាកល្បង​ក្នុង​ជីវិត​ជា​អ្នក​បង្ហាញ​ដល់​យើង ។១២ សូម្បី​តែ​ព្រះអង្គសង្គ្រោះក៏ « បានរៀន… ស្ដាប់​បង្គាប់ » ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ « ល្អឥតខ្ចោះ​តាមរយៈ​ការរងទុក្ខ » ។១៣

ហើយ​នៅថ្ងៃមួយ ទ្រង់​នឹង​ប្រកាស​ដោយ​ក្ដីមេត្តា​ថា « យើង​បាន​សម្រង់ អ្នកគឺ​យើង​បាន​រើស អ្នក នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ » ។១៤

ការទុកចិត្ត​លើ​គោលបំណង​ដ៏​ទេវភាព​របស់​ព្រះ​ផ្ដល់​ក្តី​សង្ឃឹម​ដល់​ព្រលឹង​ដែល​នឿយ​ហត់ និង​ដុតបំភ្លឺ​ការប្ដេជ្ញាចិត្ត​នៅ​គ្រា​ដែល​មាន​ទុក្ខព្រួយ និង​ឈឺចាប់ ។១៥

ទស្សនវិស័យ​ដ៏​ទេវភាព

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ការយល់​ដឹង​ដ៏​មាន​តម្លៃ​ថា ៖ « នៅពេល​យើង​មើល​អ្វីៗ​ទាំងអស់​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​នោះ វា​នឹង​សម្រាល​ដល់​បន្ទុក​យើង​យ៉ាងច្រើន » ។១៦

រូបភាព
ហូលី និង ទ្រេ ផតធ័រ<nb/>។

ភរិយាខ្ញុំ ជីល និង​ខ្ញុំ​ថ្មីៗ​នេះ​បានធ្វើ​ជា​សាក្សី​ពី​សេចក្តីពិត​នេះ​នៅក្នុង​ជីវិត​ដ៏​ស្មោះត្រង់​របស់ ហូលី និង រីក ផតធ័រ ដែល​កូន​ប្រុស​អាយុ ១២ ឆ្នាំ​របស់​គាត់​ឈ្មោះ ទ្រី បាន​ទទួល​មរណភាព​ក្នុង​គ្រោះ​អគ្គីភ័យ​ដ៏​សាហាវ​មួយ ។ កាលដែល​ដៃ និង​ជើង​ត្រូវ​ភ្លើង​ឆេះ​យ៉ាងដំណំ ព្រោះ​គាត់ព្យាយាម​ជួយ​សង្រ្គោះ​កូន​ប្រុស​ជាទីស្រឡាញ់​ក្រោយមក ហូលី បាន​ថ្លែង​ទីបន្ទាល់នៅក្នុង​ការប្រជុំ​សាក្រាម៉ង់វួដអំ​ពី​ភាព​សុខសាន្ត​និង​អំណរដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ចាក់ស្រោច​មកលើ​គ្រួសារគាត់​នៅគ្រា​ដែល​ពួកគេ​ជួប​ទុក្ខព្រួយ ដោយ​ប្រើ​ពាក្យ​ដូចជា អព្ភូតហេតុ, មិន​គួរ​ឲ្យ​ជឿនិង អស្ចារ្យណាស់ ។

រូបភាព
ការតោង​ដៃ​ដែល​ព្យាបាល<nb/>។

ទុក្ខសោក​ដែល​មិន​អាច​ទ្រាំទ្រ​បាន​របស់​ម្ដាយ​ដ៏​មាន​តម្លៃ​រូប​នេះ ត្រូវ​បាន​ជំនួស​ដោយភាព​សុខសាន្ត​ដ៏​វិសេស​លើសលប់ ទាំង​មាន​គំនិត​នេះ​ថា ៖ « ដៃ​របស់​ខ្ញុំ​មិនមែន​ជា​ដៃ​ដែល​ជួយ​សង្គ្រោះ​នោះ​ទេ ។ ដៃជួយសង្គ្រោះគឺជា​របស់ផង​ព្រះអង្គសង្គ្រោះ ! ជំនួស​ឲ្យ​ការមើល​ស្លាកស្នាម​ខ្ញុំ​ដើម្បី​រំឭក​ពី​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន ខ្ញុំ​ចងចាំ​ស្លាកស្នាម​ដែល​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ​បាន​រ៉ាប់រង » ។

សក្ខីភាព​របស់ ហូលី បំពេញ​ការសន្យា​របស់​ព្យាការី​យើង​ថា ៖ « នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល បងប្អូន​នឹង​មើលទៅ​ការសាកល្បង និង​ការផ្ទុយ​តាម​ពន្លឺ​ថ្មី​មួយ » ។១៧

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា ៖ « ខ្ញុំ​ជឿ​ថា ឧបសគ្គ​ក្នុង​ការយកឈ្នះ​លើ​ទុក្ខលំបាក និង​ការរីក​ចម្រើនចេញ​ពី​ទុក្ខលំបាក​នេះ បាន​បង្ហាញ​ឲ្យ​យើង​ដឹងពីគ្រា​ដែល​ព្រះ​បាន​បង្ហាញ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ទ្រង់​នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ។ យើង​គួរតែ​ប្រឈមមុខ​ទៅនឹង​ឧបសគ្គ​នាពេល​ឥឡូវ​នេះ ដោយ​ដឹង​ថា ព្រះវរបិតា​សួគ៌​យើង​នឹង​គាំទ្រ​ដល់​យើង ។ ប៉ុន្ដែ​វា​ជា​រឿង​ដ៏សំខាន់ ដែល​យើង​ត្រូវ​ងាក​ទៅរក​ទ្រង់ ។ បើ​គ្មាន​ព្រះ​ទេ នោះ​បទពិសោធន៍​ដ៏ខ្មៅ​ងងឹត​នៃ​ការឈឺចាប់ និង​ការរង​ទុក្ខ​លំបាក​ទាំងនេះ មុខជា​នាំមក​នូវ​ការខូចចិត្ត ភាពអស់​សង្ឃឹម និង​ភាពជូរ​ចត់​ជា​មិនខាន​ឡើយ » ។១៨

គោលការណ៍​ដ៏​ទេវភាព

ដើម្បី​ចៀស​ផុត​ពី​សេចក្ដីងងឹត​នៃ​ភាពទោមនស្ស ហើយមក​ស្វែងរក​ភាពសុខសាន្ដ ក្ដីសង្ឃឹម និង​អំណរ​កាន់តែ​ខ្លាំង អំឡុង​ពេលមានឧបសគ្គ​លំបាក​ក្នុងជីវិត នោះ​ខ្ញុំ​សូមចែកចាយ​នូវ​គោលការណ៍​ទេវភាព​បីយ៉ាង​ជា​ការ​អញ្ជើញ ។

មួយ—សេចក្ដីជំនឿ​កាន់តែ​រឹងមាំ កើតមក​តាមរយៈ​ការដាក់​ព្រះយេស៊ូវគ្រីស្ទ​ជាទីមួយ ។១៩ ទ្រង់​ប្រកាស​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។២០ ប្រធាន ណិលសុន បានបង្រៀន​ថា ៖

« ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច [ របស់​យើង ] គឺ​អាស្រ័យ​លើ​សេចក្តី​ជំនឿ [ យើង ] ទៅលើ [ ព្រះ​គ្រីស្ទ ] និង​ដង្វាយធួន​របស់​ទ្រង់ » ។២១

« នៅពេល​ខ្ញុំ​ពុះពារ​នឹង​ការឈឺចាប់​ដ៏​ខ្លាំង​ដែល​បណ្តាល​មក​ពី​របួស​ខ្ញុំ​ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណោយទាន​នៃ​ដង្វាយធួន​របស់​ទ្រង់ ដែល​ហួស​ពី​ការ​យល់​បាន ។ សូម​គិត​អំពី​ការណ៍​នេះ ! ព្រះអង្គសង្រ្គោះ​បាន ‹ រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់បែប​យ៉ាង › ដើម្បី​ទ្រង់​អាច​លួងលោម​យើង ព្យាបាល​យើង [ និង ] សង្រ្គោះ​យើង​នៅគ្រា​ដែល​ខ្វះខាត » ។២២

លោក​បាន​បន្ដថា ៖ « របួស​ខ្ញុំ​បណ្តាល​ឲ្យ​ខ្ញុំ​គិត​ដដែលៗ​អំពី ‹ ភាពមហិមា​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល › ។ ក្នុង​អំឡុងពេល​នៃ​ការព្យាបាល​របស់ខ្ញុំ ព្រះអម្ចាស់​បាន​សម្ដែង​នូវ​ព្រះចេស្ដា​ដ៏​ទេវភាព​តាម​របៀប​ដ៏​សុខសាន្ត និង​មិន​អាច​បំភ្លេច​បាន » ។២៣

ព្រះអង្គសង្គ្រោះ​យើង​បាន​លើក​ទឹកចិត្ត​ថា « ដោយសារ​ខ្ញុំ​នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។២៤

ពីរ— សេចក្ដីសង្ឃឹម​កាន់តែ​ភ្លឺថ្លា កើតមក​ដោយសារ​មើល​ទៅ​ជោគវាសនា​ដ៏អស់កល្បជានិច្ច​របស់​យើង ។២៥ និយាយ​អំពី​អំណាច​ដែលមាន​ជាប់ជាមួយ​នៅក្នុង​ការ​រក្សា « ទស្សនៈវិស័យ​នៃ​ពរជ័យ​ដែល​បានសន្យា​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​យើង…នៅ​ចំពោះ​មុខ​យើងជា​រៀងរាល់ថ្ងៃ » ស៊ីស្ទើរ លីនដា រីវស៍ បាន​ថ្លែង​ថា ៖ « ខ្ញុំ​មិនដឹង​ថា​ហេតុអ្វី​យើង​មាន​ការសាកល្បង​ជាច្រើន​អ៊ីចឹងទេ ប៉ុន្តែ​ក្នុង​អារម្មណ៍​ខ្ញុំ​ផ្ទាល់គឺ​ថា មានរង្វាន់​ដ៏​មហិមា… ប្រកបដោយអំណរ និង​ហួស​ពី​ការយល់ដឹង​របស់​យើង​ចាំនៅ​ថ្ងៃ​ទទួលរង្វាន់​នោះ ដែល​យើង​អាច​នឹង​មានអារម្មណ៍​ឲ្យ​និយាយ​ទៅ​ព្រះបិតា​ប្រកប​ដោយព្រះគុណ និង​ក្ដីស្រឡាញ់​ថា ‘តើអ្វី​ដែល​តម្រូវនោះ​គឺ​មានតែប៉ុណ្ណឹងទេឬ ?’… តើ​វា​នឹង​សំខាន់ឬទេ… នូវ​អ្វី​ដែល​យើង​រងទុក្ខ​នៅទីនេះ បើ​នៅចុងបញ្ចប់ ការសាកល្បងទាំងនោះ… ជួយ​ឲ្យ​យើង​បាន​សម​នឹង​ទទួលជីវិត​អស់កល្បជានិច្ច … នៅក្នុង​នគរ​របស់ព្រះនោះ ?២៦

ប្រធាន ណិលសុន បាន​ចែកចាយ​គំនិត​នេះ​ថា ៖ « សូម​ពិចារណា​អំពី​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​ទូល​អង្វរ​សុំ​ការសង្គ្រោះ​នៅក្នុង​គុក​លិបើទី ។ ព្រះអម្ចាស់​បាន​បង្រៀន​ព្យាការី​ថា ការប្រព្រឹត្ត​ចំពោះ​លោក​ដោយ​អមនុស្សធម៌​នេះ​នឹង​ផ្តល់​ឲ្យ​លោក​នូវ​បទពិសោធន៍ និង​ជា​ប្រយោជន៍​ដល់​លោក ។ ‹ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ › ព្រះអម្ចាស់​បាន​សន្យា​ថា ‹ ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ › ។ ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប​ឲ្យ​គិត​ដល់​សេឡេស្ទាល ហើយ​ស្រមៃ​គិត​អំពី​រង្វាន់​ដ៏​អស់កល្ប​ជានិច្ច​ជាជាង​ផ្ដោតលើ​ការលំបាក​ដ៏​ក្រៀមក្រំ​នៅ​ថ្ងៃ​នោះ » ។២៧

ការផ្លាស់ប្តូរ​ទស្សនៈរបស់​យ៉ូសែប​នាំ​មក​នូវ​ការរាប់​ជា​បរិសុទ្ធ​យ៉ាង​ជ្រាលជ្រៅ ដូច​បានបង្ហាញ​នៅក្នុង​សំបុត្រ​នេះ​ទៅកាន់​មិត្ត​ម្នាក់​ថា ៖ « បន្ទាប់ពី​បាន​ជាប់​ក្នុង​ជញ្ជាំង​គុក​អស់​រយៈពេល​ប្រាំ​ខែ ចំពោះ​ខ្ញុំ​វា​ហាក់បី​ដូចជា ដួងចិត្ត​ខ្ញុំ​នឹង​តែងតែទន់ភ្លន់​ជានិច្ច​ជាង​ពេលណាៗ​ទាំងអស់ បន្ទាប់ពី​រឿង​នេះ » ។ … ខ្ញុំ​គិត​ថា ខ្ញុំ​ពុំ​អាច​មាន​អារម្មណ៍​ដូច​ខ្ញុំ​មាន​នា​គ្រា​នេះ​ទេ ​បើ​ខ្ញុំ​ពុំ​រងទុក្ខ​នូវ​កំហុស​ដែល​ខ្ញុំ​បាន​អត់ទ្រាំ » ។២៨

បី— អំណាច​កាន់តែ​មហិមា​កើត​មានមក​តាមរយៈ​ការ​ផ្ដោត​ទៅលើ​អំណរ ។២៩ អំឡុង​គ្រា​ដ៏សំខាន់ និងឈីចាប់បំផុត ព្រះអង្គសង្គ្រោះ​យើង​ពុំ​រួញញ័រ​ឡើយ ប៉ុន្តែ​បាន​ទទួល​ទានពែងល្វីង​ទៅវិញ ។៣០ តើទ្រង់​ធ្វើវា​បាន​ដោយ​របៀប​ណា ? យើង​រៀនថា « ដែល​ទ្រង់ [ ព្រះគ្រីស្ទ ] ​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​តែ​បាន​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ »៣១ ដែល​ព្រះទ័យទ្រង់ « ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា » ។៣២

រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី<nb/>។

ឃ្លា « ត្រូវ​បាន​លេប​ដណ្ដប់ទៅ​ក្នុង » នេះ​អង្រួន​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​ចាប់​អារម្មណ៍ពេល​ខ្ញុំ​បានរៀន​ឃ្លា​នេះ​ជា​ភាសា​អេស្ប៉ាញ ពាក្យ​ថា « បាន​លេប​ដណ្ដប់ទៅ​ក្នុង » ត្រូវ​បាន​បកប្រែ​ថា « ទទួលទាន » ជា​ភាសា​អាល្លឺម៉ង់ ថា « លេបត្របាក់ » និង​ជា​ភាសា​ចិន​ថា « រុំ​ក្រសោប » ។ ដូច្នេះ នៅពេល​ឧបសគ្គ​ក្នុង​ជីវិត​មាន​ការ​ឈឺ​ចាប់​បំផុត និង​លើសលប់​ខ្ញុំ​ចាំ​ការសន្យា​របស់​ព្រះអម្ចាស់​ថា—យើង « មិនគួរ​រង​ទុក្ខ​នូវ​សេចក្ដី​ទុក្ខ​វេទនា ដោយ​ប្រការ​ណាមួយ​ឡើយ លើកលែងតែ [ ដោយ ] ការណ៍​នោះ​ត្រូវ​បាន​លេប [ ទទួលទាន លេប​ត្របាក់ រុំ​ក្រសោប ] ទៅ​ក្នុង​អំណរ​នៃ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ » ។៣៣

ខ្ញុំ​មើល​ឃើញ​អំណរនេះនៅ​ក្នុង​បងប្អូន​ជាច្រើន ដែល « [ ផ្ទុយពី ] … ការយល់ដឹង​របស់​មនុស្សរមែង​ស្លាប់ »៣៤ ទោះជា​ពែងល្វីង​របស់​បងប្អូន​ពុំ​ទាន់​បាន​ដក​ចេញ​ក្ដី ។ អរគុណ​ចំពោះ​ការ​គោរព​សេចក្ដីសញ្ញា​របស់បងប្អូន ហើយ​ឈរ​ជាសាក្សី​ចំពោះ​ព្រះ ។៣៥ អរគុណ​ចំពោះ​ការ​ឈោង​មក​ប្រទានពរ​ដល់​យើង​ទាំងអស់គ្នា ខណៈដែល « ដួងចិត្ត​ស្ងប់ស្ងាត់ [ របស់​បងប្អូន ] លាក់ទុក​នូវ​រឿងសោកសៅ ដែល​ភ្នែក​មនុស្ស​មើល​ពុំឃើញ​ក្ដី »។៣៦ ដ្បិត​នៅពេល​បងប្អូន​នាំ​យក​ភាព​ធូរស្បើយ​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់​អ្នកដទៃ នោះ​អ្នកនឹង​រក​បាន​ភាព​ធូរស្បើយ​ខ្លួន​ឯងដែរ នេះ​ជាការបង្រៀនមកពី​ប្រធាន ខាមៀល អិន ចនសុន ។៣៧

សេចក្តី​សន្យា​ដ៏​ទេវភាព

ឥឡូវ ចូរ​ត្រឡប់ទៅ​កាន់​ការ​ប្រជុំ​សាក្រាម៉ង់វិញ ដែល​យើង​ធ្វើ​ជាសាក្សី​នៃ​អព្ភូតហេតុ​របស់​គ្រួសារ ​ហូលី ផតធ័រ ត្រូវ​បានព្រះជួយសង្គ្រោះ ។៣៨ ពេលនៅលើ​វេទិកា​ខណៈ​ដែល​ខ្ញុំ​កំពុង​ជញ្ជឹងគិត​ពី​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ដើម្បី​លួងលោម​ដល់​គ្រួសារ​ដ៏អស្ចារ្យ​នេះ និង​មិត្ត​ជាទី​ស្រឡាញ់​របស់​ពួកគេ គំនិត​នេះ​បានផុស​ឡើង ៖ « ចូរ​ប្រើ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ » ។៣៩ ដូច្នេះ ខ្ញុំ​នឹង​បញ្ចប់នៅ​ថ្ងៃនេះ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក​នោះ ដោយ​នូវ​ព្រះបន្ទូល​របស់​ទ្រង់ « ដែល​ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង ដែល​មាន​របួស​ឈឺ​ចាប់ » ។៤០

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។៤១

« យើង​នឹង​សម្រាល​បន្ទុក​ដែល​ដាក់​នៅលើ​ស្មា​អ្នក​ផង ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំងនោះ​នៅលើ​ខ្នង​អ្នក​ឡើយ ទោះ​នៅពេល​អ្នក​ជាប់​នៅក្នុង​សេវកភាព​ក្ដី … ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ដឹង​ជា​ពិតប្រាកដ​ថា យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មករក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ។៤២

« ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ។៤៣

ទីបន្ទាល់​របស់​ខ្ញុំ

ដោយ​គារវភាព​ដ៏​រីករាយ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា​ព្រះអង្គសង្រ្គោះ​យើង​មាន​ព្រះជន្ម​រស់ ហើយ​សេចក្តី​សន្យា​របស់​ទ្រង់​គឺជា​ការពិត » ។៤៤ ជាពិសេស សម្រាប់​បងប្អូន​ដែល​មានបញ្ហា ឬ « រងទុក្ខ​ដោយ​របៀបណា​ក្ដី»៤៥ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​យើង​ស្ដាប់​ឮ​ការទូលអង្វរ​ទាំងទឹកភ្នែក​របស់​បងប្អូន៤៦ ហើយ​នឹង​ឆ្លើយតបដោយ​ព្រះបញ្ញាញាណ​ដ៏​ឥតខ្ចោះ​ជានិច្ច ។៤៧ « សូម​ព្រះប្រទាន​ដល់​អ្នក » ដូច​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​គ្រួសារ​យើង​នៅក្នុង​គ្រា​ដែល​ត្រូវ​ការ​បំផុត « សូម​ទ្រង់​សម្រាល​បន្ទុក​របស់​អ្នក »៤៨ ហើយ​« ត្រូវ​បាន​លេប​ទៅ​ក្នុង​អំណរ​នៃ​ព្រះគ្រីស្ទ » ។៤៩ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕